Monday, July 5, 2010

ប្រវតិ្តបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថា ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូ នាថ្ងៃពេញបូណ៌មី (គីថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាស និកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។ ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គល អភិ លក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖
១- ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹង អនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរម និព្វាន
សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់ប្លែក តែឆ្នាំប៉ុណ្ណោះ ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា ៖អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ
សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ) ។ ជាប្រពៃណី ពិធីវិសាខបូជា គេតែងនាំគ្នា ធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី ។
ម្យ៉ាងទៀតការប្រារឰពិធីក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង និងម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើន កុះករទាំងប្រុស ទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ជាវេលាទំនេរផង ។
ពិធីវិសាខបូជាចាត់ទុកថា ជាបុណ្យដ៏ធំ ដោយមានមហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលាតូច-ធំ អុជបំភ្លឺព្រោង ព្រាត នៅគ្រប់វត្ដអារាម ។ និយាយរួមការធ្វើបុណ្យវិសាខបូជាគឺដើម្បីរំលឹកដល់ថ្ងៃដែលជាមហា មង្គលអភិលក្ខិតកាលទាំង៣ ដូចពោលខាងលើ ។ រីឯ ពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមាន ការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូត ដល់ចប់ ដើម្បីជាគ្រឿងបណ្ដុះបសាទសទ្ធាឱ្យ កើតមាន ក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឱ្យខ្លាំងក្លាឡើង ។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយចាត់ទុកជាបែបដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ ។
ប្រភពកំណើតនៃវិសាខបូជា
- តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើ បុណ្យវិសាខបូជានេះមុនគេ?
-តើ ប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើ បុណ្យវិសាខបូជាពីត្រឹមពេលណាមក?
នៅ ពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនា ទាំងឡាយបានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយម គឺថ្ងៃ ប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថា សុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែ វិសាខ ហើយក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក ។
តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើន រយឆ្នាំ ។
បញ្ជាក់ ៖ បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេស កាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ២០០០មកម្ល៉េះ ។
ចំណែកប្រទេសកម្ពុជា ដែលមានព្រះពុទ្ធសាសនា បានមកប្រតិស្ឋានតាំងពីដំបូង ហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយ តែបើតាមការស្រាវជ្រាវ ពិនិត្យមើលក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំ “ហ្វូណន” រហូតមកដល់សម័យក្រុងលង្វែក មិនប្រាកដថា មានទំនៀមធ្វើវិសាខ បូជាឡើយ ។ តែបើយោងទៅលើសេចក្ដីថា ព្រះពុទ្ធសាសនាលទ្ធិលង្កា បានផ្សាយចូលមក កម្ពុជរដ្ឋក្នុងសម័យជាមួយគ្នានឹងក្រុងសុខោ ទ័យ គួរសន្និដ្ឋានបានថា មានទំនៀមធ្វើវិសាខ បូជារួចមកហើយ ដូចជាប្រទេសថៃដែរ តែ កម្ពុជាយើងពុំឃើញមានឯកសារជាភស្ដុតាង ឬក៏មានដែរ តែត្រូវរលាយសាបសូន្យអស់ ទៅ ។
លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុង អយុធ្យាខាងថៃ និងក្នុងសម័យក្រុងលង្វែក ខាងខ្មែរ ទំនៀមទំលាប់ធ្វើវិសាខបូជា ត្រឡប់ជាសាបសូន្យទៅវិញ ដូចជា ភ្លេច សូន្យឈឹងទាំងស្រុង ព្រោះមិនមានប្រាកដ ក្នុងឯកសារណាមួយថា បានធ្វើឡើយ ។
ទាំងនេះព្រោះហេតុអ្វី?
តាមការសន្និដ្ឋានឃើញថា
១- ព្រោះព្រះសង្ឃអំពីលង្កានោះផុត រលត់អស់ទៅ
២-ព្រោះរឿង បឋមសម្ពោធិកថា ស្ដ្ដីពី រឿងពុទ្ធប្រវត្ដិក្នុងពេលនោះ មានតែភាសា បាលី ហើយនៅរាត់រាយក្នុងគម្ពីរព្រះត្រៃបិដក ខ្លះក្នុងអដ្ឋកថា ខ្លះពុំទាន់ចងក្រងរួបរួម និងពុំទាន់បានប្រែរៀបរៀងជាភាសាសំរាប់ជាតិនៅឡើយ ។ រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នា មានតែព្រះសង្ឃ ដែលចេះភាសាបាលី ទើបអាចដឹងបានខ្លះ ព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជា ត្រូវបានសាបសូន្យទៅវិញ ។
ចំណេរ ក្រោយមកប្រទេសថៃក្នុងសម័យ ក្រុងទេព “បាងកក” តាមសេចក្ដីដែលមានក្នុងសៀវភៅព្រះរាជពិធីស៊ិបសងដឿនថា ក្នុងរជ្ជកាលទី២ ក្នុងឆ្នាំឆ្លូវ នព្វស័ក ពុទ្ធសក រាជ២៣៦០ គ្រិស្ដសករាជ១៨១៧ ទើបកើតមានពិធីវិសាខបូជា ដោយពេលនោះ មានសម្ដេចព្រះសង្ឃរាជ១ព្រះអង្គព្រះនាម “មី” នៅវត្ដរាជបូរណៈមកថ្វាយព្រះពរសុំឱ្យទ្រង់ធ្វើវិសាខបូជាជាដំបូង ។ ឯរបៀបធ្វើពិធីក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុង សុខោទ័យ ប៉ុន្ដែមិនសូវជាអធិកអធមដូចគ្រានោះទេ ។
ចំណែកនៅប្រទេស កម្ពុជាវិញ ក្នុងសម័យជាមួយគ្នានេះ ប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយ ដោយហេតុថា ការធ្វើ វិសាខបូជានៅប្រទេសថៃក្នុងជំនាន់នោះនៅមិនទាន់មាំមួននៅឡើយ ទាំងគម្ពីរបឋមសម្ពោធិ ដែលសំរាប់ប្រើប្រាស់ក្នុងការនេះ ក៏មិនទាន់មាននៅឡើយដែរ ហើយទំនងជាមិនទាន់បានជ្រួតជ្រាបដល់ប្រជាជនខ្មែរផង ។
ឯគម្ពីរ បឋមសម្ពោធិជារឿងពុទ្ធប្រវត្ដិដំណាលរឿងចាប់ផ្ដើមតាំងពីព្រះអង្គចុះ ចាកតុសិតទេវលោក មកយកកំណើតជាព្រះរាជបុត្រព្រះបាទសុទ្ធោទនៈ និងព្រះនាងមហាមាយានៅនគរកបិលពស្ដុ ក្នុងមជ្ឈិមប្រទេសរៀងរាបដរាបដល់ទ្រង់បានត្រាស់ជាអង្គព្រះពុទ្ធ ប្រោសសត្វ ហើយស្ដេចទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានជាទីបំផុត ។
គម្ពីរបឋមសម្ពោធិនេះ អ្នកប្រាជ្ញតែងឡើងសំរាប់ប្រើប្រាស់ទេសនានៅក្នុងបុណ្យវិសាខបូជា ។ ព្រោះថាការដែលនាំយកប្រវត្ដិរបស់រឿងនេះមកសម្ដែង ដើម្បីជាភស្ដុតាងបញ្ជាក់ឱ្យដឹងថា វិសាខបូជាកើតឡើងពិតប្រាកដនោះពីត្រឹមពេលដែលកើតគម្ពីរនេះឡើង ។ គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះណាំងក្លៅ “រជ្ជកាលទី៣” ជាដំបូង ហើយក្នុង ជំនាន់នោះគម្ពីរនេះមាន២ប្រភេទគឺ ៖
១-បឋមសម្ពោធិ សង្ខេបមាន២០បរិច្ឆេទ មិនមានឈ្មោះអ្នកនិពន្ធពិតប្រាកដទេ ប្រហែលជានិពន្ធឡើងក្នុងរជ្ជកាលទី២ ។
២-បឋមសម្ពោធិវិត្ថារ ជាភាសាមគធៈមាន២១ខ្សែ ឬ៣០បរិច្ឆេទទាំងជាភាសាបាលី និងសម្រាយ ។
ព្រះបាទ សម្ដេចព្រះណាំងក្លៅ ទ្រង់អារាធនាសម្ដេចក្រុមព្រះបរមានុជិត ជិនោរស សង្ឃរាជនៅវត្ដព្រះជេតព័ន ក្នុងក្រុងទេពឱ្យនិពន្ធឡើង ។ សម្ដេចក្រុមព្រះអង្គនេះបាន រួបរួមសេចក្ដីចេញពីគម្ពីរផ្សេងៗ និងនិពន្ធ បន្ថែមឡើងខ្លះក្នុងពុទ្ធសករាជ២៣៨៧ គ្រិស្ដ សករាជ១៨៤៥ ។
ចំណែក ប្រទេសខ្មែរយើង គម្ពីរបឋម សម្ពោធិជាភាសាមគធៈ មាន២១ខ្មែរ ឬ៣០ បរិច្ឆេទ ។ គម្ពីរជាសំរាយមាន៣បែបគឺ១ ហៅថា បឋមសម្ពោធិសង្ខេប ឬហៅថា “បឋមត្រាស់” មាន៥-៦ខ្សែ ឬមួយខ្សែចប់ ពណ៌នាសេចក្ដីតាំងពីព្រះអង្គយាងចុតិចាកតុសិត មកចាប់បដិសន្ធិជាឱរសព្រះបាទសុទ្ធោ ទនៈ និងព្រះនាងសិរិមហាមាយា រហូតមកត្រឹមព្រះអង្គចេញទ្រង់ព្រះផ្នួស បានត្រាស់ជាព្រះពុទ្ធ ។ អត្ថបទនេះមិនដឹងជាអ្នកណាជា អ្នកនិពន្ធ ហើយនិពន្ធពីក្នុងពុទ្ធសករាជណា ទេ ។ តែតាមការសង្កេតមើលពាក្យពេចន៍ ក្នុងគម្ពីរនោះ ឃើញថា មិនជាចាស់ណាស់ ណាទេ យ៉ាងយូរណាស់ត្រឹមសម័យក្រុងឧដុង្គ ខាងដើម ។ គម្ពីរនេះគេច្រើនប្រើសំរាប់ ទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូប ផង ។
គម្ពីរទី២ ហៅថា បឋមសម្ពោធិវិត្ថារ មាន៣០បរិច្ឆេទ ។ គម្ពីរនេះសម្ដេចព្រះ មហាសុមេធាធិបតី ព្រះសង្ឃរាជជួន ណាត (កាលនៅជាសង្ឃនាយក) បានមានថេរដីកា ថា មហាណាក មហាភូ និងអាចារ្យសន ។ល។ នៅខេត្ដបាត់ដំបង បានប្រែចេញពី បឋមសម្ពោធិវិត្ថាររបស់សម្ដេចក្រុមព្រះ បរមានុជិត ជិនោរស ក្នុងសម័យព្រះយ៉ាកថា ថន “តទាធរ” ឈុម ធ្វើជាចៅមឿងបាត់ ដំបង ហើយដែលបានផ្សព្វផ្សាយ ។
នៅប្រទេសកម្ពុជា
បុណ្យ វិសាខបូជា តាមដែលចាស់ទុំអ្នក មុខអ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យ ដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី “ព្រះ អង្គឌួង” ដែលគង់នៅក្នុងឧដុង្គជាដំបូងព្រោះ ថា កាលក្នុងពុទ្ធសករាជ២៣៩៧ គ្រិស្ដសក រាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះ រាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ ។
គម្ពីរទី៣ ហៅថា “បឋមសម្ពោធិកថា” គឺ បឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ប្រែ និងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូច ច្បាប់ដើម ។ គម្ពីរនេះមានជាបែបបទសំរាប់ ទេសនាក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្ម យុត្ដិកនិកាយទូទាំងប្រទេសខ្មែរ ។
ការធ្វើ វិសាខបូជា ក្នុងសម័យរជ្ជកាលទី២ នោះ ប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់ បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយ ទេ ហើយក៏មិនទាន់មានភាពឱឡារិកអធិក អធមដែរ ។
ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិិសាខបូជាដែលត្រឹមត្រូវតាម លក្ខណៈ កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដក ជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពី កាលទ្រង់ព្រះផ្នួសនៅឡើយ ។ លុះដល់ទ្រង់ ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅ តែបន្ដធ្វើវិសាខបូជារៀងដរាបមក រហូតដល់ ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសំរាប់ទេសនាក្នុង ពិធីបុណ្យនេះដូចបានពោលខាងលើ ។ ព្រះ មហាប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈ ធម្មយុត្ដិកនិកាយនៅក្រុងទេព “បាងកក” អំពីព្រះបាទសម្ដេចព្រះចមក្លៅ “រជ្ជកាលទី៤” ។
បន្ទាប់ មកក្រោយនោះមួយឆ្នាំគឺក្នុងពុទ្ធ សករាជ២៣៩៨ ព្រះមហាប៉ាន ទើបនិមន្ដមក អំពីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្ស ទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយបាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដ សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ តរៀងមក ។ ដោយហេតុថា ព្រះមហាថេរ អង្គនេះ កាលដែលលោកគង់នៅទីក្រុងទេព ធ្លាប់ធ្វើវិសាខបូជារួចមកហើយ ហើយកាល បានគង់នៅប្រទេសខ្មែរ ព្រមទាំងបានធ្វើជាធំ ក្នុងគណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើម ឡើងតាមដែលធ្លាប់ធ្វើកន្លងមក ។ ប៉ុន្ដែ យើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុងឆ្នាំណា សករាជ ប៉ុន្មាននោះទេ ព្រោះគ្មានឯកសារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពីអ្នកមុខអ្នកការ ទាំងឡាយថា ប្រាកដជាមានធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់នៅក្រុងឧដុង្គ មកម្ល៉េះ ។ លុះដល់ពេលលោកមកគង់នៅវត្ដ បទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ២៤០៨ ក៏បានប្រារឰវិសាខបូជារហូតដល់អស់ព្រះ
ជន្ម ។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយជាប់ ជាទំនៀមរហូតមក ។
ចំណែក វត្ដខាងមហានិកាយ ទើបមានធ្វើ ក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះ ស៊ីសុវត្ថិ ។ តាមដែលសម្ដេចព្រះមហាសុមេ ធាធិបតីព្រះសង្ឃរាជជួន ណាត “កាលនៅ ព្រះសង្ឃនាយក” ដំណាលថា ក្នុងឆ្នាំមួយ នោះលោកគ្រូព្រះវនរ័ត ចន្ទ គង់នៅវត្ដឧណ្ណា លោម បាននិមន្ដទៅក្រុងទេព ឃើញព្រះ សង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិកនិ កាយ ទាំងគណៈមហានិកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេលនិមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេចព្រះមហាសង្ឃរាជ “ព្រះនាមទៀង” សុំឱ្យធ្វើវិសាខបូជា សម្ដេច ព្រះមហាសង្ឃរាជទៀង ក៏ទ្រង់បានព្រះរាជា នុញាតតាមសំណូមពរ ទើបវិសាខបូជាត្រូវ បានធ្វើជាបន្ដបន្ទាប់រៀងដរាបមក ។ ប៉ុន្ដែ ពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដនៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង ។ ឯវត្ដ នៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដតូចៗ ច្រើនពុំបានធ្វើនៅឡើយ ។
ចំណែកព្រះមហាក្សត្រដែនដី តាំងពីរជ្ជ កាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គ ឌួង” មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើ គ្រប់ៗព្រះអង្គ ។
តាម ឯកសារបានលើកសរសើរព្រះគុណ សម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជា អ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូង ព្រោះរាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុង ទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួស នៅទីនោះ ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ។ នៅ ពេលដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ ធ្លាប់បានជ្រួតជ្រាប និងធ្លាប់បានទតឃើញ របៀបបែបផែន ដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ ៕ (ដកស្រង់ចេញពីសៀវភៅគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ)


Về Đầu Trang Go down

Continue Reading...

ហេតុអ្វី ព្រះពុទ្ធគង់ប្រថាប់សមាធិនៅលើសត្វពស់នាគរាជ ?

ព្រះពុទ្ធ រូបប្រក់នាគ ឬព្រះពុទ្ធគង់ប្រថាប់នៅលើពស់នាគរាជមួយមានក្បាល៧ ជាទម្រង់រូបភាព ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់ពីសិល្បៈវប្បធម៌ខ្មែរយើងនា សម័យកាលបុរាណ ពេលដែលលទ្ធិព្រះពុទ្ធសាសនាបានចាប់កំណើតឡើងជាលើកដំបូង នាសតវត្សរ៍ទី២ នៃគ្រិស្តសករាជ ដោយទទួលឥទ្ធិពលពីប្រទេសឥណ្ឌា ។ ប៉ុន្តែដោយត្រូវលទ្ធិព្រហ្មញ្ញសាសនាគាបសង្កត់ លទ្ធិព្រះពុទ្ធសាសនាក៏បាក់ស្រុតចុះថយ ឥទ្ធិពលរបស់ខ្លួន ។
ទោះបីជាមានការប្រយុទ្ធគ្នាក្នុងលទ្ធិព្រហ្មញ្ញសាសនានិយមយ៉ាងណា ក៏ដោយ ក៏សិល្បករចម្លាក់ខ្មែរមួយចំនួននៅតែគោរពស្រឡាញ់ ហើយខិតខំឆ្លាក់រូបបដិមាព្រះពុទ្ធជានិច្ច មិនអាចបោះបង់ចោលបានឡើយ ។ លុះមកដល់សតវត្សរ៍ទី៦នៃគ្រិស្តសករាជ សិល្បករចម្លាក់ខ្មែរយើងមានការកែច្នៃច្រើន ដើម្បីបង្កើនសម្រស់សោភ័ណភាព ដោយមានឆ្លាក់រូបព្រះកេសាព្រះអង្គឱ្យមានភ្នួងសក់កួចឡើងទៅលើ ក្រោមរូបភាពជាលក្ខណៈធម្មជាតិពិតៗរបស់មនុស្ស ។ លុះក្រោយមកទៀត សិល្បករចម្លាក់ខ្មែរយើង ក៏បានរៀបចំកែច្នៃ ឱ្យកាន់តែមានសម្រស់សោភ័ណភាពសុក្រឹតថែមទៀត គឺមានចម្លាក់ពាក់របាំងមកុដរស្មី ដែលបានបង្ហាញពីឋានៈជាព្រះមហាក្សត្រដ៏កំពូល ដើម្បីរក្សាព្រះនាមកិត្យានុភាពដ៏អស្ចារ្យ ក៏ដូចជារក្សាវង្សត្រកូល ព្រះរាជា ឬ ស្តេចគ្រប់គ្រងផែនដី ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវទស្សនៈរីកចម្រើនពីរគឺ៖ ទស្សនៈព្រះពុទ្ធសាសនាថេរវាទ ហិនយាន (មារាវិជ័យ និងការចេះត្រាស់ដឹង) ។

មិនតែប៉ុណ្ណោះសិល្បករចម្លាក់ខ្មែរយើង តែងឆ្លាក់រូបព្រះពុទ្ធមានកាយវិការខុសៗគ្នាដូចជា ឈានមុទ្រ (សម្មាធិ), ភូមិស្បសិមុទ្រ (យកធរណីជាសាក្សីក្នុងពេលផ្ចាញ់ផ្ចាលមារ), អភយមុទ្រ (ចូរកុំខ្លាច), ធម្មចក្រមុទ្រ (ការសម្តែងធម្មចក្រ), វរមុទ្រ (ការដាក់ទាន), និង វិតកិមុទ្រ (ការត្រិះរិះពិចារណា) ។

ដោយសារឥរិយាបថនេះហើយ ដែលនាំឱ្យយើងស្គាល់ព្រះអង្គជា “សមណគោតម” ។ ព្រះអង្គសមណគោតមនេះហើយដែលជាអាទិទេពមួយព្រះអង្គមានសន្តានចិត្ត អាណិតអាសូរ ដល់ជីវិតក្នុងលោក ព្រម ទាំងដឹកនាំជីវិតគ្រប់គ្នាទៅរកផ្លូវកុសលធម៌ និងប្រោះព្រំជីវិតទៅរកសិទ្ធិសេរី និងសុភមង្គលទៀតផង ។

ម្យ៉ាងទៀតការសមាធិរបស់ព្រះអង្គក៏បានបង្ហាញឱ្យយើងដឹងថា ជួនកាលព្រះអង្គគង់ប្រថាប់នៅលើផ្កាឈូករីក ជួនកាលគង់ប្រថាប់នៅលើសត្វពស់នាគរាជទៅវិញ ។ ប៉ុន្តែ!...ហេតុអ្វីបានជាសិល្បករចម្លាក់ខ្មែរយើងចូលចិត្តឆ្លាក់ រូបព្រះពុទ្ធអង្គគង់ប្រថាប់នៅលើសត្វពស់នាគរាជ ?

រឿងនេះវាទាក់ទងទៅនឹងផ្នែកមួយនៃជីវប្រវត្តិរបស់ព្រះពុទ្ធដែលបាន លាតត្រដាងឱ្យឃើញថា៖
នៅពេលដែលព្រះអង្គកំពុងតែសមាធិស្មឹងស្មាធិ៍នៅក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងនេរញ្ជរ ត្រង់ តំបន់ណេប៉ាល់ប្រទេសឥណ្ឌា...ពេលនោះស្រាប់តែមានភ្លៀងខ្យល់ ព្យុះ សង្ឃរា ព្រមទាំងមានផ្លេកបន្ទោរផ្គរ លាន់ទាំង៨ទិសបក់បោកយ៉ាងខ្លាំង ធ្វើឱ្យផ្ទៃមេឃងងឹតជុំជិត រុក្ខជាតិទាំងពួងរេរាំចុះឡើងៗ បាក់មែក ដាច់ស្លឹក ដាច់ផ្កា ដាច់ផ្លែ និងជីវិតបក្សីបក្សាទាំងឡាយកំពុងតែរងគ្រោះមហន្តរាយ ភិតភ័យយ៉ាងខ្លាំង សម្បើមអស្ចារ្យដែលបណ្តាលមកពីបាតុភូតធម្មជាតិគំរាមកំហែង ។ ដោយសារមើលឃើញព្រះអង្គនៅតែសមាធិជាដដែលអស់រយៈពេល៧ថៃ្ងកន្លងមកហើយ ទាំងហាលភ្លៀង ហាលខ្យល់ ក្តៅ រងាញ័រញាក់ និងមើលឃើញទិដ្ឋភាពគួរឱ្យអាណិតអាសូរ គោរពស្រឡាញ់ទៅលើព្រះពុទ្ធនោះ សត្វពស់នាគរាជមួយប្រកបទៅដោយវិចារណញ្ញាណឈ្មោះ “មុចិលិន្ទ” ក៏វារលូនទៅយ៉ាងសន្សឹមៗក្បែរបាទាទាំងគូរបស់ព្រះអង្គ ដោយយកខ្លួនរុំធ្វើជារង្វេលរាងមូល ព្រមទាំងងើបសិរសាទាំង៧ឡើង បើកពពាររាងដូចជារនាំងឆត្រសិល្ប៍ពិសិដ្ឋ ដើម្បីជួយការពារបិទបាំងគ្រោះធម្មជាតិ ហាក់បីដូចជាអង្វរករលន់តួដល់ព្រះអង្គថា៖ “ព្រះអង្គម្ចាស់! សូមព្រះអង្គយាងមកគង់ប្រថាប់នៅលើខ្លួនខ្ញុំព្រះករុណាមកចុះណា៎ ព្រះអង្គ!...” ។

ពេលនោះព្រះពុទ្ធក៏បើកព្រះនេត្រទាំងទ្វេភ្លាម ក៏ទតឃើញសត្វពស់នាគរាជមុចិលិន្ទយ៉ាងស្លូតបូត នៅតែស្វិតស្វាញតស៊ូនៅនឹងមួយកន្លែងពុំវារ ឬលូនចាកចេញទៅទីណាសោះ ទើបព្រះអង្គមានព្រះតំរិះក្នុងព្រះទ័យថា៖ “ឱសត្វពស់នាគរាជមុចិលិន្ទអើយ!...អ្នកពិតជាព្រះរាជសេនាព្រះ រាជបល្ល័ង្កស្មោះត្រង់ពិតៗជាមួយយើងហើយ!... ” ។
មួយសន្ទុះក្រោយ ពីព្រះអង្គឈ្វេងយល់រួចហើយ ទើបសម្រេចព្រះទ័យយាងទៅគង់ ប្រថាប់នៅលើសត្វពស់នាគរាជមុចិលិន្ទក្បាល៧នេះតែម្តង ។

នៅពេលដែលព្រះពុទ្ធបានយាងគង់ប្រថាប់នៅលើសត្វពស់នាគរាជមុចិលិន្ទ ក្បាល៧រួចមក ពេលនោះ មហិទ្ធិឬទ្ធិរបស់ពស់នាគរាជមុចិលិន្ទបានការពារព្រះអង្គជានិច្ច ទោះបីជាមានខ្យល់ព្យុះ ភ្លៀង ផ្គរបែបណាក៏ដោយ ក៏មិនអាចមកប៉ះពាល់ដល់ព្រះអង្គកាយពលរបស់ព្រះអង្គបានទេ ក្នុងការសមាធិ ដើម្បីប្រមើលមើលពីដំណើរជីវិតសត្វលោកទាំងឡាយដែលកំពុងតែជួបប្រទះនូវ រឿងហេតុផ្សេងៗជាប្រចាំនៅក្នុងសង្គមរស់នៅ ។

ហេតុដូច្នេះហើយបានជាសិល្បករចម្លាក់ខ្មែរយើង តែងតែបង្ហាញព្រះពុទ្ធអង្គ និងសត្វពស់នាគរាជមុចិលិន្ទ ដែលពពួកពុទ្ធសាសនិកនិយមបានឱ្យតម្លៃយ៉ាងខ្លាំងក្លាបំផុតទៅលើ ទស្សនៈផ្លូវកុសលធម៌ សច្ចធម៌ និងទស្សនៈឧត្តមភាព ព្រលឹងវិលវល់នៅក្នុងពិភពស្ថានលោកបច្ចុប្បន្ន និងទៅពិភពបរលោក (លោកខាងមុខ) ជាពិសេសទៅទៀត មិនគ្រាន់តែមនុស្សគោរពស្រឡាញ់ព្រះពុទ្ធប៉ុណ្ណោះទេ សូម្បីតែសត្វពស់នាគរាជមុចិលិន្ទ ឬសត្វស្វា ដំរី...(ក្នុងរឿងជីវប្រវត្តិព្រះពុទ្ធ) ក៏គោរពស្រឡាញ់ព្រះអង្គដែរ ។

រហូតមកដល់បច្ចុប្បន្នយើងនេះ សិល្បករសូនរូប ឬក៏សិល្បករចម្លាក់លោហធាតុ ទាំងមាសក្តី ទាំងស្ពាន់ក្តី ទាំងលង្ហិន ឬសំរឹទ្ធិក្តី ទាំងស៊ីម៉ងត៍ក្តី ៘ ក៏នៅតែសូនរូប ឬសិតរូបព្រះអង្គឱ្យគង់ប្រថាប់នៅលើសត្វពស់នាគរាជមុចិលិន្ទនោះដែរ ។

ទោះបីជួនកាលមានរបាំងមកុដរស្មីព្រះមហាក្សត្រ ឬក៏មានព្រះកេសា (សក់) វេញថ្កួញអង្កាញ់ៗដូចគូទខ្យងយ៉ាងណាក៏ដោយ ក៏នេះគឺជាជំនឿទៅលើលទ្ធិព្រះពុទ្ធសាសនានិយមក្នុងប្រវត្តិសាស្ត្រ ប្រជានុរាស្ត្រខ្មែរ យើងដែលមានប្រាសាទបាយ័នជាសំណល់សក្ខីភាពបញ្ជាក់ស្រាប់ក្នុងសតវត្សរ៍ ទី១៣ ក្រោមរជ្ជកាលព្រះបាទជយវរ្ម័នទី៧ (១១៨៣ -១២១៨) នៃគ្រិស្តសករាជ ។

មកដល់សព្វថៃ្ង ក្នុងសតវត្សរ៍ទី២១ ប្រជារាស្ត្រខ្មែរយើងនៅតែបន្តមរតកជំនឿទៅលើព្រះពុទ្ធសាសនាដដែល ៕


Về Đầu Trang Go down

Continue Reading...

អំពីការបកសករាជ

(ចម្លងពីសាសនាបណ្ឌិត)
អំពីការបកសករាជ
ឃុនបណ្ណានុរក្ស ប៊ូ - ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យ
ប្រែរៀបរៀង
១- សំនួរ .- ព្រះធម្មកថិកលោកអ្នកសំដែងធម៌ទេសនាគ្រប់អង្គមុននឹងចាប់ផ្ដើម សំដែងធម៌ លោកតែងតែមកសករាជសិន ចុះពាក្យថា "បកសករាជ" នេះតើប្រែថាម៉េច ?
១- ចម្លើយ .- ប្រែថា "ប្រាប់សករាជ" គឺប្រាប់ថ្ងៃ - ខែ - ឆ្នាំ ។
២- ស .- ម៉េចក៏លោកចាំបាច់ប្រាប់ថ្ងៃ - ខែ - ឆ្នាំទៀត បើមានច្បាប់ប្រតិទិនដែលគេបោះពុម្ពផ្សាយជាច្រើន ពេញស្រុកទេសហើយ, ដែលលោកប្រាប់នោះតើ ដោយលោកប្រាថ្នាយកហេតុប៉ុន្មានយ៉ាង ?
២- ច .- បានជាលោកប្រាប់ថ្ងៃ - ខែ - ឆ្នាំនោះ ដោយលោកប្រាថ្នាយកហេតុ ២ យ៉ាងគឺៈ
ក .- ដើម្បីប្រកាសគុណនៃព្រះពុទ្ធសាសនាឲ្យពួកពុទ្ធបរិស័ទកើតសទ្ធា ជ្រះថ្លាយល់ឃើញជាមុនថា សាសនារបស់ព្រះពុទ្ធជាម្ចាស់នោះ សូម្បីព្រះអង្គបរិនិព្វានទៅយូរអង្វែងរាប់ពាន់ឆ្នាំហើយ ពាក្យប្រៀនប្រដៅរបស់ព្រះអង្គដែលហៅថាសាសនា ក៏គង់តែមាននៅស្ថិតស្ថេរចេរកាលមកជាប្រាកដដល់សព្វថ្ងៃនេះ មិនបាត់បង់ទៅឯណា បើប្រសិនជាព្រះពុទ្ធសាសនាគ្មានផលប្រយោជន៍ ដល់អ្នកដែលរាប់អានប្រកាន់ប្រតិបត្តិតាមទេ ម្ល៉េះសមព្រះពុទ្ធសាសនាអន្ដរអានសាបសូន្យបាត់បង់ទៅជាយូរយារណាស់ មកហើយ មិនមែនគង់ទ្រង់នៅរហូតមកដល់សព្វថ្ងៃនេះទេ អ្នកដែលកើតមកខាងក្រោយមុខជាខានបានជួបប្រទះនឹងព្រះពុទ្ធសាសនា ព្រោះគ្មានអ្នកណានាំត ៗ គ្នាមក ប៉ុន្តែបានជាមិនបាត់បង់ទៅដូច្នោះ ព្រោះព្រះពុទ្ធសាសនាឲ្យផលប្រយោជន៍ដល់អ្នកប្រតិបត្តិតាមគ្រប់យុគ គ្រប់សម័យ ធ្វើឲ្យអ្នកប្រតិបត្តិតាមសម្រេចផលប្រយោជន៍តាមសមគួរដល់សេចក្ដី ប្រតិបត្តិរបស់ខ្លួន ហេតុនេះបានជានាំគ្នាប្រកាន់ត ៗ មកតាមលំដាប់រហូតដល់សព្វថ្ងៃនេះ កាលបើពួកពុទ្ធបរិស័ទយល់ឃើញដូច្នេះហើយ មុខជារនឹងតាំងចិត្តថា គួរតែអាត្មាអញប្រកាន់រាប់អានប្រតិបត្តិព្រះពុទ្ធ-សាសនាតទៅទៀតតាម កំឡាំងរបស់ខ្លួន ដើម្បីឲ្យបានជាប្រយោជន៍ដល់ជនអ្នកកើតមកខាងក្រោយទៀត ។
ខ- ដើម្បីឲ្យពួកពុទ្ធបរិស័ទអ្នកបានស្ដាប់ធម៌ទេសនាហើយកើតសេចក្ដី សង្វេគតក់ស្លុតចិត្តគិតដល់អាយុសង្ខារបស់ខ្លួនថា អាត្មាអញដែលបានរួចរស់ជីវិតនៅរហូតមកដល់ថ្ងៃដែលបានស្ដាប់ធម៌ នេះ រាប់អានចំនួនប៉ុន្មានឆ្នាំហើយ ក្នុងឆ្នាំដែលកន្លងរំលងមកហើយទាំងប៉ុណ្ណោះ អាត្មាអញបានធ្វើប្រយោជន៍ខ្លះដែរឬទេ បើនឹករឭកឃើញថា ខ្លួនអញបានធ្វើប្រយោជន៍រួចខ្លះមកហើយ ឬដឹងថាកំពុងតែធ្វើ មុខជានឹងខំធ្វើបន្ថែមឲ្យរឹតតែច្រើនឡើងទៀត មិនហ៊ានបណ្ដែតបណ្ដោយឡើយ ព្រោះយល់ឃើញថា ថ្ងៃ ខែ ឆ្នាំដែលកន្លងទៅនោះ មិនមែនកន្លងទៅតែឯងទេ អាយុជិវិតរបស់អាត្មាអញ ក៏កន្លងទៅជាមួយផងដែរ បើដឹងថាខ្លួនខ្លួនមិនបានធ្វើប្រយោជន៍អ្វីសោះ មុខជានឹងខំប្រឹងធ្វើយ៉ាងរួសរាន់ មិនហ៊ានបង្អែបង្អង់ឡើយ ។ មួយទៀត នឹងយល់ឃើញថា ព្រះពុទ្ធសាសនាដែលបានគង់នៅហើយចំរើនរុងរឿងរហូតមកដល់សព្វថ្ងៃ នេះ ដោយសារតែអាស្រ័យបុព្វបុរសអ្នកមុន ៗ បានប្រតិបត្តិរក្សាត ៗ គ្នាមក ឯអាត្មាអញមានអាយុរស់នៅដរាបមកដល់ថ្ងៃនេះហើយ មិនទាន់បានប្រតិបត្តិសិក្សាព្រះពុទ្ធសាសនានៅឡើយសោះ បើដូច្នេះគួរតែអញតាំងចិត្តនឹងប្រតិបត្តិសិក្សាព្រះពុទ្ធ-សាសនា ឲ្យបានមាំមួនតទៅ បើដឹងថាខ្លួនជាអ្នកធ្លាប់បានប្រតិបត្តិសិក្សាព្រះពុទ្ធសាសនាពី កាលមុនមកខ្លះហើយ មុខជាខិតខំធ្វើប្រតិបត្តិឲ្យទ្វេច្រើនឡើងលើសមុខទៅទៀត កាលបើពួកពុទ្ធបរិស័ទបានពិចារណាឃើញយ៉ាងនេះហើយ ចិត្តក៏នឹងកើតសទ្ធាជ្រះថ្លាក្នុងសាសនធម៌ពាក្យប្រៀនប្រដៅរបស់ ព្រះបរមសាស្ដា ហើយនឹងមានចិត្តសំវេគតក់ស្លុតដល់អាយុសង្ខារបស់ខ្លួន នឹងធ្វើខ្លួនឲ្យសមគួរដល់ការស្ដាប់ធម៌តទៅ ។
ព្រោះហេតុតែលោកជាធម្មកថិកប្រាថ្នាប្រយោជន៍ទាំង ២ ប្រការដូចបានឆ្លើយមកនោះឯងហើយ បានជាមុននឹងសំដែងធម៌ទេសនា លោកតែងតែបកសករាជសិន ដោយសេចក្ដីសង្ខេបឬពិស្ដារ ទោះបីអ្នកស្ដាប់កំណត់ចាំថ្ងៃ - ខែ - ឆ្នាំជាអតីតអនាគតនឹងបច្ចុប្បន្នបានក្ដី មិនបានក្ដី ក៏លោកចេះតែប្រាប់ដែរ ។ ហេតុនេះបានជាព្រះធំ្មកថិកតែងតែបកសករាជមុនទេសនាជាប់ជាទំនៀម ទម្លាប់ត ៗ គ្នាមករហូតដល់សព្វថ្ងៃនេះ ។
សរុបសេចក្ដីឲ្យខ្លីថា អ្នកដែលបានស្ដាប់លោកបកសករាជហើយ អាចនឹងញ៉ាំងចិត្តកើតសទ្ធាជ្រះថ្លាក្នុងគុណព្រះពុទ្ធសាសនា ១ យ៉ាង ដើម្បីនឹងញ៉ាំងចិត្តឲ្យកើតសំវេគតក់ស្លុតដល់អាយុសង្ខាររបស់ខ្លួន ១ យ៉ាង រួមជា ២ យ៉ាងដូច្នេះឯង ។
៣- ស .- ចុះក្នុងប្រទេសកម្ពុជាមានប្រើសករាជប៉ុន្មានយ៉ាងក្នុងសម័យ បច្ចុប្បន្ននេះ (គ. ស. ១៩៥២) ?
៣- ច .- មានប្រើសករាជ ៤ យ៉ាងគឺ ពុទ្ធសករាជ ១ គ្រឹស្ដសករាជ ១ មហាសករាជ ១ ចុល្លសករាជ ១ ។ ឯសករាជទាំង ៤ យ៉ាងនេះ មានដើមកំណើតកើតនៅប្រទេសណា មានការកំណត់រាប់ប្លែកគ្នាយ៉ាងណា នោះនឹងមានសេចក្ដីអធិប្បាយក្នុងសៀវភៅកម្ពុជសុរិយាខ្សែខាងមុខឯណោះ ។

ចប់


Về Đầu Trang Go down

Continue Reading...

ពុទ្ធប្បវត្ដិសង្ខេបរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ

នូវសម័យពុទ្ធកាល ប្រទេសឥណ្ឌា មានឈ្មោះថា ជម្ពូទ្វីប ចែកជាពីរផ្នែក ។ ផ្នែកខាងក្នុងហៅថា មជ្ឈិមប្រទេស និងផ្នែកខាងក្រៅហៅថា បច្ចន្ដប្រទេស ។ ប្រទេសនេះមានរាជាណាចក្រច្រើនតូច-ធំ ។ ខ្លះជារាជាធិបតេយ្យ ខ្លះជាសន្ដតិវង្សច្រើនរួមគ្នា ។បណ្ដានគរទាំងឡាយដែលតាំងក្នុងមជ្ឈិមប្រទេស ក្រុងកបិលពស្ដុ ជារាជាណាចក្រមួយ ស្ថិតនៅតំបន់ជើងភ្នំហេមពាន្ដ គ្រប់គ្រង និងដឹកនាំដោយព្រះបាទសុទ្ធោទនៈ និងព្រះអគ្គមហេសី ព្រះនាងសិរិមហាមាយា ។
កាលមុនពុទ្ធសករាជ៨០ឆ្នាំ នៅពេលដែលទ្រង់គភ៌គ្រប់១០ខែហើយ ព្រះនាងសិរិ មហាមាយា ក៏បានស្នើសុំព្រះបរមរាជានុញ្ញាតពីស្វាមី ដើម្បីយាងទៅប្រសូតបុត្រនៅ ទីក្រុងទេវទហៈ ដែលជាទីក្រុងកំណើតរបស់ព្រះនាងតាមប្រពៃណីនៃជនជាតិឥណ្ឌានាពេលនោះ ។
នៅចន្លោះក្រុងកបិលពស្ដុ និងក្រុងទេវទ ហៈ មានសួនឧទ្យានមួយឈ្មោះថា ឧទ្យាន លុម្ពិនី ។ ការយាងទៅក្រុងទេវទហៈរបស់ព្រះនាងសិរិមហាមាយា ត្រូវឆ្លងកាត់សួនឧទ្យានលុម្ពិនីនោះ ។ នៅពេលដែលយាងទៅដល់សួនឧទ្យានលុម្ពិនី ព្រះនាងសិរិមហាមាយា ក៏ត្រូវដល់ពេលកំណត់ប្រសូតព្រះរាជបុត្រ ។ ព្រះនាងក៏ប្រសូតបានព្រះរាជបុត្រ មួយអង្គមានលក្ខណៈគ្រប់គ្រាន់ ជាមហាបុរិសលក្ខណៈ ។ ប្រសូតហើយ ពេលយាងចុះពីដៃស្រីស្នំ ព្រះរាជឱរសបានយាងដោយព្រះបាទបាន៧ ជំហាន ហើយទ្រង់ឈប់ឈរនឹង រួចបែរព្រះភ័ក្ដ្រទៅទិសឧត្ដរ ទ្រង់បន្លឺព្រះវាចាថា “ខ្លួន យើងជាកំពូលនៃលោក ជាបុគ្គលប្រសើរជាង គេក្នុងលោកជាចម្បងជាងគេទាំងអស់ក្នុងលោកជាតិនេះជាកំណើតចុងបំផុត របស់ យើងអំណើះតទៅមុខ យើងលែងកើតទៀតហើយ” ។
ព្រះអង្គកើតក្នុងត្រកូលពួកជនជាតិអរិយកៈ ក្នុងមជ្ឈិមជនបទនៃជម្ពូទ្វីប ដែលសក្កៈ ត្រកូលក្សត្រសាក្យៈ ជាគោតមគោត្រ ។
- ព្រះបិតាព្រះនាមសុទ្ធោទនៈ ជាព្រះ រាជបុត្រព្រះបាទសីហហនុរាជ គង់នៅក្រុង កបិលពស្ដុ ។
- ព្រះមាតាព្រះនាមព្រះនាងសិរិមហាមាយា គង់នៅក្រុងទេវទហៈ ជាព្រះរាជបុត្រី នៃព្រះបាទអញ្ជនៈ ក្នុងក្រុងទេវទហៈ ។
បន្ទាប់ ពីប្រសូតព្រះរាជបុត្រហើយ ព្រះ នាងសិរិមហាមាយា ក៏យាងត្រឡប់មកក្រុង កបិលពស្ដុវិញ ។ ជាមួយគ្នានេះ មានតាបស ម្នាក់អាយុចំណាស់បន្ដិច មានស្រុកកំណើត ស្ថិតនៅជិតក្បែរតំបន់កបិលពស្ដុនោះដែរ គាត់ជាអ្នកចេះមើលលក្ខណៈមនុស្សយ៉ាង ស្ទាត់ជំនាញ ។ តាបសនោះក៏ចូលទៅមើល ព្រះរាជបុត្រ ដោយពិនិត្យយ៉ាងល្អិតល្អន់ នូវ លក្ខណសម្បត្ដិរបស់ព្រះរាជឱរស ហើយ ពោលថា “នេះជាមហាបុរសពិតប្រាកដ
មែន ” ។
៥ថ្ងៃក្រោយមក ព្រះបាទសុទ្ធោទនៈ ក៏ បានអញ្ជើញព្រាហ្មណ៍១០៨នាក់ មកទាយ លក្ខណៈព្រះរាជឱរស និងថ្វាយព្រះនាម ។ ក្នុងបណ្ដាព្រាហ្មណ៍ទាំង១០៨នាក់ ជ្រើសរើស ចម្រាញ់យកបានតែព្រាហ្មណ៍៨នាក់ប៉ុណ្ណោះ ដើម្បីថ្វាយព្រះនាមព្រះរាជបុត្រ ។ ព្រាហ្មណ៍ ទាំងអស់ក៏បានសំរេចថ្វាយព្រះនាមថា សិទ្ធត្ថ ដែលមានន័យថា ជាអ្នកធ្វើឱ្យសំរេច ប្រយោជន៍ដល់មនុស្សសត្វទូទៅ ។ ព្រាហ្មណ៍ ទាំងនេះ មិនត្រឹមតែជ្រើសរើសព្រះនាម ប៉ុណ្ណោះទេ ថែមទាំងបានទស្សន៍ទាយនូវ និស្ស័យផ្សេងៗថែមទៀតរបស់ព្រះរាជឱរស ផង ។ ព្រាហ្មណ៍ជាច្រើនបានទាយថា “ព្រះ រាជឱរស បើនៅជាគ្រហស្ថ នឹងបានជាស្ដេច ចក្រពត្ដិ បើទ្រង់ចេញបំពេញផ្នួសនឹងបាន ត្រាស់ដឹងជាព្រះពុទ្ធ ។ ចំណែកព្រាហ្មណ៍ទី៨ គឺកោណ្ឌញព្រាហ្មណ៍ ដែលនៅក្មេងជាងគេ បានលើកដៃតែមួយឡើង ហើយទាយតែ ម្យ៉ាងថា ព្រះមហាបុរសនឹងទ្រង់ព្រះផ្នួស ហើយបានត្រាស់ជាព្រះពុទ្ធពិតប្រាកដ” ។
២ថ្ងៃក្រោយ ថ្ងៃដែលពួកព្រាហ្មណ៍បាន ថ្វាយព្រះនាមព្រះរាជឱរសមក ព្រះនាងសិរិ មហាមាយា ក៏ទ្រង់សោយព្រះទិវង្គត ។
ព្រះបាទសុទ្ធោទនៈ ក៏ទ្រង់ផ្ទុកផ្ដាក់ការ ចិញ្ចឹមបីបាច់ថែរក្សាព្រះរាជឱរសឱ្យទៅព្រះ នាងបជាបតិគោតមី ដែលត្រូវជាប្អូនបង្កើត ព្រះនាងសិរិមហាមាយា និងជាព្រះស្នំមួយ ព្រះអង្គដ៏ពិសេស ព្រមទាំងជាអ្នកមេដោះ ដ៏ ជិតស្និទ្ធបំផុតផង ។

- ប្រសូត
- ព្រះសមណគោតមបរមគ្រូ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នា ឧទ្យានលុម្ពិនីវន ក្រោមដើមសាលព្រឹក្ស ស្ថិត នៅត្រង់ព្រំប្រទល់ដែនកបិលពស្ដុ និងទេវ ទហៈនាវេលាថ្ងៃត្រង់ ។
- ក្នុងថ្ងៃព្រះសិទ្ធត្ថប្រសូត មានសហជាត វត្ថុ៧យ៉ាង កើតក្នុងថ្ងៃនោះដែរ គឺព្រះនាង ពិម្ពាយយសោធរា១, អនន្ទ១, ឆន្ទអាមាត្យ ១, កណ្ឌកៈជាអាជានេយ្យ១, កាឡុទាយី អាមាត្យ១, មហាពោធិព្រឹក្ស១ និងកំណប់ ទ្រព្យទាំងបួន១ ។
- អភិសេក
ព្រះសិទ្ធត្ថ ព្រះជន្ម១៦ព្រះវស្សា ទ្រង់ អភិសេកជាមួយព្រះនាងពិម្ដាយសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យបាន១៣ឆ្នាំ ទ្រង់បានព្រះរាជ បុត្រមួយព្រះអង្គ ព្រះនាមរាហុលកុមារ ក្នុង ព្រះជន្មគំរប់២៩ព្រះវស្សា ។
- សាងព្រះផ្នួស
ព្រះជន្ម២៩វស្សា ព្រះសិទ្ធត្ថ ទ្រង់ចេញ សាងព្រះផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា គឺ ក្នុងថ្ងៃដែលព្រះរាហុលកុមារប្រសូតនោះឯង ។
- ត្រាស់ដឹង
ព្រះសមណគោតម បានត្រាស់ដឹងអនុត្ដរ សម្មាសម្ពេ្ពាធិញាណ ក្នុងព្រះជន្មាយុ៣៥ព្រះ វស្សា នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា ក្រោមដើមពោធិព្រឹក្ស ១ដើម ខាងលិច ស្ទឹងនេរញ្ចនា នាមណ្ឌលគយា សព្វថ្ងៃហៅ ពុទ្ធគយា ។
- សំដែងធម្មចក្កប្បវត្ដនសូត្រ
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែង បឋមទេសនា ធម្មចក្កប្បវត្ដនសូត្រនៅថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុនៅ
ឥសិបតនមិគទាយវន ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង ៥យ៉ាងអស់៤៥ព្រះវស្សា គឺ ៖
១-ពេល ព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត
២-ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ
៣-ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ
៤-ពេល អធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា
៥-ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ ព្រះជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។
- បរិនិព្វាន
ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាននៅថ្ងៃ អង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើមពោធិព្រឹក្សទាំងគូនៅខាងលិច កុសិនារា ។
រយៈកាល៤៥ព្រះ វស្សា ចាប់ពីក្រោយ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ មក ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានសំដែង ព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ បើគិត ជាធម្មក្ខន្ធមាន៨៤.០០០ព្រះធម្មក្ខន្ធ ដែល ចែកជាព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម ។ ពាក្យសង្ខេបងាយចាំ
ចុ. រ. អា.ព្រ ប្រ.ច. ពិ. សុ
រា. ឆ្លូ. ក. អា បូស. ថោះ. អា. ព្រ
ត្រា. រ.ពិ. ពុ និ. ស្សា. ពិ. អង្គ ។
ខ្លឹមសារ នៃការកសាងព្រះសក្យមុនី ចេតិយ
- សំវេជនីយដ្ឋាន៤កន្លែង
មូលហេតុ ដែលនាំឱ្យកើតសំវេជនីយដ្ឋាន មានរឿងកើតឡើងក្នុងកាលដែលព្រះសម្មា សម្ពុទ្ធ ទ្រង់ប្រឈួនខ្លាំង ទៀបស្ដេចរំលត់ខ័ន្ធ ចូលកាន់បរមនិព្វាន ។ គ្រានោះមានព្រះ អានន្ទជាពុទ្ធុបដ្ឋាកៈ ដែលនៅជាសេក្ខបុគ្គល នៅឡើយ បានក្រាបបង្គំទូលប្រារឰថា “ពី ដើមរៀងមក ពួកភិក្ខុពុទ្ធសាវ័កតែងតែមក គាល់ ធ្លាប់ឃើញព្រះអង្គជាញឹកញយ គេមាន ចិត្ដជ្រះថ្លារីករាយណាស់ តែកាលណាព្រះ អង្គទ្រង់បរិនិព្វានទៅហើយ មិនបានឃើញ ព្រះអង្គដូចដើម គេនឹងស្រងេះស្រងោច ណាស់” ។
ព្រះអង្គ ក៏ទ្រង់អនុញាតនូវសំវេជនីយ ដ្ឋាន៤កន្លែង សំរាប់ពុទ្ធសាវ័កណាប្រាថ្នាចង់ ឃើញព្រះអង្គទៅពិចារណាធម្មសង្វេគនៅ ទីកន្លែងទាំង៤នោះណាមួយ “ក៏ទុកដូចបាន ជួបឃើញតថា គតផ្ទាល់ដែរ និងនាំឱ្យបានមគ្គ ផលច្រើនណាស់” ។
- សំវេជនីយដ្ឋាន៤កន្លែងនោះគឺ ៖
១- កន្លែងដែលតថាគតប្រសូតនាព្រៃ លុម្ពិនី នគរកបិលពស្ដុ ។
២- កន្លែងដែលតថាគតត្រាស់ដឹងនូវ
អនុត្ដរសម្មាសម្ពោធិញាណ នាមណ្ឌលពោធិ ព្រឹក្ស តំបន់ពុទ្ធគយា ។
៣-កន្លែងដែលតថាគតប្រទានបឋម ទេសនា នាព្រៃឥសិបតនមិគទាយវ័ននគរ ពារាណសី ។
៤-កន្លែងដែលតថាគតបរិនិព្វាន នាសាល វ័នឧទ្យាន នគរកុសិនារា ។
ពួកជនណាមួយនឹងបានដើរមកកាន់ទី ចា រឹកនៃសំវេជនីយដ្ឋាន៤កន្លែងនេះ ណាមួយ ក៏មានចិត្ដជ្រះថ្លា កើតសង្វេគ ហើយគោរព បូជា ប្រសិនណាជាធ្វើមរណកាលទៅ ពួកជន នោះនឹងបានទៅសោយសុខ ក្នុងឋានមនុស្ស និងឋានសួគ៌ ។
- គារវវត្ថុ៥យ៉ាង
ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់ បានប្រតិស្ឋានទុកនូវគារវវត្ថុ៥យ៉ាងដើម្បីបាន ជាស្រែបុណ្យដ៏ប្រសើររបស់វេនេយ្យសត្វ និង មានប្រព័ន្ធគាថា ដូចតទៅនេះ ៖
និព្វុតេ លោកនាថម្ហិ សម្ពុទ្ធេ អគ្គ បុគ្គលេ បដិមា ពោធិរុក្ខា ច ថូបា ច ជិនធាតុយោ ចតុរាសីតិសហស្ស ធម្ម ក្ខន្ធា សុទេសិតា អគ្គប្បវត្ដនដ្ឋានេ ឋបិតា ហោន្ដិ បាណិនំ កាលព្រះសម្មាសម្ពុទ្ធជាអគ្គបុគ្គល ជាទី ពឹងនៃសត្វលោកបរិនិព្វានទៅហើយ ព្រះបដិ មាផង ព្រះពោធិព្រឹក្សផង ព្រះស្ដូបផង ព្រះ ជិនធាតុផង ព្រះធម៌៨ម៉ឺន ៤ពាន់ ព្រះធម្មក្ខន្ធ ដែលព្រះអង្គទ្រង់សំដែងហើយ ដោយប្រពៃ ផង ជាវត្ថុគឺព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋាន ទុកក្នុងឋានដ៏ប្រព្រឹត្ដទៅ ដើម្បីបុញខេត្ដដ៏ ប្រសើររបស់សត្វទាំងឡាយ ។
ប្រវត្ដិព្រះសក្យមុនីចេតិយ
- ព្រះសក្យមុនីចេតិយ នៅរាជធានី
ភ្នំពេញ មុខស្ថានីយរាជាយស្ម័យយាន
-នៅថ្ងៃ២រោច ខែអស្សុជ ឆ្នាំរោង ចត្វា ស័ក ពុទ្ធសករាជ២៤៩៥ ត្រូវនឹងថ្ងៃអាទិត្យ ទី៥ តុលា ឆ្នាំ១៩៥២ ព្រះរាជាណាចក្រ កម្ពុជា បានទទួលព្រះបរមសារីរិកធាតុ និង ព្រះអរហន្ដធាតុ គឺព្រះអដ្ឋិធាតុនៃព្រះសារី បុត្ដ និងព្រះមោគ្គលាន ព្រមជាមួយកូនពោធិ ព្រឹក្សពីរដើម ដែលនាំមកពីប្រទេសឥណ្ឌា ។ ពិធីទទួលព្រះបរមសារីរិកធាតុ និងព្រះ អរហន្ដធាតុនៅព្រលានយន្ដហោះអន្ដរជាតិ ភ្នំពេញ បានប្រព្រឹត្ដទៅយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអ ម្ចាស់ជីវិតលើត្បូង សម្ដេចព្រះ នរោត្ដម សីហនុ ជាទីសក្ការៈ ។ អស់រយៈពេល៧ថ្ងៃ គឺនៅថ្ងៃទី១១ តុលា ឆ្នាំ១៩៥២ មានប្រារឰពិធីជូនដំណើរដង្ហែដ៏ មហោឡារិក ដូចពេលទទួលដែរ ។
បច្ច័យ ដែលកើតឡើងពីការបូជាក្នុងពិធីបុណ្យ៧យប់៧ថ្ងៃនេះ បានចំនួន ១.៦៦៧.៣០៩រៀល ។ បច្ច័យទាំងនេះបែង ចែកជាពីរផ្នែក៩០០.០០០រៀល សំរាប់យក ទៅកសាងមន្ទីរពេទ្យសំរាប់ព្រះសង្ឃ ដែល ក្រោយមកមានឈ្មោះថា មន្ទីរពេទ្យព្រះ កុសុមៈ ។ បច្ច័យ២០០.០០០រៀល សំរាប់ យកទៅចាត់ការស្ថាបនាព្រះមហាចេតិយនៅមុខស្ថានីយរាជាយស្ម័យយាន តម្កល់ព្រះបរម សារីរិកធាតុ ព្រោះហេតុនេះហើយបានជា ព្រះមហាចេតិយនេះមានឈ្មោះថា “ព្រះ សក្យមុនីចេតិយ” ។
ព្រះ សក្យមុនីចេតិយនេះ ត្រូវបានប្រារឰ ពិធីសម្ពោធជាមួយគ្នានឹងបុណ្យគម្រប់ ២.៥០០ព្រះវស្សានៃព្រះពុទ្ធសាសនា (បុណ្យ ពាក់កណ្ដាលសាសនា) ដែលប្រព្រឹតឡើង អស់រយៈពេល៧យប់ ៧ថ្ងៃ គឺចាប់ពីថ្ងៃ អាទិត្យ ១៤ កើត ខែពិសាខ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥០០ ត្រូវនឹងថ្ងៃទី១២ ឧសភា ឆ្នាំ១៩៥៧ រហូតដល់ថ្ងៃ៥ រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១៨ ឧសភា ឆ្នាំ១៩៥៧ ក្រោម ព្រះរាជូបត្ថម្ភនៃព្រះករុណាជាអម្ចាស់ជីវិត លើត្បូង សម្ដេចព្រះមហាក្សត្រិយានី សម្ដេច ព្រះឧបយុវរាជ និងក្នុងការទំនុកបំរុងសម្ដេច ព្រះសង្ឃនាយកទាំងពីរគណៈ ។
រីឯព្រះបរមសារីរិកធាតុតម្កល់ក្នុងព្រះ សក្យមុនីចេតិយនាថ្ងៃបុណ្យគំរប់២.៥០០ព្រះ វស្សានេះ គឺជាព្រះបរមអដ្ឋិធាតុខ្នាតកណ្ដាល មួយព្រះអង្គ ដែលប្រទេសសិរីលង្កាថ្វាយមក ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ក្នុងឱកាសដែលព្រះអង្គជាព្រះរាជ ប្រតិភូតំណាងព្រះមហាក្សត្រកម្ពុជា ទ្រង់ យាងទៅចូលរួមក្នុងពិធីបុណ្យពុទ្ធជយន្ដិ គឺ បុណ្យគំរប់២៥០០ព្រះវស្សានៃព្រះពុទ្ធ សាសនានៅប្រទេសសិរីលង្កា ដែលប្រារឰ ឡើងកាលពីក្នុងខែឧសភា ឆ្នាំ១៩៥៦ ។
ព្រះបរមសារីរិកធាតុ ដែលគង់ប្រថាប់ក្នុង ព្រះសក្យមុនីចេតិយនោះ ត្រូវបានតម្កល់ទុក នៅក្នុងព្រះកាញ្ននកោដ្ឋ (កោដ្ឋមាស) តូច រួចហើយតម្កល់កោដ្ឋមាសនៅក្នុងព្រះសក្យ មុនី ចេតិយស្ដូបរ័ត្ន (ស្ដូបសំរឹទ្ធិិ) រួចទើបយក ស្ដូបសំរឹទ្ធិទៅតម្កល់នៅក្នុងព្រះសក្យមុនី ចេតិយ ។
ព្រះ សក្យមុនីចេតិយមុខស្ថានីយរាជាយ ស្ម័យយានរាជធានីភ្នំពេញ ត្រូវបានគណៈ កម្មាធិការប្រជាជនរាជធានីភ្នំពេញ ជួសជុល ឡើងវិញ នៅឆ្នាំ១៩៨៨ ។
- ព្រះសក្យមុនីចេតិយ នៅភ្នំព្រះរាជ ទ្រព្យ (ឧដុង្គ)
-ថ្ងៃពុធ ១១រោច ខែជេស្ឋ ពុទ្ធសករាជ ២៥៤០ ត្រូវនឹងថ្ងៃទី១២ មិថុនា ឆ្នាំ១៩៩៦ ពិធីក្រុងពាលីដ៏ធំមួយ (តាមបែបបុរាណ) សុំ ទីតាំងសាងសង់ក៏ត្រូវប្រព្រឹត្ដទៅនៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ជា ស៊ីម ប្រមុខ រដ្ឋស្ដីទី ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេច ព្រះរាជអគ្គមហេសី ជាទីសក្ការៈ ។
-ថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាធ ពុទ្ធសករាជ២៥៤០ ត្រូវនឹងថ្ងៃទី៨ សីហា ឆ្នាំ ១៩៩៦ ពិធីបញ្ចុះបឋមសិលានៅទីតាំងសាង សង់ព្រះសក្យមុនីចេតិយថ្មី ក្រោមព្រះរាជា ធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះរាជអគ្គ មហេសី នរោត្ដម មុនិនាថ សីហនុ ជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ។
-ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ពុទ្ធ សករាជ២៥៤៦ ត្រូវនឹងថ្ងៃទី២៩ សីហា ឆ្នាំ ២០០២ គណៈកម្មការសាងសង់បានធ្វើការ ត្រួតពិនិត្យគុណភាពសំណង់ជាទូទៅ និងបាន ប្រគល់ជូនទៅក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ដើម្បីទទួលគ្រប់គ្រងថែរក្សា ។
-ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ពុទ្ធ សករាជ២៥៤៦ ត្រូវនឹងថ្ងៃទី១៩ ធ្នូ ឆ្នាំ ២០០២ ប្រារឰពិធីសម្ពោធជាផ្លូវការ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះរាជ អគ្គមហេសី ជាទីសក្ការៈ ដោយមានការយាង និមន្ដ និងអញ្ជើញចូលរួមពីសម្ដេចព្រះសង្ឃ រាជទាំងពីរគណៈ មន្ដ្រីសង្ឃជាន់ខ្ពស់ ព្រះ សង្ឃជាច្រើនពាន់អង្គ សីលវន្ដ សីលវតី ថ្នាក់ ដឹកនាំជាន់ខ្ពស់ជាតិ ឯកអគ្គរាជទូត ឯកអគ្គ រដ្ឋទូត មន្ដ្រីរាជការ អ្នកមុខ អ្នកការ និង ប្រជាពលរដ្ឋជាពុទ្ធសាសនិកដ៏ច្រើនកុះករ ណែនណាន់តាន់តាប់មកពីគ្រប់ទិសទី ក្នុងទូទាំងប្រទេស ៕


Về Đầu Trang Go down

Continue Reading...

អំពីដើមកំណើតសករាជ

(ចម្លងពីសាសនាបណ្ឌិត)
    អំពីដើមកំណើតសករាជ
                        ឃុនបណ្ណានុរ័ក្ស ប៊ូ - ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យរៀបរៀង

បរិយាដើម
មនុស្សក្នុងសាកលលោកគ្រប់ជាតិគ្រប់សាសន៍ សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើទាំងអស់គ្នា គ្មានអ្នកណានៅស្ងៀមឡើយ ព្រោះធម្មតាលោកបង្គាប់ឲ្យធ្វើ ។ ឯកិច្ចការរបស់អ្នកស្រុកទាំងអស់នោះ ដែលនឹងចំរើនកើនឡើងតាមលំដាប់ទៅបាន ដោយសារតែមានពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ជាគ្រឿងកត់សំគាល់ ដូចមានពេលព្រឹក - ល្ងាច - ថ្ងៃ - យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា ក៏ត្រូវចុះថ្ងៃ - ខែ - ឆ្នាំខានមិនបានដែរ ។ ហេតុនេះ ការចេះចាំថ្ងៃ - ខែ - ឆ្នាំ មានប្រយោជន៍ជាច្រើនយ៉ាង ។ បើប្រទេសណាមិនប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំទេ ប្រទេសនោះនឹងធ្វើការអ្វី ៗ ឥតកម្រិត ឥតរបរ ឥតក្របខ័ណ្ឌ ឥតរបៀប មិនរៀបរយ នាំឲ្យការងារទាំងនោះច្របូកច្របល់រសេមរសាម គឺធ្វើការព្រឹកជាល្ងាច ៗ ជាព្រឹក, ខែនេះជាខែនោះ, ឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដតែរដូវថា រដូវភ្លៀង, រដូវរាំង, រដូវទឹកឡើង, រដូវទឹកស្រក នឹងរដូវស្លឹកឈើជ្រុះជាដើម ។ ពុំនោះសោត គេទុកដាក់នូវមនុស្សពួកនោះ ថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាមិលក្ខៈ គឺមនុស្សព្រៃ, មនុស្សព្នង ដែលអាស្រ័យនៅក្នុងកោះតូចតាច ឆ្ងាយដាច់ស្រយាលពីគេ ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ ជាចន្លោះប្រទេសរបស់គេ, មនុស្សចំពូកនេះប្រើតែគំនូសជំនួសអក្សរ តាំងពីរកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌នឹងគេសោះ ។ ហេតុដូច្នោះ បានជាលោកអ្នកប្រាជ្ញជាន់ដើមកំណត់ឲ្យប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ហៅថា "សករាជ" ជាគ្រឿងចំណាំ ។
ឯសករាជដែលគេនិយមប្រើក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ មាន ៤ យ៉ាងគឺ ១- ពុទ្ធសករាជ, ២- គ្រិស្តសករាជ, ៣- មហាសករាជ, ៤- ចុល្លសករាជ ។ ឯសករាជទាំង ៤ យ៉ាងនេះគេរៀបរៀងតាមលំដាប់ដែលកើតមិន កើតក្រោយ ដូចតទៅនេះ គឺ
១- ពុទ្ធសករាជ កើតមុនសករាជ ទាំង ៣,
២- គ្រិស្តសករាជ កើតក្រោយ ព. ស. ៥៤៣ ឆ្នាំ,
៣- មហាសករាជ -ដ- -ដ- ៦២១ -ដ-,
៣- ចុល្លសករាជ -ដ- -ដ- ១.១៨១ -ដ- ។
អធិប្បាយអំពីសករាជទាំង ៤ តាមលំដាប់គ្នា
ពុទ្ធសករាជ .- ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៦២៩ ប្រាប់ថា ពុទ្ធសករាជ គេកំណត់រាប់ចំនួនថ្ងៃខែឆ្នាំ តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់, រាប់ពីត្រឹមថ្ងៃ ១ រោច ខែពិសាខ ឆ្នាំនោះមក ជាពុទ្ធសករាជ ។
ការរាប់ពុទ្ធសករាជ ជាការកំណត់ថ្ងៃខែឆ្នាំរបស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងសាសនា ដែលហៅថា "បកសករាជ" ។ របៀបនេះ រាប់យកចំណែកខាងរនោចខែមួយមុនមកប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា ១ ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោច ខែពិសាខ មកដល់ថ្ងៃ ១៥ កើត ខែជេស្ឋ ជា ១ ខែ ។ល។ ពីថ្ងៃ ១ រោច ខែចេត្រ មកដល់ថ្ងៃ ១៥ កើត ខែពិសាខ ជា ១ ខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែនោះជាបច្ចុប្បន្នកាល មិនទាន់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥ រោច ខែស្រាពណ៍ ឆ្នាំមមី បន្ទាប់ឆ្នាំពុទ្ធបរិនិព្វាន ត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាត្រឹមប៉ុណ្ណោះ), តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួង ឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមីដែលចូលក្នុងរវាងឆ្នាំ គំរប់ ២ នុ៎ះឯងថា ពុទ្ធសករាជ ២ ឆ្នាំ ឬពុទ្ធសករាជ ២, បើប្រើអក្សរសង្ខេបត្រូវប្រើអក្សរជា ព. ស. ២ ។
ពុទ្ធសករាជនេះ ចាប់ផ្ដើមកើតមានឡើងជាដំបូងនៅក្នុងប្រទេសឥណ្ឌៀ ដោយពួកពុទ្ធបរិស័ទមានព្រះសង្ឃជាដើមក្នុងប្រទេសនោះកំណត់ឲ្យប្រើ ឡើង ចាប់រាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ចូលបរិនិព្វានទៅ បាន ១ ថ្ងៃ គឺកំណត់រាប់តាំងពីត្រឹមថ្ងៃពុទញធ ១ រោច ខែពិសាខ ឆ្នាំម្សាញ់នោះមក ឲ្យឈ្មោះថាជាពុទ្ធសករាជ ដោយមានថ្ងៃបរិនិព្វាននៃព្រះពុទ្ធជាគោលចារិក, ហើយតមកក្នុងប្រទេសនានា ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូចប្រទេសខ្មែរជាដើម ក៏និយមប្រើត ៗ គ្នាមករហូតដល់សព្វថ្ងៃនេះ ។
ឯប្រទេសឥណ្ឌៀ កាលពីសម័យមុន ដែលពុំទាន់មានពុទ្ធសករាជនៅឡើយ គេនិយមប្រើបុរាណសករាជ គឺសករាជខាងសាសនាព្រាហ្មណ៍ជាច្រើនពាន់ឆ្នាំមកហើយ ។ លុះដល់មានពុទ្ធសករាជ ប្រទេសឥណ្ឌៀ ក៏ចាប់ប្រើពុទ្ធសករាជជាប់ឡើង ។ ក្នុងសម័យបច្ចុប្បន្ននេះ ប្រទេសឥណ្ឌៀឈប់ប្រើពុទ្ធសករាជទៅហើយ, តែគេប្រើសករាជអ្វីយើងមិនបាច់និយាយ ។
គ្រិស្តសករាជ .- ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ៧៩៧ ប្រាប់ថា គ្រិស្តសករាជនេះ គេបង្កើតឡើងតាមនាមនឹងពង្សាវតានៃសាស្ដាម្នាក់ឈ្មោះ ហ្ស៊េហ្ស៊ុយ ឬហ្ស៊េហ្ស៊ុយ - គ្រិស្ត (Jésus ou Jésus - Christ) ជាអ្នកបង្កើតលទ្ធិ ឬសាសនាមួយ ហៅថាសាសនាគ្រិស្ត (Religion Chretienne) ក្នុងកាលសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ (ព. ស. ៥៤៣) ។ ពិតមែនតែព្រះហ្ស៊េហ្ស៊ុយ - គ្រិស្ត ទទួលមរណភាពក្នុង ព. ស. ៥៧៦ ក្នុងអាយុគំរប់ ៣៣ ឆ្នាំ តែគេបានតាំងសករាជនោះគិតពីថ្ងៃដែលសាស្តានេះកើត គឺក្នុង ព. ស. ៥៤៣ ហៅថា គ្រិស្តសករាជ សរសេរអក្សរសង្ខេបថា គ. ស. គឺសករាជដែលគេនិយមប្រើក្នុងប្រទេសអឺរុបនឹងប្រទេសអាស៊ីដោយច្រើន ក្នុងសម័យសព្វថ្ងៃនេះ ។
មហាសករាជ .- ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៧២២ នឹងភាគទី ទំព័រ ១០៨១ ប្រាប់ថា ស័ក ប្រែថា "កាល", សម័យយុគ ...," រាជ ប្រែថា "ស្ដេច" ។ ការរាប់ថ្ងៃខែឆ្នាំ ឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ ឬដោយមានហេតុអស្ចារ្យណាមួយ ដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ ហៅថា "សករាជ" ៗ នេះកើតឡើងអំពីជនមួយពួកហៅថា ពួកតាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌៀ ក្នុងកាល ព. ស. ៦២១ ន្នាំ ។ កាលជនពួកនេះមានជ័យជំនះក្នុងការលុកលុយចូលមកវាតអំណាចក្នុង ប្រទេសឥណ្ឌៀប៉ែកខាងលិច បានតាំងក្សត្រជាតិរបស់ខ្លួនមានព្រះនាមថា សកៈ ឬសាលិវាហនៈ, ហើយក៏ចាប់ផ្ដើមរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះថា "ស័ក ឬសការជ" ដែលចំណេរតមក ហៅថា "មហាសករាជ" ប្រែថា "សករាជធំ" នេះកើតមុនចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់មានប្រើក្នុងប្រទេសខ្មែរយើងតាំងពីរវាងសតវត្សរ៍ទី១០ នៃពុទ្ធសករាជ (ព. ស. ៩២១) រហូតមកដល់សព្វថ្ងៃនេះ ប្រើអក្សរសង្ខេបថា ម. ស.1។
មហាសករាជ ប្រាកដជាកើតឡើងក្នុងប្រទេសឥណ្ឌៀជាដំបូងក្នុង ព. ស. ៦២១ ឆ្នាំ អំពីជនពួកមួយ ដែលមានរៀបរាប់ខាងលើនេះ, មិនមែនកើតឡើងជាដំបូងនៅប្រទេសខ្មែរដោយព្រះកេតុមាលាតាំងឡើង ក្នុង ព. ស. ៦២១ នោះទេ ។
ក្នុងព្រះរាជពង្សាវតារខ្មែរ ភាគទី ២ ថា ព្រះកេតុមាលាកាលស្ដេចឡើងគ្រងរាជសម្បត្តិក្នុង ព. ស. ៦២១ ឆ្នាំមែន ជាមួយនឹងឆ្នាំដែលប្រទេសឥណ្ឌៀបង្កើតឲ្យប្រើមហាសករាជ, ប៉ុន្តែទ្រង់ពុំទាន់បញ្ញត្តឲ្យប្រើមហាសករាជ ក្នុងឆ្នាំនោះនៅឡើយទេ ។ លុះដល់មក ព. ស. ៦២៣ ឆ្នាំ ព្រះកេតុមាលាទ្រង់បានទទួលឥន្ទ្រាភិសេកជាថ្មី ក៏តាំងជាមហាសករាជដរាបមក ។ (ត្រង់នេះហើយប្រហែលជា ព្រះកេតុមាលាបញ្ញត្តឲ្យប្រើមហាសករាជ តាមប្រទេសឥណ្ឌៀ ហើយគេនិយមថា ព្រះកេតុមាលាផ្ដើមបង្កើតមហាសករាជ ជាប្រឋមនៅប្រទេសខ្មែរ) ។
ចុល្លសករាជ .- ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ១៥២ ប្រាប់ថា ចុល្លសករាជ ប្រែថា "សករាជតូច" ៗ នេះចាប់ផ្ដើមតាំងឡើងនៅថ្ងៃចន្ទ១២ កើត ខែចែត្រ ឆ្នាំកុរឯកស័ក ព. ស. ១.១៨១។
ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ១.០៨១ ប្រាប់ថា ក្នុងព្រះរាជពង្សាវតារខ្មែរថាព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ (ព្រះកេតុលាមា) បានតាំងមហាសករាជ ១ ក្នុងកាល ព. ស. ៦២១ ។ ព្រះបាទសម្ដេចសន្ធិពអមរិន្ទបរមព្រហ្មកិល (ពញាក្រែក) បានតាំងចុល្លសករាជ ១ ក្នុងកាល ព. ស. ១.១៨១ ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យនៅនគរធំ ។
ក្នុងច្បាប់រាជពង្សាវតារក្រុងកម្ពុជាធិបតីខ្សែ ២ ប្រាប់ថា គ. ស. ៦៣៩ ព្រះបាទសម្ដេចព្រះបទុមសុរិយាវង្ស ស្ដេចតាំងឲ្យមានជាចុល្លសករាជឡើងរាប់ ១ រៀងមក ។
ក្នុងច្បាប់ប្រះរាជពង្សាវតារក្រុងកម្ពុជា ដែលលោកទេពពិទូរ ឈឹម - ក្រសេម បានរួបរួមឡើងជាថ្មីថា ក្សត្រមនបានតាំងឡើងជាដំបូងក្នុងប្រទេសមននោះក៏បាន ។ បើនឹងយល់ថា ក្សត្រខ្មែរ បានតាំងចុល្លសករាជឡើងជាដំបូងក្នុងប្រទេសខ្មែរក៏បានដែរ ។ ប៉ុន្តែ ត្រូវយល់ថា មានតែព្រះបាទជយវរ្ម័នទី ១ 2 ទ្រង់បានតាំងចុល្លសករាជឡើងជាដំបូង ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យ ក្នុង ព. ស. ១.១៨១ នេះ ឃើញគួរជាង ព្រោះក្សត្រអង្គនេះសោយរាជ្យនៅនគរវត្ត ហើយបានតាំងប្រើចុល្លសករាជដរាបមក (ដែលថាយ៉ាងនេះដោយអាងច្បាប់ព្រះរាជពង្សាវតារដែលលោកទេពពិទូរ ឈឹម - ក្រសេម រួបរួមជាន់ក្រោយ) ។
ការប្រើសករាជ .- ក្នុងប្រទេសកម្ពុជាប្រើសករាជ ៤ យ៉ាង គឺ ពុទ្ធសករាជ, មហាសករាជ, ចុល្លសករាជ នឹងគ្រិស្តសករាជ ។
ឯពុទ្ធសករាជ នឹងមហាសករាជ ប្រាកដជាមានដើមកំណើតកើតឡើងក្នុងប្រទេសឥណ្ឌៀ ដោយសារជនជាតិឥណ្ឌៀសាយភាយចូលមកក្នុងប្រទេសខ្មែរយើងផង បានជាខ្មែរយើងចាប់និយមប្រើពុទ្ធសករាជ នឹងមហាសករាជខ្លះ តាមអារ្យធម៌ឥណ្ឌៀតាំងពីសម័យនោះមក ។
តែកាលពីសម័យនគរភ្នំជាដំបូង រហូតមកទល់គ្នានឹងសម័យនគរធំ ជនជាតិខ្មែរពុំទាន់បានប្រើពុទ្ធសករាជនឹងចុល្លសករាជជាផ្លូវការនៅ ឡើយទេ ប្រើតែមហាសករាជមួយយ៉ាងប៉ុណ្ណោះ លុះមកដល់ខាងចុងសម័យនគរធំ ទើបមានប្រើចុល្លសករាជផងជាផ្លូវការ រួមជាមួយពុទ្ធសករាជ នឹងមហាសករាជ រឿងនេះដឹងបានដោយសារមានសិលាចារិកជាភស្ដុតាង ។
ចំណែកគ្រិស្តសករាជ ចាប់ផ្ដើមប្រើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គដួង) គឺតាំងពី ព. ស. ២.៣៩១ គ. ស. ១.៨៤៧ រៀងមក ដោយសារប្រទេសបារាំងសែស នឹងប្រទេសកម្ពុជា មានការទាក់ទងគ្នាតាំងពីសម័យនោះមក ។
ការរៀបរៀងអត្ថបទសករាជដូចខាងលើនេះ ឃើញថាត្រឹមត្រូវល្មមទុកជាគតិទៅអនាគតបាន ដោយមានក្បួនតម្រាជាភស្ដុតាងគ្រប់សករាជ, ប៉ុន្តែ បើពិនិត្យអំពីការប្រើសករាជនៅប្រទេសខ្មែរយើង ក្នុងសម័យបច្ចុប្បន្ននេះ ជាផ្លូវការក្ដី ជាសាធារណៈក្ដី ឃើញច្រើនតែប្រើគ្រិស្តសករាជពុំសូវមានប្រើពុទ្ធសករាជឡើយ ។
ហេតុនេះ ក្នុងសម័យនេះ គួរលើកយកពុទ្ធសករាជមកចុះប្រើជាផ្លូវការ នឹងប្រើជាសាធារណៈទុកជាសរណៈដល់ពុទ្ធសករាជ, នេះឃើញថាជាទីសមរម្យដល់ប្រទេសកាន់ពុទ្ធសាសនា ដូចជាប្រទេសថៃជាដើម ៕

ចប់ ដោយសង្ខេប
Continue Reading...

សៀវភៅ








Continue Reading...
 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ