Friday, December 10, 2010

ការរីកចំរើននៃអិទ្ធិពលខ្មែរ (ត)

២. ព្រះបាទហរស្សវរ្ម័នទី១ (គ.ស ៩០០ – ៩២២)
ក្រោយដែលព្រះបាទយសោវរ្ម័ន បានចូលទីវង្គត ព្រះហរស្សវរ្ម័ន ដែលជាបុត្រច្បង បានទទួលរាជសម្បត្ដិ ឡើង
ធ្វើជាព្រះមហាក្សត្រ។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានកត់សំគាល់ឃើញមានព្រឹត្ដិការណ៍ រឺ ហេតុការណ៍អ្វីជាសំ
ខាន់គួរអោយចាប់អារម្មណ៍ឡើយ។ ផលវិបាកនេះ គឺបន្ដាលមកអំពីការខ្វះខាតផ្នែកអែកសារ។
៣. ព្រះបាទអិសានវរ្ម័នទី២ (គ.ស ៩២២ – ៩២៨)
ព្រះបាទអិសានវរ្ម័នទី២ ត្រូវបានសោយរាជសម្បត្ដិ ជាព្រះមហាក្សត្រខ្មែរ បន្ទាប់ពីព្រះបាទហរស្សវរ្ម័នទី១ដែល
ត្រូវជាបង។ តាមអែកសារខ្លះ នៅដើមរជ្ជកាលព្រះអង្គ ព្រះបានអិសានវរ្ម័នទី២ ត្រូវបានទប់ទល់ធ្វើចំបាំងជាមួ
យនឹងព្រះជ័យវរ្ម័នទី៤ មាព្រះអង្គ ដែលមិនព្រមទទួលស្គាល់ព្រះអង្គជាស្ដេច ហើយបែរជាប្រកាសតាំងខ្លួនជា
ស្ដេចទៅវិញ ដូច្នេះហើយ បានជាព្រះបាទជ័យវរ្ម័នទី៤ បានលួចដឹកជញ្ជូនយកព្រះរាជទ្រព្យ ទៅសង់តាំងព្រះរា
ជវាំងនៅកោះកេរ។ រជ្ជកាលព្រះបាទអិសានវរ្ម័នទី២ អ្នកប្រវត្ដិវិទូ មិនសូវស្គាល់ប៉ុន្មានទេ ដោយគ្មានអែកសារ
គ្រប់គ្រាន់ ព្រះអង្គបានអស់ព្រះជន្ម ក្នុងគ.ស ៩២៨។

៤. ព្រះបាទជ័យវរ្ម័ន ទី៤ (គ.ស. ៩២៨ – ៩៤១)
ព្រះបាទអិសានវរ្ម័នទី២ គ្មានព្រះរាជបុត្រសំរាប់ស្នងរាជបន្ដពីព្រះអង្គទេ ឆ្លៀតអោសកាសដ៏ល្អនេះព្រះបាទជ័យ
វរ្ម័នទី៤ ដែលមាននគរ និង ស្ដេចត្រាញ់តូចធំទទួលស្គាល់ខ្លះៗហើយ បានប្រកាសធ្វើព្រះរាជាភិសេកតាំងខ្លួនជា
មហាក្សត្រកម្ពុជា។

ព្រះបាទជ័យវរ្ម័នទី៤ ត្រូវជាប្អូនថ្លៃព្រះបាទយសោវរ្ម័នទី១។ ព្រះអគ្គមហេសីព្រះអង្គ ដែលជាប្អូនស្រីបង្កើតព្រះ
បាទយសោវរ្ម័ន ព្រះនាមហិន្រ្ទទេវី មុននឹងរៀបការជាមួយព្រះបាទជ័យវរ្ម័នទី៤ព្រះនាងធ្លាប់មានស្វាមីម្ដងហើយ
គីព្រះមហិន្រ្ទវរ្ម័ន ដែលបានបុត្រមួយព្រះអង្គជាមួយនឹងព្រះនាង ព្រះនាមរាជអិន្រ្ទវរ្ម័ន។ ជាមួយនឹងព្រះបាទជ័
យវរ្ម័នទី៤ ព្រះនាងមហិន្រ្ទទេវីបានរាជបុត្រមួយព្រះអង្គទៀតព្រះនាមហរស្សវរ្ម័នទី២។

ការបោះបង់ចោលនគរធំ
ព្រះបាទជ័យវរ្ម័នទី៤ បានបោះបង់ចោលមហានគរ ហើយផ្លាស់ប្ដូរព្រះរាជធានីទៅតាំងនៅកោះកេរ។ ប្រាសាទ
កោះកេរស្ថិតនៅខាងជើងភ្នំគូលែន ក្នុងបច្ចុប្បន្ន ខេត្ដព្រះវិហារ។ ប្រាសាទនេះមានប្រាំពីរថ្នាក់ ហើយមានកំព
ស់ ៣៥ម។ លិង្គ ដែលជាតំនាងទេវរាជ អំនាច សាសនា និង ព្រះរាជបល្ល័ង្គ ព្រះអង្គបានយកមកតំកល់ទុកគោរ
ពបូជា នៅលើកំពូលខ្ពស់ចុងបំផុតនៃប្រាសាទកោះកេរ។ សិលាចារឹកប្រាសាទកុក មានតំកល់ទុកមកថា ព្រះអង្គ
បានធ្វើសង្រ្គាមនៅគ្រប់ទិសទាំងបួន ហើយព្រះអង្គក៏ធ្លាប់ច្បាំងមានជ័យជំនះលើនគរចាមដែរ។

ការកសាង និង ស្នាដៃ
កោះកេរ ព្រះរាជធានីថ្មីរបស់ព្រះបាទជ័យវរ្ម័នទី៤ បានផ្ដល់មកនូវប្រាសាទ និង សិល្បៈយ៉ាងត្រចះត្រចង់មួ
យចំនួន ដែលបានជះអិទ្ធិពលមកលើការកសាងប្រាសាទ និង សិល្បៈខ្មែរជំនាន់ក្រោយ ព្រះអង្គបានកសាងទីក្រុ
ងថ្មីនេះពី គ.ស ៩២១ ដល់ គ.ស ៩៤៤។

ប្រាសាទធំ ដែលស្ថិតក្នុចំនោមប្រាសាទជាច្រើនទៀត ជាស្នាដៃសំខាន់របស់ព្រះអង្គ នៅកន្ដាលប្រាសាទធំ
មានប្រាសាទមួយទៀតខ្ពស់ត្រដែតទៅលើ គឺ ប្រាសាទប្រាង្គ ដែលមានកំពស់ជាង ៦០ម ប្រាសាទនេះ បាតខាង
ក្រោមទំហំ ៦២ម x ៦៤ម ហើយមានជណ្ដើរមួយឡើងត្រង់ភ្លឹងពីទិសខាងកើត។
ព្រះបាទជ័យវរ្ម័នទី៤ បានចូលទីវង្គតក្នុង គ.ស ៩៤១

៥. ព្រះបាទហរស្សវរ្ម័ន ទី២ (គ.ស. ៩៤១ – ៩៤៤)
ព្រះបាទហរស្សវរ្ម័នទី២ បានទទួលរាជសម្បត្ដិនគរកម្ពុជា បន្ដពីបិតាព្រះអង្គ ក្នុងគ.ស ៩៤១។ ព្រះរាជធានី ស្ថិត
នៅកោះកេរដដែល។ ព្រះអង្គនៅតែកាន់គោរពបូជា ទេវរាជ ដូចព្រះមហាក្សត្រខ្មែរជំនាន់មុន។ សោយរាជ
បានប្រមាណបីឆ្នាំ ក្នុងគ.ស ៩៤៤ ព្រះអង្គក៏បាត់ខ្លួន ដោយគេពុំដឹងហេតុផលពិតប្រាកដមកអំពីអ្វីឡើយ។ ចំនោទ
ដែលគេចោទសួរនោះ តើអ្នកណាបានធ្វើឃាតព្រះអង្គ។ ដោយសារព្រះរាជអិន្រ្ទវរ្ម័ន ដែលត្រូវជាបងប្អូនបង្កើត
តែមានអូវពុកដោយខ្លួនពីគ្នា ដោយសារការដន្ដើមរាជគ្នា រឺមួយព្រះអង្គបានចូលទីវង្គតដោយសារជំងឺព្យាធិ គេ
ក៏ពុំបានដឹងថា ព្រះអង្គមានអគ្គមហេសី និង បុត្ររឺទេ អាថិកំបាំងស្ថិតត្រង់កន្លែងនេះ ដោយគេពុំមានអែកសារ
ណាមួយសំរាប់ឆ្លុះបញ្ជាក់ទេ។

ដូច្នេះរាជសម្បត្ដិនគរកម្ពុជា ត្រូវធ្លាក់ចេញផុតពីខ្សែខាងព្រះបាទជ័យវរ្ម័នទី៤ មកក្នុងសន្ដិវង្សថ្មីមួយទៀត តែគេ
ពុំបានដឹងថា តើដោយវិធីណា?

៦. ព្រះបាទរាជអិន្រ្ទវរ្ម័ន គ.ស ៩៤៤ – ៩៦៨
ព្រះបាទរាជអិន្រ្ទវរ្ម័ន ត្រូវបានក្រុមនាម៉ឺនមន្រ្ដីជ្រើសរើសតែងតាំង ជាព្រះមហាក្សត្រនគរកម្ពុជាជំនួសព្រះបាទ
ហរស្សវរ្ម័នទី២ ក្នុងគ.ស ៩៤៤។

ការវិលត្រលប់មកនគរធំវិញ
កាយវិការទី១ របស់ព្រះងអង្គ ក្រោយដែលបានឡើងសោយរាជ គឺលើករាជធានីវិលត្រលប់មកគង់នៅអែ យ
សោធរបុរៈ រឺនគរធំ។ព្រះអង្គបានរៀបចំចាត់ចែងកសាងមហានគរ អោយមានជីវិត មានផ្ទះវាំងប្រាសាទផ្លូវថ្ន
ល់ មានសោភ័ណភាពល្អល្អះ ភ្លឺចែងចាំងជះបំព្រង សិលាចារឹកមួយនៅប្រាសាទបាជុំ បានចែងថា «ព្រះអង្គបាន
ធ្វើអោយរាជធានីក្លាយជារម្យនីយដ្ឋានរដូចភពព្រះអិន្រ្ទាធិរាជនៅលើដី»។ ព្រះមហានគរបានស្គាល់នូវការរីកចំ
រើន សុខសប្បាយក្សេមក្សាន្ដ និងកិត្យានុភាពរន្ទឺសុះសាយទៅគ្រប់ទិសទី។

សង្រ្គាម នឹងនគរចំប៉ា
ក្នុងរជ្ជកាលមហាក្សត្រខ្មែរជំនាន់មុន ការប៉ះទង្គិចគ្នាតាមផ្លូវអាវុធរវាងនគរខ្មែរ នឹងនគរចំប៉ាមានជាញឹកញាប់
ជួនចាមវាយខ្មែរ ជួនខ្មែរវាយចាម តបតទៅវិញ។ តែយើងពុំមានសិលាចារឹក រឺអែកសារអ្វីជាច្បាស់លាស់សំ
រាប់បញ្ជាក់ទេ។
មកដល់រាជព្រះបាទរាជអិន្រ្ទវរ្ម័ន ក្នុងចន្លោះគ.ស ៩៤៥ – ៩៤៦ សង្រ្គាមរវាងខ្មែរ នឹងចាមមានទំហំធំខ្លាំងក្លាជាង
ធម្មតា ប្រហែលជាពេលនោះ នគរចំប៉ាបានឆ្លៀតអោកាសដែលស្ថានភាពនៅកម្ពុជាច្របូកច្របល់មិនល្អ ដើម្បី
បើកការវាយប្រហារ កងទ័ពខ្មែរបានវាយតបវិញ ហើយរុញច្រានទ័ពចាម ចូលរហូតដល់ទីក្រុងចំប៉ា។ នគរកម្ពុជា
យកបានជ័យជំនះលើនគរចំប៉ា ហើយបានដាក់នគរនេះជាចំនុះ។ ព្រឹត្ដិការណ៍ចំបាំងរាំងជល់ប្រយុទ្ធគ្នាក្នុងសម័
យនោះ ត្រូវបានសិលាចារឹកចាម នៅពោនគរ កត់ត្រា ហើយចោទប្រកាន់កងទ័ពខ្មែរថា បានលួចព្រះបដិមាករ
ព្រះនាងភគវត្ដី ព្រះអាទិទេពការពារនគរ ដែលធ្វើអំពីមាស។

អែកសារប្រវត្ដិសាស្រ្ដចិន ក្នុងយុគជាមួយគ្នានេះដែរ បានគត់សំគាល់ថា ចំប៉ាជានគរចំនុះប្រទេសកម្ពុជា។ គ្រា
នោះក្នុងរាជព្រះបាទរាជអិន្រ្ទវរ្ម័ន នគរខ្មែរមានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់ ហើយមាននគរចំនុះជាង៦០នគរ។
នេះជាសេចក្ដីបន្ថែម របស់អែកសារប្រវត្ដិសាស្រ្ដចិនដដែល។

មហាអំនាចខ្មែរ
ដោយសារសេចក្ដីក្លាហាន ព្យាយាមពុះពារ តស៊ូធ្វើពលិកម្ម គុណបុណ្យបារមីមហិទ្ធិរិទ្ធិ និង សមត្ថភាពរបស់ព្រះ
បាទរាជអិន្រ្ទវរ្ម័ន រួមដោយសេចក្ដីអង់អាច ប្ដូរផ្ដាច់របស់ប្រជាពលរដ្ឋខ្មែរ ប្រទេសកម្ពុជាបានក្លាយទៅជាមហា
អំនាចមួយយ៉ាងធំ នៅក្នុងភូមិភាគអាស៊ីអគ្គេយ៍។ សូម្បីប្រទេសចិន ក៏ទទួលស្គាល់នូវភាពពិតប្រាកដនិយមនេះ
ដែរទឹកដីខ្មែរត្រូវបានព្រះអង្គបង្រួបបង្រួម អោយមានអែកភាពមកជានគរតែមួយ ហើយលាតសន្ធឹងវែងឆ្ងាយធំ
ទូលំទូលាយ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្ដចិន តុងកឹង ខាងលិចដល់ទន្លេមេណាម ជាប់ចូលដល់ប្រទេស
ភូមាភូមិភាគខាងត្បូង និង ខាងត្បូងជាប់នឹងសមុទ្រ។

ស្នាដៃ និងការកសាង
ព្រះបាទរាជអិន្រ្ទវរ្ម័ន ព្រះអង្គបានកសាងប្រាង្គប្រាសាទជាច្រើន ទុកជាស្នាដៃរហូតមកដល់បច្ចុប្បន្នៈ
កំពែងថ្ម ទ័ព្ធពីក្រៅ ជុំវិញព្រះបរមរាជវាំង គឺជាស្នាដៃដំបូង របស់ព្រះបាទរាជអិន្រ្ទវរ្ម័នដែលការកសាង សំរាប់
ការពារព្រះរាជធានី។

ប្រាសាទមេបុណ្យខាងកើត គ.ស៩៥២ ព្រះអង្គបានកសាងនៅលើកោះតូចមួយ ចំកន្ដាលបារាយខាងកើត
គឺនៅខាងកើតទីក្រុង នៅទីនោះ ព្រះអង្គតំកល់អដ្ឋិធាតុ ព្រះមាតាបិតាព្រះអង្គ។ ប្រាសាទនេះ មានលំនាំប្រ
ហាក់ប្រហែលគ្នានឹងប្រាសាទព្រះគោ របៀបសាងសង់ និង ក្បាច់រចនាមិនសូវជាអស្ចារ្យទេ។

ប្រាសាទប្រែរូប គ.ស៩៦១ មានបែបផែនធំជាងប្រាសាទអែទៀត ក្នុងរជ្ជកាលរបស់ព្រះអង្គ។ គេចាត់ទុក
ប្រាសាទប្រែរូបជាស្ថាបនកម្មអន្ដរកាល ពីសម័យមុនអង្គរ មកសម័យអង្គរ។ ទំហំបាទក្រោមមាន ២៥០០ម៉ែត្រ
ក្រលា ពីជ្រុង១ ទៅជ្រុង១ មានប្រវែង៥០ម ខឿនជាន់ទី១ មានកំពស់១២ម។

ប្រាសាទបក្សីចាំក្រុងត្រូវបានព្រះអង្គកសាង នៅជើងភ្នំបាខែង នាទិសខាងជើង។ គឺជាប្រាសាទតូចល្មម សង់
ខ្ពស់ទៅលើ ជ្រុងនិមួយៗមានប្រវែង២៧ម ខឿនទី១ មានកំពស់១៣ម គេសង្កតឃើញមានជណ្ដើរឡើងចោត
គ្រប់ទិសទាំងបួន។

ប្រាសាទបាជុំត្រូវបានអ្នកបុរាណវិទ្យាខ្លះ ចាត់ទុកជាប្រាសាទរបស់ព្រះបាទរាជអិន្រ្ទវរ្ម័នទី២ នៅតាមប្រាសា
ទទាំងនេះ ព្រះអង្គបានបញ្ជាអោយសរសេរចារទុក លើផ្ទាំងសិលា នូវខ្លឹមសារអត្ថន័យជាច្រើនដែលមានទាក់
ទងទៅនឹងប្រវត្ដទឹកដីនគរខ្មែរ៘

ប្រាសាទបន្ទាយស្រី គ.ស៩៦៧ ជាប្រាសាទមួយដែលគេចាត់ទុក ជាពេជ្រចរណៃ មានចំលាក់ល្អដាច់គេ នៅ
ក្នុងសិល្បៈខ្មែរជាស្នាដៃយ៉ាងល្អត្រចះត្រចង់ក្នុងរាជព្រះបាទរាជអិន្រ្ទវរ្ម័ន។ ប្រាសាទបន្ទាយស្រី មិនមែនជាស្នា
ដៃរបស់ព្រះមហាក្សត្រ ដូចប្រាង្គប្រាសាទខ្មែរអែទៀតទេ។ ប្រាសាទបន្ទាយស្រី ជាស្នាដៃរបស់ព្រាហ្មណ៍យជ្យវរ
ហៈ ដែលជាចៅរបស់ព្រះបាទហរស្សវរ្ម័នទី១ ជាព្រះរាជគ្រូរបស់ព្រះបាទរាជអិន្រ្ទវរ្ម័ន និង ព្រះបាទជ័យវរ្ម័នទី៥

ប្រាសាទបន្ទាយស្រី ស្ថិតនៅប្រមាណ ជាជាង២០គីឡូម៉ែត្រ ខាងជើងឆៀងខាងកើតក្រុងនគរធំ ប្រាសាទនេះបា
នកសាង ដើម្បីរំលឹកបូជាដល់ព្រះសិវៈ។ នៅជុំវិញ គេមានជីកកសិណដែរ នៅចំកន្ដាលមានប្រាសាទតូចៗបី ដែ
លមានកំពស់មិនហួសពី ៩.៨០មទេ។ ថ្មដែលគេយកមកសង់ និង ឆ្លាក់មានពណ៌ក្រហមព្រឿងៗ។ ប្រាសាទនេះ
មានរូបរាងតូចខុសធម្មតា ពីព្រោះអ្នកកសាងមិនមែនជាព្រះមហាក្សត្រ។

សេចក្ដីកោតសរសើរក្នុងសិលាចារឹក
ព្រះបាទរាជអិន្រ្ទវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយអង្គ ដ៏ធំខ្លាំងពូកែ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ តែខ្មែរជំនាន់ក្រោយ ភាគ
ច្រើនណាស់ ដែលមិនបានស្គាល់អំពីស្នាដៃ ទេពកោសល្យ និង ប្រវត្ដិតស៊ូអង់អាច ធ្វើពលិកម្មជូនជាតិរបស់ព្រះ
អង្គ។ បុព្វបុរសប្រវត្ដិវិទូខ្មែរ បានសរសេរចារលើផ្ទាំងថ្ម ជាសិលាចារឹក នៅប្រាសាទព្រះអិន្ទកោសីថា «ព្រះអង្គ
មិនដែលបរាជ័យទេ ព្រះអង្គតែងតែមានជ័យជំនះឈ្នះសត្រូវជានិច្ច»។ សិលាចារឹកដដែល បានបញ្ជាក់បន្ដទៀត
ថា «ព្រះអង្គជាព្រះមហាក្សត្រដ៏គួរអោយស្រលាញ់ ជាងក្សត្រទាំងអស់»។ អ្នកប្រវិត្ដវិទូបារាំង អេទិជែនអាយ
ម៉ូនិញេ (Etienne Aymonier) ដែលជាអ្នកអែកទេស បានសិក្សាស្រាវជ្រាវប្រវត្ដិសាស្រ្ដខ្មែរយល់និងមានជំនឿ
ថាព្រះបាទរាជអិន្រ្តវរ្ម័ន ជាព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ក្នុងពង្សាវតាខ្មែរភាគរឿងព្រេងនិទាន។

ជោគជ័យដ៏អុដុង្គអុត្ដម ធំអិតអុបមារបស់ព្រះអង្គ ក៏បានមកដោយសារព្រះអង្គមានទីប្រិក្សា និងសហការីសច្ចៈ
ល្អទៀងត្រង់ គោរពធម្មវិន័យច្បាប់ក្រិតក្រម និងមានសមត្ថភាព វិជ្ជាប្រាជ្ញាភ្លឺថ្លាខ្ពង់ខ្ពស់។ ព្រះអង្គមិនបានបំភ្លេច
ឈ្មោះបុព្វបុរស អ្នកដ៏មានគុណទាំងនេះទេ។ ដើម្បីជាការកោតសរសើរ ការរំលឹកដល់កិត្ដិយសកិត្ដិនាម ព្រះបា
ទរាជអិន្រ្ទវរ្ម័ន ព្រះមហាក្សត្រខ្មែរ បានបញ្ជាអោយសរសេរចារ ចុះលើថ្មដារនូវស្នាដៃ គុណបំនាច់វីរបុរសទាំង
អស់នេះ។ ព្រះរាជអិន្រ្ទវរ្ម័ន បានចូលទីវង្គតក្នុងគ.ស ៩៦៨

ព្រះបាទជ័យវរ្ម័នទី៥ គ.ស៩៦៨ – ១០០១
ព្រះបាទជ័យវរ្ម័នទី៥ ជាព្រះរាជបុត្រ ព្រះបាទរាជអិន្រ្ទវរ្ម័ន ក្នុងគស.៩៦៨ នៅពេលដែលព្រះអង្គបានឡើងគ្រង
រាជសម្បត្ដិ ព្រះអង្គមិនទាន់បានបញ្ចប់ការសិក្សានៅឡើយទេ។ ៦ឆ្នាំក្រោយមក ទើបព្រះអង្គគ្រប់គ្រងផែនដី
ពេញលេញ ក្នុងវគ្គត្រង់នេះគេពុំបានដឹងថា តើនរណាជាអ្នកដឹកនាំប្រទេសជាតិជំនួសព្រះអង្គឡើយ។ ព្រះរាជ
គ្រូ និងទីប្រឹក្សាជាន់ខ្ពស់របស់ព្រះអង្គ គឺព្រាហ្មណ៍ជយ្យវរហៈ សិលាចារឹកព្រះអិន្ទកោសីបានអះអាងថា ព្រះ
បាទជ័យវរ្ម័នទី៥ជាព្រះមហាក្សត្រក្លាហានខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាម។ សត្រូវជិតឆ្ងាយ បាក់បបខ្លបខ្លាច
តេជៈ បុណ្យបារមីព្រះអង្គ ព្រះអង្គក៏ជាក្សត្រដែលមានធម៌សន្ដោសប្រោសប្រនី ស្រលាញ់ និង ការពារយុត្ដិធម៌
ដែរ។ សិលាចារឹកដដែលបានចារកត់ថា «ដៃព្រះអង្គជាទំនប់យុត្ដិធម៌ កន្ដាលមហាសមុទ្រដ៏ធំធេង ពោរពេញទៅ
ដោយបាបកម្មប្រចាំសតវត្ស។

ចំនោទសាសនា
ទោះបីជាព្រហ្មញ្ញសាសនាគោរពសិវៈ ស្ថិតនៅជាសាសនាពេញច្បាប់ក្នុងនគរក៏ដោយ ក៏ព្រះអង្គទទួលស្គាល់
អនុញ្ញាត និង ការពារព្រះពុទ្ធសាសនាដោយពេញច្បាប់ដែរ។ ព្រះអង្គបានបញ្ជាអោយមន្រ្ដីជាន់ខ្ពស់ម្នាក់ឈ្មោះ
ត្រិដបណ្ឌិត ដែលជាអ្នកកាន់ និង គោរពព្រះពុទ្ធសាសនា អោយមានភារកិច្ចទទួលជួសជុលថែរក្សា ព្រះពុទ្ធរូប
ដែលត្រូវគេបំផ្លិចបំផ្លាញវាយបំបែកបំបាក់ គម្ពីរក្បួនខ្នាត និង សៀវភៅ ដែលទាក់ទងនឹងព្រះពុទ្ធសាសនា ត្រូវបា
នស្រាវជ្រាវទិញយកមកពីបរទេស ព្រះពុទ្ធសាសនា ដែលខ្មែរសម័យនោះ គោរពបូជា គឺព្រះពុទ្ធសាសនាផ្នែក
មហាយាន។

មិនតែប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាសាសនា និងជំនឿ កុំអោយក្លាយទៅជាប្រភពបែកបាក់សាមគ្គី និង ជា
សង្គ្រាមផ្ទៃក្នុង ព្រះបាទជ័យវរ្ម័នទី៥ បានមានគោលបំនងចង់បញ្ជូនព្រះពុទ្ធសាសនា ក្នុងនាមព្រហ្មញ្ញសាសនា
ដោយធ្វើព្រះពុទ្ធអោយក្លាយទៅជា ព្រះពោធិសត្វ លោកកេស្វរៈ (ព្រះអិសូរ) ទៅជាព្រះអាទិទេពថ្មីមួយទៀត។
ទិដ្ឋភាពនេះអាចបញ្ជាក់ អំពីអិទ្ធិពលព្រះពុទ្ទសាសនា ដែលបានជ្រួតជ្រាបក្នុងគ្រប់ស្រទាប់ប្រជាពលរដ្ឋ ហើយ
ដែលបានក្លាយទៅជាចំនោទមួយសំរាប់អ្នកកាន់អំនាច។ ដូច្នេះអិរិយាបទរបស់ព្រះមហាក្សត្រ ចំពោះព្រះពុទ្ធ
សាសនា អាចចាត់ទុកជាគោលជំហរនយោបាយ និង ជាផែនការដោះស្រាយបញ្ហាក្នុងសង្គម។

ស្នាដៃ និង ការកសាង
ព្រះបាទជ័យវរ្ម័នទី៥ ព្រះអង្គក៏ជាស្ថាប័នក្សត្រ ដែលបានកសាងប្រាង្គប្រាសាទ ដូចព្រះមហាក្សត្រជំនាន់មុនដែរ។
ប្រាសាទភិមានអាកាស ត្រូបានព្រះអង្គសាងសង់មុនគេ ហើយដែលថ្ងៃក្រោយទៅ ព្រះមហាក្សត្រផ្សេង
ទៀតបានកសាងបន្ថែមជាបន្ដបន្ទាប់។ ប្រាសាទនេះ បានសង់នៅចំកន្ដាលអនាគតនគរធំ មានទំហំ ២៥០ម x
៦០០ម។

ប្រាសាតាកែវ ជាស្នាដៃមួយទៀតរបស់ព្រះអង្គ ដែលគេចាត់ទុកជាសក្ខីភាពថ្មី យ៉ាងសំខាន់ ក្នុងការស្ថាប
នា។ ប្រាសាទតាកែវមានទំហំ ១០០ x ១២០ម ហើយមានកំពស់ប្រវែង ៤៥ម។ អ្នកបុរាណវិទ្យាយល់ថា ប្រា
សាទភិមានអាកាស និង ប្រាសាទតាកែវ មានការជាប់ជំពាក់ទាក់ទងគ្នា ក្នុងផ្នែកប្រវត្ដិសាស្រ្ដ។ ព្រះបាទជ័យ
វរ្ម័នទី៥ បានចូលទីវង្គតក្នុងគ.ស ១០០១។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស

បានចុះផ្សាយក្នុង នណាជា "Khmer"?
ការរីកចំរើននៃអិទ្ធិពលខ្មែរ
•ខែកក្កដា 12, 2008 • បញ្ចេញមតិ

១. ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤ – ៨៧៧)
ព្រះបាទជ័យវរ្ម័នទី៣ ជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី២ បានឡើងសោយរាជសម្បត្ដិនគរខ្មែរ បន្ទាប់ពីបិតាព្រះ
អង្គ។ ព្រះបរមរាជវាំង និង ព្រះរាជធានីស្ថិតនៅហរិហរាល័យដដែល។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានសំគាល់
ឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់ទេ។ ប្រជាជនរស់នៅដោយសុខសន្ដិភាព។ សិលាចារឹក បានចារទុកមកថា
ព្រះអង្គមានតេជបារមីភ្លឺចាំងចែងដូចព្រះសុរិយា ព្រះអង្គមានសេចក្ដីក្លាហានអង់អាច ហើយបានពង្រីកទឹកដី
កេរមរតកបិតាព្រះអង្គអោយរឹងរិតតែធំទូលាយ។ សិលាចារឹកដែល បន្ដទៅទៀតថា ព្រះអង្គចូលចិត្ដបរបាញ់សត្វ
និងទាក់ដំរី។
ព្រះបាទជ័យវរ្ម័ទី៣ បានចូលទីវង្គតក្នុងគ.ស.៨៧៧។ ព្រះអង្គពុំមានកូនប្រុស សំរាប់ស្នងរាជ បន្ដពីព្រះអង្គទេ។
នៅជុំវិញ បរិវេណរលួសព្រះអង្គបានសាងសង់ ប្រាសាទព្រៃមន្ទីរ ប្រាសាទត្រពាំងពង់ និងជណ្ដើរទីមួយនៃ
ប្រាសាទបាគង។

២. ព្រះបាទអិន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ – ៨៨៩)
ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាក្សត្រដែលបានសោយរាជបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៣ ករណីការឡើងសោយរាជនេះ
គេពុំបានដឹងច្បាស់លាស់ទេ គេគ្រាន់តែដឹងថា ព្រះអង្គត្រូវបានព្រះរាជវង្សានុវង្ស ព្រមទាំងនាម៉ឺនមុខមន្ត្រី ជ្រើស
រើសតែងតាំងជាព្រះមហាក្សត្រ។ ប៉ុន្ដែ គេអាចប៉ាន់ស្មានថា ព្រះអង្គបានព្រះរាជគ្រូព្រាហ្មណ៍ សិវសោមៈ ជា
អ្នកជ្រោមជ្រែងជួយសំរួលក្នុងការឈោងយកឋានៈជាព្រះមហាក្សត្រ។ ព្រះរាជគ្រូសិវសោមៈ ត្រូវជាប់ជា បង
ប្អូននឹងព្រះបាទជ័យវរ្ម័នទី២។ ចំនែកព្រាហ្មណ៍ វាមសិវៈ ត្រូវជាចៅមីងរបស់ព្រាហ្មសិវកអិវលិយៈ ព្រះរាជគ្រូ
ព្រះបាទជ័យវរ្ម័នទី២។

ព្រះអិន្រ្ទវរ្ម័នទី១ មានជាប់ព្រះញាតិវង្ស នឹងព្រះបាទជ័យវរ្ម័នទី៣ដែរ ក្នុងឋានៈជាក្មួយ តែជាក្មួយឆ្ងាយ។ បិតា
ព្រះអង្គព្រះនាម ព្រះព្រិទ្ធិអិន្រ្ទវរ្ម័ន ជាកូនរបស់ប្អូនស្រី ព្រះរុទ្រ្ទវរ្ម័ន ព្រះអង្គគង់នៅរាជធានី ហរិហរាល័យ អែ
រលួស។

ការកសាងនិងស្នាដៃ
កាលបើឡើងសោយរាជភ្លាម ក្នុងគ.ស ៨៧៩ ការតព្វកិច្ចដំបូងរបស់ព្រះអង្គគឺកសាងប្រាសាទ និង រៀបចំព្រះរាជ
ធានី ហរិហរាល័យ នៅរលួស ប្រាង្គប្រាសាទដែលព្រះអង្គសាងសង់មាន៖

ប្រាសាទព្រះគោ ដែលមានកំពូលទាំងអស់៦ ត្រូវបានសង់មុនគេ ក្នុងគ.ស.៨៧៩ ដើម្បីទុកជាទីសក្ការៈបូជា
នៅខាងក្នុង ព្រះអង្គបានតំកល់លិង្គព្រះអិសូរ ព្រះបដិមាករតំនាងព្រះអិសូរ និង ព្រះនាងអុបមា មហេសីព្រះ
អិសូរ ដែលមានរូបរាងមុខមាត់ ដូចនឹងជីដូនជីតាព្រះអង្គខាងម្ដាយ និង ដូចព្រះបាទជ័យវរ្ម័នទី២ និង អគ្គមហេ
សី។ ប្រាសាទព្រះគោបានសង់ទៅដោយអិដ្ឋ មានព្រវែង ៩៧ម x ៩៤ ម៉ែត្រ និង កំពស់១៥ម។

ប្រាសាទបាគង់ ជាប្រាសាទមួយទៀត ដែលព្រះអង្គបានកសាង លើទីកន្លែងជិតនោះដែរ ក្នុងគ.ស ៨៨១។
ប្រាសាទបាគង់មានទំហំ ៦៧ម x ៦៥ម សង់លើខឿនខ្ពស់ពីដី ១៥ម ហើយមានកំពូលទាំងអស់៩។កំពូលប្រាសាទ
ចំកន្ដាលខ្ពស់ជាងគេ មានកំពស់ ១៥ម។ ក្នុងនោះព្រះបាទអិន្រ្ទវរ្ម័នទី១ តំកល់លិង្គព្រះអិសូរ។ អែកំពូល ៨ទៀត
ត្រូវបានសង់ដាក់តំរង់ទៅតាមទិសទាំងប្រាំបី។

បារាយលលៃ ស្ថិតនៅក្នុងគោលគំនិត នយោបាយទឹក ដែលជីកព្រែកស្រះ បឹងត្រពាំង នៅតាមភូមិស្ថានគ្រប់ទិស
ទី តំរូវទៅតាមសេចក្ដីត្រូការរបស់បន្ដាជន និង នយោបាយកសាងជាតិ ការជីកកសាងបារាយលលៃ មិនមែនជា
ការផ្សងព្រេង មិនមែនជាការពិសោធន៍ ធ្វើយកល្អមើលនោះទេ អ្វីៗសុទ្ធតែត្រិះរិះគិតគូរយ៉ាងល្អិតល្អន់ ដើម្បី
អោយសមិទ្ធិបារាយនេះ អាចចែកចាយទឹក ផ្សព្វផ្សាយពាសពេញព្រះរាជធានី ភូមិជិតឆ្ងាយ និងស្រែចំការនៅ
ក្បែរនោះ បាយលលៃនៅរលួស មានទំហំ ៣៨០០ម x ៨០០ម ហើយទុកទឹកបានយ៉ាងតិច ៦០០០.០០០មត្រីគុណ
។ ស្នាដៃនេះ អ្នកវិទ្យាសាស្រ្ដ អ្នកបុរាណវិទ្យា និងអ្នកប្រវត្ដិសាស្ដ្រ ដែលបានសិក្សាអំពីប្រវត្ដិសាស្រ្ដខ្មែរបាន
ទទួលស្គាល់ កោតសរសើរ និង បញ្ជាក់ថា ជាជំហាន ដំបូងដែលនាំប្រទេសខ្មែរឆ្ពោះទៅរកការីកចំរើន ក្លាយទៅ
ជាមហាអំនាច។

ក្រិត្យក្រមកំនត់ព្រះរាជវង្ស
ប្រហែលជាដើម្បីជៀសវាងតទៅអនាគត កុំអោយកើតមានបញ្ហាចោទ ក្នុងការឡើងសោយរាជសម្បត្ដិ កុំអោយ
មានការដន្ដើមអំនាចគ្នា ដែលជាប្រភពនៃជំលោះ នៃការបែកបាក់សាមគ្គី និងចំបាំងរវាងជាតិអែង ទើបបានជា
ព្រះបាទអិន្រ្ទវរ្ម័នទី១ រៀបអោយមានក្បួនខ្នាតក្រិត្យវិន័យក្នុងរង្វង់ក្រកូលក្សត្រ។ ក្រិត្យបញ្ជានោះមានកំនត់ថា
ព្រះមហាក្សត្រ ជាប្រធានធំ លើព្រះរាជវង្សានុវង្សទាំងអស់។ ព្រះរាជវង្សស្ដេច ចែកចេញជាបីខ្សែ៖
១. សំដេចព្រះអុបយោវរាជ មានស្វេទឆ័ត្រ៦ជាន់
២. ព្រះអុបរាជ មានស្វេទឆ័ត្រ៥ជាន់
៣. មាតាព្រះមហាក្សត្រ រឺបុត្រីច្បងព្រះមហាក្សត្រ មានស្វេទឆ័ត្រ ៤ជាន់
ក្រុមក្សត្រទាំងបីជំពូកនេះ សុទ្ធតែមានគ្រូអាចារ្យ នាម៉ឺនមុខមន្រ្ដី ទ័ពទាហានពលសេនា និងទឹកដីទ្រព្យសម្បត្ដិ
ខ្ញុំកំដរទាសាទាសីបរិវារ ដូចគ្នានឹងព្រះរាជា គ្រាន់តែតិចច្រើនជាងគ្នាប៉ុណ្ណោះ។

កូនចៅព្រះមហាក្សត្រ ក្នុងប្រាំដំណស្ថិតនៅក្នុងក្រមខ័ណ្ឌព្រះរាជវង្សដដែល ហើយមានសិទ្ធអំនាចនឹងឡើងគ្រង
រាជសម្បត្ដិ ជាម្ចាស់ផែនដីបាន គឺនៅក្នុងចំនោមព្រះរាជវង្សទាំងប្រាំដំណ រឺ ប្រាំជំនាន់នេះហើយ ដែលព្រាហ្ម
ណ៍ និង នាម៉ឺនមន្រ្ដី ត្រូវជ្រើសរើសតែងតាំងស្ដេច ក្នុងពេលណាដែលព្រះមហាក្សត្រចូលទីវង្គត។ តាមធម្មតា
គេតែងជ្រើសរើស ព្រះអុបរាជអោយឡើងធ្វើជាព្រះមហាក្សត្របន្ដរាជវង្ស។ ម្យ៉ាងទៀត សមាជិកនិមួយៗ រប
ស់ព្រះរាជវង្ស មុននឹងរៀបការ ត្រូវតែមានសេចក្ដីសុខចិត្ដយល់ព្រមអនុញ្ញាត ពីព្រះមហាក្សត្រសិន។

ចំនែកកូនស្ដេច ដែលហួសពីប្រាំដំណ គេហៅថាព្រះវង្ស។ ស្ដេចទាំងនេះ គ្មានសិទ្ធិនឹងទាមទារឡើងធ្វើជាព្រះម
ហាក្សត្រឡើយ។ ដូច្នេះដើម្បីរក្សាអោយមានសិទ្ធិ អាចនឹងឡើងសោយរាជ្យទៅថ្ងៃក្រោយ ស្ដេចព្រះវង្ស ត្រូវ
ស្វះស្វែងរៀបការជាមួយស្ដេចអង្គណា ដែលមិនទាន់អស់សទ្ធិ។ ដោយសារបុព្វហេតុនេះ ទើបបានជាក្នុងចង្កោ
មព្រះរាជវង្សខ្មែរ គេសង្កេតឃើញស្ដេចខ្មែរ ច្រើនតែរៀបការជាមួយបងប្អូនអែង។

ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រមួយអង្គធំកំពូល ក្លាហានខ្លាំងពូកែ ក្នុងចំបាំងព្រះអង្គមិនដែលចាញ់ រឺ ដក
ឃ្លាថយឡើយ សិលាចារឹកនៅព្រះបាទ និង បាគង់ បានសរសេរបន្ដទៀតថា «ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាព្រះមហា
ក្សត្រ ដែលប្រកបទៅដោយទសពិធរាជធម៌ ជាទីត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដ។ ព្រះអង្គមានគុណសម្បត្ដិគ្រប់
យ៉ាងអិតមានខ្វះ ព្រះអង្គមានមហិទ្ធិរិទ្ធិអំនាចបីយ៉ាង ព្រះអង្គអាចយកជ័យជំនះឈ្នះលើរូបព្រះអង្គ ព្រះអង្គមិន
ដែលភ្លេចគោរពបូជាព្រះ ហើយព្រះអង្គបានការពារទឹកដីដូចជាម៉ានូ(១) ដោយស្គាល់ដឹងយល់អ្វីដែលត្រូវធ្វើ
និងអ្វីដែលមិនត្រូវធ្វើ។ ព្រះបាទជ័យវរ្ម័នទី១ បានចូលទីវង្គតក្នុងគ.ស ៨៨៩ នៅរាជធានី ហរិហរាល័យ។
១ = ម៉ានូ ជាតួអង្គមួយសំខាន់ណាស់ នៅក្នុងព្រាហ្មណ៍សាសនា គឺជាតួអង្គដែលទទួលច្បាប់បញ្ញាតិពីព្រះអាទិ
ទេព យកមកអោយមនុស្សលោកអនុវត្តប្រតិបត្ដិតាម។ ព្រះព្រហ្មណ៍បានបង្កបង្កើតពីពិភពលោក និង ផ្ដល់ជីវិត
ដល់ម៉ានូ ម៉ានូបានទទួលធម្មសាស្រ្ដ ពីព្រះព្រហ្ម។ ហើយបន្ទាប់មក គឺម៉ានូនេះជាអ្នកបង្កើតម៉ានូ និង ព្រាហ្មណ៍
ជាច្រើនទៀត ដើម្បីរៀបចំកសាងពិភពលោក។

គ. ដើមកំនើតការកសាង មហានគរលើកទី១

១. ព្រះបាទយសោវរ្ម័នទី ១ (គ.ស. ៨៨៩ – ៩០០)
ព្រះបាទយសោវរ្ម័នទី១ ជាព្រះរាជបុត្ររបស់ព្រះអិន្រ្ទវរ្ម័នទី១។ ព្រះអង្គបានឡើងសោយរាជបន្ដពីបិតាព្រះអង្គ
ក្នុង គ.ស.៨៨៩ នៅទីក្រុងហរិហរាល័យ។ ព្រះអគ្គមហេសីព្រះអង្គព្រះនាមអិន្រ្ទទេវី ដែលជាម្ចាស់ក្សត្រីល្អអែក
មានចំនេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភ្លឺថ្លាមុះមុត ល្បីល្បាញទៅគ្រប់ទិសទីក្នុងព្រះនគរ។
ព្រះរាជគ្រូ និង ទីប្រឹក្សាជាន់ខ្ពស់ព្រះអង្គ មានព្រាហ្មណ៍ព្រះនាម សិវសោមៈ និង វាមសិវៈ ដែលជាចៅរបស់
ព្រាហ្មណ៍សិវតអិវលិយៈ ព្រះរាជគ្រូព្រះបានជ័យវរ្ម័នទី២។

ចំបាំងក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១
នៅដើមរជ្ជកាលព្រះអង្គ គេកត់សំគាល់ឃើញមាន ការរំជើបរំជួល ចលាចលអសន្ដិសុខ និងចំបាំងបង្កបង្កើតដុត
ឆេះឡើង ដោយក្រុមគ្រួសារព្រះញាតិវង្ស ព្រះបាទជ័យវរ្ម័នទី៣ ដែលត្រូវខកខានមិនបានទទួលរាជបល្ល័ង្គ ក្រោ
យពេលដែលព្រះមហាក្សត្រអង្គនេះចូលទីវង្គត។ ចំបាំងរាំងជលមានសភាពខ្លាំងក្លាសាហាវអស្ចារ្យ។ កាល
នោះទ័ពព្រះមហាក្សត្រព្រះបាទយសោវរ្ម័នទី១ ត្រូវទន់ដៃក្រោមការវាយប្រហាររបស់បច្ចាមិត្រ ព្រះរាជាត្រូវស
ត្រូវចោមរោមព័ទ្ធជុំទិស។ ក្នុងគ្រាដ៏សែនអាសន្ននេះ មេទ័ពស្មោះស្ម័គ្រព្រះអង្គពីរនាក់ បាននាំគ្នាសំរេចចិត្ដបូជា
ជីវិត ដោយយករាងកាយទៅរាំងពាំងការពារព្រះអង្គ រងព្រួញដាវលំពែង តែនៅទីបញ្ចប់ ព្រះអង្គបានវាយប្រ
ហារសត្រូវបាក់បែករត់ខ្ចាត់ខ្ចាយបរាជ័យចាញ់អស់។

ព្រះអង្គធ្លាប់ធ្វើសង្គ្រាមច្បាំង ឈ្នះទាំងលើដី ទាំងលើសមុទ្រ បំផ្លាញទូកសំពៅសត្រូវអស់ជាច្រើន ជាពិសេស
ព្រះអង្គបានធ្វើចំបាំងតទល់នឹងនគរចំប៉ា ដេញវាយប្រហារទ័ពចាម ចូលដល់រហូតទីក្រុង ហើយចាប់បានជាឈ្លើ
យ។ បន្ទាប់មក ព្រះអង្គបានតែងតាំងមេទ័ពចាមម្នាក់អោយឡើងសោយរាជនៅទីនោះ។ ប៉ុន្ដែនៅពេលដែល
ព្រះអង្គលើកទ័ពត្រលប់មកនគរ កងទ័ពចាម១២ក្រុមបានរៀបចំរាយអន្ទាក់ ចាំវាយកំទេចទ័ពខ្មែរ ព្រះអង្គបានបើ
កការវាយប្រហារ កំទេចកងទ័ពសត្រូវអស់ជាច្រើនក្រុម ហើយក៏រំលៀកខ្លួនរំដោះចេញផុត ត្រលប់ចូលមហា
នគរវិញ ក្នុងពេលប្រយុទ្ធនឹងទ័ពចាម ប្រសិនបើគ្មានអន្ដរាគមន៍ គ្មានការធ្វើពលិកម្មបូជាជិវិត របស់មេទ័ព និង
ពលសេនា នោះប្រហែលជាព្រះអង្គ ត្រូវរងគ្រោះថ្នាក់ អស់ព្រះជន្មផងក៏មិនដឹង។

ព្រះបាទយសោវរ្ម័នទី១ មិនមែនពូកែតែខាងធ្វើចំបាំងប៉ុណ្ណោះទេ ព្រះអង្គ ក៏ជាក្សត្រមួយពូកែគ្រប់គ្រងរៀបចំក
សាងប្រទេសជាតិទឹកដី និងការពារថែរក្សា ទំនុកបំរុងសាសនាដែរ។

ការកសាង និងស្នាដៃ
រាជធានីយសោធបុរៈ កាលបើបានឡើងគ្រប់គ្រងប្រទេសកម្ពុជាហើយ ព្រះបាទយសោវរ្ម័នទី១ ក៏ចាត់ចែងបញ្ជា
អោយកសាងព្រះរាជធានីថ្មីមួយទៀត ដោយយកភ្នំបាខែងធ្វើជាស្នូលចំកន្ដាល។ ព្រះរាជធានីថ្មីនៃប្រទេសកម្ពុ
ជា មានឈ្មោះថា យសោធបុរៈ ដែលយើងនិយមហៅថា មហានគរ រឺ នគរធំ។

អ្នកស្រាវជ្រាវបរទេស បាននាំគ្នាដាក់ឈ្មោះថា «អង្គរ»។ នេះជាមហានគរ រឺ នគរធំទី១ នៅក្នុងប្រវត្ដិសាស្រ្ដ
ខ្មែរ។ កំពែង គូអូរទឹក ត្រូវបានជីកជុំវិញព្រះរាជធានី ដើម្បីទុកការពារនឹងសត្រូវជិតឆ្ងាយ។ ប្រលាយទឹកជាច្រើន
ជួបជាប់កាត់គ្នាចុះឡើងច្រវាត់ច្រវែង ដូចក្រលាចត្រង្គ ជាផែនការណ៍នយោបាយទី៧ និង ជាមធ្យោបាយមួយ
ក្នុងការដឹកនាំ បញ្ចូលទឹកសំរាប់ប្រកបកសិកម្ម។

ប្រាសាទភ្នំបាខែង បានសង់លើភ្នំបាខែង
អុទ្ទិសថ្វាយព្រះអិសូរ ដោយមានតំកល់លិង្គជា
តំនាងប្រាសាទបាខែង បានសង់នៅលើកំពូលភ្នំ
បាខែងដែលមានកំពស់ប្រមាណជា៦០ម ជុំវិញ
ភ្នំ ព្រះអង្គបានសង់កំផែងមួយរាងបួនជ្រុង ប្រ
វែង ៦៥០ម x ៤៤០ម ឡើងទៅដល់កំពូលភ្នំ
ដែលដើរដោយស្ថានភាពរាបស្មើ ទំហំ១៨០ម x
១២០មព្រះអង្គបានសាងសង់ខឿន៥ថ្នាក់ ហើយ
សង់ប្រាសាទនៅទីនោះ ប្រាសាទតូចៗ នៅលើភ្នំបាខែងមានទាំងអស់១០៩។

បារាយខាងកើតស្ថិតនៅក្នុងលក្ខណនយោបាយទឹក សំរាប់បំរើវិស័យកសិកម្ម ព្រះបាទយសោវរ្ម័នទី១ បានក
សាងជីកឡើង។ បារាយខាងកើតមានប្រវែង ៧០០០ម និងទទឹង៨០០ម អាចផ្ដល់ទឹកបានដល់ទៅ ៣០លានម៉ែ
ត្រត្រីគុណ។ ទំនប់ដីយ៉ាងធំត្រូវបានលើកឡើងព័ទ្ធជុំវិញ សំរាប់ការពារទឹកជំនន់។ ហើយនៅជ្រាំងខាងត្បូងបា
រាយ ព្រះអង្គបានចាត់ចែងអោយសាងព្រះវិហារវត្ដអារាម សំរាប់អ្នកគោរពព្រះវិសនុ ព្រះសិវៈ និង ព្រះពុទ្ធសា
សនា។ ជាមួយគ្នានៅគ្រប់ខេត្ដខ័ណ្ឌនានា ព្រះអង្គបានកសាងអាស្រម ព្រះវិហារ និង វត្ដជាច្រើនទៀតដែរ។

ប្រាសាទលលៃនៅរលួស ជិតប្រាសាទបាគោ និង បាគង់ដែលជាកន្លែងរាជធានីចាស់ក៏បានកសាងដោយ
សារព្រះអង្គដែរ ដើម្បីរំលឹកដល់វិញ្ញាណខន្ធបិតាមាតា និង ជីដូនជីតាខាងម្ដាយព្រះអង្គ

ប្រាសាទព្រះវិហារជាប្រាសាទដែលព្រះបាទយសោវរ្ម័នទី១ បានកសាងសំរាប់អុទ្ទិសរំលឹកគុណថ្វាយចំពោះ
សិវៈ។ ប្រាសាទព្រះវិហារគេបានសង់ នៅលើកំពូលភ្នំដងរែក លើជ្រាំងភ្នំដែលមានកំពល់៨០ម។ គេអាចឡើង
ទៅតាមផ្លូវជំរាល ដែលមានប្រវែងប្រហែលជា ៨០០ម ការកសាងប្រាសាទព្រះវិហារ មិនបានហើយចប់នៅក្នុង
រាជព្រះអង្គទេ។ ការសាងសង់មានបន្ដទៅទៀត ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ និង ព្រះបាទសុរិយាវរ្ម័នទី
២។ ម្យ៉ាងវិញទៀតយើងសង្កេតឃើញប្រាសាទព្រះវិហារ មានលំនាំ លក្ខណៈដូចគ្នានឹង ប្រាសាទវត្ដភូ។

ព្រះបាទយសោវរ្ម័នទី១ ជាព្រះមហាក្សត្រប្រកបដោយសេចក្ដីក្លាហាន និង ទសពិធរាជធម៌ដែលមានតែមួយគត់
គ្មានអ្វីមកប្រដូចបាន ព្រះអង្គមានចំនេះវិជ្ជា ខ្ពង់ខ្ពស់ជ្រៅជ្រះ។ ហើយព្រះអង្គក៏មិនធ្វេសប្រហែស ក្នុងការគោ
រពបូជាចំពោះសាសនាដែរ សិលាចារឹកខ្មែរនៅ ព្រះបាទ បានសរសេរចារបន្ថែមថា «ក្នុងភពទាំងពីរ ស្ថានកន្ដាល
និង ស្ថានសួគ៌។ មានតែព្រះបាទយសោវរ្ម័នទី១ (ភពផែនដី) និង ព្រះអិន្រ្ទ (ស្ថានសួគ៌) ទេ ដែលជាអ្នកគ្រប់គ្រង
ការពារ ពោរពេញទៅដោយវីរភាព»។

ព្រះបាទយសោវរ្ម័នទី១ មានបុត្រពីរព្រះអង្គ ព្រះហរស្សវវ្ម័នទី១ និងព្រះអិសានវរ្ម័នទី២។ ព្រះអង្គបានចូលទីវង្គ
តក្នុងគ.ស ៩០០ ព្រះអង្គបានទុកជាមរតក ដល់កូនចៅខ្មែរជំនាន់ក្រោយនូវប្រទេសកម្ពុជាមួយ យ៉ាងខ្លាំងមាំមួន
ដែលពោរពេញទៅដោយការកសាង និង រីកចំរើនលូតលាស់ក្នុងគ្រប់វិស័យ ព្រះអង្គបានផ្ដល់សន្ទុះមួយថ្មី ដល់
មហាអំនាចកម្ពុជា។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស

បានចុះផ្សាយក្នុង នណាជា "Khmer"?
កម្ពុជាសម័យអង្គរ
•ខែកក្កដា 12, 2008 • បញ្ចេញមតិ

កម្ពុជានាចុងសតវត្សទី៨ ត្រូវស្ថិតនៅក្រោមអានានិគមប្រទេសជ្វាស្ទាវា យ៉ាងតិចណាល់ក៏ជាង ១០ឆ្នាំដែរ។ ចំ
ពោះការរស់នៅ ការគ្រប់គ្រង និង ទិដ្ឋភាពក្នុងនគរ យើងពុំមានអែកសារអ្វីជាសំអាង សំរាប់សិក្សាឡើយ។ តែ
យើងអាចដឹងបានថា ថ្ងៃក្រោយ មានក្សត្រខ្មែរមួយអង្គ ព្រះនាមជ័យវរ្ម័ន បានរៀបចំការតស៊ូ ប្រមូលអ្នកស្នេហា
ជាតិ កទ័ពចេញមកប្រយុទ្ធ រើបំរះរំដោះកម្ពុជាពីអានានិគមជ្វា។ ព្រះបាទជ័យវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយ
ដ៏ចំនាន ខ្លាំងពូកែ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ដែលបានកសាងសម័យមហានគរ ហើយដែលបានជំរុញធ្វើអោយកម្ពុជា
មានអានុភាព រៀងរហូតមក។
ព្រះបាទជ័យវរ្ម័នទី២ (៨០២ – ៨៥៤)
គេអាចស្គាល់ប្រវត្ដិសាស្រ្ដរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយសារសិលាចារឹក ស្ដុកកក់ធំ ដែលអ្នកប្រវត្ដិវិទូខ្មែរ
បានសរសេរចារឆ្លាក់លើថ្ម ២០០ក្រោយរជ្ជកាលព្រះអង្គ។ ក្នុងរាជព្រះអង្គ គេពុំឃើញមានសិលាចារឹកណា
មួយដែលបានសរសេរចារទុកបញ្ជាក់ប្រាប់អំពីការតស៊ូ ព្យាយាមបង្រួបបង្រួមសាមគ្គីជាតិ វាយកំចាត់ខ្មាំង និង
កសាងមាតុភូមិឡើយ។

១. ការតស៊ូរំដោះជាតិ
ព្រះបាទជ័យវរ្ម័នទី២ ត្រូវជាចៅមីងព្រះបាទបុស្សករ័ក្ស បើគិតតាមខ្សែខាងម្ដាយ។ ក្នុងពេលកើតព្រឹត្ដិការណ៍ ពួក
ជ្វាចោរសមុទ្រចូលមកលួចប្លន់ ដុតផ្ទះសំបែង ទីក្រុងសម្ភុបុរៈ ព្រះអង្គព្រមទាំងព្រះញាតិវង្ស ត្រូវពួកខ្មាំងចាប់
យកជាឈ្លើយ នាំយកទៅកោះស្ទាវា។ កាលនោះព្រះអង្គនៅជាកុមារនៅឡើយ។ នៅប្រទេសជ្វា ព្រះអង្គខំ
ប្រឹងរៀនសូត្រគ្រប់មុខវិជ្ជា ទាំងក្នុងសាសនា ទាំងក្នុងរបៀបរៀបចំនគរ ដែលជាមូលដ្ឋានបានជំរុញធ្វើអោយប្រ
ទេសជ្វាក្លាយទៅជាមហាអំនាចមួយក្នុងភូមិភាគអាស៊ីអគ្នេយ៍។

ថ្ងៃមួយក្នុងគ.ស.៨០០ ព្រះបាទជ័យវរ្ម័នទី២ ដោយមានពលសេនាអាមាត្យជាទីទុកចិត្ដ ជូនដំនើរផង ក៏លបលួច
ធ្វើដំនើរត្រលប់មកស្រុកខ្មែរវិញ។ ព្រះអង្គបានតាំងទីមូលដ្ឋាននៅខេត្ដក្រចេះ ក្នុងតំបន់ចន្លោះអតីតព្រះរាជធានី
សម្ភុបុរៈ និង ស្រុកត្បូងឃ្មុំ។ កន្លែងនោះមានឈ្មោះថា អិន្រ្ទបុរៈ ដែលគេចាត់ទុកជារាជធានីមួយ ក្នុងរជ្ជកាល
ព្រះអង្គ។ ព្រះអង្គបានពន្យល់បញ្ចុះបញ្ចូលដឹកនាំព្រះញាតិវង្ស នាម៉ឺនមន្រ្ដីមេទ័ព និងស្ដេចដែលធ្លាប់ចំនុះនគរ
ចេនលាទឹកលិច អោយសុខចិត្ដសុខកាយយល់ព្រមរួបរួមកំលាំង វាយកំចាត់ពួកសត្រូវចោរជ្វា។

ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជ្វា ព្រះជ័យវរ្ម័នទី២ មានសហការីពូកែចំនានចំនាប់មានវិជ្ជា និងសមត្ថភាព
យ៉ាងខ្ពស់ជ្រៅជ្រះ ជាច្រើនជាជំនួយ។ មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ ព្រិទ្ធិអិន្រ្ទវរ្ម័ន ដែលបានរំដោះបង្ក្រាប
និង រៀបចំតំបន់ដែលស្ថិតនៅខាងត្បូង ខេត្ដបាត់ដំបង អោយមានសន្ដិសុខ។ ស្នាដៃនេះ ជាកត្ដាមួយយ៉ាងសំខា
ន់ ដែលអនុញ្ញាតផ្ដល់ដល់ព្រះមហាក្សត្រខ្មែរ នូវលទ្ធភាពកសាងព្រះរាជធានី ក្នុងតំបន់បឹងទន្លេសាប ដែលជា
ជង្រុកស្រូវ និង ត្រីសាច់ ហើយលើផ្នែកយុទ្ធសាស្រ្ដវិញ ទីក្រុងកម្ពុជា ក៏ស្ថិតនៅឆ្ងាយពីច្រកចូលរបស់កងទ័ពជ្វា
និង ចាម ដែលតែងឡើងមកតាមដងទន្លេដែរ។ ដូច្នេះហើយ បានជាព្រះបាទជ័យវរ្ម័នទី២ បោះបង់ភូមិភាគទន្លេ
មេគង្គខាងត្បូង មកតាំងទីរាជធានី នៅខាងជើងបឹងទន្លេសាប។

អ្នកប្រាជ្ញម្នាក់ទៀត ដែលល្បីល្បាញជាងគេ ខាងចំនេះចេះដឹង មានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃឈ្មោះ
សិវកអិវលិយៈ។ ក្នុងគ្រប់កាលៈទេសៈ ព្រះអង្គតែងតែនាំអ្នកប្រាជ្ញកំពូលនេះទៅជាមួយជានិច្ច ដើម្បីទុកជាទី
ប្រឹក្សាជាន់ខ្ពស់ សំរាប់ផ្ដោះប្ដូរសាកសួរយោបល់ គ្រប់បញ្ហាដែលទាក់ទងនឹងអាយុជីវិតរបស់ប្រទេសជាតិ។

ប្រវត្ដិតស៊ូរបស់ព្រះបាទជ័យវរ្ម័នទី២ និង ប្រជាពលរដ្ឋខ្មែរជំនាន់នោះ គេពុំបានដឹងអ្វីជាពិតប្រាកដទេ។ តែយើង
អាចប៉ាន់ស្មានបានថា ការតស៊ូរំដោះជាតិក្នុងគ្រានោះ មានភាពខ្លាំងក្លាធ្ងន់ពិបាកណាស់ ជាពិសេសនៅចំពោះ
មុខខ្មាំងជ្វា ដែលកំពុងមានកំលាំង។ ប្រហែលជាមកអំពីបញ្ហាស្ថិរភាព សន្ដិសុខ និង បុព្វហេតុដូច្នេះហើយ ទើប
បានជាព្រះមហាក្សត្រខ្មែរ បានលើក បានរើទីក្រុងជាច្រើនដំនាក់។ ព្រះរាជធានីទាំងនេះមាន កុឌិ ដែលស្ថិត
នៅក្នុងរង្វង់តំបន់ប្រាសាទបន្ទាយក្ដី ផ្នែកខាងជើងក្នុងខេត្ដសៀមរាប អមរិន្រ្ទបុរៈ ដែលអ្នកប្រវត្ដិវិទូប៉ាន់ស្មានថា
នៅក្នុងតំបន់បន្ទាយឆ្មារ ក្នុងខេត្ដបាត់ដំបង ហរិហរាល័យ ដែលស្ថិតនៅតំបន់រលួស ក្នុងខេត្ដសៀមរាប និងមហិ
ន្រ្ទបរពត ដែលជាភ្នំគូលែន ស្ថិតក្នុងខេត្ដសៀមរាបដដែល។

២. ការប្រកាសអែករាជភាពកម្ពុជា
គឺនៅលើភ្នំគូលែន រឺព្រះរាជធានីមហិន្រ្ទបរពត ក្នុងគ.ស ៨០២ ដែលព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី២
បានប្រកាសអែករាជភាពកម្ពុជា ចេញពីក្រញាំអានានិគមស្ដេចជ្វាស្ទាវា។
ប្រវត្ដិរំដោះ និង ប្រកាសអែករាជភាពកម្ពុជា ត្រូវបានបុព្វបុរសខ្មែរ សរសេរឆ្លាក់ចារលើផ្ទាំងសិលា ក្នុងគ.ស
១០៥២ ដែលគេដាក់ឈ្មោះថា សិលាចារឹកស្ដុកកក់ធំ។ សិលាចារឹកនេះគេបានរកឃើញនៅក្នុងប្រាសាទស្ដុកកក់
ធំ ដែលស្ថិនៅខាងជើងឆៀងខាងលិច ចំងាយប្រមាណ២៥ គីឡូម៉ែត្រពីទីប្រជុំជន ស៊ីសុផុន ខេត្ដបាត់ដំបង(សព្វ
ថ្ងៃបន្ទាយមានជ័យ) ។ បច្ចុប្បន្ន សិលាចារឹកស្ដុកកក់ធំ ត្រូវគេយកទៅតំកល់ទុកនៅសារមន្ទីរសៀមបាងកក។ តា
មរយៈសិលាចារឹកស្ដុកកក់ធំ យើងអាចឃើញស្គាល់ យល់ និង ដឹងអំពីប្រវត្ដិសាស្រ្ដ វប្បធម៌ អរិយធម៌ខ្មែរមួយ
ផ្នែកធំ ក្នុងសម័យអង្គរ។

ដើម្បីអោយអែករាជភាពកម្ពុជា មានអិទ្ធិពលជ្រួតជ្រាបគ្រប់ទិសទី ទាំងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ប្រជាជន ទាំង
ទៅលើប្រទេសជិតឆ្ងាយ ព្រះបាទជ័យវរ្ម័ន បានរៀបចំបង្កើតធ្វើអោយមានពីធីបុណ្យសាសនា យ៉ាងអុត្តុង្គអុត្ដមធំ
អុលារឹក នៅភ្នំគូលែន។ ព្រះអង្គបាននិមន្ដព្រាហ្មណ៍មួយអង្គព្រះនាម ហិរនិយធម្ម គង់នៅអាស្រមជនបទ ហើ
យដែលចេះគ្រប់មុខវិជ្ជាសីលសាស្រ្ដ មន្ដអាគម គាថា អោយមកចំរើនរៀបចំពិធីបុណ្យ គោរពបូជាព្រហ្មញ្ញសា
សនា ទៅតាមតំរាក្បួនទ្រឹស្ដីទេវរាជ។

ព្រាហ្មណ៍ ព្រះគ្រូហិរនិយធម្ម បានបង្ហាត់បង្រៀនសាស្រ្ដទាំងបួនក្នុងគម្ពីរព្រះអិសូរ ដល់ព្រាហ្មណ៍ សិវកអិវលិ
យៈ ទីប្រឹក្សាជំនិតព្រះមហាក្សត្រ ដើម្បីអោយចេះចងចាំ ក្បួនវិធីរៀបចំធ្វើសក្ការបូជាគោរពទេវរាជ។ ធម៌ទាំង
នេះ ពួកព្រាហ្មណ៍ត្រូវរៀនសូត្រស្វាធ្យាយ និង ត្រូវរៀបចំធ្វើពិធីផ្សេងៗ ដើម្បីកំចាត់សត្រូវ ដើម្បីប្រកាសតាំង
ខ្លួនជាអ្នកជា មានអែករាជភាព មានអិស្សរភាព និង បួងសួងសុំអោយមាននូវសេចក្ដីចំរុងចំរើនសំបូរសប្បាយ
ដល់ប្រជាជាតិ។ គឺអាចជាទ្រឹស្ដី ជាក្បួនតំរាគម្ពីរសំរាប់រៀបចំកសាងនគរ អោយមានអែកភាព ខ្លាំងពូកែល្អ។ ជា
គុណបំនាច់ដល់ព្រាហ្មណ៍ សិវកអិវលិយៈ ព្រះមហាក្សត្របានសច្ចាប្រគល់សិទ្ធិផ្ដាច់មុខដល់គ្រួសារព្រាហ្មណ៍ ត
ពូជពីជំនាន់មួយទៅជំនាន់មួយ ជាលំដាប់លំដោយ តាមត្រកូលខាងម្ដាយ អោយមានឋានៈជាអ្នកទទួលបន្ទុក
រៀបចំពិធីបូជាទេវរាជ តទៅអនាគត។ ដូច្នេះហើយបានជាយើងឃើញមានក្រុមព្រាហ្មណ៍បារគូ បុរោហិត នៅ
ជិតជាប់ព្រះមហាក្សត្រ ដើម្បីជាសាក្ខីភាពនៃការគោរពប្រពៃនី។ តែក្រុមព្រាហ្មបុរោហិត ដែលមានពូជពង្សចុះ
មកពីព្រាហ្មណ៍ សិវកអិវលិយៈ ប្រហែលជាផុតពូជក្នុងសម័យស្ដេចត្រសក់ផ្អែម។ ពីព្រោះស្ដេចអង្គនេះ គ្មាន
បញ្ចក្សត្រ គ្មានព្រះខ័នរាជ គ្មានអ្វីសំគាល់ជាស្ដេចពេញគ្រប់លក្ខណៈ តាមច្បាប់ក្រិត្យក្រមវិន័យខ្មែរឡើយ(១)។
អែពិធីធ្វើសក្ការបូជាទេវរាជ ត្រូវបានព្រះមហាក្សត្រខ្មែរជំនាន់ក្រោយ គោរពប្រតិបត្ដិ អនុវត្ដធ្វើតាមរហូតមក
ដល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះព្រាហ្មណ៍ សិវកអិវលិយៈ បានទទួលឋានៈជាព្រះរាជគ្រូរបស់ព្រះមហាក្សត្រ។
១ = ពូជពង្សវង្សត្រកូល ព្រាហ្មណ៍ សិវកអិវលិយៈ ប្រហែលជាត្រូវផុតរលត់អស់លែងមាន ក្នុងសម័យព្រឹត្ដិការ
ណ៍តាត្រសក់ផ្អែមដន្ដើមរាជ្យ ដែលបានកាប់សំលាប់បំផ្លាញអ្វីជាព្រហ្មញ្ញសាសនា។ ដូច្នេះហើយ ទើបស្ដេចត្រ
សក់ផ្អែម បញ្ជាអោយបង្កើតព្រាហ្មបុរោហិត និង បញ្ជក្សត្រសំរាប់តំនាងរាជបល្ល័ង្គ។

ក្នុងការគោរពបូជាទេវរាជ គេយក លិង្គ មកធ្វើជាតំនាង។ លិង្គនេះ គេយកទៅតំកល់ទុកលើភ្នំមួយយ៉ាងខ្ពស់
ដែលជាតំនាងភ្នំព្រះសុមេរុ។ អែភ្នំដែលតំនាងភ្នំព្រះសុមេរុ គឺភ្នំគូលែន។ ដូច្នេះហើយបានជាព្រះបាទជ័យវរ្ម័ន
ទី២ បានប្រារព្ធពិធីគោរពបូជាទេវរាជ និង យកលិង្គទៅតំកល់នៅទីនោះ។ លិង្គជាតំនាងព្រះអិសូរ ជាតំនាងការ
កកើត។ អែកក្នុងការគោរពទេវរាជ លិង្គជាតំនាងព្រះមហាក្សត្រ ដែលមានភារកិច្ចការពារគ្របដន្ដប់ប្រជាជាតិ
ទាំងតាមផ្លូវចិត្ដ ទាំងតាមផ្លូវកាយ លិង្គតំនាងទេវរាជ គេអាចលើកផ្លាស់ប្ដូរទីកន្លែងបាន ទៅតាមកាលៈទេសៈ។

ដោយសារពិធីសក្ការបូជាទេវរាជ ព្រះបាទជ័យវរ្ម័នទី២ អាចប្រកាសតាំងខ្លួនជាស្ដេចអាទិទេព Dieu Roi មាន
តេជៈបានរមីដូចទេវរាជ មិនចាញ់ស្ដេចជ្វានៅកោះស្ទាវាឡើយ។ ដែលជាលក្ខណៈបញ្ជាក់អំពីអែករាជភាពពិត
ប្រាកដរបស់កម្ពុជា។

៣. ទ្រឹស្ដីទេវរាជ
អ្នកប្រវត្ដិវិទូ និង អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្ដិសាស្រ្ដខ្មែរ តែងតែនាំគ្នានិយមមូលមតិជឿយល់ថា ការគោរពបូ
ជា ទេវរាជ ជាការវិវត្ដន៍នៃព្រហ្មញ្ញសាសនា ក្នុងសម័យព្រះបាទជ័យវរ្ម័នទី២ គេយល់ថា ដើម្បីអាងប្រកាសខ្លន
ជាស្ដេចពេញសិទ្ធិ ដើម្បីបញ្ចេញបង្ហាញអិទ្ធិពលមហិទ្ធិរិទ្ធិ អោយប្រជានុរាស្រ្ដកោដខ្លាចគោរពទទួលស្គាល់ ដើម្បី
បញ្ជាក់ភាពអែករាជរបស់កម្ពុជា ព្រះបាទជ័យវរ្ម័នទី២ ត្រូវតែរៀបចំធ្វើពិធីសាសនា នៅភ្នំគូលែន។ គឺព្រះអង្គ
បានតាំងខ្លួនជាព្រះមហាក្សត្រផង ជាអាទិទេពផង។

ទ្រឹស្ដីនេះសមហេតុផល ត្រឹមត្រូវណាស់។ តែបើយើងយកទ្រឹស្ដីទេវរាជ ដោយសំអាងទៅលើ សិលាចារឹកស្ដុក
កក់ធំ មកសិក្សារិះគិតពិចារណា អោយបានវែងឆ្ងាយបន្ដិច ជំនឿ និង ការគោរពទេវរាជ មិនមែនកំរិតឈប់ចប់
ត្រឹមតែលើសាសនា និង លើរូបព្រះមហាក្សត្រប៉ុណ្ណោះនោះទេ ថ្ងៃធ្វើពិធីបុណ្យសក្ការបូជាគោរពថ្វាយចំពោះ
ព្រះទេវរាជ នៅភ្នំគូលែន ក្នុងគ.ស ៨០២ អាចចាត់ទុកជាទិវាខ្មែរអែករាជ្យ រំដោះចាកផុតពីអានានិគមជ្វាកោះ
ស្ទាវា និង ក៏ជាថ្ងៃដែលខ្មែរបានប្រកាសអនុវត្ដ គោរព ទ្រឹស្ដីគោលការណ៍នយោបាយថ្មី សំរាប់កសាងប្រទេស
ជាតិដែរ។
ទេវរាជ ជាឈ្មោះគម្ពីរក្បួនខ្នាតទ្រឹស្ដីនយោបាយខ្មែរ សំរាប់រៀបចំគ្រប់គ្រងប្រទេសជាតិ

ការបែងចែកអំនាច
សាសនា ដែលតំនាងទៅដោយព្រាហ្មណ៍ គ្រាន់តែជាមូលដ្ឋាន សំរាប់ប្រមូលផ្ដុំប្រជានុរាស្រ្ដ និង ជាប្រភពសំ
រាប់បង្កើតបញ្ចេញច្បាប់ ទ្រឹស្ដីគោលគំនិតនយោបាយប៉ុណ្ណោះ។ អែព្រះមហាក្សត្រ ដែលជាទេវរាជ ជាអ្នកយក
ច្បាប់ យកគោលគំនិត ទ្រឹស្ដីនយោបាយទាំងនោះមកអនុវត្ដប្រតិបត្ដិ។ បើយើងយកមកនិយាយ និង ប្រើតាមភា
សាទំនើបថ្មីបច្ចុប្បន្ន ក្រុមព្រាហ្មណ៍បរោហិតដែលជាដំនាងដោយព្រាហ្មណ៍ សិវកអិវលិយៈ ជាអ្នកធ្វើច្បាប់ រឺជា
រដ្ឋសភា។ ចំនែកព្រះមហាក្សត្រវិញ ព្រះអង្គមិនធ្វើច្បាប់ទេ។ ព្រះអង្គជាអ្នកគោរព និង អនុវត្ដធ្វើតាម សេចក្ដី
បញ្ញាតិរបស់ច្បាប់។ ព្រះមហាក្សត្រស្ថិតនៅក្រោមអំនាចច្បាប់។ ព្រះអង្គជាដំនាងអំនាចនិតិប្រតិបត្ដិ ដូច្នេះ ក្នុង
ការរៀបចំគ្រប់គ្រងប្រទេសកម្ពុជា អ្នកដឹកនាំ រឺអ្នកនយោបាយខ្មែរជំនាន់ព្រះបាទជ័យវរ្ម័នទី២ បានបែកចែកអំនា
ចជា២ និតិបញ្ញាតិ និង និតិប្រតិបត្ដិ របៀបបែងចែកអំនាចត្រូវបានព្រះមហាក្សត្រខ្មែរ ធ្វើសច្ចាប្រនិធានថា គោ
រពអនុវត្ដធ្វើ តាមរៀងរហូតទៅអនាគត នេះគឺជាមូលដ្ឋាន និង ជាគ្រិះនគរខ្មែរ។

ការរៀបចំស្ថានប័នជាតិ
ការបែងចែកអំនាច នាំមកនូវការរៀបចំស្ថាប័ន។ ស្ថាប័ននេះមានទាក់ទងទៅនឹងការកំនត់មុខងារកិច្ចការរបស់
ក្រុមព្រាហ្មណ៍បុរោហិត និង ព្រះមហាក្សត្រ។ ក្រុមព្រាហ្មណ៍ មានភារកិច្ចក្នុងការគោរពរៀបចំធ្វើពិធីបុណ្យអោ
យបានត្រឹមត្រូវ ទៅតាមច្បាប់វិន័យ។ ព្រាហ្មណ៍ក៏ត្រូវត្រួតពិនិត្យត្រួតត្រាការអនុវត្ដិទាំងនោះដែរ។ ហើយករណី
យកិច្ចដ៏ធំមួយទៀតរបស់ព្រាហ្មណ៍ គឺការអប់រំបង្ហាត់បង្រៀនព្រះរាជវង្សានុវង្ស និង ផ្ដល់យោបល់គោលគំនិត
ល្អៗដល់ព្រះមហាក្សត្រ រួមសេចក្ដីមក ក្រុមព្រាហ្មណ៍ ជាអ្នកថែរក្សារការពារ ច្បាប់វិន័យក្រិតក្រមក្បួនខ្នាតគម្ពីរ
របស់ខ្មែរ។ ទិដ្ឋភាពត្រង់នេះ សិលាចារឹកស្ដុកកក់ធំបានបញ្ជាក់ច្បាស់ណាស់។ រីស្ថាប័ន ដែលជាប់ទៅនឹងព្រះម
ហាក្សត្រ រឺអំនាចនិតិប្រតិបត្ដិ យើងឃើញមានការបង្កើតក្រុមនាម៉ឺនមន្រ្ដី ការរៀបចំសង្គម ការបែងចែករៀបចំ
ទឹកដីភូមិស្រុក និង ការបែងចែកធនធាន។

ការស្ថាបនាជាតិ
ក្នុងទ្រឹស្ដីទេវរាជ ក្នុងសិលាចារឹកស្ដុកកក់ធំ ពាក្យស្ថាបនា ជាពាក្យដែលសំខាន់ មានតំលៃ និង អត្ថន័យធ្ងន់ធំទូលំ
ទូលាយជាងគេ។ ពាក្យស្ថាបនាជាគន្លិះធំ ក្នុងទិសដៅនយោបាយកសាងជាតិរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរត្រូវស្ថាប
នា ធ្វើម្ដេចអោយប្រទេសជាតិចំរុងចំរើន អោយពលរដ្ឋមានបាន សំបូរសប្បាយ ចាកផុតទុរគតក្រីក្រតោកយាក
ព្រាត់ប្រាសក្រុមញាតិគ្រួសារ។

ការបែងចែកអំនាច រៀបចំស្ថាប័នដាក់តាមគោលការណ៍នយោបាយថ្មី អោយសមស្របស៊ីសង្វាក់ ប្រទាក់ប្រទង
ប្រទាញគ្នាទៅវិញទៅមក ត្រូវធ្វើឡើង ក្នុងគោលបំនងស្ថាបនាកសាងជាតិ។ ការកសាងសង់ទាំងនេះ មិនមែន
អនុវត្ដ ដោយមិនបានគិតគូរល្អល្អិតល្អន់នោះទេ។ គេក៏មិនមែនធ្វើអោយឃើញ ចេញមានតែរូបរាង ទុកសំរាប់
បង្អួតអោយគេកោតសរសើរឡើយ។

ការស្ថាបនានេះ ស្ថិតនៅលើការកាប់គាស់ឆ្ការព្រៃទឹកដីថ្មី អោយក្លាយទៅជាស្រែចំការ ជាស្រុកភូមិថ្មី សំរាប់
បង្កបង្កើតភោគផលសម្បត្ដិសង្គមជាតិ។ មុននឹងបានសំរេចជោគជ័យតាមការគ្រោងព្រះមហាក្សត្រ និង អ្នកដឹក
នាំខ្មែរ បានជួយអុបត្ថម្ភប្រជាពលរដ្ឋ ដោយមានចែកទឹកចែកដី ទ្រព្យធនធាន សត្វពាហនៈគោក្របី ប្រដាប់ប្រ
ដារអុបករណ៍កសិកម្ម និង ខ្ញុំកំដរទាសាទាសី។ សក្ខីភាពនេះ អាចបង្ហាញព្រះមហាក្សត្រ និង អ្នកដឹកនាំជាតិខ្មែរ
យល់អំពីជំរៅសេដ្ឋកិច្ច ដែលផ្អែកទាំងស្រុងទៅលើកសិកម្ម។ ដូច្នេះកំលាំងនគរ ស្ថិតនៅលើកសិកម្ម។អែការស្ថា
បនាជាតិស្ថិតនៅលើការស្ថាបនាកសិកម្ម។ ហើយការបែងចែកទឹកដីភូមិស្រុក ការជួយអុបត្ថម្ភ និងបញ្ជូនប្រជា
ពលរដ្ឋអោយទៅកាន់កាប់ រស់នៅលើទឹកដីថ្មី ក៏ជានយោបាយមួយយ៉ាងល្អដែរ ក្នុងការថែរក្សាការពារជាតិមាតុ
ភូមិ។

ការកសាង និងស្នាដៃ
ព្រះបាទជ័យវរ្ម័នទី២ ទោះបីជាព្រះអង្គ មានបេសកកម្មធំត្រូវរំដោះជាតិក៏ដោយ ក៏ព្រះអង្គយកចិត្ដទុកដាក់ ខំរិះ
គិតរកមធ្យោបាយ រៀបចំទីក្រុងអោយបាននឹងន មានស្ថិរភាព និងមានការរីចំរើនដែរ។ ដូច្នេះហើយ បានជា
ព្រះអង្គរុះរើ លើកព្រះរាជធានីចុះឡើងៗ តែព្រះរាជធានីរបស់ព្រះអង្គស្ថិតនៅជានិច្ច តែក្នុងរង្វង់តំបន់បឹងទន្ល
សាប។ ដែលជាការចាប់ផ្ដើមកំនត់ទីតាំងព្រះរាជធានីនគរធំ រឺ មហានគរ ទៅក្នុងអនាគតកាល។

ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គេពុំសូវឃើញមានការកសាងប្រាង្គប្រាសាទធំៗទេ។ អែទីក្រុងព្រះរាជធានីផ្សេ
ងៗ ដែលព្រះអង្គបានទៅតាំងទី ក៏មិនបានទុកនូវសំនៅអ្វីជាធំដុំ មានជាប់មកដល់បច្ចុប្បន្នដែរ។ ពីព្រោះសំនង់
ទាំងនោះធ្វើអំពីឈើ រឺសំភារៈមិនសូវជាមាំមួន បុព្វហេតុនេះគឺបន្ដាលមកពីស្រុកមានសង្គ្រាម ព្រះអង្គគិតខំប្រឹ
ងតែរៀបចំការតស៊ូ រំដោះជាតិពីអានានិគមជ្វាស្ទាវា។ ម្យ៉ាងទៀត សន្ដិសុខក៏ពុំទាន់មានជាស្ថាពរក្នុងនគរដែរ។

ប្រាសាទដែលសង់ក្នុងរាជព្រះអង្គមានជាអាទិ ៖
– ប្រាសាទរំចែង ត្រូបានកសាងនៅភ្នំកូលែន ក្នុគ្រាដែលព្រះរាជធានីបានរើទៅតាំងនៅទីនោះ។
– ប្រាសាទអកយំ ដែលស្ថិតនៅម្ដុំបារាយខាងលិច ត្រូវបានកសាងដោយអិដ្ឋ។
ប្រាសាទទាំងនេះ មានរូបទំហំតូចមែន តែគេអាចកត់ទុកជាយុគថ្មីមួយរបស់ខ្មែរក្នុងវិស័យលិល្បៈ និង សាងសង់
ប្រាសាទ។ យើងបានឃើញប្រាសាទខ្មែរជំនាន់ក្រោយជាច្រើនកសាងទៅតាមលំនាំប្រាសាទរំចែងនិងអកយំ។

ប្រាសាទអកអកយំមើលពីខាងត្បូង

ក្រោយដែលបានទៅតាំងរាជធានីនៅភ្នំគូលែន រឺមហិន្រ្ទបរពត ព្រះបាទជ័យវរ្ម័នទី២ បានយាងត្រលប់មកគង់នៅ
អែរលួស ទីក្រុងចាស់ ហរិហរាល័យ ព្រះអង្គបានចូលទីវង្គតនៅទីក្រុងនេះ ក្នុងគ.ស ៨៥៤ ក្នុងព្រះជន្មប្រហែល
៩០វស្សាព្រះអង្គជាព្រះមហាក្សត្រខ្មែរយ៉ាងធំមួយព្រះអង្គ នៅក្នុងប្រវត្ដិព្រះអង្គបានរំដោះជាតិពីនឹមជ្វា ព្រះអង្គ
បានបង្រួបបង្រួមប្រទេសកម្ពុជាអោយមានអែកភាព ហើយព្រះអង្គក៏ជាក្សត្រខ្មែរដែលបានស្ថាបនា កសាងទឹក
ដីខ្មែរអោយធំធាត់មានកិត្យានុភាព ជាមហានគរដែរ។ ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គជាព្រះមហាក្សត្រមួយអង្គ
ខ្លាំងពូកែ អង់អាចក្លាហាន ព្យាយាមតស៊ូ មានចិត្ដអំនត់ មានចំនេះវិជ្ជាជ្រៅជ្រះ មានប្រាជ្ញាភ្លឺថ្លាវាងវៃ ដែលបាន
ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្រុកខ្មែរ និងកូនចៅជំនាន់ក្រោយ។ការរីកចំរើននៃអិទ្ធិពលខ្មែរ
http://abcambodia.wordpress.com/page/3/
Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ