Monday, July 5, 2010
ព្រះត្រៃបិដក
សំដីមាស ៥
* គួរមានត្រឹមតែការសង្ស័យបានហើយជាជាងយកជាការបា្រកដប្រជា ចំពោះ រឿងរ៉ាវទាំងឡាយណា ដែលពិបាករកភស្តុតាងហើយមានគ្រោះថ្នាក់ ដល់ការ ទុកចិត្ត។
* ការមិនចុះចាញ់សុភមង្គល គឺជាសុភមង្គលដ៏ធំមួយ ។
* កូនអើយមិនត្រូវមើលងាយនរណាម្នាក់ឡើយ ទុកអ្នកធំជាងកូនជាឪពុកម្តាយ ទុកអ្នកស្មើគ្នាជាបងប្អូន និងចាត់ទុកអ្នកទន់ខ្សោយជាកូន របស់អ្នក ។
* ចំពោះចំណេះចេះដឹងទាំងអស់ ដែលមានប្រយោជន៍ ជាងគេគឺការចេះ ដឹងទាំងឡាយណា ដែលនាំឲ្យយើងមានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯង ហើយនឹងបង្ហាត់បង្ហាញខ្លួនយើង ឲ្យចេះនូវរបៀបដឹកនាំខ្លួនយើង។
* ជីវិតមនុស្សវាខ្លីណាស់ ហើយយើងគ្មានពេលឯណានឹងទៅផ្គាប់ចិត្តជនទាំងឡាយដែលកំពុងធ្វើដំណើរក្នុងទីងងឹតនោះឡើយ។
* ដច្នេះយើងត្រូវប្រញាប់ប្រញាល់ កសាងខ្លួនយើងឲ្យល្អប្រសើរឡើង។
* ធ្វើការរហ័សរហួនដោយប្រុងប្រយត្ន័ ដោះស្រាយបញ្ហាដោយឈ្លាសវៃ អនុវត្តដោយអង់អាច អស់ទាំងនេះហើយគឺជាលក្ខណៈ នៃមេដឹកនាំដ៏ល្អ មួយរូប។
* ពេលវេលា គឺជាអ្នកកែប្រែដ៏ធំជាងគេបង្អស់ ។
* មនុស្សចាស់ខ្លាចស្លាប់ ក៏ដូចជាកូនក្មេង ខ្លាច់ទីងងឹតដូច្នោះដែរ ព្រោះវាមិនដឹងជាអ្វី ។
* គុណធម៌គ្មានអ្វីក្រៅពីសភាពល្អប្រសើរនៅក្នុងដួងចិត្តឡើយ។
* គ្មានកំហុសណាអាមាស់ និងអាប់យសជាងអំពើក្បត់ទេ ហើយគ្មានអ្វីបាត់មុខ ជាងអ្នកភូតកុហកដែលគេចាប់បានភស្តុតាងជាក់ស្តែងនោះឡើយ ។
* សេចក្តីស្នេហា មានសភាពផ្អែមល្ហែមលន្លង់លន្លោចគ្រប់បែបគ្រប់យ៉ាង ហើយនិងផ្ទុកនូវទោសៈ ។
* សភាពសម្បូណ៍ហូរហៀរ ជាអ្នកបំរើដ៏ល្អ ក៏ប៉ុន្តែវាជាម្ចាស់ដ៏អាក្រក់ ។
* សេចក្តីស្នេហាចំពោះមាតុភូមិ ចាប់ផ្តើមពីសេចក្តីស្នេហាចំពោះគ្រួសារ ។
* ទឹកមុខញញឹមរបស់ស្រ្តី ដែលចេះអត់ទ្រាំទទួលការអាម៉ាស អាចអ្វើឲ្យដុំថ្មសិលាបែកខ្ចាយបាន ។
* គេធ្វើឲ្យភាសាមានលក្ខណៈល្អថ្លៃថ្នូរ ដោយសារគំនិត មិនមែនដោយសារសម្តីទេ។
* ទឹកចិត្តដែលឈឺចាប់ ហើយអង់អាចក្លាហាន គឺជាទឹកចិត្តដ៏ប្រសើរឧត្តម ។
* ជីវិតមនុស្ស ពុំមែនកើតមកសម្រាប់រស់នោះទេ ក៏ប៉ន្តែគឺសម្រាប់ប្រយុទ្ធយក ជ័យជំនះ។
* សម្លេងបេះដូងដែលកំពុងមានការស្រឡាញ់ជោគជាំ វាពិរោះជាងភ្លេងអ្វីទាំងអស់នៅ លើលោកនេះ។ មនុស្សយើងរកសុភមង្គលឲ្យខ្លួនយើងបាន លុះត្រាតែយើងនឹកគិតដល់សុភមង្គលនៃអ្នកដទៃផង។
* ការបានស្គាល់នូវសុភមង្គល គឺការមិនច្រណែនចំពោះសុភមង្គលនៃអ្នកដទៃ ហើយពេញចិត្តនឹងសុភមង្គលរួម ។
* កិច្ចការខួរក្បាលគឺជាការសម្រាកដ៏ប្រសើរបំផុតនៃខ្លួនបា្រណ ។
* សម្តីមិនបង់បា្រក់ទិញ រើសពាក្យថ្លែងចេញ ឲ្យត្រូវចិត្តគ្នា ។
* ត្រូវនិយាយនូវការណាដែលយើងចេះ ហើយនឹងមិនត្រូវនិយាយសោះ នូវការណាដែលយើងមិនចេះ។
* យើងត្រូវនិយាយរំឮកញៗ នូវអំពើល្អដែលគេធ្វើចំពោះយើង ក៏ប៉ុន្តែយើងមិនត្រូវនិយាយមួយម៉ាត់ឡើយ នូវអំពើល្អដែលយើងបានធ្វើចំពោះអ្នដទៃ ។
* គុណធ៌មត្រូវបានពួកមនុស្សពាលសាហាវជន់ឈ្លី ច្រើនជាងមានមនុស្សល្អ គេលើកស្ទួយគាមទ្រ ។
សំដីមាស ៤
មនុស្សមានទ្រព្យច្រើនជាងគេក្នុងលោក គឺមនុស្សចេះសន្សំសំចៃ មនុស្ស ក្រខ្សត់ ជាងគេគឺមនុស្សកំណាញ់ស្វិត ។
យើងមិនត្រូវនិយាយពីខ្លួនយើងទេ ទោះនិយាយពីអំពើល្អក្តី ពីអំពើអាក្រក់ក្តី ។
មានរបៀបរបបពុំមែនជាគុណធ៌មដ៏ធំដុំទេក៏ប៉ុន្តែបើគ្មានរបៀបរបបទេគឺជា កំហុសមួយ ដ៏ធំទៅវិញ ។
ការអានសៀវភៅ ជាផ្នែកមួយនៃកិច្ចការរបស់មនុស្សសុចរិត ។
គ្មានសេចក្តីឈឺចាប់ណា ធំជាងក្នុងពេលដែលកំពុងគិតពីរឿងសប្បាយ ស្រាប់ តែមានរឿងអកុសលមកដល់នោះទេ ។
កាលណាមានគេឈ្លានពានប៉ះពាល់មកលើខ្ញុំ ខ្ញុំនឹងខំប្រឹងលើកកម្ពស់ ព្រលឹង ខ្ញុំឲ្យខ្ពស់ទាល់តែអំពើរំលោភនោះ មិនអាចប៉ះពាល់ព្រ លឹងខ្ញុំបាន ។
គេចាប់ផ្តើមចាស់ ក្នុងពេលគេកំព្រាម្តាយ ។
នៅជិតស្តេចមានសត្វពីរយ៉ាង មនុស្សកាចសាហាវ និងមនុស្សឡេមឡឺម ។
មនុស្សឡេមឡឺម គឺមនុស្សលើកជើងបញ្ជោរស្តេច រីមនុស្សកាចសាហាវវិញ គឺជាជនដែលចាក់រុកស្តេចឲ្យធ្វើបាបគេ ។
មនុស្សខ្ជិលច្រអូស វាដឹងតែមួយមុខប៉ុណ្ណោះថា ក្នុងការងារវាមានពេលឈប់ សម្រាកជានិច្ច ។
ការល្ងង់មានបីយ៉ាង ល្ងង់មិនដឹងអ្វីទាំងអស់នេះ១, ល្ងង់ដឹងខុសពីការដែល ខ្លួន ដឹងនេះ១, និងល្ងង់ដឹងផ្សេងពីការដែលខ្លួនត្រូវដឹងនេះ១ ។
អ្នកស្រឡាញ់សេរីភាពពិតប្រាកដ អ្នកនោះក៏ស្រឡាញ់សេរីភាពនៃអ្នកជិត ខាងផងដែរ ។
ការចង់បានការពិត វាងាយស្រួលជាងការរលាស់ខ្លួនចេញពីការភ័ន្តច្រឡំ ។
កាលណាគេនិយាយអាក្រក់ពីអ្នក ហើយបើត្រូវចំលើការពិតអ្នកត្រូវកែកំហុស នោះចេញ។ ក៏ប៉ុន្តែបើខុសវិញអ្នកត្រូវសើច។
អ្នកមិនត្រូធ្វើអ្វីសោះឡើយក្នុងពេលមានកំហឹង ។ តើអ្នកត្រូវបើកក្តោងឬ នៅ ពេលកំពុងមានខ្យល់ព្យុះ? ។
ខ្ញុំស្រឡាញ់គ្រួសារខ្ញុំជាងរូបខ្ញុំ ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំជាងគ្រួសារខ្ញុំ ក៏ប៉ុន្តែខ្ញុំ ស្រឡាញ់មនុស្សលោកជាងមាតុភូមិខ្ញុំទៅទៀត ។
ចូរអ្នកនាំមនុស្ស ៤នាក់ ដែលជឿតាមពាក្យចចាមអារាម ផ្តេសផ្តាស បំផុតមក ឲ្យខ្ញុំ បា្រកដជាខ្ញុំអាចបោកបា្រស់មនុស្សពីរលាននាក់ទៀតដែលជឿ របៀប នេះ ដោយយកមនុស្ស ៤នាក់ខាងលើមកធ្វើជាមធ្យោបាយ ។
កាលណាចិត្តមនុស្សសុខសាន្តហើយ តើនៅលើលោកនេះមានវត្ថុអ្វីមាន ន័យជាងនេះ ទៅទៀត?
សេចក្តីសប្បាយនៃចិត្តពិតប្រាកដ គឺជាថ្នាំក្រអូបធ្វើឲ្យឈាមរត់ស្រួល ហើយ និងធ្វើឲ្យ ខ្លួនមនុស្សយើងត្រឡប់ទៅជាក្មេងខ្ចី។
ការចូលចិត្តរកកំហុសអ្នកដទៃគឺជាសញ្ញាថាគេពុំសូវគិតរកកំហុសខ្លួនគេឡើយ។
កង់រទេះដែលមិនដាក់ខ្លាញ់វាឮង៉ែតង៉តខ្លាំងណាស់ ហើយចំពោះមនុស្សដែល មិនកំណត់គឺមានការត្អួនត្អែខ្លាំងណាស់ដែរ។
នៅក្នុងសកលលោកយើងនេះ មានសត្រូវច្រើនយ៉ាងហើយ យើងកុំគប្បី បង្កើតវាថែមទៀតឡើយ ។
តាមក្បួនលេខគណិតមួយបូកមួយត្រូវជាពីរ ក៏ប៉ុន្តែបើចំពោះមិត្តភាពវិញ មួយបូកមួយត្រូវជាមួយ ។
ការកសាងខ្លួនឲ្យរិតតែបានល្អ ជាមធ្យោបាយតែមួយដើម្បីខ្លួនមានឥទ្ធិពល ល្អទៅលើអ្នកដទៃ។
មនុស្សម្នាក់ទទួលការអប់រំពីរយ៉ាង ម្យ៉ាងបានមកពីអ្នកដទៃ ម្យ៉ាងទៀតបាន មកពីខ្លួនឯង ដែលមានសារសំខាន់ច្រើនជាងគេ ។
សុភមង្គលមានពីរយ៉ាង សុភមង្គលបុណ្យសក្តិ និងសុភមង្គលមនោសញ្ចេត នា។ មួយឋិតនៅក្នុងសង្គមមនុស្ស និងមួយទៀតឋិតនៅក្នុងការស្និទ្ធស្នាល។
ជីវភាពទំនេរ គឺជាសេចក្តីស្លាប់មុនអាយុ ។
មានតែទឹកចិត្តប្តេជ្ញាសម្រាប់បំពេញករណីកិច្ច មិនទាន់គ្រប់គ្រាន់ទេ គេត្រូវតែ យល់ឲ្យច្បាស់នូវករណីយកិច្ចនោះថែមទៀត។
សម្រាប់មនុស្សកាចសាហាវ គ្មានសន្តិភាពជាមួយទេ។
ការសប្បាយរីករាយ និងការឈឺចាប់របស់មិត្តយើងត្រូវតែក្លាយជាការសប្បាយរីករាយ និងការឈឺចាប់របស់យើងដែរ។
កម្មវត្ថុនៃការអប់រំពុំមែនដើម្បីបង្កើតគ្រឿងម៉ាសីនទេ គឺដើម្បីបង្កើតជា មនុស្ស។
ការពិតនឹងនាំមកឲ្យអ្នក នូវសេរីភាពពិតបា្រកដ ។
នាទីកម្ពុជាក្រោម ភាគ១៧
2010-06-19
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមស្ទើរតែទាំងអស់ នៅឯដែនដីកម្ពុជាក្រោម គោរពព្រះពុទ្ធសាសនា។
ពីរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី មឿង ទុម សូមជូនសេចក្ដីរាយការណ៍អំពីកត្តាសំខាន់ៗ ដែលជំរុញឲ្យខ្មែរក្រោមនៅឯដែនដីកម្ពុជាក្រោម បន្តគោរពព្រះពុទ្ធសាសនា និងប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួន ៖
នាទីកម្ពុជាក្រោម ភាគ១៤-១៦
2010-06-12
កសិករខ្មែរក្រោម ២រូបនៅខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាមនៅកម្ពុជាក្រោម ចាប់ដាក់ពន្ធនាគារតាំងពីខែមេសាមក បន្ទាប់ពីគាត់តវ៉ាទាមទារដីធ្លីដូនតារបស់គាត់មកវិញ។
សូមអញ្ជើញស្ដាប់សេចក្ដីរាយការណ៍ ៖
ប្រតិភូនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងសប្ដាហ៍នេះបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការ UNPO នៅប្រទេសអ៊ីតាលី។
សូមអញ្ជើញស្ដាប់សេចក្ដីរាយការណ៍ ៖
ប្រជាពលរដ្ឋខ្មែរក្រោមនៅស្ទើរតែគ្រប់ទិសទី រួមគ្នាប្រារព្ធខួប ៦១ឆ្នាំនៃការបាត់បង់ដែនដីកម្ពុជាក្រោម តាំងពីថ្ងៃចុងសប្ដាហ៍កន្លងមក និងនៅក្នុងសប្ដាហ៍នេះ។
សូមអញ្ជើញស្ដាប់សេចក្ដីរាយការណ៍ ៖
ពិធីរំឭកខួប៦១ឆ្នាំនៃការបាត់បង់ដែនដីកម្ពុជាក្រោម (ភាគ១៣)
2010-05-16
ក្នុងឱកាសរៀបចំពិធីរំឭកខួប៦១ឆ្នាំ នៃការបាត់បង់ដែនដីកម្ពុជាក្រោម សាខាសហព័ន្ធសហគមន៍ខ្មែរកម្ពុជាក្រោម នៅរដ្ឋអូហៃយូ សហរដ្ឋអាមេរិក ក៏បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ព្រះតេជគុណ ទឹម សាខន និងប្រតិភូនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃចុងសប្តាហ៍នេះ។
អ្នកស្រី មឿង ទុម សូមជូនសេចក្តីរាយការណ៍ពិស្តារ ៖
ត្តអារាមនិងការគោរពព្រះពុទ្ធសាសនានៅដែនដីកម្ពុជាក្រោម (ភាគ១២)
2010-05-09
ប្រជាពលរដ្ឋខ្មែរក្រោមរាប់លាននាក់នៅឯដែនដីកម្ពុជាក្រោម ដែលភាគច្រើនគោរព និងប្រតិបត្តិព្រះពុទ្ធសាសនា បានថែរក្សាតួនាទីរបស់វត្តអារាមជាមជ្ឈមណ្ឌលវប្បធម៌ និងអប់រំអក្សរសាស្ត្រខ្មែរ បានយ៉ាងខ្ជាប់ខ្ជួន។
អ្នកស្រី មឿង ទុម សូមជូនសេចក្ដីរាយការណ៍អំពីវត្តអារាម និងការគោរពព្រះពុទ្ធសាសនា នៅឯដែនដីកម្ពុជាក្រោម ៖
កិច្ចប្រជុំរបស់អ.ស.ប.ស្ដីពីសិទ្ធិនៃជនជាតិដើមលើពិភពលោក (ភាគ១១)
2010-05-02
អង្គការសហប្រជាជាតិ (អ.ស.ប.) បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក ស្ដីពីសិទ្ធិនៃជនជាតិដើមនៅជុំវិញពិភពលោក ដែលគេទើបបានបញ្ចប់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១០ កន្លងមកថ្មីៗនេះ។
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៩ នៃវេទិកាជនជាតិដើម មានចំណងជើងជាភាសាអង់គ្លេសថា UN Permanent Forum on Indigenous Issues ត្រូវបានគណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនជាតិដើមរៀបចំឡើង ២សប្ដាហ៍ ផ្ដើមពីថ្ងៃទី១៩ ដល់ទី៣០ ខែមេសា ឆ្នាំ២០១០នេះ នៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក។
ទំព័រវឹបសាយថ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រធានបទនៃកិច្ចប្រជុំគឺផ្ដោតសំខាន់អំពីបញ្ហារបស់ជនជាតិដើមនៅទូទាំងពិភពលោក ដែលទាក់ទិននឹងវិស័យសេដ្ឋកិច្ច សង្គម អភិវឌ្ឍន៍ វប្បធម៌ បរិស្ថាន អប់រំ និងបញ្ហាសិទ្ធិមនុស្ស។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍តាមទូរស័ព្ទឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមថា ៖ «ឆ្នាំនេះ គេផ្ដោតលើអត្តសញ្ញាណ និងវប្បធម៌។ ខាងគណៈកម្មការហ្នឹង គេចង់ដឹងថា តើជនជាតិដើមបាត់បង់អីខ្លះ ហើយធ្វើយ៉ាងណាដើម្បីកុំឲ្យបាត់បង់»។
ប្រភពដដែលបានឲ្យដឹងថា នៅឆ្នាំនេះ មានប្រតិភូជាង ២៥០០នាក់ មកពីជាង ១៩០ប្រទេស បានទៅចូលរួមប្រជុំ ក្នុងនោះមានទាំងប្រតិភូខ្មែរកម្ពុជាក្រោមជាង ៣០នាក់ផងដែរ ៖ «ខ្មែរក្រោមបានមកចូលរួមលើកទី៦ហើយ។ នៅក្នុងឆ្នាំហ្នឹង យើងបានមកចូលរួមប្រជុំ មានយុវជនចែកជា ២ក្រុម មាន ៣០នាក់។ ក្រុមទី១ ក្នុងសប្ដាហ៍កន្លងមកហើយ មាន ១៥នាក់ និងក្រុមទី២ ក្នុងសប្ដាហ៍នេះមាន ១៥នាក់។ យើងចង់ឲ្យយុវជន យុវតីខ្មែរ និងខ្មែរក្រោម បានដឹងច្បាស់នូវប្រព័ន្ធអង្គការសហប្រជាជាតិ ផ្លូវច្បាប់ អហិង្សា ទៅតាមក្បួនខ្នាតអន្តរជាតិ។ ខ្ញុំជឿថា ការបណ្ដុះបណ្ដាលយុវជន យុវតី ឲ្យស្គាល់នេះ ជារឿងមួយបណ្ដុះបណ្ដាលផ្នែកវិជ្ជា ឲ្យយើងចេះតវ៉ាទៅតាមច្បាប់ មិនបាច់ប្រើកម្លាំងដោយមិនបានពិចារណា ហើយការធ្វើហិង្សានាំឲ្យអន្តរជាតិគេមិនគាំទ្រ ទោះបីយើងជាជនរងគ្រោះក្តី»។
យុវជនខ្មែរក្រោមមួយរូបឈ្មោះ ថាច់ លីមី មកពីរដ្ឋ New Jersey សហរដ្ឋអាមេរិក ដែលបានចូលរួមប្រជុំថ្លែងថា ៖ «ក្រុមយុវជនយើងខ្ញុំមកអង្គការសហប្រជាជាតិ មកចូលរួមប្រជុំហ្នឹង ដើម្បីទាមទារសិទ្ធិឲ្យរដ្ឋាភិបាលវៀតណាមហ្នឹង ត្រូវទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម មួយចំណែកនៅក្នុងប្រទេសវៀតណាមសព្វថ្ងៃនេះ»។
ព្រះតេជព្រះគុណ ញ័ញ ទូន មកពីប្រទេសស៊ុយអែត ដែលបាននិមន្តទៅចូលរួមក្នុងអង្គប្រជុំនោះដែរ មានព្រះថេរដីកាបន្ថែម ៖ «អង្គប្រជុំនេះមានសារសំខាន់ចំពោះជំនឿព្រះពុទ្ធសាសនា សម្រាប់ពុទ្ធបរិស័ទខ្មែរយើងទូទៅ ហើយមួយទៀត អាត្មាមកចូលរួមប្រជុំហ្នឹង ដើម្បីទាមទារសិទ្ធិសេរីភាពជំនឿព្រះពុទ្ធ សាសនា និងអំពីជនជាតិដើមរបស់ខ្មែរកម្ពុជា ដើម្បីឲ្យវៀតណាមទទួលស្គាល់»។
លោក ថាច់ ង៉ុកថាច់ បញ្ជាក់ថា ប្រតិភូខ្មែរកម្ពុជាក្រោមដែលដឹកនាំដោយសហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកយកចំណុចសំខាន់មួយចំនួន ថ្លែងជម្រាបជូនកិច្ចប្រជុំ ពិសេសគឺបង្ហាញព្រះសង្ឃ ៣អង្គ គឺព្រះតេជព្រះគុណ ទឹម សាខន ព្រះតេជព្រះគុណ គឹម មឿន និងព្រះតេជព្រះគុណ ញ័ញ ទូន ដែលធ្លាប់បានអាជ្ញាធរនៃប្រទេសវៀតណាម ចាប់ដាក់ពន្ធនាគារ ដោយសារតែលោកតវ៉ាទាមទារសេរីភាពនៃការគោរពជំនឿព្រះពុទ្ធសាសនា។
លោក ថាច់ ង៉ុកថាច់ បានមានប្រសាសន៍ថា ៖ «យើងបានណែនាំឲ្យអង្គប្រជុំបានស្គាល់អ្នកជាប់ទោសព្រោះតែជំនឿពុទ្ធសាសនា មានលោកគ្រូ ទឹម សាខន, គឹម មឿន និង ញ័ញ ទូន។ យើងក៏បាននិយាយអំពីរដ្ឋាភិបាលវៀតណាមមិនព្រមទទួលស្គាល់ជនជាតិដើម ហើយដែលនៅតែបន្តរំលោភសេរីភាព ដូចដែលខ្លួនថាបានបំពេញ»។
តែតំណាងរដ្ឋាភិបាលប្រទេសវៀតណាម លោកស្រី ហ័ង ធីថាញ់ង៉ា ជាលេខាធិការទី២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ទី៣ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំអង្គការសហប្រជាជាតិ នៅបុរីញ៉ូវយ៉ក បានឡើងថ្លែងជូនអង្គប្រជុំ កាលពីថ្ងៃទី២៩ ខែមេសាកន្លងមកនេះ ដោយបដិសេធការប្រកាន់របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងមូលនិធិម៉ុងតាញ៉ា ចាត់ទុកការចោទប្រកាន់នោះថា ផ្អែកលើព័ត៌មានប្រឌិត និងបំភ្លៃ ផ្ទុយអំពីសកម្មភាពដែលរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជួយក្រុមជនជាតិភាគតិចនៅក្នុងប្រទេសវៀតណាម។
លោកស្រី ហ័ង ធីថាញ់ង៉ា បានអះអាងថា ៖ «គណៈប្រតិភូយើងខ្ញុំសូមសម្ដែងការជំទាស់នឹងការចូលរួមប្រជុំរបស់បុគ្គលទាំងនេះ។ គណៈប្រតិភូយើងខ្ញុំសូមរំឭកអង្គប្រជុំថា ពួកបុគ្គលទាំងនេះពុំមែនតំណាងក្រុមជនជាតិភាគតិចណាមួយ នៅក្នុងប្រទេសវៀតណាមទេ។ ពួកនេះធ្វើសកម្មភាពនយោបាយដើម្បីបំបែករដ្ឋ»។
មេដឹកនាំប្រតិភូខ្មែរកម្ពុជាក្រោមមានប្រសាសន៍បំភ្លឺតបវិញដូច្នេះ ៖ «ក្នុងកិច្ចជំនុំ ទោះបីរដ្ឋាភិបាលយួនទទួលស្គាល់ច្បាប់យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលយួននៅតែបន្តថា គ្មានជនជាតិដើមទេ មានតែជនជាតិភាគតិចនៅក្នុងប្រទេសវៀតណាម។ រដ្ឋាភិបាលយួនបានឡើងឆ្លើយតបវិញ តែប្រើពាក្យដដែលៗនៅតែចោទប្រកាន់សហព័ន្ធខ្មែរកម្ពុជាក្រោម រួមជាមួយជនជាតិដើមម៉ុងតាញ៉ា ថាជាក្រុមបំបែកបំបាក់ ថាជាក្រុមចង់បានឯករាជ ថាដដែលៗហ្នឹង។ យើងយកលោកគ្រូ ទឹម សាខន, គឹម មឿន និង ញ័ញ ទូន មកដើម្បីបង្ហាញថា យើងមានសាក្សី មិនដូចអ្វីដែលវៀតណាមថានោះទេ»។
ប្រតិភូខ្មែរកម្ពុជាក្រោមបានផ្ដល់អនុសាសន៍ដល់អង្គប្រជុំនូវចំណុចសំខាន់ៗ រួមមាន ៖ «យើងចង់ឲ្យគណៈកម្មការអង្គជំនុំ ពិសេសគណៈកម្មការជនជាតិដើម ធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលយួន ដើម្បីជជែកគ្នាតទល់មុខគ្នា ដោយយើងមិនចង់ឃើញយួនយកពាក្យដដែលៗ មកចោទប្រកាន់សហព័ន្ធថាជាក្រុមនេះ ក្រុមនោះ ដែលធ្វើឲ្យអ្នកនៅក្នុងអង្គប្រជុំនោះគេមិនសប្បាយចិត្ត ដោយសារមានតែប្រទេសយួន តែមួយទេដែលនៅតែចោទប្រកាន់អ្នកតវ៉ា។ ចំពោះជនជាតិផ្សេងៗទៀត ពេលណាគេឡើងរិះគន់រដ្ឋាភិបាល ហើយរដ្ឋាភិបាលនោះឡើងមកថា គេនឹងសម្រួលនូវការខ្វះចន្លោះ។ តែផ្ទុយទៅវិញ រដ្ឋាភិបាលយួននៅតែបន្តការចោទប្រកាន់។ ខ្ញុំជឿថា នៅឆ្នាំខាងមុខៗនេះ រដ្ឋាភិបាលយួនមិនអាចនៅតែបន្តការចោទប្រកាន់នោះបានទេ។ ឧទាហរណ៍នៅក្នុងឆ្នាំនេះ សហរដ្ឋអាមេរិកដែលជាប្រទេសមួយមិនព្រមចុះហត្ថលេខាទទួលស្គាល់ច្បាប់ស្ដីពីជនជាតិដើមទេ ហើយគេបានប្រកាសថា គេនឹងយកច្បាប់នោះមកពិនិត្យជាថ្មីឡើងវិញ»។
លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា លោកពុំបានឃើញមន្ត្រីខ្មែរតំណាងឲ្យរដ្ឋាភិបាលកម្ពុជា បានទៅចូលរួមក្នុងកិច្ចប្រជុំនោះទេ ហេតុនេះហើយទើបប្រតិភូខ្មែរកម្ពុជាក្រោមពុំអាចលើកយកសំណូមពរដែលទាក់ទិនដល់ការសុំអត្តសញ្ញាណប័ណ្ណរបស់ជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ១៧នាក់នៅក្នុងទីក្រុងភ្នំពេញនោះបានទេ។ វិទ្យុអាស៊ីសេរីបានព្យាយាមជាច្រើនដងទាក់ទងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដើម្បីសុំសេចក្ដីបំភ្លឺអំពីការដែលគ្មានតំណាងរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចប្រជុំនោះ ប៉ុន្តែយើងខ្ញុំទាក់ទងពុំទាន់បានទេមកដល់ថ្ងៃចុងសប្ដាហ៍នេះ។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានជំរុញឲ្យអង្គប្រជុំជួយដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងជួបប្រទះនៅឯដែនដីកម្ពុជាក្រោមនាពេលបច្ចុប្បន្ន ៖ «យើងសំណូមពរនោះ ទីមួយ ឲ្យគណៈកម្មការនោះជំរុញឲ្យរដ្ឋាភិបាលយួនត្រូវតែបង្កើតឲ្យមានសាលារៀនសម្រាប់កូនខ្មែរតាំងពីថ្នាក់ទាប រហូតដល់ថ្នាក់ខ្ពស់។ ចង់ឃើញឲ្យកូនៗខ្មែរ យើងអាចរៀនខ្ពស់បន្តបានដល់បរទេស។ ចង់ឃើញឲ្យខ្មែរយើងមានទំនៀមទម្លាប់ខ្ជាប់ខ្ជួន។ ត្រូវមានការឧបត្ថម្ភពីរដ្ឋាភិបាលឲ្យគេស្គាល់ខ្មែរ។ យើងនៅតែជំរុញធ្វើយ៉ាងណាឲ្យផ្នែកព្រះពុទ្ធសាសនា គ្រប់គ្រងដោយព្រះពុទ្ធសាសនាខ្មែរផ្ទាល់តែម្ដង មិនមែនគ្រប់គ្រងដោយរដ្ឋ បញ្ចូលទៅក្នុងក្រុមសាសនាផ្សេងដែលមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះទេ»។
មុនពេលបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃសុក្រ អង្គការសហប្រជាជាតិក៏បានចេញសេចក្ដីថ្លែងការណ៍ផ្ដោតលើ ៩ចំណុច រួមមានទាំងការអនុវត្តនូវសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ អំពីការគោរពសិទ្ធិរបស់ពលរដ្ឋជាជនជាតិដើមនៅតាមប្រទេសទាំងឡាយ៕
ស្ថានភាពជនភៀសខ្លួនខ្មែរក្រោម ១៧នាក់នៅកម្ពុជា (ភាគ១០)
2010-04-25
ជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ១៧នាក់ កំពុងរស់នៅក្នុងស្ថានភាពជាជនអត់ស្រុក គ្មានទីពឹង គ្មានអត្តសញ្ញាណប័ណ្ណ នៅលើដែនដីនៃមាតុភូមិកម្ពុជារបស់ខ្លួន។
អ្នកស្រី មឿង ទុម មានសេចក្ដីរាយការណ៍អំពីបញ្ហានេះ ៖
ស្ថានភាពជីវិតរបស់ជនភៀសខ្លួនខ្មែរក្រោមក្នុងពេលបុណ្យចូលឆ្នាំខ្មែរ (ភាគ៩)
2010-04-18
រយៈពេល ៣ថ្ងៃនៃពិធីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានកន្លងផុតទៅថ្មីៗនេះ បានបន្សល់ទុកឲ្យប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួនជាជនភៀសខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ចងចាំមិនភ្លេចនូវក្តីវិយោគដែលពួកគាត់កំពុងប្រឈមមុខ។
អ្នកស្រី មឿង ទុម សូមជូនសេចក្តីរាយការណ៍អំពីស្ថានភាពជីវិតរបស់ជនភៀសខ្លួនខ្មែរក្រោម កាលពីទិវាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងឆ្នាំនេះ ៖
ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម (ភាគ៧)
ដោយ មឿង ទុម
2010-04-04
ប្រវត្តិវិទូខ្មែរជាច្រើន រួមទាំងសៀវភៅប្រវត្តិសាស្ត្រខ្មែរស្ទើរតែទាំងអស់ បានអះអាងដូចៗគ្នាក្នុងន័យថា ខ្មែរកម្ពុជាក្រោមជាអ្នកបន្តពូជខ្មែរបូរាណនៃអាណាចក្រហ្វូណន ឬនគរភ្នំ តាំងពីមុនគ្រិស្តសករាជមកម្ល៉េះ ដែលក្រោយមកខ្មែរហៅកម្ពុជាក្រោមថា ចេនឡាទឹក។
លុះមកដល់របបអាណានិគមបារាំង ចន្លោះពីគ្រិស្តសករាជ ១៨០២ ដល់ ១៨៦២ កម្ពុជាក្រោម ឬចេនឡាទឹក ត្រូវបានបារាំងប្ដូរហៅថា កូសាំងស៊ីន រីឯប្រជាពលរដ្ឋខ្មែរក្រោមវិញ បារាំងហៅថា Cambodgien។
អ្នកនិពន្ធខ្មែរមួយរូប លោក ទៀ ថេន សរសេរសៀវភៅដែលមានចំណងជើងថា រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម ឬអតីតកូសាំងស៊ីន បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៥មក បានឲ្យដឹងថា ជីវិតរស់នៅរបស់ប្រជាជនកូសាំងស៊ីន ឬជីវិតខ្មែរក្រោម បង្កើតបានជាមួយនូវកេរ្តិ៍ដំណែលពីអតីតកាលរបស់ពួកគាត់ជាខ្មែរ មានភស្តុតាងទាំងឡាយដោយត្រឹមត្រូវពិតប្រាកដថា កម្ពុជាក្រោមគឺជារបស់ខ្មែរ។ នៅក្នុងអំឡុងពេលជាង ១៧សតវត្ស កម្ពុជាក្រោមត្រូវបានរស់នៅដោយប្រជាជនខ្មែរសុទ្ធសាធ។ ទើបតែចាប់ពីដើមសតវត្សទី១៨មកនោះទេ ដែលមានជនជាតិចិន និងជនជាតិអាណាម ឬយួន ឬវៀតណាមមួយចំនួនតូចបានចូលទៅរស់នៅលើដែនដីកូសាំងស៊ីន ឬដែនដីកម្ពុជាក្រោម។
កាលពីសម័យអាណានិគមបារាំងក្នុងឆ្នាំ១៩២៤ រដ្ឋាភិបាលបារាំងនៅស្រុកកូសាំងស៊ីន បានធ្វើជំរឿនប្រជាពលរដ្ឋ បានឲ្យដឹងថា នៅកម្ពុជាក្រោម ឬកូសាំងស៊ីន មានប្រជារាស្រ្តខ្មែរក្រោមចំនួន ៨សែននាក់។ លុះដល់ឆ្នាំ១៩៦៨ ក្រុមរណសិរ្សតស៊ូកម្ពុជាក្រោមបានអះអាងថា ប្រជារាស្ត្រខ្មែរក្រោមមានទាំងអស់ ៤.០៤៧.៥០០នាក់ រស់នៅតាម ២១ខេត្តក្រុង នៅទូទាំងដែនដីកម្ពុជាក្រោម។
ចំណែកលោក ឆាលស៍ អេហ្គ័រ (Charles Agar) ជាជនបរទេសម្នាក់ដែលបានសរសេរសៀវភៅមគ្គុទ្ទេសក៍មួយក្បាលមានចំណងជើងថា វៀតណាមរួមទាំងអង្គរវត្ត បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៦មក បានឲ្យដឹងថា Mekong Delta ឬកម្ពុជាក្រោម មានប្រជាពលរដ្ឋរស់នៅទាំងអស់ ១៧លាននាក់ ក្នុងនោះរួមទាំងខ្មែរក្រោមម្ចាស់ស្រុកផង គឺភាគច្រើនប្រកបរបរកសិកម្ម និងនេសាទ។ ចំណែកសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរក្រោមទាំងអស់ប្រមាណ ៨លាននាក់រស់នៅលើដែនដីកម្ពុជាក្រោម។
លោក គឹម សាអ៊ូល ជាអតីតអនុសេនីយ៍ត្រីនៃកងយោធពលខេមរជាតិរបស់របបសាធារណរដ្ឋខ្មែរ នាដើមទសវត្ស ១៩៧០ និងជាអ្នកនិពន្ធខ្មែរមួយរូបដែរ បានសរសេរបញ្ជាក់ក្នុងសៀវភៅដែលមានចំណងជើងថា ដែនដីកម្ពុជាក្រោមបានឲ្យដឹងបន្ថែមថា ប្រជាពលរដ្ឋខ្មែរក្រោម ២ ភាគ ៣ ជាកសិករ។ ចំណែកអ្នករដ្ឋការ និងអ្នកជំនួញមានតិចតួចទេ គឺមានតែ ១ ភាគ ៣ ប៉ុណ្ណោះ។
កសិករខ្មែរក្រោមម្នាក់សូមជម្រាបឈ្មោះជាអក្សរកាត់ ល. រ.ស.ម រស់នៅក្នុងខេត្តឃ្លាំង ដែលវៀតណាមហៅថា សុកទ្រាំង មានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរក្រោមនៅខេត្តឃ្លាំង ភាគច្រើនជាកសិករមានជីវភាពក្រីក្រលំបាក។
កសិករ ល. រ.ស.ម បានបញ្ជាក់ថា ៖ «របរធំបំផុតគឺរបរស្រែ អាជីវកម្មស្រែចម្ការ។ ជីវភាពរស់នៅនោះ មានការលំបាកលំបិនណាស់ តឹងតែងណាស់! កសិករដែលរស់នៅកន្លែងហ្នឹង មានការប្រកបរបរធ្វើស្រែនោះ មានការហត់នឿយជាទីបំផុត។ ធ្វើបាននាមតែធ្វើ គ្មានបានចំណេញអីទេ។ របរធំបំផុតគឺរបរស្រែ បើយើងមិនធ្វើ មិនដឹងរស់ជាមួយនឹងអី?»។
សៀវភៅ ដែនដីកម្ពុជាក្រោម បានឲ្យដឹងបន្តថា នៅតាមភូមិនីមួយៗនៅឯដែនដីកម្ពុជាក្រោម តែងតែមានវត្តដើម្បីទុកជាទីសក្ការបូជា ដោយមានផ្ទះអ្នកស្រុកព័ទ្ធជុំវិញ។ អ្នកនិពន្ធ គឹម សាអ៊ូល សង្កេតឃើញកាលពីមុនឆ្នាំ១៩៧៥ នៅកម្ពុជាក្រោម គឺភូមិនីមួយៗមានផ្ទះយ៉ាងតិច ១០ខ្នង ដែលមានទីធ្លាធំល្វឹងល្វើយ។ លក្ខណៈសំខាន់នៃភូមិអ្នកស្រុកខ្មែរក្រោម គឺមានគុម្ពឫស្សីជាសញ្ញាខណ្ឌដាច់ដោយឡែកពីភូមិមួយទៅភូមិមួយ។ នៅចន្លោះភូមិនីមួយៗមានផ្លូវលំកាត់ខ្វាត់ខ្វែង ងាយធ្វើគមនាគមន៍។
ប្រជាពលរដ្ឋខ្មែរក្រោមមួយរូបសុំមិនជម្រាបឈ្មោះ សព្វថ្ងៃរស់នៅក្នុងខេត្តក្រមួនស ដែលវៀតណាមហៅថា រ៉ាច់យ៉ា មានប្រសាសន៍ថា ថ្វីបើកម្ពុជាក្រោមជាដែនដីទំនាបជាប់អាងទន្លេមេគង្គក្ដី ប៉ុន្តែបច្ចុប្បន្នមិនសូវមានបញ្ហាការលិចទឹក ប៉ះពាល់ដល់ភូមិឋានរបស់អ្នកស្រុកទេ ព្រោះមានប្រព័ន្ធលូច្រើនដែលអាចជួយបង្ហូរទឹកចេញបានទាន់ពេលវេលា។
ពលរដ្ឋដដែលបានបញ្ជាក់ថា ៖ «ការលិចទឹកនេះមានចំនួនតិចណាស់ មកពីឥឡូវនេះគេមានធ្វើលូបង្ហូរទឹកនោះច្រើន។ ពិតមែនតែតំបន់នោះទំនាបមែន ប៉ុន្តែតំបន់នោះមិនសូវលិចទឹកពេកនោះទេ។ បើមានលិច ច្រើនលិចខែភ្ជុំបិណ្ឌ ទឹកជន់រដូវហ្នឹង តែបើហួសពីហ្នឹង ទឹកតិចណាស់ អត់មានឡើងដល់ផ្ទះទេ»។
លោក គឹម សាអ៊ូល អ្នកនិពន្ធសៀវភៅ ដែនដីកម្ពុជាក្រោម បានអះអាងឲ្យដឹងបន្ថែមថា ផ្ទះខ្មែរក្រោមមាន ៣ប្រភេទខុសពីគ្នា។ ប្រភេទទី១ ជាផ្ទះដែលសង់ជាប់នឹងដី ធ្វើពីឫស្សី ឬឈើ តែប្រក់ស្លឹក តែមានគ្រឹះដែលគេចាក់ដីធ្វើជាគ្រឹះឲ្យខ្ពស់ពីដី នៅក្នុងបរិវេណផ្ទះកម្ពស់ប្រហែល ២តឹក។ ប្រភេទទី២ ជាផ្ទះសង់ផ្ទាល់នឹងដីដែរ តែធ្វើពីឈើប្រក់ក្បឿង ឬប្រក់ស្លឹក សង់លើគ្រឹះធ្វើអំពីស៊ីម៉ងត៍មានកម្ពស់ពី ២ ទៅ ៤តឹក។
កសិករខ្មែរក្រោមអម្បាញ់មិញមានប្រសាសន៍អំពីសំណង់លំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរក្រោមថា ច្រើនសង់លើដីគ្រឹះដែលមានកម្ពស់ប្រមាណ ៤តឹកពីដីរាប ប្រក់ស្លឹកចាក មិនប្រក់ស្បូវដូចនៅកម្ពុជាកណ្ដាលទេ គឺគេសង់ទៅតាមកម្រិតធនធាននៃគ្រួសារនីមួយៗ ៖ «សម័យឥឡូវ អ្នកដែលមានទ្រព្យសម្បត្តិកណ្ដាល គេសង់ផ្ទះប្រក់ស្លឹក គេប្រើសសរស្រុកធម្មតា ដូចជាដើមស្មាច់ ដើមទន្ទឹម បានន័យថា ឈើណាត្រង់ល្អដែលគេអាចយកមកធ្វើសសរផ្ទះបាន។ ប្រក់ស្លឹកបានន័យថា ស្លឹកចាកដែលវាមានទម្រង់ប្រហែល ៥សង់ទីម៉ែត្រ វែងប្រហែល ១ម៉ែត្រ ឬជាង ១ម៉ែត្រ ស្លឹកនោះគឺស្លឹកចាក។ ចំណែកអ្នកក្រមែនទែនក៏ប្រក់ស្លឹកចាកដែរ គេអត់ប្រើស្បូវទេ គេប្រើស្លឹកចាក។ ស្លឹកចាកហ្នឹងវាដុះតាមជួរ នៅជួរមាត់ព្រែក គេទៅកាប់យកមកដេរជាស្លឹក និងយកមកប្រក់»។
ចំណែកកសិករខ្មែរក្រោមមួយរូបទៀតមានប្រសាសន៍ឲ្យដឹងបន្ថែមអំពីសំណង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរក្រោម នៅឯដែនដីកម្ពុជាក្រោម ៖ «ឥឡូវនេះ ការដែលសង់ផ្ទះច្រើនមានលក្ខណៈស័ង្កសី ស្លឹកមានខ្លះដែរ។ ដំបូលស័ង្កសីនិងស្លឹកច្រើន។ អ្នកក្រីក្រ ហើយមានផ្ទះមួយចំនួនទៀតដំបូលក៏ស្លឹក ជញ្ជាំងស្លឹកៗទាំងអស់»។
សៀវភៅ ដែនដីកម្ពុជាក្រោម បញ្ជាក់ថា ផ្ទះប្រភេទទី៣ ដែលខ្មែរក្រោមនិយមសង់គឺជាផ្ទះថ្ម សង់លើគ្រឹះស៊ីម៉ងត៍ កម្ពស់ប្រហែលកន្លះម៉ែត្រក្រាលឥដ្ឋ។
ពលរដ្ឋខ្មែរក្រោមសុំមិនបញ្ចេញឈ្មោះ នៅខេត្តឃ្លាំង និងខេត្តក្រមួនស មានប្រសាសន៍ឲ្យដឹងបន្ថែមអំពីសំណង់ផ្ទះប្រភេទទី៣ ដែលប្រជាពលរដ្ឋខ្មែរក្រោមអ្នកមានទ្រព្យធនធូរធារ និយមសង់នៅឯដែនដីកម្ពុជាក្រោម។
ពលរដ្ឋខ្មែរក្រោមដដែលបានឲ្យដឹងថា ៖ «អ្នកដែលមានទ្រព្យសម្បត្តិគ្រាន់បើ គេធ្វើផ្ទះថ្ម... ជាផ្ទះដែលសង់ផ្ទាល់នឹងដី ផ្ទះតម្កល់ ជញ្ជាំងឥដ្ឋ ដំបូលប្រក់ស័ង្កសី។ ផ្ទះជញ្ជាំងថ្មនោះមានចំនួនតិចណាស់»។
សៀវភៅ ដែនដីកម្ពុជាក្រោម របស់អ្នកនិពន្ធ គឹម សាអ៊ូល បញ្ជាក់បន្ថែមថា ការដែលប្រជាពលរដ្ឋខ្មែរក្រោមរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ និងទំនៀមទម្លាប់ខ្មែរ បានរហូតដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយសារព្រះសង្ឃ និងព្រះពុទ្ធសាសនាជាគោល៕
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម (ភាគ៨)
2010-04-11
ទាំងខ្មែរក្រោមនៅឯដែនដីកម្ពុជាក្រោម និងខ្មែរក្រោមនៅឯបរទេសភាគច្រើន តែងតែរួមគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីទៅតាមប្រពៃណីខ្មែរ ដូចនៅកម្ពុជាដែរ។
អ្នកស្រី មឿង ទុម សូមជូនសេចក្ដីរាយការណ៍អំពីពិធីបុណ្យចូលឆ្នាំថ្មី ដែលប្រជាពលរដ្ឋខ្មែរក្រោមនៅឯបរទេសប្រារព្ធក្នុងឆ្នាំនេះ ៖
ដើមកំណើតនិងជីវិតរស់នៅរបស់ខ្មែរកម្ពុជាក្រោម (ភាគ៦)
2010-03-28
តាម ការសិក្សារបស់ពួកអ្នកឯកទេសខាងជាតិពិន្ទុសាស្ត្រអំពីពួកជនជាតិ ភាគតិចក្នុងសាធារណរដ្ឋយៀកណាម ក្នុងឆ្នាំ១៩៦៦ បានពិពណ៌នាអំពីខ្មែរក្រោមថា ខ្មែរក្រោមជាអ្នកបន្តពូជខ្មែរបូរាណនៃអាណាចក្រ ហ្វូណន។
លោកបណ្ឌិត ឃិន សុខ សាស្ត្រាចារ្យបង្រៀនភាសា និងប្រវត្តិសាស្ត្រខ្មែរ ថៃ លាវ និងភូមា នៅវិទ្យាស្ថានភាសាជាតិ និងអារ្យធម៌បូព៌ាប្រទេស នៃវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា កាលពីចន្លោះសតវត្សទី១ ដល់ទី៦ ពួកអ្នកប្រាជ្ញចិនដែលស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ បានហៅស្រុកខ្មែរ រួមទាំងកម្ពុជាក្រោមផង ថា ហ្វូណន។
លោកបញ្ជាក់ថា ពួកអ្នកប្រាជ្ញបារាំងមួយចំនួនគិតថា បើយោងទៅតាមភាសាចិនហៅនេះ គឺស្រុកខ្មែរមានឈ្មោះថា នគរភ្នំ ព្រោះពាក្យចិន ហ្វូ មានន័យជាភាសាខ្មែរថា ភ្នំ ឬប្រទេស ចំណែកពាក្យ ណន គឺមានន័យថា ខាងត្បូង។
សហព័ន្ធខ្មែរកម្ពុជាក្រោមក៏បានបញ្ជាក់បន្ថែមនៅក្នុងសៀវភៅ ដែលមានចំណងជើងថា "ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង" បោះពុម្ពផ្សាយក្នុងឆ្នាំ២០០៩ ដោយបានរំឭកឲ្យដឹងដែរថា កាលពីចន្លោះគ្រឹះសករាជ ១ ដល់ទី ៥៥០ កម្ពុជាក្រោមដែលជាផ្នែកមួយរបស់ព្រះរាជាណាចក្រខ្មែរនោះក៏ត្រូវ បានគេហៅថា ហ្វូណន ឬនគរភ្នំ ដែលមានបុព្វបុរសខ្មែររស់នៅតាំងពីរាប់ពាន់ឆ្នាំ មុនមានការកត់ត្រាប្រវត្តិសាស្ត្រម្ល៉េះ។
លោកអនុបណ្ឌិត យាង វីរបុត្រ បច្ចុប្បន្នជាសាស្ត្រាចារ្យបង្រៀនផ្នែកសិលាចារឹក និងភាសាវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមថា ៖ «ខ្មែរក្រោមក៏ ជាជនជាតិខ្មែរដែរ ព្រោះជាប់ពូជពង្សតាំងពីសម័យនគរភ្នំ ហើយបានបន្តប្រើប្រាស់ភាសាខ្មែរដែលជាភាសាទំនើបសម័យបច្ចុប្បន្ន នេះ ដែលបន្តមកពីសម័យបូរាណនោះ គឺនៅតែបន្តនិយាយភាសាខ្មែរហ្នឹងតទៅទៀត»។
សៀវភៅ ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង អះអាងបន្តថា កាលពីចន្លោះគ្រិស្តសករាជទី៥៥០ ដល់ ៦៨១ ហ្វូណន ឬនគរភ្នំ ត្រូវបានគេហៅថា ចេនឡា។ ត្រង់វគ្គនេះ លោកសាស្ត្រាចារ្យ ឃិន សុខ មានប្រសាសន៍ថា ចាប់ពីចន្លោះសតវត្សទី៧ ដល់ទី១៤ ចិនបានហៅស្រុកខ្មែរ ដែលមានរួមទាំងដែនដីកម្ពុជាក្រោមផងថា ចេនឡា តែគេពុំដឹងថា ការប្ដូរនេះមកពីហេតុអ្វីនោះទេ។ ប៉ុន្តែចេនឡាស្រុកខ្មែរកាលណោះ គេសម្គាល់ឃើញថា ផ្នែកខាងត្បូងលិចទឹក និងផ្នែកខាងជើងមិនលិចទឹក ដូច្នេះគេហៅផ្នែកលិចទឹកថា ចេនឡាទឹកលិច ដែលមានដែនដីកម្ពុជាក្រោម និងចេនឡា ដីគោក ដែលមានកម្ពុជាកណ្ដាល។
សហព័ន្ធខ្មែរកម្ពុជាក្រោមបញ្ជាក់ថា គឺនៅចន្លោះគ្រិស្តសករាជ ៦៨១ ដល់ ៨០២ ផ្នែកខាងត្បូងលិចទឹក គឺកម្ពុជាក្រោម ត្រូវបានគេហៅថា ចេនឡាទឹក។ ប៉ុន្តែក្នុងអំឡុងពេលដែលកម្ពុជាក្រោម ឋិតក្រោមរបបអាណានិគមបារាំង ចន្លោះពីគ្រិស្តសករាជ ៨០២ ដល់ ១៨៦២ ចេនឡាទឹកត្រូវបានបារាំងប្ដូរហៅថា កូសាំងស៊ីន រីឯប្រជាពលរដ្ឋខ្មែរក្រោមវិញ បារាំងហៅថា Cambodgien។ លុះដល់ចន្លោះឆ្នាំ១៨៦២ ដល់ ១៩៤៩ ក្រោមរដ្ឋាភិបាលអាណានិគមវៀតណាម កម្ពុជាក្រោម ឬកូសាំងស៊ីន ត្រូវបានវៀតណាមប្ដូរមកជារដ្ឋយៀកណាម ដែលជាឈ្មោះប្រទេសវៀតណាមទាំងមូល។
សៀវភៅដដែលអះអាងបន្តថា ប៉ុន្តែបច្ចុប្បន្នប្រទេសយៀកណាមដែលក្នុងនោះមានរួមទាំងកម្ពុជា ក្រោមផង ត្រូវបានប្ដូរមកជាសាធារណរដ្ឋសង្គមនិយមយៀកណាម។
សហព័ន្ធខ្មែរកម្ពុជាក្រោមបញ្ជាក់ថា ឈ្មោះរបស់ដែនដីកម្ពុជាក្រោមក៏ត្រូវបានវៀតណាម ហៅថា ណាមគី និងហៅខ្មែរក្រោមថា មៀង ឬហៅថា យៀកណាមកំណើតខ្មែរ ឬហៅថា ខ្មែរណាមបូ ឬវៀតណាម គ្រាន់តែហៅខ្មែរក្រោមថា ជនជាតិ។ បើទោះបីដែនដីកម្ពុជាក្រោម និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមត្រូវបានពួកអាណានិគមប្ដូរឈ្មោះ ជាបន្តបន្ទាប់ដូច្នោះក្តី ក៏ពលរដ្ឋខ្មែរក្រោមនៅតែរក្សាបាននូវភាសាកំណើតនៃបុព្វបុរសខ្មែរ រហូតមកដល់សព្វថ្ងៃនេះ។
លោកសាស្ត្រាចារ្យ យាង វីរបុត្រ មានប្រសាសន៍ថា ៖ «ខ្មែរក្រោមបាន បន្តប្រើប្រាស់ភាសាខ្មែរហ្នឹង តែលក្ខណៈនៃការបញ្ចេញសូររបស់គេ គ្រាន់តែមានសំនៀងខុសប្លែកពីយើងបន្តិច។ ប៉ុន្តែភាសាដែលគេនិយាយ គឺនៅតែជាភាសាខ្មែរដដែល។ បើពិនិត្យលើទម្រង់វេយ្យាករណ៍ ពាក្យសព្ទ មានការខុសប្លែកគ្នាបន្តិចបន្តួចនោះមែនទែន សឹងតែរកលក្ខណៈខុសប្លែកគ្នាដាច់ឆ្ងាយនោះអត់បាន។ ដូច្នេះបានន័យថា ខ្មែរកម្ពុជាក្រោមក៏ជាពូជពង្សខ្មែរ ដែលជាប់ឈាមជ័រខ្មែរតាំងពីអតីតកាលមក»។
អ្នកនិពន្ធម្នាក់គឺលោក គឹម សាអ៊ូល សរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរមួយក្បាល ដែលមានចំណងជើងថា ដែនដីកម្ពុជាក្រោម បោះពុម្ពផ្សាយតាំងពីឆ្នាំ១៩៧១ បានបញ្ជាក់ឲ្យដឹងបន្ថែមថា ក្នុងចំពោះខ្មែរក្រោមក្នុងភាសានិយាយ បើមានលក្ខណៈខុសគ្នាពីសំនៀងភាសាខ្មែរកណ្ដាល គឺខុសតែពីការប្រើពាក្យសម្ដី និយាយតាមគ្រាមភាសាតែប៉ុណ្ណោះ។ ក្នុងការរស់នៅប្រចាំថ្ងៃ ខ្មែរក្រោមកាន់ទំនៀមទម្លាប់ប្រពៃណី ដូចនៅខ្មែរកណ្ដាលដែរ។
ប្រជាពលរដ្ឋខ្មែរក្រោមម្នាក់សូមជម្រាបឈ្មោះជាអក្សរកាត់ ដ រ ធ បច្ចុប្បន្នរស់នៅក្នុងខេត្តក្រមួនស ដែលវៀតណាមហៅថា ខេត្តរ៉ាច់យ៉ា មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមអំពីការដែលប្រជាពលរដ្ឋ ខ្មែរកម្ពុជាក្រោម នៅឯដែនដីកម្ពុជាក្រោមមានខ្លះនៅបន្តកាន់ទំនៀមទម្លាប់ប្រពៃណី ខ្មែរបានយ៉ាងខ្ជាប់ខ្ជួន។
លោក ដ រ ធ បានឲ្យដឹងថា ៖ «បានខាងទំនៀមទម្លាប់ប្រពៃណីរបស់ ខ្មែរយើង ដូចជារក្សាអត្តសញ្ញាណខ្មែរ រក្សាទំនៀមទម្លាប់ប្រពៃណី ដូចជារៀបចំមង្គលការជាលក្ខណៈខ្មែរ និងដូចជារក្សាអ្នកចូលបួសនោះបានរៀនភាសាអក្សរសាស្ត្រជាតិនោះ បានច្បាស់លាស់»។
កាលពីសម័យអាណានិគមបារាំងក្នុងឆ្នាំ១៩២៤ រដ្ឋាភិបាលបារាំងនៅស្រុកកូសាំងស៊ីនបានធ្វើជំរឿនប្រជាពលរដ្ឋ បានឲ្យដឹងថា នៅកម្ពុជាក្រោមឬកូសាំងស៊ីន មានប្រជារាស្ត្រខ្មែរក្រោមចំនួន ៨សែននាក់។ លុះដល់ឆ្នាំ១៩៦៨ ក្រុមរណសិរ្សតស៊ូកម្ពុជាក្រោមបានអះអាងថា ប្រជារាស្ត្រខ្មែរក្រោមមានទាំងអស់ ៤.០៤៧.៥០០នាក់ រស់នៅតាម ២១ខេត្តក្រុង នៅទូទាំងដែនដីកម្ពុជាក្រោម។
ចំណែកលោក ឆាលស៍ អេហ្គ័រ (Charles Agar) ជាជនបរទេសម្នាក់ បានសរសេរសៀវភៅមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវទេសចរណ៍ មានចំណងជើងជាភាសាអង់គ្លេសថា Vietnam Including Angkor Wat បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៦មក បានឲ្យដឹងថា កម្ពុជាក្រោម ឬ Mekong Delta មានប្រជាពលរដ្ឋរស់នៅទាំងអស់ ១៧លាននាក់ ក្នុងនោះរួមមានទាំងខ្មែរកម្ពុជាក្រោមដែលជាម្ចាស់ស្រុកផង ភាគច្រើនប្រកបរបរកសិកម្ម និងនេសាទ។ សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរក្រោមទាំងអស់ជាង ៨លាននាក់ រស់នៅទូទាំងដែនដីកម្ពុជាក្រោមដែលមានទំហំ ៦៨.៩៦៤គីឡូម៉ែត្រក្រឡា៕
ធនធានធម្មជាតិនៅដែនដីកម្ពុជាក្រោម (ភាគ៥)
2010-03-21
កម្ពុជា ក្រោមអតីតដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែផ្តល់អំណោយផលល្អដល់ដំណាំស្រូវ ដំណាំកសិកម្មជាច្រើនមុខនោះទេ គឺថែមទាំងសំបូរទៅដោយព្រៃឈើ និងមានសត្វជាច្រើនប្រភេទថែមទៀត។
AFP Photo
១៦-កញ្ញា-២០០៤: ទេសភាពនៅលើកោះត្រល់ ដែលវៀតណាមហៅថា ភូក្វុក (Phu Quoc)
អ្នកនិពន្ធខ្មែរជាច្រើនដែលបានសរសេរសៀវភៅទាក់ទិននឹងដែនដី កម្ពុជាក្រោម ក្នុងនោះរួមមានទាំងសៀវភៅដែលមានចំណងជើងថា "ដែនដីកម្ពុជាក្រោម" និពន្ធដោយលោក គឹម សាអ៊ូល បោះពុម្ពផ្សាយតាំងពីឆ្នាំ១៩៧១ បានឲ្យដឹងថា កម្ពុជាក្រោមមានពីរផ្នែក គឺកម្ពុជាក្រោមប៉ែកខាងកើត ឬពីដើមហៅថា ស្រុកដូណៃ ឋិតនៅខាងកើតនៃកំពង់ផែព្រៃនគរ សព្វថ្ងៃវៀតណាមហៅថា ក្រុងហូជីមិញ ភូមិភាគនេះជាតំបន់ខ្ពង់រាប។ ចំណែកកម្ពុជាក្រោមប៉ែកខាងលិចវិញ គឺឋិតនៅប៉ែកខាងលិចនៃកំពង់ផែព្រៃនគរ នៅត្រើយខាងឆ្វេងនៃទន្លេសៃកុង ដែលសព្វថ្ងៃមានឈ្មោះមួយទៀតហើយ ថា ភូមិភាគដែនដីសណ្ដ។
ពលរដ្ឋខ្មែរក្រោមមួយរូបគឺលោក សាំង ម៉ាក់សាង ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា "កូសាំងស៊ីនជាដែនដីរបស់ខ្មែរ" ចុះផ្សាយតាំងពីឆ្នាំ១៩៧៣ បានឲ្យដឹងថា កម្ពុជាក្រោម ឬកូសាំងស៊ីន គឺជាប្រទេសចុងដៃនៃអាណាចក្រខ្មែរដ៏សំបូរ ព្រោះដោយសារដែនដីនេះលាតសន្ធឹងតាមដងទន្លេ ដែលជាវាលល្បប់សំខាន់សម្រាប់ដំណាំស្រូវ និងកៅស៊ូ។
លោក តឹង ម៉ាន់រិន នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមថា នៅតាមមាត់សមុទ្រនៃដែនដីកម្ពុជាក្រោម សំបូរទៅដោយដើមស្មាច់ដែលគេអាចយកមកធ្វើសសរផ្ទះសម្បែងបានយ៉ាង ជាប់ល្អ។
លោក តឹង ម៉ាន់រិន បានបញ្ជាក់ថា ៖ «ឈើស្មាច់ៗហ្នឹងវាដុះនៅទឹក ប្រៃ បានន័យថា ដុះនៅជាយសមុទ្រ។ តំបន់ព្រៃទឹកខ្មៅ មានស្មាច់ច្រើនណាស់។ ដូច្នោះអ្នកស្រុកកាប់ស្មាច់យកមកធ្វើសសរផ្ទះអីជាដើម។ ពីជំនាន់មុន គេប្រើឈើស្មាច់ហ្នឹង»។
លោកស្រី គីម ធីអ៊ូយ ហៅយាយទៀង អតីតគ្រូបង្រៀន និងជាពលរដ្ឋខ្មែរក្រោមនៅខេត្តព្រះត្រពាំង ដែលវៀតណាមហៅថា ខេត្តត្រាវីញ បានកត់ត្រានៅក្នុងសៀវភៅភាគទី១ មានចំណងជើងថា អង្គការជានរណា? បោះពុម្ពផ្សាយកាលពីដើមឆ្នាំ១៩៩៤ បានឲ្យដឹងថា កម្ពុជាក្រោមជាដែនដីទំនាប មានជីជាតិគ្រប់បែបយ៉ាង សំបូរទៅដោយធនធានកសិកម្ម ស្រូវ ត្រី និងដំណាំគ្រប់មុខ។
សៀវភៅ ដែនដីកម្ពុជាក្រោម ក៏បានបញ្ជាក់ដែរថា ភូមិភាគដែនដីសណ្ដនៅកម្ពុជាក្រោម ជាតំបន់វាលទំនាប មានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ សំបូរដោយព្រែក ទន្លេ អូរ ជ្រលង និងបឹងបួ។ ដីនៅតំបន់នោះមានជីជាតិល្អណាស់សម្រាប់វិស័យកសិកម្ម ។ កម្ពុជាក្រោមមានទន្លេធំៗពីរហូរកាត់ គឺទន្លេមេគង្គ និងទន្លេបាសាក់។
បណ្ដាញវ៉ឹបសាយថ៍របស់ទស្សនាវដ្ដីខ្មែរកម្ពុជាក្រោមបានឲ្យដឹង បន្ថែមថា នៅតាមដងទន្លេមេគង្គក្នុងដែនដីកម្ពុជាក្រោម មានដីស្រែ និងដីព្រៃទំហំប្រមាណ ៤ម៉ឺនគីឡូម៉ែត្រការ៉េ។ សៀវភៅមួយក្បាលទៀតដែលហៅថា "កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម" របស់លោក ត្រាំង ឆាតប៊ុត បានអះអាងឲ្យដឹងបន្ថែមថា កម្ពុជាក្រោមជាជង្រុកស្រូវមួយនៅលើពិភពលោក។
លើសពីនេះទៅទៀត កម្ពុជាក្រោមមានព្រែកជីកប្រវត្តិសាស្ត្រមួយដែលគេហៅថា ជំនីត ព្រែកតេង ឬតែអុងអនុស្សារ ឬព្រែកជីកវិញតេ ដែលមានប្រវែង ៥៣គីឡូម៉ែត្រ និងទទឹង ២៥គីឡូម៉ែត្រ លាតសន្ធឹងចាប់ពីខេត្តមាត់ជ្រូក ដែលវៀតណាមហៅថា ចូវដុក រហូតទៅដល់ខេត្តពៀម ដែលវៀតណាមហៅថា ហាទៀង។ មិនតែប៉ុណ្ណោះ ទីក្រុងព្រៃនគរ ដែលវៀតណាមហៅថា សែហ្គន ឬក្រុងហូជីមិញ ជាអតីតរាជធានីសេដ្ឋកិច្ចដ៏សំខាន់របស់អាណាចក្រខ្មែរ នៅឯដែនដីកម្ពុជាក្រោម ព្រោះមានកំពង់ផែសមុទ្រតាំងពីបូរាណកាលមក។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម មានទីស្នាក់ការនៅអាមេរិកខាងជើង និងនៅអឺរ៉ុប មានប្រសាសន៍ថា ក្រុងព្រៃនគរមានកំពង់ផែអន្តរជាតិ ៖ «យើងឃើញហើយថា តំបន់ដីកម្ពុជាក្រោមគឺជាតំបន់មួយ ដែលមិនមែនទើបតែឥឡូវទេ គឺជាតំបន់ប្រវត្តិសាស្រ្តផ្នែកខាងជំនួញសមុទ្រ ជំនួញអន្តរជាតិ មានកំពង់ផែ។ ពីមុនឃើញមាននៅខាងតំបន់ ខាងនគរគោកធ្លក គឺឃើញមានជំនួញពីឥណ្ឌា ពីអន្តរជាតិ។ ក្រោយមក ធំនោះគឺនៅទីក្រុងព្រៃនគរនោះតែម្តង ហើយដែលបន្ទាប់ពីសម័យក្រោយមក ហើយយើងឃើញរហូតមកដល់សព្វថ្ងៃនេះ សូម្បីតែប្រទេសវៀតណាមហ្នឹងគេបានចំរុងចម្រើន ដោយសារដែនដីព្រៃនគរនោះតែម្តង»។
បណ្ដាញវ៉ឹបសាយថ៍របស់ទស្សនាវដ្ដីខ្មែរកម្ពុជាក្រោម បានឲ្យដឹងបន្ថែមថា កម្ពុជាក្រោមមានភ្នំសំខាន់ៗជាច្រើន ដូចជាភ្នំជើងបាដេង នៅក្នុងខេត្តរោងដំរី ដែលវៀតណាមហៅថា ខេត្តតៃនិញ។ នៅខេត្តមាត់ជ្រូក ដែលវៀតណាមហៅថា ខេត្តចូវដុក មានភ្នំខ្តៅ ភ្នំតាខ្វា ភ្នំអកយំ ភ្នំពពាល ភ្នំអ្នកតាស្នូក និងភ្នំត្រដក់។
សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា កម្ពុជាក្រោមមានកោះពីរបន្ថែមទៀត គឺកោះត្រល់ វៀតណាមហៅថា កោះភូក្វុក និងកោះត្រឡាច វៀតណាមហៅថា កោះកូវដាវ បារាំងហៅថា ពូឡូកុងដ័រ។ ធនធានសម្បត្តិធម្មជាតិខ្មែរដ៏មានតម្លៃនៅឯតំបន់កោះទាំងនោះ គឺប្រេងកាត ដែលឋិតនៅក្រោមដែនដីខ្ពង់រាបបាតសមុទ្រ។
គណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសបារាំង បានឲ្យដឹងថា នៅក្រោមតំបន់ខ្ពង់រាបបាតសមុទ្ររបស់ខ្មែរ មានសម្បត្តិជីវសាស្ត្រ ធនធានធម្មជាតិ និងធនធាននៃការនេសាទ ជាដើម។ល។
សព្វថ្ងៃនេះ សាធារណរដ្ឋសង្គមនិយមវៀតណាមបានកែច្នៃកោះត្រល់ធ្វើជាតំបន់ទេសចរណ៍ ដ៏សំខាន់មួយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសបានរាប់ពាន់នាក់ក្នុងមួយខែៗ។ ទំព័រវ៉ឹបសាយថ៍របស់ក្រុមហ៊ុនទេសចរណ៍វៀតណាម ឈ្មោះ ហៃវិនញ៉ូ (Hai Venu) បានឲ្យដឹងបន្ថែមថា កោះត្រល់ដែលវៀតណាមហៅថា ភូក្វុក បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅ ៦ម៉ឺននាក់ ប្រកបរបរនេសាទ ដាំស្វាយចន្ទី និងដាំម្រេចខ្មៅ។ មិនតែប៉ុណ្ណោះ កោះត្រល់មានចំណតយន្តហោះតូចមួយ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើន និងមានសេវាដឹកភ្ញៀវទេសចរណ៍កម្រាន្តតាមនាវាមុជទឹកតូចៗ។ ដូចជាដឹកភ្ញៀវទៅមើលផ្កាថ្ម មច្ឆាជាតិ សត្វសមុទ្រល្អប្លែក និងសម្បត្តិធម្មជាតិដ៏ល្អ នៅក្នុងសមុទ្រ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ និងពលរដ្ឋខ្មែរក្រោមមួយចំនួន ថ្លែងអះអាងប្រាប់វិទ្យុអាស៊ីសេរីថា ខ្មែរក្រោមដែលជាម្ចាស់ទឹកដីពិតប្រាកដរាប់លាននាក់ កន្លងមកនេះពុំបានទទួលផលពីសម្បត្តិធនធានធម្មជាតិខ្មែរទាំងនោះ ឲ្យបានសមរម្យប្រកបដោយយុត្តិធម៌ ក្នុងនាមជាម្ចាស់ដែនដីនោះទេ។ លោកថា ភាគច្រើននៃពលរដ្ឋខ្មែរក្រោមនៅទូទាំងដែនដីកម្ពុជាក្រោមសព្វថ្ងៃ រស់នៅក្នុងស្ថានភាពក្រីក្រលំបាក។
កសិករខ្មែរក្រោមម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងខេត្តក្រមួនស ដែលវៀតណាមហៅថា រ៉ាច់យ៉ា មានប្រសាសន៍ថា ៖ «តំបន់នៅឯនេះ ខ្មែរយើងនៅក្រច្រើន។ គ្មានលុយឯណាដល់ទិញឡានជិះទេ។ ជិះម៉ូតូ ប៉ុន្តែម៉ូតូធុនរបស់ចិន ដែលមានតម្លៃថោកៗហ្នឹង»។
កម្ពុជាក្រោមអតីតដែនដីខ្មែរមិនត្រឹមតែសំបូរធនធានធម្មជាតិជា ច្រើនប្រភេទ ដូចដែលបានរៀបរាប់ជូនខាងលើប៉ុណ្ណោះទេ គឺមានទាំងសំណង់បូរាណ ដូចជាប្រាង្គប្រាសាទបូរាណ និងសិលាចារឹកខ្មែរជាច្រើនទៀត និងវត្តអារាមជាច្រើនដែលមានតម្លៃសម្រាប់ប្រវត្តិសាស្ត្រខ្មែរ និងប្រជាជាតិខ្មែរ៕
ធនធានធម្មជាតិនៅដែនដីកម្ពុជាក្រោម (ភាគ៤)
2010-03-14
ដែន ដីកម្ពុជាក្រោមឬកូសាំងស៊ីន ត្រូវបានគេហៅជាភាសាអង់គ្លេសថា Mekong Delta ឬដែនដីសណ្តទន្លេមេគង្គ ឋិតនៅភាគខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្ន។
Photo supplied
ព្រះសង្ឃពុទ្ធសាសនាខ្មែរកម្ពុជាក្រោមច្រូតស្រូវនៅក្នុងទឹកដីកម្ពុជាក្រោម (ក្នុងប្រទេសវៀតណាម)
លោក ឆាលស៍ អេហ្គ័រ (Charles Agar) ជាជនបរទេសម្នាក់បានសរសេរសៀវភៅប្រវត្តិសាស្រ្តមួយក្បាលមានចំណងជើង ថា "វៀតណាមរួមទាំងអង្គរវត្ត" បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៦មក បានឲ្យដឹងថា Mekong Delta ឬកម្ពុជាក្រោម មានដីមួយផ្នែកទំហំប្រមាណ ៦ម៉ឺនគីឡូម៉ែត្រការ៉េ ឋិតនៅតាមដងទន្លេមេគង្គដែលហូរកាត់បីខេត្ត។ ក្នុងចំណោមប្រជាពលរដ្ឋ ១៧លាននាក់នៅទូទាំងកម្ពុជាក្រោម ក្នុងនោះរួមទាំងខ្មែរក្រោមម្ចាស់ស្រុកផង គឺភាគច្រើនប្រកបរបរកសិកម្មនិងនេសាទ។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរក្រោមទាំងអស់ប្រមាណ ៨លាននាក់រស់នៅលើដែនដីកម្ពុជាក្រោម។
កសិករខ្មែរក្រោមមួយរូបអាយុ ៤០ឆ្នាំ សុំជម្រាបឈ្មោះជាអក្សរកាត់ គឺ ល.រ. ស ធ្វើជាគ្រូបង្រៀនផង រស់នៅក្នុងខេត្តឃ្លាំង ដែលវៀតណាមហៅថា សុកទ្រាំង នៅឯដែនដីកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមអំពីរបរកសិកម្មនៅទីនោះ ៖ «របរសំខាន់នោះគឺអាជីវកម្មធ្វើស្រែចម្ការ។ ស្រូវធ្ងន់បូរាណរបស់យើង វាជិតអស់ទៅហើយ ១០ភាគនៅសល់តែ ១ភាគទេ។ ឥឡូវហ្នឹងស្រែគេបង្កបង្កើនផល ១ឆ្នាំ ៣រដូវ ។ ឥឡូវហ្នឹងគេធ្វើស្រូវ ៣ខែហ្នឹងច្រើនបំផុតលេខ១ គេហៅស្រូវស្រាល ស្រូវបង្កើនរដូវ។ ឥឡូវហ្នឹងគេនៅតំបន់ខ្ញុំនេះ ១កុងស្ថិតិពិតប្រាកដគឺបានប្រមាណពី ២៥ ទៅ ៣០ថាំងដោយតំបន់»។
បណ្តាញវ៉ឹបសាយថ៍របស់ទស្សនាវដ្តីខ្មែរកម្ពុជាក្រោមបានឲ្យដឹងដែរ ថា នៅតាមដងទន្លេមេគង្គក្នុងដែនដីកម្ពុជាក្រោម មានដីស្រែនិងដីព្រៃទំហំប្រមាណ ៤ម៉ឺនគីឡូម៉ែត្រការ៉េ។ អ្នកនិពន្ធសៀវភៅ"វៀតណាមរួមទាំងអង្គរវត្ត" លោក ឆាលស៍ អេហ្គ័រ បានឲ្យដឹងបន្តថា ដីកម្ពុជាក្រោមមិនត្រូវបានគេទុកឲ្យទំនេរឡើយ គឺភាគច្រើនគេដាំបំពេញដោយស្រូវលិចទឹក។ ការធ្វើស្រែនៅកម្ពុជាក្រោម គេប្រើទាំងរហាត់បូមទឹករហូតដល់ម៉ាស៊ីនបូមទឹក។ ស្រូវជាធនធានសំខាន់បំផុត ចាត់ជាជន្ទល់សេដ្ឋកិច្ចជាតិនិងស្បៀងរបស់ប្រទេសវៀតណាម។
លោក ឆាលស៍ អេហ្គ័រ អះអាងបន្តថា Mekong Delta ឬកម្ពុជាក្រោម ជាជង្រុកស្រូវរបស់វៀតណាម។ កម្ពុជាក្រោមអាចផលិតស្រូវបានដល់ទៅ ៥០%នៃផលិតផលស្រូវទាំងអស់នៅទូទាំងប្រទេសវៀតណាម។
សៀវភៅ "វៀតណាមរួមទាំងអង្គរវត្ត" បញ្ជាក់ថា ផលិតផលស្រូវនៅកម្ពុជាក្រោមបានធ្វើឲ្យប្រទេសវៀតណាមជាប់ចំណាត់ ថ្នាក់ខ្ពស់ ជិតស្មើនឹងប្រទេសថៃ ជប៉ុន និងអាមេរិកខាងលិច ក្នុងការនាំស្រូវចេញទៅលក់ឯបរទេស។ កាលពីក្នុងអំឡុងពេល ៤ខែនៃដើមឆ្នាំ២០០៥ វៀតណាមអាចនាំស្រូវចេញបានដល់ទៅ ១លានតោន លើសពីឆ្នាំ២០០៤ ២៥%។ ក្នុងនោះវៀតណាមបាននាំស្រូវចំនួន ៥សែន៥ពាន់តោនបញ្ជូនចេញលក់ក្នុងតំបន់អាស៊ី រួមមានលក់ទៅប្រទេសហ្វីលីពីនបានជាង ៤សែនតោន។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអាមេរិកខាងជើងនិងអឺរ៉ុប មានប្រសាសន៍ថា ៖ «ដែន ដីកម្ពុជាក្រោមគឺជាដែនដីសំបូរទៅដោយ ពិសេសគឺដំណាំស្រូវហ្នឹងតែម្តង។ យើងឃើញសព្វថ្ងៃហ្នឹង ប្រទេសយួនទាំងមូលបានទឹកដីកម្ពុជាក្រោម យួន ៨០ប្លាយលាននាក់ គឺរស់ដោយសារអង្ករស្រូវនៅលើទឹកដីកម្ពុជាក្រោមតែម្តង»។
អ្នកនិពន្ធជាជនបរទេសម្នាក់ទៀតឈ្មោះ ដូក្លាស អេ. ហ្វីលីបស៍ (Douglas A. Phillips) សរសេរសៀវភៅមួយក្បាលដាក់ចំណងជើងថា "វៀតណាម" បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៦មក បានឲ្យដឹងបន្ថែមថា ដែនដីកម្ពុជាក្រោម ឬ Mekong Delta ជាតំបន់សំខាន់មួយក្នុងចំណោមតំបន់សំខាន់ៗទាំងបីរបស់ប្រទេស វៀតណាមបច្ចុប្បន្ន។ វៀតណាមហៅកម្ពុជាក្រោម ឬ Mekong Delta ថា តំបន់ ណាំ បូ (Nam Bo) ព្រោះជាតំបន់ដែលឋិតនៅផ្នែកខាងត្បូងនៃប្រទេសវៀតណាម។
លោក ដូក្លាស អេ. ហ្វីលីបស៍ បញ្ជាក់ថា កម្ពុជាក្រោម ឬ ណាំ បូ ជារោងចក្រផលិតសេដ្ឋកិច្ចជាតិសម្រាប់វៀតណាម ដែលរាប់សិបឆ្នាំមកនេះកម្ពុជាក្រោមតែងផ្តល់ភោគទ្រព្យដែលមាន តម្លៃស្មើនឹងពាក់កណ្តាលនៃធនធានរបស់ប្រជាជាតិវៀតណាមទាំងមូល។ ក្រុងព្រៃនគរ ដែលវៀតណាមហៅថា ក្រុងសៃហ្គន ឬហូជីមិញ ឋិតនៅក្នុងដែនដីកម្ពុជាក្រោម ឬ ណាំ បូ មានដីកសិកម្មដែលប្រកបទៅដោយជីជាតិល្អណាស់។ ក្រៅពីដំណាំស្រូវ កម្ពុជាក្រោមមានដាំដំណាំកសិកម្មជាច្រើនមុខទៀត ដែលវៀតណាមបាននាំចេញទៅលក់នៅឯបរទេសដែរ។
បុរសខ្មែរក្រោមម្នាក់សូមជម្រាបឈ្មោះជាអក្សរកាត់ គឺ ដ.រ លោកកំពុងរស់នៅក្នុងខេត្តក្រមួនស ដែលវៀតណាមហៅថា រ៉ាច់យ៉ា នៅឯដែនដីកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមអំពីដំណាំកសិកម្មកម្រិត គ្រួសារដែលប្រជាពលរដ្ឋខ្មែរក្រោមដាំនៅកម្ពុជាក្រោម។
លោក ដ.រ បានបញ្ជាក់ថា ៖ «ដាំមានដាំដំណាំដូចជាត្រាវ ស្ពៃ ម្រះអីជាដើម។ ចម្ការមានត្រឹម ១ហិកតា ក្រោម ១ហិកតា មានដើមមៀន ដើមក្រូច អម្ពរ តែ ល្មុតតិចទេ ភាគច្រើនដាំធុរេនច្រើន។ ខេត្តព្រះត្រពាំងបានដាំច្រើនគឺអំពៅ»។
សៀវភៅរបស់អ្នកនិពន្ធ ដូក្លាស អេ. ហ្វីលីបស៍ បានឲ្យដឹងថា ដំណាំកសិកម្មជាច្រើនប្រភេទទៀតដែលមានដាំនៅកម្ពុជាក្រោម គឺរួមមានពោត សណ្តែកសៀង កាហ្វេ តែ ដូង ម្រេច និងកៅស៊ូ។ កសិករក៏មានចិញ្ចឹមសត្វដែរ ដូចជាមាន់ ទា ជ្រូក គោ ក្របី និងចិញ្ចឹមត្រីជាដើម។
លោក តឹង ម៉ាន់រិន នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានដើមកំណើតនៅឯដែនដីកម្ពុជាក្រោមដែរ តែសព្វថ្ងៃរស់នៅក្នុងទីក្រុងហ្វីឡាឌេលហ្វៀ រដ្ឋផិនស៊ីលវេញ៉ា សហរដ្ឋអាមេរិក មានប្រសាសន៍ថា នៅខេត្តឃ្លាំងជាស្រុកកំណើតរបស់លោក ដែលសព្វថ្ងៃវៀតណាមហៅថា សុកទ្រាំង សំបូរខ្លាំងគឺបង្គារ។
លោក តឹង ម៉ាន់រិន បានឲ្យដឹងថា ៖ «ត្រីខាងទឹកសាបហ្នឹង វាគ្រប់ធន់ត្រីច្រើនដែរ។ តែសព្វថ្ងៃច្រើនបំផុតហ្នឹង បង្គារៗធំៗប៉ុនៗមេជើង។ សំបូរបង្គារណាស់ បង្គាររាប់ពាន់តោន។ តំបន់ខ្ញុំស្រុក ញួរនោះ សព្វថ្ងៃគេឈប់ធ្វើស្រែ ហើយគេចិញ្ចឹមបង្គារហ្នឹងវិញ។ ខ្ញុំនៅជ្រោយញ ខេត្តឃ្លាំង តែឥឡូវហ្នឹងខេត្តឃ្លាំង តែពីមុនមកគឺជាខេត្តពល្លាវ»។
ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត សព្វថ្ងៃរស់នៅក្នុងខេត្តឃ្លាំងនោះដែរ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមថា ខេត្តឃ្លាំងក៏សំបូរច្រើនដែរនូវត្រីរ៉ស់ ឬត្រីផ្ទក់ ៖ «ត្រីដែលសំបូរជាងគេគឺត្រីរ៉ស់ ដែលយើងហៅថា ត្រីផ្ទក់នោះ គឺសំបូរលេខ១»។
ចំណែកនៅក្នុងដែនទឹកប្រៃឬសមុទ្រវិញ ដូចជានៅកោះត្រល់ ដែលវៀតណាមហៅថា កោះភូក្វុក ដែលជាដែនដីកម្ពុជាក្រោមដែរនោះ សំបូរត្រីនិងសត្វសមុទ្រ រួមមានប្រភេទត្រីពិសេសម្យ៉ាងដែលវៀតណាមចម្រាញ់រាប់ពាន់តោនជាមួយ នឹងកំពឹសដើម្បីធ្វើជាទឹកត្រីមានរសជាតិឈ្ងុយឆ្ងាញ់ លក់ចេញទៅបរទេសក្នុងមួយឆ្នាំៗបានរាប់លានលីត្រ។
កម្ពុជាក្រោមមានទំហំជិតស្មើនឹងពាក់កណ្តាលនៃដីប្រទេសកម្ពុជា សព្វថ្ងៃ ជាដែនដីខាងកើតរបស់ប្រទេសកម្ពុជា ប៉ុន្តែត្រូវបានអាណានិគមបារាំងប្រគល់ឲ្យវៀតណាមកាន់កាប់ជាផ្លូវការ ដោយដាក់បញ្ជូលទៅជាដែនដីភាគខាងត្បូងរបស់ប្រទេសវៀតណាម តាំងពីពាក់កណ្តាលឆ្នាំ១៩៤៩មកដល់បច្ចុប្បន្ន៕