Saturday, July 31, 2010

រឿងទុំទាវ៥

វគ្គទី៥
ម្ដាយ- ទាវមកដល់ហើយកូនអើយស្ដាប់ ម្ដាយនឹងសាស័ព្ទបទបរិយាយ
ធម្មតាកូនកើតមានរូបកាយ ល្អល្អះឆើតឆាយចាយសំដី។
ឮឈ្មោះចំពោះដល់មហាក្សត្រ យកទៅថ្វាយថ្វាត់ទ្រង់ប្រណី
ប្រែឱ្យម៉ឺនឯកឥតមានអ្វី ក្រីក្រធនធានគ្មានស៊ីណោះ។
ទាវ- ឱ្យអ្នកព្រះមេមានគុណឆ្ងាយ ម្ដេចប្រែកែក្លាយឃ្លាតធម៌អាថ៌
បើម៉ែកែឱ្យកូនមានប្ដី ទុំហ្នឹងដូចក្ដីស្និទ្ធស្នេហា
នេះកូនក៏ព្រមល្មមស្នេហា ផ្ទប់ផ្ទាល់រក្សាគ្នាតទៅ។
បើម៉ែមិនមានមេត្តា ឱ្យខ្ញុំព្រមការម៉ឺនងួននៅ
សមក្ស័យជីវិតត្បិតមិនត្រូវ អង្វរម៉ែឪសូមប្រកែក
ម្ដាយ- មេចោររឹងដូចដែក អញចាប់មាត់ហែកបែកឥឡូវ
អញប្រាប់ឱ្យមានបានថ្កុំថ្កើង ហ៊ានហួសចចើងស្ដូគ្មានត្រូវ
ស្រលាញ់អាទុំគ្មានម៉ែឪ គ្មានគិតអាស្រូវភាសខ្មាសគេ។
ដោយ ឃើញថាម្ដាយខឹងទាវខ្លាំងទាវក៏មិនហ៊ានតមាត់តទៅទៀត នាងសុខចិត្តអង្វរម្ដាយកុំឱ្យបំបែកបំបាក់នាងចេញពីទុំអី។ បន្ទាប់ពីបានជេរស្ដីទាវរួចហើយម្ដាយទាវក៏ធ្វើដំណើរទៅផ្ទះលោក ចៅហ្វាយស្រុកដើម្បីជម្រាបគាត់អញ្ជើញនិងរៀបចំពិធីមង្គលផង។
យើង ឈប់ស្លេះត្រឹមនេះមិននិយាយ សូមនិយាយពីទាវវិញម្ដងពេលនេះនាងត្រូវបានម្ដាយបង្ខាំងឱ្យនៅក្នុង បន្ទប់មិនឱ្យចេញដើរទៅណាសោះ នាងកើតទុក្ខយ៉ាងខ្លាំងបាយមិនបាន ទឹកមិនបាន នាងគិតថា៖ “ ឱ្យខ្ញុំអើយ! មិនដឹងចិត្តម្ដាយដល់ប៉ុណ្ណឹងសោះ បោកបញ្ឆោតកូនថាឈឺយកកូនមករៀបការទៅវិញ នេះបើខ្ញុំត្រូវបែកពីទុំនោះ ខ្ញុំនឹងស៊ូក្ស័យវិញប្រសើរជាង។ ទាវនឹកកើតទុក្ខសម្រក់ទឹកភ្នែកបណ្ដើរសរសេរសំបុត្របណ្ដើរសរសេរចប់ ទាវបិទនឹងថ្លាថ្មាត់យ៉ាងស្អាតហើយដាក់បារីខ្ចប់នឹងផាហ៊ុម រួចស្រេចហើយទាវក៏បានចាត់បម្រើដែលទុក្ខចិត្តបំផុតឱ្យស្រូតដំណើរ ទៅរកទុំកុំបីអែអង់ឡើយ។ អ្នកបម្រើទទួលបានសំបុត្រពីទាវ ហើយក៏ម្នីម្នារកពឹងគេចម្លងទូកទៅត្រើយម្ខាងហើយធ្វើដំណើរថ្មើរជើង គេខំដើរទាំងយប់ទាំងថ្ងៃមិនហ៊ានឈប់សម្រាករហូតដល់គោលដៅ គេបានស៊ើបសួររកផ្ទះទុំ។ គ្រាន់តែទុំបានជួបអ្នកមកពីស្រុកនោះភ្លាម ទុំក៏បានសួរដំណឹងពីទាំវ អ្នកបម្រើមិនបានឆ្លើយសំណួរទុំទេគេគ្រាន់តែហ៊ុចផាហ៊ុមនិងសំបុត្រ ឱ្យទុំ អានសំបុត្រចប់ទុំហាក់ស្រយុតស្រយង់អស់អង្គប្រាណគេមិនស្មានដល់ថា ម្ដាយទាវមានចិត្តអប្រិយដល់ម្លឹងសោះទុំនឹកថា៖
- ឱ កន្លែងគេង អាហារផ្លែឈើ ធ្លាប់ញ៉ាំរួមគ្នាពេលនេះត្រូវខ្វះម្នាក់ហើយ ទាវអើយបងគិតថាប្អូនទៅមើលម្ដាយឈឺតែបែរជាត្រូវម្ដាយបង្ខំឱ្យ រៀបការនឹងម៉ឺនងួនទៅវិញ នេះទាវស្មោះត្រង់នឹងបងចាត់បម្រើមកឱ្យដំណឹងបងឱ្យទៅឆាប់កុំ បង្អង់ ទាវអើយបើប្អូនបានទៅម៉ឺនងួនមែននោះបងពិតជាស៊ូស្លាប់តស៊ូនឹងគេ ដើម្បីប្អូនហើយ ទោះបីជាត្រូវស្លាប់ក្រោមអំណាចគេក៏ដោយចុះ។ ពេញមួយយប់ទុំដេកមិនលក់ប្រែប្រួលចុះឡើងៗនឹកឃើញតែទាវនៅនឹងមុខ។
ព្រឹក ឡើងព្រះអាទិត្យបញ្ចេញរស្មីយ៉ាងក្រហមរន្ទាល ទុំរៀបចំឥវ៉ាន់រួចហើយក៏ចេញមកក្រៅទទួលពេលនោះព្រះរាជាទ្រង់យាង ចេញមកក្រៅដោយមានអាមាត្រ ភីលៀង ស្រីស្នំមកជាមួយផង ឃើញព្រះអង្គភ្លាមទុំគ្មាននឹកខ្លាចអ្វីទាំងអស់ក៏ស្ទុះទៅវឹង ហើយក៏ក្រាបសំពះព្រះអង្គនិងទូលពីដំណើររឿងទាវទាំងអស់ដល់ព្រះអង្គ ថា៖
- សូម ព្រះអង្គមេត្តាប្រោសដល់ទូលបង្គំជាខ្ញុំទាំងពីរ ត្បិតម្ដាយទាវបានត្រូវរ៉ូវនឹងលោកអរជូនចៅហ្វាយស្រុកដាក់សំបុត្រមក ថាឈឺខ្លាំង ប៉ុន្តែឥឡូវទាវត្រូវចាប់ទុកចាប់ឱ្យរៀបកាជាមួយម៉ឺនងួនហើយសូម ព្រះអង្គមេត្តាព្រះអង្គចេញព្រះរាជឱង្ការពេលនេះផង បើពុំនោះទេនឹងហួសពេលហើយ។
ព្រះរាជា ទ្រង់សណ្ដាប់រឿងរ៉ាវរបស់ទុំហើយទ្រង់ខ្ញាល់យ៉ាងខ្លាំង ព្រះអង្គមានបន្ទូលដោយពិរោធថា៖ ”យើសអាចោរអរជូនខ្លួនប្រៀបដូចពងមាន់ដែលចង់ជល់នឹងថ្មទោសវាសមតែ ស្ងោរទេ… “។ ព្រះអង្គទ្រង់ចាត់ហៅអស់ចៅក្រមកុង្សីយ៍ សេនាបតី នាម៉ឺន អាមាត្រ មកប្រជុំសាលក្រមភ្លាម ព្រះអង្គទ្រង់ឱ្យចាត់ចែងតាមសេចក្ដីបន្ទូលរបស់ព្រះអង្គថា៖
“ទាវ នេះយើងបានផ្សំផ្គុំឱ្យម៉ឺនឯកហើយជាស្រេច ត្បិតទាវនេះជាសង្សាររបស់គេពិត...។ ទ្រង់មានបន្ទូលផ្ដាំទុំបន្ថែមថា៖ ”បើសិន មិនបានសម្រេចដូចចិត្តទេ ចូរប្រញាប់មកវិញភ្លាម...។ នាម៉ឺន មន្ត្រី កុង្សីយ៍ បានចាត់ចែងរៀបចំជាសំបុត្រដោយមានត្រាពីព្រះអង្គហើយទុំបានពឹង ពេជ្រនឹងចែវទូកឱ្យជូនទៅ ពួកគេខំប្រឹងចែវទាំងយប់ទាំងថ្ងៃដោយមិនហ៊ានឈប់ព្រោះខ្លាចទៅមិន ទាន់ពេល ទុំអង្គុយក្នុងទូកម្ដងសម្លឹងមើលដើមឈើ ម្ដងរាប់ភូមិស្រុក ម្ដងមើលមច្ឆាហែលប្រដេញគ្នាក្នុងទឹក ប៉ុន្តែក្នុងចិត្តទុំសែនក្ដៅអួលណែនរកថ្លែងមិនបាន ទុំនឹកក្នុងចិត្តថា៖ “ឱ ទាវបងអើយ!តើប្អូនបានទៅគេហើយទេដឹង?ថ្ងៃស្អែកនេះបងនឹងឡើងដល់ទី ត្បូងឃ្មុំហើយ បងបារម្ភណាស់ក្រែងថាលោកអរជូនគេគុំគួនបង ហើយចាប់បងយកទៅសម្លាប់ទេដឹង...។
យើង ទុកទុំត្រឹមនេះសិនមិននិយាយបន្ត សូមងាកមើលទាវវិញម្ដងនាងកើតទុក្ខរង់ចាំដំណឹងទុំរៀងរាល់ថ្ងៃ នាងគិតថា៖ “ឱ បងទុំអើយ តើបងមកហើយឬនៅ ប្អូននៅចាំបងគ្រប់វេលាឬមួយយើងត្រូវព្រាត់ប្រាសគ្នាត្រឹមនេះហើយ តើព្រាត់រស់ឬក្ស័យគ្មាននារណាម្នាក់ប្រាប់ពីដំណឹងបងឱ្យប្អូន បានដឹងថាតើត្រូវយូរឬឆាប់ប៉ុណ្ណា រំពឹងម្ដាយគឺគាត់កំចាយកូនហើយគាត់អាងថាគេមានកិត្តិយសមានទ្រព្យ ធនធានបងអើយបងក្រខ្សត់មិនមានអ្វីម្ល៉េះសមបងមិនហ៊ានមកតតាំងនឹង គេទេ។ ទាវនឹកគិតសព្វគ្រប់ទុក្ខកាន់តែទ្វេឡើង មួយថ្ងៃៗនាងបន់ឱ្យទុំឆាប់មកដល់ប៉ុណ្ណោះ។ សូមងាកមកមើលម្ដាយទាវវិញម្ដងគាត់នៅមិនសុខក្នុងចិត្តបារម្ភ ខ្លាចក្រែងទុំមកដល់ ដូច្នោះហើយក៏ប្រញាប់ប្រញាល់ទៅផ្ទះចៅហ្វាយស្រុកអរជូនដើម្បីសុំឱ្យលោក រៀបចំសង់រោង ខ្លះឱ្យទៅរកអាចារ្យមើលពេលា នឹងអាចារ្យខ្ញែរធ្វើធ្មេញនិងចាត់ខ្លះទៀតឱ្យទៅអញ្ជើញព្រៀងលាន សន្ដានដែលនៅឆ្ងាយ ត្បិតពេលនេះជាពេលរៀបការកូនងួននិងទាវហើយ មើលចុះទាំងបម្រើនិងញាតិសន្ដានឥតមានហ៊ានខកឡើយ ម្នាក់ៗរត់ប្រញាប់ប្រញាល់ធ្វើការរៀងៗខ្លួនព្រោះខ្លាចមិនទាន់។ ឈប់ស្លេះរឿងការត្រឹមនេះសិនយើងងាកមើលទុំវិញម្ដង ពេលដែលទូកជិតចូលដល់កំពង់ហើយនោះទុំបានប្រាប់ពេជ្រថា៖
- ប្អូន អើយបងឮសូរដូចសំឡេងភ្លេងការ នេះច្បាស់ជាករងួននិងទាវហើយពេជ្រអើយបងសែនរន្ធត់អ្វីម្ល៉េះទេ មិនគួរណាទាវដាច់ចិត្តចោលបងយ៉ាងនេះ ថ្ងៃស្អែកនេះពេជ្រអើយម្ល៉េះសមបងអន្តរាយបង់រូបកាយនឹងទាវហើយ ប្អូនយកបង្វេចមកបងប្រថុយតាមកម្មបងទៅចុះ។
ទូក ចូលចតដល់កំពង់ ទុំយកបង្វេចមកស្រាយបណ្ដើរទឹកភ្នែកហូរសស្រាក់បណ្ដើរ គេស្រែកយំយកដៃគក់ទ្រូងខ្លាំងៗ ឃើញដូច្នោះពេជ្រក៏ឃាត់៖
- បងកុំធ្វើដូច្នេះថ្វី ងហើយស្លៀកពាក់ឱ្យឆាប់ទៅកុំនៅអែអង់ក្រែងមិនទាន់ណាបង់។
ស្ដាប់ ពេជ្រហើយទុំក៏ចាប់ផ្ដើមស្លៀកហូលដែលមានជរ៣ជាន់ពាក់អាវបៃតង និងជួតក្បាលនឹងផហ៊ុមសូត្រខ្មៅដែលព្រះអង្គប្រទានឱ្យ ហើយគេក៏យកចិញ្ចៀនត្បូងសូរ្យកាន្តដែលទើបទិញថ្វីនោះយកមកពាក់ ម្រាមដៃ។ ចំណែកពេជ្រក៏រៀបចំខ្លួនដែរ គេពាក់អាវពណ៌ស្វាយនិងកាន់ប៉ីនៅនឹងដៃទាំងពីរនាក់ដើរកាត់ចេញ ទៅរកផ្ទះទាវ។ ទុំនិងពេជ្រនាំគ្នាដើរកាត់ព្រៃបន្តិចក៏បានមកដល់ផ្ទះទាវថ្ងៃនោះ ជាថ្ងៃស៊ីកំណត់ ពួកក្រុមចាត់ចែងពិធីការស៊ីផឹក ស្រវឹងដួលដេកននៀលពេញដី ទុំនិងពេជ្របានបន្លំខ្លួនចូលរួមនឹងគេដែរដោយគ្មានខ្លាចញញើតអ្វី បន្តិចសោះពួកគេបានឡើងទៅលើទៅជម្រាបសួរចាស់ទុំនៅទីនោះ ចំណែកចាស់ៗដែលជាញាតិសន្ដានបានទទួលរាក់ទាក់ហើយឱ្យចូលរួមស៊ីផឹកនឹងគេ ដែរ។ គ្រាន់តែបានត្រូវស្រាខ្លាំងចូលពោះបន្តិចទុំដំឡើងសំឡេងស្រែកច្រៀង ថា៖
- ទុំថាឱទាវស្រស់នួនល្អង នួនល្អហ្មត់ហ្មងដូចចរណៃ
បងមកដល់យូរគួរអាល័យ ទាវថ្លៃលាក់ខ្លួនពួនដល់ណា។
ទាវឆ្លើយថាឆាប់ម្ដេចថ្លៃអាយ ប្អូននេះខ្វល់ខ្វាយខ្លាំងខ្លោចផ្សា
ប្អូនមូរបារីចំណីស្លា ប្អូនចេញដងស្រាពិសាលេង។
មាត់ ចេះឆ្លើយសាសងបណ្ដើរជើងចេះតែដើរចេញមកបណ្ដើរ ទាវមកឈរទន្ទឹមនឹងទុំទាវឃើញទុំគេក៏យំយ៉ាងខ្លាំងនាងរៀបរាប់ ដំណើររឿងសព្វគ្រប់ប្រាប់ដល់ទុំ ចំណែកទុំក៏អាណិតទាវយ៉ាងខ្លាំងរួចក៏និយាយថា”ប្អូន ខិតមកជិតបងបន្តិចមកបងសូមបីត្រកងប្អូនឱ្យអស់ចិន្ដាបំណាច់នឹង ស្រីមករៀបការថ្មី។ ទាវមិនបានប្រកែកនឹងសំដីទុំទេ ព្រោះនាងគិតថាទុំជាប្ដីរបស់នាងបន្ទាប់មកនាងហុចបារី ស្លាម្លូ និងដងស្រាឱ្យទុំផឹករហូតទាល់តែស្រវឹងដេកនៅទីនោះហើយនាងក៏ ចូលទៅក្នុងទាំងក្ដុកក្ដួលក្នុងចិត្ត។ ម្ដាយទាវឃើញដូច្នោះមានចិត្តក្រេវក្រោធយ៉ាងខ្លាំងរហូតដល់មោហ៍ បាំងបិទភ្លេចអស់ធម៌អាថ៌ គាត់ប្រាប់លោកអរជូនថា”ឆាប់ ចាត់ឱ្យគេទៅអូសអាទុំទម្លាក់ពីលើផ្ទះមក ហើយយកវាទៅសម្លាប់ចោលទៅបើទុកនៅនាំអាស្រូវកេរ្តិ៍មិនខាន។ ចៅហ្វាយស្រុកអរជូនឮម្ដាយទាវថាដូច្នោះក៏ចាត់បម្រើឱ្យទៅអូសទុំ ទម្លាក់ចុះមក ចំណែកម៉ឺនងួនកន្ត្រាក់បានដាវស្ទុះចូលទៅចាក់ទុំដោយគ្មានត្រា ប្រណីឬជំនុំជំរះក្ដីអ្វីឡើយ រួចហើយគេក៏ចាប់ទុំចងនិងផ្ដៅហើយក៏វាយដំច្រំធាក់បន្ថែមទៀត។ ទាវនៅខាងក្នុងឮគេថាវាយដូច្នោះនាងក៏ស្ទុះចេញឃើញគេវាយដំទុំ ដោយមានឈាមហូរជោកខ្លួននាងស្ទុះចូលទៅហើយអង្វរគេកុំឱ្យយកផ្ដៅចង ទុំនិងខ្សែយ៉ាងតឹង។ ទុំឃើញទាវមកក៏ស្រវ៉េស្រវ៉ារកទាវ ហើយនិយាយថា “ទាវ អើយថ្ងៃនេះបងមុខជាលាប្អូនក្ស័យហើយ មើលចុះគេចាក់ គេវាយបងឈាមហូរកកស្ទះពេញអស់ខ្លួន ប្អូនអើយប្អូននៅឱ្យបានសុខចុះនេះមកពីម្ដាយកំចាយកូនឱ្យស្លាប់បង់ សូន្រមិនមានឈ្មោះ។ ចប់វាចារហើយពួកគេក៏រោមទុំអូសចេញទៅគួរឱ្យអាសូរដល់ទុំជាពន់ពេក ណាឈាមហូរសោះអស់ពីខ្លួនណាស្រេកទឹក គេយំខ្សឹកខ្សួលដួលចុះ គេលើកដៃប្រណម្យបង្គំព្រះរតនត្រៃហើយថា”ម្ចាស់អើយបើខ្ញុំនឹងមរណាសូមម្ចាស់ជួយជាបន្ទាយដែកផាត់ទាត់ទោសទុក្ខសុខដោយឡែកសូមចែកចាកបានឋានសួគ៌ា។ ពួកគេបណ្ដើរទុំបានជិតដល់ដើមពោធិជើងខាលមានខ្លះក៏មានចិត្តបុណ្យប្រាប់ថាឱ្យខំភាវនាធម៌យកព្រះធម្មាវេលាហ្នឹងទៅ…លុះ ទៅដល់ពោធិជើងខាលទុំក៏ដួលចុះព្រូស ផុតរលត់សង្ខាក្នុងពេលនោះទៅ។ អនិច្ចារូបទុំពេលនេះប្រៀបបានដូចដំបូកដេកស្ដូកស្ដឹងលែងដឹងអ្វី ទាំងអស់ អ្នកដែលធ្លាប់ស្រលាញ់រាប់អានទុំ ខ្លះគេនិយាយថា៖”ទុំស្លាប់ព្រោះតែស្រី។
និយាយ ពីពួកដែលនាំទុំទៅនោះបានត្រលប់មកដល់វិញហើយក៏បានជជែកគ្នាពី រឿងទុំ ជួនជាពេលនោះនោជាភីលៀងស្ដាប់ឮហើយក៏ទៅរកទាវ។ យប់កាន់តែជ្រៅណាស់ទៅហើយទាវដេកកើតទុក្ខម្នាក់ឯងរកថ្លែងមិនបាន ពេលនោះនោក៏ខ្សឹបប្រាប់ទាវថា”បងឮគេខ្សឹបគ្នាថាគេចាប់ទុំទៅសម្លាប់បាត់ហើយ”ឮនោនិយាយភ្លាមទាវក៏ស្ទុះឡើងទួញយំហើយរៀបរាប់ថា៖
- ឱ ប្រុសថ្លៃប្អូនអើយ!ពេលនេះទៅហើយសមប្អូនលែងបានយល់មុខបងជារៀងរហូត ហើយប្អូនស្ដាយអើយសែនស្ដាយមិនគួរឡើយប្រុសថ្លៃមកផុងខ្លួនដល់ ក្ស័យយ៉ាងនេះទេ បងអើយពេលនេះបងយកប្រឹថពីជាពូកខ្នើយយកមេឃពពកជាពិតាន ប្អូនមិនស្មានដល់សោះទេនឹងក្លាយទៅជាយ៉ាងនេះ...បងអើយ!បើម្ល៉េះ ទៅហើយ ប្អូនស៊ូក្ស័យតាមបងទៅប្រសើរជាងរស់នៅគ្មានក្ដីសុខ។ ឱអ្នកម៉ែអើយ!កូនមិនអាចទ្រាំរស់នៅបានតទៅទៀតបានទេ ម៉ែអើយបើកូនរស់នៅម៉ែគ្រាន់បានហៅរាប់រកកូនម៉ែមានធម៌មេត្តាចំពោះ កូន តែពេលនេះម៉ែមិនដូចមុនទេព្រោះតែកូនមិនតាមម៉ែការនិងម៉ឺនងួន ម៉ែបែរជាចិត្តឆៅលែងមានក្ដីមេត្តាទៀតហើយម៉ែអើយកូនសូមលាស្លាប់ ថ្ងៃនេះចុះ ព្រោះថាកូនមិនអាចការជាមួយម៉ឺនងួនបានទេសូមម៉ែដោះស្រាយនឹងគេ ចុះ...។
និយាយ រៀបរាប់ចប់ហើយទាវក៏បានប្រាប់ឱ្យនោយកកាំបិតស្លាឱ្យនាងនិងនោ កុំឱ្យមានគេចាប់អារម្មណ៍ចំពោះនាងឱ្យសោះ។ ព្រលឹមស្រាងឡើង ទាវនិងនោនាំគ្នាចុះចេញទៅដោយគ្មាននរណាចាប់អារម្មណ៍នាងឡើយនាង នាំគ្នារត់ចេញពីភូមិទៅវាលស្រែហើយក៏បានជួបក្មេងឃ្វាលគោមួយក្រុម នាងបោយដៃហៅក្មេងឱ្យមកជិតហើយនិយាយប្រាប់ថាឱ្យក្មេងទៅវិញទៅផ្ទះ ការពេលដែលគេកំពុងស៊ីផឹកឱ្យឡើងច្រៀងថា៖”អស់ លោកតាចាស់ទុំស្ដាប់ខ្ញុំរ៉ា លោកការនរណាទាវត្រូវក្ស័យស្លាប់មូលគ្នាបីនៅក្នុងព្រៃស្លាប់តាំង ពីថ្ងៃប្រល័យទុំ។ ទាវផ្ដែផ្ដាំក្មេងរួចហើយក៏ឱ្យចិញ្ចៀនក្មេងពាក់ រួចរត់សំដៅទៅរកពោធិជើងខាល។ គ្រាន់តែឃើញខ្មោចទុំដេកស្លាប់ស្ដូកស្ដឹងក្រោមដើមពោធិមើលទៅគួរ សង្វេកណាស់។ ទុំស្លាប់ដោយគេចាក់កាប់ដោយគ្មានការជំនុំជំរះចំណែកទាវនឹងនរនាំគ្នាស្លាប់ព្រោះតែស្ម័គ្រស្មោះចំពោះទុំ។
និយាយ ពីក្មេងឃ្វាលគោទាំងនោះបានទៅដល់ផ្ទះការឃើញភ្ញៀវកំពុងស៊ីផឹក ជុំគ្នា វាបានឡើងឈរលើតុហើយស្រែកច្រៀងដូចដែលទាវបានប្រាប់គ្មានចន្លោះ ញាតិមិត្តនៅស៊ីផឹកទីនោះខ្លះស្ដាប់បានទម្លាក់ចានងើបឈរ ខ្លះទៀតខ្លះទៀតស្ដាប់មិនទាន់បានក៏ឱ្យក្មេងច្រៀងម្ដងទៀត ក្មេងនោះក៏ស្រែកម្ដងទៀតថា”អស់លោកស្ដាប់ខ្ញុំរ៉ា តើបាននរណាមកការបើទាវនិងនោទៅក្ស័យជាមួយទុំបាត់ទៅហើយនោះ”គ្រាន់តែ ក្មេងនិយាយចប់ភ្លាមទាំងអស់គ្នាក៏ឆោឡោឡើង ខ្លះដូចជាមិនជឿសំដីក្មេង ខ្លះនាំគ្នារត់ទៅរកទាវគ្រប់កន្លោះកន្លៀតកៀនកោះក្នុងផ្ទះប៉ុន្តែ រកមិនឃើញសោះ ចំណែកម្ដាយខឹងបន្ទោសគេឯងគ្រប់គ្នាថាមិនចេះមើលកូនទាវផង។ ញាតិមិត្តប្រុសស្រីក្មេងចាស់បានឆ្លើយថា៖ ពួកខ្ញុំឃើញនាងដែរតែសួរនាងថាទៅបត់ជើង ធម្មតាមនុស្សគ្រប់រូបមិនដែលមាននរណាឃាត់ទេរឿងហ្នឹងនោះ…ចំណែក យាយក៏អញ្ចឹងដែរ ដឹងហើយថាក្មេងវាឈាមរាវហេតុម្ដេចក៏នៅតែរៀបការវាទៀតបើគ្រប់គ្នា បានដឹងហើយថាទាវបានការតាំងពីថ្ងៃដែលព្រះអង្គប្រោសប្រណីហើយនោះ “ឮញាតិបងប្អូននិយាយដូច្នោះម្ដាយនឹកស្រណោះដល់ទាវជាពន្លឹកគាត់និយាយរអ៊ូៗម្នាក់ឯងថា៖
- ឱ កូនអើយ! ម្ដាយនេះគិតថាឱ្យកូនទៅគេព្រោះថាអរជូនម៉ឺនងួនគេមានអំណាច ខ្លាំងក្លាណាស់ហើយថែមទាំងមានទ្រព្យហូរហៀរទៀតផង ម្ដាយខំយកគ្រឿងប្រដាប់ប្រដាជាជំនូនមកឱ្យកូនតែងកាយគិតថាស្មាន បានល្អ តែពេលនេះកូនបែរជាទៅស្លាប់សោះសូន្រទុកតែគ្រឿងប្រដាប់នៅគ្រប់ ទាំងអស់។
ម្ដាយ ទាវគាត់និយាយរៀបរាប់តែម្នាក់ឯង គាត់កើតទុក្ខតែម្នាក់ឯងនឹងហៅនរណាមកជួយក៏មិនបាន គាត់ចេះតែដើរហៅអ្នកនោះបន្តិចអ្នកនេះបន្តិច។ ចំណែក ភ្ញៀវដែលចូលរួមការ លុះឃើញដូច្នោះក៏នាំគ្នារត់គេចនាំកូនចៅត្រលប់ទៅផ្ទះវិញជាប្រញាប់ ព្រោះខ្លាចលោកអរជូនខឹងយកទោសដូចទុំ។ ចំណែកអរជូននិងម៉ឺនងួនដែលជាកូនដោយចង់ដឹងពីការពិតក៏នាំគ្នាទៅ ពោធិជើងខាល លុះទៅដល់ក៏បានឃើញមិតថាទុំទាវនិងនោមកស្លាប់រួមគ្នាពិតដូចជា ក្មេងនិយាយមែន លោកអរជូនបម្រុងថាឱ្យគេយកខ្មោចទុំបម្រុងទៅកប់ឱ្យជិតតែនឹក សង្ស័យនឹងផាហ៊ុមដែលរុំជាប់ទុំ គេស្រាយផាហ៊ុមមើលស្រាប់តែអរជូនភ័យស្ទើរលោះព្រលឹង ព្រោះលោកស្គាល់ជាក់ថាជាព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ។ លុះអានបន្ទូលរបស់ព្រះអង្គរួចហើយក៏ប្រញាប់មកផ្ទះហើយឱ្យហៅម្ដាយ ទាវមកជួប គាត់បានបន្ទោសម្ដាយទាវដោយពាក្យមិនគួគប្បីថា”កញ្ចាស់ ឯងនេះហ៊ានហួសនិស្ស័យឬមួយក៏ឃើញទ្រព្យសម្បត្តិរបស់យើង…។
យើង ឈប់ស្លេះពីរឿងម្ដាយទាវនិងអរជូនត្រឹមនេះសិន យើងបែរមកមើលពញាពេជ្រវិញម្ដង បន្ទាប់ពីបានឃើញហេតុការណ៍ដ៏គួរឱ្យរន្ធត់នោះមកពេជ្រក៏បានរត់ទៅពួន សំងំក្នុងព្រៃព្រោះខ្លាចបារមីអរជូននិងកូនតាមចាប់ខ្លួនធ្វើបាបទៀត ពេជ្រខំដើរកាត់ព្រៃម្នាក់ឯងរហូតដល់កន្លែងចតទូក។ ចុះទូក ស្រេចបាច់ហើយពេជ្របានប្រាប់ពួកគេឱ្យរូតរះចេញដំណើរពេជ្រប្រះ ខ្លួនដេកលើទូកយកដៃគងថ្ងស់នឹកឃើញដល់ទុំ ពេជ្រពោលម្នាក់ឯងថា៖
- ឱបងទុំអើយ! ពេលនេះប្អូនសូមលាបងសិនហើយ…បង អើយយើងធ្លាប់រស់នៅជាមួយគ្នាមិនដែលបែកសោះតាំងពីនៅវត្តវិហ៊ាធំ ក៏នៅជាមួយគ្នារហូតដល់ប្រលងចំណេះនៅរាជវាំងក៏ទៅជាមួយគ្នា យើងមិនដែលបែកគ្នាសោះសូម្បីតែពាក្យសំដីក៏មិនដែលទាស់ប្រកែកគ្នា ដែរ…តែ ពេលនេះបងបែកពីប្អូនហើយគ្មានថ្ងៃជួបគ្នាវិញទេ បងអើយសូមព្រលឹងបងទៅកាន់សុគតិភពចុះចាំជាតិក្រោយចាំយើងជួបគ្នា ទៀត។
ទូក ចេះតែលឿនលយទៅមុខជាលំដាប់ឥតមានហ៊ានឈប់បង្អង់ឡើយ រយះពេលប៉ុន្មានថ្ងៃក្រោយមកទូកក៏មកចូលចតដល់កំពង់គឹដល់ពេលថ្ងៃ រៀបលិចអ្នកធ្វើដំណើរជាមួយពេជ្រខ្លះក៏លាគ្នាត្រលប់ទៅផ្ទះរៀងៗខ្លួន ចំណែកនៅទីវាំងវិញខ្លះមកសួរសុខទុក្ខពីការេធ្វើដំណើរទៅត្បូងឃ្មុំ ហើយក៏បានដឹងថាទុំត្រូវស្លាប់ដោយអរជូនសម្លាប់ហើយ។ ចំណែកពេជ្របានទូលរៀបរាប់រឿងទុំដែលត្រូវចៅហ្វាយស្រុកអរជូននិងកូន ឱ្យគេយកទៅសម្លាប់ ក្នុងនោះក៏មានទាវនិងនោទៅស្លាប់ជាមួយដែរ…ព្រះអង្គទ្រង់សណ្ដាប់រឿងទុំនិងទាវហើយទ្រង់ខ្ញាល់នឹងអរជូនទ្រង់មានបន្ទូលយ៉ាងម៉ាត់ៗថា៖
- អាចោរអជូនចិត្តអប្រិយហ៊ានរឹងទទឹងហែកបន្ទូលយើងចោលផងឬ ទោសអាសមតែស្ងោរទាំងរស់ទើបសម...។
ទ្រង់ បានត្រាស់ឱ្យរៀបចំក្រុមកាំភ្លើងនិងត្រាស់ឱ្យប្រមូលក្រុម កុង្សីយ៍ ឧកញ៉ាចក្រី ក្រឡាហោមក្ដីឱ្យប្រជុំគ្នារៀបចំចេញដំណើរទៅត្បូងឃ្មុំនោះព្រឹកស្អែក នេះហើយ។ លុះព្រឹកព្រាងភ្លឺស្វាងហើយមុននឹងចេញដំណើរ ព្រះអង្គផ្ដែផ្ដាំមហេសីក្រុមសេនាបតីឱ្យមើលថែរក្សារាជវាំងត្បិត ព្រះអង្គទ្រង់ចេញទៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ផ្ដែផ្ដាំរួចហើយទ្រង់ចេញដំណើរទៅភ្លាម។ ធ្វើដំណើរតាមដងទន្លេព្រះអង្គទតទេសភាពដែលមានហូហែរឥតដាច់ទ្រង់មាន ស្រីស្នំចាំគាល់បម្រើព្រះអង្គជានិច្ច ប៉ុន្តែចំពោះព្រះទ័យព្រះអង្គវិញទ្រង់មិនស្ងប់សោះ ពេលផ្ទុំព្រះអង្គទ្រង់នឹកស្រណោះដល់ម៉ឺនឯកមិនគួរណាឡើយមក ក្សិណក្ស័យព្រាត់ចាកព្រះអង្គសោះ...។
ពីរ បីថ្ងៃក្រោយមកនាវារបស់ព្រះអង្គក៏មកដល់ស្រុកត្បូងឃ្មុំ ព្រះអង្គទ្រង់ដាក់ទាហានឱ្យទៅផ្ទះអរជូនជាបន្ទាន់ គ្រាន់តែឃើញរាជបម្រើភ្លាមចៅហ្វាយស្រុកអរជូនភ័យស្ទើរលោះព្រលឹង គិតថាព្រះអង្គពិតជាមកយកទោសខ្លួនជាមិនខាន។ ចំណែកទាហ៊ានរាជបម្រើក៏បានអានរាជបន្ទូលរបស់ព្រះអង្គប្រាប់ដល់ អរជូនថា”ត្បិត ព្រះអង្គទ្រង់ចង់ទតមើលភូមិស្ថានត្រាស់បញ្ជាឱ្យធ្វើផ្លូវថ្នល់និង រៀបចំឱ្យមានសណ្ដាប់ធ្នាប់។ អានរាជបន្ទូលចប់ទាហានក៏លាចៅហ្វាយស្រុកត្រលប់ទៅវិញ លោកអរជូនគិតគ្នានិងប្រពន្ធកូនថា៖
- បង គិតថាព្រះអង្គប្រាកដជាមិនលើកលែងទោសឱ្យបងទេព្រោះថាព្រះអង្គគិតថា យើងនេះហ៊ានហែកបបន្ទូលព្រះអង្គចោល ហើយប្រហែលជាមិនត្រឹមតែបងម្នាក់ទៀតក៏មិនដឹង...។
ចៅហ្វាយស្រុក អរជូនបានដើរប្រមូលអស់ប្រជារាស្ត្រឱ្យជួយកាប់ឆ្ការព្រៃលើក ផ្លូវថ្នល់ដើម្បីឱ្យព្រះអង្គងាយស្រួលក្នុងការយាងទតភូមិស្ថាន លុះរៀបចំរួចស្រេចបាច់ហើយក៏នាំកូនប្រពន្ធនិងប្រជារាស្ត្រជាច្រើន ទៅគាល់ស្ដេចដោយយកទាំងត្រីសាច់នំនែកចំណីចំណុកជាច្រើនទៅថ្វាយផង ដោយគិតថាក្រែងព្រះអង្គមិនយកទោសខ្លួន។ គ្រាន់តែទតឃើញ អរជូនទៅដល់ភ្លាមព្រះអង្គរាមាទ្រង់ខ្ញាល់យ៉ាងខ្លាំងទ្រង់មិន ចង់ឱ្យអរជូនត្រលប់ទៅវិញទេ ព្រះអង្គទ្រង់បញ្ជាឱ្យក្រុមទាហាន កុង្សីយ៍ម្នាក់ក្នុងចំណោមនោះបាននិយាយថា”នេះ មិនត្រឹមតែអរជូនម្នាក់ទេទាំងម្ដាយទាវនិងញាតិមិត្តទាំងប្រាំពីរ សន្ដានក៏ត្រូវទទួលទោសដែរ ព្រោះបានមូលគំនិតគ្នាប្រព្រឹត្តបែបនេះ”បន្ទាប់ពីបានពិភាក្សាគ្នារួចហើយ ក្រុមកុង្សីយ៍និងឧកញ្ញាចក្រីនិងទាហានបានកាត់ទោសថា”អ្នកទោសធ្ងន់ត្រូវស្ងោរទាំងអស់អ្នកស្រាលត្រូវជីករណ្ដៅគ្របខ្លួននិងយករនាស់ដែករាស់”សេចក្ដីនេះរៀបចំហើយក៏យកថ្វាយព្រះមហាក្សត្រទត។ ព្រះអង្គទតរួចហើយទ្រង់ត្រាស់ថា”ថ្ងៃស្អែក ព្រឹកព្រហាមរៀបចំកន្លែងកាត់ទោសចុះ។ គួរឱ្យអនិច្ចាដល់គ្រួសារឧកញ៉ាអរជូននិងគ្រួសាររម្ដាយទាវប្រាំពីរ សន្ដានត្រូវកាត់ទោសដោយកប់ដីហើយរាស់នឹងរនាស់ខ្លះទៀតត្រូវស្ងោរ ទាំងអស់។ នេះជារឿងគួរឱ្យរន្ធត់និងគួរឱ្យចងចាំទុកណាស់សំរាប់យុវវ័យជំនាន់ ក្រោយមិនគួរឡើយយកតម្រាប់តាមគំរូទាំងនោះទេ។
បន្ទាប់ពី រួចរាល់ការងារហើយ ព្រះមហាក្សត្រទ្រង់យាងត្រលប់ទៅរាជវាំងលង្វែកវិញដោយមានមន្ត្រី កុង្សីយ៍ ឧកញ៉ាចក្រី ទាហានហែរហមទៅជាមួយផង៕
ត្រឡប់ទៅវគ្គទី ១ វិញ
Continue Reading...

រឿងទុំទាវ៤

វគ្គទី៤
រួចរាល់កិច្ចការហើយទុំនិងពេជ្រក៏សំពះលាចៅហ្វាយស្រុកអរជូនត្រលប់ទៅវិញទុំបានរ៉ាយរ៉ាប់តាមដំណើររឿងសព្វគ្រប់ទាវថា៖
- ទាវ អើយ!ពេលនេះព្រះអង្គរាមាទ្រង់ត្រាស់បអង្គាប់ឱ្យនាំខ្លួនបងនិង ពេជ្រចូលេវាំងហើយចាប់ពីថ្ងៃស្អែកទៅបងត្រូវបែកពីប្អូនហើយ មិនដឹងជាពេលណាទើបបានជួបគ្នាវិញទេ។
ពាក្យសំដី របស់ទុំទាំងប៉ុន្មានបានធ្វើឱ្យទាវស្រយុតស្រយង់អស់អង្គប្រាណចិត្ត ដែលកំពុងតែរីករាយនិងមានសេចក្ដីសុខបានប្រែក្លាយទៅជាក្រៀមស្វិត ស្រពោនមួយរំពេចទាវឆ្លើយទៅទុំទាំងស្រពោនថា៖
- ម្ចាស់ ថ្លៃប្អូនអើយ!ហេតុអីក៏ទុក្ខប្អូនគរលើទុក្ខយ៉ាងនេះប្អូនទើបនឹង បានជួបបងសោះតែពេលនេះបងបែរជាបែកពីប្អូនទៅវិញទៀតបងអើយបើបាន ទៅដល់វាំងហើយប្អូនពិតជាទ្រាំមិនបានទេបើបងបែកចិត្តពីប្អូននោះ ប្អូននឹងក្ស័យសង្ខារជាក់ជាមិនខាន។
បន្ទាប់ពី រៀបរាប់ប្រាប់គ្នារួចហើយទាវក៏ជួយរៀបចំសំពត់ប្រដាប់ប្រើប្រាស់ និងបារីម្លូស្លាដាក់ក្នុងហើយថ្មីទុកឱ្យទុំជាស្រេចរង់ចាំពេលចេញ ដំណើរ។
ព្រឹកព្រាង ភ្លឺស្វាងព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញរស្មីក្រហមឆ្អិនឆ្អៅទុំក៏ ចាប់យួរហឹបដែលទាវរៀបចំឱ្យស្រេចចេញមកក្រៅទន្ទឹមនឹងពេលនោះដែរ រាជបម្រើហ្លួងមកដល់ដែរទុំបាននិលយាយសុំឱ្យរាជបម្រើជូនទៅស្រុក បាភ្នំដើម្បីលាម្ដាយគ្រូព្រមទាំងញាតិមិត្តបងប្អូនទាំងអស់ដោយក្ដី អាណិតរាជបម្រើក៏យល់ព្រមមជូនទៅ។ លុះព្រមព្រៀងគ្នាជាស្រេចហើយពួកគេក៏នាំគ្នាដើរកាត់ព្រៃនាស្រុក ត្បូងឃ្មុំដើម្បីឆ្លងទៅស្រុកបាភ្នំពួកគេខំប្រឹងដើរទាំងយប់ទាំង ថ្ងៃមិនហ៊ានឈប់សម្រាកទេរយះពេលច្រើនថ្ងៃកន្លងទៅគេក៏បានទៅដល់ គោលដៅទុំបានទៅជួបម្ដាយហើយរៀបរាប់ប្រាប់ថា៖
- អ្នក ម៉ែកូនអើយ!កូនមកនេះគឺមកលាម្ដាយទៅឆ្ងាយហើយត្បិតមានរាជបញ្ជាពី ស្ដេចឱ្យនាំកូននិងប្អូនពេជ្រទៅចូលរាជវាំងព្រោះឮល្បីថាកូនចេះ ច្រៀងនិងប្អូនពេជ្រចេះខាងភ្លេងសូមអ្នកម្ដាយកុំបារម្ភកូនថ្វី កូនទៅនេះប្រាកដជាបានសុខទេ។
ម្ដាយទុំបានឮកូននិយាយហើយក៏ឆ្លើយប្រាប់កូនវិញថា៖
- ហៃ កូនស្ងួនមាសម្ដាយអើយ!កូនទៅបម្រើនៅវាំងស្ដេចចូរកូនថ្វាយខ្លួន ដោយស្មោះពិតកុំលេងសើចលេបខាយនិងស្រីហើយមួយតៀតចូរកូនកុំប៉ះពាល់ រឿងល្បែងឱ្យសោះ។
ម្ដាយ ផ្ដែផ្ដាំរួចហើយបណ្ឌិតទាំងពីរទុំនិងពេជ្រក៏ក្រាបសំពះលាម្ដាយហើយ ប្រញាប់ទៅជួបលោកគ្រូទុំនិងពេជ្រក្រាបសំពះលោកគ្រូហើយក៏កឮ រ៉ាយរ៉ាប់ពីដំណើររឿងដែលគេទាំងពីរត្រូវចូលវាំង។ លោកគ្រូស្ដាប់ទុំនិងពេជ្រចប់ភ្ញាក់ស្មារតីលោកក៏មានពុទ្ធដីកា ប្រៀនប្រដៅថា៖
- បើ បាទាំងពីរទៅបម្រើក្សត្រចូរបាកុំភ្លេចខ្លួនទៅលេងស្រីមុននឹង និយាយស្ដីអ្វីត្រូវចេះប្រយ័ត្នពាក្យសម្ដីកុំចងល្បងចង់ឈ្នះចាញ់ នឹងព្រះអង្គព្រោះទ្រង់មានប្ញទ្ធិបារមីខ្លាំងពូកែណាស់ជាពិសេសនោះ ចូរបាទាំងពីរកុំទៅជិតព្រះអគ្គមហេសីឱ្យសោះព្រោះខ្លាចមានទោសអស់ ជីវិតដោយសារស្រី។
បណ្ឌិត ទាំងពីស្ដាប់គ្រូហើយក៏លើកដៃទាំងពីរដាក់លើក្បាលហើយឱនក្រាបបង្គំ លាលោកគ្រូចុះចេញទៅបម្រើពីហ្លួងឃើញទុំនិងពេជ្រចុះមកហើយក៏ នាំគ្នាទៅកំពង់ទឹកដែលមានទូកនៅរង់ចាំទីនោះជាស្រេចត្បិតថា រាជអាជ្ញាឱ្យរួសរាន់ឆាប់វិលវៃមិនអាចអែរអង់បានឡើយ។ ទុំជិះទូកបណ្ដើរគិតបណ្ដើរភ្នែករំពៃសម្លឹងមើលទេសភាពតាមដងទន្លេ លុះដល់ថ្ងៃទាបបាំងព្រៃទុំក៏នឹកឃើញដល់ទាវភ្លាម។ ចំណែកទាវវិញគ្រាន់តែទុំចេញមកផុតនាងក្រៀមក្រំស្រងេះស្រងោចបាយ មិនបានទឹកមិនបាននោឃើញទាវកើតទុក្ខដូច្នោះក៏លួងលោមថា៖
- ទាវអើយ!ចូរប្អូនកុំសោកាខ្លាំងពេកថ្វីមិនយូរមិនឆាប់គង់ទុំត្រលប់មករកប្អូនទេប្អូនជឿបងចុះ។
ទាវ ឮនិយាយសមហេតុសមផលដូច្នោះស្ដាប់បានប្រះខ្លួនគេងលង់លក់ទៅ។ និយាយពីបណ្ឌិតទុំនិងពេជ្រវិញពួកគេខំចែវទូកតាមដងគង្គាដោយមិន ហ៊ានឈប់ចតសោះឡើយ រយះពេលបីថ្ងៃផុតទៅទូកក៏បានមកដល់កំពង់ហ្លួងពួកគេនាំគ្នាឈប់ចត ហើយក៏នាំគ្នាដើរកាត់ផ្សារឡើងទៅ… រាជបម្រើ នាំសារទៅថ្វាយអង្គព្រះចក្រីព្រះអង្គទទួលសារហើយទ្រង់ចាត់ឱ្យ រៀបចំកន្លែងឱ្យទុំនិងពេជ្រច្រៀងហើយនិងរៀចំកន្លែងឱ្យនាម៉ឺន មន្ត្រីស្រីស្នំភិលៀងអង្គុយគាល់តាមលំដាប់។
បណ្ឌិតទុំនិងពេជ្រលើកហត្ថាដាក់លើសិរសាហើយពេជ្រក៏ចាប់យកប៉ីសាដៀងដេញជាបទភ្លេងចំណែកទុំស្រែកច្រៀងថា៖
- ព្រះគុណប្រកបដោយតេជះតបះបារមីឥតស្មើឡើយទ្រង់មានចិន្ដាត្រាស់ទៅហើយម្ចាស់អើយទ្រង់ភ្នែកយកខ្លួនខ្ញុំ។
ជាអ្នកចម្រៀងច្រៀងប្រការ ប្រកបចេស្ដាប្រោសសូមសុំ
ទោះទោសឆ្គាំឆ្គងហ្មងពិតពុំ ត្រឹមត្រូវត្បិតក្រុមជំនុំក្រៅ។
ស្រែស្រុកemណ្ឌខាងត្បូងឃ្មុំ ចូលមកបង្គំច្រើនល្ងង់ខ្លៅ
ទ្រង់ប្រោសប្រណីសេចក្ដីឆៅ ខ្លួនក្មេងក្រែងហៅដៅដល់អង្គ។
មិនមានរអែងក្រែងចេស្ដា សូមទ្រង់មេត្តាប្រោសស្រោចស្រង់
គង់កេរ្តិ៍ជាខ្ញុំក្រុមក្រោមល្អង ធូលីទ្រង់សង្គ្រោះប្រោសប្រាណ។
បន្ទាប់ពីបានសណ្ដាប់នូវបទចម្រៀងរបស់ទុំហើយអង្គចក្រីទ្រង់សំរួលព្រះទ័យហើយមានបន្ទូលថា៖
- ទុំ អើយយើងគិតថាឯងនេះមិនផេះទេមើលទៅ តែ ឥឡូវឯងបែរជាច្រៀងពីរោះឯងប្រហែលជាមិនបាច់ទៅស្រុកភូមិវិញទេ នៅទីនេះហើយ យើងនឹងប្រទានយសសក្តិឱ្យសមនឹងឯងគឺហៅថា”ម៉ឺន ឯក។ទុំបានទទួលលយស សក្ដិដ៏ខ្ពង់ខ្ពស់នេះគឺជារឿងគួរឱ្យសប្បាយចិត្តណាស់ប៉ុន្តែនៅ យូរថ្ងៃទៅទុំក៏នឹកឃើញដល់ទាវគេនឹកគិតថា៖
- នេះបើព្រះអង្គទ្រង់មានសន្ដោសមេត្តាឱ្យខ្ញុំបាននាំទាវជាសង្សាមកនៅជាមួយមិនដឹងជាសប្បាយយ៉ាងណាទេ។
កន្លង ពេលក្រោយមក ព្រះអង្គចក្រីសព្វព្រះរាជហរទ័យត្រាស់បញ្ជាឱ្យពួកអាជ្ញាចុះខេត្ត ខ័ណ្ឌដើររកស្រីដែលមានរូបសម្បត្តិស្រស់ស្អាតបវរថែមទាំងជានារី គ្រប់លក្ខណ៍ទៀតផងព្រះអង្គមិនប្រកាន់តថាជាជាតិសាសន៍ណា ឬមានឋានៈជាកូនមន្ត្រីរាស្ត្រសាមញ្ញធម្មតាឡើយឱ្យតែក្រុមអាជ្ញា រើសយកបានកឺព្រះអង្គតែងតាំងជាព្រះមហេសីរបស់ព្រះអង្គក្រុមអាជ្ញា ទទួលរាជឱង្ការហើយក៏នាំគ្នាជិះសេះចុះតាមភូមិស្រុកឃុំខេត្តនានា ទូទាំងប្រទេសចេញពីខេត្តមួយចូលខេត្តមួយពីស្រុកមួយចូលស្រុកមួយពី ភូមិមួយទៅភូមិមួយស្ទើរតែគ្រប់ខែត្តអស់ទៅហើយនៅតែរកមិនបានស្រី ដែលមានរូវសម្បត្តិសក្ដិសមជាព្រះមហេសីព្រះអង្គឡើយ។ ក្រុមអាជ្ញាពិបាកចិត្តយ៉ាងខ្លាំងពួកគេនៅតែសង្ឃឹមតែខេត្តមួយ ចុងក្រោយគេបង្អស់ប៉ុណ្ណោះ។ ស្អែកឡើងពួកគេធ្វើដំណើរឆ្ពោះទៅកាន់ស្រុកត្បូងឃ្មុំខេត្តកំពង់ចាមដែល មានអរជូនជាចៅហ្វាយស្រុកនៅទីនោះពួកគេនាំគ្នាដើរមើលតាមផ្សារតាម ទីប្រជុំជនគ្រប់កន្លែងនៅតែមិនប្រទះភ្នែកសោះថ្ងៃរសៀលបន្តិចពួកគេក៏ ទៅដល់កន្លែងដើមពោធិជើងខាលនៅទីនោះមនុស្សម្នាក្មេងចាស់ជាច្រើន ចូលដងទឹកប្រើប្រាស់ពួពក្រុមអាជ្ញាឈរសំលឹងមួយសន្ទុះនៅតែគ្មានរណា ម្នាក់គួរឱ្យពួកគេទាក់ភ្នែកឡើយ។ រសៀលត្រជាក់ទាវស្រីលក្ខណ៍ចេញដើរលំហែរកាយក្បែរនោះគ្រាន់តែ ក្រឡេកឃើញភ្លាមក្រុមអាជ្ញាសប្បាយរីករាយក្នុងចិត្តភ្លាមគេកេះគ្នា ហើយនិយាយថា៖
- ពួកយើងនឹងអស់កង្វល់ហើយព្រោះថាយើងបានជួបស្រីដែលមានរូបសម្បត្តិសក្ដិសមនឹងព្រះអង្គហើយ។
លុះ យល់ឃើញគ្រប់គ្នាថាសមល្មមអាចទទួលបានហើយក្រុមអាជ្ញាក៏ស៊ើបសួរពី់ អ្នកស្រុកពីរឿងទាវបន្ទាប់ពីបានដឹងថាទាវមិនទាន់រៀបការនៅឡើយ គ្រាន់តែស៊ីស្លាភ្ជាប់ពាក្យជាមួយម៉ឺនងួនដែលជាកូនអរជូននោះក្រុម អាជ្ញាក៏ប្រញាប់រួសរាន់ធ្វើដំណើរទៅរកលោកចៅហ្វាយស្រុកភ្លាម។ ចៅហ្វាយស្រុកអរជូនកាលបើបានទទួលព្រះរាជឱង្ការបស់ព្រះអង្គហើយក៏ ប្រញាប់ទៅប្រាប់ម្ដាយទាវជាបន្ទាន់ថា”គាត់ នឹងនាំទាវចូលវាំងថ្វាយ ស្ដេចហើយ។ លោកចៅហ្វាយស្រុកអរជូនបានជួយរៀបចំទូកមួយយ៉ាងល្អប្រណិតទុកសំរាប់ ឱ្យទាវជិះទៅចំណែកឯម្ដាយទាវវិញគាត់បានឱ្យគេស្អាងទាវយ៉ាងស្អាត មុននឹងចុះពីផ្ទះ។ ទាវស្រីវលក្ខណ៍បានសំពះលាញាតិសន្ដានដែលបានជូនដំណើរហើយក៏ចុះទូក។ លុះរួចរាល់សព្វគ្រប់ហើយទូកក៏ចាប់ចេញដំណើរភ្លាម ទាវជិះទូកតាមដងទន្លេភ្នែករំពៃគយគន់ទេសភាពដែលដុះអមមាត់ទឹកភ្នែក ចេះតែសម្លឹងប៉ុន្តែក្នុងចិត្តនាងមិនបានស្ងប់ឡើយក្នុងចិត្តទាវ នឹកចំបែងរកទុំជានិច្ចនាងនិយាយរៀបរាប់ប្រាប់នោថា៖
- បង នោអើយខ្ញុំនេះហៅថានារីរងកម្មអ្វីម្ល៉េះទុក្ខមួយកំពុងតែបែក សង្សារមិនដឹងទៅទីណាឥឡូវទុក្ខមួយមកផ្ទួនទៀតគេយកខ្ញុំទៅថ្វាយ ស្ដេចឱ្យទៅធ្វើជាគូបេតីហើយឱ្យខ្ញុំធ្វើដូម្ដេចទៅខ្ញុំមិនអាច ទ្រាំបានទេបើខ្ញុំបែកពីទុំនោះស៊ូក្សិណក្ស័យប្រសើរជាង។
គ្រប់ កាយវិការនិងអារម្មណ៍របស់ទាវទាំងប៉ុន្មានមិនបានធ្វើឱ្យ ចាប់អារម្មណ៍ដល់អ្នករួមដំណើរររជាមួយឡើយពួកគេទាំងអស់ទាំងម្ដាយ ទាវ ក៏ដោយសុទ្ធតែគិតថាទាវយល់ព្រមនិងសប្បាយចិត្តក្នុងការទៅចូលវាំង។
ព្រះ សូរិយាបន្ទាបខ្លួនបន្តិចម្ដងៗរួចក៏លិចបាត់ទៅទិសខាងលិចចំណែក ពន្លឺព្រះច័ន្ទក៏ចូលខ្លួនមកបំភ្លឺលោកវិញម្ដង។ ពន្លឺព្រះច័ន្ទរាត្រី១៥កើតពិតជាមានពន្លឺភ្លឺថ្លាត្រជាក់ស្រទន់ គួរឱ្យគយគន់ណាស់ទាវប្រះខ្នងគេងភ្នែកសម្លឹងព្រះច័ន្ទនាង គិតក្នុងចិត្តថា៖
ឱអង្គច័ន្ទថ្លាថ្លៃ ពណ៌ដូចចរណៃលើវេហារស៍
ដូចខ្លួនខ្ញុំបែកបង់ឃ្លាតឃ្លា រស្មីចន្ទ្រាក៏ត្រជាក់
តារារះរាយដោយចង្វាក់ ដូចទុំនិងខ្ញុំធ្លាប់កៀកកើយតារារះរាយដោយចង្វាក់
យប់ កាន់តែជ្រៅសន្សើមត្រជាក់ធ្លាក់ចុះមកជួយឱ្យអារម្មណ៍ទាវបាន ស្ងប់ស្ងាត់បន្តិចហើយក៏លង់លក់ទៅក៏ភ្លេចអស់នូវទុក្ខកង្វល់នានា។ លុះភ្លឺស្រាងៗឡើងទាវភ្ញាក់ដឹងខ្លួនពេលណាព្រួយនឹកដល់ទុំ ជានិច្ច...ទូកចេះតែលឿនលយទៅមុខជាលំដាប់អ្នកចែវទូកខំប្រឹងស្រូតចែវ មិនាហ៊ានឈប់សម្រាកបន្តិចសោះឡើយព្រោះចង់ឱ្យដល់គោលដៅឆាប់។ យប់ថ្ងៃ ថ្ងៃយប់ រយះពេលពីរបីថ្ងៃកន្លងផុតយ៉ាងឆាប់រហ័ស ពេលនេះទូកក៏បានមកដល់កំពង់ក្រុមអាជ្ញាបានឱ្យទាវឡើយទៅងូតតឹកជំ រះកាយនិងសម្រាកយកកម្លាំង រង់ចាំព្រឹកស្អែកចាំនាំទៅគាល់ព្រះមហាក្សត្រ។ ទេសភាពនៅពេលល្ងាចនៅមាត់ស្រះនាបន្ទាយលង្វែកល្អស្រស់ត្រចង់គួរឱ្យ គយគន់ណាស់ប៉ុន្តែចំពោះទាវវិញនាងមិនបានចាប់អារម្មណ៍នូវរបស់ទាំង នោះទេ ក្នុងចិត្តនាងនៅនឹកដល់ទុំជានិច្ចឥតល្ហែល្ហើយឡើយ…រហូតដល់យប់ ស្ងាត់នាងគេងក៏មិនលក់នាងប្រែចុះប្រែឡើងក្នុងចិត្តគិតថា៖
ឱព្រះពាយផាយផាត់ប្រាណ សមខ្ញុំប្រមាណអស់បានទុំ
ទុក្ខប្អូនទៀតហើយទុំអើយអ្នក នៅលើដំណាក់ក៏ភ្លេចខ្ញុំ
ឥឡូវប្អូនមកជ្រកដេកយំ ក្រាលក្រំដំបៅក្ដៅឱរា។
ព្រឹកនេះនាំខ្ញុំទៅថ្វាយ ស្ដេចគង់ដែនអាយលើសិរសា
ខ្លួនឯងជារាស្ត្រតើលោកណា មេត្តាដឹងទុក្ខជួបមូលទុំ។
ព្រឹក ឡើងភ្លឺច្បាស់ព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញរស្មីយ៉ាងក្រហមច្រាល ទាវស្រីភ្ញាក់ពីដំណេកទាំងទឹកភ្នែកជោគថ្ពាល់ នាងស្ទើរតែមិនហ៊ានស្រាយបង្វេចគ្រឿងប្រដាប់ស្អាងកាយដែលគេ ទុកឱ្យ…លុះរៀបចំខ្លួនរួចរាល់ហើយពួកគេក៏នាំគ្នាចេញទៅនៅចុងរាជរោង ដើម្បីរង់ចាំគាល់ព្រះអង្គ។
កាលនោះ ព្រះអង្គទ្រង់ចេញចាកក្រឡាបន្ទំដោយមានស្រីស្នំដើរអមព្រះអង្គទៅ រាជរោងឃើញព្រះអង្គយាងមកដល់ដូច្នោះ…គេ ក៏នាំទាវចូលគាល់ព្រះអង្គ។ គ្រាន់តែព្រះអង្គបែរព្រះភ័ក្ដ្រយល់ឃើញទាវជាស្រីស្រស់ស្អាតបវឥត មើលទាស់ត្រង់ណាព្រះអង្គទ្រង់មានព្រះបន្ទូលសួរមហេសីស្រីស្នំទាំអស់ ថា”តើស្រីទាវស្រស់ស្អាតសសក្តិសមជមហេសីដែរឬទេ?សុំឆ្លើយឱ្យពិតមក ចុះយើងមិនយកទោសអ្វីទេ”ស្រីស្នំទាំងអស់ឆ្លើយថា៖”ស្រស់ស្អាតពិតណាស់ ព្រះអង្គឥតមានកន្លែងត្រង់ណាទាស់ភ្នែកឡើយ។
លុះ សួរនាំស្រេចបាច់ហើយព្រះអង្គទ្រង់ត្រាស់ឱ្យហៅទុំមកច្រៀងថ្វាយ ព្រះអង្គទុំទទួលព្រះបញ្ជាហើយដើរឱនកាយចូលមកអង្គុយស្រួលបួលហើយ ទុំងើបឡើងភ្ញាក់ព្រើតព្រោះឃើញទាវត្រូវម្ដាយនាំមកថ្វាយស្ដេច ក្នុងទ្រូងទុំពេលនេះឆួលឆេះក្ដៅខ្លាំងដោយក្ដីស្រលាញ់ទុំហ៊ានមិន ខ្លាចសូម្បីតែព្រះចេស្ដាព្រះអង្គ ទុំស្រែកច្រៀងថា៖
អស់ឱ្យព្រះច្រមត្រៃថ្លៃអនេក ជាឯកភូមិភពគ្រប់លោកា
លោកិយដែនដីឋានមនុស្សា ខ្លបខ្លាចចេស្ដាព្រះបារមី។
ទ្រង់មានឱង្ការចាត់ឱ្យរក ឱ្យរើសរូបមកជាមហេសី
ឥឡូវបានទាវស្រស់ប្រិមប្រិយ មិនគួរគប្បីទាស់ទទឹង។
ខ្លាចព្រះចេស្ដាម្ចាស់ទ្រង់រិទ្ធី ទូលបង្គំសូមពិតឯទាវហ្នឹង
ជាក់ជាសង្សារប្រាថ្នាពឹង សន្មតវិលវឹងគ្រប់ជាតិ។
ជាតិតាំងកំណត់សន្មតកើត យោនយកកំណើតជាប្រុសស្រី
ឱ្យជួបទាវស្ងួននួនពិសី ប្រាថ្នាកុំបីឱ្យឃ្លាឃ្លាត។
ទុំ ហ៊ានច្រៀងរៀបរាប់ពីស្នេហាដែលខ្លួនគេនិងទាវធ្លាប់មានជាមួយគ្នា។ ចំណែកទាវវិញនាងឮទុំច្រៀងដូច្នោះ នាងមិនហ៊ានងើបមុខមើលទុំទេព្រោះខ្លាចព្រះមហាក្សត្រយកទោសទុំ។
អង្គ ព្រះចក្រីទ្រង់សណ្ដាប់ទុំច្រៀងហើយ ដំបូងព្រះអង្គទ្រង់ខ្ញាល់នឹងទាវ ប៉ុន្តែក្រោយមកព្រះអង្គទ្រង់ព្រះតម្រិះថា៖បើយើងយកទោសគេទៅ គេនឹងព្រាត់ប្រាសសង្សារមិនខានហើយវានឹងផ្ទុយពីធម៌ព្រះពុទ្ធ ដែលថាបំបែកបំបាក់សង្សារសត្វទៀតផង។ ទ្រង់ឆ្វេងយល់ដូច្នោះហើយទើបមានព្រះបន្ទូលសួរទុំថា៖
- មើលទុំចូរអ្នកប្រាប់យើងឱ្យច្បាស់មើលថាតើទាវជាគូសង្សារអ្នកពិតប្រាកដឬយ៉ាងណា?
ទុំ ឮអង្គក្សត្រមានបន្ទូលដូច្នោះក៏ក្រាបបង្គំទូលកាពិតទាំងអស់ដល់ ទ្រង់។ បន្ទាប់មកទ្រង់ត្រាស់សួរទាវទៀតទាវក៏បានទូលការពិតដូចដែលទុំ បានទូលពីមុនមកដែរ…បន្ទាប់ពី បានសណ្ដាប់ពីរឿងរ៉ាវទុំនិងទាវហើយ ព្រះអង្គទ្រង់ឆ្វេងយល់ពីរឿងសង្សារសត្វទ្រង់ព្រះតម្រាស់ដល់ពួក កុង្សីយ៍សេនាបតីឱ្យរៀបចំគ្រឿងប្រដាប់មង្គល ថ្ងៃស្អែកទ្រង់នឹងផ្សំផ្គុំទាវនិងម៉ឺនឯក។ លុះស្អែកឡើងបន្ទាប់ពីព្រះអង្គរៀបចំពិធីផ្សំផ្គុំហើយ ម្ដាយទាវនិងញាតិមិត្តក៏ក្រាបបង្គំលាព្រះមហាក្សត្រត្រលប់ទៅវិញ។
ដល់ផ្ទះ ម្ដាយទាវកើតទុក្ខនឹកមិនអស់ចិត្តខឹងនឹងទុំយ៉ាងខ្លាំងដែល ប្រែក្លាយវាសនាទាវឱ្យទៅស្មានមិនដល់យ៉ាងនេះ គាត់គិតថា “មិនគួរណា ស្ដេចមិនយកទោសអាទុំនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏អញត្រូវតែបំបែកវាពីកូនអញឱ្យទាល់តែ បាន ដើម្បីអញយកកូនទាវមកផ្សំផ្គុំម៉ឺនងួនដែលជាកូនអរជូនគ្រាន់ ពឹងពាក់ថ្ងៃក្រោយ។ ចំណែកអាទុំទៅសង្ឃឹមអីអាមនុស្សសាត់ព្រាត់មិនដឹងមកពីណាសោះនោះ។
គិតគូរ រួចរាល់ហើយម្ដាយទាវបានធ្វើដំណើរទៅផ្ទះលោកចៅហ្វាយស្រុកអរជូន ទាំងយប់គាត់បានរៀបរាប់ពីដំណើររឿងទាំងអស់ប្រាប់លោកអរជូនដោយ បញ្ជាក់ថា៖ ”គាត់ ខឹងនឹងទុំដែលធ្វើគាត់អាប់ឱនកិត្តិយស។ ទីបញ្ចប់គាត់បានសុំឱ្យលោកចៅហ្វាយស្រុករកមាន់ ទាត្រីសាច់បន្លែផ្លែឈើត្រៀមបម្រុងជាស្រេច គាត់យកទាវមកផ្សំផ្គុំនឹងម៉ឺនងួនឱ្យទាល់តែបាន។ លុះគិតគូររួចរាល់ហើយម្ដាយទាវក៏ជម្រាបលាត្រលប់ទៅវិញ ដដល់ផ្ទះភ្លាមគាត់បានពឹងគេឱ្យទៅសរសេរសំបុត្រមួយច្បាប់ប្រាប់ទៅ ទាវថា”ឱ កូនទាវត្រលប់មកជាប្រញាប់ត្បិតម្ដាយឈឺគ្រុនក្ដៅយ៉ាងខ្លាំង ពិសាមិនបានអស់កម្លាំងដង្ហើមតិចទៅៗបើនៅយឺតយ៉ាវខ្លាចមិនទាន់។
រៀបចំ រួចស្រេចបាច់ហើយម្ដាយទាវក៏ពឹងឱ្យគេនាំសំបុត្រនេះទៅឱ្យទាវ ជាបន្ទាន់។ អ្នកនាំសំបុត្រប្រឹងចែវទូកមិនហ៊ានឈប់គឺផ្លាស់ប្ដូរគ្នាចែវជា រហូតលុះមកដល់កំពង់ចតទូករួចហើយក៏ដើរសំដៅទៅរកផ្ទះទាវតែម្ដង។ ទាវបានឃើញអ្នកមកពីស្រុកខ្លួនដូច្នោះមានចិត្តត្រេកអរជាពន្លឹកនាង ក៏បានសួរនាំសុខទុក្ខរបស់ ម្ដាយនាងនិងបង់ប្អូនញាតិមិត្តក្នុងភូមិទាំងអស់អ្នកនាំសំបុត្រ មិនបានប្រាប់ពីសុខភាពម្ដាយនាងទេ គេគ្រាន់តែហុចសំបុត្រឱ្យទៅទាវអានតែប៉ុណ្ណោះ។ គ្រាន់តែអានសំបុត្រចប់ភ្លាមទាវកើតទុក្ខក្រៀមក្រំពេញក្នុងប្រាណ គិតថា”ពេលនេះនាងត្រូវបែកពីគូជីវិតថ្មីថ្មោងរបស់នាងទៀតហើយ”ប្អូន ទៅ មើលម្ដាយក៏ទៅចុះឱ្យជួបជុំញាតិសែនព្រេនជីដូនជីតា បើបានធូរហើយចូរប្អូនឆាប់ត្រលប់មកវិញ ចំណែកបងមិនអាចទៅបានព្រោះជាប់រវល់ការងាររបស់ព្រះអង្គចាំបងជួយ រៀបចំឥវ៉ាន់ប្អូន។ លុះរៀបចំរួចរាល់ហើយទាវក៏លាទុំ ហើយឡើងជិះទូកចេញទៅ ទាវអង្គុយស្ងៀមប៉ុន្តែអារម្មណ៍នាងជ្រួលច្របល់មិនស្ងប់ឡើងនាង ព្រួយមួយព្រោះម្ដាយឈឺមិនដឹងយ៉ាងណា ព្រួយមួយព្រោះនាងបែកពីប្ដីដែលទើបរៀបការហើយថ្មីៗទូកចូលចតកំពង់ នៅស្រុកត្បូងឃ្មុំទាវស្រីវលក្ខណ៍ក៏ប្រញាប់ចុះពីទូកហើយទៅរក ម្ដាយទៅរករក ម្ដាយភ្លាមនាងភ្ញាក់ព្រើតព្រោះថានាងឡើងដល់លើផ្ទះ នាងឃើញម្ដាយនាងព្រមទាំងញាតិមិត្តជាច្រើនកំពុងរៀបចំនំចំណី ផ្លែឈើ ម្ហូបអាហារដាក់សែនព្រេនដូនតា ឃើញទាវមកដល់ម្ដាយទាវក៏បានមករកកូនហើយរៀបរាប់ប្រាប់ថា៖
អានតវគ្គទី ៥
Continue Reading...

រឿងទុំទាវ៣

វគ្គទី៣
ទុំនិងពេជ្រលាក្មេងទាំងនោះហើយធ្វើដំណើរចូលទៅដល់ភូមិទុំសួរពេជ្រថា៖
តើយើងត្រូវចូលទៅផ្ទះទាវតែម្ដងឬយ៉ាងណាពេជ្រ?
មិនបានទេបង(ពេជ្រឆ្លើយកាត់ភ្លាម)យើងគួរតែទៅផ្ទះម្តាយធម៌សិនទៅ…
ល្អម្យ៉ាងដែរ!តោះអីចឹងយើងទៅសួរគេខាងមុខមើលក្រែងបានជួបគាត់។
ស្រុះស្រួល គ្នាហើយទុំនិងពេជ្រនាំគ្នាទៅសួរអ្នកស្រុកដើម្បីរកផ្ទះ ម្តាយធម៌។ គ្រាន់តែបានឃើញបណ្ឌិតទុំនិងពេជ្រភ្លាមម្តាយធម៌ក៏ប្រញាប់សួរដោយ រាក់ទាក់ថា៖
កូនទាំងពីរទៅណាក៏បាត់យូរម្ល៉េះម្ដាយនឹកអើយសែននឹក។ តោះឡើងផ្ទះសិនមកងូតទឹកឱ្យហើយនឹងអាលរកបាយទឹក...
អរគុណអ្នកម្ដាយណាស់ដែលមិនភ្លេចកូនទាំងពីរ(ទុំនិងពេជ្រឆ្លើយទៅម្តាយធម៌វិញដោយលើកដៃសំពះផង)។
ម្តាយធម៌ ទុំនិងពេជ្របានសំណេះសំណាលសួរសុខទុក្ខពីឪពុកម្ដាយញាតិមិត្តរបស់ ទុំដោយរាក់ទាក់។ លុះបរិភោគបាយរួចហើយដោយវេលាស្ងាត់ទុំក៏បានរៀបរាប់ដំណើររឿងដែលគេ មកត្បូងឃ្មុំនេះទាំងអស់ប្រាប់ដល់ម្តាយធម៌ដោយបញ្ជាក់ថាទាវ បានប្រគល់ដន្លាប់ផាហ៊ុមស្លាម្លូដល់គេជាទីសំអាង។
យើង ឈប់ស្លេះរឿងទុំនិងពេជ្រទៅដល់ស្រុកត្បូងឃ្មុំត្រឹមណេះសិនយើងងាក បែរមកមើលផ្ទះចៅហ្វាយស្រុកអរជូននៅស្រុកត្បូងឃ្មុំនេះវិញម្ដង ថ្ងៃនេះលោកបាននិយាយនិងភរិយាលោកថា៖
ប្អូន អើយ!សព្វថ្ងៃនេះបងប្រៀបបាននឹងមនុស្សមានបុណ្យម្នាក់ដែរព្រោះថាបង នេះត្រូវគ្រប់គ្រងលើបណ្ដាប្រជានុរាស្ត្រពេញស្រុកត្បូងឃ្មុំនេះ ប្អូនគិតទៅមើលមិនទ្រព្យសម្បត្តិឬខ្ញុំកំដរគឹបងមានទាំងអស់។ ប៉ុន្តែបងបានឮសំដីរាស្ត្រនិយាយគ្នាថានៅក្នុងស្រុកយើងនេះមាន អ្នកមេម៉ាយម្នាក់មានទ្រព្យសម្បត្តិគួរសមដែរគាត់មានកូនស្រីតែ ម្នាក់ដូចជាយើងមានកូនងួនម្នាក់ដែរ។
ឮថាកូនស្រីនោះឈ្មោះទាវមានរូបសម្បត្តិស្រស់ស្អាតណាស់ថែមទាំងមានភីលៀងចាំបម្រើកូនស្រីនោះទៀតផង។
លោកស្រីប្រពន្ធចៅហ្វាយស្រុកអរជូនអង្គុយស្ដាប់ប្ដីនិយាយពីរឿងនាងទាវហើយក៏ឆ្លើយតបនឹងប្ដីថា៖

- ខ្ញុំ ឮបងនិយាយពីទាវនោះខ្ញុំដូចជាចាប់អារម្មណ៍ដែរព្រោះថាកូនងួនរបស់ យើងក៏ធំពេញរូបរាងល្មមឱ្យមានគូស្រកររដែរប៉ុន្តែខ្ញុំមិនទាន់ឃើញ មានកូនចៅនរណាឱ្យស័ក្តិសមឡើយ។ បើនាងទាវល្អស្អាតពិតដូចជាអ្នកស្រុកនិយាយមែននោះយើងគួរតែទៅ ស្ដីដណ្ដឹងឱ្យកូនយើងទៅតើយ៉ាងម៉េចដែរលោកបង?
- ពិតមែន ហើយ(លោកអរជូនឆ្លើយទៅប្រពន្ធវិញ)បើដូចច្នោះប្អូនគួររកពឹង អ្នកចេះនិយាយស្ដីចែចូវហើយនិងរកផ្លែឈើនំនែកទៅជាមួយផង។
បន្ទាប់ពី ស្រុះស្រួលគំនិតគ្នាហើយភរិយាលោកចៅហ្វាយស្រុកបានរកពឹងអ្នកពូកែ ខាងវេហាស៍ខាងចែចូវនឹងឱ្យគេរៀបចំផ្លែឈើនំចំណីដាក់ថាសហើយ ធ្វើដំណើរទៅផ្ទះម្ដាយទាវ។ ពេលទៅដល់មើលពីក្រៅផ្ទះស្គាល់ជាក់ថាគាត់ជាម្ដាយទាវអ្នកចែចូវក៏ រលះរលាំងឡើងលើផ្ទះ។ ម្ដាយនាងទាវកាលបើឃើញភ្ញៀវឡើងដូច្នោះក៏ទទួលរាក់ទាក់ថា៖
- អ្ហូ!អ្នកអញ្ជើញអង្គុយលេងសិនមកតើអ្នកអញ្ជើញមានការទៅឆ្ងាយឬក៏អញ្ជើញមករកខ្ញុំមានការអ្វីទេ?
- ចាស៎អ្នកអើយខ្ញុំជម្រាបសួរ(អ្នកចែចូវនិយាយបណ្ដើរព្រមទាំងលើដៃសំពះបណ្ដើរ)។
ពេលនោះ អ្នកកាន់នំចំណីផ្លែឈើក៏មកដល់ដែរ។ ម្ដាយនាងទាវរៀបចំផ្លែឈើនំចំណីនោះដាក់លើតុរួចរាល់ស្រេចបាច់ហើយ គាត់ក៏បែរមកជួបភ្ញៀវវិញ។ ពេលនោះអ្នកស្រីចែចូវក៏និយាយបន្ត៖
- អ្នក អើយ!ខ្ញុំមកនេះព្រោះលោកប្រុសនិងលោកស្រីគាត់ពឹងពាក់ឱ្យមកហើយបើ និយាយទៅខុសឆ្គងយ៉ាងណាសូមមេត្តាកុំប្រកាន់ទោសពៃរ៍អ្វីឮល្បីថា អ្នកស្រីមានកូនដ៏ល្អម្នាក់ដូច្នេះហើយទើបលោកប្រុសនិងលោកស្រីគាត់ បានឱ្យខ្ញុំមកសុំចងស្ពានមេត្រីសុំស្នាក់សុំស្នើសុំជណ្ដើរឡើងសុំ ស្ដីដណ្ដឹងកូនស្រីអ្នកឱ្យទៅម៉ឺនងួនកូនលោកតើអ្នកគិតយ៉ាងណាដែរសូម មានប្រសាសន៍មកចុះ។
ឮ សំដីនេះភ្លាមអ្នកមេម៉ាយម្ដាយទាវហាក់អរក្នុងពោះព្រោះត្រូវនឹង ចិត្តគិតប៉ងប៉ុន្តែគាត់រំងាប់អារម្មណ៍រួចឆ្លើយវិញថា៖
- ពិបាក ដែរអ្នកអើយសព្វថ្ងៃនេះព្រោះថាមានអ្នកចូលមកហូរហែមានទាំងរាស្ត្រ ទាំងមន្ត្រីខ្ញុំមិនដឹងគិតថាឱ្យទៅនរណាខ្ញុំចេះតែថាកូនខ្ញុំ ជាប់ធុរៈប៉ុន្តែមកប៉ះលើអ្នកធំក្នុងស្រុកយ៉ាងនេះលោកមានអំណាចពេញ ទាំងស្រុកត្បូងឃ្មុំនរណាៗក៏ត្រូវរស់នៅក្រោមអំណាចលោកដែរ។ ឥឡូវនេះណាអ្នកខ្ញុំឆ្លើយមិនទាន់បានទេចាំសួរចិត្តកូនសិន។
អ្នក ចែចូវកាលបើបានស្ដាប់ចម្លើយម្ដាយទាវយ៉ាងដូច្នោះហើយក៏នាំគ្នាលើក ជំនូនទាំងអស់ទៅម្ដាយទាវហើយក៏សំពះលាចេញទៅ។ គាត់បានលើកយកពាក្យសំដីដែលម្ដាយទាវបាននិយាយរៀបរាប់ប្រាប់លោក ចៅហ្វាយស្រុកនិងភរីយាដោយគ្មានខ្វះមួយពាក្យឡើយ។
និយាយពី ម្ដាយទាវវិញពេលដែលភ្ញៀវចេញទៅផុតអស់គាត់ក៏ប្រញាប់ចូលទៅ ខាងក្នុងជួបទាវគាត់និយាយហាក់ដូចជាត្រេកអរពេកក្រៃថា៖
- កូនស្រី ម្ដាយពេលនេះណាកូនបានខ្ពស់មុខលើសអស់ស្រីក្នុងស្រុកត្បូងឃ្មុំ នេះព្រោះថាម្ដាយបានលើកកូនឱ្យទៅចៅហ្វាយស្រុកអរជូនហើយ។ ចាប់ពីថ្ងៃនេះតទៅកូនស្រីម្ដាយត្រូវរៀបចំខ្លួនឱ្យបានសមរម្យឬកពារ ទៀតសោតក៏កុំឆ្មើងឆ្មៃឱ្យសោះ។
ស្រស់ ស្រីទាវកាលដែរបានស្ដាប់ម្ដាយនិយាយដូច្នោះហើយនាងហាក់ ស្រយុតស្រយង់អស់រាងកាយ។ ទាវខំប្រមូលអារម្មណ៍ឆ្លើយទៅម្ដាយវិញថា៖
- អ្នក ម៉ែអើយ!ពេលនេះកូននៅស្ដាយបានទឹកនំចំណីកូនមិនចង់ឃ្លាតពីអ្នក ម្ដាយទេសូមម៉ែកុំលើកកូនឱ្យគេថ្វី។ ហើយបើម៉ែយល់ព្រមល្មមនឹងគេហើយនោះសូមម៉ែយកកូនផ្សេងការនឹងគេ ចុះ។
ពាក្យសំដី ទាំងប៉ុន្មានរបស់ទាវបានចាក់ទម្លុះក្ដីសង្ឃមរបស់ម្ដាយនាងឱ្យ ធ្លុះធ្លាយដាចដោយគ្មានសល់។ គាត់ខំប្រឹងសង្កត់ចិត្តដោយនិយាយប្រាប់ទាវវិញថា៖
- កូន អើយ!ពេលនេះកូនមិនអាចឈ្នះបានទេយើងជាពងមាន់កុំចង់យកឈ្នះនឹងថ្ម ហើយបើកូនប្រកែកដាច់ខាតនោះវានឹងខុសប្រពៃណីដែលថា”នំមិនធំជាងនាឡិ ទេ”ចំណែកសត្វព្រៃតូចតាចដែលហ៊ានល្បងនឹងសត្វធំកាចសាហាវគង់នឹង ស្លាប់ខ្លួនអាសារឥតការមិនខាន។
យើង ឈប់ស្លេះរឿងទាវនិងម្ដាយត្រឹមនេះសិនយើងបែរមកមើលទុំនិងពេជ្រ វិញម្ដង។ បន្ទាប់ពីបានស្នាក់នៅក្នុងស្រុកត្បូងឃ្មុំជាយូរថ្ងៃមកទុំកើតទុក្ខ ក្រៀមក្រំក្នុងចិត្តត្បិតអីខ្លួនមិនបានទៅរកទាវសោះទុំនិយាយទាំង ក្រៀមក្រំប្រាប់ពេជ្រថា៖
- ពេជ្រ អើយ!ឥឡូវយើងមកស្នាក់នៅទីនេះយូរថ្ងៃដែរហើយបងមិនដែលបានទៅជួបទាវ ម្ដងសោះ។ បងនេះនឹកដល់ទាវពេកក្រៃហើយប្អូនជួយគិតបងមើលថាតើបងគួរទៅឥឡូវ ឬក៏ចាំបន្តិចទៀត?
- បង ទៅឥឡូវក៏ទៅចុះ(ពេជ្រឆ្លើយទៅទុំទាំងក្រៀមក្រំ)ប៉ុន្តែបងត្រូវ ប្រយ័ត្នផងថាស្រីៗមានល្បិចច្រើនណាស់ស្រីខ្លះមានចិត្តឆេវឆាវមនចេះ គិតពិចារណារកហេតុផលគិតតែពីខឹងចំណែកស្រីខ្លះទៀតប្រើកលមាយារ ប្រើប្រាស់រូបយើងដើម្បីទ្រព្យផ្សេងៗរហូតដល់ស្លាប់អាសារឥតការក៏មាន។
- អរគុណ ហើយនូវដំបូន្មានដ៏ល្អរបស់ប្អូនប៉ុន្តែបងគិតថាចំពោះទាវនាងមិន ដូចស្រីដែលប្អូននិយាយទេនាងជាស្រីដែលមានចរិយាសុភាពរមទម្យ ស្មោះត្រង់ហើយដែលប្រការសំខាន់នាងបានប្រគល់ដន្លាប់ផាហ៊ុមនិងស្លា ម្លូឱ្យបងជាតឹកតាង។ ណ្ហើយ!បងទៅសិនហើយពេជ្រកុំឱ្យថ្ងៃទាន់។
គ្រាន់តែ ឈានជើងចេញពីផ្ទះភ្លាមបណ្ឌិតទុំថ្មីយើងខំប្រឹងស្រូតដំណើរយ៉ាង លឿនដោយមិនខ្លាចនឿយហត់ក្នុងចិត្តរបស់គេនឹកស្រមៃឃើញតែទាវមិនដាច់ ឡើយ។ ដោយសេចក្ដីស្រលាញ់និងនឹករលឹកខ្លាំងពេកបានធ្វើឱ្យផ្លូវដ៏សែនឆ្ងាយ ប្រែក្លាយជាជិតបង្កើយ។ ប៉ុន្មានម៉ោងក្រោយមកទុំក៏បានដល់គេហដ្ឋានមួយដែលគេប្រហែលក្នុង ចិត្តថាជាផ្ទះរបស់នាងទាវ។ ទុំឈររេរានៅខាងមុខផ្ទះមិនហ៊ានចូល។ ក្នុងថ្ងៃនោះដែរម្ដាយទាវមិនបាននៅផ្ទះទេគាត់មានការចេញទៅឆ្ងាយ មិនដឹងជាថ្មើម៉ានទើបបានមកដល់វិញទេដូច្នេះនៅក្នុងផ្ទះមានតែនាង នោនិងទាវតែប៉ុណ្ណោះ។ ដោយឃើញស្ងាត់ទុំចេះតែអើតមើលហើយរេរាមិនហ៊ានចូល។
- អ្នកអើយអញ្ជើញមកនេះមក!
បណ្ឌិតទុំឮសំឡេងសួរចំខ្លួនឯងយ៉ាងដូច្នោះក៏ប្រញាប់ឈានជើងឡើងលើផ្ទះ។ នោក៏បានសួរបន្តទៀតថា៖
- តើអ្នកអញ្ជើញមកទីនេះមានការអ្វីដែរ?
- ខ្ញុំមករកទាវណាប្អូន(ទុំឆ្លើយតបវិញ)
- អ្នកថាមករកទាវតើអ្នកត្រូវជាអ្វីនឹងទាវទៅ(នោសួរតបវិញដោយឆ្ងល់)
- បង នេះហើយធ្លាប់មកសូត្រឱ្យនាងស្ដាប់។ ហេតុអ្វីក៏ធ្វើពើមិនស្គាល់បងយ៉ាងនេះ?(ទុំនិយាយបណ្ដើរលូកដៃចូល ហោប៉ៅបណ្ដើរ)ហើយបងបាននាំទាំងវត្ថុតំណាងដែលទាវបានប្រគល់ឱ្យបង នោះគឺដន្លាប់និងផាហ៊ុមដែលបងជូតក្បាលនេះវាប្រាប់ឱ្យបងសឹកឱ្យ ឆាប់មក។
ឮសំដីនេះភ្លាមទាវនឹកមានចិត្តអរក្នុងពោះព្រួចនាងបើកទ្វារចេញមកភ្លាមហើយក៏ឆ្លើយតបវិញ ថា៖៖
- នរណាផ្ដាំថាឱ្យអ្នកសឹកមកឆាប់…?
- គឺដន្លាប់និងផាហ៊ុមនេះហើយដែលទាវបានឱ្យមកបងវានិយាយប្រាប់ថាឱ្យសឹកមករកទាវជាប្រញាប់ផង។
- អ្នកកុំពោលដូច្នេះមិនសមទេខ្ញុំមិនបានប្រា់ដូច្នោះឡើយសូមអ្នកត្រលប់ទៅផ្ទះវិញចុះ។
- តើនរណា ទៅដែលឆោតត្រលប់ទៅវិញនោះ។ បងខំស្កាត់ពីនាយមកដល់ទីនេះគឺដើម្បីរូបប្អូនតែម្នាក់គត់។ តើឱ្យបងត្រលប់ទៅវិញម្ដេចកើតទៅ?
ទាវ- ខ្លួនប្អូនសព្វថ្ងៃប្រៀបដូចផ្កា ឯអ្នកឧបមាដូចកន្លង់
ហើររកឃើញផ្កាចូលត្រឹបត្រង់ រួចមិនបង្អង់ត្រាច់លីលា។
ទុំ- ខ្លូនបងប្រៀបដូចជារាជសីហ៍ ខ្លួននាងទាវស្រីដូចគុហា
រាជសីហ៍បើបានលំនៅជា មិនអាចឃ្លាតឃ្លាគុហាឡើយ
ទាវ- ខ្លួនប្អូនប្រៀបដូចកំពង់ ខ្លួនអ្នកឆោមយង់ដូចទូកហើយ
ជាប់រកអាស្រ័យអ្នកថ្លៃអើយ ចេញទៅកន្តើយមិននឹកនា។
ទុំ- ខ្លួនបងប្រៀបដូចត្រីធំ ខ្លួនទាវក្រមុំដូចគង្គា
ត្រីបានទឹកជ្រៅហែលរេរា កុំកែវពុំងាគិតសង្ស័យ។
ទាវ- ខ្លួនប្អូនប្រៀបបានដូចព្រឹក្សា អ្នកដូចសារិកាទំសព្វថ្ងៃ
ចតជាទ្រនំទំអាស្រ័យ ហើយហើរច្រៀងច្រៃទៅទីទៃ។
ទុំ- ខ្លួនបងប្រៀបបានដូចសត្វខ្លា ខ្លួនកែវកនិដ្ឋាប្រៀបដូចព្រៃ
ធម្មតាសត្វខ្លាមិនវិលវៃ ចៀសចេញចោលព្រៃណា¬ថ្លៃបង។
ទាវ- ខ្លួនប្រៀបដូចឈើជាបង្គង ខ្លួនអ្នកប្រុសឈ្មងដូចជាឃ្មុំ
មកទំផ្ញើសាំហើរជាម្ដង ឈើសោតសៅហ្មងអសារនៅ។
ទុំ- ខ្លួនបងប្រៀបបានដូចដំរី ខ្លួនប្អូនស្រស់ស្រីដូចអំពៅ
ដំរីបានផ្អែមមិនដែលទៅ ឆ្ងាយពីអំពៅណាអូនណា។

- អ្នក និយាយ ពាក្យទាំងនេះដោយសារតែអ្នកមានប្រាជ្ញាវោហារតែប៉ុណ្ណោះប៉ុន្តែ បើស្រីណាបានប៉ះពាល់ហើយមុនជាសោយសោកាជាក់ជាមិនខាន។
- កុំ និយាយដូច្នោះអីណាប្អូន(ទុំនិយាយព្រមទាំងចូលទៅចាប់ដៃទាវហើយហ៊ាន ទាំងថើបថ្ពាល់ទៀតដោយឥតក្រែងសោះ)បងខំស្កាត់មកពីនាយដោយសារតែប្អូន ម្នាក់គត់។
- មនុស្សមានប្រាជ្ញាព្រមទាំងវោហារពូកែដូចរូបបងនេះបើស្រីណាបានលង់ប្រាណជាមួយហើយប្រាកដស្ដាយក្រោយមិនខាន។
នោ ជាភិលៀងឃើញដូច្នោះក៏ចេញមកខាងក្រៅបិទទ្វារទុកឱ្យទុំនិងទាវនៅតែ ពីរនាក់។ ដោយសេចក្ដីស្រលាញ់បានធ្វើឱ្យទុំនិងទាវភ្លេចអស់ប្រពៃណី។ ទាវហ៊ានរហូតឱ្យទុំស្នាក់នៅបន្ទប់ជាមួយនាងមួយយប់បន្ទាប់មកអ្នក ទាំងពីរបានស្បថខ្ចាក់ស្លាប្ដូរគ្នាទៀតផង។
ទាវ- អ្នកថ្លៃប្អូនអើយ!ពេលនេះបងបានរួមស្នេហ៍និងប្អូនហើយថ្ងៃក្រោយបងចាកចោលប្អូនទេដឹង?
ទុំ- មិន ដូច្នោះទេប្អូនប្អូនមានគុណលើបងធ្ងន់ប្រៀបដូចភ្នំព្រះសុមេរុ ខ្លូនប្អូនប្រៀបដូចសូគ្រិពដែលផ្ញើជន្មជីពលើរាមាហើយ។ បងស្រលាញ់ប្អូនដោយស្មោះរហូតដល់អស់សង្ខាប្អូនជឿបងចុះ។ និយាយពីម្ដាយទាវវិញគាត់បានត្រលប់មកពីបុណ្យគេនៅឆ្ងាយហើយក៏ មកដល់ផ្ទះ។ ទាវបានដឹងរឿងនេះភ្លាមក៏ឱ្យទុំចេញមកក្រៅដោយធ្វើហាក់ដូចជាទាវ នៅក្នុងម្លប់មិនបានដឹងរឿងអ្វីទាំងអស់។ ម្ដាយទាវឡើងដល់លើផ្ទះក៏បានជួបទុំហើយក៏សួរថា៖
- អ្នកកំលោះទៅណាមកណាដែរ…ខ្ញុំដូចជាធ្លាប់ស្គាល់ឬអត់ហើយមកស្នាក់នៅប៉ុន្មានថ្ងៃដែរ?
- ខ្ញុំបាទ មកពីស្រុកឆ្ងាយណាស់គិតថាចង់រកទិញគោនិងសេះខ្លះ។ ខ្ញុំបាទមកគ្នាពីនាក់ម្នាក់ទៀតស្នាក់នៅផ្ទះគេខាងនោះគេធ្លាប់ ស្គាល់ព្រោះខ្ញុំធ្លាប់ស្មូត្រឱ្យគេស្ដាប់។
ឮថាធ្លាប់ស្មូត្រឱ្យស្ដាប់ដូច្នោះម្ដាយទាវនឹកឃើញហើយក៏និយាយវិញថា៖
- ឱលោកកូនទេឬ?ម្ដាយស្មានថានរណា។ ម្ដាយមិនថាអ្វីទេលោកកូនចង់ស្នាក់នៅយូរប៉ុនណាក៏តាមចិត្តចុះ។
ឮថា ស្នាក់នៅបានតាមចិត្តដូច្នោះទុំសែនរីករាយក្នុងចិត្តឥតឧបមាព្រោះ ត្រូវនិងចិត្តប៉ងមកស្រាប់។ ម្ដាយទាវបានរៀបចំកន្ទេលមុងខ្នើយឱ្យទុំសំរាកដោយមិនដឹងថានេះជា ឱកាស់ល្អសំរាប់ឱ្យទុំនិងទាវបានជួបគ្នានោះទេ...។ ទុំស្នាក់នៅផ្ទះទាវជាយូរថ្ងៃភ្លេចអស់ស្រុកភូមិកំណើតភ្លេចទាំង ពេជ្រដែលខំធ្វើដំណើររួមសុខរួមទុក្ខជាមួយគ្នាពីចំម្ងាយមកទៀតផង។ រយះពេលក្រោយមកម៉ឺនងួនមិនបានដឹងពីស្នេហាលួចលាក់ទុំនិងទាវឡើយគេ បាននាំយកមាស់ប្រាក់ខ្លះមកផ្គាប់ផ្គន់ទាវនិងមករកទាវមិនដែលហ៊ានខាន សោះ។ ម្ដាយទាវឃើញដូច្នោះគាត់សែនពេញចិត្តស្រលាញ់ម៉ឺនងួនពេកក្រៃគាត់ មិនដែលហាស្ដីឃាត់ឃាំងម្ដងណាឡើយ។ ចំណែកម៉ឺនងួនគេមិនបានដឹងថាការដែលគេទៅរកទាវនេះគឺធ្វើឱ្យទាវ ធុញថប់ក្នុងប្រាណនោះទេគេចេះតែនិយាយតែម្នាក់ឯងជារឿយៗថា៖
- ឱ ប្អូនស្ងួនមាសបងអើយ!ប្អូនសែនល្អលើសអស់ស្រីលើផែនដីបើប្អូនព្រម ស្ម័គ្របងបងនឹងថ្នមប្អូនដូចកែវចរណៃមិនឱ្យមានពីរបីឡើយ។
យើង ឈប់ស្លេះនិយាយត្រឹមនេះសិនសូមនិយាយពីតួអង្គព្រះចក្រីមួយអង្គ ទ្រង់ព្រះនាម”រាមា”ព្រះអង្គ សោយរាជ្រនៅនគរកម្ពុជានាបន្ទាយលង្វែកទ្រង់មានប្ញទ្ធិបារមី ខ្លាំងពេកក្រៃអស់ប្រជានុរាស្ត្រសឹងបានសុខសាន្តគ្រប់តំបន់។ ព្រះអង្គរាមាទ្រង់មានអគ្គមហេសីមួយអង្គមានរូបឆោមលោមពណ៌យ៉ាងស្រស់ សោភាថែមទាំងព្រះនាងជាស្រីគ្រប់លក្ខណ៍ទៀតផង
កាលនោះ មានព្រះអង្គរាមាទ្រង់ល្បីថាមានឈ្មោះបណ្ឌិតទុំរស់នៅស្រុក ត្បូងឃ្មុំចេះច្រៀងស្មូតផ្លាស់ប្ដូររឿងបានយ៉ាងពិរោះគ្មានគូ ប្រៀបឡើយ។ មួយទៀតគឺបណ្ឌិតពេជ្រចេះផ្លុំបទភ្លេងស្ដាប់ទៅគួរឱ្យជក់ចិត្តណាស់។ អង្គស្ដេចរាមាទ្រង់សណ្ដាប់បានដូច្នោះហើយទ្រង់សព្វព្រះរាជហរទ័យ ត្រាស់បង្គាប់រាជបំរើតាមរាជការឱ្យទៅនាំបណ្ឌិតទុំនិងពេជ្រមកថ្វាយ ក្សត្រជាបន្ទាន់។ ទទួលបានព្រះរាជឱង្កាភ្លាមរាជបំរើនាំគ្នាចុះទូកចាប់ចេញដដំណើរ តែម្ដងពួកគេមិនហ៊ានឈប់ឬបង្អែរបង្អង់ឡើយពេលទៅដល់កំពង់ចតទូក រួចហើយពួកគេក៏ប្រញាប់ទៅជួបលោកចៅហ្វាយស្រុក។ បន្ទាប់ពីបានរាជឱង្ការបស់អង្គស្ដេចរាមាហើយចៅហ្វាស្រុកអរជូនក៏ ចាត់បំរើឱ្យទៅតាមទុំនិងពេជ្រមកជាប្រញាប់បន្តិចក្រោយមកទុំនិង ពេជ្រក៏មកដល់។ ចៅហ្វាយស្រុកអរជូនឃើញបណ្ឌិតទាំងពីមកដល់ក៏ប្រញាប់ប្រាប់ថា៖
- ត្បិត ពេលនេះមានរាជបំរើរាជវាំងមកព្រះអង្គរាមាទ្រង់ត្រាស់បង្គាប់ឱ្យ នាំខ្លួនអ្នកទាំងពីរឱ្យចូលរាជវាំងក្នុងពេលឥឡូវនេះតែម្ដង។ ទុំនិងពេជ្រស្ដាប់ហើយមិនហ៊ានប្រកែកអ្វីទេប៉ុន្តែគ្រាន់តែសុំថា ចាំថ្ងៃស្អែកចាំចេញទៅត្បិតពេលនេះមិនទាំន់បានរៀបចំប្រដាប់ប្រដា សំរាប់ប្រចាំកាយនៅឡើយ។ រាជបំរើយល់ចិត្តបណ្ឌិតទាំងពីរក៏ព្រមតាមការសុំគ្រាន់តែបញ្ជាក់ ថាឱ្យរួតរះនៅវេលាថ្ងៃស្អែកព្រោះជាបញ្ជាប្រញាប់។
អានតវគ្គទី ៤
Continue Reading...

រឿងទុំទាវ២

វគ្គទី២
ខែភទ្របទ កន្លងផុតទៅខែអស្សុជនឹងកត្តិកក៏ឈានចូលមកដល់។ ធ្មេចបើកៗខែមិគសិរក៏រំលងផុតទៀតខែបុស្សក៏លូនចូលមកជំនួសវិញ។ ខ្ស់លរំហើយនាខេបុស្សធ្វើឱ្យត្រជាក់រងារសព្វសារពាង្គកាយ។ ពេលនេះមានតែនេនពីអង្គប៉ុណ្ណោះដែលគង់នៅមិនសុខក្នុងចិត្ត ជ្រួលច្របល់លែងខ្មាសអស់នេនទាំងអស់ដែលគង់នៅក្នុងវត្តនោះដែរ។ នេនពេជ្របានឡើងទៅលើកុដិដើម្បីក្រាបបង្គំលោកគ្រូសង្គ្រាជគិតថាបើ លោកជេរក៏ជេរទៅចុះពេលនេនពេជ្រឡើងទៅជួនជាលោកគ្រូឃើញហើយក៏សួរ គួរសមមុនថា៖
-ពេជ្រ សឹកថ្ងៃណាក៏សឹកចុះខែបុស្សនេះបានត្រូវលើទំនួល…សឹក ហើយនឹង បានធ្វើស្រែធ្វើស្រូវផង។ នេនទុំលបស្ដាប់ឮថានេនពេជ្រសឹកបានឆាប់ហើយចំលើទំនួលទៀតនោះ រឹតតែធ្វើឱ្យអារម្មណ៍របស់នេនក្ដុកក្ដួលអួលណែនគិតថា៖
-អាត្មាអញទ្រាំលែងបានទៀតហើយត្រូវតែលាសឹកពេលនេះទោះជាត្រូវរងទុក្ខវេទនាយ៉ាងណាក៏មិនខ្លាចដែរ។
នេះ ហេតុតែកម្មមោហ៍បាំងជញ្ជាំងបិទទើបបានបណ្ដាលឱ្យនេនទុំមិននឹកស្ដាយ ផ្នួសសូម្បីតែប៉ុនសរសៃសក់…ហើយ រឹតតែលែងខ្វល់ពីលោកគ្រូខ្មាសគេ ទៀតផង។ នេនពេជ្រលាសឹកព្រឹកនេះហើយចំណែកនេនទុំឃើញដូច្នោះនៅមិនសុខចង់ ស្ទុះទៅរកលោកគ្រូដែរប៉ុន្តែ…
-មិនបានទេបង(បណ្ឌិតពេជ្រឃាត់)ទ្រាំបន្តិចទៀតសិនទៅកុំប្រញាប់ពេកថ្វីទោះជាទៅឥឡូវក៏លោកគ្រូមិនអនុញ្ញាតិដែរ។
យើង សូមស្លេះរឿងទុំប៉ុណ្ណេះសិនសូមបែរមកមើលនាងទាវវិញម្ដង ចាប់តាំងពីថ្ងៃដែលនេនទុំចាកចេញទៅទាវកើតទុក្ខចំបែងគ្មានពេលល្ហែ ក្នុងចិត្តគិតថា៖
-ឱ ខ្ញុំអើយ!ស្ដាយអើយសែនស្ដាយពេកកន្លងមិនដឹងជាធ្វើដូម្ដេចទើបបាន ជួបបងទៀតទេហើយនៅពេលនេះតើបងមាននឹករលឹកដល់ប្អូនវិញដែរឬទេ?ចំណែក ប្អូនវិញទន្ទឹងផ្លូវបងរៀងរាល់ថ្ងៃឡើងផ្សាក្ដៅក្រាហាយពេញប្រាណ អស់ទៅហើយ។ ឬមួយក៏បងមានជំងឺដង្កាត់ទេដឹង?តើធ្វើដូចម្ដេចនឹងបានដំណឹងពី បង?បើនឹងជួបគេឱ្យស៊ើបដំណឹងក៏មិនដឹងថាត្រូវទៅតាមផ្លូវណាដែរ?
ទាវ កិតចុះគិតឡើងហាក់ស្រម៉ៃឃើញថានេនទុំកំពុងស្មូត្រធម៌បទដោយមាន ញាតិមិត្តមកស្ដាប់ពេញផ្ទះសំឡេងស្មូត្រដ៏ពីរោះហាក់រណ្ដំពេញក្នុង ចិត្តទាវឱ្យស្រម៉ៃឃើញវង់ភក្ត្រដ៏ប៉ប្រិមរបស់នេនទុំនៅនឹង មុខ។ គិតដល់ត្រឹមនេះរឹតតែធ្វើឱ្យនាងទាវស្រ
ងេះស្រងោចថែមទៀតនាងរអូរក្នុងចិត្តថា៖
- ឱបងអើយ!តើបងវិលមករកប្អូនវិញដែរឬទេ?បើបងមិនមករកប្អូនវិញទេប្អូនពិតជាក្ស័យថ្ងៃណាមួយមិនខាន...។
ទាវ គិតម្នាក់ឯងសួរម្នាក់ឯង។ សំណួរគ្មានចម្លើយនេះរឹតតែធ្វើឱ្យនាងទាវមានអារម្មណ៍កណ្ដោចកណ្ដែង ខ្លោចផ្សាក្នុងចិត្តថែមមួយកម្រិតទៀត…គិតចុះគិតឡើងមិនដាច់ស្រេច ទាវក៏ហៅនោឱ្យមកជួយគិត…
- បងនោអើយជួយប្រាប់ខ្ញុំបន្តិចផងមើលថាតើប៉ុន្មានថ្ងៃប៉ុន្មានខែហើយ…
នោដឹងថាទាវកើតទុក្ខខ្លាំងដោយរង់ចាំផ្លូវនេនទុំដូចនោះក៏ជួយនិយាយថា៖
- ទាវ អើយសូមទាវកុំសោកាខ្លាំងពេកថ្វីរង់ចាំមើលខែក្រោយសិនទៅបងគិតថា គេឯណោះក៏គិតមកទាវមិនតិចដែរប៉ុន្តែពេលនេះគេនៅជាសង្ឃមិនទាន់ អាចមករកទាវបានទេ។ មិនយួរប៉ុន្មានគេនឹងស្រាយសិក្ខាហើយគេនឹងមករកទាវជាក់ជាមិនខាន។ បងសុំអង្វរចុះសូមទាវកុំយំសោកថ្វីបើដឹងដល់អ្នកម្ដាយលោកនឹងជេរ ផ្ដាសាហើយបើដឹងដល់ញាតិសន្ដានគេនឹងត្មេះតិះដៀលថាត្មះតិះដៀល”កូន មានពូជពង្សវង្សត្រកូលប៉ុន្តែមានកិរិយាជាស្រីចង្រៃ។ បងសូមរំលឹកមួយទៀតសូមនាងកុំខឹងនឹងបងព្រោះអីពាក្យចាស់បុរាណលោក តែងពោលថា៖“ធម្មជាតិជានំមិនដែលនំធំជាងនាឡិទេ”ទោះបី ជាធំប៉ុនណា ក៏ដោយក៏គេអាចកាត់តម្រូវដាក់ក្នុងចានឬនាឡិតាមចិត្តគេប្រាថ្នា។ មួយវិញទៀតក្រែងគេមិនមករកទាវទាវអើយសូមនាងកាត់ចិត្តខ្លះទៅហើយ ពេលនេះទៀតបងបានឮគេថាមម៉ឺនងួនគេប៉ងប្រាថ្នាលើរូបទាវផងគេមាន ឋានៈខ្ពង់ខ្ពស់ព្រោះជាកូនចៅហ្វាយស្រុកនៅស្រុកត្បូងឃ្មុំនេះចំណែក តែទុំគ្រាន់តែជារាស្ត្រ ធម្មតាប៉ុណ្ណោះ… ។ បងសុំអះអាងថាទុំប្រាកដជាវិលមករកទាវវិញជាក់ជាមិនខាន។
បន្ទាប់ពី បានស្ដាប់នោនិយាយហើយទាវហាក់បានធូរស្បើយក្នុងអារម្មណ៍ខ្លះក៏ ប្រះខ្លួនគេងលក់ទៅ។ ភ្ងាក់ឡើងទាវក៏រៀបចំអុជធូបបន់ស្រន់ផ្សងឱ្យបានដល់នេនទុំ។ សូមស្លេះរឿងនាងទាវប៉ុណ្ណេះសិនសូមងាកបែរមកមើលទុំវិញម្ដង បន្ទាប់ពីនេនពេជ្របានសឹករួចហើយនេនទុំនៅម្នាក់ឯងក្រៀមក្រំចំបែង ក្នុងចិត្តឥតឧបមារាល់យប់នេនតែងតែលើកផាហ៊ុមដែលអប់ដោយក្លិនផ្កា យ៉ាងក្រអូបមកដណ្ដប់មិនដែលខានហើយក្នុងចិត្តនឹករលឹកទៅដល់ទាវ យ៉ាងខ្លាំង។ ព្រឹកមួពេលសូរិយារះចិញ្ចាចចិញ្ចែងនេនទុំតើនពីសឹងក៏រៀបចំខ្លួន ធ្វើដំណើរទៅផ្ទះម្ដាយជួនជាពេលនោះគាត់មិនបានចេញដើរចេញទៅណា។ ចំណែកអ្នកម្ដាយពេលឃើញកូនជានេនទៅដល់ក៏រលះរលាំងចេញមកទទួលហើយ សួរនាំដោយក្ដីរលឹកថា៖
- លោកកូននិមន្តមកផ្ទះពេលនេះតើមកជាសុខឬក៏ជាទុក្ខ…?
នេនទុំឮម្ដាយសូរដូច្នោះក៏ក្រាបយំហើយពិតទូលដោយពាក្យខុសថា៖
- ញោម អើយ!ពេលនេះអាត្មាមិនមានសេចក្ដីសុខក្នុងកាយទេព្រោះថាក្នុងពោះឈឺ ខ្មួលខ្មាញ់ដូចខ្វារក្ដិចស្មានទៅប្រហែលជាឈឺមួលហើយ។ អាត្មាឆាន់ក៏មិនបានសឹងក៏មិនលក់កាលពីថ្ងៃមុនអាត្មាបានឡើងទៅទូល ពិតលោកគ្រូថាមិនសូវជា។ លោកគ្រូបែរជាមិនយកចិត្តទុក្ខដាក់បែរជាឱ្យនេនពេជ្រសឹកទៅវិញ។ ចំពោះអាត្មាវិញលោកចេះតែបង្វេះរារាំងមិនឱ្យសឹកអាត្មាឆ្ងល់ថាតើ លោកទុកអាត្មាធ្វើអ្វីបើនៅហើយមិនបានសុខកាយផងនោះ។ ពេលនេះមានតែញោមទេសូមញោទៅជួយលាលោកគ្រូសឹកឱ្យអាត្មាផង។
ម្ដាយ ទុំបានស្ដាប់ឮបុត្រសំណព្វនិយាយប្រាប់ដូច្នោះកើតក្ដីសោកសៅយំ រៀបរាប់អាណិតកូនថា៖ឱម្ចាស់ថ្លៃម្ដាយអើយ!តាំងពីតូចរហូតដល់ធំ ប៉ុណ្ណេះម្ដាយឮតែដំណឹងកូនទេឥឡូវបានជួបកូនហើយបែរជាកើតរឿងមិន សប្បាយចិត្តទៅវិញម្ដាយសុំរំលឹកកូនចុះថាតើកូនមានខុសអ្វីផ្សេង ទេដឹងព្រោះថាតាំងពីមុនមកតាមដែរម្ដាយដឹងនោះថាលោកគ្រូស្រលាញ់ យកចិត្តទុក្ខដាក់កូនជាងគេទោះបីជស្លាម្លូបារីចង្ហាន់ផ្សេងៗលោក អនុញ្ញាតឱ្យយកឆាន់តាមចិត្តចង់មិនដែលហាមឃាត់អ្វីឡើយ។ ប៉ុន្តែបើសិនយ៉ាងដូច្នោះមែនចាំម្ដាយទៅជួយសុំលាឱ្យ…
នេនទុំបានស្ដាប់ម្ដាយនិយាយដូច្នោះហាក់បានធូរស្រាលក្នុងចិត្តខ្លះប៉ុន្តែនេនមានកូនចិត្តមួយគិតថា៖
- ម្ដាយ នេនជាស្ត្រីម្នាក់ដែលមានគំនិតឆ្លាតវៃព្រោះថាហាស្ដីមកហាក់ដូចជា ត្រូវ។ បន្ទាប់ពីរាប់រៀបប្រាប់ម្ដាយរួចហើយនេនទុំក៏លាម្ដាយត្រឡប់ទៅវត្ត វិញ…
- អាត្មា គិតសុំលាញោមទៅវត្តវិញហើយសូមញោមឆាប់អញ្ជើញទៅលាសឹកឱ្យផង ព្រោះពេលនេះអាត្មាជាស្រួលខ្លួនមិនទាន់ធ្វើទុក្ខ...។
ម្ដាយ ទុំគិតបន្តិចក៏រៀបចំស្លាម្លូបារីរួចជាស្រេចក៏ទាញក្រាមារបង់ក ដើរចេញទៅ។ ដល់វត្តគាត់ក៏បានដើរទៅជួបលោកគ្រូសូត្រមួយអង្គគាត់ក្រាបសំពះហើយ ពិតទូលគ្រូសូត្រពីរឿងដែលនេនទុំមិនអាចទ្រាំនៅជសាមណេរបាន។ បន្ទាប់មកម្ដាយនេនទុំក៏បានឡើងទៅជួបនិងក្រាបបង្គំលោកគ្រូហើយ ពិតទូលថា៖
វគ្គទី ២
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំលោកគ្រូហើយក៏សុំអភ័យទោសជាមុនផងដែរថាបើ ខ្ញុំព្រះករុណានិយាយទៅហើយមានការខុសទាស់ត្រង់ណានោះសូមលោកគ្រូ មេត្តាកុំប្រកាន់ទោសព្រោះខ្ញុំព្រះករុណាជស្រីមិនសូវដឹងក្បួនច្បាប់ អ្វីទេ។
នេន ទុំកូនខ្ញុំព្រះករុណាបាននិមន្តទៅផ្ទះហើយខ្លួននេសព្វថ្ងៃនៅមាន តម្រេកនឹងល្បែងខ្លាចថានៅយួរក្រែងជ្រុលជ្រួសខុសនឹងវន័យនាំ មានទុក្ខ។ ហើយម្យ៉ាងទៀតពេលនេះនេនមិនសូវស្រួលក្នុងខ្លួនផងចេះតែឈឹចាប់ក្នុង ពោះឆាន់ក៏មិនបានសឹងក៏មិនលក់ឬមួយមកពីឆាន់នំចំណីទាស់ទេដឹង ព្រះអង្គ?
គ្រាន់តែលោកគ្រូបានស្ដាប់ម្ដាយនេនទុំនិយាយរៀបរាប់ចប់ភ្លាមលោកគ្រូក៏មានពុទ្ធដីកាតបវិញភ្លាមដែរថា៖
មិន ដូច្នោះទេឧបាសិកានេនទុំបានសុំអនុញ្ញាតអាត្មាទៅលក់តោកនៅស្រុក ត្បូងឃ្មុំ។ ពេលលក់អស់ត្រលប់មកវិញស្រាប់តែក្រៀមក្រំលែងមាត់លែងស្ដីហើយសុំលា អាត្មាសឹក។ អាត្មាវាយទៅឃើញថាពានលើលេខសូន្យបានសេចក្ដីថានឹងមានគ្រោះថ្នាក់ដល់ ជីវិត។ ដូច្នេះឧបាសិកាត្រូវឃាត់ឱ្យជាប់ទំរាំដាច់ឆ្នាំហ្នឹងទើបសឹកបាន។
លោកគ្រូ មានពុទ្ធដីកាបណ្ដើរសម្លឹងទៅម្ដាយនេនបណ្ដើរហាក់ដូចជាខឹងខ្លាំង។ ឃើញដូច្នោះម្ដាយនេនទុំក៏ក្រាបលាលោកគ្រូចុះមកវិញ។ គាត់បានទៅជួបនេនជាកូនហើយនិយាយថា៖
កុំ តតាំងនឹងលោកថ្វីព្រោះថាលោកមើលឃើញថាមិនល្អគឹប្រាកដជាមិនល្អហើយ គឹធ្លាក់រហូតដល់សូន្យកូនកុំទាន់គិតអ្វីគិតតែពីរៀនសូត្រធម៌ អារ្យវិញទៅណាកូន…
នេនទុំបានស្ដាប់ម្ដាយនិយាយដូច្នោះក្នុងចិត្តក្រហល់ក្រហាយឈឺពើតផ្សាពេកក្រៃនេនឃាត់ម្ដាយថា៖
ណ្ហើយ!ញោម មិនបាច់ប្រៀបធៀបអ្វីច្រើនទេញោមអញ្ជើញទៅសម្រាកសម្រាន្ដឱ្យបាន សុខកាយចុះកុំគិតពីអាត្មាទៀតថ្វីចាំដល់ពឹកស្អែកអាត្មានឹងយក ផាហ៊ុមដែលទាវប្រគេនចូលទៅព្រៃជ្រៅហើយលាសឹកនៅទីនោះរួចរាល់ហើយចាំ ចូលវិហារសុំស្មាលាទោសចំពោះព្រះអង្គ។
នេន ទុំរៀបរាប់ម្ដាយទាំងដួងចិត្តឈឺផ្សាលុះដល់កំណត់វេលានេនបានយក ផាហ៊ុមនិងគ្រឿងផ្កាភ្ញីជាច្រើនដើរចូលទៅព្រៃជ្រៅទាំងចិត្ត មួហ្មង។ បន្ទាប់ពីរៀបចំផ្កាភ្ញីទៀនធូបចំណីរួចហើយក៏លើកដៃវន្ធាហើយសូត្រ ថា៖
ឧបាសកកេ្ក កាមំ កាមេ ចរូបេ តិរិ វន្ទាវន្ទ៖
សូត្រ រួចស្រេចកាលណានេនទុំក៏បានផ្លាស់ស្បង់ចីពរចេញអស់ពីខ្លួនដោយមិន ស្ដាយស្រណោះសូម្បីតែបន្តិចទាំងស្បង់ទាំងអង្ស័កត្រូវនេនទុកលើ ប្រគាបឈើនៅក្បែរនោះ។ លុះសឹករួចរាល់ហើយបណ្ឌិតទុំក៏ស្កាត់ទៅជួបបណ្ឌិតពេជ្រ។ ពេជ្របានជួបទុំភ្លាមញញឹមញញែមរិករាយក្នុងចិត្តហើយសំណេះសំណាលគ្នា ពីនេះពីនោះមិនចេះចប់។
កន្លង ពេលច្រើនថ្ងៃក្រោយមកទុំក៏នឹកឃើញដល់ទាវហើយក៏កើតក្ដីនឹករលឹក យ៉ាងខ្លាំងទ្រាំមិនបានទុំក៏បបួលពេជ្រទៅរកទាវ។ ពេជ្រស្ដាប់បានហើយក៏ឆ្លើយភ្លាមវិញថា៖
ទុំទៅឥឡូវនេះមិនទាន់បានទេព្រោះថានៅមានទោសនៅជាប់នឹងខ្លួននៅឡើយដោយចិត្តធំហ៊ានសឹកខ្លួនឯង
បើដូច្នោះ យើងរៀបចំផ្លែឈើខ្លះហើយពេជ្រជូនខ្ញុំទៅជួបលោកគ្រូដើម្បីសុំលា ទោសកុំឱ្យលោកគ្រូខឹងខ្ញុំអី(ទុំឆ្លើយកាត់ពេជ្រទាំងតក់ក្រហល់)។ គិតគ្នារួចស្រេចហើយបណ្ឌិតថ្មីទាំងពីរក៏រៀបចំផ្លែឈើហើយធ្វើដំណើរ ទៅរកកុដិលោកគ្រូ។ ជួនជាពេលនោះលោកគ្រូកំពុងគង់ផ្អែកលើខ្នើយហាក់ដូចជាកំពុងរង់ចាំ ដែរ។ គ្រាន់តែឃើញទុំទៅដល់ភ្លាមក្នុងចិត្តលោកគ្រូហាក់ខឹងខ្លាំងណាស់ ប៉ុន្តែហេតុជាសិស្សលោកគ្រូក៏រំងាប់អារម្មណ៍ហើយគង់នៅស្ងៀម។ ទុំនិងពេជ្រក្រាបសំពះលោកគ្រូហើយទុំក៏និយាយថា៖
សូម លោកគ្រូមេត្តាកុំខឹងនឹងខ្ញុំព្រះករុណាថ្វីខ្ញុំព្រះករុណាបានជា ជ្រុលលោកគ្រូឱ្យពរជ័យដល់ខ្ញុំព្រះករុណាទាំងពីរឱ្យបានចាកផុត ទុក្ខទោសទាំងពួងផង។ លោកគ្រូបានសង្គ្រាជស្ដាប់បណ្ឌិតទាំងពីរហើយក៏មានពុទ្ធដីកាតបវិញ ថា៖
ណ្ហើយចុះ!ចាប់ពី ថ្ងៃនេះតទៅអាត្មាលើកទោសទាំងចាស់ទាំងថ្មីឱ្យទាំងអស់។ ចំណែកឯរឿងដែលមានគ្រោះនោះក៏សូមឱ្យក្លាយជាសុខកុំបីឃ្លៀងឃ្លាតឡើយ។ លោកគ្រូបានស្តីប្រដៅសិស្សយ៉ាងច្រើន។ ទីបញ្ចប់លោកគ្រូក៏បានសូត្រកត្តាវតុ…បី ចប់ឱ្យពរដល់សិស្សទាំងពីរ។ ចំណែកបណ្ឌិតទាំងពីរក្រាបស្ដាប់លោកគ្រូចប់ហើយក៏ទទួលសាធុសាធុ។ ចប់ការប្រៀនប្រដៅឱ្យពរហើយទុំក៏បាននិយាយទៅកាន់លោកគ្រូថា៖
ខ្ញុំព្រះករុណា ទាំងពីរត្រូវទៅស្រុកត្បូងឃ្មុំវិញត្បិតអ្នកនៅទីនោះ ផ្ដាំឱ្យទៅកុំឱ្យខាន។ បើខ្ញុំព្រះករុណាមិនទៅនឹងក្បត់ពាក្យសន្យាហើយខ្ញុំព្រះករុណាមិន ពេញចិត្តត្រង់ថាញាតិមិត្តទាំងអស់ចេះតែផ្គូផ្គងខ្ញុំព្រះករុណាទៅនឹង ទាវដែលនៅចូលម្លប់នៅឡើយឃើញដូច្នោះខ្ញុំព្រះករុណាក៏គេចមកវិញ ភ្លាម។ លោកគ្រូបានស្ដាប់ទុំនិយាយដូច្នោះហើយលោកគិតក្នុងចិត្តថា៖
“ខ្មោច អាគ្រាន់បើមិនដែលមានប្រុសឯណាស្អប់ស្រីនោះទេ។ លោកគិតតែក្នុងចិត្តមិនបានចេញស្ដីព្រោះថាលោកនិយាយចេញមកវា ហាក់ដូចជាផ្ចាញ់ទុំយ៉ាងដូច្នោះដែរ។ បន្ទាប់ពីនិយាយគ្នាចប់ហើយទុំនិងពេជ្រក៏ក្រាបសំពះលាលោកគ្រូ ដើម្បីទៅផ្ទះជួបម្ដាយ។ ទុំបានសួរម្ដាយថា៖តើអ្នកម្ដាយឃាត់ឬទេបើកូនចង់ទៅរកទាវនៅស្រុក ត្បូងឃ្មុំនោះ?ម្ដាយស្ដាប់ហើយក្នុងចិត្តមិនចង់ឱ្យកូនទៅទេ ប៉ុន្តែបើនឹងឃាត់ក៏មិនបានដូច្នោះគាត់គ្រាន់តែនិយាយថា៖
ក្នុង ចិត្ត ម្ដាយមិនចង់ឱ្យកូនទៅទេព្រោះថាម្ដាយនេះកាន់តែចាស់ជរាហើយ នៅតែម្នាក់ឯងក្រែងឈឺថ្កាត់យប់ព្រលប់នឹងពឹងញាតិមិត្តក្រែងមិនដូច កូនប៉ុន្តែបើម្ដាយនឹងឃាត់កូនក៏មិនបាន។
ឮសំដីម្ដាយនិយាយដូច្នោះទុំក៏ឆ្លើយតបទៅម្ដាយវិញដោយលួងលោមថា៖
អ្នកម្ដាយអើយ!សូមអ្នកម្ដាយកុំព្រួយបារម្មណ៍ថ្វីកូនទៅហើយនឹងត្រលប់មករកអ្នកម្ដាយវិញទេ។
ដោយបាន ការអនុញ្ញាតហើយព្រឹកឡើងបណ្ឌិតទុំនិងពេជ្រនាំគ្នាចេញដំណើរដោយ ថ្មើរជើងឆ្ពោះទៅខេត្តកំពង់ចាម។ ពួកគេធ្វើដំណើរឆ្លងកាត់តាមភ្លឺស្រែក៏បានជួបញាតិមិត្តជិតខាងហើយក៏ សបានផ្ដាំឱ្យអ្នកជិតខាងឱ្យជួយមើលអ្នកម្ដាយផង។ បន្ទាប់មកពេជ្រនិងទុំខិតខំធ្វើដំណើរទៅមុខទោះថ្ងៃក្ដៅយ៉ាងណាក៏ មិនហ៊ានឈប់សម្រាកដែរព្រោះខ្លាចយប់ ប៉ុន្តែទោះជាបណ្ឌិតទាំងពីរខំប្រឹងស្រូតរូតរះយ៉ាងណាក៏មិនអាចឆ្លង ផុតព្រៃបានដែរទីបំផុតពួកគេក៏បានយកដើមឈើជាទីជម្រកសម្រាក។ ទាំងពីរនាក់ទុំនិងពេជ្រជ្រើសរើសយកដើមឈើមួយដើមដែលរឹងមាំហើយក៏ នាំគ្នាឡើងទៅសម្រាកលើប្រគាបឈើនោះទុំបាននិយាយជាមួយពេជ្រថា៖
យើង ទាំងពីរមិនគួរលង់ខ្លួនមកដេកកណ្ដាលព្រៃដូច្នោះទេនេះបើសិនជាមាន សត្វសាហាវមកយាយីនឹងស្លាប់អាសារឥតបានការហើយញាតិមិត្តនឹង ត្មះតិះដៀលថាស្លាប់ព្រោះស្រី។
ទុំ ជជែកគ្នាពីនេះពីនោះរួចហើយក៏លង់លក់ទៅព្រោះត្រូវអស់កម្លាំង ពីថ្ងៃមកផង។ ព្រះសូរិយារះចាំងឆ្លុះស្លឹកឈើបញ្ចេញពន្លឺព្រាកៗប្រៀបបីដូចជាត្បូង ពេជ្រចរណៃអមដោយសំឡេងវាឃោរឃៅបក់ប៉ះស្លឹកឈើឮសូរប្រិបៗហាក់ដូចជា ដាស់អារម្មណ៍បណ្ឌិតទាំងពីរឱ្យភ្ញាក់ពីដំណេក។ ទុំនិងពេជ្រនាំគ្នាចុះពីលើដើមឈើហើយក៏ស្រូតដំណើរដំណើរទៅមុខទៀត ទាំងព្រលឹម។ ពេលចូលទៅដល់ក្បែរភូមិទុំនិងពេជ្របានជួបក្មេងឃ្វាលក្របីមួយ ហ្វូងហើយក៏បានសាកសួរផ្លូវដើម្បីទៅរកផ្ទះទាវ…
នែ៎!ប្អូនប្រុស សូមប្អូនឆ្លើយប្រាប់បងឱ្យត្រង់មកបងនឹងឱ្យរង្វាន់ដល់ប្អូនបង ចង់ដឹងថាតើផ្ទះទាវទៅដល់ណាដែរឆ្ងាយពីទីនេះឬទេ?ហើយតើនាងមានប្ដី ហើយឬនៅ?
ក្មេង ទាំងនោះស្ដាប់ហើយដូចជាមិនចង់ឆ្លើយទេប៉ុន្តែដោឮថាបានរង្វាន់ ពួកគេក៏ឆ្លើយប្រាប់ថា៖ ផ្ទះទាវនៅឆ្ងាយពីទីនេះគ្រាន់បើដែរទាវជាស្រីដែលមានម្ដាយ ថ្នាក់ថ្នមឱ្យនៅតែផ្ទះមិនដែលឱ្យចេញទៅណាម្ដងឡើយនិងមាភីលៀងម្នាក់ ទុកគ្រាន់កំដរកូនស្រីគាត់…សួ របងទាំងពីរបន្តិចថាតើរកផ្ទះទាវ មានការអ្វីដែរ?ឮសំនូរនេះទុំហាក់ដូចជាភាំងបន្តិចប៉ុន្តែគេក៏ ឆ្លើយបង្វេះវិញថា៖
គ្មានអ្វីទេប្អូនបងគ្រាន់តែឮថាទាវនេះចេះថ្នាំស្កន់ប្រមេះក្លន...។ ណ្ហើយបងទាំងពីរលាប្អូនសិនហើយណា៎។
អានតវគ្គទី ៣
Continue Reading...

រឿងទុំទាវ១

វគ្គទី១
សូម ចាប់និយាយពីបុរសឈ្មោះទុំមានទីកន្លែងកំណើតនៅស្រុកបាភ្នំ ខែត្រព្រៃវែង។ ទុំមានឪពុកម្ដាយពិតប្រាកដប៉ុន្តែគេមិនបានលើកមកនិយាយទេ។ នៅពេលដែល ទុំចំរើនវ័យបានធំបន្តិចឪពុកម្ដាយបាននាំទុំទៅផ្ញើលោកគ្រូ សង្គ្រាជដែលគង់នៅវត្តវិហារដើម្បីបានរៀនសូត្របំភ្លេចចោលគ្រឿង ល្បែងផ្សេង។ លោកគ្រូសង្គ្រាជទទួលទុំឱ្យស្នាក់នៅហើយក៏បានបង្រៀន មុខវិជ្ជាផ្សេងៗដល់ទំ។ ទុំ ជាសិស្សដែលមានប្រាជ្ញាវាងវៃរូបសម្បត្តិស្អាតសង្ហាថែមទាំងមានសំដី យ៉ាងពីរោះបើបានស្មូត្រឬមើលសាស្ត្រាអ្វីមួយស្ដាប់ទៅគួរឱ្យ ជក់ចិត្តណាស់។ ជារៀងរាល់ថ្ងៃទុំខិតខំរៀនសូត្រមិនដែលធ្វេសប្រហែសឡើយប៉ុន្តែ មុខវិជ្ជាដែលទុំឆាប់ចេះចាំបំផុតគឺខាងអាគម។ លុះរៀនបានយូរបន្តិចទុំក៏សុំលោកគ្រូសង្គ្រាជបួសជាសាមណេនៅក្នុង វត្តនោះទៅ។
ចំណេរ ក្រោយមកក៏មានបុរសម្នាក់ឈ្មោះពេជ្របានមកសុំលោកគ្រូសង្គ្រាជបួស និងស្នាក់នៅក្នុងវត្តនោះដែរ។ នេនពេជ្រមានចំណេះក្នុងខ្លួនប្រហាក់ប្រហែលនិងនេនទុំដែរគឺនេន ពេជ្រចេះផ្លុំប៉ីបានយ៉ាងស្ទាត់ជំនាញទោះជាបទអ្វីក៏អាចផ្លុំ បានដែរបើបានស្ដាប់ហើយមិនចង់ដើរចេញទេ។
ដោយ ឃើញនេនពេជ្រមានខ្លួនមួយគ្មានបងគ្មានប្អូននេនទុំក៏សុំនេន ពេជ្រធ្វើជាប្អូន។ ជារៀងរាល់ថ្ងៃនេនទាំងពីរតែងធ្វើតោកលក់ឱ្យញាតិមិត្តជិតខាងវត្ត គ្រាន់បានកម្រៃផ្គត់ផ្គង់បន្ថែមលើជីវភាពប្រចាំថ្ងៃ។ ការរស់នៅដោយធ្វើតោកលក់របស់នេនទាំងពីរចេះតែបន្តរហូតដល់រដូវ ធ្លាក់ខ្យល់នេនទុំក៏បែកគំនិតថ្មីមួយហើយនិយាយទៅកាន់នេនពេជ្រថា៖ ”នេនពេជ្រអើយយើងលក់តោកមួយៗយូរហើយឃើញថាបានកម្រៃ ត្រឹមតែមួយថ្ងៃៗប៉ុណ្ណោះ”ដូចពាក្យបុរាណបានពោលថា”រស់នៅរៀងអាយ ជិតបង្កើយលំហែលំហើយតែប្អូនស្រី”គ្រាន់ ឥឡូវរដូវរងាជិតមកដល់ហើយយើង គ្មានកម្រៃគ្រប់គ្រាន់ដើម្បីទិញគ្រឿងប្រដាប់ប្រដាប្រើប្រាស់និង ស្បៀងទេនេះបើយើងខំធ្វើតោកឱ្យបានច្រើនហើយចេញទៅលក់ដល់ ខេត្តឆ្ងាយៗទៀតនោះប្រហែលជាបានកម្រៃគ្រាន់ទប់ទល់រដូវរងាបាន។
នេន ពេជ្រស្ដាប់នេនទុំហើយក៏ស្រុះស្រួលគ្នាធ្វើតោកគរទុកឱ្យបានច្រើន ដើម្បីរកថ្ងៃចេញដំណើរ។ លុះមើលឃើញថា ល្មមអាចទៅបានហើយនេនទុំនិងនេនពេជ្រក៏រៀបចំទៀនធូបបារីស្លាម្លូ ដើម្បីថ្វាយបង្គំសុំការអនុញ្ញាតពីលោកគ្រូ។ លោកគ្រូសង្គ្រាជបានឃើញនេនទាំងពីរហើយក៏មានពុទ្ធដីកាសួរថា៖
- នេនទាំងពីរមករកអាត្មាមានការអ្វីដែរ?
នេន ទុំឮលោកគ្រូសង្គ្រាជសួរក៏ក្រាបសំពះហើយឆ្លើយវិញ ថា៖ខ្ញុំព្រះករុណាទាំងពីរមកនេះគឺមកសុំការអនុញ្ញាតពីលោកគ្រូដើម្បី ចេញទៅខេត្តឆ្ងាយលក់តោកព្រោះថានៅទីនេះយូរហើយមិនឃើញរីកចម្រើនអ្វី សោះ។
លោកគ្រូសង្គ្រាជស្ដាប់នេនទុំហើយក៏មានពុទ្ធដីកាថា៖
- បើ នេនទាំងពីរចង់ចេញទៅខេត្តឆ្ងាយដើម្បីលក់តោកទៅក៏ទៅចុះអាត្មា មិនថាអ្វីទេប៉ុន្តែអាត្មាសូមផ្ដាំថាបើលក់អស់ត្រូវប្រញាប់ ត្រលប់មកវិញកុំនៅអែអង់លេងសើចឡេះឡោះនិងប្រព្រឹត្តមិនគប្បីនាំគេ ត្មះដៀលដល់គ្រូ។ បន្ទាប់ការសុំអនុញ្ញាតពីលោកគ្រូបានហើយនេនទាំងពីរក៏ថ្វាយបង្គំលា លោកគ្រូហើយរូតរះរៀបចំតោកនិងស្បៀងដាក់រទេះរួចជាស្រេចរងចាំព្រឹក នឹងអាលចេញដំណើរ។
ព្រឹក ឡើងថ្ងៃរះមេឃស្រឡះនេនទាំងពីរក៏ចាប់ទឹមគោទេះចេញទៅ។ នៅតាមផ្លូវអ្នកស្រុកចេះតែនាំគ្នាទិញជារឿយៗមិនឈប់ឯការធ្វើដំណើរររវ បស់នេនទាំងពីរចេះតែបន្តទៅមុខឥតឈប់រហូតស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ នេនទាំងពីរបានទៅសម្រាកនៅក្រោមដើមឈើមួយដើមពោធិ៍មួយដើមដែលម្លប់ យ៉ាងត្រជាក់ឈ្មោះថា”ពោធិ៍ ជើងខាល។ ចំណែកអ្នកស្រុកភូមិកន្លែងនោះក៏នាំគ្នាជួយទិញតោកនេនទាំងពីរ រហូតដល់អស់ហើយក៏បានសាកសួរពីរដំណើររបស់នេនទាំងពីរផង។ បន្ទាប់ពីបានដឹងថានេនទាំងពីរធ្វើដំណើរមកពីឆ្ងាយពួកអ្នកស្រុកក៏ ឃាត់នេនទាំងពីរឱ្យស្នាក់នៅទីនោះមួយរយះសិនព្រោះឃើញថានេនទុំចេះ មើលសាស្ត្រាហើយថែមទាំងចេះស្មូតទៀតផង។ ពាក្យសំដីដ៏ពីរោះផ្អែមល្ហែមព្រមទាំងការលេបខាយរបស់នេនទុំ បានធ្វើឱ្យមនុស្សចាស់ក្មេងប្រុសស្រីនៅភូមិនោះផ្អើលជ្រួលជ្រើមមករក មើលយ៉ាងពពាក់ពពួនមានខ្លះដល់ថ្នាក់គិតថា”បើសិនជានេនទុំមិនមែនជា សង្ឃទេគេនឹងតាមយកឱ្យបាន”ក្នុង ថ្ងៃនោះដែរនាងនោបានដើរកាត់ទីនេះ បម្រុងទៅដងទឹកជួនជាឃើញគេរោមជុំឮក៏ឈៀងចូលមើលហើយក៏ឮវាចាដ៏ ពីរោះរបស់នេនទុំ។ នាងនោស្ដាប់បានហើយក៏ប្រញាប់ទៅដងទឹកទៅផ្ទះនឹកថា”ទៅដល់ ផ្ទះនឹង ប្រាប់ទាវឱ្យបានដឹងព្រោះទាវនៅក្នុងម្លប់ពិតជាអផ្សុកណាស់បើ ស្ដាប់នេនអង្គនេះស្មូត្រធម៌បទប្រហែលជាលែងអផ្សុកហើយ។ ទៅដល់ផ្ទះនាងនោក៏រៀបរាប់ប្រាប់ទាវតាមដំណើររឿងដែលបានឃើញ។
ដោយហេតុតែ ជាកម្មពៀរវេរាត្រូវមកដល់បានបណ្ដាលឱ្យទាវនឹកចង់ស្ដាប់សំឡេងធម៌ បទរបស់នេនទុំរហូតដល់ដាច់ចិត្តហ៊ានសំពះសុំម្ដាយ!
- អ្នក ម៉ែអើយ!កូននៅក្នុងម្លប់រាល់ថ្ងៃពិតជាអផ្សុកណាស់ម្យ៉ាងផ្ទះយើងនៅ ឆ្ងាយវត្តមិនដែលបានស្ដាប់លោកសូត្រធម៌ឬស្មូត្រអ្វីទេឥឡូវឮថាមាន នេនស្នាក់នៅផ្ទះគេខាងនោះចេះស្មូត្របានពីរោះណាស់សូមអ្នកម៉ែទៅ និមន្តលោកមកស្មូត្រនៅផ្ទះយើងឱ្យកូនបានស្ដាប់ម្ដងផង។
ម្ដាយ ទាវកាលបើឮកូនសុំដូច្នេះហេតុតែស្រលាញ់កូនក៏ងើបក្រេះពីគ្រែទាញ បានក្រមាបង់កដើររលះរលាំងចេញទៅ។ ទៅដល់ក៏ក្រាបសំពះនេនហើយនិយាយថា៖
- ខ្ញុំព្រះករុណាសូមនិមន្តព្រះតេជគុណទៅឆាន់ស្លាបានម្ដង។
នេន ទុំស្ដាប់ហើយក៏ឆ្លើយវិញថា៖ សូមញោមទៅរៀបចំមុនចុះចាំអាត្មាទៅតាមក្រោយ។ ម្ដាយទាវកាលបើនិមន្តព្រះសង្ឃរួចហើយក៏ប្រញាប់ថ្វាយបង្គំលាមកផ្ទះ វិញដើម្បីរៀបចំកន្ទេលខ្នើយនិងផាហ៊ុមថ្មីៗសំរាប់លោកគង់។ ចំណែកនេនទុំបានពិគ្រោះនិងនេនពេជ្រថា៖
-នេន ពេជ្រអើយឥឡូវអ្នកស្រុកមកនិមន្តទៅឆាន់ស្លាអាត្មាទទួលពាក្យគេ ហើយតែបើយើងទៅទាំងអស់គ្នាខ្លាចក្រែងគោដាច់ស៊ីស្រូវគេ ពិបាកសងគេនឹងគ្មានប្រាក់ត្រលប់ទៅវិញ។ នេនពេជ្រឮនេនទុំនិយាយដូច្នេះក៏គេចឆ្លើយវិញថា៖
-បើ ដូច្នេះនេននិមន្តទៅម្នាក់ឯងចុះអាត្មានៅចាំមើលគោប៉ុន្តែសូមឆាប់ ត្រលប់មកវិញកុំនៅអែរអង់ត្រូវចាំពាក្យបុរាណថា៖”ដើរ មានបួនខ្លួន ជាសង្ឃទើបបានត្រូវត្រង់ឥតមានមោះបើទៅចង់ក្ដីបាសកសោះកេរកោះ ថ្លោះធ្លោយឱ្យមានប្រាំ។ នេនទុំស្ដាប់នេនពេជ្រហើយហាក់មានពីភាល់ក្នុងចិត្តគិតថា៖
-“ហេតុម្ដេច ពេលនេះនេនពេជ្រលើកយកពាក្យទំនៀមមកនិយាយជាមួយយើង ដូច្នេះ?”បន្ទាប់ពីបានគិតគូរគ្នាស្រេចហើយនេនទុំក៏បានធ្វើដំណើរ ទៅផ្ទះម្ដាយទាវភ្លាម។
គ្រាន់តែ ក្រឡេកឃើញនេនទុំនិមន្តមកផ្ទះភ្លាមម្ដាយទាវក៏ប្រញាប់ចុះពីលើផ្ទះ មកក្រាបសំពះនេនទុំដោយនិយាយថា៖ខ្ញុំព្រះករុណាសូមនិមន្តព្រះតេជគុណ ស្រង់ទឹកឱ្យត្រជាក់ខ្លួនសិន។ លុះនេនទុំស្រង់ទឹករូចហើយម្ដាយទាវក៏និមន្តឡើងគង់លើផ្ទះហើយយក ស្លាម្លូដែលបានរៀបចំទុកមកប្រគេននេនព្រមទាំងនិយាយថា៖
-ខ្ញុំព្រះករុណា សូមនិមន្តព្រះតេជគុណមើលសាស្ត្រាឬស្មូត្រជបទអ្វីក៏បានដើម្បីឱ្យ ខ្ញុំព្រះករុណាព្រមទាំងញាតិមិត្តបងប្អូនទាំងអស់ស្ដាប់ម្ដងផង។ នេនទុំស្ដាប់ម្ដាយទាវផងភ្នែកសម្លឹងទៅមាត់ទ្វារផងស្រាប់តែភ្ញាក់ ព្រឺត។
នាង ទាវកាលបើដឹងថានេនទុំសម្លឹងមកចំនាងដូច្នេះនាងក៏ម្នីម្នាស្ទុះ ចូលទៅក្នុងវិញ។ នាងដើររេរាចុះឡើងៗចិត្តមួយចង់ចេញមកក្រៅចិត្តមួយខ្លាចក្រែង ព្រោះគ្មាននរណាហៅ។ បន្តិចក្រោយមកនាងក៏ដាច់ចិត្តយកកន្សែងពានាចេញមកក្រៅ។ នេនទុំទ្រឹងសម្លឹងបន្តិចព្រឺព្រួចចុកអួលក្នុងឱរ៉ាក្នុងចិត្ត គិតថា៖
-ឱ្យ រូបហ្នឹងហើយឬជាទាវនាងពិតជាស្អាតដូចពាក្យគេនិយាយមែន។ បន្ទាប់ពីស្លុងអារម្មណ៍បន្តិចមកនេនទុំក៏ចាប់ផ្ដើមសូតសូត្រនមោត ស្សបីចប់រួចក៏ស្មូត្ររឿងព្រះវេស្សន្ដរក័ណ្ឌមទ្រីចូលទៅក្នុង ព្រៃរកបេះផ្លែឈើ។ សំឡេងស្មូត្ររបស់នេនទុំបានធ្វើឱ្យញាតិមិត្តបងប្អូនស្លុងអារម្មណ៍ មិនហ៊ានងាកឬងើបចេញទៅណាឡើយខ្លះរហូតដល់សុំនេនទុំធ្វើជាកូនធម៌ ទៀតផង។ បន្ទាប់ពីបានស្ដាប់ស្មួត្រហើយនាងទាវបានរៀបចំម្លូរស្លាបារី ផាហ៊ុមព្រែកម្ញីនិងដន្លាប់សំរាប់ប្រគេននេន។ រៀបចំស្រេចនាងក៏ចាប់លើកផ្គងប៉ងប្រាថា្នថា៖
-សូម មសូមមេត្តាព្រះអង្គជួយសម្រេចបំណងប្រាថា្នទូលបង្គំកុំបីឃ្លាតទៅ ជាតិនេះឬជាតិណាក្ដីសូមឱ្យបានជួបរួមកាយ។ ប្រាថ្នាហើយទាវក៏ដើរទៅជិតនោះរួចនិយាយថា៖
-បងនោសូមជួយប្រគេនស្លាបារីនឹងផាហ៊ុមដល់នេនផងដើម្បីឱ្យជាតិក្រោយទៅកុំឱ្យខ្ញុំស្គាល់ក្រឱ្យស្គាល់តែមាន។
នេន ទុំបានទទួលគ្រឿងប្រដាប់នោប្រគេនហើយក៏ប្រញាប់ស្រាយយកស្លាឆាន់ រួចហើយក៏សូត្រសែតមន្តសារិកាលិនថោងរួចស្រេចកាលណាប្រញាប់សូត្រ បញ្ចប់សាច់រឿង។ ពេលស្មូត្រចប់សាច់រឿងសព្វគ្រប់ហើយនេនទុំក៏ម្នីម្នាលាបាសកទីនោះ ត្រលប់មកវិញដោយសំអាងថាទុកនេនពេជ្រឱ្យនៅថែគោម្នាក់ឯងខ្លាចចិត្ត នេនពេជ្រ។ គ្រាន់តែមកដល់ភ្លាមនេនទុំក៏រៀបរាប់រឿងរ៉ាវប្រាប់នេនពេជ្រហើយបាន អួតសរសើរពីសម្រស់របស់នាងទាវប្រាប់នេនពេជ្រថា៖
-នេន ពេជ្រប្អូនអើយ!នាងទាវពិតជាស្អាតរកស្រីប្រៀបប្រដូចមិនបានទេបង គិតចង់ពឹងគេឱ្យសួរនាងសាកមើលហើយនឹងបានជាវអ្វីបញ្ចាំចិត្តនាង ខ្លះគ្រាន់ជាទីសំអាងទៅថ្ងៃក្រោយ។ ឥឡូវនេះតោកយើងលក់ដាច់អស់ហើយយើងរៀបចំច្រកស្រូវបញ្ចូលការុងទៅ ស្អែកនឹងចេញដំណើរទៅវត្តវិញ។ ព្រឹកឡើងពេលថ្ងៃរះនេនទាំងពីរនាំគ្នាលាញាតិមិត្តក្បែរនោះហើយ បររទេះត្រលប់ទៅវិញ។ តាមផ្លូវនេនទុំអង្គុយស្រងេះស្រងោចនឹកឃើញដល់ទាវ ទុំលើកផាហ៊ុមដែលទាវអប់ផ្កាមកថើបហើយពោលរអូរនឹកមិនឈប់។ នេនពេជ្រឃើញដូចនោះក៏និយាយថា៖
-កុំ កើតទុក្ខពេកថ្វីចាំទៅដល់វត្តបានយូរថ្ងៃបន្តិចចាំសុំលោកគ្រូ សង្គ្រាជលាសឹកទៅ។ នេនទុំនិងនេនពេជ្រខំប្រឹងបររទេះមិនហ៊ានឈប់សម្រាករហូតដល់ពេលយប់ ទើបទៅដល់វត្តនេនជាច្រើនបានឃើញហើយក៏នាំគ្នាមកសួរសាកដំណើរតាមផ្លូវ និងការលក់ដូរ។ បន្ទាប់ពីរៀបចំរបស់របរទុកដាក់រួចហើយនេនទុំនិងនេនពេជ្រក៏ឡើងទៅ ក្រាបបង្គំលោកគ្រូសង្គ្រាជ។ ទទួលពេលនោះលោកគ្រូសង្គ្រាជតើនឡើងល្មមឃើញនេនទាំងពីរត្រលប់មកវិញ លោកគ្រូក៏លុបមុខហើយក៏សួរនាំពីដំណើរដែលនេនទាំងពីរទៅលក់ដូរតោក។ នេនទាំងពីរបានរៀបរាប់ប្រាប់លោកគ្រូពីដើមរហូតដល់ចប់ហើយក៏ក្រាប សំពះលាលោកគ្រូទៅសម្រាកវិញ។ ដល់កុដិនេនទុំប្រះខ្លួនសម្រាកក៏ចាប់នឹកឃើញដល់ផាហ៊ុមដែលទាវ ប្រគេននេនចាប់លើកផាហ៊ុមមកដណ្ដប់ហើយនិយាយរអ៊ូរម្នាក់ឯងថា៖
វគ្គទី១
-ឱ ផាហ៊ុមអប់ដោយក្លិនផ្កាក្រអូបឈ្ងុយឈ្ងប់ដែលទាវប្រគេនមកបងបង សែនស្រណោះ ដល់ប្អូនណាស់ម្ដាយប្អូនបាននិមន្តបងទៅស្មូត្រប្អូនប្រគេនម្លូ ស្លាដន្លាប់និងផាហ៊ុមសុំប្រាថ្នាជួបបងកុំបីឃ្លាតបងដឹងថាវេលា នេះប្អូនបាននោអ្នកជួយរំសាយទុក្ខប្អូន។
-ផុត រដូវមួយចូលរដូវមួយពេលវាលាចេះតែកន្លងទៅមុខជាលំដាប់ពេលនេះរដូវ បុណ្យភ្ជុំបិណ្ឌក៏ចូលមកដល់។ ជារៀងរាល់ថ្ងៃនេនទុំតែងសង្កេតឃើញគូស្រករក្មេងៗគេបណ្ដើរគ្នាមកវត្ត ត្រសងធ្វើឱ្យនេនទុំរឹតតែនឹកស្រណោះដល់ទាវខ្លាំងឡើង។ ដល់ផុតរដូវបុណ្យភ្ជុំនេនទុំក៏ពិគ្រោះនិងនេនពេជ្រថា៖
- នេនពេជ្រប្អូនអើយពេលនេះបងទ្រាំលែងបានហើយក្នុងទ្រូងបងពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែចុកណែនឡើងៗគ្មានពេលណាបានធូរស្បើយបន្តិចឡើយ។ នេនពេជ្រស្ដាប់ហើយក៏ឆ្លើយវិញថា៖
-បើដូច្នោះ យើងនាំគ្នាទៅសុំលាលោកគ្រូសឹកពេលនេះតែម្ដងទៅ។ បន្ទាប់ពីស្រុះស្រួលគ្នាហើយនេនទាំងពីរៀបចំទៀនធូបបារីស្លាម្លូ ឡើងទៅក្រាបបង្គំលោកគ្រូ…លោកគ្រូសង្គ្រាជឃើញហើយមានពុទ្ធដីកាសួរថា៖
-នេនទាំងពីរមានការអ្វីដែរថ្ងៃនេះឡើងមកជួបអាត្មា។ នេនទុំឮលោកគ្រូមានពុទ្ធដីកាដូច្នោះក៏ក្រាបសំពះហើយនិយាយថា៖
-ខ្ញុំព្រះករុណា ទាំងពីរមកនេះគឺសុំលោកគ្រូសឹកព្រោះថាញោមស្រីខ្ញុំករុណាមានជំងឺ បានជាជ្រុលបន់នៅស្រែថាបើបានជាហើយឱ្យខ្ញុំករុណាលាសឹកទៅរស់នៅ ជុំគ្នានឹងបានសុខដល់ចាស់។ លោកគ្រូសង្គ្រាជបានឮនេនទុំនិយាយដូច្នោះក៏ចាប់ទាញក្ដារឆ្នួនមកវាយ លេខគន់គូរមើលរួចហើយក៏ឆ្លើយវិញថា៖
-ប៉ៃ អាកន្ទ្រមកុហកគ្រូទេតាមពិតទៅមានស្រីចោមរោមស្រលាញ់នៅមិនបានក៏ មកសុំលាគ្រូសឹក។ អាត្មាវាយលេខហើយឃើញថាពេលនេះមិនទាន់អាចទាន់សឹកបានទេបើតែជំនះ សឹកនឹងនាំវេទនាដល់ខ្លួន។ ប៉ុន្តែបើតាមជើងលេខនេនពេជ្រអាចសឹកបាននៅខែបុស្សចំណែកនេនទុំ ត្រូវចាំរហូតដល់ខែពិសាខទើបអាចសឹកបានសឹកហើយនឹងបានជាធំទៀតផង។
ក្រោយពីបានស្ដាប់លោកគ្រូសង្គ្រាជមានពុទ្ធដីកាហើយនេនទុំនិងនេនពេជ្រក៏ក្រាបលាសំពះលាត្រលប់មកកុដិវិញ។
នេន ទុំពេលនេះអារម្មណ៍វិលវល់ពេកក្រៃចិត្តមួយព្រួយខ្លាចទាវបានទៅគេ ចិត្តមួយទៀតព្រួយលោកគ្រូមិនទាន់ឱ្យសឹកគិតយួរៗទៅថបឡើងៗក៏ និយាយប្រាប់នេនពេជ្រថា៖
-នេន ពេជ្រអើយមើលទៅបងមិនអាចទ្រាំចាំដល់ថ្ងៃនោះបានទេមើលទៅថ្ងៃសីល ក្រោយនេះបងនឹងលាសឹកហើយទោះបីលោកគ្រូជេរយ៉ាងណាក៏ដោយចុះ។
-មិន បានទេ!បងធ្វើយ៉ាងនេះខុសធ្ងន់ណាស់…(នេន ពេជ្រឆ្លើយកាត់)បងនឹងអាច កើតក្ដីវេទនាទៅថ្ងៃមុខ។ រយះពេលរង់ចាំតែប៉ុន្មានខែប៉ុណ្ណោះមិនយួរទេធ្មេចបើកៗគង់នឹងដល់។ បានស្ដាប់នេនពេជ្រនិយាយហើយរឹងរឹតតែធ្វើឱ្យនេនទុំកើតទុក្ខថែម មួយកម្រិតទៀតរហូតដល់ក្រាបយំសូម្បីតែចង្ហាន់ដែលធ្លាប់ឆាន់ឆ្ងាញ់ ប្រែទៅជាគ្មានរសជាតិអ្វីទាំងអស់ក្នុងមួយថ្ងៃៗនេនឆាន់បានតែពីបី ម៉ាត់ប៉ុណ្ណោះ។
អានតវគ្គទី ២
Continue Reading...

ពិធី​បុណ្យ​កឋិន

ខុសប្លែកពីបុណ្យដ៏ទៃ ដោយហេតុអ្វីខ្លះ?

ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនខ្មែរយើងទូទាំងប្រទេស ដែលតែងតែគោរពបូជា ប្រតិបត្ដិយ៉ាងយកចិត្ដទុក នេះក៏ដោយសារតែប្រជាពលរដ្ឋខ្មែរយើង មានជំនឿទៅលើផលបុណ្យ ផលបាប ដែលជា ទង្វើដែលខ្លួនបានធ្វើ គឺធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។ ជាមួយគ្នានេះផងដែរ ព្រះពុទ្ធសាសនា បានដើរតួ យ៉ាងសំខាន់នៅក្នុងការអប់រំមនុស្សដែលរស់នៅក្នុងសង្គមទាំងផ្លូវកាយ ទាំងផ្លូវត្ដ ដើម្បីឱ្យមនុស្សទទួលបាននូវសេចក្ដីសុខ ។ លើសពីនេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅក្នុងព្រះពុទ្ធសាសនាមានពិធីបុណ្យធំៗ ជាច្រើនដែលប្រជាពលរដ្ឋខ្មែរយើងតែងតែ ប្រារឰធ្វើឡើង ជារៀងរាល់ឆ្នាំ និងរដូវកាលដែលបានកំណត់ ។

ដើម្បីរួមចំណែកចូលរួមអភិរក្សអក្សរសាស្ដ្រជាតិ ក្នុងមានយើងខ្ញុំជាគណៈកម្មការនិពន្ធនៃ គេហទំព័រ veticar.com នឹងសង្ខេបអត្ថន័យខ្លះៗ ដែលពាក់ព័ន្ធទៅនិងពិធីបុណ្យកឋិន ជាបុណ្យប្រពៃណី ខ្មែរយើង តែងតែប្រារឰធ្វើឡើង ជារៀងរាល់ឆ្នាំ ។ តើបុណ្យកឋិនមានភាព ខុសពីបុណ្យដទៃ ? តើបុណ្យកឋិន មានភាពខុសពីបុណ្យដទៃ? តើគេច្រើនប្រារឰឡើងនៅរដូវណា? ហើយមានរយៈពេលប៉ុន្មានថ្ងៃ ? ចាប់ពីថ្ងៃណា ដល់ថ្ងៃណា?

តាមការបង្ហាញពីសៀវភៅបុណ្យទំនៀមទម្លាប់ខ្មែរ ទាំង១២ ខែបានបង្ហាញថា ៖

បុណ្យ កឋិនទាន គឺជាបុណ្យមួយ ដែលប្រជាជនខ្មែរប្រារឰធ្វើឡើយក្នុងពេលកំណត់មួយ គឺមានចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃ ១ រោច ខែ អសុជ្ស រហូតដល់ថ្ងៃទី ១៥ កើតពេញបូរមី ខែ កត្ដិក ។ ហើយបុណ្យ កឋិនមានលក្ខណៈ ខុសប្លែក ៥ យ៉ាងអំពីបុណ្យដទៃផ្សេងៗ និងក្លាយជាបុណ្យដ៏មានសារៈ សំខាន់នៅក្នុងវត្ដពុទ្ធសាសនា និងនៅក្នុង ចំណោមពុទ្ធបរិស័ទទូទៅ ។
លក្ខណៈប្លែក ៥ យ៉ាងគឺ ៖
១-ប្លែកដោយកាល

ព្រះពុទ្ធ ទ្រង់អនុញ្ញាតកឋិនកាល មានតែចំនួន ២៩ ថ្ងៃ គឺ ៖ ១៤ ថ្ងៃក្នុងខែអស្សុជ (កំណត់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ ១៤ រោច ឬខែដាច់) និង១៥ ថ្ងៃក្នុងខែកត្ដិក (កំណត់ពីថ្ងៃ១ កើត ដល់ថ្ងៃ ១៥ កើត ពេញបូរមី)។ រយៈពេលនេះ ហៅតាមពាក្យសាមញ្ញថា “ រដូវកឋិន ” ។ បុណ្យកឋិនធ្វើបានតែម្ដងគត់ ក្នុងមួយឆ្នាំ សម្រាប់វត្ដ មួយ និងត្រូវធ្វើតាមពេលកំណត់មិនមានមុន និងមិនមានក្រោយ ។ ភិក្ខុអាចទទួលសំពត់កឋិនបាន តែមួយដងគត់ ក្នុងមួយរដូវកឋិន ។
២-ប្លែកដោយវត្ថុ

សំពត់ ដែលជាអង្គកឋិន នោះមាន ៖ ស្បង់ចីវរ និងសង្ឃាដី ដែលបានធ្វើត្រឹមត្រូវតាមពុទ្ធាបញ្ញត្តិ ។ យោង តាមវិន័យបញ្ញត្តិ ទោះបីជាទាយក ឬទាយកា នាំសំពត់មួយត្រៃមកប្រគេនភិក្ខុសង្ឃ ក៏ភិក្ខុសង្ឃអ្នកក្រាលគ្រង លោករើសយកតែមួយមុខ មកធ្វើជាអង្គកឋិន ។ តាមធម្មតា ភិក្ខុច្រើនតែរើសយកសង្ឃាដីធ្វើជាអង្គកឋិន ពីព្រោះ សង្ឃាដីជាសំពត់ធំជាងគេបង្អស់ក្នុងត្រៃចីវរ ហើយអាចប្រើសម្រាប់ដណ្ដប់ដូចជាភួយ នៅពេលរងាក៏បាន ។
៣-ប្លែកដោយអំពើ

តាម ទំនៀមទម្លាប់ ពុទ្ធបរិស័ទតែងតែមានជំនឿថា ការធ្វើបុណ្យចំពោះភិក្ខុមួយអង្គ ៗ ពុំសូវមានអានិសង្ឃច្រើន ដូចជាធ្វើនឹង សង្ឃ ទេ (សង្ឃ សំដៅយកភិក្ខុចំនួនពី៤ អង្គឡើងទៅ)។ យោងតាមវិន័យបញ្ញត្តិអង្គ កឋិនអាចវេរប្រគេនចំពោះសង្ឃ យ៉ាងហោចណាស់ ក៏មានវត្ដមានភិក្ខុ៥ អង្គដែរ ដើម្បីឱ្យកើតជាកឋិនពេញ លក្ខណៈបាន ។

៤-ប្លែកដោយបដិគ្បដិការគាហកៈ (ដោយអ្នកទទួល)

មានតែ ភិក្ខុទេ ដែលអាចទទួលសំពត់កឋិនបាន (រីឯ សាមណេរ និងអ្នកដ៏ទៃទទួលពុំបាន)។ ភិក្ខុនោះត្រូវ តែគង់ចាំវស្សាគម្រប់ ៣ ខែ ក្នុងវត្ដ ឬអាវាសណាមួយ ។ ភិក្ខុមិនបានគង់ចាំវស្សាគ្មានសិទ្ធទទួលអង្គកឋិនទេ ។
៥-ប្លែកដោយអនិសង្ឃ

នៅក្នុង ការធ្វើបុណ្យកឋិន ទាយក និងទាយកា តែងទទួលបានអនិសង្ឃច្រើន ។ យោងតាមវិន័យបិដក ភាគ៨ ត្រង់កឋិនក្ខន្ធកៈ ភិក្ខុសង្ឃដែលជាអ្នកអនុមោទនា និងក្រាលគ្រងកឋិន ត្រូវបានទទួលអនិសង្ឃ ៥ យ៉ាង ក្នុងរយៈពេល ៥ ខែ ។ អានិសង្ឃទាំង ៥ យ៉ាងនោះគឺ ៖

(១)-អនាមន្ដចារោ ៖ ភិក្ខុត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាបាន និងមិនមានទោស (ត្រូវអាបត្តិ) ឡើយ ។

(២)-អសមានទានចារោ ៖ ភិក្ខុត្រាច់ទៅដោយមិនបាច់យកសំពត់ណាមួយ ឬត្រៃចីវរគ្រប់ប្រដាប់ ជាប់ជាមួយបាន ។

(៣)-គណភោជនំ ៖ ភិក្ខុអាចឆាន់គណភោជនំបាន ។

(៤)-យាវនត្ថចីវរំ ៖ ភិក្ខុអាចទុក អតិរេកចីវរ (ចីវរដែលលើសអំពីសេចក្ដីត្រូវការ)ចំនួនប៉ុន្មាន ក៏បាន ។

(៥)-យោ ច តត្ថ ចីវរុប្បានោ សោ នេសំ ភវិស្សិតិ ៖ ចីវរណាកើតឡើងក្នុងអាវាស នោះ ចីវរនោះនឹងមានដល់ភិក្ខុនោះ។

វិន័យ បិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែកអំពីប្រភពនៃបុណ្យកឋិនថា ៖ “ នៅក្នុងសម័យពុទ្ធកាល ព្រះ សម្ពុទ្ធជាម្ចាស់ ទ្រង់ពុទ្ធានុញ្ញាត ឱ្យភិក្ខុប្រើប្រាស់តែបង្សុកូលចីវរ ទ្រង់ពុំទាន់បានអនុញ្ញាត ឱ្យប្រើគហបតីចីវរនៅ ឡើយ ។

សម័យកាលនោះ នៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះពុទ្ធកំពុងគង់ចាំព្រះវស្សា ក្នុងវត្ដជេតពន ដែលជា អារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយ នៅទៀបក្រុងសាវត្ថី ។ ត្រានោះ មានភិក្ខុ ៣០រូប ឈ្មោះថា ភទ្ទវគ្គិត្ថេរ ក្នុងដែនបាថេយ្យ ជាអ្នកប្រព្រឹត្តធម៌នៅក្នុងព្រៃ ។ ល។ បាននាំគ្នានិមន្តចេញអំពីទីនោះ មកកាន់ក្រុង សាវត្ថី ដើម្បីចូលគាល់បម្រើព្រះដ៏មានព្រះភាគ ។ ប៉ុន្តែភក្ខុទាំងអស់ បានមកដល់តែត្រឹមសាកេត (ភូមិ មួយជាប់ នឹងទីក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹងស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរ ស្វែងរកទី សេនាសនៈនៅចាំវស្សា ៣ ខែ នាពាក់កណ្តាលផ្លូវនោះតែម្ដងទៅ។ ភិក្ខុសង្ឃទាំង ៣០ រូបមានសេចក្ដីអផ្សុក កើត ទុក្ខតូចព្រះទ័យជាខ្លាំង ដោយគិតឃើញថា ព្រះភាគទ្រង់គង់នៅទីនោះ ចម្ងាយតែ៦យោជន៍ទៀតសោះ មិនសម យើងទាំងឡាយស្កុនដំណើរ មិនបានគាល់បម្រើព្រះអង្គដូចបំណងសោះ ។

លុះដល់ ថ្ងៃចេញវស្សា បវារណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ចូលទៅកាន់ក្រុងសាវត្ថី ។ នៅ ទីនោះភិក្ខុសង្ឃទាំងអស់បានចូលធ្វើសាវនាការជាមួយនឹងព្រះពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក ។ ព្រះមានព្រះ ភាគទ្រង់មានបន្ទូលរាក់ទាក់ទៅកាន់ភិក្ខុទាំងនោះថា ៖ “ ម្នាលភិក្ខុទាំងឡាយ សរីយន្ដរបស់អ្នកទាំងឡាយលម្ម អត់សង្កត់បាន ឬទេ ? ល្មមប្រព្រឹត្ដទៅបានឬទេ? តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះស្មើ ឥតមានវិវាទ ទាស់ទែងគ្នា ទេឬ? អ្នកទាំងឡាយនៅចាំវស្សាសោត ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាត ទេឬ?

ភិក្ខុទាំងឡាយនោះ ក៏ក្រាបបង្គំទូល នូវសេចក្ដីលំបាករបស់ខ្លួន ដែលមានមកតាមផ្លូវដោយសព្វគ្រប់ តាមដំណើរ ។

លំដាប់ នោះ ព្រះដ៏មានព្រះភាគទ្រង់សម្ដែងធម្មឹកកថា ប្រារឰអំពីសង្សារវដ្ដមិនមានទីបំផុត ប្រោសប្រទាន ដល់ភិក្ខុទាំងនោះ ។ លុះចប់ធម៌ហើយ ភិក្ខុទាំងអស់នោះ បានជាព្រះអរហន្តទាំងអស់អង្គ រួចហើយក៏នាំគ្នា ក្រាប ថ្វាយបង្គំលាព្រះសម្ពុទ្ធ វិលទៅកាន់លំនៅរបស់ខ្លួនវិញ ។

បន្ទាប់អំពីនោះមក ព្រះមានព្រះភាគទ្រង់តម្រិះថា បើប្រសិនជាតថាគតបានតែងតាំងកឋិនត្ថារកិច្ច ទុក មកពីគ្រាមុន ម្លេះសមភិក្ខុទាំងឡាយនោះបានលះចីវរមួយទុកនៅកន្លែងជាប់មកតែ ស្បង់ចីវរប៉ុណ្ណោះ មានអត្ថភាព ស្រាលមិនលំបាកយ៉ាងនេះសោះឡើយ ។ ហើយកឋិនត្ថារ កិច្ចនេះព្រះពុទ្ធរាល់ព្រះអង្គ ក៏តែងអនុញ្ញាតទុកដល់ សាវកពុំដែលលះបង់ផង ។ ព្រះដ៏មានព្រះភាគទ្រង់ព្រះ ដូច្នេះហើយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក រួចហើយក៏ទ្រង់អនុញ្ញាតកឋិនត្ថារកិច្ច ដោយព្រះពុទ្ធដីកាថា ៖

អនុជា នាមិ វេ វស្សំ វុដ្ឋានំ ភិក្ខុនំ កឋិនំ។ អត្ថរិតុំ អត្ថតំ កឋិនទានំ វោ ក្ខវេ បញ្ច ស្សន្ដិ ។ “ ប្រែថា ” ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលបាន នៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិន ។ ម្នាលភិក្ខុទាំងឡាយ ! កាលបើភិក្ខុទាំងឡាយបានក្រាលគ្រងកឋិន ហើយ នឹងបានសម្រេចអានិសង្ស ៥ ប្រការ ” ។ បន្ទាប់មកព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាត ឱ្យភិក្ខុទទួលស្បង់អំពី ពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ ១ រោច ខែអស្សុជ រហូតដល់ថ្ងៃទី ១៥ កើតពេញ បូរមី ខែកត្ដិក (រវាង ពាក់កណ្ដាលខែតុលា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកា)។ ព្រះដ៏មានព្រះភាគទ្រង់ព្រះមេត្ដា ប្រោសអនុញ្ញាត ភិក្ខុសង្ឃដែលអនុមោទនា និងក្រាលគ្រង កឋិននោះ បានទទួលអានិសង្ស ៥ ប្រការ។ ជនមាន សទ្ធា ដែលបានធ្វើកឋិនទាន មានឈ្មោះថា ជាអ្នកបានគោរពនូវព្រះពុទ្ធដីកា ដែលទ្រង់បានអនុញ្ញាតឱ្យភិក្ខុសង្ឃ បានទទួលអានិសង្ឃ ៥ ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរចំពោះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់មួយត្រៃ មាសនោះផង និងជាអ្នកតអាយុព្រះពុទ្ធសាសនាអស់កាលជាយូរអង្វែងទៅផង ។

ព្រះ សម្ពុទ្ធទ្រង់សំដែងថា “ សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ។ “ ប្រែថា ”ជន ដ៏មានប្រាជ្ញណាមួយ បានធ្វើនូវសេចក្ដីសុខស្រួល (ដល់អ្នកដ៏ទៃ) ជននោះឯង រមែងបានជួបប្រទៈនឹងសេចក្ដីសុខ ស្រួលជាពិតប្រាកដពុំខានឡើយ ។ ” សេចក្ដីអធិប្បាយយ៉ាងនេះថា ជនណាបានធ្វើកឋិនទាន ដែលនាំឱ្យព្រះភិក្ខុ សង្ឃ បានអនិសង្ឃ ៥ យ៉ាងក្នុងរវាង៥ ខែ បានឈ្មោះថា ជាអ្នកឱ្យសេចក្ដីសុខស្រួលដល់អ្នកដ៏ទៃ នៅក្នុងបច្ចុប្បន្ន ជាតិ ជននោះឯងតែងតែបានសុខ ក្នុងមនុស្សលោកនិងទេវលោក ក្នុងពេលអនាគត។ ដោយអំណាចផល្លានិសង្ឃនៃ កឋិនទាននោះ ក្នុងអនាគតកាល ជននោះ នឹងបានជាឯហិភិក្ខុនី ដែលមានត្រៃចីវរកើតឡើងឯកឯង ដោយឬទ្ធិ នៅ ពេលបុព្វជ្ជា ជាបុព្វជិតក្នុងសាសនាព្រះពុទ្ធអង្គណាមួយ ហើយក៏នឹងបានសម្រេចមគ្គផល និព្វានក្នុងពេលបុព្វជ្ជានោះ ជាពិតប្រាកដពុំខានឡើយ ។

តាំងពីពេលនោះមក បុណ្យកឋិនបានក្លាយជាបុណ្យទំនៀមទម្លាប់របស់ពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេចក្ដី ត្រូវការស្បង់ចីវរដ៏វិសេសនេះ ។

វេលា រាត្រីមុនថ្ងៃបុណ្យកឋិន ទាយក ទាយកា ម្ចាស់ដើមបុណ្យ និងញាតិមិត្រ នាំគ្នាយកត្រៃចីវរ និង គ្រឿងបរិក្ខារផ្សេងៗ ទៅកាន់វត្ដអារាម ដែលគេបានទាក់ទងស្និទ្ធស្នាល រួចមកហើយ និងធ្វើកុសលខ្លះៗ ដូចជា ថ្វាយបង្ថ្វាយបង្គំគុំព្រះរតនត្រ័យ អារាធនាព្រះសង្ឃចម្រើនព្រះបរិត្ដ និងស្ដាប់ព្រះសង្ឃសម្ដែងធម្មទេសនា (ស្ដីអំពីអានិ សង្ឃកឋិន)។

លុះ ព្រឹកស្អែកឡើង ទាយក ទាយកា និងពុទ្ធបរិស័ទ ម្ចាស់ដើមបុណ្យនាំគ្នាតៅកាន់វត្ដម្ដងទៀត ។ គេ ប្រារឰពិធីថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល ៥ ឬសីល ៨ ដាក់បាត្រ បង្សុ័កូល និងវេរភត្ដប្រគេនព្រះសង្ឃ។

បន្ទាប់ពីថ្ងៃត្រង់ ទាយក និងទាយកា ម្ចាស់ដើមបុណ្យ ព្រមទាងញាតិមិត្រ នាំគ្នាទូលពានត្រៃចីវរ និងកាន់ ទ្រនូវគ្រឿងបរិក្ខារជាបរិវារកឋិន ផ្សេងៗ ដើរប្រទក្សិណព័ទ្ធជុំវិញរោងឧបោសថ ( ឬព្រះវិហារ ) ចំនួន៣ ជុំ។ អ្នកទាំងអស់ត្រូវបាននាំមុខដោយក្រុមភ្លេងឆៃយ៉ាំ និងភិក្ខុសូត្រធម៌ ព្រមទាំងមានពុទ្ធបរិស័ទទាំងហ្វូងដង្ហែតាម ពីក្រោយ។

បន្ទាប់មក ត្រៃចីវរ និងគ្រឿងបរិក្ខារជាបរិវារកឋិន ត្រូវបានវេរប្រគេនចំពោះភិក្ខុសង្ឃ ដោយអនុលោម តាមក្បួន និងទម្រង់ការដែលបានបញ្ញត្តិទុកមក ។

ពេលពិធីវេរអង្គកឋិន បានចប់សព្វគ្រប់ហើយ គឺជានាទីរបស់សង្ឃ ដើម្បីជួបជុំគ្នាជាថ្មីឡើងវិញ នៅក្នុង រោងឧបោសថ ឬព្រះវិហារ និងដើម្បីប្រារឰពិធីឆ្លងកឋិនទាន (សម្ពោធកឋិន) ទៅតាមវិន័យបញ្ញត្តិ ។

តាម ធម្មតា គ្រូចៅអធិការ ឬថេរភិក្ខុ នៅក្នុងវត្ដត្រូវធ្វើសំណូមពរឱ្យមានភិក្ខុមួយរូប ជាតំណាងសង្ឃ ដើម្បីអនុមោទនា និងក្រាលគ្រងអង្គកឋិន ។ ជាយថាហេតុ ភិិក្ខុអង្គណាដែលមានស្បង់ចីវររហែកដាច់ នឹងត្រូវ ជ្រើសឡើង ។ រោងឧបោសថ ឬព្រះវិហារ គឺជាកន្លែងសម្រាប់ធ្វើសង្ឃកម្មពិសេស (សម្ពោធកឋិន)នេះ ។ ពិធីនេះ ដោយឡែកសម្រាប់តែសង្ឃ ពួកគ្រហស្ថមិនអាចចូលរួមជាមួយបានឡើយ ។

ពុទ្ធបរិស័ទមានជំនឿថា ការធ្វើបុណ្យកឋិន នៅវត្ដដែលមានព្រះវិហារបញ្ចុះសីមារួចហើយ ទើបបានអនិ សង្ឃច្រើន ។

នៅប្រទេសខ្មែរ បុណ្យកឋិន គឺជាបុណ្យសប្បាយអឹកធឹក មានពណ៌ចម្រុះឆើតឆាយ មានទិដ្ឋភាពជាបុណ្យ ពុទ្ធសាសនាយ៉ាងមហោឡារិក ។

ជាការពិតណាស់ បុណ្យកឋិន គឺជាឱកាសមួយ សម្រាប់បណ្តុះបណ្តាលអំពើល្អ និងគុណធម៌ នៅក្នុងដួងចិត្ត យើងគ្រប់ៗ គ្នា ។

រៀបរៀងដោយឡុង រដ្ឋា
ចម្លងពី http://www.veticar.com/index.php?option=com_content&view=article&id=228&Itemid=232
Continue Reading...

ប្រវត្តិ​នៃ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម

ដោយ មឿង ទុម(RFA)
2010-06-04
ទឹក​ដី​កម្ពុជា​ក្រោម​ដែល​មាន​ទំហំ​ជិត​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ត្រូវ​អាណានិគម​បារាំង ក្នុង​គ្រា​ត្រួតត្រា​តំបន់​ឥណ្ឌូចិន បាន​ប្រគល់​ទៅ​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង​ផ្នែក​រដ្ឋបាល​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​១៩៤៩។


RFA Photo/Danh Hong

ទេសភាព​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ក្នុង​ប្រទេស​វៀតណាម

ដែន​ដី​កម្ពុជា​ក្រោម​បច្ចុប្បន្ន ឬ​អតីត​កូសាំងស៊ីន ត្រូវ​បាន​រស់​នៅ​ដោយ​ប្រជាជន​ខ្មែរ​តាំង​ពី​សម័យ​ហ្វូណន​មក​ម្ល៉េះ។

សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «រឿង​រ៉ាវ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម» ជា​ឯកសារ​ចម្លង​ដោយ​លោក ទៀ ថេន បោះ​ពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​២០០៥ មក បាន​ឲ្យ​ដឹង​ថា លុះ​មក​ដល់​ដើម​សតវត្សរ៍​ទី​១៧ ពួក​អាណាម ឬ វៀតណាម ដោយសារ​សង្រ្គាម និង​ឧបាយកល បាន​ជ្រៀត​ជ្រែក​ចូល​មក​ក្នុង​ទឹក​ដី​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ឬ​កូសាំងស៊ីន។
ប្រជាជន​ខ្មែរ ទាំង​ខ្មែរ​កម្ពុជា​ដី​គោក និង​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ទឹក​លិច មិន​អនុញ្ញាត​ឲ្យ​ពួក​អាណាម​លុក​លុយ​កាន់​កាប់​ទឹក​ដី​នៃ​ខេត្ត​ខ្មែរ​ទាំង​ឡាយ​ដោយ​សន្តិភាព​នោះ​ទេ គឺ​ខ្មែរ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អាណាម ដោយ​បាន​រុញ​ច្រាន​ចេញ​ទៅ​វិញ​ជា​ច្រើន​ដង។ លុះ​មក​ដល់​ឆ្នាំ​១៩៥៩ ដោយ​មាន​ជំនួយ​ទ័ព​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបាទ អង្គដួង បារាំង​បាន​វាយ​យក​បាន​ក្រុង​ព្រៃនគរ ខេត្ត​ចង្វាត្រពាំង និង​ព្រះសួគ៌ា នៃ​ដែន​ដី​កម្ពុជា​ក្រោម​ពី​ពួក​អាណាម។ កង​ទ័ព​ខ្មែរ​បន្ត​ច្បាំង​ដណ្តើម​យក​មក​វិញ​នូវ​ខេត្ត​មាត់​ជ្រូក ក្រមួនស ព្រះត្រពាំង និង​ខេត្ត​ឃ្លាំង។
សៀវភៅ​មគ្គុទ្ទេសក៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹង​បន្ត​ថា លុះ​ដល់​ឆ្នាំ​១៨៦១ ឧត្ដមសេនីយ៍​បារាំង​មួយ​រូប​ឈ្មោះ ស្ហាកណែរ៍ បាន​មក​គាល់​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះបាទ នរោត្តម ដើម្បី​ទូល​ទ្រង់​អំពី​ការ​សម្រេច​ចិត្ត​របស់​បារាំង ក្នុង​ការ​តាំង​នៅ​ជា​ស្ថាពរ​នៃ​ដែនដី​កម្ពុជា​ក្រោម។
បន្ទាប់​មក​បារាំង និង​វៀតណាម បាន​ចុះ​សន្ធិ​សញ្ញា​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​១៨៦២ កំណត់​លក្ខខណ្ឌ​៣​ខ គឺ​ទី​១ ​វៀតណាម​ត្រូវ​ប្រគល់​ខេត្ត​ខ្មែរ​៣​ទៅ​ឲ្យ​បារាំង ទី​២ វៀតណាម​ត្រូវ​ផ្តល់​សេរីភាព​ដល់​អ្នក​កាន់​សាសនា​កាតូលិក និង​ទី​៣ វៀតណាម​ត្រូវ​សង​សោហ៊ុយ​សង្រ្គាម​ជា​ប្រាក់ ៣​លាន​ហ្វ្រង់។
ចំណែក​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះបាទ នរោត្តម បាន​ចុះ​សន្ធិ​សញ្ញា​មិត្តភាព​ពាណិជ្ជកម្ម និង​អាណាព្យាបាល​ជាមួយ​បារាំង នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣ ដែល​ក្នុង​នោះ​បារាំង ទទួល​បាន​បុព្វសិទ្ធិ​ផ្តាច់​មុខ​ក្នុង​កិច្ចការ​បរទេស និង​ការពារ​ជាតិ​នៃ​កម្ពុជា។
លុះ​ដល់​ឆ្នាំ​១៨៦៤ ព្រះបាទ នរោត្តម បាន​យាង​ទៅ​ជួប​មន្រ្តី​បារាំង លោក ដឺឡា ហ្ក្រង់ឌីយ៉ែរ៍ (De La Grandiere) សុំ​ឲ្យ​បារាំង បង្វិល​មក​ឲ្យ​ខ្មែរ​វិញ​នូវ​បណ្តា​ខេត្ត​ពី​លង់ហោ​ដល់​ខេត្ត​ទឹកខ្មៅ​ដែល​វៀតណាម​កាន់កាប់។ គ្រា​នោះ​ព្រះអង្គ​ទទួល​បាន​ពាក្យ​សន្យា​យល់​ព្រម​ពី​បារាំង។ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​១៨៦៧ មន្រ្តី​បារាំង លោក​ទេសាភិបាល​កូសាំងស៊ីន បាន​បញ្ចូល​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​ជា​អាណានិគម​របស់​បារាំង​ត​ទៅ​ទៀត គ្រា​នោះ​បារាំង បាន​បែង​ចែក​ដែន​ដី​កម្ពុជា​ក្រោម​ទៅ​ជា​៤​ខណ្ឌ ដែល​មាន​ទាំង​អស់ ១៩​សង្កាត់ និង ២.៣៥០​ភូមិ។ លុះ​ដល់​ឆ្នាំ​១៨៨៧ ដែនដី​កូសាំងស៊ីន ដែន​ដី​អាណាម និង​តុងកឹង បាន​ត្រូវ​បញ្ចូល​ជា​សម្ពន្ធភាព​បារាំង​ឥណ្ឌូចិន។
លុះ​ដល់​ឆ្នាំ​១៩៤៨ រដ្ឋាភិបាល​បារាំង មាន​បំណង​នឹង​ភ្ជាប់​កម្ពុជា​ក្រោម​ទៅ​យៀកណាម​សិន រួច​ទុក​ឲ្យ​កម្ពុជា និង​វៀតណាម រក​ដំណោះស្រាយ​នៅ​ពេល​ក្រោយ។ ប៉ុន្តែ​មាន​គណៈប្រតិភូ​ខ្មែរ​មួយ​ក្រុម រួម​មាន​ព្រះអង្គ​ម្ចាស់ យុគន្ធរ លោក ស៊ីម វ៉ា លោក សុខ ឆុង និង​លោក ថុន អ៊ុក បាន​ចូល​រួម​ប្រជុំ​នៅ​ក្នុង​សភា​សហភាព​បារាំង ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង ធ្វើ​ការ​ចរចា​ជា​បន្ទាន់​មួយ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ស្តី​អំពី​ការ​ផ្ទេរ​អំណាច​នៅ​កម្ពុជា​ក្រោម។
ពី​អង្គប្រជុំ​នោះ លោក សុខ ឆុង បាន​ធ្វើ​របាយការណ៍​យ៉ាង​ពិស្តារ​បញ្ជាក់​អំពី​ជំហរ និង​វត្ថុ​បំណង​របស់​ខ្មែរ​ចំពោះ​ទឹក​ដី​កម្ពុជា​ក្រោម​ថា ៖ "យើង​ទាមទារ​អ្វីៗ​ដែល​ជា​របស់​យើង។ យើង​មិន​បាន​ទាមទារ​អ្វីៗ​ដែល​មិន​មែន​ជា​របស់​យើង​នោះ​ទេ"
ប៉ុន្តែ​លទ្ធផល​ដែល​ខ្មែរ​ទទួល​បាន​ពី​បារាំង​វិញ គឺ​ប្រធានាធិបតី​បារាំង លោក វ៉ាងសង់ អូរីយ៉ូល (Vincent Auriol) បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ហៅ​ថា កិច្ច​ព្រមព្រៀង Elysee ជាមួយ​អធិរាជ​វៀតណាម ព្រះនាម បាវ ដាយ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​១៩៤៩ ដែល​ក្នុង​នោះ បារាំង​បាន​យល់​ព្រម​ប្រគល់​កម្ពុជា​ក្រោម ដែល​បារាំង​ហៅ​ថា កូសាំងស៊ីន ឬ​វៀតណាម​ហៅ​ថា ណាមកេ (Nam Ky) ទៅ​ឲ្យ​វៀតណាម ហើយ​វៀតណាម ព្រម​បង្កើត​រដ្ឋាភិបាល​យៀកណាម​មួយ​នៅ​ក្នុង​ក្រុម​សភា​សហភាព​បារាំង ហៅ​ថា រដ្ឋ​យៀកណាម។
បារាំង​សង្ឃឹម​ថា ការ​ប្រគល់​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ស្តេច​វៀតណាម បាវ ដាយ នោះ​បារាំង​អាច​រក្សា​បាន​នូវ​ឥទ្ធិពល​របស់​ខ្លួន​បាន​យូរ​អង្វែង​នៅ​កូសាំងស៊ីន​ជា​បន្ត​ទៅ​ទៀត។
លោក ថាច់ វៀន ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អឺរ៉ុប មាន​ប្រសាសន៍​ថា ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ​ពុំ​បាន​ទទួល​ការ​ចូល​រួម​និង​យល់​ព្រម​ពី​ភាគី​ខ្មែរ​ទេ។
លោក ថាច់ វៀន មាន​ប្រសាសន៍​ដូច្នេះ ៖ «បារាំង​រៀបចំ​ហៅ​ឲ្យ បាវ ដាយ ចូល​មក​គ្រង​រាជ្យ​វិញ​ហើយ​និង​ចរចា​ពី​រឿង​លក្ខន្តិកៈ​កម្ពុជា​ក្រោម​ហ្នឹង ព្រះ​ករុណា សីហនុ មាន​សរសេរ​សំបុត្រ​មួយ​ថា ក្នុង​ការ​ចរចា​ជាមួយ​យួន​ហ្នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ម៉េច​ខ្លះ​នៅ​កម្ពុជា​ក្រោម​នោះ សូម​ឲ្យ​លោក​ដឹង​ផង ប៉ុន្តែ​បារាំង​វា​អត់​រវល់​ទេ វា​ជជែក​គ្នា​តែ​ជាមួយ​យួន ហើយ​ប្រគល់​អី​សព្វ​គ្រប់​អស់​ហ្នឹង ព្រះ​ករុណា​លោក​អត់​មាន​បាន​ទទួល​ការ​ពិគ្រោះ​អី បារាំង​វា​ស្នើ​យោបល់​អី​អត់​មាន​ទេ»
ប្រមុខ​នៃ​រដ្ឋាភិបាល​កម្ពុជា សម្តេច​ព្រះ​នរោត្តម សីហនុ បាន​បញ្ជូន​ប្រតិភូ​មួយ​ក្រុម​ដឹកនាំ​ដោយ​ឯកឧត្ដម សឺន សាន ទៅ​កាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​១៩៤៩ ដើម្បី​ជំទាស់​នឹង​សភា​បារាំង ឲ្យ​ផ្អាក​ការ​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា​បារាំង ដែល​បាន​យល់​ព្រម​ប្រគល់​កម្ពុជា​ក្រោម​ទៅ​ឲ្យ​យៀកណាម​នោះ។ តែ​ការ​តវ៉ា​ទាមទារ​របស់​ប្រតិភូ​ខ្មែរ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​បារាំង​ធ្វើ​តាម​ឡើយ។
ចំណែក​សហរដ្ឋ​អាមេរិក​វិញ ដោយ​មាន​បំណង​ចង់​ជួយ​បារាំង ក្នុង​ការ​បង្ក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ឥណ្ឌូចិន លោក អាប៊ុត្ត (Abbott) ដែល​ជា​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ព្រៃនគរ ឬ​សព្វ​ថ្ងៃ​ហៅ​ថា​ក្រុង​ហូជីមិញ បាន​ស្នើ​ឲ្យ​ក្រសួង​ការ​បរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក ធ្វើ​សេចក្តី​ប្រកាស​មួយ​ក្នុង​ន័យ​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​វៀតណាម បាវ ដាយ។
នៅ​ទី​បំផុត​ប្រធានាធិបតី​បារាំង លោក វ៉ាងសង់ អូរីយ៉ូល បាន​ចុះ​ហត្ថលេខា​ប្រគល់​កម្ពុជា​ក្រោម​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បាវ ដាយ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។
លោក ថាច់ ង៉ុកថាច់ នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ថា ៖ «ពេល​បារាំង គេ​ដើម្បី​សុំ​សំណូមពរ​ដល់ បាវ ដាយ ព្រោះ​ជា​មធ្យោបាយ​ដើម្បី​ទប់​ទល់​ពង្រឹង​ពង្រីក​អំណាច​របស់​បារាំង ម្ល៉ោះ​ហើយ​គេ​ក៏​បាន​ប្រគល់​ឲ្យ​យួន​នោះ​ជា​បែប​ផ្នែក​ជា​រដ្ឋបាល​តែ​ប៉ុណ្ណឹង​ទេ ហើយ​ក្នុង​ការ​ប្រគល់​នោះ គឺ​ចំពោះ​បង​ប្អូន​ខ្មែរ​ក្រោម​លោក​អត់​បាន​ដឹង​ទេ។ បង​ប្អូន​ខ្មែរ​ដែល​នៅ​ទឹក​ដី​កម្ពុជា​ក្រោម គឺ​បាត់​បង់​អ្វី​ទាំង​អស់ រដ្ឋាភិបាល​យួន​គេ​គ្រប់គ្រង​ជា​ហូរហែ។ យើង​ឃើញ​ថា យើង​មាន​សង្គ្រាម​ជា​ហូរហែ ដែល​ហៅ​ថា សង្គ្រាម​ឥណ្ឌូចិន ក៏​ខ្មែរ​យើង​ត្រូវ​សង្គ្រាម​នោះ​បិត​បាំង​នូវ​ការ​ពិត ហើយ​ពិភពលោក​នោះ​ក៏​យល់​ថា រឿង​ទាំង​អស់​នោះ​ជា​រឿង​របស់​ប្រទេស​យួន​ទៅ​វិញ។ អ៊ីចឹង​យើង​បាត់​បង់​អស់​ក្នុង​រយៈពេល ៦០​ប្លាយ​ឆ្នាំ​ហ្នឹង ពុំ​មាន​ការ​តវ៉ា ពុំ​មាន​ការ​ទាមទារ​នូវ​ផ្លូវ​ច្បាប់​ណា​មួយ»
លោក អាង ច័ន្ទរិទ្ធិ អតីត​នាយក​ប្រតិបត្តិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​ខ្មែរ​មួយ​រូប បើ​ទោះ​បី​ជា​លោក​ពុំ​បាន​កើត​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​ក្តី ប៉ុន្តែ​ការ​បាត់​បង់​ដែន​ដី​កម្ពុជា​ក្រោម គឺ​ជា​ការ​ខាត​បង់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។
លោក អាង ច័ន្ទរិទ្ធិ មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ការ​បាត់​បង់​ដែន​ដី​កម្ពុជា​ក្រោម គឺ​ជា​រឿង​មួយ​ឈឺ​ចាប់ ជា​រឿង​មួយ​សោកស្តាយ​ជា​ទី​បំផុត ដែល​ទឹក​ដី​មួយ​ផ្នែក​ធំ​ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​បាន​គ្រប់គ្រង និង​ដឹក​នាំ​ដោយ​ប្រទេស​វៀតណាម​មក​ដល់​សព្វថ្ងៃ ហើយ​ជា​រឿង​មួយ​សោក​សង្វេគ​ចំពោះ​ខ្មែរ​យើង​ដែល​គាត់​កំពុង​តែ​រស់​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ទទួល​រង​នូវ​ការ​រំលោភ ការ​បំបិទ​សិទ្ធិ​សេរីភាព​ច្រើន​មក​ដល់​ពេល​នេះ»
Continue Reading...

រឿង​ធនញ្ជ័យ៩

វគ្គទី ៩
ឯ ព្រះមហាក្សត្រស្រុកខ្មែរឭថាធនញ្ជ័យវិលមកវិញហើយ បានទាំងចិនមកផង ហើយស្ដេចនូវនាម៉ឺនទាំងអស់កោតខ្លាចប្រាជ្ញាធនញ្ជ័យ មិនហ៊ានធ្វើសេចក្ដីអ្វីឱ្យទាស់នឹងគំនិតធនញ្ជ័យឡើយ ព្រះមហាក្សត្រឱ្យទៅហៅ ធនញ្ជ័យមកសួរដណ្ដឹងអំពីស្រុកចិន ត្បិតវាបានទៅ ធនញ្ជ័យក៏ក្រាបទូលតាមដំណើរដែលបានទៅឃើញ ហើយនិយាយថា កាលខ្លួនខ្ញុំបានទៅដល់ហើយគិតឱ្យបានមកវិញនោះ ព្រោះធ្វើខ្លែងព្នងបង្ហើរ ស្ដេចបានឭសូរអែកខ្លែង បានជាខ្ញុំបានមកវិញ ឯព្រះមហាក្សត្រឱ្យធ្វើខ្លែងនោះបង្ហើរនឹងមើលលែង ធនញ្ជ័យក៏ធ្វើខ្លែងទៅថ្វាយឱ្យស្ដេចទត ដូច្នោះឯងហៅខ្លែងព្នង បានជាស្ដេចចេះធ្វើខ្លែងដល់ឥឡូវនេះឯង។
ឯ ធនញ្ជ័យដល់មានជំងឺឈឺធ្ងន់ណាស ហើយផ្ដាំប្រពន្ធថា បើអញនឹងស្លាប់ទៅហើយ ឱ្យយកទៅកប់នោះ ឱ្យធ្វើចម្រូងបោះលើផ្លូវនោះឱ្យច្រើនកុំឱ្យខាន ហើយឱ្យទៅ ទូលហ្លួងថា អញឈឺខ្លាំងណាស់ហើយ ឯប្រពន្ធនោះទៅទូលហ្លួងដូចពាក្យធនញ្ជ័យ ស្ដេចដឹងដូច្នោះ ហើយក៏ស្ដេចទៅសួរធនញ្ជ័យ ដល់ហើយស្ដេចចូលទៅសួរធនញ្ជ័យថា ឯងឈឺតើដូចម្ដេច ធនញ្ជ័យទូលថាសូមទ្រង់ចូលមកជិតខ្ញុំៗនឹងផ្ដាំទុក ខ្ញុំទូលខ្លាំងមិនបានទេ ស្ដេចស្ដាប់ហើយចូលទៅជិត ធនញ្ជ័យទូលថា សូមទ្រង់ឱនព្រះកេសមកជិតនឹងមាត់ខ្ញុំ ស្ដេចក៏ឱនត្រចៀកទៅជិតមាត់ធនញ្ជ័យៗក៏ផ្ដាំថា បើស៊ីត្រីព្រួលកុំចោលស្រកា បើស៊ីត្រីប្រាកុំចោលស្រកី ឱ្យស្លក្បាលត្រីប្រានឹងម្ជូរសណ្ដាន់ ឱ្យស្ដេចទុកកុំឱ្យភ្លេច ស្ដេចស្ដាប់ហើយវិលមកដំណាក់វិញ ឯអស់នាម៉ឺនសួរហ្លួងថា ធនញ្ជ័យវាផ្ដាំថាដូចម្ដេច ព្រះមហាក្សត្រស្ដេចស្ដាប់ហើយ ក៏ប្រាប់អស់នាម៉ឺនថា តាមពាក្យធនញ្ជ័យថា ស៊ីត្រីព្រួលកុំចោលស្រកា បើស៊ីត្រីប្រាកុំចោលស្រកី ឱ្យស្លក្បាលត្រីប្រានឹងម្ជូរសណ្ដាន់ វាថាជាលេងវាទេ ស្ដេចមានព្រះបន្ទូលដូច្នេះ ក៏អស់នាម៉ឺនមិនជឿឡើយ ដឹងជាគេថាដូចម្ដេចនឹងព្រះមហាក្សត្រ។ កាលធនញ្ជ័យស្លាប់ទៅ គេក៏យកទៅកប់ ហើយធ្វើចម្រូងដោតផ្លូវនោះ តាមពាក្យធនញ្ជ័យនោះឯង អស់នាម៉ឺននៅអ្នកក្នុងវាំងដែលខឹងស្អប់ធនញ្ជ័យថា ធនញ្ជ័យឆោរយកប្រាក់ ឭថាធនញ្ជ័យស្លាប់ហើយ គេយកទៅកប់នៅទីត្រង់ណា ក៏ប្រើមនុស្សជុះអាចម៍ដាក់ផ្លូវ ឯអស់មនុស្សទាំងនោះក៏ទៅដល់ផ្នូរ ហើយក៏សើយសំពត់ដាក់គូថនឹងជុះ មិនបានដឹងថាមានចម្រូង វាសគូថរាល់គ្នា រាងមិនហ៊ានទៅទៀតឡើយ ហើយខ្លាចធនញ្ជ័យ ក៏ស្រដីប្រាប់គ្នារៀងទៅ នេះប្រាកដជាអ្នកមានប្រាជ្ញថា ដល់ស្លាប់ទៅហើយក៏គង់គិតទុកឱ្យបានគង់ដឹងជា ឯងទៅជុះអាចម៍ដាក់ផ្លូវគាត់ បានជាមានផ្ដាំឱ្យគេទៅដោតចម្រូងទុកឱ្យមុតគូថឯង៕ ចប់ឡើទៅវគ្គទី ១ វិញ
Continue Reading...

រឿង ធនញ្ជ័យ៨

វគ្គទី ៨
ធនញ្ជ័យទៅដល់សាលាជំនុំអស់នាម៉ឺនធំតូចច្រើន ក៏ឡើងទៅលើសាលា ហើយនិយាយនឹងអស់នាម៉ឺនថា បើចង់ភ្នាល់នឹងខ្ញុំៗនឹងប្រើស្ដេចឱ្យបានទើបអស់នាម៉ឺនថា អើយើងភ្នាល់គ្នា បើឯងប្រើបានអញនឹងឱ្យប្រាក់ បើឯងប្រើមិនបាន ឯងឱ្យរបស់អ្វីយើង ធនញ្ជ័យថា ខ្ញុំឱ្យប្រាក់ ហើយធនញ្ជ័យយកសំបុត្រដែលធ្វើនោះមានឈ្មោះគ្រប់នាម៉ឺនហើយសូម បោះត្រាទទួលជម្ពាក់រួចហើយ ឱ្យទៅប្រើហ្លួងនឹងមើល ឯធនញ្ជ័យថា បើដូច្នោះអស់លោកទូលថា ត្បិតធនញ្ជ័យវាថា វានឹងប្រើហ្លួងឱ្យបានដូចចិត្តវាៗថានឹងមកឥឡូវនេះហើយ ឯងអស់នាម៉ឺនបានស្ដាប់ហើយ ក៏យកសេចក្ដីទៅក្រាបទូលហ្លួង ទៅដល់ហើយក៏ក្រាបថ្វាយបង្គំគាល់ទូលថា សូមទានត្បិតអីធនញ្ជ័យវាថា វានឹងមកប្រើអម្ចាស់បានដូចចិត្តវា ឯព្រះមហាក្សត្រស្ដាប់ហើយ ក៏ទ្រង់ព្រះក្រោធនឹងធនញ្ជ័យវាមាកងាយ ទៅហៅអាជ័យមកឱ្យឆាប់ អាមាត្យស្ដាប់ព្រះបន្ទូលត្រាស់ប្រើដូច្នោះ ក៏រត់ទៅហៅធនញ្ជ័យតាមព្រះបន្ទូល ដល់ហើយប្រាប់ធនញ្ជ័យថា ហ្លួងមានព្រះបន្ទូលឱ្យហៅ ត្បិតទ្រង់ព្រះក្រោធនឹងឯងណាស់ ឯធនញ្ជ័យស្ដាប់ហើយក៏ទៅតាមអាមាត្យ ដល់ហើយក៏ក្រាបថ្វាយបង្គំស្ងៀមនៅ ហើយព្រះមហាក្សត្រមានព្រះបន្ទូលសួរថា អាជ័យអាថានឹងប្រើអញមែន ឬ? ធនញ្ជ័យទូលថាករុណាវិសេស ប៉ុន្ដែនឹងមិនទាន់ប្រើបាន បើបែរព្រះភក្ត្រមើលទៅក្រោយរួចហើយ ទើបប្រើបាន ស្ដេចស្ដាប់ហើយទើបបែរព្រះភក្ត្រទតមើលទៅក្រោយ ហើយបែរមកវិញ ថាអញមើលទៅហើយអាឯងមិនប្រើចុះ ឯធនញ្ជ័យក្រាបទូលថា នេះហៅប្រើហើយ គឺប្រើឱ្យបែរទៅក្រោយបានហើយ នឹងមានប្រើអម្ចាស់ឱ្យទៅទូលរែករបស់អ្វីក៏ទេ។
ស្ដេចស្ដាប់ហើយក៏មិនមានព្រះបន្ទូលទេ ទ្រង់ស្ងៀម ធនញ្ជ័យក្រាបថ្វាយបង្គំលា ទៅទារប្រាក់អំពីអស់នាម៉ឺនដែលភ្នាល់ ហើយមានសំបុត្របោះត្រាយកប្រាក់ច្រើនប៉ុន្មាននឹងមិនរួច ហើយយកទៅឱ្យប្រពន្ធនូវម្ដាយឪពុកក្មេក ហើយនៅជាសុខសប្បាយ។ ឯអស់នាម៉ឺនដែលធនញ្ជ័យយកប្រាក់នោះកើតខឹងនឹងធនញ្ជ័យទាំងអស់ ទាំងស្ដេចក៏ខ្ញាល់ណាស់ដែរ ស្ដេចឱ្យហៅអស់នាម៉ឺនធំតូច ឃុន ហ្មឹន មហាតលិកមកឱ្យគិតជំនុំ នឹងបំបរបង់ធនញ្ជ័យឱ្យហើយ ត្បិតវាបង្កើតទោសច្រើនណាស់ ឯអស់នាម៉ឺនស្ដាប់ព្រះបន្ទូលដូច្នោះហើយក៏មកគិតជំនុំគ្នាឃើញថា នឹងបណ្ដេញវាឱ្យចុះសំពៅទៅស្រុកចិន ត្បិតស្រុកនោះធំហើយគេស្អប់វាតែឃើញវាទៅគេគង់សម្លាប់ចោលយើងបាន សុខសប្បាយក្នុងនគរឯព្រះមហាក្សត្រក៏សប្បាយក្នុងព្រះរាជហឫទ័យគិតឃើញ ដូច្នោះហើយ យកសេក្ដីឡើងទៅក្រាបទូលដោយដំណើរដែលបានជំនុំឃើញ ព្រះមហាក្សត្រស្ដាប់ហើយក៏ព្រម នឹងឱ្យទៅហៅធនញ្ជ័យមកប្រាប់ថា អាជ័យ អញនឹងឱ្យឯងទៅនៅស្រុកចិននឹងគេឯណោះ ត្បិតស្រុកគេធំ នៅទីស្រុកខ្មែរនេះមិនបានទេ មានព្រះបន្ទូលបង្គាប់ឱ្យយកសំពៅ១មកឱ្យ ធនញ្ជ័យចុះទៅក្នុងសំពៅ ហើយឱ្យយកទៅប្រោសចោលឯស្រុកចិន ឱ្យស្ដេចក្រុងចិនសម្លាប់ កាលធនញ្ជ័យទៅដល់ស្រុកចិនហើយ ផ្ដាំអស់អ្នកសំពៅដែលគេវិលមកស្រុកខ្មែរវិញថា អញផ្ដាំទៅប្រពន្ធអញផង កុំឱ្យគិតទន្ទឹងអញឡើយ អញនឹងទៅវិញឆាប់ទេ អញសន្មត់តែ៧ខែ ឱ្យគេជូនអញទៅវិញឆាប់ទេ កុំថប់ព្រួយចិត្តឡើយ ឯអ្នកសំពៅថា អើសឹមអញប្រាប់ឱ្យបានទេ ថាហើយក៏ចេញសំពៅមកស្រុកវិញ។
ឯ ធនញ្ជ័យក៏ដើរទៅដល់ផ្ទះនាម៉ឺនធ ចូលទៅស៊ីឈ្នួលឱ្យគេប្រើធ្វើការ ដើរតាមនាម៉ឺននោះទៅគាល់ស្ដេចនោះ ឯនាម៉ឺននោះនឹងបានដឹងថាជាធនញ្ជ័យក៏ទេ ក៏គិតតែខ្មែរតែផ្ដាស់មិនបានសួរដណ្ដឹងឡើយ ឯធនញ្ជ័យគិតថា បើអញបានប្រាក់ឈ្នួលច្រើន អញនឹងគិតទិញអង្ករហើយគិតធ្វើនំរោយនិងប៉ែនឱ្យមានសរសៃអង្ករ ឡើងវែងៗ ហើយនឹងលក់ទិញស៊ីមិនឱ្យក្រពិបាកឡើយ គិតហើយធ្វើនំដូចចិត្តគិតនោះឯង ហើយលក់ឱ្យចិនទិញស៊ី កាលនោះស្រុកចិនមិនទាន់ធ្វើនំនោះទេ ដល់ឃើញធនញ្ជ័យធ្វើដូច្នោះហើយ ក៏បបួលគ្នាមកទិញនំស៊ី ហើយនិយាយថាអ្នកនេះធ្វើនំល្អណាស់ ឭទៅដល់ស្ដេចក្រុងចិនៗឱ្យហៅធនញ្ជ័យ ទៅដល់ហើយមានព្រះបន្ទូលថា ឯងធ្វើនំវែងៗមែនឬ ធនញ្ជ័យក្រាបទូលថាមែន ស្ដេចមានព្រះបន្ទូលថា អាយកមកឱ្យអញមើលផង ទើបធនញ្ជ័យវិលមកយកនំនោះទៅថ្វាយ ទើបស្ដេចដណ្ដឹងថា នំនេះឈ្មោះនំអី ធនញ្ជ័យក្រាបទូលថា នេះហៅថានំបញ្ចុក បើនឹងស៊ីឱ្យងើយ ហើយហារមាត់លើកដៃឱ្យខ្ពស់ទើបបានស៊ីជាពិសា ឯនំនេះបានជាធនញ្ជ័យថាដូច្នេះ ត្បិតចង់ឃើញស្ដេចក្រុងចិន ត្បិតឭតែព្រះបន្ទូល ឯព្រះភក្ត្រពុំដែលឃើញ ហើយចង់នឹងវិលមកស្រុកវិញ ឯស្ដេចក្រុងចិនឭដូច្នេះហើយក៏យកនំនោះមកថ្វាយហើយងើយដូចពាក្យ ធនញ្ជ័យថាដូច្នោះឯងឯធនញ្ជ័យកាលបើស្ដេចសោយនំងើយឡើងហើយក៏មើលទៅ ឃើញមុខស្ដេចក្រុងចិនហើយថាមើលមុខស្ដេចក្រុងចិនឃើញខ្មៅអែមើលមុខ ស្ដេចស្រុកខ្មែរដូចខែពេញបូណ៌មីឯព្រះមហាក្សត្រក្រុងចិនឭធនញ្ជ័យដៀល ដូច្នោះហើយក៏ទ្រង់នូវព្រះក្រោធខ្លាំងណាស់ហើយត្រាស់ថាឱ្យអស់នាម៉ឺន ចាប់យកទៅដាក់គុកសំរិទ្ធឱ្យដល់ស្លាប់កុំលែងវា។
គុក នោះឯងត្រជាក់ណាស់ បើមនុស្សណាតែទៅដល់ហើយ ក៏ស្លាប់មិនរស់ឡើយ កាលថ្ងៃដែលយកធនញ្ជ័យទៅដាក់គុកនោះ មានចិន១នោះខុស គេយកទៅដាក់គុកជាមួយនឹងធនញ្ជ័យ បានជាពីរនាក់នឹងចិននោះ ឯគុកនោះតែដាក់ហើយមិនបាច់ដាក់ច្រវាក់ដាក់ឃ្នាង តែទៅដល់ហើយដោះចេញអស់ ទើបបញ្ចូលទៅក្នុងគុកនោះឯងហើយទើបរាំងទ្វារទៅទប់ឱ្យស្លាប់ ឯធនញ្ជ័យដឹងជាងារត្រជាក់ណាស់ ហើយបបួលចិនទៅប្រដាល់ចម្បាប់ឱ្យក្ដៅបែកញើសស្រួលខ្លួន ហើយវិលមកឈប់វិញ បើកាលណាវាត្រជាក់ណាស់ក៏បបួលគ្នាទៅដាល់ៗតែសព្វថ្ងៃឥតមានរងារសោះឡើយ លុះបានពីរថ្ងៃបីថ្ងៃ អស់នាម៉ឺនឱ្យទៅមើលឃើញនៅរស់ហើយវិលមកប្រាប់ថា អស់ទាំងអស់ទោសចិននិងខ្មែរនោះ មិនស្លាប់ទេ បើដូច្នោះនឹងទៅធ្វើដូចម្ដេច ទើបអស់នាម៉ឺនថា បើវាមិនស្លាប់ក៏ហីទៅចុះ ឯធនញ្ជ័យហើយនិងចិនគិតថា យើងនឹងគិតធ្វើខ្លែងបង្ហើរ ធ្វើអែកឱ្យឭតែយប់ ថ្ងៃដាក់ចេញ គិតឃើញធ្វើខ្លែងបានហើយ បង្ហើរសព្វយប់ បានឭទៅដល់ស្ដេចៗឮសូរសម្លេចអែកនោះ វាប្លែកនឹងសម្លេងសត្វយំ ស្ដេចមិនដែលឭដូច្នោះ ហើយស្ដេចឆ្ងល់ក្នុងព្រះហឫទ័យថា ថ្ងៃមិនដែលឭមាត់យំ តែយប់អន្តឺតៗ តែសព្វយប់ ហើយស្ដេចហៅនាម៉ឺនមកគិតថា មាននរណានឹងដឹងថាសត្វអ្វីវាយំនោះ ហើយស្ដេចឱ្យហៅហោរមកគន់គូរមើល ឯហោរគន់គូរមើលទៅឃើញក្រាបទូលថា បានជាសត្វនេះវាយំដូច្នេះ ត្បិតកើតហេតុក្នុងនគរ បើហេតុឧត្បាតនេះពុំឃើញ សត្វនោះវានឹងស៊ីអស់ទាំងរាស្ត្រក្នុងនគរមិនខានឡើយ ស្ដេចស្ដាប់ហើយក៏មានព្រះបន្ទូលថា បើដូច្នោះ តើឧត្បាតពីព្រោះអ្វី ហោរគន់គូរមើលឱ្យបានដឹងក៏នឹងធ្វើឱ្យជា កុំឱ្យសត្វនោះវាស៊ីមនុស្សរាស្ត្រប្រជាផងទាំងឡាយទើបហោរក្រាបទូល ថា ទូលព្រះបង្គំគិតទៅឃើញថា ត្បិតមានអ្នកប្រាជ្ញមួយគេនាំមកស្រុកខ្មែរមកប្រោសចោលស្រុកយើង ឥឡូវនេះទ្រង់ឱ្យដាក់គុកនោះឯង បានជាកើតហេតុដូច្នោះឥឡូវនេះមានតែគិតឱ្យស្រុកខ្មែរវិញទើបជា ឯព្រះមហាក្សត្រស្ដេចក្រុងចិនឭហោរទាយដូច្នេះហើយ ស្ដេចភ្ញាក់ព្រះអង្គថា អញមិនដឹងជាអ្នកប្រាជ្ញស្រុកខ្មែរទេ មនុស្សស្រុកខ្មែរមិនដែលមកនៅរកស៊ីផ្ដេសផ្ដាសទេ បើដូច្នោះឱ្យទៅយកមកនឹងអង្វរសុំទោសកុំឱ្យខឹងនឹងអញឡើយ ឯអាមាត្យក៏រត់ទៅរកធនញ្ជ័យដែលនៅក្នុងគុកនោះឯងនាំមកថ្វាយស្ដេច ឯព្រះមហាក្សត្រស្ដេចទតទៅឃើញធនញ្ជ័យមកដល់ហើយ ស្ដេចមានព្រះបន្ទូលថា អញមិនដឹងថាខ្លួនឯងជាអ្នកប្រាជ្ញខ្មែរទេ ឥឡូវនេះឯងកុំខឹងនឹងអញឡើយ អញនឹងយកមនុស្សចិនទាំងស្រីទាំងប្រុសបាន១០០ អញសែនឯង ហើយឱ្យជូនឯងទៅស្រុកវិញ ឯធនញ្ជ័យក្រាបថ្វាយបង្គំទូលថា ខ្ញុំមិននឹងម្ចាស់ទេ សត្វដែលវាថានឹងស៊ីរាស្ត្រនោះ ខ្ញុំម្ចាស់ឱ្យវាទៅហៅហើយ ឯស្ដេចស្រុកចិនដណ្ដឹងថា ឈ្មោះសត្វអ្វីដែលវាយឭកន្តឺតៗនោះ ទើបធនញ្ជ័យក្រាបទូលថា សត្វនោះឈ្មោះសត្វខ្លែង ទើបស្ដេចទូលថារូបវាដូចម្ដេចក៏វាយំឭខ្លាំងម្លេះ ទើបធនញ្ជ័យក្រាបទូលថា ទូលព្រះបង្គំនឹងធ្វើរូបខ្លែងព្នងមកថ្វាយ ហើយធនញ្ជ័យទៅយកខ្លែងដែលបង្ហោះនោះមកថ្វាយ សត្វនេះវាយំនឹងស្នែង វាមិនបានយំនឹងមាត់វាដូចអស់ទាំងសត្វឯទៀតទេ ឯមហាក្សត្រស្ដាប់ធនញ្ជ័យក្រាបទូលដូច្នោះហើយក៏មានព្រះបន្ទូលថ ប្លែកមិនដែលឃើញដូច្នេះ ទើបតែឥឡូវនេះ បើដូច្នេះយើងធ្វើបង្ហើរឱ្យវាយំមើលលែង ហើយឱ្យយកសំពៅមួយធំចំណុះមនុស្ស២០០នាក់ ហើយនឹងជូនធនញ្ជ័យទៅស្រុកខ្មែរវិញ ហើយឱ្យយកមនុស្សចិនបាន១០០នាក់ដាក់ក្នុងសំពៅហើយ ហើយនឹងស្បៀងដាក់ឱ្យជូនជាសំណែនធនញ្ជ័យ ជូនមកស្រុក លុះដល់ហើយធនញ្ជ័យឡើងទៅសួរម្ដាយឪពុកនូវប្រពន្ធ ហើយបញ្ជូនរបស់ដែលស្ដេចក្រុងចិនព្រះរាជទានសែនជូនមកទាំងអស់នោះ ហើយឡើងមកហើយ ឱ្យសង់ផ្ទះនៅជាសុខសប្បាយ បានជាមានចិននៅស្រុកខ្មែរ គេហៅថាចិនសំណែនធនញ្ជ័យទាល់តែឥឡូវនេះ។
អានតទៅវគ្គទី ៩
Continue Reading...

រឿង ធនញ្ជ័យ៧

វគ្គទី ៧
លុះដល់ទីណាមានគេនៅច្រើននោះ ចូលទៅសួរគេថា ស្រុកនេះមានស្រី ឬទេ? អ្នកស្រុកប្រាប់ថា ស្រីមានដែរ ទើបធនញ្ជ័យថា មិនមែនស្រីទេ នេះគេហៅថាឈ្មោះញី មិនមែនស្រីទេ ធនញ្ជ័យថាហើយដើរទៅរកភូមិគេឯទៀតវិញ ហើយចូលទៅសួរថា ក្នុងស្រុកនេះ តើមានស្រីឬទេ? អស់អ្នកស្រុកប្រាប់ថា ខ្ញុំឆ្ងល់ណាស់ ចុះអស់អ្នកស្រីនេះ តើគេហៅថាជាអ្វីវិញ? ឯធនញ្ជ័យថាទេ នេះគេហៅថាញីទេ ថាហើយក៏ដើរទៅសួររកស្រីឯទៀត លុះទៅដល់ភូមិផ្ទះនាងសួស្ដី ហើយដើរទៅសួររកស្រី ក៏ប្រទះនឹងនាងសួស្ដី មកអង្គុយនៅដីមុខផ្ទះនោះឯង ឯធនញ្ជ័យចូលទៅដល់ហើយក៏ដណ្ដឹងសួរថា អ្នកប្អូននៅទីនេះមានស្រីឬទេ? ឯនាងសួស្ដីស្ដាប់ហើយឆ្លើយថា អ្នកឯងនេះនៅស្រុកណា មានទេប្រុសក្នុងស្រុកអ្នកឯង ឯធនញ្ជ័យស្ដាប់ហើយក៏គិតថា ហើយគេហៅថាស្រីសួស្ដី ទើបធនញ្ជ័យប្រាប់ថា ឯស្រុកខ្ញុំមានប្រុសដែរ តើនាងដឹងឬទេ? ឈ្មោះប្រុសនោះឯង នាងសួស្ដីថា ខ្ញុំដឹងបានជាគេហៅប្រុសនោះ ត្បិតគេឈ្មោះជ័យនោះឯង ជ័យនោះច្រើនជាធំជាងអស់ឈ្មោះផង ជ័យឈ្នះអស់ក្នុងផែនដីនេះ ឯងបានជាហៅប្រុសៗ ត្បិតឈ្មោះជ័យនោះឯង ទើបនាងសួស្ដីថា អ្នកឯងស្គាល់ទេស្រីនោះ ទើបធនញ្ជ័យថា ខ្ញុំស្គាល់បានជាគេហៅស្រីៗនោះ ត្បិតតែឈ្មោះសួស្ដីនោះឯង ជាសួស្ដីមង្គលជាធំក្នុងផែនដីនេះ នឹងយកឈ្នេះណាឱ្យដូចគ្មានបានជាគេហៅស្រីៗនោះ ត្បិតតែឈ្មោះសួស្ដី ទើបធនញ្ជ័យសួរថា នាងមានខ្លាច ឬគ្មានខ្លាចទេ នាងសួស្ដីឆ្លើយថា ខ្ញុំគ្មានខ្លាចទេ ថាអ្នកឯងតើមានក្រែង ឬមិនក្រែងទេ ធនញ្ជ័យឆ្លើយថា ខ្ញុំគ្មានក្រែងអ្វីទេ នាងសួស្ដីឆ្លើយថា ខ្ញុំដឹងហើយ គឺអ្នកដណ្ដឹងថា មានប្ដី ឬនៅឡើយ បើមានប្ដីហើយខ្លាចប្ដីជេរ បើគ្មានប្ដីទេនោះថាមិនខ្លាចទេ ទើបនាងសួស្ដីដណ្ដឹងថា ក្រែង ឬមិនក្រែងនោះ អ្នកថាដូចម្ដេច ទើបធនញ្ជ័យប្រាប់ថា ខ្ញុំដឹង នាងឯងសួរខ្ញុំថា មានប្រពន្ធហើយ ឬនៅទេ បើមានប្រពន្ធហើយក្រែងចិត្តប្រពន្ធនោះ បើគ្មានប្រពន្ធទេ ថាមិនក្រែងចិត្តនរណាទេ ឯធនញ្ជ័យបានដឹងថានាងសួស្ដីគ្មានប្ដីដូច្នេះហើយ ក៏ដាក់សម្ពាយអំពីស្មា ហើយស្រាយសម្ពាយហូលចេញឱ្យម្ដាយឪពុកនាងសួស្ដីឃើញ។
ឯម្ដាយឪពុកនាងសួស្ដីឃើញហូលព្រែធនញ្ជ័យ ក៏ដើរមកមើលហើយសួរថា អ្នកកូននឹងយកទៅណា ឯធនញ្ជ័យសំពះជម្រាបសួរថា ខ្ញុំយកមករកប្រពន្ធទេ បើលោកម្ដាយលោកឪពុកមេត្តាខ្ញុំ ខ្ញុំនឹងនៅបម្រើជាកូនក្នុងផ្ទះ ដងទឹក កាប់អុស បុកស្រូវ ខ្ញុំចេះតែព្រមមិនខ្ចិលច្រអូសឡើយ ឯម្ដាយឪពុកនាងសួស្ដី និងខ្លួននាងសួស្ដីក៏ឡើងទៅលើផ្ទះហើយប្ដី និងប្រពន្ធនិយាយគ្នាថា ចៅកម្លោះនេះចង់បានកូនយើងហើយគិតតែពីរនាក់ថា បើដោយស្មានមើលទៅឃើញថា ជាកូនគេអ្នកបានណាស់ មានទាំងហូលព្រែនោះច្រើន យើងល្មមឱ្យកូនយើងហើយ ឯធនញ្ជ័យកាលបើម្ដាយឪពុកក្មេកឡើងទៅលើផ្ទះហើយ ក៏វេចបង្វិចដើរទៅទីអាថ៌កំបាំង ហើយយកក្រដាសមកសរសេរកត់ជាចំណាំឈ្មោះនាម៉ឺនធំតូចដែលជម្ពាក់ ប្រាក់ ខ្លះជម្ពាក់១០០តម្លឹង ខ្លះជម្ពាក់៤០០តម្លឹង ខ្លះជម្ពាក់៥០០តម្លឹង បានច្រើនហើយចង១បាច់ ដាក់ក្នុងសម្ពាយឡើងទៅលើផ្ទះ សំពះម្ដាយឪពុកក្មេក ហើយអង្គុយស្ងៀមចាំស្ដាប់។ ម្ដាយឪពុកនាងសួស្ដីក៏ដណ្ដឹងសួរថា អញនឹងចង់សួរចិត្តជ័យឯងៗចង់បានកូនអញមែន ឬទេ? ទើបធនញ្ជ័យសំពះហើយជម្រាបថា ក្នុងចិត្តខ្ញុំបាទចង់បាន ក្រែងតែលោកមិនឱ្យទានខ្ញុំបាទ បើលោកមេត្តាជាកូនជាចៅ នោះអរគុណណាស់ នឹងនៅបម្រើអស់ចិត្ត ឯម្ដាយឪពុកនាងសួស្ដី ថាយើងឱ្យហើយ ចូរឯងទៅរកទិញមាន់ ទា ជ្រូក អណ្ដើក កុំខាន បើមិនបានអណ្ដើកនោះ មេបាយើងមិនទទួលទេ។
ឯធនញ្ជ័យបានឭពាក្យម្ដាយឪពុកក្មេកបង្គាប់ដូច្នោះហើយ ក៏ដើរទៅរកអស់អ្នកស្រុកភូមិទាំងនោះ រើសរកតែអ្នកមានប្ដីប្រពន្ធ អំពីកម្លោះ ក្រមុំ ទើបយក ហើយឱ្យឈ្មោះថាមេអណ្ដើក ទើបរកស្រី៤នាក់ទៀត បើបានច្រើនដល់៨ ឬ១៤នាក់ នោះរឹងរឹតតែជាការល្អឱ្យតែមានប្ដីអំពីក្មេង បើទើបមានកូនមួយក៏បានដែរឱ្យឈ្មោះថាកូនអណ្ដើកទើបរកប្រុសម្នាក់ ដែលមានយសសក្ដិ មានប្រាជ្ញាឱ្យឈ្មោះជាអ្នកមហាអស់អ្នកប្រុសស្រីទាំងនោះយកមកដណ្ដឹង កូនគេ ហើយធនញ្ជ័យឱ្យទិញអស់ទំនិញតាមបង្គាប់ម្ដាយឪពុកនាងសួស្ដី លុះទិញបានសព្វគ្រប់ហើយឱ្យអ្នកមហានាំទៅជូនម្ដាយឪពុកខាងស្រីខ្លះ ទុកខ្លះរៀបស្លដណ្ដាំធ្វើនំគ្រប់មុខឱ្យហៅភ្ញៀវមកផឹកសង្កត់រោង រួចហើយ ព្រឹកឡើងបានជ័យល្អហើយ អ្នកមហា និងមេអណ្ដើកក៏រៀបអស់បណ្ណាការនូវចិញ្ចៀន ត្រសាល់ទៅបំពាក់កូនស្រីនោះ ហើយឱ្យខាងស្រីនោះរៀបរោងចាំទទួលអស់លោកអ្នកមហានូវបណ្ណាការនេះ។ ឯអ្នកមហា មេអណ្ដើក និងអស់ក្មេងដែលកាន់គ្រឿងបណ្ណាការដើរទៅដល់ហើយ អ្នកមេបាមកទទួលអ្នកមហាឡើងទៅលើរោង ទើបអ្នកមហាឱ្យយកស្រាពីរដបតម្កល់នឹងជើងពាន ហើយទើបយកថង់មក យកក្មេងឱ្យកាន់រោងថង់ហិប ហើយអ្នកមហាជម្រាបថា យើងមកជម្រាបអស់លោកមេបាចាស់ទុំសូមជ្រាប ត្បិតយើងបានចិញ្ចៀន និងចារុត្រសាល់ មកសូមបំពាក់កូនស្រី ហើយសូមលើកស្លាដក់ស្លាកន្សែង ជម្រាបរួចហើយទើបអស់មេអណ្ដើក ចូលទៅបំពាក់ចិញ្ចៀនកូនស្រីនោះរួចហើយទើបខាងស្រីនោះលើកថាសបាយ និងស្រាមកស៊ីផឹក រួចហើយលាគ្នាទៅផ្ទះទីទៃៗហៅថ្ងៃកំណត់ហោង។
លុះព្រឹកឡើងបានពេលា អ្នកមហា និងមេអណ្ដើក កូនអណ្ដើកនាំកូនប្រសារឈ្មោះធនញ្ជ័យ ទៅសំពះម្ដាយឪពុក ហើយយកកូនស្រីឈ្មោះនាងសួស្ដីមកផ្ទឹមនឹងធនញ្ជ័យ ហើយរាងបើកបាយខុនចងដៃរួចហើយ ដល់យប់ផ្សំដំណេក អ្នកជ័យ និងនាងសួស្ដីជាប្ដីប្រពន្ធ រួចការវល់ពីថ្ងៃនេះទៅហើយទើបធនញ្ជ័យនិយាយនឹងឪពុកក្មេក និងប្រពន្ធថា នឹងទៅទារប្រាក់ដែលអស់នាម៉ឺនជម្ពាក់។
អានតទៅវគ្គទី ៨
Continue Reading...

រឿង ធនញ្ជ័យ៦

វគ្គទី ៦
លុះដល់ទីណាមានគេនៅច្រើននោះ ចូលទៅសួរគេថា ស្រុកនេះមានស្រី ឬទេ? អ្នកស្រុកប្រាប់ថា ស្រីមានដែរ ទើបធនញ្ជ័យថា មិនមែនស្រីទេ នេះគេហៅថាឈ្មោះញី មិនមែនស្រីទេ ធនញ្ជ័យថាហើយដើរទៅរកភូមិគេឯទៀតវិញ ហើយចូលទៅសួរថា ក្នុងស្រុកនេះ តើមានស្រីឬទេ? អស់អ្នកស្រុកប្រាប់ថា ខ្ញុំឆ្ងល់ណាស់ ចុះអស់អ្នកស្រីនេះ តើគេហៅថាជាអ្វីវិញ? ឯធនញ្ជ័យថាទេ នេះគេហៅថាញីទេ ថាហើយក៏ដើរទៅសួររកស្រីឯទៀត លុះទៅដល់ភូមិផ្ទះនាងសួស្ដី ហើយដើរទៅសួររកស្រី ក៏ប្រទះនឹងនាងសួស្ដី មកអង្គុយនៅដីមុខផ្ទះនោះឯង ឯធនញ្ជ័យចូលទៅដល់ហើយក៏ដណ្ដឹងសួរថា អ្នកប្អូននៅទីនេះមានស្រីឬទេ? ឯនាងសួស្ដីស្ដាប់ហើយឆ្លើយថា អ្នកឯងនេះនៅស្រុកណា មានទេប្រុសក្នុងស្រុកអ្នកឯង ឯធនញ្ជ័យស្ដាប់ហើយក៏គិតថា ហើយគេហៅថាស្រីសួស្ដី ទើបធនញ្ជ័យប្រាប់ថា ឯស្រុកខ្ញុំមានប្រុសដែរ តើនាងដឹងឬទេ? ឈ្មោះប្រុសនោះឯង នាងសួស្ដីថា ខ្ញុំដឹងបានជាគេហៅប្រុសនោះ ត្បិតគេឈ្មោះជ័យនោះឯង ជ័យនោះច្រើនជាធំជាងអស់ឈ្មោះផង ជ័យឈ្នះអស់ក្នុងផែនដីនេះ ឯងបានជាហៅប្រុសៗ ត្បិតឈ្មោះជ័យនោះឯង ទើបនាងសួស្ដីថា អ្នកឯងស្គាល់ទេស្រីនោះ ទើបធនញ្ជ័យថា ខ្ញុំស្គាល់បានជាគេហៅស្រីៗនោះ ត្បិតតែឈ្មោះសួស្ដីនោះឯង ជាសួស្ដីមង្គលជាធំក្នុងផែនដីនេះ នឹងយកឈ្នេះណាឱ្យដូចគ្មានបានជាគេហៅស្រីៗនោះ ត្បិតតែឈ្មោះសួស្ដី ទើបធនញ្ជ័យសួរថា នាងមានខ្លាច ឬគ្មានខ្លាចទេ នាងសួស្ដីឆ្លើយថា ខ្ញុំគ្មានខ្លាចទេ ថាអ្នកឯងតើមានក្រែង ឬមិនក្រែងទេ ធនញ្ជ័យឆ្លើយថា ខ្ញុំគ្មានក្រែងអ្វីទេ នាងសួស្ដីឆ្លើយថា ខ្ញុំដឹងហើយ គឺអ្នកដណ្ដឹងថា មានប្ដី ឬនៅឡើយ បើមានប្ដីហើយខ្លាចប្ដីជេរ បើគ្មានប្ដីទេនោះថាមិនខ្លាចទេ ទើបនាងសួស្ដីដណ្ដឹងថា ក្រែង ឬមិនក្រែងនោះ អ្នកថាដូចម្ដេច ទើបធនញ្ជ័យប្រាប់ថា ខ្ញុំដឹង នាងឯងសួរខ្ញុំថា មានប្រពន្ធហើយ ឬនៅទេ បើមានប្រពន្ធហើយក្រែងចិត្តប្រពន្ធនោះ បើគ្មានប្រពន្ធទេ ថាមិនក្រែងចិត្តនរណាទេ ឯធនញ្ជ័យបានដឹងថានាងសួស្ដីគ្មានប្ដីដូច្នេះហើយ ក៏ដាក់សម្ពាយអំពីស្មា ហើយស្រាយសម្ពាយហូលចេញឱ្យម្ដាយឪពុកនាងសួស្ដីឃើញ។
ឯម្ដាយឪពុកនាងសួស្ដីឃើញហូលព្រែធនញ្ជ័យ ក៏ដើរមកមើលហើយសួរថា អ្នកកូននឹងយកទៅណា ឯធនញ្ជ័យសំពះជម្រាបសួរថា ខ្ញុំយកមករកប្រពន្ធទេ បើលោកម្ដាយលោកឪពុកមេត្តាខ្ញុំ ខ្ញុំនឹងនៅបម្រើជាកូនក្នុងផ្ទះ ដងទឹក កាប់អុស បុកស្រូវ ខ្ញុំចេះតែព្រមមិនខ្ចិលច្រអូសឡើយ ឯម្ដាយឪពុកនាងសួស្ដី និងខ្លួននាងសួស្ដីក៏ឡើងទៅលើផ្ទះហើយប្ដី និងប្រពន្ធនិយាយគ្នាថា ចៅកម្លោះនេះចង់បានកូនយើងហើយគិតតែពីរនាក់ថា បើដោយស្មានមើលទៅឃើញថា ជាកូនគេអ្នកបានណាស់ មានទាំងហូលព្រែនោះច្រើន យើងល្មមឱ្យកូនយើងហើយ ឯធនញ្ជ័យកាលបើម្ដាយឪពុកក្មេកឡើងទៅលើផ្ទះហើយ ក៏វេចបង្វិចដើរទៅទីអាថ៌កំបាំង ហើយយកក្រដាសមកសរសេរកត់ជាចំណាំឈ្មោះនាម៉ឺនធំតូចដែលជម្ពាក់ ប្រាក់ ខ្លះជម្ពាក់១០០តម្លឹង ខ្លះជម្ពាក់៤០០តម្លឹង ខ្លះជម្ពាក់៥០០តម្លឹង បានច្រើនហើយចង១បាច់ ដាក់ក្នុងសម្ពាយឡើងទៅលើផ្ទះ សំពះម្ដាយឪពុកក្មេក ហើយអង្គុយស្ងៀមចាំស្ដាប់។ ម្ដាយឪពុកនាងសួស្ដីក៏ដណ្ដឹងសួរថា អញនឹងចង់សួរចិត្តជ័យឯងៗចង់បានកូនអញមែន ឬទេ? ទើបធនញ្ជ័យសំពះហើយជម្រាបថា ក្នុងចិត្តខ្ញុំបាទចង់បាន ក្រែងតែលោកមិនឱ្យទានខ្ញុំបាទ បើលោកមេត្តាជាកូនជាចៅ នោះអរគុណណាស់ នឹងនៅបម្រើអស់ចិត្ត ឯម្ដាយឪពុកនាងសួស្ដី ថាយើងឱ្យហើយ ចូរឯងទៅរកទិញមាន់ ទា ជ្រូក អណ្ដើក កុំខាន បើមិនបានអណ្ដើកនោះ មេបាយើងមិនទទួលទេ។
ឯធនញ្ជ័យបានឭពាក្យម្ដាយឪពុកក្មេកបង្គាប់ដូច្នោះហើយ ក៏ដើរទៅរកអស់អ្នកស្រុកភូមិទាំងនោះ រើសរកតែអ្នកមានប្ដីប្រពន្ធ អំពីកម្លោះ ក្រមុំ ទើបយក ហើយឱ្យឈ្មោះថាមេអណ្ដើក ទើបរកស្រី៤នាក់ទៀត បើបានច្រើនដល់៨ ឬ១៤នាក់ នោះរឹងរឹតតែជាការល្អឱ្យតែមានប្ដីអំពីក្មេង បើទើបមានកូនមួយក៏បានដែរឱ្យឈ្មោះថាកូនអណ្ដើកទើបរកប្រុសម្នាក់ ដែលមានយសសក្ដិ មានប្រាជ្ញាឱ្យឈ្មោះជាអ្នកមហាអស់អ្នកប្រុសស្រីទាំងនោះយកមកដណ្ដឹង កូនគេ ហើយធនញ្ជ័យឱ្យទិញអស់ទំនិញតាមបង្គាប់ម្ដាយឪពុកនាងសួស្ដី លុះទិញបានសព្វគ្រប់ហើយឱ្យអ្នកមហានាំទៅជូនម្ដាយឪពុកខាងស្រីខ្លះ ទុកខ្លះរៀបស្លដណ្ដាំធ្វើនំគ្រប់មុខឱ្យហៅភ្ញៀវមកផឹកសង្កត់រោង រួចហើយ ព្រឹកឡើងបានជ័យល្អហើយ អ្នកមហា និងមេអណ្ដើកក៏រៀបអស់បណ្ណាការនូវចិញ្ចៀន ត្រសាល់ទៅបំពាក់កូនស្រីនោះ ហើយឱ្យខាងស្រីនោះរៀបរោងចាំទទួលអស់លោកអ្នកមហានូវបណ្ណាការនេះ។ ឯអ្នកមហា មេអណ្ដើក និងអស់ក្មេងដែលកាន់គ្រឿងបណ្ណាការដើរទៅដល់ហើយ អ្នកមេបាមកទទួលអ្នកមហាឡើងទៅលើរោង ទើបអ្នកមហាឱ្យយកស្រាពីរដបតម្កល់នឹងជើងពាន ហើយទើបយកថង់មក យកក្មេងឱ្យកាន់រោងថង់ហិប ហើយអ្នកមហាជម្រាបថា យើងមកជម្រាបអស់លោកមេបាចាស់ទុំសូមជ្រាប ត្បិតយើងបានចិញ្ចៀន និងចារុត្រសាល់ មកសូមបំពាក់កូនស្រី ហើយសូមលើកស្លាដក់ស្លាកន្សែង ជម្រាបរួចហើយទើបអស់មេអណ្ដើក ចូលទៅបំពាក់ចិញ្ចៀនកូនស្រីនោះរួចហើយទើបខាងស្រីនោះលើកថាសបាយ និងស្រាមកស៊ីផឹក រួចហើយលាគ្នាទៅផ្ទះទីទៃៗហៅថ្ងៃកំណត់ហោង។
លុះព្រឹកឡើងបានពេលា អ្នកមហា និងមេអណ្ដើក កូនអណ្ដើកនាំកូនប្រសារឈ្មោះធនញ្ជ័យ ទៅសំពះម្ដាយឪពុក ហើយយកកូនស្រីឈ្មោះនាងសួស្ដីមកផ្ទឹមនឹងធនញ្ជ័យ ហើយរាងបើកបាយខុនចងដៃរួចហើយ ដល់យប់ផ្សំដំណេក អ្នកជ័យ និងនាងសួស្ដីជាប្ដីប្រពន្ធ រួចការវល់ពីថ្ងៃនេះទៅហើយទើបធនញ្ជ័យនិយាយនឹងឪពុកក្មេក និងប្រពន្ធថា នឹងទៅទារប្រាក់ដែលអស់នាម៉ឺនជម្ពាក់។
អានតទៅវគ្គទី ៧
Continue Reading...

រឿង​ធនញ្ជ័យ៥

វគ្គទី ៥
លុះដល់មានសារមកពីស្រុកចិនឱ្យចោទប្រស្នានោះ ស្ដេចគិតថាកាលអំពីមុន អញឃើញលោកសង្ឃមកយកបាត្រប្រហែលអាជ័យក្រែងវាមិនស្លាប់ទេ ហើយវាទៅបួស បើដូច្នោះអញឱ្យអាមាត្យដើររកដោយវត្តលោកសង្ឃបួសមែនហើយស្ដេចបង្គាប់ ឱ្យអាមាត្យ៤នាក់ ថាអាឯងទៅរកអាជ័យក្រែងវារត់ទៅបួស ឯអាមាត្យស្ដាប់ហើយក៏ថ្វាយបង្គំលាដើរទៅរកធនញ្ជ័យនៅវត្តលោកសង្ឃទៅ ឃើញនៅវត្តបួសជាសង្ឃហើយអាមាត្យទូលព្រះពុទ្ធដីកាថា ត្បិតមានព្រះបន្ទូលពិសេសឱ្យនិមន្តលោកទៅ លោកតាស្ដាប់ហើយក៏និមន្ដទៅតាមអាមាត្យ លុះទៅដល់ហើយក៏គង់ស្ងៀម ឯព្រះមហាក្សត្រទតឃើញធនញ្ជ័យហើយក៏ត្រកអរណាស់ហើយសួរថា លោកតាជ័យអន់ចិត្តនឹងព្រះករុណា ឬដូចម្ដេច? ឯលោកតាជ័យថ្វាយព្រះពរថាទេ ទើបមានព្រះបន្ទូលថា ត្បិតមានអាចារ្យពីស្រុកចិន គេឱ្យមកចោទប្រស្នាយកនគរ បើដូច្នោះ តើជាលោកដោះរួចឬទេ? ឯលោកតាជ័យថា ដោះថ្វាយកុំព្រួយព្រះហឫទ័យ ស្ដេចស្ដាបហើយក៏ត្រេកអរក្នុងព្រះហឫទ័យ ទ្រង់មានព្រះបន្ទូលនឹងលោកតាជ័យថា បើដូច្នោះ មានតែសឹកចេញទើបជា ទើបលោកតាជ័យថ្វាយព្រះពរថា អាត្មាភាពសឹកថ្ងៃនេះឯងកុំព្រួយព្រះហឫទ័យឡើយ ហើយស្ដេចឱ្យសំពត់អាវក្រមាក្រវាត់។ លោកតាជ័យទទួលយកសំពត់អំពីព្រះមហាក្សត្រ ហើយលាវិលទៅសឹកចេញ ស្លៀកសំពត់អាវក្រវាត់ក្រមា ហើយក៏ចូលទៅថ្វាយគាល់ ស្ដេចទតឃើញហើយស្ដេចមានព្រះបន្ទូលថា បណ្ឌិតជ័យគេមកហើយ មើលទៅល្អសមជាបណ្ឌិតអ្នកប្រាជ្ញបានជា បើអ្នកឯណាបួសហើយសឹកវិញគេហៅថា បណ្ឌិតៗដូច្នោះឯង រួចហើយស្ដេចដណ្ដឹងថា ឥឡូវនេះនឹងឱ្យអាចារ្យចិន គេឡើងមកចោទប្រស្នាថ្ងៃណា ទើបបណ្ឌិតជ័យក្រាបទូលថា ក្នុងបីថ្ងៃទៀតឱ្យឡើងមកនឹងចោទប្រស្នាគ្នា ហើយបណ្ឌិតជ័យឱ្យគេរកគម្ពីរឱ្យច្រើន ហើយឱ្យរកមហាតលិកបានបួននាក់ ឱ្យយកខ្មៅដុសឱ្យបានច្រើនដាក់នឹងថាសនោះ បួន ហើយឱ្យយកក្ដាធំរលីងបួនជ្រុងមកឱ្យ ហើយឱ្យចាប់ក្ដាមឱ្យបាន៤ក្អម ហើយឱ្យយកក្រដាស់សពុម្ពធំឱ្យច្រើនមកឱ្យ ទូលព្រះបង្គំនឹងធ្វើប្រស្នាថ្វាយ កុំព្រួយព្រះរាជហឫទ័យ ឯព្រះមហាក្សត្រស្ដាប់ហើយ ឱ្យរកតាមពាក្យធនញ្ជ័យបង្គាប់ បានមកហើយឱ្យយកទៅប្រគល់ឱ្យធនញ្ជ័យ រួចហើយឱ្យបម្រើទៅប្រាប់អាចារ្យស្រុកចិនដែលមកចតសំពៅនៅកំពង់ នៅមុខព្រះលាន មានព្រះបន្ទូលឱ្យប្រាប់មកថា បីថ្ងៃទៀតឡើងទៅចោទប្រស្នានឹងអ្នកប្រាជ្ញស្រុកខ្មែរយើងចុះកុំខាន ឡើយ ឯអាចារ្យស្រុកចិនស្ដាប់ហើយទទួលតាម លុះដល់ថ្ងៃត្រូវសន្មត់ហើយអាចារ្យចិនឡើងចោទប្រស្នា ឯធនញ្ជ័យក៏ដើរចុះទៅទទួលពាក់កណ្ដាលផ្លូវ មុខព្រះលានស្ដេចនោះឯង អាចារ្យស្រុកចិនមើលទៅឃើញធនញ្ជ័យដើរមកអំពីចម្ងាយហើយធ្វើប្រស្នា ចង្អុលទៅមើល ឯធនញ្ជ័យចង្អុលទៅឯព្រះអាទិត្យអ្នកប្រាជ្ញចិនចង្អុលទៅក្រៅដីលា បាតដៃហើយលើកម្រាមដៃបញ្ឈរឡើងទៅលើ អ្នកប្រាជ្ញចង្អុលចុះទៅក្រោម ធនញ្ជ័យចង្អុលមកខ្លួនឯង។
ឯអ្នកប្រាជ្ញស្រុកចិនសួរថា កាលយើងចង្អុលទៅលើមេឃ ហើយអ្នកឯងចង្អុលទៅព្រះអាទិត្យនោះ តើអ្នកឯងដឹងដូចម្ដេច ទើបធនញ្ជ័យថា អញដឹងថា អ្នកឯងចង្អុលទៅលើមេឃនោះ គឺអ្នកឯងសួរថាមានសត្វអ្វី ឯអញចង្អុលទៅព្រះអាទិត្យនោះ តើអ្នកឯងដឹង ឬទេ? អ្នកប្រាជ្ញចិនថា អញដឹងអ្នកឯងថាមេឃនោះមានតែព្រះអាទិត្យព្រះច័ន្ទនោះឯងនៅលើមេឃ ទើបអ្នកប្រាជ្ញស្រុកចិនថា ដែលអញចង្អុលទៅក្រៅដីនោះ តើអ្នកឯងថាដូចម្ដេច? ទើបធនញ្ជ័យឆ្លើយថា អញដឹងហើយ ឯងចង្អុលទៅខាងក្រៅនោះថា សត្វអ្វី ទើបធនញ្ជ័យថា អញធ្វើម្រាមដៃឡើងទៅលើជុំវិញនោះ តើអ្នកឯងថាសត្វអ្វី ទើបអាចារ្យចិនថា អញដឹង បានជាឯងធ្វើដូច្នេះ ថាក្រៅផែនដីមានទឹកសមុទ្រ ក្រៅសមុទ្រនោះ មានភ្នំចក្រវាលក្រៅនោះឯង ទើបអាចារ្យចិនថា អញចង្អុលចុះក្រោមនោះ តើអ្នកឯងដឹងឬទេ? ធនញ្ជ័យអញដឹង ឯងចង្អុលចុះក្រោមនោះថា នៅលើដីនេះ តើមានសត្វអ្វី? ធនញ្ជ័យថាអញចង្អុលមកខ្លួនអញនោះ តើឯងដឹងឬទេ? ឯអាចារ្យចិនថាអញដឹង ឯងចង្អុលខ្លួនឯងនោះថា នៅលើដីមានតែមនុស្ស។ សួរឆ្លើយទទួលគ្នា រួចហើយអាចារ្យចិនលាធនញ្ជ័យវិលទៅសំពៅវិញ។
លុះព្រឹកឡើងមកជួបនឹងធនញ្ជ័យ ឯអាមាត្យចិនធ្វើប្រស្នាឱ្យធនញ្ជ័យ ចាប់ធ្វើជារង្វង់ ឯធនញ្ជ័យធ្វើបត់ដុំដៃបង្ហាញទៅ អាមាត្យលាម្រាមដៃទាំង៥ បង្ហាញមកធនញ្ជ័យ ធនញ្ជ័យបង្ហាញម្រាម១ បង្ហាញទៅអាចារ្យចិន អាចារ្យចិនឃើញហើយវិលទៅសំពៅវិញ ឯធនញ្ជ័យក៏វិលទៅផ្ទះវិញ។
លោកគ្រូសង្គ្រាជបានឭធនញ្ជ័យចោទប្រស្នានឹងអាចារ្យចិន ដូច្នោះហើយក៏និមន្ដមកសួរចង់ដឹងដំណើរការនោះ ជួបនឹងធនញ្ជ័យជ័យហើយដណ្ដឹងថា កាលអ្នកចោទប្រស្នានឹងចិនធ្វើដូចម្ដេច ទើបធនញ្ជ័យទូលថា ចិនធ្វើដៃជារង្វង់ ខ្ញុំបង្ហាញដុំដៃ ចិនលាដៃបង្ហាញម្រាមទាំង៥ ខ្ញុំក្ដាប់បង្ហាញម្រាមដៃ។
ទើបលោកគ្រូសង្គ្រាជដណ្ដឹងថា បើដូច្នោះតើដូចម្ដេច តើដូចម្ដេច ទើបធនញ្ជ័យថា ឯចិនធ្វើដៃជារង្វង់ដូច្នោះខ្ញុំថាធ្វើអង្រុតរុតត្រី ទើបខ្ញុំបង្ហាញកែងដៃនោះ ថាបើអង្រុតរុតត្រីដូច្នោះ តើអង្រុតបានត្រីប៉ុន្មាន ឯបង្ហាញម្រាមដៃប្រាំនោះថា បើបានត្រីប៉ុណ្ណោះ ល្មមធ្វើងៀតបាន៥ចម្រៀក ឯបង្ហាញចង្អុលដៃមួយថាស៊ីមួយថ្ងៃមួយចម្រៀក ក្នុងត្រីមួយកន្ទុយ បាន៥ថ្ងៃទើបអស់។ ឯលោកគ្រូសង្គ្រាជបានដឹងហើយក៏វិលទៅកុដិវិញ។
ទើបលោកសម្ដេចចៅហ្វាយទៅសួរធនញ្ជ័យចង់ដឹងអំពីប្រស្នាចិននោះថា ដូចម្ដេចប្រាប់អញផង អញចង់ដឹង ធនញ្ជ័យស្ដាប់ហើយជម្រាបថា ចិនធ្វើដៃជារង្វង់ ខ្ញុំបង្ហាញដុំដៃ ចិនលាដៃបង្ហាញម្រាមទាំង៥ ខ្ញុំក្ដាប់បង្ហាញម្រាមដៃ១ លោកសម្ដេចចៅហ្វាយដណ្ដឹងថា បើដូច្នោះថាដូចម្ដេច ធនញ្ជ័យប្រាប់ថា ចិនឱបដៃជារង្វង់នោះថា នឹងចាប់យកនគរ។ ខ្ញុំបង្ហាញដុំដៃថា អញថងនឹងកែងដៃ ចិនបង្ហាញម្រាម៥ ថាគេមានគ្នាច្រើន ខ្ញុំបង្ហាញចង្អុលដៃមួយនោះថា អញតែម្នាក់ឯង អញវាយឯងមិនខ្លាចទេ លោកចៅហ្វាយឭដូច្នោះហើយក៏វិលទៅវិញ ឯព្រះមហាក្សត្រស្ដេចឱ្យហៅធនញ្ជ័យសួរថា កាលអាចារ្យចិនគេចោទថាដូចម្ដេចខ្លះ ធនញ្ជ័យក្រាបទូលថា កាលអាចារ្យចិនគេមកដល់ធ្វើដៃជាឱបដៃបង្ហាញ ទូលព្រះបង្គំបត់កែងដែបញ្ឈរបង្ហាញទៅវិញ ហើយអាចារ្យចិនបង្ហាញម្រាមដៃទាំង៥ ទូលព្រះបង្គំបង្ហាញម្រាមដៃមួយទៅវិញ ទើបស្ដេចមានព្រះបន្ទូលដណ្ដឹងថា ដូចម្ដេចបើដូច្នោះ ទើបធនញ្ជ័យក្រាបទូលថា ឯចិនឱបដៃបង្ហាញមកសួរថា ក្នុងទ្វីបទាំង៤នេះតើមានអ្វីខ្លះ? ទូលព្រះបង្គំបត់ដុំដៃបង្ហាញនោះប្រាប់ថា មានព្រះសិនេរត្រង់កណ្ដាល ទើបចិនបង្ហាញម្រាមទាំង៥នោះដណ្ដឹងថា មានព្រះពុទ្ធ៥អង្គបានត្រាស់ក្នុងកប្បនេះ ទើបទូលបង្គំបង្ហាញម្រាមដៃមួយ នោះប្រាប់ថា៥អង្គ ប៉ុន្ដែបានត្រាស់៤អង្គទៅហើយ នៅតែមួយអង្គទៀតមិនទាន់បានត្រាស់នៅឡើយ ប្រស្នានេះដូច្នោះឯង សូមទ្រង់ជ្រាប ហើយធនញ្ជ័យថ្វាយបង្គំលាទៅផ្ទះវិញ។
លោកគ្រូសង្គ្រាជនិងសម្ដេចចៅហ្វាយទៅជួបនឹងមហាក្សត្រ ហើយនិយាយតាមដំណើរដែលបានដណ្ដឹងធនញ្ជ័យ កាលចោទប្រស្នានឹងចិនក្រាបទូលស្ដេចៗស្ដាប់ហើយមានព្រះបន្ទូលថា វាប្រាប់លោកគ្រូសង្គ្រាជផ្សេង ប្រាប់ចៅហ្វាយផ្សេង វាប្រាប់អញផ្សេងនឹងឱ្យប្រាកដជាប្រស្នាដូចម្ដេចនោះមិនបានឡើយ ស្ដេចនូវអស់ទាំងនាម៉ឹនខ្លាចប្រាជ្ញាធនញ្ជ័យណាស់។
ឯធនញ្ជ័យក៏វិលទៅផ្ទះ ហើយយកខ្មៅដុសក្ដារ៤ជ្រុង ក្រដាស់ស និងគម្ពីរដែលឱ្យគេរក ហើយនឹងក្ដាមដែលដាក់ក្នុងក្អមទាំង៤នោះមក ហើយក៏យកក្ដាមដាក់ត្រង់កណ្ដាល ហើយយកថាសដាក់ទឹកខ្មៅ ដាក់គ្រប់ជ្រុងទាំង៥ ហើយយកក្រដាសក្រាលលើក្ដារ ហើយយកក្ដាមដាក់ក្នុងថាសទឹកខ្មៅឱ្យវាវារឡើងលើក្រដាស់នោះ ឯទឹកខ្មៅនៅប្រឡាក់នៅជើងក្ដាមវារនោះ ដិតជាប់នឹងក្រដាស់នោះច្រើន ហើយយកទៅហាលថ្ងៃ លុះធ្វើដូច្នោះឯងបានច្រើនហើយ ឱ្យយកគម្ពីរមករុំទុក ហើយយកក្រដាសមកដាក់ឱ្យក្ដាមវាវារលើជាច្រើនទៀត រួចហើយឱ្យយកក្ដារ និងទឹកខ្មៅទៅទុកទើបឱ្យកូនក្មេងមកអង្គុយច្រើន ហើយយកក្រដាសមួយពុម្ពម្នាក់ៗឱ្យក្មេងអស់នោះទន្ទេញថាផ្ដេសផ្ដាសទៅ តាមតែក្មេងណាចង់ថាទៅ ឱ្យឭដូចក្មេងរៀនអក្សរសាស្ដ្រ ឯអ្នកប្រាជ្ញចិននោះ លុះដល់ព្រឹកឡើងហើយ ឡើងពីសំពៅមកផ្ទះធនញ្ជ័យ នឹងចោទប្រស្នា ឯធនញ្ជ័យមើលទៅឃើញអាចារ្យមកដល់ហើយ ក៏ដើរទៅទទួលចាប់ដៃចូលមកអង្គុយលើកៅអីហើយធនញ្ជ័យឱ្យយកទឹកតែមកឱ្យ អាចារ្យផឹក ឯក្មេងៗទាំងនោះក៏រៀនអក្សរឭកងរំពងនឹងស្ដាប់ភាសាគ្នាមិនបាន ឯអាចារ្យចិនឃើញអស់ក្មេងរៀនសំបុត្រហើយឱ្យយកទៅបកមើលមិនស្គាល់ តួអក្សរដល់១សោះ ធនញ្ជ័យសួរថា អាចារ្យស្គាល់អក្សរនេះឬទេ អាចារ្យចិនថាទេ ទើបធនញ្ជ័យថា នេះគេហៅអក្សរមីងឆ្វេង អក្សរព្រាហ្មណ៍ចាម បើមិនស្គាល់ដូច្នេះនឹងឆ្លើយប្រស្នានឹងគ្នាមិនបានទេ អ្នកឯងចាញ់អញនឹងអក្សរនេះហើយ អាចារ្យចិនទទួលព្រម ធនញ្ជ័យថា បើចាញ់ហើយអញយកតែរបស់ក្នុងសំពៅទាំង៤ ឯសំពៅនោះ អញឱ្យវិលត្រឡប់ទៅស្រុកវិញ ឯនគរក៏អញថ្វាយទៅក្រុងចិនវិញដែរតែអំពីថ្ងៃនេះ បើឭឈ្មោះធនញ្ជ័យ អ្នកប្រាជ្ញឱ្យខ្លាចគ្រប់ប្រទេសទៅ អាចារ្យចិនក៏ព្រមឱ្យរបស់ក្នុងសំពៅទាំង៤នោះ
ហើយក៏បើកសំពៅទៅ ស្រុកចិនវិញ ឯធនញ្ជ័យកាលបើបានរបស់អំពីសំពៅទាំងបួននោះ ហើយឱ្យបញ្ជូនអស់ទ្រព្យនោះ ទៅថ្វាយព្រះបាទជាម្ចាស់ទាំងអស់ នឹងមានយកជារបស់ខ្លួនក៏ទេ ឯព្រះមហាក្សត្របានឭថាធនញ្ជ័យឈ្នះប្រស្នាអាចារ្យចិនដូច្នោះហើយ លុះដល់ឃើញធនញ្ជ័យឱ្យជញ្ជូនអស់របស់ទ្រព្យមកថ្វាយដូច្នោះ ក៏ត្រេកអរក្នុងព្រះហឫទ័យ ហើយមានព្រះបន្ទូលថា ធនញ្ជ័យឯងបានទុកខ្លះហើយឬទេរបស់ទាំងអស់នេះ ធនញ្ជ័យក្រាបទូលថា ទូលព្រះបង្គំពុំបានយកទុកទេ ស្ដេចស្ដាប់ហើយក៏មានព្រះបន្ទូលថា បើដូច្នោះអញនឹងឱ្យយកស្រីក្នុងវាំងធ្វើជាប្រពន្ធឯងហើយ និងរបស់ទ្រព្យទាំងអស់គ្រប់មុខកុំឱ្យមានខ្វះខាតរបស់អ្វីឯធនញ្ជ័យ ក្រាបទូលថា ទូលបង្គំមិនចង់បានទេប្រពន្ធនោះ ត្បិតមិនមែនជាស្រីទេ ឈ្មោះញីមិនប្រាកដជាស្រី សូមជ្រាប ស្ដេចទ្រង់សណ្ដាប់ហើយក៏មានព្រះបន្ទូលថា ឯណាឈ្មោះស្រីនោះ ឯធនញ្ជ័យថា ទូលព្រះបង្គំនឹងក្រាបថ្វាយបង្គំលាទៅរក បើបាននឹងនាំមកថ្វាយហើយទូលថា សូមព្រះអង្គព្រះរាជប្រទានសំពត់ហូល ព្រែ ឱ្យច្រើននឹងទៅរកស្រីនោះទើបឃើញ ស្ដេចស្ដាប់ហើយ ព្រះរាជទានហូលព្រែឱ្យធនញ្ជ័យជាច្រើនហើយទ្រង់ផ្ដាំថា បើរកបានវិលមកឆាប់ ឯធនញ្ជ័យក្រាបទូលថ្វាយបង្គំលាយករបស់នោះវេចស្រេចហើយស្ពាយសម្ពាយ ដើរទៅរកស្រីនោះ។
អានតទៅវគ្គទី ៦
Continue Reading...
 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ