ទឹក ដីកម្ពុជាក្រោមដែលមានទំហំជិតស្មើនឹងពាក់កណ្តាលនៃផ្ទៃ ប្រទេសកម្ពុជាសព្វថ្ងៃ ត្រូវអាណានិគមបារាំង ក្នុងគ្រាត្រួតត្រាតំបន់ឥណ្ឌូចិន បានប្រគល់ទៅឲ្យប្រទេសវៀតណាម គ្រប់គ្រងផ្នែករដ្ឋបាលកាលពីដើមខែមិថុនា ឆ្នាំ១៩៤៩។
ដែនដីកម្ពុជាក្រោមបច្ចុប្បន្ន ឬអតីតកូសាំងស៊ីន ត្រូវបានរស់នៅដោយប្រជាជនខ្មែរតាំងពីសម័យហ្វូណនមកម្ល៉េះ។
សៀវភៅប្រវត្តិសាស្ត្រខ្មែរមួយក្បាលដែលមានចំណងជើងថា «រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម» ជាឯកសារចម្លងដោយលោក ទៀ ថេន បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៥ មក បានឲ្យដឹងថា លុះមកដល់ដើមសតវត្សរ៍ទី១៧ ពួកអាណាម ឬ វៀតណាម ដោយសារសង្រ្គាម និងឧបាយកល បានជ្រៀតជ្រែកចូលមកក្នុងទឹកដីនៅឯដែនដីកម្ពុជាក្រោម ឬកូសាំងស៊ីន។
ប្រជាជនខ្មែរ ទាំងខ្មែរកម្ពុជាដីគោក និងខ្មែរក្រោមនៅកម្ពុជាទឹកលិច មិនអនុញ្ញាតឲ្យពួកអាណាមលុកលុយកាន់កាប់ទឹកដីនៃខេត្តខ្មែរទាំង ឡាយដោយសន្តិភាពនោះទេ គឺខ្មែរបានប្រយុទ្ធប្រឆាំងនឹងពួកអាណាម ដោយបានរុញច្រានចេញទៅវិញជាច្រើនដង។ លុះមកដល់ឆ្នាំ១៩៥៩ ដោយមានជំនួយទ័ពពីព្រះមហាក្សត្រខ្មែរព្រះបាទ អង្គដួង បារាំងបានវាយយកបានក្រុងព្រៃនគរ ខេត្តចង្វាត្រពាំង និងព្រះសួគ៌ា នៃដែនដីកម្ពុជាក្រោមពីពួកអាណាម។ កងទ័ពខ្មែរបន្តច្បាំងដណ្តើមយកមកវិញនូវខេត្តមាត់ជ្រូក ក្រមួនស ព្រះត្រពាំង និងខេត្តឃ្លាំង។
សៀវភៅមគ្គុទ្ទេសក៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោមចេញផ្សាយកាលពី ឆ្នាំ២០០៩ បានឲ្យដឹងបន្តថា លុះដល់ឆ្នាំ១៨៦១ ឧត្ដមសេនីយ៍បារាំងមួយរូបឈ្មោះ ស្ហាកណែរ៍ បានមកគាល់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទ នរោត្តម ដើម្បីទូលទ្រង់អំពីការសម្រេចចិត្តរបស់បារាំង ក្នុងការតាំងនៅជាស្ថាពរនៃដែនដីកម្ពុជាក្រោម។
បន្ទាប់មកបារាំង និងវៀតណាម បានចុះសន្ធិសញ្ញានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៦២ កំណត់លក្ខខណ្ឌ៣ខ គឺទី១ វៀតណាមត្រូវប្រគល់ខេត្តខ្មែរ៣ទៅឲ្យបារាំង ទី២ វៀតណាមត្រូវផ្តល់សេរីភាពដល់អ្នកកាន់សាសនាកាតូលិក និងទី៣ វៀតណាមត្រូវសងសោហ៊ុយសង្រ្គាមជាប្រាក់ ៣លានហ្វ្រង់។
ចំណែកព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទ នរោត្តម បានចុះសន្ធិសញ្ញាមិត្តភាពពាណិជ្ជកម្ម និងអាណាព្យាបាលជាមួយបារាំង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដែលក្នុងនោះបារាំង ទទួលបានបុព្វសិទ្ធិផ្តាច់មុខក្នុងកិច្ចការបរទេស និងការពារជាតិនៃកម្ពុជា។
លុះដល់ឆ្នាំ១៨៦៤ ព្រះបាទ នរោត្តម បានយាងទៅជួបមន្រ្តីបារាំង លោក ដឺឡា ហ្ក្រង់ឌីយ៉ែរ៍ (De La Grandiere) សុំឲ្យបារាំង បង្វិលមកឲ្យខ្មែរវិញនូវបណ្តាខេត្តពីលង់ហោដល់ខេត្តទឹកខ្មៅដែល វៀតណាមកាន់កាប់។ គ្រានោះព្រះអង្គទទួលបានពាក្យសន្យាយល់ព្រមពីបារាំង។ ក៏ប៉ុន្តែនៅឆ្នាំ១៨៦៧ មន្រ្តីបារាំង លោកទេសាភិបាលកូសាំងស៊ីន បានបញ្ចូលទឹកដីកម្ពុជាក្រោមទាំងមូលជាអាណានិគមរបស់បារាំងតទៅ ទៀត គ្រានោះបារាំង បានបែងចែកដែនដីកម្ពុជាក្រោមទៅជា៤ខណ្ឌ ដែលមានទាំងអស់ ១៩សង្កាត់ និង ២.៣៥០ភូមិ។ លុះដល់ឆ្នាំ១៨៨៧ ដែនដីកូសាំងស៊ីន ដែនដីអាណាម និងតុងកឹង បានត្រូវបញ្ចូលជាសម្ពន្ធភាពបារាំងឥណ្ឌូចិន។
លុះដល់ឆ្នាំ១៩៤៨ រដ្ឋាភិបាលបារាំង មានបំណងនឹងភ្ជាប់កម្ពុជាក្រោមទៅយៀកណាមសិន រួចទុកឲ្យកម្ពុជា និងវៀតណាម រកដំណោះស្រាយនៅពេលក្រោយ។ ប៉ុន្តែមានគណៈប្រតិភូខ្មែរមួយក្រុម រួមមានព្រះអង្គម្ចាស់ យុគន្ធរ លោក ស៊ីម វ៉ា លោក សុខ ឆុង និងលោក ថុន អ៊ុក បានចូលរួមប្រជុំនៅក្នុងសភាសហភាពបារាំង ដើម្បីសុំឲ្យរដ្ឋាភិបាលបារាំង ធ្វើការចរចាជាបន្ទាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការផ្ទេរអំណាចនៅកម្ពុជាក្រោម។
ពីអង្គប្រជុំនោះ លោក សុខ ឆុង បានធ្វើរបាយការណ៍យ៉ាងពិស្តារបញ្ជាក់អំពីជំហរ និងវត្ថុបំណងរបស់ខ្មែរចំពោះទឹកដីកម្ពុជាក្រោមថា ៖ “ យើងទាមទារអ្វីៗដែលជារបស់យើង។ យើងមិនបានទាមទារអ្វីៗដែលមិនមែនជារបស់យើងនោះទេ” ។
ប៉ុន្តែលទ្ធផលដែលខ្មែរទទួលបានពីបារាំងវិញ គឺប្រធានាធិបតីបារាំង លោក វ៉ាងសង់ អូរីយ៉ូល (Vincent Auriol) បានចុះកិច្ចព្រមព្រៀងមួយហៅថា កិច្ចព្រមព្រៀង Elysee ជាមួយអធិរាជវៀតណាម ព្រះនាម បាវ ដាយ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៤៩ ដែលក្នុងនោះ បារាំងបានយល់ព្រមប្រគល់កម្ពុជាក្រោម ដែលបារាំងហៅថា កូសាំងស៊ីន ឬវៀតណាមហៅថា ណាមកេ (Nam Ky) ទៅឲ្យវៀតណាម ហើយវៀតណាម ព្រមបង្កើតរដ្ឋាភិបាលយៀកណាមមួយនៅក្នុងក្រុមសភាសហភាពបារាំង ហៅថា រដ្ឋយៀកណាម។
បារាំងសង្ឃឹមថា ការប្រគល់កម្ពុជាក្រោមទៅឲ្យស្តេចវៀតណាម បាវ ដាយ នោះបារាំងអាចរក្សាបាននូវឥទ្ធិពលរបស់ខ្លួនបានយូរអង្វែងនៅ កូសាំងស៊ីនជាបន្តទៅទៀត។
លោក ថាច់ វៀន ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប មានប្រសាសន៍ថា ប៉ុន្តែកិច្ចព្រមព្រៀងនេះពុំបានទទួលការចូលរួមនិងយល់ព្រមពី ភាគីខ្មែរទេ។
លោក ថាច់ វៀន មានប្រសាសន៍ដូច្នេះ ៖ «បារាំង រៀបចំហៅឲ្យ បាវ ដាយ ចូលមកគ្រងរាជ្យវិញហើយនិងចរចាពីរឿងលក្ខន្តិកៈកម្ពុជាក្រោមហ្នឹង ព្រះករុណា សីហនុ មានសរសេរសំបុត្រមួយថា ក្នុងការចរចាជាមួយយួនហ្នឹងមានការប្រែប្រួលយ៉ាងម៉េចខ្លះនៅ កម្ពុជាក្រោមនោះ សូមឲ្យលោកដឹងផង ប៉ុន្តែបារាំងវាអត់រវល់ទេ វាជជែកគ្នាតែជាមួយយួន ហើយប្រគល់អីសព្វគ្រប់អស់ហ្នឹង ព្រះករុណាលោកអត់មានបានទទួលការពិគ្រោះអី បារាំងវាស្នើយោបល់អីអត់មានទេ»។
ប្រមុខនៃរដ្ឋាភិបាលកម្ពុជា សម្តេចព្រះនរោត្តម សីហនុ បានបញ្ជូនប្រតិភូមួយក្រុមដឹកនាំដោយឯកឧត្ដម សឺន សាន ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤៩ ដើម្បីជំទាស់នឹងសភាបារាំង ឲ្យផ្អាកការសម្រេចចិត្តរបស់រដ្ឋសភាបារាំង ដែលបានយល់ព្រមប្រគល់កម្ពុជាក្រោមទៅឲ្យយៀកណាមនោះ។ តែការតវ៉ាទាមទាររបស់ប្រតិភូខ្មែរមិនត្រូវបានរដ្ឋាភិបាលបារាំង ធ្វើតាមឡើយ។
ចំណែកសហរដ្ឋអាមេរិកវិញ ដោយមានបំណងចង់ជួយបារាំង ក្នុងការបង្កឥទ្ធិពលរបស់ខ្លួននៅឥណ្ឌូចិន លោក អាប៊ុត្ត (Abbott) ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងព្រៃនគរ ឬសព្វថ្ងៃហៅថាក្រុងហូជីមិញ បានស្នើឲ្យក្រសួងការបរទេសនៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ធ្វើសេចក្តីប្រកាសមួយក្នុងន័យលើកទឹកចិត្តរដ្ឋាភិបាលវៀតណាម បាវ ដាយ។
នៅទីបំផុតប្រធានាធិបតីបារាំង លោក វ៉ាងសង់ អូរីយ៉ូល បានចុះហត្ថលេខាប្រគល់កម្ពុជាក្រោមទៅឲ្យរដ្ឋាភិបាលវៀតណាម បាវ ដាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
លោក ថាច់ ង៉ុកថាច់ នាយកប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា ៖ «ពេល បារាំង គេដើម្បីសុំសំណូមពរដល់ បាវ ដាយ ព្រោះជាមធ្យោបាយដើម្បីទប់ទល់ពង្រឹងពង្រីកអំណាចរបស់បារាំង ម្ល៉ោះហើយគេក៏បានប្រគល់ឲ្យយួននោះជាបែបផ្នែកជារដ្ឋបាលតែ ប៉ុណ្ណឹងទេ ហើយក្នុងការប្រគល់នោះ គឺចំពោះបងប្អូនខ្មែរក្រោមលោកអត់បានដឹងទេ។ បងប្អូនខ្មែរដែលនៅទឹកដីកម្ពុជាក្រោម គឺបាត់បង់អ្វីទាំងអស់ រដ្ឋាភិបាលយួនគេគ្រប់គ្រងជាហូរហែ។ យើងឃើញថា យើងមានសង្គ្រាមជាហូរហែ ដែលហៅថា សង្គ្រាមឥណ្ឌូចិន ក៏ខ្មែរយើងត្រូវសង្គ្រាមនោះបិតបាំងនូវការពិត ហើយពិភពលោកនោះក៏យល់ថា រឿងទាំងអស់នោះជារឿងរបស់ប្រទេសយួនទៅវិញ។ អ៊ីចឹងយើងបាត់បង់អស់ក្នុងរយៈពេល ៦០ប្លាយឆ្នាំហ្នឹង ពុំមានការតវ៉ា ពុំមានការទាមទារនូវផ្លូវច្បាប់ណាមួយ»។
លោក អាង ច័ន្ទរិទ្ធិ អតីតនាយកប្រតិបត្តិនៃសមាគមការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម នៅកម្ពុជា មានប្រសាសន៍ថា ក្នុងនាមលោកជាខ្មែរមួយរូប បើទោះបីជាលោកពុំបានកើតនៅឯដែនដីកម្ពុជាក្រោមក្តី ប៉ុន្តែការបាត់បង់ដែនដីកម្ពុជាក្រោម គឺជាការខាតបង់ដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជាតិខ្មែរទាំងមូល។
លោក អាង ច័ន្ទរិទ្ធិ មានប្រសាសន៍ថា ៖ «ចំពោះ ការបាត់បង់ដែនដី កម្ពុជាក្រោម គឺជារឿងមួយឈឺចាប់ ជារឿងមួយសោកស្តាយជាទីបំផុត ដែលទឹកដីមួយផ្នែកធំស្ទើរតែពាក់កណ្តាលនៃប្រទេសកម្ពុជាសព្វថ្ងៃ នេះ ត្រូវបានគ្រប់គ្រង និងដឹកនាំដោយប្រទេសវៀតណាមមកដល់សព្វថ្ងៃ ហើយជារឿងមួយសោកសង្វេគចំពោះខ្មែរយើងដែលគាត់កំពុងតែរស់នៅឯដែន ដីកម្ពុជាក្រោម ទទួលរងនូវការរំលោភ ការបំបិទសិទ្ធិសេរីភាពច្រើនមកដល់ពេលនេះ»៕
ប្រភព៖ អាស៊ីសេរី
0 comments:
Post a Comment