Tuesday, December 7, 2010

ព្រះរាជ្យវង្សបន្ដពីព្រះបាទបក្សីចាំក្រុង

ដូចដែលយើងលើកយកមកអធិប្បាយខ្លះៗក្នុងជំពួកមុន ពង្សាវតារខ្មែរផ្សេងៗបានកត់ត្រាខុសអំពីគ្នា ចំនួន និង ឈ្មោះ
ព្រះរាជបុត្ររបស់ព្រះបាទបក្សីចាំក្រុង។ ពង្សាវតារសំដេចវាំងជួនបានសរសេរថា ព្រះម្នាងស្វាយ មហេសីព្រះមហាក្ស
ត្រ ក្នុងឆ្នាំវក ប្រសូត្របានបុត្រមួយព្រះអង្គព្រះនាម អលស្សរាជ្យ។

ព្រះបាទអលស្សរាជ

ក្រោយដែលព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ចូលទីវង្គត ព្រះរាជបុត្រព្រះអលស្សរាជ្យ បានឡើងសោយ
រាជ្យសម្បត្ដិប្រទេសកម្ពុជាបន្ដពីព្រះអង្គ។ ព្រះរាជអភិសេកបានរៀបចំឡើងយ៉ាងអ៊ឹកធឹក នៅមហានគរ នៅថ្ងៃ ១៣
កើត ខែបុស្ស ឆ្នាំកុរ ព.ស.១៦១៥ ត្រូវជា ម.ស.៩៩៣ ច.ស៤៣៣ និង ត្រូវជា គ.ស ១០៧១។ កាលនោះព្រះអង្គព្រះជ
ន្ម១៦វស្សា ព្រះអង្គជាព្រះមហាក្សត្រទី២០។ ព្រះអង្គទ្រង់មានព្រះបរមនាមថា ព្រះបាទសំដេច ព្រះអលស្ស វរោរង្សី
ជាតិក្សត្រាមហារាជាធិរាជ។ ស្ដេចអង្គនេះខ្ជិលណាស់ ដូច្នេះហើយបានជាប្រជានុរាស្ដ្រដាក់ឈ្មោះអោយថា «ស្ដេចកំ
ជិលផេះ» ក្នុងឆ្នាំជូតជាមួយនឹងព្រះនាងមៃ ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមវុឌ្ឍិយា ក្នុងឆ្នាំខាល ព្រះនាង
មៃប្រសូតបានបុត្រមួយព្រះអង្គទៀត ព្រះនាមសិង្ហកុមារ(១)។ ព្រះបាទអលស្សរាជ្យសោយរាជសម្បត្ដិប្រទេសកម្ពុជា
បាន៤១ឆ្នាំ ហើយបានចូលទីវង្គតនៅឆ្នាំថោះ ក្នុងព្រះជន្ម៥៦វស្សាដោយមានជំងឺយ៉ាងទំងន់។ ព្រះវុឌ្ឍិយា បុត្រច្បងរប
ស់ព្រះអលស្សរាជ្យ ត្រូវឡើងសោយរាជបន្ដពីបិតា។
១=ពង្សាវតារវត្ដទឹកវិលបានសរសេរថា អ្នកម្នាងវិសេសនារី មហេសីព្រះអលស្សរាជ្យ ប្រសូតបានបុត្រមួយព្រះនាម
ស្ដេចពាល ដែលនិយមចូលចិត្ដតែលេងល្បែងពាលា បរបាញ់ចាប់សត្វ ហើយខ្ជិលច្រអូស មិនព្រមរៀនសូត្រមុខវិជ្ជា
អ្វីទាំងអស់។ មិនតែប៉ុណ្ណោះ ពង្សាវតារវត្ដទឹកវិល បានសរសេរថែមទៀតថា គឺក្នុងរាជស្ដេចអលស្សរាជ្យ ដែលស្ដេច
លាវព្រះធម្មាអនុរថ បានមកមកដល់មហានគរ ទាមទារយកព្រះត្រៃបិដក និង ព្រះពុទ្ធរូបព្រះកែវមរកត។

ព្រះបាទ វុឌ្ឍិយា

ពិធីអភិសេកព្រះវុឌ្ឍិយា ជាព្រះមហាក្សត្រប្រទេសកម្ពុជា បានប្រារព្ធធ្វើនៅថ្ងៃជាពាលាល្អ ថ្ងៃ១១កើត ខែកត្ដិក ឆ្នាំជូ
ត ព.ស.១៦៥៥ ត្រូវជា ម.ស.១០៣៣ ច.ស ៤៧៣ និងត្រូវជា គ.ស.១១១១។ កាលនោះ ព្រះអង្គមានព្រះជន្ម ១៦វស្សា
ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី២១ ព្រះអង្គបានទទួលព្រះគោរមនាមព្រះបាទសំដេចវុឌ្ឍិយាមហានគររិន្រ្ទ រាជានិរាជ
បរមបពិត្រ ព្រះរាជវាំងស្ថិតនៅមហានគរដដែល។

ព្រះបាទវុឌ្ឍិយា ព្រះអង្គនិយមចូលចិត្ដកំនាព្យកាព្យឃ្លោង របៀបពំនោលណាស់ ដែលជាហេតុធ្វើអោយអ្នកស្រុកអ្នក
ភូមិ ដាក់ព្រះនាមថ្វាយថា ស្ដេចពំនោល។ ចំនែកប្អូនរបស់ព្រះអង្គព្រះសិង្ហកុមារ ដែលតាំងតែពីនៅតូចជាកុមារ ចូល
ចិត្ដតែឆ្ងល់ ចោទជាសំនួរសួរដេញដោលត្រិះរិះពិចារណា មិនចេះចប់មិនចេះហើយ ត្រូវបានប្រជានុរាស្រ្ដដាក់ព្រះនា
មថ្វាយថា ស្ដេចក័ង្ខា រឺ ស្ដេចតាក្រែង។

ព្រះវុឌ្ឍិយា ព្រះអង្គពុំមានរាជបុត្រទេ សោយរាជសម្បត្ដិប្រទេសកម្ពុជាបាន៣៧ ឆ្នាំ ដោយសារមានជម្ងឺជាទំងន់ ព្រះម
ហាក្សត្រខ្មែរទី២០ បានចូលទីវង្គតនៅឆ្នាំថោះក្នុងព្រះជន្ម៥២វស្សា។ នាម៉ឺនមុខមន្រ្តីទាំងអស់គ្នា បានមូលមតិចុះសំរុង
ទៅសុំយាងព្រះសិង្ហកុមារ អោយឡើងសោយរាជ្យបន្ដអំពីបង។

ព្រះបាទសិង្ហក័ង្ហ

ថ្ងៃ១៣កើត ខែផល្គុនឆ្នាំថោះ ព.ស.១៦៩១ ត្រូវជា ម.ស.១០៦៨ ច.ស.៥០៩ និងត្រូវជា គ.ស.១១៤៧ ព្រះសិង្ហកុមារបា
នទទួលព្រះរាជអភិសេក ជាព្រះមហាក្សត្រខ្មែរទី២២ ព្រះអង្គទ្រង់មានព្រះជន្ម ៣៨វស្សា។ ព្រះគោរមនាមរបស់ព្រះ
អង្គគឺ ព្រះបាទសិង្ហក័ង្ហា មហារាជាធិរាជ។ ពង្សាវតារសំដេចវាំងជួនបានកត់សំគាល់ថា ស្ដេចអង្គនេះ នៅចំមុខបញ្ហានិ
មួយៗព្រះអង្គត្រិះរិះគិតពិចារណា វែកញែកល្អិតល្អន់គ្រប់ជ្រុងគ្រប់ជ្រោយ មិនដែលធ្វេសប្រហែស ដូច្នេះហើយអ្វី
ដែលព្រះអង្គសំរេចធ្វើមិនដែលខុសឡើយ។ ដោយសារគុណសម្បត្ដិនេះ ទើបបានគេនាំគ្នាថ្វាយព្រះនាមព្រះអង្គថា
ស្ដេចក្រែង រឺស្ដេចតាក្រែង។ ក្នុងឆ្នាំថោះ ព្រះមហេសីព្រះនាងពៅ ប្រសូត្របានព្រះរាជបុត្រមួយអង្គព្រះនាមសេនក្ក
រាជ។

ក្រោយដែលបានសោយរាជសម្បត្ដិប្រទេសកម្ពុជា បាន៤៩ឆ្នាំមក ព្រះបាទសិង្ហក័ង្ហា ទ្រង់ចូលទីវង្គត នៅឆ្នាំថោះ ក្នុង
ព្រះជន្ម ៨៦វស្សា ដោយជរាព្យាធិ ព្រះរាជបុត្រព្រះសេនក្ករាជ ត្រូវបាននាម៉ឺនមុខមន្រ្ដីតូចធំ គ្រប់ជាន់ថ្នាក់នាំគ្នាទៅ
សុំយាងអោយឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជា បន្ដព្រះរាជវង្សពីព្រះបិតា។

កំនត់
១ – ក្នុងបញ្ហាកូនចៅរបស់ព្រះបាទបក្សីចាំក្រុង គណៈកម្មការៀបចំពង្សាវតារខ្មែរ ដឹកនាំដោយសំដេចសង្ឃនាយកទៀ
ង ដែលក្នុងនោះ មានសំដេចសង្ឃនាយកប៉ាន់ដែរ បានតាក់តែងសរសេរថា ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនា
មបទុមវង្ស ស្ដេចអង្គនេះដែលបានយាងទៅកំសាន្ដនៅទួលបាសាន បានជួបស្រលាញ់ និង រៀបការជាមួយនាងនាគ។
ព្រះអង្គប្រសូត្របានពង ដែលជាពញារោង និង បុត្រមួយព្រះអង្គទៀត ដែលមានភ្នែកទិព្វ គឺព្រះបាទបទុមសូរ្យវង្ស។
ព្រះបាទបទុមសូរ្យវង្ស បានមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមស្ដេចកំជិលផេះ ស្ដេចអង្គនេះសោយរាជនគរខ្មែរបា
ន១៩០ ឆ្នាំ។

២ – ចំនែកអែពង្សាវតារវត្ដទឹកវិលវិញ ក៏បានកត់សំគាល់ដែរថា ស្ដេចកំជិលផេះជាកូនរបស់ព្រះបាទបទុមសូរ្យវង្សតែ
ព្រះបទុមសូរ្យវង្សជាកូនរបស់ព្រះបាទអាទិតវង្ស។ ព្រះបទុមសូរ្យវង្សជាមួយស្នំអែកអ្នកព្រះម៉ែនាងបទុមកេសរ បាន
ព្រះរាជបុត្រស្ដេចកំជិលក្នុងឆ្នាំវក ហើយក្នុងឆ្នាំចរ ព្រះនាងប្រសូត្របានព្រះរាជបុត្រមួយទៀត ព្រះនាមពញារាជ្យ។
ពង្សាវតារវត្ដទឹកវិលបានសរសេរថា ស្ដេចកំជិលផេះនេះខ្ជិលណាស់ គឺខ្ជិលតាំងតែពីដើរ ពីដេក ពីរៀនសូត្រ៘ និង
៘ ធំឡើងកាលណា ថ្ងៃមួយ ពួកនាមីនុំមីនាងបរិវាបាននាំទៅលេងក្រសាលក្នុងព្រៃ។ អស់កំលាំង ព្រះអង្គបានឈប់
សំរាកផ្ទំលង់លក់ក្រោមដើមជ្រៃមួយក្បែរមាត់ស្ទឹង ហេតុតែព្រះអង្គមានបុណ្យ ត្រូវឡើងគ្រងរាជ្យប្រទេសកម្ពុជា
ទេពតាក៏ជប់ដំនែងអោយចេញជាសត្វមួយ ហោះទៅយំដាក់ត្រចៀកស្ដេចកំជិលផេះ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ ចា
ប់សត្វនោះជាប់ ហើយហុចអោយក្រុមស្រីបរិវារ យកទៅអាំងចំអិនទុកថ្វាយព្រះអង្គសោយ។ សោយរួចកាលណាក្នុង
ពេលជាមួយគ្នានោះដែរ ទេវតាធ្វើអោយស្រក់ទឹកអំរិតមកលើព្រះអង្គ ភ្លាមមួយរំពេចនោះដែរ ពញាកំជិលផេះក៏
ចេះចាំស្ទាត់ គ្មានភ្លេចភ្លាត់អ្វីទាំងអស់ នូវគ្រប់ចំនេះវិជ្ជា ដោយមិនបាច់ខំប្រឹងប្រែងរៀនសូត្រ។

រីអែពញារាជ្យ ថ្ងៃក្រោយមក ត្រូវស្ដេចកំជិលផេះជាបង តែងតាំងអោយទៅគ្រប់គ្រងទឹកដីនៅកោះរិស្សីកែវ។ ព្រះ
អង្គមានព្រះគោរមនាម ចៅពញារាជមេត្រីដោយទទួលភារកិច្ចបន្ថែមពីព្រះមហាក្សត្រ ស្ដេចកំជិលផេះត្រូវថែរក្សា
ទំនុកបំរុងផ្គត់ផ្គង់ វត្ដអារាមទាំងប្រាំ និង ព្រះចេតីយដែលតំកល់ទុកព្រះអុណ្ណាលោម។ ដោយសារព្រះអង្គបានទទួលទឹក
អំរិតប្រក់ព្រំពីទេវតា ស្ដេចកំជិលផេះមានអាយុវែងយឺនយូរណាស់។ ព្រះអង្គសោយរាជ្យបាន១៩០ ឆ្នាំ ហើយសុគតក្នុង
ព្រះជន្ម២០៥វស្សា។

៣ – ម៉្យាងវិញទៀត តាមរយៈពង្សាវតារសំដេចវាំងជួន យើងកត់សំគាល់ឃើញថា ក្រោយពេលដែលព្រះមហាក្សត្រ
ចូលទីវង្គត នាម៉ឺនមុខមន្រ្ដីតូចធំនាំគ្នាទៅសុំយាងស្ដេចអោយឡើងសោយរាជ្យ ជាហេតុមួយ ដែលយើងមិនបានកត់សំ
គាល់ឃើញមានទេ ក្នុងរាជ្យក្សត្រអង្គមុនៗ ដូច្នេះយើងអាចចោតសួរថា តើនេះជារបៀបរបបជ្រើសរើសព្រះមហា
ក្សត្រ ក្នុងជំនាន់នោះមែន រឺ មួយគ្រាន់តែជាការបន្ថែមបញ្ចូលថ្មីរបស់អ្នកនិពន្ធ អោយស្របទៅតាមការវិវត្ដិរបស់
សង្គមជាតិ។http://abcambodia.wordpress.com/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9A%E1%9E%B6%E1%9E%87%E1%9F%92%E1%9E%99%E1%9E%9C%E1%9E%84%E1%9F%92%E1%9E%9F%E1%9E%94%E1%9E%93%E1%9F%92%E1%9E%8A%E1%9E%96%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A/

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ