៥- បុគ្គលអ្នកភូតកុហក បោកបញ្ឆោតពួកសមណៈ ព្រាហ្មណ៍ ស្មូម ឬ អ្នកដទៃ
សមណៈ (អ្នកស្ងប់ ) ឬ ជី ឬ ព្រាហ្មណ៍ គឺសំដៅដល់ពួកបព្វជិតក្នុងសាសនាទាំង ឡាយ ។ ក៏ដូចជាពួកស្មូមទាំងឡាយដែរ ពួកបព្វជិតទាំងនេះ រស់នៅដោសារការ បរិច្ចាគទានពីអ្នកមានមេត្តា និង ជ្រះថ្លា ។ ជនកំហូចខ្លះ ឃើញពួកអ្នកបួសមានព្រះ សង្ឃជាដើម ក៏ពោលឡើងថា លោកម្ចាស់ ! នៅទីនោះ គ្រួសារនោះ គេមានរៀបចំធ្វើទាន ចំពោះលោកអ្នកមានសីល និង ចំពោះពួកស្មូមទាំងឡាយ..... សូមលោកម្ចាស់និមន្តទៅត្រកូលនោះ ទីនោះចុះ ដើម្បីធ្វើ សេចក្តីអនុគ្រោះដល់សត្វលោកដែលមានសេចក្តីជ្រះថ្លាផង និង ដើម្បីលោកម្ចាស់បាននូវគ្រឿងអាស្រ័យទាំងឡាយ មានអាហារជាដើមផង....។ លុះពេលលោកនិមន្តទៅ ទើបឃើញថា ជាការកុហកជាក់ស្បាន់ ធ្វើអោយលោកខាតពេលជាច្រើន....។ មិនទាន់គិតដល់បាបកម្មជាតិខាងមុខទេ យើងគិតត្រឹមតែបច្ចុប្បន្នជាតិនេះ ក៏ឃើញថាទារុណ ណាស់ទៅហើយ ។ អ្នកដទៃនឹងមើលទៅបុគ្គលនោះថា ជាមនុស្សគ្មានគុណធម៌ គ្មានគារវធម៌គឺការគោរពបន្តិចបន្តួច ក្នុងខ្លួនទាល់តែសោះ ជាមនុស្សមិនអាចទុកចិត្តបាន ត្បិតសូម្បីតែពួកបព្វជិតជាអ្នករក្សាសីល ពួកស្មូមជាអ្នកខ្សត់ខ្សោយដល់ម្ល៉ឹងហើយ ក៏គេមិនយល់មុខផង ចុះទម្រាំបើមនុស្សធម្មតា តើនឹងទទួលបានភាពសុចរិតពីមនុស្សនេះដោយប្រការណាទៅ ?
ការកុហកដោយបំណងធ្វើបាប ធ្វើអោយគេខូចប្រយោជន៍ ខូចកិត្តិយស បែកបាក់សាមគ្គី ពោលគឺកុហក ក្នុងបំណងទុច្ចរិតក្តី ក្នុងបំណងលេងសើចក្តី រមែងអោយអ្នក ដទៃស្អប់ខ្ពើម ក្តៅក្រហាយ ហើយនឹងអាចញ៉ាំងអន្តរាយ មកវិញជាការផ្ចាញ់ផ្ចាលក៏សឹងមាន ។ ម្យ៉ាងទៀត អ្នកពោលពាក្យកហុក នឹងធ្វើអោយអ្នកដទៃបាត់បង់ទំនុក ចិត្ត អស់ភាពជឿជាក់ ។ មនុស្សគេតែងយកសំដី គឺការគោរពពាក្យសំដី បើពាក្យសំដីយកជាការលែងបានទៅហើយ តើរំពឹងលើអ្វី ? ហេតុនេះ ការកុហកជាប្រមុខនៃក្តីវិនាសទី៥ ។
៦- អ្នកមានធនធាន និង អាហារឆា្ងញ់ពិសារ លាក់ទុកតែម្នាក់ឯង
មនុស្សក្នុងលោករមែងមានការពឹងអាស្រ័យគ្នាទៅវិញទៅមកដោយប្រការ ណាមួយ ។ បុគ្គលណារត់ទៅរកគេ ពោលពាក្យផ្អែមពីរោះ តែពេលត្រូវការគេ ឬ ពេលមានទុក្ខ លុះពេលគេត្រូវការវិញ ក៏គេចមុខបាត់ ដោយសំអាងលេសថា មានធុរៈនេះ ធុរៈនោះ ឬ មិនអើពើ មិនខ្នះខ្នែងជួយគេវិញ ដោយប្រការមួយ ។ ពេលខ្លួនអត់ឃ្លាន រត់រកគេ លុះពេលបានសុខ ឬ ពេលមានរបស់ប្រណីត មានអាហារឆាញ់ពិសារ ក៏សំងំលាក់ខ្លួនពួនសោយសុខតែម្នាក់ឯង (បុគ្គលខ្លះពេលសោយសុខរួចហើយ ក៏ទើបទៅអួតអាងប្រាប់គេទៀត ) មិនចែករំលែកអ្នកដទៃដោយប្រការមួយ ។ លុះពេលត្រូវការពឹងអាស្រ័យគេនៅគ្រាក្រោយទៀតនោះ តើបុគ្គលណាទៅហ្ន ដែលមានចិត្តនៅជួយបុគ្គលប្រភេទនេះទៀតនោះ ! ហេតុនេះបុគ្គលអ្នកមានធនធាន និង អាហារឆា្ងញ់ពិសារហើយក្រសោបទុកតែម្នាក់ឯង ជាប្រមុខនៃក្តីវិនាសទី៦ ។
៧- បុគ្គលអ្នកប្រកាន់រើសអើងជាតិសាសន៍ ត្រកូល ទ្រព្យសម្បត្តិ ឋានៈ ហើយមើលងាយអ្នកដទៃ មើលស្រាលញាតិសន្តាន មិនប្រមូលញាតិមិត្ត
សត្វលាដឹកលាមក ក៏ស៊ីស្មៅ សត្វលាដឹកមាសក៏ស៊ីស្មៅ ។ ជីវិតលើលោកនេះ មាន តម្លៃស្មើគ្នា រឿងឋានៈ ជាតិសាសន៍ ត្រកូល ទ្រព្យសម្បត្តិ រួមទាំងរបស់ជាច្រើនទៀតនៅក្នុងលោកនេះ រមែងមានភាពខុសគ្នាជាធម្មតា ដែលមិនគប្បីយករបស់ទាំងនោះជាកត្តាវាស់វែងមនុស្សឡើយ ។ ការប្រព្រឹត្តិលើកកំពស់ខ្លួនឯង ហើយមិនគោរ ពអ្នកដទៃ មើលងាយអ្នកដទៃ សូម្បីសាច់ញាតិខ្លួនឯងក៏មិនអើពើផង ដោយហេតុតែគិតថា គេក្រ តូចទាប អន់ថយជាងខ្លួនជាដើមនោះ រមែងធ្វើអោយខ្លួនឯងជាមនុស្សឯកោ លែងមាន របងការពារ ហើយអាចធ្វើអោយអ្នកខ្លះ ក្តៅក្រហាយ ស្អប់ខ្ពើម និង ជាគោលដៅនៃការចងគំនុំ ក៏សឹងមាន ។ ហេតុនេះ ការប្រកាន់ខ្លួន មើលងាយអ្នកដទៃ មិនប្រមូលញាតិ និង មិត្ត ជាប្រមុខនៃក្តីវិនាសទី៧ ។
៨- ជនអ្នកប្រព្រឹត្តល្បែង៣ប្រការ គឺល្បែងស្រី១ ល្បែងស្រា១ និង ល្បែងភ្នាល់ទាំងឡាយ១
ត្រេកអរចំពោះភរិយាខ្លួនជាការប្រពៃ ប៉ុន្តែការលេងល្បែងស្រីរមែងជួបផលអវិជ្ជ មានជាច្រើនដូចជា ខូចខាតទ្រព្យដែលមានស្រាប់ ខានបានរកទ្រព្យថ្មី មានបញ្ហាទាស់ទែងគ្នាជារឿយៗ ដើរលេងចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ (អាចជាហេតុធ្វើអោយប្រពន្ធផិតក្បត់ក៏មាន ) ខូចកិត្តិយសខ្លួន និង វង្សត្រកូល មានរឿងអាស្រូវ ច្រើនមិន ចេះចប់ សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗ ជាពិសេសរោគសង្គម និង កាមរោគ។
អ្នកលេងល្បែងស្រានាំមកនូវគុណវិបត្តិយ៉ាងច្រើនដូចជា វិនាសទ្រព្យសម្បត្តិដែលមានស្រាប់ ខាតពេលមិនបានរកទ្រព្យថ្មី និង ខានប្រកបការងារផ្សេងៗ មានរឿងរ៉ាវច្រើន បង្កការឈ្លោះទាស់ទែង និង អំពើហឹង្សាញឹកញាប់ និយាយស្តីគ្មានសតិ គ្មានសុជីវធម៌ បាត់បង់សីលធម៌ ខូចភាពថ្លៃថ្នូរ (អាចអោយគេមើលងាយដល់កូន ប្រពន្ធ និង វង្សត្រកូល) មិនបានថែគ្រួសារ ខ្សោយប្រាជ្ញា និង ខ្សោយសុខភាពជាលំដាប់ ។
ល្បែងភ្នាល់គ្រប់យ៉ាងក៏ធ្វើអោយស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិ យ៉ាងលឿនរហូតលក់កេរមរតក និង ប្រព្រឹត្តខុសផ្សេងៗទៀត ដូចជាសំណូកសូកប៉ាន់ ពុករលួយ និង ចោរកម្ម នាំអោយមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ឈ្មោះ ធ្វើអោយអ្នកដទៃអស់ទំនុកចិត្ត (គេមើលងាយដល់កូនចៅ) ។ ហេតុនេះ ល្បែងស្រី ល្បែងស្រា និង ល្បែងស៊ីសង ល្បែងមួយណាក៏ជាប្រមុខនៃក្តីវិនាសទី៨ ។
៩- បុរសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជាប់ជួន នឹង ស្រីពេស្យា ទ្រូស្តនឹងប្រពន្ធកូនខ្លួនឯង
ស្រីពេស្យា គឺស្រីអ្នកប្រកបរបរផ្លូវភេទ ដោយចេញមុខ ឬ ដោយលួចលាក់ ធ្វើជាទូទៅ ឬ មិនទូទៅ (គឺចំពោះតែបុគ្គលជាក់លាក់ ដែលមានរូបភាពជាស្រីកំណាន់ជាដើម ) មិនពិបាកយល់ទេ គឺថានាងនែបនិត្យរួមមេត្រី ដើម្បីផលប្រយោជន៍អ្វីម្យ៉ាង ហេតុនេះនាងមុខជាសំដែងប្ញកពារម្ញ៉ិកម្ញ៉ក់ ខ្នក់ខ្នាញ់ ផ្គាប់ផ្គុនណាស់ ប៉ុន្តែចូរចងចាំថា នាងកំពុងមើលមកអ្នកថាជាមនុស្សមិនដឹងខ្យល់អ្វីឡើយ ហើយអ្នកនឹងត្រូវនាងអូសទាញអោយធ្វើអាក្រក់ជំនួសនាងក៏មាន ។ ចំណែកនាងជាភរិយា ដោយហេតុតែនាងត្រូវរួមដំណើរជីវិតនឹងអ្នក ទើបត្រូវនិយាយពាក្យពិត ហើយពាក្យពិតរែងស្លែង ។ ជួនកាលនាងខ្វល់តែរឿងថែទាំគ្រួសារ ភ្លេចថែទាំខ្លួនឯង ធ្វើអោយរូបសម្ផស្សរបស់នាងមិនសូវផូរផង់ ប៉ុន្តែ នាងជាអ្នកគូសវាសផែនទីនៃសុភមង្គលគ្រួសារ ជាសំបុកដ៏កក់ក្តៅសម្រាប់អ្នក ។ ពេលប្តីយំ នាងជាអ្នកស្រក់ទឹកភ្នែក (ឬ ជូតទឹកភ្នែកអោយប្តី ) ពេលស្វាមីសើច នាងជាអ្នកទះដៃ ពេលស្វាមីច្រៀង នាងជាអ្នកបន្ទរ....។ អ្នកត្រេកអរនឹងស្រីពេស្យា នាំអោយអស់ទ្រព្យសម្បត្តិ ប្រាក់កាស់ និង បែកបាក់គ្រួសារ (អាចនាំអោយប្រពន្ធផិតក្បត់ក៏មាន ) សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងរោគច្រើនប្រការមានកាមរោគជាដើម នឹង ត្រូវគេតិះដៀល (មើលងាយដល់កូន ) ។ ហេតុនេះបុរសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជក់ចិត្ត ជាប់ជួន នឹងស្រីពេស្យា ទ្រូស្តនឹងប្រពន្ធកូនខ្លួន ជាប្រមុខនៃក្តិវិនាសទី៩ ។
១០- បុរសដែលមានវ័យចំណាស់ពេក ហើយមានតម្រេកដោយក្តីតណ្ហា នាំយកស្រីក្មេងធ្វើជាភរិយា
បុគ្គលដែលមានវ័យចំណាស់ចាស់ទៅហើយ យកមនុស្សវ័យក្មេងធ្វើជាភរិយា ឬ ជាស្វាម៉ី, នៅចំពោះមុខ ប្រហែលជាមានគេសរសើរថាជាគោចាស់ប្រទះស្មៅខ្ចី ប៉ុន្តែជនជាសប្បុរស និង បណ្ឌិតទាំឡាយរមែងតិះដៀល (មនុស្សទូទៅហៅថាចាស់ព្រើល) ។ ដោយហេតុតែការងប់ងល់នឹងភរិយា (ឬស្វាមី) ក្មេងនោះ ធ្វើអោយបុគ្គល ចំណាស់នោះតែងខ្វល់ខ្វាយតែនឹងរឿងផ្គាប់ផ្គុន ទោះនាងធ្វើអ្វីខុសឆ្គង ក៏មិនហ៊ានប្រកាន់ ព្រោះខ្លាចនាងមិនសប្បាយចិត្ត នាងង៉ក់ងរ ម្ល៉ោះហើយចេះតែញាក់តាមមនោគតិរបស់នាង ដែលអាចអោយបុរសចំណាស់ នោះហ៊ានប្រព្រឹត្ត អកុសល និង អំពើអយសផ្សេងៗដើម្បីបំពេញចិត្តនាង ប៉ុន្តែអ្នកដទៃឆ្គងភ្នែក ឃ្នើសចិត្តក្រៃពេក ។ បើបុគ្គល នេះមានកូនប្រពន្ធស្រាប់ផងនោះ កូននិងប្រពន្ធមុខជាខ្ចាត់ខ្ចាយ និរាសចាកសុខជាប្រាកដ។
ដោយហេតុតែរវល់នឹងរឿងផ្គាប់ផ្គុន ទើបមិនមានពេលគិតពិចារណារកធម៌អាថ៌សម្រាប់ខ្លួន ។ លុះពេលស្លាប់ទៅ យកទៅតាមខ្លួនតែបាបកម្មដោយសារផ្គាប់ចិត្តនាង ហើយស្លាប់ទាំងបិទភ្នែកមិនជិត ស្លាប់ទាំងអាឡោះអាល័យ ចំពោះភរិយាក្មេងខ្ចី ។ ប្រការនេះ មានរឿងតាជូជក ជាគំរូស្រាប់ ។ ហេតុនេះ បុរសដែលមានវ័យចំណាស់ ហើយមាន តម្រេកតណ្ហា នាំយកស្រីក្មេងធ្វើជាភរិយា ជាប្រមុខនៃក្តីវិនាសទី១០ ។
១១- បុរសអ្នកតាំងស្រី ឬ ស្ត្រីអ្នកតាំងបុរសដែលជាអ្នកលេងខ្ជះខ្ជាយ
ការតាំងស្រី ឬ តាំងបុរសអ្នកលេងខ្ជះខ្ជាយ បានដល់ការដែលយកស្ត្រី ឬ បុរសដែលជាបុគ្គលមានចិត្តគំនិតគិតតែពីរឿងស៊ីចាយសប្បាយហ៊ឺហា មិនខ្វល់ខ្វាយ ពីរឿងសិក្សារៀនសូត្រដើម្បីចាប់យកអាជីព ឬ ប្រកបការងារក្នុងការរកនិង រក្សាទ្រព្យសម្បត្តិ មិនត្រៀមខ្លួនសម្រាប់ជីវិតនាពេលខាងមុខជាដើម មកជាគូកំណាន់ ឬ ជាគូកៀកកើយ ជាគូមេត្រី ។ ប្រការនេះ នាំអោយបុគ្គលនោះរលាយទ្រព្យសម្បត្តិ និង សមត្ថភាពដែលមានស្រាប់នោះយ៉ាងលឿន ។ មិនយូរប៉ុន្មាន គេនឹងខ្សោះអស់ទ្រព្យ ធ្លាក់ខ្លួនក្រ ហើយ ក៏មិនដឹងថា នឹងត្រូវធ្វើយ៉ាងណា ដើម្បីក្រោកឈរវិញឡើយ ។ ស្ត្រី ឬ បុរសដែលខ្លួនតាំងជាគូគាប់នោះ ប្រហែលជាងាកមកមើលងាយ បញ្ឈឺបញ្ចើចបញ្ចើដាក់បុគ្គលនោះវិញ ហើយហក់ទៅ សប្បាយហ៊ឺហាជាមួយអ្នកផ្សេងទៀត ។ ការតាំងស្រី ឬ តាំងបុរសដែលជាអ្នកលេងខ្ចះខ្ជាយ ជាប្រមុខនៃក្តីវិនាសទី១១ ។
១២- ជនអ្នកកើតក្នុងត្រកូលក្សត្រ ហើយក្រខ្សត់ធនធាន មានគំនិតគិតប៉ងជាក្សត្រ
ដោយសារតែចិត្តលោភលន់នេះ បុគ្គលដែលស្ថិតនៅក្នុងខត្តិយត្រកូល (ឬត្រកូលអ្នកដឹកនាំជាតិ) ជាត្រកូលដ៏ខ្ពង់ខ្ពស់រូបនេះ បង្កើតក្រុមបក្សពួកដើម្បីដណ្តើមរាជ សម្បត្តិ (ឬ អាសនៈជាអ្នកដឹនាំជាតិ ) ដោយហេតុតែចង់សោយសុខលើគំនរភ្នំមាស ភ្នំប្រាក់ និង ភ្នំកាមសុខផ្សេងៗ ។ បុគ្គលនេះ ចង់បានជាក្សត្រ (ជាអ្នកដឹកនាំជាតិ) នេះមិនមែន ដោយសារខ្លួនមានសមត្ថភាពដឹកនាំជាតិ ចំណែកអ្នកដឹកនាំកំពុងនៅក្នុងតំណែង ជាមនុស្សអសមត្ថភាព ឬ អ្នកអយុត្តិធម៌ជាដើមនោះទេ ការពិតគេចង់បានតំណែងនោះដោយសារតែគេចង់សោយសុខ ឬ ដោយហេតុល្មោភ ឬ ដោយភាពលង់ក្នុងការបញ្ជោររបស់អ្នកដទៃទាំងងងឹតងងល់តែប៉ុណ្ណោះ ។ ហេតុនេះ ប្រសិនបើបំណងរបស់គេបានសម្រេចមែននោះ បុគ្គលនេះមុខជាគ្មានធ្វើអ្វីសម្រាប់ជាតិ ក្រៅតែសប្បាយហ៊ឺហា ចាយបង្ហិនបង្ហោចទ្រព្យជាតិ បំផ្លាញច្បាប់រដ្ឋ បំផ្លាញភាពរលូននៃរចនាសម្ព័ន្ធនានា បំផ្លាញភាពសាន្តត្រាណរបស់សង្គមឡើយ ។ មិនយូរប៉ុន្មាន មុខជាមានការបះបោរ ហើយនឹងនាំយកបុគ្គលនេះទៅផ្តន្ទាទោសជាមិនខាន ។ ជួនកាលបុគ្គលនេះ លុះក្នុងការលួងលោម បញ្ឆោតបញ្ជោពីពួកខិលខូចក្រុមណាមួយអោយលង់ធ្វើបែបនេះ ដូចជាសរសើររឿយៗថា បុគ្គលនោះមានចារិត ប្ញកពា រូបរាង មុខមាត់ និង សមត្ថភាព...សក្តិសមនឹងឋានៈដ៏កំពូលនោះ ហើយថា ពេញចិត្តផ្ញើវាសនា និង សន្យាថានឹងជួយបុគ្គលនោះអោយបានជោគជ័យដោយប្រការផ្សេងៗជាដើម ។
តាមពិត បុគ្គលនោះគ្រាន់តែឧបករណ៍ នៃល្បែងដណ្តើមអំណាច ឬ ជាកម្មបទនៃការបំបែកបំបាក់សាមគ្គីភាពនៃរាជវង្ស (ឬគ្រួសារអ្នកដឹកនាំជាតិ ) តែប៉ុណ្ណោះ ។ ជាអកុសលបុគ្គលនោះ ដោយហេតុតែភាពលង់ខ្លៅ ឬ ដោយហេតុតែភាពល្មោភ ទើបមិនយល់ពីឧបាយនេះ ក៏ក្លាយទៅជាសត្វមាន់ដែលជនទុច្ចរិតចាប់បញ្ជល់ជាមួយគ្នាឯង ។ ប៉ុន្តែដោយហេតុតែភាពលង់ខ្លៅនេះ ប្រហែលជាមិនទាន់បានសម្រេចបំណងផង ក៏ត្រូវគេចាប់បញ្ជូលទ្រុង ឬ និរទេសបាត់ទៅហើយ ។
នៅក្នុងការឆ្លើយនឹងប្រស្នារបស់មនុស្ស និង ទេវតា ព្រះសម្មាសម្ពុទ្ធបានត្រាស់សំដែងថា ប្រមុខនៃក្តីវិនាស មាន១២ ប្រការយ៉ាងនេះឯង ។
-----------------------------------------------------------------------------------------------------------
(១) សំណាង = ការសាង គឺទង្វើដែលគេធ្វើ ឬ អ្វីដែលជាសមិទ្ធិផលនៃការសាង ដូច្នេះពាក្យថា ព្រេងសំណាង មិនមែនសំដៅលើបុណ្យពីជាតិមុនតែម្យ៉ាងឡើយ គឺមានន័យ ថា អ្វីទាំងឡាយណាដែលគេបានធ្វើហើយពីកាលមុន ដោយរួមទាំងពីអតីតជាតិ និង ក្នុងជាតិនេះ ដូចជាកាលពីខែមុន ឆ្នាំមុន ជាដើមផងដែរ ។ ឧទាហរណ៍ ចំណេះវិជ្ជាដែលយើងបានសិក្សាហើយ ក៏ចាត់ទុកជាព្រេងសំណាងមួយដែរ ។ បើបុគ្គលណានិយាយថា ពឹងលើសំណាង មានន័យថា ពឹងលើអ្វីដែលគើធ្វើ ។(ដកស្រង់ពី C.E.N news)rinsaro
Tuesday, July 6, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment