Tuesday, July 6, 2010

ការកប់មិត្ត

កាលនោះ មហាបណ្ឌិតវិសណុសម័ន ក្រាបបង្គំទូលព្រះរាជបុត្រទាំងឡាយ ដែលប្រថាប់នៅក្នុងទីចំពោះមុខដោយ
សេចក្ដីសុខសំរាន្ដលើផ្ទៃនៃប្រាសាទ ដោយស្លោកដូច្នេះថា៖

១ - អ្នកប្រាជ្ញតែងប្រើកាលវេលាអោយប្រព្រឹត្ដទៅដោយការកំសាន្ដកាព្យសាស្រ្ដ មនុស្សល្ងង់តែងប្រើកាលវេលា
អោយប្រព្រឹត្ដទៅ ដោយការប្រព្រិត្ដិសេចក្ដីវិនាសដោយការដេក និងដោយការឈ្លោះទាស់ទែង។
ព្រោះហេតុនោះទូលព្រះបង្គំ នឹងពោលកថាដ៏វិចិត្រ មានរឿងក្អែក និងអណ្ដើកជាដើមចម ទុកជាព្រះសណ្ដាប់ដើម្បី
កំសាន្ដព្រះហរិទ័យនៃទ្រង់ទាំងឡាយ។ ព្រះរាជបុត្រទាំងឡាយត្រាស់តបថា បពិតលោកអាយិៈ! សូមលោកមេត្តារាយ
រឿងនោះៗ អោយទានស្ដាប់។ បណ្ឌិតវិសណុសម័នពោលពាក្យដាស់តឿនថា «បើដូច្នោះ សូមទ្រង់តាំងព្រះទ័យស្ដាប់
ចុះការគប់មិត្រនេះនឹង ផ្ដើមពោលអិលូវនេះដូចមានស្លោកទុកជាខាងដើមថា៖
២ - អ្នកប្រាជ្ញមានចិត្ដល្អ សូម្បីខ្សត់ទ្រព្យហើយអិតកម្លាំង ក៏អាចជួយកែខៃអោយសំរេចប្រយោជន៍បានដោយរួស
រាន់ ដូចរឿងក្អែក អណ្ដើក និងកណ្ដុរ។ ព្រះរាជបុត្រទាំងឡាយសួរថា «រឿនោះតើដូចម្ដេច» បណ្ឌិតវិសណុសម័ន
ក្រាបទូលថា៖ ។



រឿងក្អែក អណ្ដើក និង កណ្ដុរ
នៅលើត្រើយស្ទឹងគោទាវរី មានជ្រៃមួយដើមធំត្រសុំមែកសាខា មែកត្រឈឹងត្រឈៃ។ ពួកហ្វូងបក្សីផ្សេងៗ លុះ
ដល់វេលាទន់ទាបព្រះសុរិយាល្ងាចថ្ងៃហើយ តែងបបួលគ្នាហើរមកពីទិសានុទិស ច្រៀវច្រៃចូលមកជ្រកអាស្រ័យ
អៃដ៏ដើមជ្រៃនោះ។ សម័យមួយ វេលាព្រឹកព្រាងស្វាងឡើង ជិតអស់ខែនៃរាត្រីកាលហើយ ព្រះចន្ទជាទីគោរពជា
នាយកនៃកងកោមុទជាតិ លិចបាត់វង់រស្មីកំពូលភ្នំអស្ដង្គត មានក្អែកមួយឈ្មោះ លឃុបតនកៈ ភ្ញាក់ឡើងពីពន់ព្រ
លឹម ក្រឡេកមើលទៅឃើញព្រានម្អ្នកមកដល់ ប្រៀបដូចឃើញព្រះយមរាជទី២ លុះឃើញហើយក៏រំពឹងគិតថា
ថ្ងៃនេះ ឃើញអុបទ្រព្យចង្រៃកើតឡើងតាំងពីព្រលឹមតែម្ដង អាត្មាអញមិនគប្បីដឹងបានថា អុបទ្រព្យចង្រៃនេះនឹង
កើតប្រាកដឡើងបែបណា! រំពឹងគិតហើយ រន្ធត់តក់ស្លុតក្នុងចិត្ដអិតអុបមា ក៏ហើរឆ្លាទៅតាមមើលស្នាមព្រាននោះ
ចរទៅ ព្រោះថា៖
៣ - មនុស្សល្ងង់តែងជួបប្រទះប៉ះទង្គិច ហេតុដែលនាំអោយកើតសេចក្ដីសោកមួយពាន់ដង រឺហេតុដែលនាំអោយ
កើតភ័យមួយរយដង ក្នុងមួយថ្ងៃៗ តែអ្នកប្រាជ្ញជួបប៉ះទង្គិចហេតុដូច្នេះអិតអង្គឺមានឡើយ។ នរជននៅក្នុងលោកនេះ
គួរធ្វើមនសិការដូច្នេះរាល់ថ្ងៃកុំខាន។
៤ - ការភ្ញាក់ក្រោកឡើងពីព្រលឹម នរជនគប្បីដាស់សតិរលឹករាល់ថ្ងៃថា «មហាភ័យទាំងឡាយជិតមកដល់ហើយ
បណ្ដាមហាភ័យទាំងឡាយនោះ ការឈឺចាប់ សេចក្ដីស្លាប់ និងសេចក្ដីទុកសោកភ័យ រឺអន្ដរាយអ្វីមួយ មុខជាធ្លាក់មក
ដល់អាត្មាអញក្នុងថ្ងៃនេះ»។
កាលនោះ ព្រានបក្សីនោះខ្មីឃ្មាត ព្រោះគ្រាប់ស្រូវ ហើយត្រដាងលប់ លុះចាត់ចែងសព្វគ្រប់ហើយ ក៏ពួនអាត្មាក្នុង
ទីមួយ។ ក្នុងកាលនោះអែង ស្ដេចព្រាបចិត្រគ្រីព ហើរចរមកពីចំងាយ ព្រមជាមួយអន្លើដោយព្រាបជាបរិវារ រេរា
លើអាកាសវេហាស៍ ឃើញគ្រាប់ស្រូវរាត់រាយខ្ចាត់ខ្ចាយដូច្នោះ ក៏ពោលរំលឹកព្រាបជាបរិវារដែលល្មោភចង់ចុះទៅ
ស៊ីគ្រាប់ស្រូវនោះថា៖ «ហេតុអ្វី ក៏មានគ្រាប់ស្រូវនៅក្នុងដងព្រៃជ្រៅ នីរជនលន្លង់លន្លោចឆ្ងាយពីទីថានមនុស្សដូច្នេះ
ហ្ន៎ ដំណើរនេះគួរពិចារណាមើលសិន យើងឃើញរបស់នេះនឹងទុកជាលាភចំរើនក៏អិតអង្គឺមាន ព្រោះការល្មោភស៊ី
គ្រាប់ស្រូវនេះ នឹងត្រលប់អោយវិនាសអន្ដរាយ ក្ដៅក្រហាយស្ដាយក្រោយដល់យើងគ្រប់គ្នាក៏សឹងថាបាន។
៥ - ព្រោះលោភចង់បានកងមាស អ្នកដំណើរម្អ្នកធ្លាក់ផុងជាប់ក្នុងបឹង ភក់ជ្រៅឡើងមិនរួច ត្រូវខ្លាចាស់សង្រ្គប់ចាប់
ហែកស៊ីស្លាប់ទៅ។ បរិវារសួរឡើងថា រឿងនោះតើដូចម្ដេច?។ ស្ដេចព្រាបចិត្រគ្រីបនិយាយរឿង ប្រាប់ថា៖
កថាទី១
រឿងអ្នកដំណើរ និង ខ្លាចាស់
ថ្ងៃមួយ កាលខ្ញុំហិចហើរកាត់ឆ្លងទក្សិណារណ្យ ខ្ញុំបានឃើញរឿងនេះ មានខ្លាចាស់មួយធ្វើពិធីមុជទឹកលាងបាប(ទំ
នៀមសាសនាព្រាហ្មណ៍ ត្រូវមុជទឹកលាងបាប គេប្រកាន់ថាជាការបរិសុទ្ធ ។ នៅទន្លេគង្គាប្រទេសអិណ្ឌាមានព្រាហ្ម
ណ៍រាប់ពាន់អ្នក ចុះទៅមុជទឹកលាងបាបរាល់ៗថ្ងៃ។ នៅប្រទេសខ្មែរយើងគេយកទឹកដូងជនួសទឹកគង្គា លាងធាតុ
ប្រកាន់ថាបរិសុទ្ធជ្រះអុបទ្រព្យចង្រៃ។) ហើយឡើងមកដៃកាន់ស្បូវភ្លាំង ឈរទៀបមាត់ស្រះ ស្រែកហៅអ្នកដំ
ណើរម្អ្នកថា៖ «នែអ្នកដើរ! អ្នកចូលមកយក កងមាសអែនេះ»។ លំដាប់នោះ អ្នកដំណើរបានលឺហើយ ក៏មានចិត្ដ
ចង់បានកងមាសដោយក្ដីលោភទើបគិតថា «អាត្មាអញមានបុណ្យវាសនាធំណាស់ត្រូវបាន កងមាស តែក្នុងទីនេះ
ប្រកបដោយសេចក្ដីរង្គៀស ក្រែងមានសេចក្ដីអន្ដរាយ ដល់អាត្មា មិនគួរពានពារខ្លួនទេ ព្រោះថា៖
៦ - ការស្វែងលាភ ក្នុងវត្ថុដែលពេញចិត្ដអំពីមនុស្សអាក្រក់ មិនមែនជាគតិល្អទេ ព្រោះថា ទឹកអំរឹតលាយដោយពិ
សពុលមានក្នុងទីណា គេអាចស្លាប់បានក្នុងទីនោះ។ ការស្វែងរកទ្រព្យក្នុងទីទាំងពួង នឹងថាមិនត្រូវពានពារអុបស័គ្គក៏
មិនមែន ព្រោះថា៖
៧ - នរជនមិនឡើងកាន់សេចក្ដីសង្ស័យ (មិនចេះសង្ស័យ) មើលមិនឃើញសេចក្ដីចំរើនទេ ថាបើឡើងកាន់សេចក្ដី
សង្ស័យម្ដងហើយម្ដងទៀត ចិត្ដនៅសាញសាំញ៉ាំ ចេះតែសង្ស័យ ស្ទាក់ស្ទើរ កាលបើឃើញសេចក្ដីចំរើនហើយ ក៏
ឈ្មោះថាមិនឃើញដែរ។
បើដូច្នោះ អាត្មាអញគួរសួរដេញដោលអោយអស់ជើងសិន។ អ្នកដំណើរនោះ ប្រកាសសួរទៅថា «នៅអែណាកង
អែងនុ៎ះ»។ ពេលនោះ ខ្លាក៏លើកជើងមុខបង្ហាញអោយមើល។ អ្នកដើរផ្លូវពោលថា «ធ្វើម្ដេចអោយទុកចិត្ដសិទ្ធស្នា
លនឹងអែង ពីព្រោះអែងនេះជាសត្វខ្លា ចូលចិត្ដស៊ីសាច់ច្របាច់ក សំលាប់គេដូច្នេះ?»។ ខ្លាឆ្លើយតបថា៖ «នែអ្នក
អើយចូរអ្នកស្ដាប់ខ្ញុំ កាលខ្ញុំនៅពីបថមវ័យនៅឡើយ ខ្ញុំប្រព្រឹត្ដអាក្រក់មែន ខ្ញុំខាំសំលាប់គោ មនុស្សច្រើនអនេក
ដល់អំពើអាក្រក់នោះអោយផល កូនប្រពន្ធខ្ញុំស្លាប់ចោលអស់ ខ្ញុំផុតពូជអស់ហើយ ខ្ញុំនៅកំព្រាតែម្អ្នកអែង។ លំដា
ប់មក មានតាបសអិសីចិត្ដសប្បុរសម្អ្នកទូន្មាន ប្រដៅខ្ញុំអោយកាន់ធម៌ថា៖ «នែអ្នក! អ្នកចូរប្រព្រឹត្ដធម៌ អោយទា
នកុំប្រព្រឹត្ដអាក្រក់ទៀត»។ តាំងពីនោះមក ខ្ញុំធ្វើតាមពាក្យប្រៀនប្រដៅរបស់តាបសអិសី នោះដរាប មិនដែលហ៊ាន
ប្រព្រឹត្ដធ្វើអាក្រក់ទេ ប្រព្រឹត្ដមុជទឹកលាងបាបជានិច្ច រក្សាសីលដាក់ទានជាប្រក្រតី មានមេត្តាករុណា ពេលនេះខ្ញុំ
ក៏កាន់តែចាស់ជរា គ្រាំគ្រាទុព៌ល ធ្មេញក្រចកក៏រេចរិលអស់រលីងហើយ ដូចម្ដេចក៏អ្នកនៅតែមិនជឿខ្ញុំទៀតមិន
អាចយកខ្ញុំជាវិស្សាសភូមិបាន ព្រោះថា៖
៨ - ការបូជាយញ្ញ១ ការសិក្សាព្រះវេទ១ ទាន១ តបៈ១ សច្ចៈ១ សន្ដោស១ សេចក្ដីអត់ធន់១ និងការមិនលោភ១ ទាំង
៨ប្រការនេះជាបដិបទានៃព្រះវេទ បុគ្គលគប្បីចាំទុកចុះ។
៩ - បណ្ដាធម៌៨ប្រការនេះ ធម៌៤ប្រការខាងដើមគេប្រតិបត្ដិ ដើម្បីបង្អួត រឺឆបោកក៏បាន ធម៌៣ប្រការខាងចុង ស្ថិត
នៅបានចំពោះបុគ្គលមានមហាត្ម័ន(មានចិត្ដប្រសើរ)។
អិលូវនេះ ខ្ញុំអស់សេចក្ដីលោភរលីងហើយ រហូតដល់ចង់អោយកងមាសដែលនៅក្នុងដៃខ្ញុំនេះ ជាទានដល់អ្នកថែម
ទៀត តែបើទុកជាខ្ញុំប្រព្រឹត្ដល្អដូច្នេះ ក៏នៅតែពិបាកនឹងគេច រឺឃាត់ហាមលោកប្រវាទ(ពាក្យមនុស្សពោលបង្ខូច)
ពាក្យញុះញង់ស៊កសៀត មនុស្សលោកថា «ខ្លាស៊ីមនុស្ស» ព្រោះថា៖
១០ - មនុស្សលោក តែងផ្អៀងទៅតាមដំណើរហេតុដែលកន្លងទៅហើយ មិនជឿទុកចិត្ដស្រ្ដីផ្កាមាស ដែលគេបាន
អោយអុបទេស (គេបានទូន្មានល្អ) ហើយមិនគិតយកធម៌ជាប្រមាណ ដូចគេមិនជឿទុកចិត្ដព្រាហ្មណ៍ដែលធ្លាប់កា
ប់សំលាប់គោ។ មួយទៀតគម្ពីរធម៌សាស្រ្ដខ្ញុំក៏បានរៀនសូត្រអស់ជើងហើយសូមអញ្ជើញអ្នកត្រងត្រាប់ស្ដាប់ដូចត
ទៅនេះ៖
១១ - បពិត្រព្រះបាទបាណ្ឌនន្ទនៈ(នាមព្រះបាទបាណ្ឌពក្សត្រីយ៍មានបងប្អូន ៥ព្រះអង្គ ក្នុងរឿងមហាភារតៈ ជាអោរស
នាងកុន្ដី បានជានាមខ្លះថា កោនេ្ដជា ) ភ្លៀងដែលបង្អុរចុះលើផែនពសុធា ដែលរីងហែងរំហួតយ៉ាងណា ការអោយ
ភោជនាហារដល់ជនស្រេកឃ្លានអត់បាយក្រហាយទឹកក៏យ៉ាងនោះដែរ។ ការអោយទានដែលបានផលានិសង្សច្រើន
គឺការអោយទានដល់មនុស្សទីទ័លក្រលំបាកតោកយ៉ាក។
១២ -ជីវិតរបស់ខ្លួនជាទីស្រលាញ់ពេញចិត្ដយ៉ាងណា ជីវិតរបស់អ្នកដ៏ទៃក៏យ៉ាងនោះដែរ។ លោកសប្បុរសទាំងឡាយ
តែងធ្វើសេចក្ដីមេត្តាករុណាព្រោះ លោកយកខ្លួនរបស់លោកជាគ្រឿងអុបមា។ មួយទៀតលោកពោលទុកថា៖
១៣ - កំណាញ់និងការអោយទាន សេចក្ដីសុខ និងសេចក្ដីទុក្ខ ស្រលាញ់និងស្អប់បុគ្គលអាចយកប្រមាណសេចក្ដីបាន
ដោយយកខ្លួនអាត្មាជាគ្រឿងអុបមា។
១៤ - នរជនណាឃើញភរិយាអ្នកដទៃ ទុកស្មើដោយមាតារបស់ខ្លួន ឃើញទ្រព្យអ្នកដ៏ទៃទុកស្មើដោយដុំថ្ម ឃើញ
សព្វសត្វទាំងឡាយទុកស្មើដោយរូបខ្លួន នរជននោះលោកហៅថា «បណ្ឌិត»។ ខ្លួនអ្នកជាបុគ្គលទុគ៌តកំសត់ក្រីក្រក្រៃ
លែង ព្រោះហេតុនោះទើបខ្ញុំខំប្រឹងប្រែងជាបំផុត នឹងអោយទានដល់អ្នកព្រោះថា៖
១៥ - បពិតព្រះបាទបាណ្ឌុព(មើលលេខ១១) សូមទ្រង់មេត្តាករុណាចិញ្ចឹមអ្នកក្រីក្រកំសត់ទុគ៌ត កុំប្រទានទ្រព្យដល់
អិស្សរជនដែលមានទ្រព្យច្រើនឡើយ ដូចជាអោយអោសថជាប្រយោជន៍ដល់អ្នកជម្ងឺឈឺចាប់ទុរន់ទុរា ជនអិតរោ
គាព្យាធិត្រូវការ អ្វីដោយអោសថ?។
១៦ - ទានជារបស់គួរគប្បីអោយ តែអោយដល់អ្នកមិនមានអុបការគុណ មិនសូវមានប្រយោជន៍ទេ ការអោយទាន
ដែលអ្នកប្រាជ្ញពោលថាប្រកបដោយផលប្រយោជន៍នោះ គឺអោយទានត្រូវតាមកាលៈទេសៈ និងអោយដល់បុគ្គល
មានគុណគួរអោយ។
ដូច្នេះ អ្នកចូរទៅមុជទឹកលាងបាប ក្នុងត្រពាំងនេះអោយស្អាតបាតសិន ហើយសឹមឡើងមកយកកងមាសពីខ្ញុំចុះ។
លំដាប់នោះអ្នកដំណើរបានស្ដាប់ពាក្យខ្លាចាស់ពោលលលួងអោយវង្វេងស្លុងស្លាប់គំនិតហើយ ដើរចុះទៅមុជទឹក
លាងបាប ក្នុងត្រពាំងនោះដោយចិត្ដលោភលន់ពន់ប្រមាណក៏ផុងប្រាណលង់ទ្រនេសជាប់ក្នុងបឹងភក់ជ្រៅ នឹងគេច
វេះរត់លូនទៅពួនក្នុងទីអែណាក៏ពុំបាន រីខ្លាចាស់ កាលឃើញអ្នកដំណើរផុងលង់ទ្រនេស ស៊ប់ជាប់ក្នុងភក់រើខ្លួនមិន
រួចសមបំណងហើយ ទើបក្លែងធ្វើជាស្រែកជួយភ័យថា «ហា៎! ហា៎! យីអ្នកផុង លង់ក្នុងភក់ហើយតើ! មិនអីទេ ចាំខ្ញុំ
ចុះទៅជួយស្រង់ អ្នកកុំភ័យ! ថាហើយក៏ដើរចុះសន្សឹមបន្ដិចៗ ស្ទាបស្ទង់មើល ធ្វើជាខ្លាចផុងខ្លួនអែង ចូលទៅចាប់
អ្នកដំណើរនោះ។ អែអ្នកដំណើរ កាលបើខ្លាចូលទៅសង្រ្គប់ជាប់ក្នុងដៃហើយនឹកអាណិតខ្លួនទើបពោលបន្ទោស
ខ្លួនអែងថា៖
១៧ - បុគ្គលចិត្ដអាក្រក់សាមាន្យ នឹងសំគាល់បានដោយអាងហេតុថា «ចេះពោលធម្មសាស្រ្ដ » ក៏មិនមែន រឺថា
«ចេះស្វាធ្យាយគម្គីរព្រះវេទ » ក៏មិនមែនដែរ មធុរសនៃទឹកដោះគោរមែងផ្អែមល្ហែមទៅតាមប្រក្រតីរបស់ទឹក
ដោះយ៉ាងណា សភាពសត្វលោកក្នុងសំសារវដ្ដនេះលោកពោលថា ដូចគ្នាយ៉ាងនោះអែង។
១៨ - ការធ្វើអ្វីទាំងពួង នៃបុគ្គលអ្នកមានអិន្រ្ទីយ និងចិត្ដមិនលុះនៅក្នុងអំណាចខ្លួន ក៏មិនជាផល ដូចជាការលាងជំ
រះដំរី (ការលាងដំរី អិតអំពើ ព្រោះស្បែកដំរីគ្រើមៗ ហើយដំរីចូលចិត្ដបាចដីដាក់លើខ្នងខ្លួន) ពុំនោះការចេះដឹង បើ
ប្រាសចាកការធ្វើអោយជាប្រយោជន៍ហើយ ក៏ធ្ងន់ខួរក្បាលអិតអំពើ ដូចជាការបំពាក់គ្រឿងអលង្កា បំប៉នអោយ
ភរិយាចង្រៃ បានតែធ្ងន់ខ្លួនអិតប្រយោជន៍។
អាត្មាអញ ធ្វើសេចក្ដីស្និទ្ធស្នាលទុកចិត្ដ មនុស្សអាក្រក់សាមាន្យចូល ចិត្ដសំលាប់គេ ដោយហេតុអែណា ហេតុ
នោះអាត្មាអញឈ្មោះថាមិនធ្វើសេចក្ដីចំរើនទេព្រោះថា៖
១៩ - បុគ្គលមិនគប្បីធ្វើសេចក្ដីសិ្នទ្ធស្នាលទុកចិត្ដទឹកទន្លេ បុគ្គលមានសាស្រ្ដាវុធក្នុងដៃ សត្វមានក្រចកមុត សត្វមា
នស្នែង និងស្រ្ដីក្នុងរាជក្រកូលទាំងឡាយ។
២០ - សភាព(លក្ខណៈ) នៃបុគ្គលទាំងអស់ក្នុងលោកនេះគេមើលឃើញច្បាស់ប្រាកដ តែគុណធម៌ទាំងឡាយនៃបុ
គ្គល គេមើលមិនឃើញងាយទេ សភាពនៃបុគ្គលនិមួយៗ កំចាត់បង់នូវគុណធម៌ទាំងពួង ហើយចូលទៅទំនៅលើ
ក្បាលបាន។
២១ - មែនពិត ព្រះចន្ទទ្រទ្រង់នូវសហស្សរង្សី ត្រាច់ចររុងរឿងអៃនភាល័យប្រទេស កំចាត់បង់នូវងងឹតអន្ធការអ័ព្វ
សូន្យសុងកណ្ដាលដួងតារាព្រោងព្រាត សូម្បីមានរិទ្ធដល់ម្លោះ ដល់គ្រោះជោគគ្រោះជាំ ក៏ត្រូវរាហ៊ូចាប់លេបបាន
នរណាហ្ន៎! អាចវេះគេចអោយរួចពីលិខិតដែលព្រះជាម្ចាស់ត្រាទុកអៃដ៏ថ្ងាសបាន?។
រីអ្នកដំណើរនោះ កាលកំពុងត្រិះរិះពិចារណាដូច្នេះ ត្រូវខ្លាចាស់ខាំជញ្ជែងហែកស៊ីស្លាប់វិនាសអន្ដរធានអៃដ៏កាល
នោះហោង។ ហេតុនេះបានជាខ្ញុំ (ស្ដេចព្រាប)ពោលជាស្លោកមានអាទិ៍ថា៖ «ព្រោះលោភចង់បានកងមាសដូច្នេះជា
ដើម(លេខ៥)។ ព្រោះហេតុនោះ ការងារផងទាំងពួងដែលមិនបានពិចារណា អោយជុំវិញខ្លួនសព្វគ្រប់ មិនគួរគប្បី
ធ្វើឡើយព្រោះថា៖
២២ - អាហារដែលរលួយល្អ កូនមានប្រាជ្ញាឆ្លៀវឆ្លាត ភរិយាស្ដាប់បង្គាប់អោវាទព្រះនរបតីមានប្រជារាស្រ្ដស្វាមី
ភ័ក្ដិ គិតគូរអោយល្អិតល្អហើយ ទើបនិយាយ ពិចារណាអោយជុំវិញខ្លួនហើយទើបធ្វើ ទាំងអស់នេះលោកពោលថា
សូម្បីស្ថិតនៅអស់កាលយូរអង្វែងក៏ដោយ ក៏មិនឃ្លាតក្លាយទៅជាអ្វីឡើយ។
កាលនោះ មានព្រាបជាបរិវារមួយ បានលឺស្ដេចព្រាបពោលថាដូច្នេះ ហើយ ក៏ទាស់ចិត្ដនិយាយដោយអាការទ្រនង់
យង់ឃ្នងថា៖ អា៎! ដូចម្ដេចក៏លោកមានប្រសាសន៍ដូច្នេះ?។
២៣ - បើមានការអន្ដរាយមកដល់ជិត បុគ្គលគប្បីកាន់តាមពាក្យចាស់ព្រឹទ្ធាចារ្យ តែបើការពិចារណាអោយសព្វ
គ្រប់យ៉ាងនោះហើយសូម្បីស្វែងរកអាហារភោជនក៏មិនត្រូវស្វែងរកដែរ។
២៤ - បុគ្គលដែលស្វែងរកបាយនំចំណី លើផែនពសុធានេះសុទ្ធសឹង ប៉ះទង្គិចដោយសេចក្ដីរង្គៀសភ័យន្ដរាយទាំង
ឡាយ និងប្រព្រឹត្ដស្វែងរកក្នុងកាលណា? ធ្វើម្ដេចហ្ន៎ គេនឹងអាចចិញ្ចឹមជីវិតអោយប្រព្រឹត្ដទៅបាន?។
២៥ - បុគ្គលមានអិច្ឆាឈ្នានិស បុគ្គលពោលពាក្យនិន្ទារិះគន់ បុគ្គលមិនសន្ដោស បុគ្គលក្រោធច្រើន បុគ្គលមាន
សេចក្ដីរង្គៀសជានិច្ច និងបុគ្គលពឹងផ្អែកស៊ីដោយសារបុគ្គលដទៃ បុគ្គលទាំង៦ បែបនេះត្រូវទទួលចំណែក នៃសេ
ចក្ដីទុក្ខ។ ព្រាបជាបរិវារទាំងឡាយ លុះបានស្ដាប់ពាក្យព្រាបអ្នកនិយាយនោះ ហើយក៏បបួលគ្នាហើរត្រសងទៅចុះ
ក្នុងស្រែនោះ ព្រោះថា៖
២៦ - បុគ្គលជាពហូសូត្រ ចេះដឹងនូវសាស្រ្ដវិជ្ជាទាំងឡាយច្រើនមហិមា អារកាត់នូវសេចក្ដីសន្ទិះសង្ស័យគ្រប់ប្រការ
បាន កាលបើសេចក្ដីលោភចង់បាន មកបំបាំងគំនិតអោយល្ងិតសូន្យសុងហើយ ក៏តែងទទួលសេចក្ដីទុក្ខលំបាកតោ
កយ៉ាក។
២៧ - សេចក្ដីក្រោធមានដើមកំណើមកពីលោភៈ កាមរាគកើតមក ពីលោភៈ មោហៈ និងសេចក្ដីវិនាស ក៏កើតមក
ពីលោភៈដែរ ព្រោះហេតុនោះ លោភៈ ជាប្រភពនៃសេចក្ដីអាក្រក់គ្រប់ប្រការ។
២៨ - ដោយពិត ប្រើសមាសមិនដែលកើតមានទេ បើទុកជាដូច្នេះ ព្រះរាមក៏ទ្រង់នៅតែជាប់ព្រះទ័យចង់បានប្រើស
មាស រីសេចក្ដីអន្ដរាយក្នុងកាលវិបត្ដិមកដល់ សូម្បីប្រាជ្ញនៃបុរសជាតិ ក៏ត្រលប់ជាងងឹតងងល់ គិតមិនយល់បានដែរ
លំដាប់នោះ ព្រាបទាំងឡាយត្រូវជាប់លប់ក្រញង់ទាំងអស់គ្នា។ ព្រាបទាំងឡាយដែលជឿស្ដាប់ពាក្យព្រាបជាអ្នកនិ
យាយនោះ ក៏ជេរប្រទេចផ្ដាសា រអ៊ូរទាំដោយប្រការផ្សេងៗ ព្រោះថា៖
២៩ - បុគ្គលមិនគប្បី ចេញមុខជាមេគណៈ ធ្វើការងារដែលសំរេចប្រយោជន៍ទៅហើយ ត្រូវបានផលស្មើគ្នាទេ
ព្រោះថា បើការងារនោះអន្ដរាយវិញ អ្នកចេញមុខនោះត្រូវស្លាប់នៅទីនោះមុនគេ។
កាលដែលព្រាបទាំងឡាយកំពុងរអ៊ូរទាំពោលទោសព្រាបអ្នកនិយាយ នោះ ស្ដេចព្រាបប្រាប់អោយដឹងថា៖ «ទោស
នេះមិនមែនទោសព្រាបជាអ្នកនាំនោះទេ» ព្រោះថា៖
៣០ - សូម្បីមិត្រ ជាអ្នកធ្វើប្រយោជន៍អោយពិតៗ ក៏អាចក្លាយទៅជាដើមហេតុនាំបណ្ដាលអោយកើតអន្ដរាយធ្លាក់
មកបាន ដូចជាស្មងមេគោអាច ទៅជាស្នឹងចងកូនគោ។
៣១ - អ្នកណាមួយ អាចជួយអ្នកមានគ្រោះអោយរួចពីក្ដីអន្ដរាយដែលមកដល់ អ្នកនោះលោកទុកជាផៅពង្សអែ
អ្នកបណ្ឌិត មាត់បានតែពោល បន្ទោសទម្លាក់ខុសទៅគេ អួតថាខ្លួនជួយស្រោចស្រង់អោយរួចពីសេចក្ដីភិតភ័យ
នឹងទុកថាជាផៅពង្សពុំបានឡើយ។
ក្នុងគ្រាក្រ ការថយកំលាំងទឹកចិត្ដជាលក្ខណៈបុរសគំរក់។ ក្នុងរឿងនេះ ត្រូវសំដែងសេចក្ដីម៉ឺងម៉ាត់អង់អាច ហើយ
ត្រិះរិះរកអុបាយរើខ្លួនតទៅ ព្រោះថា៖
៣២ - (១)ចិត្ដម៉ឺងម៉ាត់ក្នុងគ្រាក្រទុក្ខព្រួយចិត្ដនឹងធឹងក្នុងគ្រាសុខចំរើន សេចក្ដីអង់អាចក្នុងទីប្រជុំដោយសំដីថ្វីមាត់
ចិត្ដក្លៀវក្លាក្នុងរណរង្គ (២) ចិត្ដត្រេកអរក្នុងយសនិងចិត្ដស្រវាស្រទេញក្នុងការសិក្សាទាំងអស់នេះ ជាសក្ខណៈសម្ប
ត្ដិមានជាប្រក្រតី ចំពោះតែបុគ្គលមានមហាត្ម័ន(មានចិត្ដប្រសើរ)។
(១ = ហិតោបទេស របស់លោកឡង់សឺរ៉ូ មានគាថាលើសដូច្នេះ នរជនណា អាចជួយស្រោចស្រង់យើងអោយរួច
ពីក្ដីអន្ដរាយ និងចេះរកអុបាយជួយអោយរួចភ្លាមៗមិនបង្អង់ នរជននោះ លោកហៅថា មិត្រពិត ។ ២ = សមរភូមិ
ទីចំបាំងជាញជ័យ
៣៣ - អ្នកណាមិនរីករាយហួសហេតុក្នុងគ្រាបានសេចក្ដីសុខចំរើន មិនខូចកំលាំងទឹកចិត្ដ ក្នុងគ្រាក្រទុក្ខព្រួយ មាន
សេចក្ដីក្លាហានក្នុងរណរង្គ (សមរភូមិទីចំបាំងជាញជ័យ) មាតាបង្កើតកូនដែលមានតិលកៈ(បុរិសលក្ខណៈនៃបុគ្គល
ដ៏ប្រសើរក្នុងត្រៃភព ជាតិអិណ្ឌូចូលចិត្ដ តិលកៈ នេះយកទៅគូសនៅថ្ងាស ទុកជាគ្រឿងប្រសើរសំរាប់សំគាល់និកា
យខ្លួន) ដូច្នេះក្នុងលោកទាំង បីនេះកម្រមានណាស់។
៣៤ - ក្នុងលោកនេះ ទោស៦ប្រការ បុគ្កលប្រាថ្នាសេចក្ដីសុខចំរើន គួរគប្បីលះបង់ចោល គឺដេកទ្រមក់១ ខ្ជិលច្រ
អូស១ ភ័យមួយ១ ក្រោធ១ ទន់ មូរមុខ១ និង ឡេឡាយឺតយូរក្រោយគេ១។
អិលូវនេះ គួរយើងទាំងអស់គ្នាធ្វើយ៉ាងនេះ ត្រូវអ្នកទាំងអស់ស្រុះចិត្ដគ្នាតែមួយហើយស្ទុះហើរតែមួយអែកកប្ប
ហារអោយព្រមគ្នា ទើបរបើកលប់រួចខ្លួនបាន ព្រោះថា៖
៣៥ - ការវេញចងបាច់វត្ថុអ្វីមួយ សូម្បីតូចឆ្មារអោយរួបរួមគ្នា ក៏អាចញ៉ាំងការងារអោយសំរេចប្រយោជន៍បាន ដូច
គេប្រមូលស្មៅវេញជាទន្លីងយកទៅធ្លីងដំរីចុះប្រេងអោយជាប់បោលទៅណាមិនរួច។
៣៦ -ការចងបាច់វង្សត្រកូលរបស់ខ្លួនសូម្បីពីរបីអ្នក អោយរួបរួមមូលត្រកូលគ្នា ក៏ជាការគាប់ប្រសើរល្អណាស់
ដូចគ្រាប់ស្រូវដែលបកសំបកចេញ ហើយយកទៅសាបព្រោះមិនដុះលូតលាស់ឡើងបានទេ។
លុះព្រាបទាំងឡាយ បានស្ដាប់ពាក្យណែនាំស្ដេចព្រាប ឈ្មោះចិត្ដគ្រីពហើយ ព្រមព្រៀងបបួលគ្នាស្ទុះហើរជាអែក
កប្បហារ របើកលប់បានរួចពីក្ដីវិនាសអន្ដរាយ នោះទៅហោង។ រីអែព្រានបក្សីលបចាំមើល ឃើញហ្វូងបក្សីស្រុះ
គ្នាទទះស្លាបហើរ របើកលប់រត់រួចទៅបានដូច្នោះ ក៏នឹកស្ដាយណាស់រត់ទៅតាមបណ្ដើរគិតបណ្ដើរថា៖
៣៧ - ហ្វូងបក្សីនេះស្រុះចិត្ដចងគ្នាជាបាច់ ស្ទុះហើររបើកលប់រត់រួចទៅអស់រលីង តែបើវាចុះដីដរាបណា វានឹងនៅ
ក្នុងកណ្ដាប់ដៃអាត្មាអញដរាបនោះមិនខានឡើយ។
បក្សីទាំងឡាយ ខំប្រឹងហើរទៅឆ្ងាយសន្លឹម ក្រឡេកមើលមកក្រោយ ឃើញព្រានអស់សង្ឃឹមក្រឡប់វិលវិញហើយ
ក៏សួរទៅកាន់ស្ដេចព្រាបចិត្ដគ្រីបថា៖ បពិតលោកជាស្ដេចបក្សី អិលូវនេះ តើគួរនឹងធ្វើដូចម្ដេចតទៅទៀត?ស្ដេច
ព្រាបឈ្មោះចិត្រគ្រីពឆ្លើយតបថា៖
៣៨ - មាតា មិត្រ និង បិតាត្រៃអង្គនេះជាអ្នកធ្វើហិតានុហិតតាមសភាពខ្លួន អែអ្នកដ៏ទៃទៀតក៏ធ្វើហិតានុហិតបែ
បនេះដែរ ព្រោះគេយកទីមាតា មិត្រ បិតា មកទុកជាហេតុដើម។
កាលបើដូច្នេះ យើងមានមិត្រមួយ ឈ្មោះហិរណ្យកៈជាស្ដេចកណ្ដុរ ចិញ្ចឹមជីវិតអាស្រ័យនៅនាអញ្ញប្រទេសឈ្មោះ
ចិត្រវ័ន ទៀបឆ្នេរស្ទឹងគណ្ឌកី យើងនឹងសូមអោយជួយកកេរកាត់លប់ដោះអោយរួចពីគ្រោះកាចចង្រៃនេះដោយ
ធ្មេញគេ។ លុះពិចារណាឃើញដូច្នោះហើយ ព្រាបទាំងនោះ ក៏បបួលគ្នាហើរត្រសងទៅជិតព្រង់ (រន្ធ ប្រហោង) ជា
ទីលំនៅនៃស្ដេចកណ្ដុរឈ្មោះហិរណ្យកៈនោះ។
អែស្ដេចកណ្ដុរជាសត្វមានសេចក្ដីប្រយ័ត្នខ្លួនដោយក្ដីរង្គៀសពីភយន្ដរាយ បានកាយព្រង់មួយមានមាត់មួយរយកន្លែ
ង ហើយអាស្រ័យនៅក្នុងទីនោះ។ លំដាប់នោះ ស្ដេចកណ្ដុរឈ្មោះហិរណ្យកៈ លឺសូរសន្ធឹកព្រាបហើរមកចុះជិតលំ
នៅខ្លួន ក៏តក់ស្លុតរន្ធត់ក្នុងចិត្ដ ខំសម្លឹងមើលដោយសេក្ដីព្រួយបារម្ភ ពួនសំងំនៅស្ងៀមឈឹងមិនមាត់ឡើយ។
ស្ដេចព្រាបឈ្មោះចិត្រគ្រីពស្រែកសួរថា៖ អឺសំលាញ់ហិរណ្យកៈ! ហេតុអ្វីក៏សំលាញ់នៅស្ងៀមទ្រមឹងទ្រមើយមិន
នាំពាមាត់ចេញមកទទួលយើងសោះ ? ខណៈនោះស្ដេចកណ្ដុរស្ដាប់សំដីស្ដេចព្រាបបាន ក៏ស្ទុះចេញមកក្រៅដោយ
ប្រញាប់ប្រញាល់ ហើយឆ្លើយឆ្លងទៅវិញថា «អា៎ សំលាញ់! ខ្ញុំមានភ័ព្វណាស់ចិត្រគ្រីពសំលាញ់ជាមិត្រស្មើចិត្ដស្មើ
ថ្លើមគ្នា អិលូវមកដល់ហើយតើ!។
៣៩ - ក្នុងលោកនេះ មិនមានអ្នកណាមានបុណ្យវាសនាជាងអ្នកដែលបានជួបប្រទះសន្ទនារីករាយជាមួយនឹងមិត្រ
អ្នកដែលស្ថិតនៅរួមមួយអន្លើដោយមិត្រ និងអ្នកដែលប្រាស្រ័យប្រាប់សុខទុក្ខទៅវិញទៅមកមួយអន្លើដោយ មិត្រ
ដូច្នេះទេ។
កាលកណ្ដុរឃើញព្រាបទាំងឡាយជាប់ចំណងលប់ដូច្នោះ ក៏ភ្ញាក់ព្រើត ទ្រឹងមួយស្របក់ ទើបសួរហេតុនោះថា៖ «នែ
សំលាញ់! ចុះហេតុនេះដូចម្ដេច?» ស្ដេចព្រាបឆ្លើយប្រាប់ថា៖ «អំពើនេះជាផលកម្មរបស់យើងគ្រប់គ្នាពីបុរាណ
កាលណា៎សំលាញ់! ព្រោះថា៖
៤០ - សេចក្ដីល្អ និងសេចក្ដីអាក្រក់ ជាកម្មរបស់ខ្លួនអែណា ព្រោះហេតុអែណា ដោយប្រការអែណា ក្នុងកាលអែ
ណា ដរាបណា ក្នុងទីអែណា អំពើនោះ សំរេចផលតាមអំណាចនៃព្រះព្រហ្មបង្កើតលោក ព្រោះហេតុនោះ ដោយ
ប្រការនោះ ក្នុងកាលនោះដរាបនោះក្នុងទីនោះ។
៤១ - រោគាព្យាធិសោកសង្រេងសង្រៃ សេចក្ដីក្ដៅក្រហាយការជាប់អន្ទាក់ចំណង និងសេចក្ដីវិនាសអន្ដរាយទាំង
ឡាយនេះ ជាផលដែលមកពីព្រឹក្សាជាតិ គឺទោសកំខុសខ្លួននៃមនុស្សទាំងឡាយ
ស្ដេចកណ្ដុរបានស្ដាប់ពាក្យនេះហើយ ក៏ស្ទុះចូលទៅជិតសំលាញ់ ដើម្បីកាត់ចំណងលប់ដោយប្រញាប់ប្រញាល់។
ស្ដេចព្រាបឃាត់ថា៖ «សំលាញ់! កុំអាល ឈប់សិន! ចូរអ្នកកាត់ចំណងព្រាបទាំងឡាយដែលជាបរិវារមុនសិន ហើ
យសឹមកាត់ចំណងអោយខ្ញុំក្រោយគេ»។ ហិរណ្យកៈ តបឡើងថា៖ «កំលាំងខ្ញុំ ខ្សោយណាស់ធ្មេញក៏ពុំសូវមាំមួន
ហេតុនេះ ធ្វើម្ដេចនឹងអាចកាត់អន្ទាក់អោយបរិវារអ្នកគ្រប់គ្នាច្រើនដល់ម្លេះបាន? បើដូច្នោះ ខ្ញុំកកេរកាត់អោយ
សំលាញ់មុនគេសិន បើធ្មេញខ្ញុំមិនទាន់រេចរិលទេ ខ្ញុំនឹងកកេរកាត់អោយបរិវារសំលាញ់ទាំងឡាយតទៅទៀតជា
លំដាប់ តាមកំលាំងដែលអាចនឹងកកេរកាត់បាន»។ ចិត្រគ្រីបប្រកែកខ្លាំងៗថា «ទេ!ទេ! សំលាញ់កុំធ្វើដូច្នោះទោះ
បើយ៉ាងណាក៏ដោយ សូមសំលាញ់អាណិតមេត្តាកាត់ចំណងអោយបរិវារមុនសិន សឹមកាត់អោយខ្ញុំក្រោយគេ»។
ស្ដេចកណ្ដុរថ្លែងសុភាសិតថា៖ «កិរិយាការពារថែរក្សានូវបរិវារខ្លួន ដោយការបរិច្ចាគខ្លួនជាពលិកម្មនោះ អ្នកប្រាជ្ញ
ឆ្លៀវឆ្លាតក្នុងនិតិសាស្រ្ដលោកមិនសរសើរទេ ព្រោះថា៖
៤២ -បុគ្គលគប្បីថែរក្សាទ្រព្យទុកដើម្បីការពារគ្រាក្រ គប្បីរក្សាភរិយា ដោយទ្រព្យ តែគប្បីរក្សាខ្លួនរឿយៗដោយ
ភរិយាផងដោយទ្រព្យផង។
៤៣ - ប្រាណគឺជីវិត មានការតាំងនៅមាំជាហេតុដើម្បីប្រព្រឹត្ដធម៌ស្វែងរកទ្រព្យសម្បត្ដិ សេពកាម និង រកមោក្ស
ធម៌ បើប្រាណគឺជីវិតវិនាសហើយ អ្វីមួយដែលឈ្មោះថាមិនវិនាសនុ៎ះ? ការរក្សាប្រាណគឺជីវិតអោយគង់វង់នៅ អ្វី
មួយដែលឈ្មោះថាមិនរក្សាផងដែរ?។ស្ដេចព្រាបពោលឡើងថា៖ «សំលាញ់អើយសំដីសំលាញ់និយាយមក អំបាញ់
មិញនេះ ជាគោលនៃនិតិសាស្រ្ដពិតហើយ តែថារូបខ្ញុំនៅតែមិនអស់ចិត្ដ មិនអាចឈរមើលបរិវារដែលអាស្រ័យ
នៅជារងទុក្ខវេទនាដូច្នេះចំពោះភ្នែកសោះ បានជាខំអង្វរសំលាញ់ដូច្នេះអែង ព្រោះថា៖
៤៤ - អ្នកប្រាជ្ញគប្បីលះបង់ទ្រព្យផង ជីវិតផង ជាពលិកម្មដើម្បីការពារជនដទៃ ការបរិចាគជីវិតក្នុងអំពើល្អបែបនេះ
ជាកិត្ដិយសប្រសើរណាស់ បើសេចក្ដីស្លាប់ជាធម៌ទៀង។ សំលាញ់! មានសុភាសិតដែលគួរនឹងទាញយកមកជាអា
និសង្សន៍ទៀតដូច្នេះថា៖
៤៥ -បណ្ដាគុណធម៌ទាំងឡាយគឺ ជាតិ ទ្រព្យ និង គុណសម្បត្ដិ គុណធម៌៣ប្រការនេះ បរិវារមានស្មើនឹងម្ចាស់ សំលា
ញ់! ចូរអ្នកនិយាយអោយឃើញច្បាស់មកមើល ដូចម្ដេចដែលហៅថា ភាពនៃខ្លួនជាធំវិសេសជាងគេ? ដល់កាល
ណាទៅ ត្រូវសំដែងភាពជាធំ?។
៤៦ -បរិវារទាំងឡាយនេះ មិនមានគ្រឿងអាហារចិញ្ចឹមជីវិត និងមិនលះបង់ការសំណាក់ពឹងពាក់ចោលខ្ញុំទេ ព្រោះ
ហេតុនោះសូមសំលាញ់ជួយស្រោចស្រង់ជីវិតបរិវារទាំងឡាយនេះមុនសិន សូម្បីតែត្រូវក្ដីវិនាសអន្ដរាយជីវិតខ្ញុំក៏
មិនថាដែរ។
៤៧ - នែសំលាញ់ ចូរលះបង់ព្រួយក្នុងកឡេវរៈ រាងកាយដែលនិមិត្ដដោយសាច់ទឹកមូត្រ អាច់ និង ឆ្អឹងឆ្អែងជារបស់
ពុកផុយរលួយនេះចោលអោយស្រលះទៅ សូមជួយអភិបាលលើកតំកើងយសកេរ្ដិ៍ឈ្មោះខ្ញុំវិញ។
៤៨ - ថាបើបុគ្គលគប្បីបាននូវកិត្ដិយសដែលទៀងទាត់ មិនមានមន្ទិល ដោយការបរិចាគកាយដែលផ្ទុកដោយគ្រឿង
មន្ទិលសៅហ្មង ស្មោកគ្រោក មិនទៀងទាត់នេះបាន បើដូច្នោះតើបុគ្គលនឹងមិនគប្បីកាន់យកនូវគុណធម៌គឺ កិត្ដិយស
នោះរឺអ្វី?
៤៩ - សរីរៈ និងកិត្ដិគុណ មានចន្លោះតាំងនៅឆ្ងាយពីគ្នាលន្លង់លន្លោចណាស់ សរីរៈនេះរលត់រលាយទៅក្នុងមួយខ
ណៈ អែកិត្ដិគុណស្ថិតនៅរហូត កល្យាវសាន្ដ។
កាលស្ដេចកណ្ដុរបានស្ដាប់ពាក្យពោលដូច្នេះហើយ ក៏មានចិត្ដរីករាយក្រៃលែង ព្រឺរោមព្រឺស្បែកនិយាយតបថា៖
«សាធុ! សំលាញ់ សាធុ! សំលាញ់ អែងមានចិត្ដមេត្តាករុណាទន់ភ្លន់ ចំពោះបរិវារដូច្នេះល្អណាស់ សមគួរបានជាធំ
ក្នុងត្រៃលោកនេះ។ ស្ដេចកណ្ដុរនិយាយហើយ កកេរកាត់ចំណង ដែលចងព្រាបទាំងឡាយនោះអោយរួចស្រលះ
ក្នុងកាលនោះអែងហោង។ លំដាប់នោះស្ដេចកណ្ដុរសំដែងសេចក្ដីសាទរចំពោះព្រាបទាំងឡាយ ហើយបែរទៅនិ
យាយលួងលោមស្ដេចព្រាបថា៖ «ហៃសំលាញ់ចិត្រគ្រីព! ក្នុងលោកនេះ ការជាប់លប់ជាប់អន្ទាក់ជាធម្មតាទេ ត្រូវ
ខ្លាចទោសពៃអន្ដរាយទាំងអស់នេះ តែកុំអាក់អន់ចិត្ដព្រួយបារម្ភចំពោះភ័ព្វវាសនាដូច្នេះឡើយ ព្រោះថា៖
៥១ -កាលខ្ញុំឃើញព្រះចន្ទនិងព្រះអាទិត្យ ត្រូវរាហ៊ូចាប់បៀតបៀន ឃើញដំរី និងនាគជាប់ចំណង ឃើញអ្នកប្រាជ្ញ
ឆ្លៀវឆ្លាតត្រូវក្ដីក្រីក្រលំបាកតោកយ៉ាក ខ្ញុំមានចិត្ដដូច្នេះថា «អោហ្ន៎! វិធីកម្មនេះមានរិទ្ធិតេជៈកំលាំងខ្លាំងណាស់តើ!»
៥២ -វិហគជាតិ(បក្សី) ទាំងឡាយ ហិចហើរខ្ពស់ត្រដួចចរទៅអៃដ៏អាកាសព្យោមា សមបើដែរ! ធ្លាក់ដល់ក្ដីវិនាសអ
ន្ដរាយបាន មច្ឆាជាតិទាំងឡាយអាស្រ័យនៅក្នុងសមុទ្រសាគរ មានទឹកដ៏ជ្រាលជ្រៅ រាប់ប្រមាណមិនបាន សមបើ
ដែ! ត្រូវព្រានប្រមង់ចាប់យកបានដោយការប៉ិនប្រសប់ បើដូច្នេះមែន ក្នុងលោកនេះ ចាំបាច់មានទុច្ចរិតធ្វើអ្វី? ចាំ
បាច់មានសុច្ចរិតធ្វើអ្វី? ចាំបាច់មានគុណគាប់បានលាភដ៏ស្ថិតស្ថេរធ្វើអ្វី? សេចក្ដីពិតព្រះកាល (សេចក្ដីស្លាប់ អ្នកកា
ន់សាសនព្រាហ្មណ៍ ទុកជាទេវតាមួយអង្គ កាន់នាទីខាងការបំផ្លាញជីវិតសត្វ) ជាអ្នកមានដៃក្រាលលាត ត្រដាងនូវ
សេចក្ដីអន្ដរាយទូរទៅ ហើយចាប់សំលាប់សត្វទាំងឡាយ សូម្បីស្ថិតនៅក្នុងទីឆ្ងាយស្រលោចក៏ដោយ។
ស្ដេចកណ្ដុនិយាយដាស់តឿនក្រើនរំលឹកដោយពាក្យសុភាសិត ធ្វើបដិសណ្ឋារៈទទួលរាក់ទាក់ ចាប់អោបជប់ព្រាប
ចិត្រគ្រីពនោះហើយ ទើបបញ្ជូន អោយហើរទៅស្រុកទេស តាមសេចក្ដីប្រាថ្នាព្រមទាំងបរិវារទៅហោង។ អែស្ដេ
ចកណ្ដុរ ក៏ចូលទៅក្នុងព្រង់ជាលំនៅរបស់ខ្លួនវិញក្នុងពេលនោះអែង។
៥៣ - បុគ្គលគប្បីស្វែងរកសេពគប់មិត្រអោយបានច្រើនចំនួនរាប់រយ ចូរមើល!សត្វព្រាបទាំងឡាយរួចពីចំណងច
ងសំលាប់ខ្លួនបាន ព្រោះអាស្រ័យស្ដេចកណ្ដុជាមិត្រ។
កាលនោះ ក្អែកឈ្មោះលឃុបតនកៈ បានឃើញច្បាស់នូវព្រឹត្ដិការណ៍ តាំងពីដើមដល់ចុង ក៏នឹកស្ងើចក្នុងចិត្ដអិតអុ
បមា ទើបពន្លឺវាចាសរសើរថា៖ ហៃ សំលាញ់ហិរណ្យកៈ បងអែងមានគុណគាប់ប្រសើរណាស់ អិលូវនេះ ខ្ញុំសូម
យកអ្នកជាមិត្រ! អែបងក៏គិតសង្រ្គោះលើកយករូបខ្ញុំធ្វើជាមិត្រវិញដែរ។ កណ្ដុរ បានលឺពាក្យសរសើររបស់ក្អែក
ឈ្មោះ លឃុបតនកៈហើយស្រែកសួរពីក្នុងព្រង់មកថា៖ «ចុះបងអែងឈ្មោះអ្វី?»។ ក្អែកឆ្លើយប្រាប់ថា ឈ្មោះ ល
ឃុបតនកៈ ណា៎បង!។ ស្ដេចកណ្ដុរលឺហើយអស់សំណើច សើចបណ្ដើរនិយាយបណ្ដើរថា៖ «យកបងជាក្អែកមក
ផ្អែកជាមិត្រម្ដេចកើត?» ព្រោះថា៖
៥៤ - ក្នុងលោកនេះ អ្នកមានប្រាជ្ញតែងធ្វើសមាគមចំពោះតែអ្នកដែលមាន សភាពដូចគ្នាគួរចងជាមិត្របាន ចុះ
បើខ្លួនខ្ញុំត្រូវជាចំណីអាហារ អែខ្លួនបងជាអ្នកស៊ីដូច្នេះ តើគួរចងគ្នាធ្វើជាមិត្រម្ដេចបាន?។
៥៥ - ការចងគ្នាជាមិត្ររវាងអ្នកស៊ីនិងអ្នកត្រូវគេស៊ី លោកពោលថា ហេតុនាំអោយវិបត្ដិមិត្រភាព ដូចរឿងប្រើស
ជាប់អន្ទាក់ព្រោះចចក បានក្អែកជួយស្រោចស្រង់។ ក្អែកសួរឡើងថា ចុះរឿងនោះដូចម្ដេច? កណ្ដុរហិរណ្យកៈ ចាប់
ផ្ដើមរៀបរាប់រឿងនោះដូចតទៅនេះ....។
កថាទី២
រឿងប្រើស ចចក និងក្អែក
ក្នុងប្រទេសមគធៈ មានព្រៃធំមួយឈ្មោះចម្បាកវតី ជាទីអាស្រ័យនៅ ប្រើសនិងក្អែក សត្វទាំងពីរនេះចងគ្នាជាមិ
ត្ដសិទ្ធស្នេហាស្រលាញ់គ្នាយូរយាណាស់មកហើយ។ ប្រើសតែងត្រេកត្រអាលចរទៅស្វែងរកស្មៅជាចំណីអាហារ
តាមទំនើងចិត្ដតាមធម្មតា ជាវិស័យសត្វអិតមានខ្លាចក្រែងរអែងរអាអ្វីឡើយ រហូតមានកាយធាត់មាំមួនឡើងត្រ
លុចៗ។ សម័យមួយមិនដឹងជាទេសកាល អ្វីបណ្ដាលអោយធ្លោយគំនិតភ្លាត់ខ្លួនអោយចចកឃើញ។ អែចចកលុះ
ឃើញប្រើសហើយ ក៏ត្រេកអរកខិបកខុប នឹកត្រិះរិះរកអុបាយថា៖ «ធ្វើដូចម្ដេចអេះ អាត្មាអញនឹងបានស៊ីសាច់
ប្រើសមុខគួរអោយឆ្ងាញ់នេះហ្ន៎? គង់បានកណ្ដាប់ដៃអញទេ អាត្មាអញនឹងបញ្ជោរបោកវ៉ៃអែបអោយស្និទ្ធទាល់តែ
ស្លាប់ចិត្ដជាមុនសិន»។ ចចកគិតអុបាយឃើញហើយក៏ចូលទៅសុំជួបនិងប្រើស ស្រែកសួរពីចំងាយថា៖ «អើសំលា
ញ់អើយ! អ្នកបានប្រកបដោយសេចក្ដីសុខសប្បាយរឺទេ?»។ ប្រើសបានលឺហើយដណ្ដឹងសួរថា៖ «បងឈ្មោះអ្វី?» ច
ចកឆ្លើយប្រាប់ថា៖ ឈ្មោះក្សុទ្រពុទ្ធ អាស្រ័យនៅព្រៃនេះអិតមានញាតិសាច់សន្ដានពឹងពាក់ទេ នៅត្រមង់ត្រមោច
អែកការអនាថាតែម្នាក់អែង ដូចជាមនុស្សស្លាប់ទៅហើយ ពេលនេះមានភ័ព្វសំណាងបានសាងមកជួបនឹងបង នាំ
អោយកើតសេចក្ដីស្រលាញ់ពេញចិត្ដ ហាក់ដូចជាបានចាប់កំណើតកើតក្នុងលោកនេះជាថ្មីម្ដងទៀត ហើយបានជួប
ជុំញាតិសន្ដានព្រៀងលានវិញ តទៅរូបខ្ញុំសូមធ្វើជាមិត្រស្និទ្ធស្នាលជាមួយនឹងបង គ្រាន់បានជាទីពឹងពាក់ បណ្ដើរគ្នា
ទៅមករកស៊ីតាំងពីពេលនេះតទៅ ប្រើសស្លុងចិត្ដជឿ ហើយឆ្លើយថា៖ «មិនអីទេតាមចិត្ដបងស្ម័គ្រចុះ»។
ក្សិណនោះព្រះទិនករដ៏ជាទីគោរព មានរស្មីរុងរឿងភ្លឺត្រចះពណ្ណរាយ ទ្រង់បររថប្រទក្សិណភ្នំព្រះសុមេរុ រសៀល
ជ្រៀងជ្រេរទេរទន់ទាបរៀបនឹងអស្ដង្គតរលត់ចូលទៅកាន់សន្ធិយារាត្រី នៅនាភ្នំខាងបស្ចឹមទិស សត្វទាំងពីរក៏លី
លាបណ្ដើរគ្នាត្រសងចូលទៅកាន់ទីលំនៅនៃប្រើស។ កាលនោះក្អែកឈ្មោះសុពុទ្ធិ ដែលជាមិត្រស្និទ្ធស្នេហានឹងស
ត្វប្រើសមកអស់កាលយូរអង្វែងហើយ កំពុងទុំអាស្រ័យនៅលើមែកចំបក់នោះ លុះឃើញសត្វទាំងពីរបណ្ដើរគ្នា
មកដល់ក៏សួរទៅថា! «ហៃសំលាញ់ចិត្រាង្គៈ! អ្នកទីពីរនោះហ្ន៎! ត្រូវជាអ្វីនឹងបងអែង»។ ប្រើសឆ្លើយប្រាប់ថា៖ «ជា
សត្វចចកចូលមកសូមចងស្ពានមេត្រីរាប់អានយើង»។ ក្អែកពោលឡើងថា នែសំលាញ់ការទុកចិត្ដចងមេត្រីរាប់
អានជាមួយអាគន្ដុកៈមិនស្គាល់មុខដូច្នេះមិនល្អទេ ព្រោះថា៖
៥៦ - អ្នកណានិមួយ មិនគួរគប្បីអោយទីអាស្រ័យនៅរួមគ្នាដល់មនុស្សមិនស្គាល់មុខ មានត្រកូលផ្សេងគ្នាឡើយដូ
ចត្មាតឈ្មោះជរទ្ដវៈត្រូវគេសំលាប់បង់ ព្រោះទោសមកពីឆ្មា។ ប្រើសនិងចចកសួរឡើងថា៖ «រឿងនោះតើដូចម្ដេ
ច?។ ក្អែកថ្លាថ្លែងរឿងនោះថា៖----
កថាទី៣
រឿងត្មាត ឆ្មា និង បក្សី
នៅក្បែរត្រើយទន្លេគង្គា លើភ្នំគិជ្ឈកូដមានជ្រៃមួយដើមធំត្រសុំសាខា ដ៏ហើយដោយព្រង់ជាទីអាស្រ័យនៅនៃប
ក្សី និងត្មាតឈ្មោះជរទ្គវៈ។ ដោយកម្មអាក្រក់តាមអោយផលត្មាតនោះ ក៏ទៅជាខ្វាក់ងងឹតងងល់ក្រចករេចរឹលក្សិ
លអស់រលីង។ ហ្វូងបក្សីជាតិទាំងឡាយដែលអាស្រ័យនៅនាដើមជ្រៃនោះ មានចិត្ដអាណិតអាសូរតែងរំលែកចែក
អាហារខ្លួនបន្ដិចៗម្នាក់អោយដល់ត្មាតនោះ ជួយចិញ្ចឹមអោយមានជីវិតរស់នៅតទៅ។ គ្រានោះ មានឆ្មាមួយឈ្មោះ
ទីឃ៌កណៈ ចូលមករកចាប់កូនបក្សីស៊ីជាចំណីអាហារនៅក្នុងព្រង់ឈើនោះ។ កូនបក្សី ទាំងឡាយ កាលឃើញឆ្មា
កំពុងដើរចូលមក ក៏ភិតភ័យរន្ធត់រត់ឆ្លេឆ្លាកោលាហលពេញទាំងព្រង់។ ត្មាតឈ្មោះជរទ្គវៈ បានលឺសូរសម្លេងអឹងកង
ខ្ញៀវខ្ញាដូច្នោះ ក៏ស្រែកសួរទៅថា៖ «អាណាមកធ្វើអ្វីអោយច្រួលច្របល់រចល់ដូច្នេះ?។ ឆ្មាសម្លឹង មើលទៅឃើញ
ត្មាត ក៏តក់ស្លុតញាប់ញ័រត្រិះរិះគិតថា៖ អោអាត្មាអញដល់គ្រោះស្លាប់ហើយតើ ព្រោះថា៖
៥៧ - ដរាបណាក្ដីភយន្ដរាយមិនទាន់មកដល់ទេ ដរាបនោះបុគ្គលគប្បីប្រុងប្រយ័ត្នដល់ភ័យនោះ បើក្ដីភយន្ដរាយ
មកដល់ហើយ បុគ្គលគប្បីក្លាហាន តស៊ូនឹងភ័យនោះ តាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយ។
អិលូវនេះអាត្មាអញចូលមកខកខ្លួនដល់ជិតក្ដីស្លាប់ហើយ នឹងដកខ្លួនថយរត់ទៅក្រោយវិញក៏មិនបាន ណ្ហើយចុះបើ
មានការណ៍យ៉ាងណាកើតឡើង ក៏តាមការណ៍ចុះ អាត្មាអញនឹងចូលទៅអោយដល់ត្មាត វ៉ៃអែបអោយសិទ្ធជាមុន
សិន។ ឆ្មាគិតរកអុបាយឃើញដូច្នេះហើយ ក៏លោតចូលទៅជិតត្មាត ពោលពាក្យ សំពះជំរាបសួរលោក។ ត្មាតសួរ
ថា៖ អែងជាអ្វី? ឆ្មាឆ្លើយតបទៅវិញថា៖ «ខ្ញុំជាសត្វឆ្មា»។ ត្មាតនិយាយកំហែងថា៖ នែអាសត្វចង្រៃ! ចូរថយចេញ
អោយឆ្ងាយទៅ បើមិនថយចេញទេ អាអែងត្រូវគ្រោះស្លាប់អិលូវមិនខាន។ ឆ្មានិយាយអង្វរករថា៖ «សូមលោក
ស្ដាប់ពាក្យខ្ញុំបាទសិន កាលបើលោកស្ដាប់ពាក្យខ្ញុំបាទហើយ ឃើញថាគួរសំលាប់កាលណា ខ្ញុំបាទក៏សុខចិត្ដទទួល
ស្លាប់អិតប្រកែកកាលនោះ ព្រោះថា៖
៥៨ - ហេតុអ្វីក៏ស្រាប់តែត្រូវគេកាប់សំលាប់ រឺត្រូវគេបូជាដល់អ្នកណានិមួយ តាមតែជាជាតិអ្វីក៏ដោយតែម្ដង គួរ
តែពិចារណាអោយជុំវិញខ្លួនមើលអោយឃើញច្បាស់សេចក្ដីប្រព្រឹត្ដរបស់គេសិន សឹមយល់ជាគួរសំលាប់រឺពុំនោះ
គួរបូជា។ ត្មាតស្ដាប់ហើយនិយាយថា៖ «មើល៍! និយាយមកមើលអាអែងចូល មកនេះត្រូវការរកអ្វី?»។ ឆ្មាឆ្លើយប្រា
ប់ថា «ខ្ញុំ
បាទនៅក្បែរត្រើយទន្លេគង្គារនេះអែង ប្រព្រឹត្ដមុជទឹកលាងបាបជានិច្ច ប្រព្រឹត្ដព្រហ្មចរិយធម៌ជាប្រក្រតី មិនហ៊ាន
ស៊ីសាច់ឈាមទេ សមាទានតែចន្រ្ទាយណព្រត (១) ខ្ញុំបាទបានលឺហ្វូងបក្សីជាតិ សរសើរកិត្ដិគុណលោកចំពោះមុខខ្ញុំ
បាទជារឿយៗថា លោកជាអ្នកចេះដឹងច្រើន ចិត្ដធន់ក្នុងធម៌ ល្មមទុកចិត្ដសិទ្ទស្នែហា យកជាវិស្សាសភូមិ ហេតុនេះ
បានជាខ្ញុំមានចិត្ដត្រេកអរចង់ចូលមកត្រងត្រាប់ស្ដាប់ធម៌រៀនវិជ្ជា ច្បាប់គតិលោកគតិធម៌ អំពីសំណាក់លោកដែល
ជាបុគ្គលចាស់ព្រឹទ្ធាចារ្យ មានការចេះដឹងស្ទាត់ជំនាញប្រសប់ប៉ិនប៉ាវក្នុងវិជ្ជាផ្សេងៗ ហេតុអ្វីក៏លោកដែលជាអ្នកចេះ
ធម៌អាថិជ្រាលជ្រៅប្រាកដយ៉ាងនេះ បែរទៅ ជារករឿងកាប់សំលាប់ខ្ញុំបាទដែលជាភ្ញៀវទៅវិញ ព្រោះធម៌ជានាទីអ្នក
គ្រប់គ្រងផ្ទះនេះលោកពោលថាដូច្នេះ៖
១ = ការប្រតិបត្ដិវត្ដតាមដំណើរព្រះចន្រ្ទតាមទំនៀមប្រទេសអិណ្ឌា។ព្រតនេះមានច្រើនបែប ព្រតដែលគេប្រតិ
បត្ដិ ដោយច្រើននោះគឺការប្រព្រឹត្ដបរិភោគបាយ ១៥ពំនូតនៅថ្ងៃ១៥កើត ហើយបន្ថយ១ថ្ងៃ១ពំនូតទៅខាងរនោចគឺ
ថ្ងៃទី២បរិភោគ១៤ពំនូត ថ្ងៃទី៣ បរិភោគ ១៣ពំនួត ធ្វើដូច្នេះរៀងរាល់ថ្ងៃដល់ទី១៥ គេអត់អាហារ។ ដល់ខាងខ្នើត
ថ្ងៃ ១កើត គេបរិភោគកើន១ពំនូតវិញ គឺថ្ងៃទី១បរិភោគ១ពំនូត ថ្ងៃទី២បរិភោគ២ពំនូត ធ្វើដូច្នេះរៀងទៅដល់ថ្ងៃ១៥
កើតគេបរិភោគ១៥ពំនូត។
៥៩ - បុគ្គលគប្បីធ្វើបដិសណ្ឋារៈ ទទួលភ្ញៀវដែលមកដល់ផ្ទះហើយ ទោះបីភ្ញៀវជាសត្រូវក៏ដោយ ដូចព្រឹក្សាជាតិ
តែងអោយម្លប់ជាទីសំចតមិនរើសមុខ សូម្បីនាក់កាប់ឈើក៏ដោយ។
បើទុកជាខ្សត់ខ្សោយទ្រព្យ មិនមានចំណីអាហារទទួលភ្ញៀវដែលមកដល់ដោយហោចទៅ ក៏គួររាប់អានរាក់ទាក់ទ
ទួលភ្ញៀវ ដោយសំដីដ៏ពិរោះជាទីត្រេកអរដែរ ព្រោះថា៖
៦០ - ស្មៅ រឺចំបើងសំរាប់អុជបំភ្លឺ ភូមិទីលំនៅ ទឹក និង សំដីពិរោះផ្អែម ធម៌៤ប្រការនេះ ក្នុងកាលណាក៏ដោយមិន
ដែលខ្វះខាតរលីបរលាប ក្នុងផ្ទះលោកអ្នកសប្បុរសទាំងឡាយទេ។
៦១ - លោកសប្បុរសទាំងឡាយតែងសំដែងមេត្តាករុណាចំពោះសត្វ ទាំងឡាយមិនរើសមុខ សូម្បីបុគ្គលថោកទាប
ក៏ដោយ ដូចជាព្រះចន្ទនឹងថាកំណាញ់ពន្លឺមិនអោយដល់លំនៅជនចណ្ឌាល ក៏អិតអង្គឺមានឡើយ។ (ហិតោបទេសបា
រាំងរបស់លោកឡង់សឺរូ និងសៀមរបស់លោកនាគប្រទីប មានគាថាលើសដូច្នេះគឺ ទោះពីក្មេងកំលោះក្រមុំ រឺចាស់
ព្រឹទ្ធាចារ្យ ដែលមកដល់ផ្ទះហើយ បុគ្គលត្រូវតែជ្រះថ្លាទទួលរាក់ទាក់ដោយការរាប់អានយ៉ាងខ្ពង់ខ្ពស់ ព្រោះក្នុង
លោកនេះ គេទុកភ្ញៀវជាបុគ្គលខ្ពង់ខ្ពស់ជាងជនទាំងពួង)។
៦២ - ភ្ញៀវវិលត្រលប់ចេញពីផ្ទះអ្នកណា ដោយក្ដីក្ដៅក្រហាយចិត្ដ ភ្ញៀវនោះឈ្មោះថាប្រគល់អោយនូវបាប អព
មង្គលដល់អ្នកម្ចាស់ផ្ទះនោះ ហើយកាន់យកសេរីសួស្ដីត្រលប់ទៅវិញ។
៦៣ - បុគ្គលមានគោត្រកូលអុត្ដមខ្ពង់ខ្ពស់ បើមានភ្ញៀវត្រកូលថោកទាបមកដល់ផ្ទះហើយ ក៏គួរតែគោរពបូជាតា
មគួរដែលអាចទទួលបាន ព្រោះភ្ញៀវទាំងអស់សុទ្ធតែទេវតា។
ត្មាតនិយាយកាត់ថា «អោយឈ្មោះតែឆ្មាហើយ សុទ្ធតែជាសត្វចូលចិត្ដ ស៊ីសាច់ជាអាហារទាំងអស់ នៅក្នុងព្រង់ដើ
មឈើនេះ មានសុទ្ធតែកូនបក្សីអាស្រ័យនៅ ហេតុនេះកូវ បានជាអញនិយាយហាមឃាត់យ៉ាងនេះ»។ ឆ្មាស្ដាប់ពា
ក្យត្មាតហើយ ក៏ស្រពោនអោនដាក់មុខ យកជើងមុខស្ទាបត្រចៀកទាំងសងខាង ក្រាបសំពះនិយាយបញ្ជាក់ថា! ខ្ញុំ
បាទបានសិក្សាគម្ពីរធម្មសាស្រ្ដចប់អស់ហើយ បានប្រព្រឹត្ដធម៌ លះបង់រាគៈ មោហៈ សមាទានចន្រ្ទាយណព្រត ជា
ទុក្ករកម្មដ៏ក្រៃលែង សូម្បីគម្ពីរធម្មសាស្រ្ដទាំងឡាយ ដែលមានសេចក្ដីខ្លះប្លែក គេតែងជជែកវែកញែកគ្នាទៅវិញ
ទៅមក ក៏គង់រួមគោលសេចក្ដីធំដើមមកនៅត្រឹមមួយម៉ាត់គឺ «អហឹង្សាការមិនបៀតបៀន» ថាជាធម៌ដ៏ប្រសើរ
ក្រៃលែង ព្រោះថា៖
៦៤ - នរជនណាមិនបៀតបៀនសព្វសត្វទាំងឡាយអោយក្ដៅក្រហាយមានព្យាយាមអត់ធន់ចំពោះការងារទាំងពួង
និង ជាទីពឹងពុំនាក់អាស្រ័យនៃសព្វសត្វ នរជននោះឈ្មោះថា កសាងស្ពានទៅកាន់ស្ថានសួគ៌។
៦៥ - មានតែធម៌ទេ លោកហៅថា «មិត្រធម៌» ដែលជាប់ដិតតាមជាមួយខ្លូនទៅក្នុងពេលស្លាប់ អែអវយវដ៏ទៃទៀត
សុទ្ធតែដល់នូវក្ដីវិនាសអន្ដរាយ ជាមួយនឹងសរីរាងកាយទាំងអស់។
៦៧ - កាលបើអ្នកនឹងស៊ីសាច់គេ គួរពិចារណាមើល អ្នកស៊ីសាច់គេ និង សាច់គេដែលអ្នកត្រូវស៊ី អោយឃើញ
ប្លែកគ្នាទាំងសងខាងសិនថា អ្នកម្ខាងបានឆ្អែត មានបីតិរីករាយតែក្នុងមួយខណៈប៉ុណ្ណោះ អែអ្នកម្ខាងទៀតនោះត្រូវ
បាត់បង់ជីវិត។
៦៨ - នរជនតែងមានសេចក្ដីទុក្ខព្រួយ ដោយគិតឃើញថា «ខ្លួនត្រូវគេសំលាប់» កាលបើគិតឃើញដូច្នេះគ្រប់គ្នា
ហើយ និយាយថ្វីដល់ទៅមិត្រ សូម្បីសត្រូវក៏អាចជួយការពារជីវិតបាន។
៦៩ - បុគ្គលគប្បីបំពេញផ្ទៃខ្លួនអែង ដោយបន្លែជារុក្ខាលតាជាតិ ដែលដុះក្នុងព្រៃតាមទំនើងវាបាន ហេតុអ្វីក៏ចាំបាច់
កាប់សំលាប់គេ ដ៏អាក្រក់ក្រៃលែងដើម្បីបំពេញផ្ទៃខ្លួនគ្រាន់តែស្រេកឃ្លានប៉ុណ្ណោះ?។
កាលឆ្មា វិឡារជាតិ និយាយបន្ទន់ចិត្ដត្មាតអោយជឿទុកចិត្ដហើយ ក៏សរសៀចូលទៅក្នុងព្រង់ជ្រៃនោះបាន។ លំដាប់
មកឆ្មាចាប់កូនបក្សីក្នុងព្រង់យកមកហែកជញ្ជែងស៊ីជាចំណីអាហាររាល់ៗថ្ងៃ អែមេបក្សីទាំងឡាយលុះឆ្មាស៊ីកូន អ
ស់ហើយ ក៏សោកសង្រេងសង្រៃយំខ្ញៀវខ្ញា រត់ឆ្លេឆ្លាទៅខាងនេះខាងនោះ ប្រជុំគ្នាសើបសួររកដំណើរដើមទងនៃ
ការបាត់កូន។ អែឆ្មាលុះបានដឹងរឿងនោះហើយ ក៏បោលចេញពីព្រង់រត់ទៅខាងក្រៅបាត់ភ្លាម។ ក្រោយដែលឆ្មារត់
បាត់ទៅ បក្សីទាំងឡាយបបួលគ្នាគយគន់មើលខាងនេះខាងនោះ ប្រទះឃើញតែឆ្អឹងកូន នៅក្នុងព្រង់ដើមជ្រៃនោះ
ក៏ចោទប្រកាន់ត្មាតចាស់នោះថា៖ «ត្មាតខ្វាក់កញ្ចាស់ នេះអែងដែលស៊ីកូនរបស់យើង» ទើបបក្សីទាំងអស់នោះមូល
មតិគ្នាសំលាប់ ត្មាតចាស់ចោលបង់សៀតអៃដ៏កាលនោះទៅ។ ហេតុនោះបានជាខ្ញុំ(ក្អែកឈ្មោះ សុពុទ្ធិ) ពោលថា៖
«អ្នកណានិមួយមិនគួរគប្បីអោយទីអាស្រ័យនៅរួមគ្នាដូច្នេះជាដើម(៥៦)។
កាលនោះ ចចកបានស្ដាប់ក្អែកនិយាយមកត្រូវគំនិតខ្លួនហើយក៏ក្រេវក្រោធច្រលោតខឹង និយាយស៊កតបទៅវិញ
ថា៖ «កាលបងអែងនិងប្រើសបានមកជួបប្រទះគ្នាជាបឋមនោះ រូបរាងក៏មិនបានស្គាល់វង្សត្រកូលនិងចិត្ដថ្លើមបង
ក្អែកដែរ ហេតុអ្វីក៏បងអិតចេះស្នេហាស្រលាញ់គ្នាសិទ្ធស្នាលរហូតមកកើត?។
៧០ - ទីឋានណា មិនមានអ្នកប្រាជ្ញរាជបណ្ឌិត ទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្ដិចបន្ដួចក៏គួរលើកដំកើងសរ
សើរ ដូចប្រទេសណានិមួយដែលអិតមានព្រឹក្សាជាតិ បើមានតែដើមល្ហុង ក៏លោកសន្មត់ថា ជាដើមឈើបានដែរ។
៧១ - អ្នកនេះជាពួកយើង អ្នកនោះជាពួកគេ នេះជាសំដីអ្នកមានចិត្ដគំនិតស្រាលទេ អែអ្នកដែលមានការសិក្សា
ច្រើន មានចិត្ដគំនិតល្អតែងនិយាយថា អ្នកនៅលើផែនពសុធាសុទ្ធតែជាផៅពង្សនឹងគ្នាទាំងអស់។
ប្រើសនេះជាផៅពង្សរូបខ្ញុំយ៉ាងណា បងអែងក៏យ៉ាងនោះដែរ។ ប្រើសឆ្លើយ «និយាយជជែកតវ៉ាគ្នាតទៅទៀតបាន
ប្រយោជន៍អ្វី។ ចូរយើងទាំង៣នាក់ នៅជាសុខសប្បាយក្នុងទីនេះជាមួយគ្នាជាមិត្រសិ្នទ្ធស្នាលតទៅ ព្រោះថា៖
៧២ នឹងថាអ្នកណាជាមិត្រអ្នកណាក៏ពុំទាន់បាន នឹងថាអ្នកណាជាសត្រូ វនឹងអ្នកណាក៏ពុំទាន់បាន ដោយអំពើដែល
គេប្រព្រឹត្ដទើបគេស្គាល់គ្នា «អ្នកនេះជាមិត្រ អ្នកនោះជាសត្រូវ»។
ក្អែកនិយាយចាក់បណ្ដោយតាមថា៖ «យ៉ាងនេះក៏បាន»។ លុះព្រឹកព្រាងស្វាងឡើង សត្វទាំងបីបបួលគ្នាទៅស្វែងរក
ចំណីអាហារតាមទីថានដែលខ្លួនគាប់ចិត្ដ ថ្ងៃមួយចចកនិយាយនឹងប្រើសដោយសំងាត់ថា៖ «សំលាញ់អើយ! នៅក្នុង
ព្រៃមួយមានស្រែមួយពេញដោយសន្ទូងលាស់ខៀវខ្ចី រូបខ្ញុំនឹងនាំសំលាញ់ភក្ដីទៅបង្ហាញសន្ទូងក្នុងស្រែនោះ»។ លុះ
ចចកបង្ហាញស្រែនោះហើយ ប្រើសទៅរកស៊ីសន្ទូងក្នុងស្រែនោះតែរាល់ថ្ងៃ។ កាលនោះអ្នកស្រែបានឃើញប្រើ
សចេះតែចូលទៅស៊ីសន្ទូងក្នុងស្រែខ្លួន ក៏គ្នាន់ក្នាញ់មួម៉ៅក្នុងចិត្ដណាស់ ទើបធ្វើអន្ទាក់ដាក់ប្រើសនោះ។ តមកមិន
យូរប៉ុន្មានប្រើសមកស៊ីសន្ទូងក្នុងស្រែនោះទៀត ត្រូវអន្ទាក់ជាប់រើខ្លួនមិនរួចទើបត្រិះរិះគិតថា «ក្រៅពីមិត្រនរណា
ហ្ន៎អាចជួយដោះទុក្ខអាត្មាអញចេញពីអន្ទាក់ព្រាន ដែលទុកដូចជាអន្ទាក់នៃព្រះកាលនេះបាន? កាលប្រើសកំពុងវិត
ក្កដូច្នេះ ចចកដើរមកដល់ជិត នឹងសប្បាយក្នុងចិត្ដថា៖ «អុបាយកលរបស់អាត្មាអញបានសំរេចផលតាមបំណងហើ
យតើ! កាលបើអ្នកស្រែពន្លះប្រើសនេះអាត្មាអញត្រូវបានឆ្អឹងដែលជាប់ដោយសាច់និងឈាម ដោយពិតអិតសង្ស័
យឡើយ អាត្មាអញនឹងបានភោជនាហារឆ្ងាញ់ពិសាយ៉ាងច្រើនបរិភោគមិនខាន»។ អែប្រើសលុះឃើញចចកមកដ
ល់ហើយក្រោកឈរឡើងសប្បាយចិត្ដអិតអុបមា ស្រែកប្រាប់ថា «អើ សំលាញ់អើយ! ចូរសំលាញ់ អាណិតកាត់
អន្ទាក់នេះឆាប់ៗ ដើម្បីអោយខ្ញុំបានរួចខ្លួន ព្រោះថា
៧៣ - គេដឹងចិត្ដមិត្រក្នុងគ្រាក្រ ដឹងចិត្ដទាហានក្លៀវក្លាក្នុងសង្រ្គាមដឹងចិត្ដស្មោះត្រង់ក្នុងការសងបំណុលគេ ដឹងចិត្ដ
ភរិយាក្នុងពេលខ្សត់ទ្រព្យ និងដឹងចិត្ដផៅពង្សក្នុងគ្រាវិនាសអន្ដរាយ។
៧៤ - អ្នកណាមិនលះបង់មិត្រក្នុងគ្រាមានទុក្ខ ក្នុងគ្រាអន្ដរាយ ក្នុងគ្រាទុរភិក្ស ក្នុងគ្រារាស្រ្ដចលាចល ក្នុងទ្វាព្រះរា
ជា និងក្នុងអង្គព្រៃស្មសាន អ្នកនោះលោកហៅថាផៅពង្ស»។
ចចកសំលឹងមើលអន្ទាក់ មើលហើយមើលទៀតច្រើនដងឃើញថា អន្ទាក់នេះជាប់មាំមួនណាស់ទើបនិយាយថា៖
សំលាញ់អើយ! អន្ទាក់នេះធ្វើពីសរសៃសត្វថ្ងៃនេះជាភដ្ដារកវារ(ថ្ងៃព្រះជាម្ចាស់សួគ៌ គឺថ្ងៃអាទិត្យគេកាន់សីលតម
មិនធ្វើបាប មិនពាល់សាច់) ខ្ញុំយកធ្មេញទៅអោយប៉ះពាល់អន្ទាក់សរសៃសត្វដូចម្ដេចកើត? ណ្ហើយសំលាញ់ ខំអត់
ទ្រាំបន្ដិចទៅសិនចុះ ថាបើចិត្ដបងមិនមានគិតអ្វីដទៃផ្សេងទេ ចាំព្រឹកព្រាងស្អែកឡើង ពេលនោះបើបងប្រាប់អោយ
ធ្វើយ៉ាងណា ខ្ញុំនឹងធ្វើតាមចិត្ដបងមិនខាន។ ចចកថាដូចច្នោះហើយ ចូលទៅលាក់ខ្លួនពួនអាត្មា សំងំក្នុងព្រៃស៊ុមទ្រុម
ជិតខាងនោះទៅ។ ថ្លែងពីក្អែក លុះវេលារសៀលជ្រៀងជ្រេរទេរទន់ទាបព្រះទិនករ ក្រឃើញប្រើសវិលត្រលប់មក
លំនៅវិញក៏ ហើរឆ្លេឆ្លាតាមរក ខាងនេះខាងនោះ រកទៅៗ បានឃើញប្រើសមានគ្រោះជាប់អន្ទាក់ទើបសូរទៅថា៖
ហៃសំលាញ់! ហេតុអ្វីក៏ជាប់អន្ទាក់ឆ្វាក់កដូច្នេះ? ប្រើសបានស្ដាប់ពាក្យក្អែកហើយ ឆ្លើយប្រាប់ថា៖ «អំពើនេះជាផ
លនៃការមើលងាយពាក្យសំដីមិត្រនេះអែង ព្រោះថា៖
៧៥ - នរជនណា មិនជឿស្ដាប់ភាសិតមិត្រសំលាញ់ដែលប្រាថ្នាធ្វើប្រយោជន៍អោយ ក្ដីភយន្ដរាយស្ថិតនៅជិតអ្នក
នោះនរជននោះឈ្មោះថាធ្វើសេចក្ដីត្រេកអរដល់សត្រូវ។
ក្អែកសួរប្រើសថា៖ «ចុះអាចចកចង្រៃបោកប្រាស់គេនោះ វាទៅនៅអែណាហើយ?»។ ប្រើសប្រាប់ថា៖ «វាទៅពួន
សំងំនៅក្នុងព្រៃស៊ុមទ្រុមនោះអែង ដើម្បីចាំស៊ីសាច់ខ្ញុំ»។ ក្អែកនិយាយសើរើរឿងដើមមកពោលថា៖ «អើ! ដូចខ្ញុំបាន
ដាស់តឿនបងតាំងពីដើមមកហើយ។
៧៦ - បើមានអ្នកណានិមួយនិយាយថា «ខ្ញុំមិនមានចិត្ដអាក្រក់ព្យាបាទគេ ដូច្នេះក៏ដោយ បុគ្គលមិនគួរជឿពាក្យនេះ
យកជាហេតុមេត្រីសិ្នទ្ធស្នាលឡើយ សេចក្ដីពិត អ្នកដែលមានគុណគឺការចេះដឹងច្រើន ក៏តែងមានភ័យកើត មកពី
មនុស្សទុច្ចរិតទាំងឡាយដែរ។
៧៧ - មនុស្សស្លាប់ មិនធំក្លិនផ្សែងចង្កៀងដែលគេលត់ ស្ដាប់មិនលឺពាក្យដាស់តឿនមិត្រសំលាញ់ មើលមិនឃើញ
ផ្កាយអរុន្ធតី(ផ្កាយព្រឹក)។
៧៨ - បុគ្គលគប្បីវៀរមិត្រ ដែលប៉ងបំផ្លាញការងារក្នុងទីកំបាំងមុខហើយនិយាយពាក្យពិរោះផ្អែមល្ហែមក្នុងទីចំពោះ
មុខ មិត្របែបនេះប្រៀបដូចឆ្នាំង ដ៏ពេញដោយពិសពុល មានមាត់ប្រលាក់ដោយទឹកដោះផ្អែម។
ខណៈនោះ ក្អែកតានតឹងចិត្ដស្ទើរប្រេះទ្រូង ដកដង្ហើមវែងឃូរៗនិយាយថា៖ អោអាចង្រៃបោកប្រាស់នេះ!ម្ដេចក៏អា
អែងហ៊ានធ្វើកម្មអាក្រក់អ្វីម្លេះ? ព្រោះថា៖
៧៩ - ក្នុងលោកនេះ បើគេនិយាយអោយស្លាប់ចិត្ដ ដោយប្រើពាក្យផ្អែមល្ហែមដូចទឹកឃ្មុំ បើគេធ្វើអោយលុះក្នុង
អំណាចដោយអុបាយមិច្ឆាចារ គេមិនបញ្ឆោតបោកបាន? អោ! គួរសង្វេគណាស់។
៨០ - អោព្រះម្ចាស់ដែនពសុធាដ៏មានបុណ្យអើយ! ហេតុអ្វីក៏លោក ព្រមទទួលមនុស្សបោកគេ ដែលគេប្រគល់ជំ
នឿ គឺជឿទុកចិត្ដអស់ពីពោះពុង និងដែលគេមានចិត្ដបិរសុទ្ធអោយនៅលើផ្ទៃផែនដីនេះដូច្នេះ?
៨១ - បុគ្គលកុំគប្បីចងមិត្រសំលាញ់ រឺចងស្ពានមេត្រីមួយអន្លើដោយ មនុស្សទុរជនអោយសោះ ដូចជាធ្យូងបើនៅ
ក្ដៅវារលាកដៃ បើរលត់ហើយវាប្រលាក់ដៃ។ ពាក្យទាំងនេះ ជាលក្ខណៈនៃមនុស្សទុរជន។
៨២ - នៅមុខនាក់ វាសំពះលុតក្រាបជិតបាទជើង នៅក្រោយអ្នកវាបេះសាច់ឆ្អឹងជំនីរស៊ី វានិយាយសំដីទន់ផ្អែមល្អូក
ល្អិន មានលែបខាយដ៏វិចិត្រល្ហឹមៗ ជិតត្រចៀកអ្នក បើមានចន្លោះ លូកចូលទៅបេះយកថ្លើមប្រមាត់មួយរំពេច
អិតកោតញញើតឡើយ សត្វរុយវាចេះធ្វើត្រាប់លក្ខណៈមនុស្សចិត្ដអាក្រក់ សាមាន្យបានទាំងអស់។
៨៣ - មនុស្សទុរជន និយាយពាក្យពិរោះគួរជាទីពេញចិត្ដ តែមិនត្រូវយកជាហេតុមកធ្វើសេចក្ដីសិ្នទ្ធស្នាល ព្រោះ
តែសំដីពីរោះនោះទេ ប្រៀបដូចទឹកឃ្មុំជាប់នៅចុងអណ្ដាត ក្នុងចិត្ដពេញដោយពិសពុលដ៏ក្ដៅក្រហាយរោលរាល។
លុះព្រឹកព្រាងស្វាងឡើង ក្អែកសុពុទ្ធិនោះ ឃើញអ្នកស្រែកាន់ដំបងងងាសដើរមកដល់ ទើបស្រែកទៅប្រើសថា៖
«អើបងប្រើសសំលាញ់! អ្នកស្រែមកដល់ហើយ ចូរបងដេកពុតក្លែងជាស្លាប់ទៅ ធ្វើភ្នែកស្លឹង បំប៉ោងពោះអោយ
ធំ ជើងអោយរឹងស្ដូក ហើយនៅអោយស្ងៀមនឹងថ្កល់។ ដរាបណាខ្ញុំស្រែកប្រាប់អោយសញ្ញា ដរាបនោះចូរបងក្រោ
កភ្លាមយ៉ាងរហ័ស ហើយស្ទុះរត់បោលអោយអស់ទំហឹង។ អែប្រើសលុះបានស្ដាប់ពាក្យក្អែកហើយ ក៏ពុតក្លែងធ្វើជា
ស្លាប់ដូចសំដីក្អែកប្រាប់នៅនឹងថ្កល់។ ថ្លែងអែអ្នកស្រែដើរមកដល់យល់ប្រើសជាប់ អន្ទាក់ស្លាប់ក្រញង់ដូច្នោះបើក
ភ្នែកក្រលោតធំៗ រីករាយសប្បាយចិត្ដណាស់ លាន់មាត់ថា៖«អេះប៉ៃអាតាយហោង អាអែងស្លាប់ខ្លួនអែងហើយ
តើ!. ពោលហើយក៏ស្រាយអន្ទាក់ចេញពីប្រើស ដោះរួចស្រេចភ្លេចខ្លួនអាល័យតែរៀបចំអន្ទាក់ ស្រាប់តែក្អែក
ស្រែកអោយសញ្ញាក្វកៗ ប្រើសក៏ក្រោកឡើងស្ទុះបោលផ្លោះប្រិចដូចគេបោះពួយលឿនស្លៅសំដៅព្រៃប្រោក អែ
អ្នកស្រែស្រលាំងកាំង ក៏ស្ទុះរលះរលាំង ទៅចាប់បានដំបងគ្រវែងចោលប្រូសសំដៅទៅប្រើសនោះភ្លាម ហេតុតែក
ម្មតាមទាន់ ពានទៅត្រូវចចកម៉ោកដួលស្លាប់ហិនហោចទៅហោង។ ហេតុនេះអែង បានជាលោកពោលទុកថា៖
៨៤ - បុណ្យបាបដែលបុគ្គលធ្វើទុកក្នុងលោកនេះ មានកម្លាំងប្លែកចំលែកអស្ចារ្យណាស់ តែងអោយផលតបស្នង
វិញយ៉ាងយូរ៣ឆ្នាំរឺ៣ខែ ពុំនោះ៣កប្ប បើពុំនោះត្រឹម៣ថ្ងៃ។
ព្រោះហេតុនោះបានជាខ្ញុំ (កណ្ដុរហិរណ្យកៈ) និយាយជាភាសិតទុកខាងដើមថា៖ ការចងគ្នាជាមិត្ររវាងអ្នកស៊ី និង
អ្នកត្រូវគេស៊ី ដូច្នេះជាដើម(៥៥)។ ក្អែកឈ្មោះលឃុបតនកៈ ឆ្លើយឡើងថា៖
៨៥ - អោសំលាញ់ជាអ្នកនីរទុក្ខដូចស្ដេចព្រាបចិត្រគ្រីព បើខ្ញុំ ស៊ីបងជាអាហារ ខ្លួនបងតូចម្លេះមិនស្កប់ផ្ទៃខ្ញុំទេ
កាលបើបងរស់នៅ ខ្ញុំក៏ឈ្មោះថារស់នៅដែរ។
៨៦ - ទោះបីសត្វតិរច្ឆាន ដែលប្រព្រឹត្ដល្អតែម្យ៉ាង វិស្សាសៈស្និទ្ធស្នាល អាចធ្វើអោយគេឃើញជាក់ស្ែដងបាន ដូច
សភាពលោកសប្បុរសទាំងឡាយ នឹងថាវិលត្រលប់ទៅផ្សេងក៏អិតអង្គឺមាន ព្រោះលោកមានសភាពជាសប្បុរសជា
ប្រក្រតី។
៨៧ - សន្ដានចិត្ដលោកសប្បុរសទាំងឡាយ សូម្បីមានសេចក្ដីក្រេវក្រោធកើតឡើងក៏មិនប្រែព្រួលអាកប្បកិរិយា
ដូចជាគេមិនអាចយកគុបស្មៅមួយគុប ទៅដុតកំដៅទឹកសមុទ្រសាគរអោយក្ដៅពុះពោរបានឡើយ។
កណ្ដុរហិរណ្យកៈបានស្ដាប់ហើយ ក៏និយាយទៅវិញថា៖ «បងអែងនេះ ជាសត្វចិត្ដរប៉ិលរប៉ូចខិលខូចណាស់ បុគ្គល
មិនគប្បីចងជាមិត្រស្និទ្ធស្នេហាជាមួយ នឹងសត្វដូច្នេះទេ ព្រោះថា៖
៨៨ - ឆ្មា១ ក្របី១ ចៀម១ ក្អែក១ និងមនុស្សចិត្ដអាក្រក់ទាំង៥ ពួក នេះ បានសេចក្ដីរុងរឿង ព្រោះអាងស្នៀតវ៉ៃ
អែបធ្វើវិស្សាសៈសិទ្ធស្នាល ព្រោះហេតុនោះ បុគ្គលមិនគួរគប្បីប្រគល់អោយនូវវិស្សាសៈសិ្នទ្ធស្នាលចំពោះបុគ្គល
ទាំង៥ពួកនោះឡើយ។ មួយទៀតខ្លួនបងជាសត្វពួកខាងសត្រូវ នឹងយើងផង ព្រោះថា៖
៨៩ បើជាសត្រូវហើយ បុគ្គលកុំគប្បីចងមេត្រីជឿទុកចិត្ដយ៉ាងជិតសិ្នទ្ធអោយសោះដូចទឹកទុកជាពុះខ្លាំងគគ្រឹកៗក៏
អាចលត់ភ្លើងបាន។
៩០ - រីមនុស្សទុរជន សូម្បីប្រដាប់ខ្លួនដោយគ្រឿងអំពរគឺ ចំណេះវិជ្អា ក៏បុគ្គលគប្បីចៀសវាងចេញអោយផុតដូច
សត្វអសិរពិសសូម្បីប្រដាប់ដោយកែវ មណី វានឹងមិនធ្វើអោយយើងមានភ័យរឺអ្វី?។
៩១ - របស់ណាមិនអាច របស់នោះនៅតែមិនអាចពិតប្រាកដ របស់ណាអាច របស់នោះនៅតែអាចពិតប្រាកដ ដូច
ជារទេះបរទៅលើទឹកមិនបានទេ អែទូកអុំលើគោក ក៏ទៅមិនបានដូច្នេះដែរ។
៩២ -នរជនណាទៅចងចិត្ដស្និទ្ធស្នាល នឹងសត្រូវរឺភរិយាដែលមិនមានចិត្ដប្រតិព័ទ្ធខ្លួនដោយអាងថាមានទ្រព្យសម្បត្ដិ
ច្រើន ជីវិតនរជននោះឈ្មោះថា ចូលទៅដល់ទីបំផុតខែត្រត្រឹមនោះហើយ។
ក្អែកពោលតមទៅវិញថា៖ «ខ្ញុំបានស្ដាប់សំដីបងនិយាយសព្វគ្រប់អស់ ប៉ុណ្ណឹងហើយ ក៏ដូចជាឃើញថាបងមិនព្រម
ព្រៀងសោះ តែទោះជាយ៉ាងណា ក៏ខ្ញុំបានតាំងចិត្ដទុកជាមុនរួចហើយ ថានឹងយកបងធ្វើជាមិត្រស្និទ្ធស្នេហាពិតប្រាក
ដអិតសង្ស័យឡើយ ថាបើមិនដូច្នោះទេរូបខ្ញុំនឹងអត់អាហារ បោកខ្លួនសំលាប់នូវមាត់ព្រង់បង អោយស្លាប់ចោលប
ង់សៀតទៅល្អជាង ព្រោះថា៖
៩៣ - មនុស្សទុរជនចិត្ដអាក្រក់សាមាន្យ ប្រៀបដូចឆ្នាំងដីបែកបាក់ ប្រេះឆាក៏ឆាប់រហ័សណាស់ ដល់តវិញមិនជាប់
ទេ អែលោកសាធុជនចិត្ដសប្បុរស ប្រៀបដូចឆ្នាំងមាស មិនងាយបាក់បែកប្រេះឆាទេ ដល់ផ្សារភ្ជាប់វិញ ក៏ងាយ
ជាប់។
៩៤ - ជាតិលោហធាតុទាំងអស់ រលាយចូលគ្នាបាន ព្រោះដែកមានការរលាយជលក្ខណៈ ម្រឹគបក្សីទាំងឡាយរួបរួម
ចូលជាហ្វូងបានព្រោះមានរូបរាងសណ្ឋានជាលក្ខណៈ មនុស្សល្ងង់រួបរួមគ្នា ព្រោះមានភ័យ និងលាភជាលក្ខណៈ អែ
សាធុជនមានមហាត្ម័ន រួបរួមគ្នាបានដោយទស្សនាញាណ(ស្គាល់ហេតុស្គាល់ផល)។
មែនពិត សាធុជនមានចិត្ដល្អ គេមើលទៅឃើញមានអាការដូចផ្លែដូង អែអ្នកដទៃទៀត គេមើលទៅដូចផ្លែពុទ្រា
មានសំបកក្រៅរលោងស្រិលគួរជាទីពេញចិត្ដ។
៩៦ - ខ្សែមេត្រីចិត្ដនៃលោកសប្បុរសទាំងឡាយ សូម្បីមានអុបស័គ្គ អ្វីមកផ្ដាច់ពីក្ដីស្នេហាគ្នា គុណប្រសើរមិនផ្លា
ស់ប្ដូរប្រែព្រួលទេ ដូចដើមឈូក សូម្បីបាក់ពាក់កណ្ដាល ក៏នៅតែមានជាប់សរៃសអន្លាយដែរ។
៩៧ - ភាពជាបុគ្គលមានចិត្ដបរិសុទ្ធ ភាពជាបុគ្គលមានចិត្ដចង់អោយទាន ភាពជាបុគ្គលមានចិត្ដអង់អាច ភាពជា
បុគ្គលមានចិត្ដស្មើក្នុងគ្រាសុខទុក្ខ ភាពជាបុគ្គលមានចិត្ដមេត្តាករុណា ភាពជាបុគ្គលមានចិត្ដស្រលាញ់រាប់អានភា
ពជាបុគ្គលមានចិត្ដទៀងត្រង់ ទាំងអស់នេះជាគុណសម្បត្ដិនៃមិត្ដ។
ខ្ញុំនឹងទៅរកមិត្រសំលាញ់អោយប្រកបដោយគុណសម្បត្ដិដូច្នេះ ក្រៅពីរូបបងអែណាបាន?។ កណ្ដុរហិរណ្យកៈលុះ
បានលឺពាក្យក្អែកលឃុបតនកៈពោល ដូច្នោះហើយ ក៏ចេញពីព្រង់មកខាងក្រៅ និយាយតបថា៖ «ខ្ញុំមានចិត្ដត្រេក
អរចំពោះសំដីបងណាស់ ដូចបានក្រេបផឹកទឹកអំរឹត ព្រោះថា៖
៩៨ - កិរិយាមុជទឹកត្រជាក់ត្រជុំក្ដី កិរិយាប្រកបដោយខ្សែកដ៏ហើយ ដោយកែវមុក្ដាក្ដី កិរិយាប្រោះព្រំរឹតរួតសព៌ាង្គ
កាយដោយខ្លឹមចន្ទក្ដី នឹងថាមិនធ្វើបុគ្គលដែលក្ដៅស្អុះស្អាប់ ដោយកំដៅអោយត្រជាក់ស្រួលក៏មិនមែន តែមិនប្រ
សើរជាងសុភាសិតនៃលោកសប្បុរសទាំងឡាយដែលអាចចូលទៅប៉ះពាល់ដល់ ចិត្ដត្រជាក់មុនដោយបិតិជ្រះថ្លា
ដ៏ក្រៃលែង ព្រោះលោកទុកភាសិតជាត្រីមុខ ទុកដូចជាមន្ដសំរាប់ស្រូបចិត្ដលោកសប្បុរសទាំងឡាយ។
៩៩ - កិរិយាទំលាយអាថិកំបាំងក្ដី ល្មោភស្មូមក្ដី ភាពជាបុគ្គលមាន ចិត្ដរឹងរូសក្ដី ភាពជាបុគ្គលមានចិត្ដរប៉ិលរប៉ូចក្ដី
សេចក្ដីក្រោធច្រើនក្ដី ភាពជាបុគ្គលមិនមានសច្ចៈក្ដី ស្រវឹងឈ្លក់ល្បែងក្ដី ទាំងអស់នេះជាគ្រឿប្រទូស្ដនៃមិត្ដ។
តាមពាក្យសំដីដែលបងបាននិយាយមកទាំងអស់នេះ រូបខ្ញុំមិនឃើញមានទោសជាគ្រឿងប្រទូស្ដអ្វី សូម្បីតែមួយក៏
អិតអង្គឺមាន ព្រោះថា៖
១០០ បុគ្គលគប្បីសង្កេតដឹងនូវសភាពនៃបុគ្គលមានចិត្ដអាក្រក់ និងភាពនៃបុគ្គលពោលពាក្យសច្ចៈ ដោយទឹកប្រ
យោគសំដី បុគ្គលគប្បីមើលឃើញនូវ ភាពនៃបុគ្គលមានចិត្ដមិននឹងធឹង និងភាពនៃបុគ្គលមានចិត្ដមិនរប៉ិលរប៉ូច
ដោយឃើញប្រចក្សនឹងភ្នែក។
១០១ មែនពិត មេត្រីចិត្ដនៃបុគ្គលមានចិត្ដបរិសុទ្ធ មានសភាពម្យ៉ាង អែសំដីនៃបុគ្គលមានចិត្ដអាក្រក់ខិលខូច មាន
សភាពម្យ៉ាងទៀត។
១០២ មនុស្សចិត្ដអាក្រក់ចិត្ដគិតផ្សេង សំដីនិយាយផ្សេងទៀត កិរិយាប្រព្រឹត្ដធ្វើផ្សេងទៅទៀត អែបុគ្គលមានមហា
ត្ម័ន ចិត្ដគិត សំដីនិយាយប្រព្រឹត្ដធ្វើតែមួយ។
ប្រពៃហើយ! ប្រពៃហើយ! សូមអោយបងបានសំរេចតាមប្រាថ្នាកុំបីឃ្លាត លុះនិយាយដូច្នោះហើយ កណ្ដុរហិរណ្យ
កៈព្រមព្រៀងចងស្ពានមេត្រីរាប់ អានជាមួយនឹងក្អែកលឃុបតនកៈ រៀបចំភោជនាហារ ដ៏ពិសេសអោយក្អែកបរិ
ភោគស្កប់ស្កល់ ហើយក៏លាចូលទៅកាន់ព្រង់របស់ខ្លួនដូចប្រក្រដីដើមវិញ អែក្អែកក៏លាត្រលប់ទៅកាន់លំនៅខ្លួន
វិញហោង។ ចាប់ដើមតាំងពីថ្ងៃនោះរៀងមក ក្អែកលឃុបតនកៈតែងហើរទៅជួបសន្ទនាជាទីរីករាយសប្បាយជាមួ
យកណ្ដុរហិរណ្យកៈ ចែកអាហារគ្នាបរិភោគតាមមានតាមបាន សួរសុខទុក្ខទៅវិញទៅមក ធ្វើធម្មសាកច្ឆាសាកសួរ
គ្នាពីគតិលោកគតិធម៌រឿយៗ ដោយសេចក្ដីសិទ្ធស្នាលដ៏ក្រៃលែងអស់កាលយូរអង្វែង។
ថ្ងៃមួយ ក្អែកលឃុបតនកៈនិយាយប្រឹក្សាជាមួយកណ្ដុរហិរណ្យកៈថា៖ «ហៃសំលាញ់! ទីនេះសត្វក្អែកពិបាករកចំ
ណីអាហារចិញ្ចឹមជីវិតណាស់ ខ្ញុំគិតថាលះបង់ទីស្ថាននេះ ហើយនឹងហើរទៅស្វែងរកទីស្ថានអែទៀតដែលងាយរកចំ
ណីអាហារបរិភោគចិញ្ចឹមជិវិតជាងទីនេះ»។ កណ្ដុរហិរណ្យកៈ ស្ដាប់ពាក្យក្អែក ហើយមានចិត្ដបារម្ភទើបសួរទៅថា៖
«នែសំលាញ់! សំលាញ់គិតទៅនៅទីឋានណាវិញ? ព្រោះថា៖
១០៣ អ្នកមានប្រាជ្ញ កាលដែលលើកជើងក្រោយ លុះត្រាតែជើងមុខ ជាន់ស៊ុបហើយគឺថា រកទីឋានអែទៀតបាន
ហើយទើបលះបង់ទីឋានចាស់ចោលបាន»។ (ហិតោបទេសបារាំងរបស់លោកឡង់សឺរូមានគាថាផ្សេងមួយទៀតគឺ
ធ្មេញ សក់ ក្រចក និងមនុស្សបើផ្លាស់ទីកន្លែងថ្មី ក្រៅពីកន្លែងដើមមិនល្អទេអ្នកមានប្រាជ្ញារិៈគិតអោយជ្រាលជ្រៅ
ហើយ មិនគួរលះបង់ចោលទីថានឡើយ)
ក្អែកប្រាប់ថា ទីឋានដែលខ្ញុំបានពិនិត្យមើលឃើញថាល្អនោះ មានមួយកន្លែង។ កណ្ដុរហិរណ្យកៈសួរវិញថា៖ «ចុះទី
ឋាននោះនៅអែណា?»។ ក្អែកប្រាប់ថា «មានស្រះមួយទឹកថ្លាយល់ដីឈ្មោះកបូរគោរៈ (មានពណ៌ដូចកបូរ) ឋិតក្នុង
ព្រៃទណ្ឌក មានអណ្ដើកមួយឈ្មោះមន្ថរៈជាមិត្រសំលាញ់ខ្ញុំចិត្ដថ្លើមល្អណាស់ អាស្រ័យនៅក្នុងស្រះនោះព្រោះថា៖
១០៤ ការគ្រាន់តែប្រដៅនរជនទាំងឡាយដទៃ អោយគេបានជាបណ្ឌិត នរណាក៏ធ្វើបានងាយ តែការទូន្មានខ្លួនអែង
អោយប្រព្រឹត្ដទៅតាមគន្លងធម៌ជាការក្រ ធ្វើបានចំពោះតែបុគ្គលមានមហាត្ម័ន។
អណ្ដើកមន្ថរៈជាសំលាញ់ខ្ញុំ មុខជាធ្វើបដិសណ្ឋារៈទទួលដោយគ្រឿងភោជនាហារដ៏ឆ្ងាញ់ពិសាក្រៃលែង»។ កណ្ដុរ
ហិរណ្យកៈឆ្លើយតបទៅវិញថា៖ «បើដូច្នោះមែន រូបខ្ញុំនឹងក្រាញនៅក្នុងទីនេះតែម្នាក់អែងធ្វើអ្វីព្រោះថា៖
១០៥ ប្រទេសអែណា មិនមានគេរាប់អាន មិនមានផ្លូវរកស៊ីចិញ្ចឹមជីវិត មិនមានញាតិសន្ដានផៅពង្ស រឺក៏មិនមាន
វិទ្យាគមចំរើនចំណេះវិជ្ជា បុគ្គលគប្បីលះបង់ប្រទេសនោះចេញ។
១០៦ លោកយាត្រា(ការលក់ដូរ)១ សេចក្ដីភ័យ១ អាម៉ាស់មុខ១ មេត្ដាករុណា១ ការបរិចាគទាន១ ទីឋានណាមិន
មានធម៌៤ប្រការនេះទេ បុគ្គលមិនគប្បីតាំងទីឋានអាស្រ័យនៅនៅក្នុងទីនោះឡើយ។
១០៧ មនុស្សសងបំណុលគេ១ គ្រូពេទ្យ១ សមណព្រាហ្មណ៍ចេះដឹង វេទ១ ទន្លេមានទឹកថ្លាបរិសុទ្ធ១ នែសំលាញ់! ទី
ឋានណាមិនមានវត្ថុ៤ប្រការនេះទេ បុគ្គលមិនគប្បីតាំងទីលំនៅក្នុងទីឋាននោះឡើយ។
កណ្ដុរហិរណ្យកៈនិយាយថា «សំលាញ់អើយ! បងចូរនាំគ្នាទៅជាមួយផង»។ ក្អែកនាំកណ្ដុហិរណ្យកៈទៅ កាលប
ណ្ដើរគ្នាទៅនិយាយសន្ទនាគ្នាជាទីរីករាយ សប្បាយក្សេមក្សាន្ដតាមដំណើរផ្លូវរៀងទៅត្រាតែដល់ស្រះនោះ។ អែ
អណ្ដើកមន្ថរៈកាលឃើញសត្វទាំងពីរបណ្ដើរគ្នាត្រសងតាំងពីចំងាយមក រីករាយសប្បាយចិត្ដណាស់ ធ្វើបដិសណ្ឋា
រដ៏ខ្ពង់ខ្ពស់ តាមដែលបានគិតទុកមុន ទទួលក្អែកព្រមទាំងកណ្ដុរហិរណ្យកៈជាភ្ញៀវថ្មីដោយសក្ការៈរាប់អានដ៏ក្រៃលែ
ងព្រោះថា៖
១០៨ ទោះក្មេងតូច រឺកំលោះក្រមុំ ពុំនោះចាស់ព្រឹទ្ធាចារ្យក៏ដោយ ដែលជាភ្ញៀវមកដល់ផ្ទះហើយ បុគ្គលគប្បីរៀប
ចំគ្រឿងសក្ការរាប់អានដល់ជននោះៗ ព្រោះអ្នកទាំងនោះមកដល់ផ្ទះហើយ លោកទុកជាគ្រូទាំងអស់។
១០៩ ព្រះអគ្គីជាគ្រូនៃព្រាហ្មណ៍ទាំងឡាយ ព្រាហ្មណ៍ជាគ្រូនៃជនវណ្ណៈអែទៀត ប្ដីជាគ្រូនៃភរិយាទាំងឡាយ អែភ្ញៀវ
ដែលមកដល់ផ្ទះជាគ្រូជនទាំងអស់
ខណៈនោះក្អែកលឃុបតនកៈ និយាយឡើងថា៖ «ហៃបងសំលាញ់មន្ថរៈ សូមសំលាញ់រៀបទទួលភ្ញៀវថ្មីអោយជា
ពិសេស ព្រោះថាភ្ញៀវថ្មីនេះជាស្ដេចកណ្ដុរឈ្មោះហិរណ្យកៈ ជាកំពូលនៃអ្នកប្រព្រឹត្ដធ្វើបុណ្យទានទាំងឡាយ ជា
កែវមុក្ដានៃមនុស្សមានមេត្តាករុណាទាំងឡាយ បើទុកជាស្ដេចនាគមានជីវ្ហា២០០០ ខ្ញុំជឿថា មិនអាចនឹងពោលសរ
សើរពីកិត្ដិគុណស្ដេចកណ្ដុរនេះអោយបានអស់ឡើយ» លុះក្អែកនិយាយដូច្នោះហើយក៏ពណ៌នារឿងស្ដេចព្រាបចិត្ដ
គ្រីពមកថ្លា ថ្លែងប្រាប់ទៀត។ អណ្ដើកមន្ថរៈបានស្ដាប់ពាក្យក្អែកហើយ ក៏មានចិត្ដសាទរអិតអុបមា ទើបគោរពបូជា
កណ្ដុរហិរណ្យកដ៏ក្រៃលែង ហើយពោលពាក្យប្រស្រ័យ ថា៖ «នែសំលាញ់ដ៏ចំរើនអើយ! សូមបងមេត្តាប្រាប់ហេតុ
ដែលនាំអោយមកកាន់ទីឋាននិរជនស្ងាត់ដូច្នេះ អោយខ្ញុំបានដឹងផង!»។ កណ្ដុរហិរណ្យកៈនិយាយប្រាប់ ថា៖ «សូមចាំ
ស្ដាប់ ខ្ញុំនឹងពណ៌នាពីប្រព្រឹត្ដហេតុអោយស្ដាប់ដូចតទៅនេះ»។
កថាទី៤
រឿងកណ្ដុរហិរណ្យកៈ
នៅក្នុងនគរចម្បកៈ មានពួកបរិពា្វជកអាស្រ័យនៅច្រើន។ បណ្ដាបរិពា្វជកទាំងឡាយនោះ មានបរិពា្វជកម្នាក់ឈ្មោះ
ចូដាកណ៌ៈ តាំងទីថានអាស្រ័យនៅក្នុងទីមួយ។ គាត់បានតែងដាក់ភោជនាហារសេសសល់អំពីកិរិយាបរិភោគក្នុងបាត
មួយ ហើយយកទៅព្យួរទុកអៃដ៏ដៃកែវជាប្រក្រតី រួចសំងំដេកលក់ទៅ។ ខ្ញុំ (ហិរណ្យកៈ)លោតទៅលួចយកអាហារ
ភោជននោះមកបរិគោគជានិច្ចរាល់ៗថ្ងៃ។ ពេលមួយនោះ! បរិពា្វជកម្នាក់ទៀតឈ្មោះវិណាកណ៌ៈ ជាមិត្រសំលាញ់
ធ្លាប់រាប់អានគ្នា ចូលមករកជួបបរិពា្វជកចុដាកណ៌ៈនោះ។ បរិពា្វជកទាំងពីរនិយាយជជែកគ្នាលេងកំសាន្ដសប្បាយ
ដោយរឿងផ្សេងៗ កំពុងតែនិយាយបរិពា្វជកចូដាកណ៌ៈ យកបន្ទះរិស្សីកំបាក់គោះដីប៉ូកៗ ធ្វើយ៉ាងនេះញឹកញយណា
ស់ ដើម្បីបំភ័យបន្លាចខ្ញុំអោយបោលរត់ទៅ។ អែបរិពា្វជកវិណាកណ៌ៈកាលឃើញអាការកិរិយាសំលាញ់ខ្លួននៅមិន
ស្ងៀមក៏សួរទៅថា៖ «សំលាញ់! សំលាញ់មានរឿងអ្វី? បានជាមិនគាំពាស្ដាប់ពាក្យខ្ញុំនិយាយសោះ! ដូចជាមានរឿង
កង្វល់ខ្វល់អ្វីដទៃប្លែកនាំមិនអោយសុខស្រួល!»។ បរិពា្វជកចូដាកណ៌ៈឆ្លើយតបថា នែសំលាញ់! ខ្ញុំមិនមែនព្រងើយ
កន្តើយទេ ប៉ុន្ដែសំលាញ់មិនមើល អាសត្វកណ្ដុរចង្រៃនេះវាចេះតែមករំខានខ្ញុំ វាលបលោតមកលួចយកភោជនា
ហារដែលនៅក្នុងបាតនេះ យកទៅស៊ីរាល់វេលា។ បរិពា្វជកវិណាកណ៌ៈដើរទៅលបមើលដៃកែវ នោះហើយងឿង
ឆ្ងល់ខ្វល់ក្នុងចិត្ដក៏សូរថា៖ «ម៉េចក៏អាសត្វកណ្ដុរនេះ វាលោតទៅតោងបាតនៅឆ្ងាយបាន បើខ្លួនវាតូច កំលាំងតិចដូ
ច្នេះហ្ន៎? ព្រោះថា៖
១១០ ប្រពន្ធក្រមុំស្រាប់តែធ្វើមារយាទាញសក់ប្ដីចាស់ជរាជប់ថើបហើយចាប់អោបញក់ញីអិតប្រណី ខុសទំនងនុ៎ះ
មុខជាមានហេតុអ្វីឆ្គងមិនខាន។ បរិពា្វជកចូដាកណ៌ៈសួររឿងនោះថា៖ «តើរឿងនោះដូចម្ដេច?»។ បរិពា្វជកវិណាក
ណ៌ៈពណ៌នារឿងនោះដូច្នេះថា៖
កថាទី៥
រឿងពាណិជ្ជចាស់ជរា និងភរិយាក្រមុំ
នៅប្រទេសគៅឌី (ប្រទេសវង្គ(អិណ្ឌា))មានក្រុងមួយឈ្មោះកោសម្ពី។ មានពាណិជម្នាក់ឈ្មោះចន្ទទាសៈ ជាអ្នកមា
នទ្រព្យសម្បត្ដិច្រើន អាស្រ័យនៅក្នុងក្រុងនោះ។ លុះដល់បច្ឆឹមវ័យចាស់ជរាហើយ ពាណិជនោះទៅដណ្ដឹងស្រ្ដីក្រ
មុំម្នាក់ឈ្មោះនាងលីលវតី ជាធីតាសេដ្ឋីម្នាក់យកមកធ្វើជាភរិយាព្រោះសេចក្ដីស្រវឹងឈ្លក់ក្នុងកាមរាគ និងឡើងចា
ងព្រោះអាងមានទ្រព្យសម្បត្ដិច្រើន។ អែនាងភរិយានោះ នៅក្មេងកំពុងពេញពាលក្រមុំខ្ចីល្ហក់ជាស្រីបញ្ចពិធកល្យា
ណី គួរជាទីប្រិមប្រីយនៃជនទាំឡាយ ប្រៀបដូចជាទង់សុវណ្ណជ្វាលាដ៏មានជ័យនៃកាមទេព (រូបកទេពនៃកាមរោគ)
។ អែតាពាណិជ្ជជាប្ដីចាស់ជរាមិនអាចញ៉ាំងភរិយាក្មេងនោះអោយរីករាយស្កប់ស្កល់ដោយកាមបានឡើយព្រោះថា៖
១១១ ពន្លឺត្រជាក់នៃព្រះចន្ទ មិនជាទីពេញចិត្ដនៃមនុស្សរងារ ពន្លឺក្ដៅ នៃព្រះអាទិត្យ មិនជាទីពេញចិត្ដនៃមនុស្សក្ដៅ
ក្រហល់ក្រហាយ ប្ដីចាស់ជរាគ្រាំគ្រាតត្រេតតត្រត ក៏មិនជាទីពេញចិត្ដនៃភរិយាក្មេងដែរ។
១១២ បើប្ដីចាស់មើលទៅឃើញសក់ស្កូវសព្រោងហើយ អោយភរិយាក្មេងប្រាថ្នាកាមរាគដូចម្ដេចកើត? ភរិយា
ណាមានចិត្ដប្រគល់អោយទៅប្រុសដទៃទៀតហើយ ភរិយានោះទុកប្ដីដូចជាថ្នាំកែរោគ។ អែតាចាស់ជាប្ដីមានក្ដី
ប្រតិព័ទ្ធស្នេហា ចំពោះភរិយាខ្លាំងណាស់ នឹងពណ៌នាដូចម្ដេចក៏ពុំបានឡើយ ព្រោះថា៖
១៣ សេចក្ដីប្រាថ្នាចង់បានទ្រព្យសម្បត្ដិ សេចក្ដីប្រាថ្នាចង់អោយមាន អាយុយឺនយួរ ជាធម៌តែងមាននៅក្នុងចិត្ដនៃ
សព្វសត្វទាំងឡាយ អែភរិយាក្មេងរូបរាងកាយស្រស់អិតខ្ចោះត្រង់ណា ជាធម៌ធ្ងន់កណ្ដុកជាប់ក្នុងចិត្ដដ៏ក្រៃលែងនៃ
ប្ដីចាស់ជរាជាងជីវិតតទៅទៀត។
១១៤ មនុស្សចាស់ជរាលុះក្នុងវិស័យនៃកាម នឹងបរិភោគកាមក៏មិនកើត រឺនឹងលះបង់ចោលកាមក៏មិនកើតទៀត
ដូចសត្វសុខនដែលបាក់ចង្កូមហើយ គ្រាន់តែបានអង្គៀមយកអណ្ដាតលិទ្ធឆ្អឹងតែប៉ុណ្ណោះ។
លំដាប់មកមិនយូរប៉ុន្មាននាងលីលវតីស្រ្ដីចិត្ដចើកទៅស្រលាញ់កំលោះ ម្នាក់ជាកូនពាណិជ្ជបានរួមខ្នើយផ្ដេកផ្ដិត
ស្នេហាកន្លងប្រពៃណីត្រកូលលះបង់ ចោលតាជរាអិតអាល័យ ដោយសេចក្ដីស្រវឹងអាងវ័យក្មេង ព្រោះថា៖
១១៥ កិរិយាប្រព្រឹត្ដតាមទំនើងចិត្ដ កិរិយានៅក្នុងផ្ទះនៃបិតា កិរិយាចូលចិត្ដអង្គុយជិតបុរស កិរិយានៅបរទេស ស
មាគមញយៗដោយស្រ្ដីផ្កាមាស វិនាសទ្រព្យសម្បត្ដិព្រោះចាយវាយអិតសណ្ដាប់ធ្នាប់ ស្វាមីចាស់ជរាប្រច័ណ្ឌរិស្សា
និងស្វាមីធ្វើដំណើរទៅប្រទេសក្រៅ អស់ទាំងនេះ ជាហេតុនាំអោយភរិយាក្បត់ប្ដី។
១១៦ កិរិយាផឹកទឹកស្រវឹង១ កិរិយានៅច្រលំបល់ដោយមនុស្សអាក្រក់១ កិរិយានៅស្ងាត់ពីស្វាមី១ កិរិយាដើរលេង១
កិរិយាដេកក្នុងផ្ទះអ្នកដទៃ១ កិរិយានៅឆ្ងាយពីស្វាមី១ ទោសទាំង៦ប្រការនេះ ជាគ្រឿងប្រទុស្ដនៃស្រ្ដីទាំងឡាយ។
១១៧ បពិតព្រះតាបសនារទ! ស្រ្ដីដែលឈ្មោះថា មានសេចក្ដីស្មោះត្រង់(សេចក្ដីបរិសុទ្ធ)នោះ ដោយសារតែមិនមា
នកន្លែងស្ងាត់ មិនមានអោកាសមួយស្របក់ និងមិនមានបុរសប្រាថ្នាខ្លួនប៉ុណ្ណោះទេ។
១១៨ នឹងថាបុរសណាស្រ្ដីមិនស្រលាញ់ក៏មិនមែន នឹងថាបុរសណាស្រ្ដីស្រលាញ់ក៏មិនមែនទៀត ដោយពិតស្រ្ដីភាព
ដូចគោដើរស្វែងរកស្មៅ ជាអាហារក្នុងព្រៃ តែងប្រាថ្នាស្មៅថ្នីជានិច្ចរហូតតទៅ។
១១៩ នារីបីដូចឆ្នាំងខ្លាញ់ បុរសបីដូចភ្លើង ហេតុនោះបានជាអ្នកប្រាជ្ញ មិនតំកល់ទុកឆ្នាំងខ្លាញ់និងភ្លើងក្នុងទីជិតគ្នាទេ។
១២០ ធម្មជាតិស្រ្ដី នឹងថាអៀនខ្មាស់ក៏មិនមែន នឹងថាមានខ្លួនទូន្មានហើយក៏មិនមែននឹងថាមានចិត្ដស្មោះត្រង់ចំពោះ
ប្ដីក៏មិនមែន ពុំនោះនឹងថាមានសេចក្ដីភ័យខ្លាចក៏មិនមែនដែរ សេចក្ដីពិតគឺមិនមានបុរសចង់ នេះជាហេតុនៃសេច
ក្ដីស្មោះត្រង់(បរិសុទ្ធ)នៃស្រ្ដីទាំងឡាយ(ហិតោបទេសបារាំង របស់លោកឡង់សឺរូមានគាថាផ្សេងដូច្នេះ កាលឃើញ
បុរសស្លៀកពាក់ហ៊ីហា ទោះបងប្អូន រឺកូនចៅ ស្រ្ដីភាពតែងសំដែងសេចក្ដីប្រាថ្នាអោយដឹងខុសខ្នាតមាត្រា អោ! តា
បសនារទៈ នេះជាសេចក្ដីពិតអិតសង្ស័យឡើយ។ សេចក្ដីប្រែភាសាសៀមរបស់លោកនាគប្រទីប មានគាថាផ្សេង
ដូច្នេះ ក. សេចក្ដីពិត ស្រ្ដីភាពមានចិត្ដប្រែប្រួលជានិច្ច សូម្បីក្នុងទីប្រជុំជនទេវតាក៏មានល្បីឈ្មោះ បុរសណាអាច
ប្រលោមនាងបាន បុរសនោះទុកជាវាសនាល្អ។ ខ. បុរសមិនគួរអង្គុយក្នុងទីស្ងាត់ជាមួយមាតា បងស្រី រឺប្អូនស្រីក្រមុំ
ខ្លួន កាមនេះ បើនៅរួមគ្នាក្នុងទីស្ងាត់ មានកំលាំងក្លៀវក្លាណាស់សូម្បីអ្នកប្រាជ្ញក៏ឆក់ឈ្លក់ងងិតមុខទប់មិនបានដែរ)។
១២១ បិតារក្សាក្នុងកាលនៅក្មេង បងប្រុសគ្រប់គ្រងកាលនៅក្រមុំ កូនប្រុសរក្សាកាលដល់វ័យចាស់ជរា ស្រ្ដីភាព
នៅអែករាជ្យមិនគួរឡើយ។
ថ្ងៃមួយនាងលីលវតីស្រ្ដីចិត្ដចើក កំពុងត្រេកត្រអាលជាមួយគូស្នេហា ជាកូនពាណិជលើទែនសយនា ដែលរចនារំ
លេចពណ៌ដ៏វិចិត្រភ្លឺផ្លេកច្រាលឆ្អិនឆ្អៅ ឆ្លុះឆ្វៀលច្រវាត់ដោយកែវមណី និយាយសាកសងឆ្លើយឆ្លងល្អូកល្អិនដោយ
ក្ដីរីករាយ ស្រាប់តែឃើញតាចាស់ជាប្ដីដើររលះរលាំងមកដល់ជិតមិនដឹងខ្លួន នាងក៏ ស្ទុះប្រញាប់ប្រញាល់លោត
ទៅតោងកស្វាមីចាស់ ចាប់សក់ប្រកៀកប្រអោបជប់ថើបធ្វើបែបស្និទ្ធស្នាលណាស់ អែកូនពាណិជជាសាហាយបា
នអោកាស ក៏លបលាក់ខ្លួនគេចរត់ចេញទៅបាត់ភ្លាម ព្រោះថា៖
១២២ តាបសអុសនា (តាបសជាគ្រូពួកអសុរ) និងព្រះព្រឹហស្បតី លោកចេះដឹងកលមាយា សាស្រ្ដអែណា កលមា
យាសាស្រ្ដនោះ ប្រតិស្ឋានស្រេចហើយក្នុងប្រាជ្ញានៃស្រ្ដីភាព តាមសភាពតាំងតែពីកំណើតមកស្រាប់។ ក្សិណនោះ
មានស្រ្ដីផ្កាមាស ម្នាក់ឈរក្នុងទីជិតនោះ បានឃើញអាការកលមាយានាងលីលវតីដូច្នោះ ក៍នឹកឆ្ងល់ខ្វល់ក្នុងចិត្ដអិ
តអុបមា មិនចេញវាចានិយាយថាអ្វីសោះចេះតែគិតមៃមក្នុងចិត្ដថា៖ «មានបើហើយ! បើមិនមានរឿងអ្វីប្លែកនាង
នេះមុខជាមិនចេញស្នៀត ចាប់អោបជប់ថើបប្ដីចាស់ដូច្នេះទេ»។ តមក មិនយូរប៉ុន្មានស្រ្ដីផ្កាមាសដឹងរឿង រ៉ាវនោះ
អស់ជើង ក៏ត្រូវនាងលីលវតីសូកប៉ាន់មាសប្រាក់យ៉ាងច្រើនជាតំលៃជួយលាក់បំបិទបំបាំងរឿងអាម៉ាសមុខខ្លួនតទៅ
។ ព្រោះហេតុនេះបានជាខ្ញុំ(បរិពា្វជក កវិណាកណ៌ៈ) ពោលគាថាមានជាអាទិថា «ប្រពន្ធក្រមុំ ស្រាប់តែទាញសក់ប្ដី
ជរា» ដូច្នេះជាដើម(១១០)។
បរិពា្វជកវិណាកណ៌ៈត្រិះរិះគិតថា៖ «ប្រែហលជាមានហេតុអ្វីមួយសំខាន់នៅក្នុងទីនោះ បានជាកណ្ដុរនេះមានកំលាំ
ងខ្លាំងម្លេះ?» ពិចារណាមួយស្របក់ទើប ពោលថា «គង់មានទ្រព្យច្រើនជាប្រភពនៃរឿងនេះមិនខាន ព្រោះថា
១២៣ សព្វកិច្ចការ គ្រប់ទីថាន គ្រប់កាលវេលា ក្នុងលោកនេះ បុគ្គលមានទ្រព្យច្រើន ឈ្មោះថាមានកំលាំង សេច
ក្ដីពិតព្រះរាជាមានភាពជាមហាអំណាច ព្រោះមានទ្រព្យជាមូលហេតុ»។
លំដាប់នោះ បរិពា្វជកវិណាកណ៌ៈ យកជំនីកទៅជីកព្រង់ដែលខ្ញុំ(ហិរណ្យកៈ) អាស្រ័យនៅ ដណ្ដើមយកទ្រព្យសម្ប
ត្ដិខ្ញុំដែលខំសន្សំទុកមកយូរហើយអស់រលីងធេង។ តាំងពីពេលនោះមកខ្ញុំទៅជាខ្សត់ទ្រព្យអស់រិទ្ធអំណាច ខ្សោយ
ព្យាយាម មិនអាចស្វះស្វែងរកចំណីអាហារចិញ្ចឹមជីវិតបានឡើយ ចេះតែដើរក្រវេចក្រវៀនទៅមកសន្សឹមៗតិចៗ
ដោយក្ដីភិតភ័យ អែបរិពា្វជកលុះឃើញខ្ញុំ ធ្លាក់ក្នុងថានៈដូច្នេះហើយ ក៏ពោលថា៖
១២៤ ក្នុងលោកនេះបុគ្គលមានទ្រព្យ ឈ្មោះថាមានកំលាំង ឈ្មោះថាបណ្ឌិត អ្នកចូរមើល! អាសត្វកណ្ដុរចង្រៃ
នេះវាធ្លាក់ខ្លួនទៅតាមសភាពដើមវាវិញហើយ។
១២៥ បុគ្គលមានការចេះដឹងតិច កាលបើហិនហោចរលំរលាយទ្រព្យ អស់ហើយកិច្ចការទាំងឡាយអែទៀតក៏
ឈ្មោះថា វិនាសអន្ដរធានទៅដែរ ដូចជាស្ទឹងមានទឹកតិចដល់គិម្ហរដូវក៏រីងស្ងួតហែងអស់រលីង។
១២៦ អ្នកមានទ្រព្យឈ្មោះថាមានមិត្រ អ្នកមានទ្រព្យ ឈ្មោះថាមានផៅពង្ស អ្នកមានទ្រព្យឈ្មោះថាជាបុរសអ្នក
មានទ្រព្យឈ្មោះថាជាបណ្ណិត។
១២៧ ផ្ទះអ្នកមិនមានកូន ជាផ្ទះសោះសូន្យ នរជនមិនមានមិត្រចិត្ដល្អ ជាបុគ្គលសោះសូន្យ ទិសមនុស្សល្ងង់ខ្លៅ ក៏
ជាទិសសោះសូន្យ អែភាពមនុស្សក្រីក្រ ឈ្មោះថាជាភាពសោះសូន្យជាងអ្វីទាំងអស់។
១២៨ បើអិន្រ្ទីទាំងឡាយមិនវិកលហើយ កេរ្ដិ៍ឈ្មោះក៏នៅដដែល បើប្រាជ្ញាមិនវិបត្ដចរិតហើយ វាចាក៏គង់នៅដដែ
លមិនប្លែក បើបុរសប្រាសចាក កម្លាំងទ្រព្យសម្បត្ដិអស់រលីងហើយ អ្វីដទៃទៀតដែលមិនឈ្មោះថារលំរលាយ
នៅក្នុងមួយខណៈនោះដែររឺ? អោធម្មជាតិអស់នេះគួរអោយសើច អស្ចារ្យណាស់ហ្ន៎!។ លុះខ្ញុំ(ហិរណ្យក:)បានស្ដា
ប់ពាក្យនេះរួចស្រេចហើយ ក៏រំពឹងគិតថា «អិលូវនេះ អាត្មាអញមិនគួរនឹងអាស្រ័យនៅក្នុងទីនេះតទៅទៀតទេ រឺនឹ
ងនិយាយរឿងនេះអោយគេអែងដឹងលឺទៀតក៏ពុគួរដែរ ព្រោះថា៖
១២៩ អ្នកមានប្រាជ្ញាមិនគួរគប្បីប្រកាស ការវិនាសទ្រព្យសម្បត្ដិ ការក្ដៅក្រហាយចិត្ដ ទុច្ចរិតអុបទ្រពចង្រៃក្នុងផ្ទះ
ការត្រូវគេប្រវ័ពា្ចន៍ និងការគេមើលងាយ អោយគេដឹងលឺឡើយ។
១៣០ អាយុជីវិត ទ្រព្យសម្បត្ដិ ទោសជាចន្លោះក្នុងផ្ទះ មន្រ្ដី(រឿងសំងាត់) មេថុន ភេសជ្ជៈ (ថ្នាំកែរោគ) តបធម៌ការ
អោយទាន និងការគេមើលងាយ លក្ខណៈ៩ ប្រការនេះបុគ្គលគប្បីគ្រប់គ្រងរក្សាទុកដោយប្រយ័ត្នប្រយែងមែន
ទែន។
១៣១ អ្នកមានប្រាជ្ញា តែខ្សត់ទ្រព្យ បើព្រេងវាសនាមិនជួយព្យាយាម របស់បុរសក៏អិតប្រយោជន៏ តើនឹងស្វែងរក
សេចក្ដីសុខដទៃអែណាក្រៅពីការចូលទៅក្នុងព្រៃ?។
១៣២ អ្នកមានប្រាជ្ញបើទុកជាត្រូវស្លាប់មិនប្រកែក តែមិនព្រមអោយធ្លាក់ខ្លួនទៅជាក្រីក្រទេ! ដូចជាភ្លើងសូម្បីរល
ត់ហើយក៏មិនព្រមត្រជាក់។
១៣៣ អ្នកមានប្រាជ្ញា និងផ្កាភួងមានសភាពដូចគ្នា ស្ថិតនៅក្នុងគតិតែ ២យ៉ាងគឺៈ ១ ទៅទំលើក្បាលនៃនរជនទាំងពួង
២ស្រពោនស្វិតក្រៀមក្រញង់ស្លាប់ក្នុងព្រៃ។ អោ! កិរិយារស់នៅដោយការដើរសូមទានគេចិញ្ចឹមជីវិតនេះ មុខគួរ
អោយអាម៉ាស់មុខណាស់ហ្ន៎ ព្រោះថា៖
១៣៤ នរជនធ្លាក់ខ្លួនទៅជាក្រីក្រ លោតទំលាក់ខ្លួនក្នុងគំនរភ្លើងអោយ ស្លាប់បាត់បង់ជីវិតស្រលះទៅប្រសើរជាង
ការដើរទៅអើតងើបសូមទានគេដែល គេដែលអិតគួរសម កំណាញ់មិនចង់អោយទាន មិនប្រសើរឡើយ។
១៣៥ សេចក្ដីក្រីក្រ នាំអោយកើតសេចក្ដីអៀនខ្មាស សេចក្ដីអៀនខ្មាសនាំអោយបាត់សេចក្ដីក្លាហាន ការបាត់សេ
ចក្ដីក្លាហាន នាំអោយបុគ្គលដ៏ទៃមើលងាយ ការគេមើលងាយ នាំអោយកើតក្ដីស្អប់ខ្ពើម ក្ដីស្អប់ខ្ពើម នាំអោយ
កើតសេចក្ដីទុក្ខសោក សេចក្ដីទុកសោកនាំអោយអាប់ប្រាជ្ញា ការអាប់ប្រាជ្ញា នាំអោយដល់ក្ដីក្ស័យអន្ដរធានអ្វីទាំង
អស់ អោ! អនិច្ចាក្ដីក្រីក្រអើយ អ្នកជាប្រធាននៃសេចក្ដីវិនាសគ្រប់ប្រការ។
១៣៦ ការនៅស្ងៀមប្រសើរ ការពោលពាក្យកុហកមិនប្រសើរឡើយ ការតាំងខ្លួនជាបុរសខ្សោយអំណាចប្រសើរ
ការលួចភរិយាអ្នកដទៃមិនប្រសើរឡើយ ការលះបង់ជីវិតប្រសើរ ការពេញចិត្ដស្ដាប់ពាក្យញុះញង់ស៊កសៀតមិន
ប្រសើរឡើយ ការតាំងខ្លួនជាយាចកប្រសើរ សេចក្ដីសុខ ដែលកើតពីការចិញ្ចឹមជីវិតដោយសារទ្រព្យជនដទៃមិន
ប្រសើរឡើយ។
១៣៧ ការនៅក្នុងខ្ទមសោះសូន្យប្រសើរ ការនៅក្នុងផ្ទះអិស្សរជនកាចកំរោលមិនប្រសើរឡើយ ការយកស្រ្ដីផ្កាមា
សជាភរិយាប្រសើរ ការយកស្រ្ដីមានត្រកូលដែលប្រព្រឹត្ដកន្លងប្រពៃណី(៣ )មិនប្រសើរឡើយ ការនៅក្នុងព្រៃប្រ
សើរ ការនៅក្នុងបុរីដែលមានសេចក្ដីអយុត្ដិធម៌មិនប្រសើរឡើយ។
៣ = អវិនតៈ ប្រែថា ប្រព្រឹត្ដខុសគន្លងធម៌។ ហិតោបទេសសៀមរបស់លោកនាគប្រទីបថា រៀបការពីរដង ជាក់
លេខយោងន័យលក្ខណៈថា តាមប្រពៃណីអិណ្ឌាស្រីមេម៉ាយ បើមានស្វាមីទៀតប្រកាន់ថាល្លើសចរិយាដ៏អាក្រក់
ក្រៃលែង។ ឆ្ងល់ថាបានអ្វីជាគ្រឿងយល់ រឺចេះទំនៀមអិណ្ឌាបរិបូរណ៌ បើស្រ្ដីប្ដីស្លាប់ ហើយយកស្វាមីទៀតប្រកាន់
ថាអាក្រក់ នេះប្លែកណាស់ហ្ន៎!។ បើមានប្ដី ហើយប្ដីមួយទៀត ថានេះគួរដែរ ចុះនាងទ្រោបទី១ ភរិយាក្សត្រីយ៍បា
ណ្ឌព៥ព្រះអង្គក្នុងរឿងមហាភារតៈដូចម្ដេចទៅ?
១៣៨ ការនៅជាទាសៈគេ តែទំលាយបង់នូវមានៈទាំងអស់ ការចាស់ជរាតែងទំលាយបង់នូវរូបសោភា ការនិយាយ
រឿងព្រះនរាយណ៍និងព្រះអីសូរ តែងទំលាយបង់នូវបាបកម្ម(តាមជំនឿក្នុងសាសនាព្រាហ្មណ៍ថា ការនិយាយរឿងអា
ទិទេពទាំងឡាយនេះ បើមានបាបកម្ម នឹងបរិសុទ្ធបានដូចការទៅមុជទឹកលាងបាប ក្នុងទន្លេគង្គាដែរ) អែការធ្វើជាយា
ចក ឈ្មោះថាទំលាយបង់នូវគុណរាប់រយ ទាំងអស់នេះលោកប្រៀបថាដូចជាងងិតទំលាយបង់នូវពន្លឺ
លុះត្រិះរិះមើលឃើញសព្វដូច្នេះហើយ ខ្ញុំគិតថាៈ អាត្មាអញចិញ្ចឹមជីវិត ដោយអាហារជនដទៃដូចម្ដេចកើត? អោ!
សេចក្ដីក្រីក្រតោកយ៉ាកនេះ ប្រាកដជាបើកទ្វារទីពីរអោយដល់ម្រឹត្យុរាជពិតៗតែម្ដងហើយហ្ន៎! ព្រោះថា៖
១៣៩ ការចេះដឹងផាត់រទាំង១ មេថុនដោយការទិញដូរ១ និងការចិញ្ចឹមជីវិតដោយសារជនដទៃ១ ទាំងបីប្រការនេះជា
គ្រឿងរំខាន នាំអោយអាម៉ាស់មុខនៃបុរសទាំងឡាយ។
១៤០ បុគ្គលមានរោគបៀតបៀន បុគ្គលព្រាត់ប្រាស់អស់កាលយូរ បុគ្គលអាស្រ័យបាយទឹកគេចិញ្ចឹមជីវិត និងបុគ្គ
លប្រព្រឹត្ដដេកនូវក្រោមសំយ៉ាប ផ្ទះជនដទៃ ជីវិតបុគ្គលនោះៗឈ្មោះថាជាជីវិតសូន្យឈឹង សេចក្ដីស្លាប់នៃបុគ្គល
នោះៗ ឈ្មោះថាជាទីសំរាកដ៏ស្ងប់ស្ងៀម។ បើទុកជាខ្ញុំគិតឃើញដូច្នេះហើយ សេចក្ដីល្មោភក៏ចេះតែដឹកនាំខ្ញុំអោយ
ខំស្វែងរកទ្រព្យសម្បត្ដិទៀត ព្រោះថា៖។
១៤១ នរជនមានប្រាជ្ញា តែនៅញាប់ញ័រដោយសេចក្ដីលោភ សេចក្ដីលោភនាំបង្កើតតណ្ហា តណ្ហានាំបង្កើតអោយ
បានទុក្ខនៅនាលោកនេះ និងបរិលោក។ លំដាប់នោះ បរិពា្វជកវិណាកណ៌ៈ ដើរបន្ដិចៗសន្សឹមៗមកជិតខ្ញុំយកបន្ទះ
រិស្សីបាក់មកវាយខ្ញុំ ខ្ញុំនឹកគិតថា៖
១៤២ បុគ្គលមានចិត្ដជាប់ដោយទ្រព្យ មិនមានចិត្ដរីករាយ មានចិត្ដ មិនលុះក្នុងអំណាចខ្លួន និងមានខ្លួនមិនបានទូន្មាន
សេចក្ដីអន្ដរាយទាំងអស់ តែង គ្របសង្កត់ចិត្ដនៃជនណាមួយដែលមិនសន្ដោស។
១៤៣ នរជនណាមានចិត្ដសន្ដោសរីករាយ នរជននោះឈ្មោះថាជាម្ចាស់នៃសម្បត្ដិទាំងអស់ ដូចបុគ្គលពាក់ទ្រនាប់
ស្បែកជើង ដើរលើផែនដីក៏ហាក់ ដូចជាដឹងថា ផែនដីទាំងមូលក្រាលពាសពេញដោយស្បែក មិនមែនដូច្នោះរឺ?។
១៤៤ បុគ្គលដែលក្រេបផឹកទឹកអំរឹតគឺសន្ដោស មានចិត្ដក្សេមក្សាន្ដ តែងបាននូវសេចក្ដីសុខត្រជាក់ត្រជុំ អែបុគ្គល
ល្មោភស្វះស្វែងរកទ្រព្យ ទៅខាងនេះទៅខាងនោះ ខ្វល់រចល់ញ័រទទ្រើកដូចរកខ្យល់តើបានសេចក្ដីសុខមកពីណា?
១៤៥ អ្នកលះបង់សេចក្ដីប្រាថ្នាទ្រព្យទុកក្រោយខ្នង មិនមានអាល័យទ្រព្យនោះសោះ អ្នកនោះឈ្មោះថាបានរៀន
សូត្រហើយឈ្មោះថា បានស្ដាប់យល់ហើយ និងឈ្មោះថាបានប្រតិបត្ដិធម៌ទាំងអស់។
១៤៦ ជីវិតនៃបុគ្គលណាមួយ ដែលមិនទៅអើតងើបសូមទានទ្វារផ្ទះនៃ អិស្សរជនដ៏ទៃមិនធ្លាប់គប់រក មិនដែលភព
ប្រសព្វសេចក្ដីព្រាត់ប្រាស់ទុក្ខព្រួយ និងមិនដែលពោលពាក្យអិតខ្លឹមសារ បុគ្គលនោះឈ្មោះថាមានបុណ្យវាសនា
ធំណាស់ហ្ន៎!។
១៤៧ ទីឋានឆ្ងាយចំនួនមួយរយយោជន៍ មិនមែនឆ្ងាយណាស់ណាទេ សំរាប់បុគ្គលជាខ្ញុំតណ្ហា អែបុគ្គលមានចិត្ដស
ន្ដោស សូម្បីទ្រព្យមកដល់ដៃហើយ ក៏មិនរវល់អើពើប៉ុន្មានដែរ។
បើដូច្នេះ ក្នុងលោកនេះ ការកំណត់ដឹងប្រមាណខ្លួន ក្នុងការងារអោយ សមគួរតាមគុណានុរូប ជាការគាប់ប្រសើរ
ណាស់ ព្រោះថា៖
១៤៨ សំរាប់ជននាផ្ទៃក្រោមនេះ អ្វីហ្ន៎ជាធម៌? សេចក្ដីអាណិតអាសូរ សត្វលោក អ្វីហ្ន៎សេចក្ដីសុខ? កិរិយាប្រាស
ចាករោគាពាធ អ្វីហ្ន៎សេចក្ដីស្នេហា? ភាពនៃបុគ្គលជាអ្នកសប្បុរស អ្វីហ្ន៎ជាភាពនៃបណ្ឌិត? ការដឹងកំណត់ប្រមា
ណខ្លួន។
១៤៩ ពិតមែន ភាពជាបណ្ឌិតគឺការដឹងកំណត់ប្រមាណ កាលមានហេតុវិបត្ដិកើតឡើង នរជនដែលមិនដឹងការកំណ
ត់ប្រមាណខ្លួន តែងភពប្រសព្វក្ដីវិបត្ដិអន្ដរាយគ្រប់ៗជំហានជើង។
១៥០ គប្បីលះបង់បុគ្គលម្នាក់ ដើម្បីស្រង់ត្រកូល គប្បីលះបង់ត្រកូល ដើម្បីរក្សាភូមិ គប្បីលះបង់ភូមិ ដើម្បីរក្សា
ប្រទេស គប្បីលះបង់ប្រទេស ដើម្បីស្រោចស្រង់ខ្លួន។ (ហិតោបទេស សេចក្ដីប្រែជាភាសាបារាំង របស់លោកឡ
ង់សឺរូ មានគាថាលើសដូច្នេះ កាលបើចូលទៅដល់អិស្សរជនខ្ពង់ខ្ពស់ហើយ បុគ្គលត្រូវទទួលផលនៃអិស្សរជននោះ
ដូចនាគ វសុកំព័ទ្ធកព្រះហរិ(ព្រះអិសូរ) បានទៅជាព្រះតាបស។)
១៥១ មានទឹកផឹកមិនបាច់ព្យាយាម ដឹងក្ដីមានអាហារប្រកបដោយរសឆ្ងាញ់កន្លងផុតភ័យក្ដី ខ្ញុំ(ហិរណ្យកៈ)ពិចារណា
សព្វគ្រប់ហើយឃើញពិតថា ទីណាមានសេចក្ដីរលត់ទុក្ខ ទីនោះឈ្មោះថាជាសេចក្ដីក្សេមក្សាន្ដ។ កាលខ្ញុំ(ហិរណ្យ
កៈ)ពិចារណាមើលរួចហើយ ទើបខ្ញុំមកកាន់ទីឋាននិរជនស្ងាត់ដូច្នេះអែង, ព្រោះថា៖
១៥២ ជិវិតអ្នកទីទ័លក្រីក្រ ដែលហិនហោចចាកទ្រព្យសម្បត្ដិ អាស្រ័យនៅក្នុងព្រៃទុរគមជ្រងំស្ងាត់ ប្រកបដោយ
ម្រឹគពាឡសាហាវយង់ឃ្នងមានតែខ្លា និងដំរី យកឈើព្រៃជាលំនៅ យកផ្លែឈើទុំ និងទឹកជាចំណីអាហារ យកស្មៅ
ជាកំរាលដេក និងយកសំបកឈើជាគ្រឿងស្លៀកពាក់ ប្រសើរជាងការនៅកណ្ដាលហ្វូងញាតិផៅពង្ស។
តមក ហេតុតែភ័ព្វវាសនា ដែលខ្ញុំបានកសាងសន្សំទុកមកពីក្នុងបុរជាតិ បានជូនខ្ញុំអោយមកជួបប្រទះមិត្រនេះហើ
យបានចងមេត្រីរាប់អានគ្នាសិទ្ធស្នាលស្នេហាជាទីបំផុត មួយទៀត ខ្ញុំមានព្រេងសំណាងបានមកអាស្រ័យជាមួយបង
ទៀត ក៏ហាក់ដូចជាខ្ញុំបានឡើងទៅកាន់ស្ថានសួគ៌ទាំងរស់តែម្ដង ព្រោះថា៖
១៥៣ - ព្រឹក្សាជាតិ មានពិសពុល ពោលគឺសំសាវដ្ដនេះ មានផលទុកដូចជារសផ្អែមតែពីរប្រការ គឺចំងាញ់នៃរសទឹ
កអំរឹត ពោលគឺកាព្យឃ្លោង១ និងសមាគមមួយអន្លើដោយសប្បុរសទាំងឡាយ១។ អណ្ដើកមន្ថរៈ ពោលបញ្ចាក់ថែ
មទៀតថា៖ (ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងនៃលោក ឡង់សឺរូ មានគាថាជ្រែកចូលដូច្នេះថា៖ ក្នុងសំសា
វដ្ដមិនមានខ្លឹមសារនេះគួរបំពេញកិច្ចជាខ្លឹមសារ៣ប្រការគឺ សមាគមមួយអន្លើដោយសាធុជន១ បង្អោនចិត្ដជ្រះថ្លា
ចំពោះព្រះកេសវៈ (ព្រះនរាយណ៍)១ និងជំរះកាយក្នុងទន្លេគង្គា១ ។ សេចក្ដីប្រែជាភាសាសៀមរបស់លោកនាគប្រ
ទីប មានគាថាដូច្នេះ ក.ជីវិតអ្នកណាប្រព្រឹត្ដកន្លងទៅដោយសេចក្ដីកំណាញ់ មិនបរិភោគខ្លួនអែង មិនចែកចាយជា
ប្រយោជន៍សាធារណៈ ជិវិតអ្នកនោះ ឈ្មោះថាស្លាប់បាត់បង់ហើយ សូម្បីមានខ្យល់ចេញចូលក៏មិនអស្ចារ្យអ្វីជាង
ស្នប់ជាងដែកឡើយ។ ខ. ប្រយោជន៍អ្វីដោយទ្រព្យមិនប្រើប្រាស់ ខ្លួនអែង និងមិនចែកចាយជាប្រយោជន៍សាធារ
ណៈ? ប្រយោជន៏អ្វីដោយរេហ៏ពលដែលមិនគំរាមសត្រូវ ប្រយោជន៍អ្វីដោយការចេះដឹង ដែលមិនបានប្រតិបត្ដិតា
មព្រះធម៊? ប្រយោជន៏អ្វីដោយអត្ថភាពខ្លួន ដែលមិនបានទូន្មានអិន្រ្ទីយ។ )
១៥៤ - ទ្រព្យសម្បត្ដិប្រៀបដូចធូលីជាប់បាទជើង យោព្វនវ័យប្រៀបដូច ជាខ្សែទឹកក្នុងជ្រោះហូរខ្មាញ់ចុះពីកំពូលភ្នំ
ការមានអាយុរស់នៅយឺនយូរប្រៀប ដូចជាការឃ្លេងឃ្លោងនៃដំណក់ទឹកកំរើក ជីវិតសត្វប្រៀបដូចក្រពេញទឹកអ្ន
កណាមានចិត្ដរីករាយមិនប្រព្រឹត្ដធម៌ដែលទុកដូចជាកូនសោចាក់បើកទ្វារទៅកាន់ស្ថានសួគ៌ទេ អ្នកនោះលុះត្រូវ
ជរារួបរិតស៊ីអោយទ្រុឌទ្រោមហើយ ក៏រមែងឆេះដោយភ្លើងគឺ សេចក្ដីសោកសង្រេងសង្រៃ និងសេចក្ដីក្ដៅក្រហា
យស្ដាយក្រោយមិនមានទីបំផុត។
មកពីខំប្រឹងប្រែង កពូនទ្រព្យសម្បត្ដិហួសពេកហ្ន៎ បានជាបងត្រូវទទួល ទោសគ្រោះថ្នាក់លំបាកដូច្នេះ ចូរស្ដាប់ខ្ញុំ ខ្ញុំ
នឹងប្រាប់ថា៖
១៥៥ ការបរិច្ចាគទ្រព្យសម្បត្ដិ ដែលបុគ្គលសន្សំ កពូនទុកនេះអែងឈ្មោះថា «រកទ្រព្យសម្បត្ដិ» ដូចធារី ទឹកជំនន់
បរិច្ចាគទឹកដែលនៅក្នុងពោះបឹងហើយពេញដោយទឹកដដែលវិញដូច្នោះ។
១៥៦ មនុស្សកំណាញ់ ដែលជីកកប់ទ្រព្យទុកក្នុងខាងក្រោមដីដោយហេតុអែណា ដោយហេតុនោះ មនុស្សកំណាញ់
នោះឈ្មោះថា៖ កសាងផ្លូវដើម្បីទៅឋានក្រោមគឺនរកទុកមុនស្រេចហើយ។
១៥៧ នរជននោះ គិតតែចង់បានទ្រព្យសម្បត្ដិ តែងបិទផ្លូវសេចក្ដីសុខខ្លួនអែង នរជននោះ ទុកដូចជាកែការដ៏ធ្ងន់
អោយជនដទៃ យកខ្លួនធ្វើជាភាជនទទួលរងទុក្ខលំបាកជំនួសគេទទេៗ។
១៥៨ ថាបើជាសេដ្ឋីមានទ្រព្យច្រើន ក៏កំណាញ់ស្វិតស្វាញមិនអោយទាន និងមិនបរិភោគប្រើប្រាស់ខ្លួនអែងអោយ
ល្មមដល់ទ្រព្យនុ៎ះយើងទាំងអស់គ្នា ក៏ឈ្មោះថាមានទ្រព្យដូចសេដ្ឋីនោះដែរ មិនមែនដូច្នោះរឺអ្វី?
១៥៩ ទ្រព្យសម្បត្ដិនៃមនុស្សកំណាញ់ ទុកដូចជាទ្រព្យនៃជនដទៃស្រេចទៅហើយ ព្រោះមិនបានរីករាយប្រើប្រាស់
ខ្លួនអែង គ្រាន់តែបានពាក្យគេសរសើរថា «នេះជាទ្រព្យអ្នកនោះ»ប៉ុណ្ណោះលុះទ្រព្យនោះដល់នូវសេចក្ដីសាបសូន្យ
ទៅហើយ បានសេចក្ដីទុក្ខថែមទៀត។
១៦០ ការអោយទានព្រមទាំងមានវាចាពីរោះ១ ការចេះដឹងព្រមទាំងការធ្ងន់ធ្ង១ សេចក្ដីក្លៀវក្លា ព្រមទាំងការអត់ធ
ន១ និងទ្រព្យសម្បត្ដិប្រកបដោយការបរិច្ចាគទាន១ មង្គល៤ប្រការនេះកម្ររកបានណាស់ ក្នុងលោកនេះ។ (ហិតោ
បទេស សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរ៉ូ និងភាសាសៀមនៃលោកនាគប្រទីប មានគាថា
លើសដូច្នេះ ទ្រព្យនៃមនុស្សកំណាញ់ ដែលមិនបានអោយទានដល់ទេវតា ដល់ព្រាហ្មណ៍ ដល់ញាតិ សន្ដាននិងប្រើ
ប្រាស់ខ្លួនអែង តែងវិនាសទៅដោយអុត្ដិភ័យ ដោយចោរភ័យ ជរាភ័យ។ ក្នុងសេចក្ដីប្រែជាភាសាសៀមមានគាថាមួ
យទៀតថា៖ ទ្រព្យសម្បត្ដិមានគតិ៣ យ៉ាងគឺៈ ចែកទានដោយប្រយោជន៍ដល់ជនដទៃ១ បរិភោគជាប្រយោជន៍ដល់
ខ្លួន១ និងវិនាសទៅ១ អ្នកណាមិនបានអោយទាន មិនបានបរិភោគខ្លួនអែង ទ្រព្យសម្បត្ដិអ្នកនោះធ្លាក់ទៅគតិទី៣។ )
១៦១ បុគ្គលគប្បីកពូនទ្រព្យសម្បត្ដិអស់កាលជានិច្ច តែមិនគប្បីលោភលន់ហួសប្រមាណពេកទេ ចូរមើល! សត្វ
ចចកល្មោភនេះមាននិស្ស័យជាអ្នកល្មោភ ស្លាប់ចោលបង់សៀត ព្រោះត្រូវសរ។ កណ្ដុរហិរណ្យកៈនិងក្អែកលឃុ
បតនកៈ សួរឡើងថាៈ រឿងនោះតើដូចម្ដេចទៅ? អណ្ដើកមន្ថរៈចាប់ផ្ដើមនិយាយ រឿងដូចតទៅនេះ៖។

កថាទី៦
រឿងព្រាន ប្រើស ពស់ និង ចចក
មានព្រានព្រៃមា្នក់ឈ្មោះកៃរវៈ អាស្រ័យនៅក្នុងកល្យាណកដកគ្រាម។ ថ្ងៃមួយ គាត់កាន់ធ្នូត្រាច់ចរចេញទៅស្វះ
ស្វែងរកបរបាញ់ប្រើស ដើរទៅដល់ព្រៃវិន្យាបាញ់បានប្រើស១ ហើយនាំយកប្រើសនោះវិលត្រលប់មក ផ្ទះវិញ ដ
ល់កណ្ដាលផ្លូវជួបប្រទះឃើញជ្រូកព្រៃ១រូប រាងធំសំបើមដ៏សាហាវយង់ឃ្នង។ ព្រានព្រៃកៃរវៈ ត្រេកអរណាស់ទំ
លាក់ប្រើសទុកលើផែនដីសិនហើយចាប់ធ្នូតំរង់ទៅជ្រូកព្រៃនោះភ្លាម អែជ្រូកព្រៃត្រូវសរ ក៏ផ្ទុះចេញជាសម្រែក
យ៉ាងខ្លាំងមុខគួរខ្លាចមហិមា ខ្នាញ់ណាស់បោលសំដៅទៅរកព្រានព្រៃ ខ្វេះត្រូវចំពងព្រានព្រៃដោយខ្នាយ ដួលតូង
ស្លាប់ទៅដូចជាគេកាត់ឈើដាច់គល់ ហើយរលំដូលច្នោះ ព្រោះថា៖
១៦២ សត្វលោកតែងដល់នូវសេចក្ដីក្ស័យប្រាណ ដោយទឹកដោយភ្លើង ដោយពិសពុល ដោយគ្រឿងសស្រ្ដាវុធ ដោ
យក្ដីអត់ឃ្លាន ដោយព្យាធិ និងដោយធ្លាក់ពីកំពូលភ្នំ ពុំនោះដោយហេតុអែណាមួយពុំខានឡើយ។
កាលដែលព្រានដួលទៅនោះ ជើងគាត់ដួលវាត់ធាក់ទៅត្រូវពស់ធំមួយស្លាប់ទៀត។ លំដាប់នោះមានចចកមួយ
ឈ្មោះ ទីឃ៌រាវៈកំពុងដើរត្រាច់ស្វះស្វែងរកចំណីអាហារក្នុងទីនោះដែរ ដើរទៅឃើញប្រើស ព្រានព្រៃ និងពស់
នោះស្លាប់អាសាបង់ដូច្នោះ ក៏នឹករីករាយសប្បាយចិត្ដគិតថា «អោថ្ងែនេះ អាត្មាអញ ហៅមានលាភសំបើមអស្ចា
រ្យ អាត្មាអញបានប្រទះឃើញអាហារភោជនច្រើន អនេកអនន្ដ ព្រោះថា៖
១៦៣ សេចក្ដីទុក្ខលំបាក ដែលគេមិនបានគិតទុកជាមុន អាចកើតឡើង ដល់ប្រជាករយ៉ាងណាសេចក្ដីសុខកើតឡើ
ងដល់ប្រជាករយ៉ាងនោះដែរ អាត្មាអញជឿថា ក្នុងលោកនេះស្រេចតែព្រេងសំណាង។ ការណ៍នេះប្រពៃហើយ! អា
ត្មាអញនឹងញ៉ាំងជិវិតអិន្រ្ទីយអោយប្រព្រឹត្ដទៅដោយស្រួល ចំនួនត្រៃមាសបានដោយអាស្រ័យសាច់ទាំងនេះជាអា
ហារ។
១៦៤ មនុស្សនេះបានជាអាហារបាន១ខែ ប្រើសនិងជ្រូកបាន២ខែ អែពស់ទុកជាអាហារបាន១ថ្ងៃដែរ ថ្ងៃនេះគួរអាត្មា
អញស៊ីខ្សែធ្នូនេះមុនដំបូងបង្អស់។ ពេលនោះ ចចកទឃ៌រាវៈរំពឹងគិតថា៖ ដើម្បីនឹងធ្វើជាបថមបរិភោគអាត្មាអញ
ត្រូវស៊ីខ្សែដែលជាប់និងធ្នូ អិតរសជាតិនេះមុនបណ្ដើរសិន លុះគិតដូច្នេះហើយ ក៏ចាប់កកេរខ្សែធ្នូតាមដែលគិតទុ
ក កំពុងតែកកេរ រីខ្សែធ្នូនោះដាច់ប៉ាត់ វាត់ខ្វាប់មកត្រូវមុតធ្លុះដល់បេះដូងដួលតូងដេកស្លាប់ដល់ក្ដីបញ្ចភាព(ធាតុ៥
ប្រការ បឋវី អបោ តេជោ វាយោ និងអាកាសោ។ ធាតុនេះផ្សំអោយកើតរូបមនុស្សសត្វ កាលបើដល់ពេលដែល
ហៅថាស្លាប់ ធាតុទាំង៥ ប្រការនេះក៏ត្រលប់ទៅធាតុដើមវិញ ហៅថា បញ្ចភូមិ រឺបញ្ចភាព លោកថាសេចក្ដីស្លាប់)
ក្នុងកាលនោះអែងហោង។ ហេតុនេះហើយបានជាខ្ញុំ(មន្ថរៈ)ពោលទុកថា បុគ្គលគប្បី កពូនទ្រព្យសម្បត្ដិអស់កាល
ជានិច្ច ដូច្នេះជាដើម(១៦១) មួយទៀតលោកពោលថា៖
១៦៥ ទ្រព្យណាដែលគេអោយទាន ទ្រព្យណាដែលខ្លួនអែងបរិភោគ ទ្រព្យនោះៗឈ្មោះថាជាទ្រព្យនៃជនមានទ្រ
ព្យពិតប្រាកដមែន ព្រោះថា កាលបើខ្លួនអ្នកមានទ្រព្យនោះស្លាប់បាត់បង់ទៅហើយ សម្បត្ដិទ្រព្យព្រមទាំងភរិយា
និងធ្លាក់ទៅជាគ្រឿងល្បែងនៃជនដទៃៗ។
១៦៦ ទ្រព្យណាដែលអ្នកអោយដល់បុគ្គលប្រសើរដ៏លើស ទ្រព្យណាដែលអ្នកបរិភោគរាល់ៗថ្ងៃ ខ្ញុំគិតឃើញថាទ្រ
ព្យនោះៗ ជាសម្បត្ដិទ្រព្យរបស់អ្នកពិតៗ តើអ្នកស្រវឹងរក្សាទ្រព្យសម្បត្ដិដែលសេសសល់ទុកអោយនរណាទៀត?
គួរលើកទុករឿងនេះមួយអន្លើសិន ក្នុងពេលនេះមិនគួរនឹងនាំអោយយកមកពណ៌នាអោយហួសប្រមាណទេ មិន
មែនរឺអ្វី? ព្រោះថា៖
១៦៧ នរជនជាបណ្ឌិតមានប្រាជ្ញាល្អ តែងមិនរវល់ចង់បានទ្រព្យសម្បត្ដិ ដែលមិនត្រូវបាន មិនកើតទុក្ខសោកសៅ
ក្ដៅក្រហាយស្ដាយទ្រព្យដែលវិនាសបាត់ទៅ ហើយនិងមិនវង្វេងជ្រប់ដល់ទៅបាត់ស្មារតីក្នុងពេលដែលសេចក្ដីក្រី
ក្រមកដល់ប៉ុន្មានឡើយ។ ណ្ហើយសំលាញ់កុំតូចចិត្ដ! បងអែងគប្បីអុស្សាហ៍ប្រឹងប្រែងតទៅទៀតទៅ ព្រោះថា៖
១៦៨ បុរសសូម្បីបានសិក្សារៀនសូត្រសាស្រ្ដវិជ្ជាទាំងឡាយហើយក៏នៅតែល្ងង់ លុះត្រាតែបុរសណាហាត់ធ្វើថ្នឹក
បុរសនោះទើបឈ្មោះថាជាប្រាជ្ញ មែនដូចគ្រូពេទ្យធ្លាប់ត្រិះរិះគិតផ្សំថ្នាំបានល្អ ថ្នឹកមើលមនុស្សឈឺអោយជារោគ
មិនមែនគ្រាន់តែប្រាប់ឈ្មោះថ្នាំហើយជារោគនោះទេ។
១៦៩ សេចក្ដីពិត វិធីការចេះដឹង មិនអាចញ៉ាំងបុគ្គលខ្លាចនឿយហត់ (ខ្លាចសេចក្ដីព្យាយាមហាត់ធ្វើ)សូម្បីតែបន្ដិច
បន្ដួចអោយបានជាបុគ្គលមានគុណគាប់ប្រសើរទេ ក្នុងលោកនេះ បុគ្គលភ្នែកខ្វាក់សូម្បីកាន់ប្រទីបនៅដៃ នឹងថា
មើលឃើញទ្រព្យសម្បត្ដិដែលនៅជុំវិញខ្លួនរឺអ្វី?
ដូច្នេះសំលាញ់ រឿងនេះត្រូវអ្នកធ្វើចិត្ដអោយស្ងប់សុខក្សេមក្សាន្ដតាម ដំណើរបរិយាកាសសិន (អាកាសដែលព័ទ្ធ
ជុំវិញលោកនេះជាអត្ថានុរូប។ បើអត្ថប្បដិរូបវិញគឺ ដំណើរការណ៍ផ្សេងៗដែលប្រព្រឹត្ដទៅ គេនិយាយថាបរិយាកា
សល្អ ចរិយាកាសមិនល្អ) អ្នកមិនត្រូវកើតទុក្ខ ឆ្អិតចិត្ដគិតរវល់តែរឿងអុបទ្រពចង្រៃនេះពេក ព្រោះថា៖
១៧០ ស្ដេច ស្រ្ដីក្រមុំនៃត្រកូលព្រាហ្មហ៍ មន្រ្ដី ដោះ ធ្មេញ សក់ ក្រចក និង នរជន ទាំងអស់នេះ ដែលគេដកចេញពី
កន្លែង(ពីដំណែង)មិនល្អទេ។
បើពិចារណាមើលអោយសព្វគ្រប់ដូច្នេះហើយ អ្នកប្រាជ្ញមិនត្រូវលះបង់ចោលទីកន្លែងឡើយ តែសំដីនេះសំដីមនុ
ស្សចោលម្សៀតទេ ព្រោះថា៖
១៧១ សីហ សប្បុរស និង ដំរី តែងលះបង់ទីឋានមិនល្អទៅរកទីឋានល្អ តែសត្វក្អែក បុរសគម្រក់ និងម្រិគនៅស្លាប់
នឹងទីកន្លែងខ្លួន។
១៧២ វីរបុរស ជាអ្នកមានប្រាជ្ញា មិនរវល់យកចិត្ដទុកដាក់ថាៈ ដូចម្ដេចហៅថាប្រទេសខ្លួន រឺដូចម្ដេចហៅថាប្រទេ
សឡើយ ចូរទៅក្នុងប្រទេសណា ក៏ខំប្រឹងប្រែងរកទ្រព្យដោយកំលាំងខ្លួន ក្នុងប្រទេសនោះដូចសត្វសីហ ចូលទៅ
នៅក្នុងព្រៃណាមិនមានអ្វីជាអាវុធ មានតែចង្កូមក្រចក និងកន្ទុយជាគ្រឿងប្រហារ អាចចាប់សំលាប់ដំរីសារហែក
ជញ្ជែងស៊ីហុតឈាម ដើម្បីសេចក្ដីស្រេកឃ្លាននៅក្នុងព្រៃនោះ។
១៧៣ បុគ្គលមិនប្រឹងប្រែងរកទ្រព្យសម្បត្ដិ ឈ្មោះថាប្រគល់ការសម្បូរណ៌ទ្រព្យសម្បត្ដិ ទៅលើដៃនរជនដែលមា
នសេចក្ដីព្យាយាម ដូចកង្កែបលោត ចូលទៅក្នុងអណ្ដូង រឺត្រីហែលចូលទៅក្នុងស្រះដែលពេញប្រៀបដោយទឹកដូ
ច្នោះ
១៧៤ បុគ្គលគប្បីរាប់រងសេចក្ដីសុខនិងសេចក្ដីទុក្ខដែលមកដល់ហើយ ព្រោះថា សេចក្ដីទុក្ខ និងសេចក្ដីសុខទាំង២
ប្រការនេះតែងវិលចុះវិលឡើងដូចកង់រទេះ
១៧៥ ជោគលាភ(ព្រេងសំណាង) តែងរត់ទៅរកតែ នរជនដែលបរិបូណ៌ដោយសេចក្ដីព្យាយាម មិនដេកទ្រមក់ហួ
សកាលវេលា ស្គាល់វិធីការ មិនជាប់ជំពាក់ចិត្ដ ក្នុងក្ដីអន្ដរាយ ក្លៀវក្លាហាន ដឹងអុបការគុណគេ និងមានចិត្ដល្អមាំ
មួនក្នុងសន្ដានដោយទំនើងខ្លួនអែងមិនមែនមកពីទីលំនៅជាហេតុទេ។
១៧៦ វិស័យវីរជន សូម្បីខ្សត់ខ្សោយទ្រព្យសម្បត្ដិ ក៏អាចចូលទៅកាន់ ភាពខ្ពង់ខ្ពស់ដោយកិត្ដិយសដ៏ក្រៃលែង អែ
បុគ្គលកំណាញ់សូម្បីប្រកបដោយទ្រព្យសម្បត្ដិសម្បូរច្រើនដ៏ក្រៃលែង ក៏ធ្លាក់ចុះទៅកាន់សភាពថោកទាប ដ៏អា
ក្រក់ក្រៃលែង ដូចសុខនជាតិ គេចងកដោយខ្សែកជាវិការនៃមាស ម្ដេចឡើយ នឹងបានល្អដូចសត្វសីហដ៏រុងរឿង
ប្រកបដោយវិស័យ លេចល្អឡើងស្រាប់ពីកំណើត ព្រមទាំងគុណលក្ខណគ្រប់ប្រការ។
១៧៧ បើនមានទ្រព្យសម្បត្ដិច្រើន ខ្ញុំរីករាយសប្បាយចិត្ដ បើធ្លាក់ខ្លូនជាអ្នកខ្សត់ទ្រព្យ ខ្ញុំសោកសៅក្ដៅក្រហាយ
ចិត្ដ ធ្វើដូច្នេះរឺអ្វី? ដោយពិតការធ្លាក់ទៅទាប និងការឡើងទៅខ្ពស់នៃមនុស្សទាំងឡាយ ប្រៀបដូចបាល់ដែលគេ
បោះដោយដៃដូច្នោះអែង។
១៧៨ ម្លប់ពពក មេត្រីដោយមនុស្សសាហាវ សំទូងថ្មី ស្រីក្រមុំ និង ទ្រព្យសម្បត្ដិ ទាំងអស់នេះធ្វើអោយកើតសេច
ក្ដីរីករាយតែមួយខណទេ។
១៧៩ បុគ្គលមិនគប្បីប្រឹងខ្វល់ខ្វាយហួសប្រមាណពេកទេ ដើម្បីរកទ្រព្យចិញ្ចឹមជីវិត ព្រោះព្រះជាម្ចាស់មាននិម្មិត
ទុកស្រេចហើយ ដូចដោះទាំងគូរនៃមាតា តែងបង្ហូរទឹកក្សីរអោយទារកតាំងពីប្រសូតចេញពីគរ៌ម្លេះ។ មានភាសិត
ទៀត សំលាញ់ចូរស្ដាប់!
១៨០ លោកអង្គណាដែលសាងហង្សអោយមានពណ៌ស លោកអង្គណាដែលសាងសេកអោយមានពណ៌ខៀវ លោ
កអង្គណាដែលសាងក្ងោកអោយ មានពណ៌វិចត្រផ្សេងៗ លោកអង្គនោះៗ នឹងសាងគ្រឿងចិញ្ចឹមជីវិតទុកសំរាប់នរ
ជនទាំងឡាយដូចគ្នាដែរ។ ម្យ៉ាងទៀត សម្លាញ់! សូមចាំស្ដាប់រហស្សោបាយនៃសប្បុរសទាំងឡាយទៅទៀត សេចក្ដី
ដូច្នេះថា.....
១៨១ ការស្វែងរកទ្រព្យបានសេចក្ដីទុក្ខលំបាកម្ដង កាលវិបត្ដទ្រព្យសម្បត្ដិ កើតមានស្រវឹងម្ដងទៀត ដូច្នេះតើទ្រព្យ
សម្បត្ដិទាំងឡាយនោះនាំអោយ យើងបានសេចក្ដីសុខដូចម្ដេចហ្ន៎?
១៨២ បើអ្នកស្វែងរកទ្រព្យដើម្បីប្រព្រឹត្ដធម៌ កុំស្វែងរកល្អជាងព្រោះ ការសាងអោយស្អាតមុន ល្អជាងការអោយ
ប្រលាក់រួចទើបសាងក្រោយ។
១៨៣ បក្សីស្វែងរកអាហារចំណីបរិភោគក្នុងអាកាស ឆ្កែស្វែងរកអាហារចំណីបរិភោគលើផែនដី ក្រពើស្វែងរក
អាហារចំណីបរិភោគក្នុងទឹកយ៉ាងណា នរជនប្រាថ្នាទ្រព្យក៏ស្វែងរកទ្រព្យបរិភោគបាន គ្រប់ទីកន្លែងយ៉ាងនោះដែរ
១៨៤ អ្នកមានទ្រព្យ តែងមានភ័យជានិច្ច កើតពីរាជភ័យ អំពីអុទកភ័យ អំពីអគ្គីភ័យ អំពីចោរភ័យ និង វិវាទភ័យ
(ការទាស់ទែងដណ្ដើមគ្នាអែង) ដូចសព្វសត្វទាំងឡាយខ្លាចពីមរណភ័យដូច្នោះដែរ។
១៨៥ ក្នុងជីវិតដែលបរិបូរណ៌ដោយសេចក្ដីលំបាកគ្រប់ប្រការនេះនឹង មានអ្វីទុកអោយក្រៃលែងជាងនេះទៅទៀ
តហ្ន៎? មានតែសេចក្ដីប្រាថ្នាមិនសំរេច ដូចចិត្ដនេះអែង សេចក្ដីប្រាថ្នានេះមិនមែនជាមិនមាន ហើយមិនចេះត្រល
ប់ថយចេញពីជាយចិត្ដសោះ។ នែសំលាញ់ចូរស្ដាប់ពាក្យនេះទៀត៖
១៨៦ ដោយពិត ទ្រព្យនេះ គេរកបានមកដោយក្រណាស់ រកបានហើយលំបាករក្សាទុកដាក់ទៀត រកបានហើយវិនា
សទៅវិញទៀត ដូចគេរក្សាម្រឹត្យូវ (សេចក្ដីស្លាប់) ព្រោះហេតុនោះ បុគ្គលមិនគប្បីគិតពីទ្រព្យពេកទេ។
១៨៧ ក្នុងលោកនេះ បើបុគ្គលលះបង់តណ្ហាចោលចេញ បាននរណាធ្វើជាអ្នកក្រីក្រ បាននរណាធ្វើជាអ្នកធំមាន
ទ្រព្យ? តែថាបើបុគ្គលប្រគល់ខ្លួន អោយតណ្ហាវិញនោះ ឈ្មោះថាបណ្ដោយអោយទាសភាពមកទំលើអំបែងក្បា
លប្រាកដតែម្ដង។
១៨៨ បើបុគ្គលប្រាថ្នារបស់អ្វី ក្នុងកាលណា សេចក្ដីប្រាថ្នារបស់អ្នកនោះតែងប្រព្រិត្ដរឿយៗ ទៅក្នុងកាលនោះបើ
បើសេចក្ដីប្រាថ្នាណា ធ្វើអោយបុគ្គលស្ងប់ ទ្រព្យរបស់បុគ្គលដែលរកបានមកនោះឈ្មោះថា ជាទ្រព្យពិតប្រាកដ។
(ហិតោបទេសសេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរ៊ូមានគាថា តបធម៌ និងសីលធម៌ដូច្នេះ ការធ្លាក់ទៅ
ទាបនិងឡើងទៅខ្ពស់ ការជួបជុំ និងការព្រាត់ប្រាស់ ទាំងអស់នេះសត្វលោកលះ បង់មិនបានដោយពិត ជីវិតនេះមា
នតែសេចក្ដីស្លាប់ជាទីបំផុត។)
ណ្ហើយសំលាញ់! ខ្ញុំមិននិយាយបូរបាច់ ជជែកវែកអោយវែងពេកទេក្នុងរឿងនេះ ត្រូវសំលាញ់គិតសំរេចថានឹងធ្វើ
សវនាការនៅរួមគ្នាក្នុងទីនេះ ដោយដាច់ខាតទៅចុះ ព្រោះថា៖
១៨៩ ការចងមេត្រីរាប់អានគ្នាជាប់រហូតដល់ថ្ងៃស្លាប់ជាទីបំផុត សេចក្ដីក្រេវក្រោធបាត់បង់ក្នុងមួយខណៈ និងការ
បរិច្ចាគទានអិតអាលាស់អាល័យ នេះជាធម៌តែងមានក្នុងសន្ដានចិត្ដនៃបុគ្គលមានមហាត្ម័ន។
ក្អែកលឃុបតនកៈ បានស្ដាប់ពាក្យអភិប្រាយអណ្ដើកហើយ នឹកស្ងើចអស្ចារ្យក្នុងចិត្ដហើយពោលពាក្យថា ហៃសំ
លាញ់មន្ថរៈ! បងមានបុណ្សខ្ពស់ណាស់! មានគុណសម្បត្ដិ គួរជនផងទាំងពួងពឹងពាក់ជ្រកអាស្រ័យនៅផងបាន គ្រប់
កាលទាំងពួង ព្រោះថា៖
១៩០ លោកសប្បុរសទាំងឡាយអាចជួយស្រោចស្រង់មិត្រចិត្ដសប្បុរស អោយរួចពីក្ដីវិនាសអន្ដរាយអស់កាលជា
និច្ច ដូចដំរីជួយព្រយុងដំរីដែលលង់ផុងជាប់ភក់អោយរួចឡើងបាន។ (ហិតោបទេសសេចក្ដីប្រែរបស់លោកឡង់សឺរូ
និង លោកនាគប្រទីប មានគាថាលើសដូច្នេះ សាធុជនពេញចិត្ដប្រព្រឹត្ដល្អ តែទុជនមិនគាប់ចិត្ដប្រព្រឹត្ដល្អទេ ឃ្មុំ
សុខចិត្ដហើរចេញទៅ ស្វែងរកក្រេបផ្កាឈូក តែជាតិកង្កែបសូម្បីនៅជិតឈូកក៏មិនអើពើ។)
១៩១ នរជនណាមាននុស្សត្រូវការមកសូមទាន រឺសូមពឹងពាក់ជ្រកកោនមិនខូចបំណង មិនអាម៉ាស់មុខ ត្រលប់ទៅ
វិញមិនក្ដៅក្រហាយ នរជននោះជាបុគ្គលអុត្ដុងអុត្ដមមានលក្ខណជាមនុស្សមានបុណ្យពិតៗ។
តាមដំណើរនិទានដែលពណ៌នាមកនេះ សត្វទាំង៣ នោះក៏យកគ្នាធ្វើមិត្រសំលាញ់ សិទ្ធស្នាលស្ម័គ្រស្មោះសរ ស្វែង
គោចររកចំណីអាហារតាមទំនើងចិត្ដអាស្រ័យនៅនាព្រៃនោះ ជាសុខនិរទុក្ខនិរភ័យ សប្បាយក្សេមក្សាន្ដទៅហោង
អំណេះតមក ថ្ងៃមួយប្រើសចិត្រាង្គៈ កំពុងត្រអាលស៊ីស្មៅខ្ចីដោយក្ដីក្សេមក្សាន្ដ ស្រាប់តែមានហេតុមួយធ្វើអោ
យភ្ញាក់ព្រើត ភ័យតក់ស្លុតស្ទុះបោល ផ្លោះរត់ទៅរកមិត្រសំលាញ់អោយជួយ មិត្រសំលាញ់ទាំង៣ មើលទៅឃើ
ញប្រើសបោលដូចជាបោះពួយស្លន់ស្លោមកពីចំងាយដូច្នោះបារម្ភក្រែងមានអន្ដរាយអ្វីមកយាយីក៏រត់រកកន្លែងជ្រក
ពួនរៀងខ្លួន។
អណ្ដើកមន្ថរៈបោលរខូសៗចូលក្នុងទឹក កណ្ដុរហិរណ្យកៈរត់ចូលរន្ធ អែក្អែកលឃុបតនកៈ ក៏ហើរទៅទំលើដើម
ឈើខ្ពស់ក្រលេកមៀងមើលទៅឆ្ងាយជុំវិញខ្លួន មិនឃើញមានហេតុអ្វីជាអន្ដរាយនាំអោយភិតភ័យក៏ស្រែកបង្កូក
ហៅមិត្ដ សំលាញ់ទាំង៣អ្នកអោយទៅរួមរ័ក្សសុខសប្បាយជាមួយគ្នាតាមប្រក្រតីដើម។
អណ្ដើកនិយាយទៅកាន់ប្រើសថា នែសំលាញ់ចិត្រាង្គៈ! សូមអោយសំលាញ់មានសិរីសួស្ដីជ័យមង្គល សូមសំលាញ់កំ
សាន្ដចិត្ដ ផឹកទឹកថ្លាស្វែងរកចំណីអាហារតាមបំណង អាស្រ័យនៅក្នុងព្រៃនេះជាទីកន្លែងរួមជាមួយគ្នាតទៅ អែ
ប្រើសចិត្រាង្គៈនិយាយប្រាប់ថា អំបាញ់មិញនេះ ខ្ញុំភិតភ័យណាស់ស្មានថាជាព្រានព្រៃដើរបរបាញ់ បានជាខំបោលខ្មឹត
រត់មករកលោកជាមិត្រជ្រកកោន (ហិតោបទេសសេចក្ដីប្រែរបស់លោកឡង់សឺរូ និងលោកនាគប្រទីប មានគា
ថាលើសដូច្នេះ ការបដិសេធចោលបុគ្គលដែលមកសូមពឹងពាក់ ដោយសេចក្ដីលោភ រឺដោយសេចក្ដីខ្លាច បណ្ឌិត
ចុះមតិយល់ឃើញថាជាបាបស្មើដោយការសំលាប់ព្រាហ្មណ៍)។ កណ្ដុរនិរណ្យកៈពោលថាយើងត្រូវយកគ្នាជាមិត្រ
អាស្រ័យនៅ ទីនេះជាមួយគ្នាមិនបាច់និយាយអង្វរករច្រើនពេកទេ ព្រោះថា៖
១៩២ កូលដែលកើតចេញពីទ្រូង អ្នកដែលធ្លាប់ចងស្ពានមេត្រីជាមួយគ្នា១ អ្នកដែលជាប់ខ្សែស្រលាយត្រូវជាវង្ស
ត្រកូល១ និងអ្នកដែលរក្សាការពារ អោយផុតពីសេចក្ដីអន្ដរាយ១ ទាំង៤ប្រការនេះ បុគ្គលគប្បីដឹងថាជាវិធីត្រូវចង
ជាមិត្រ។
សំលាញ់ ចូរអ្នកនៅក្នុងទីនេះកុំរង្គៀសសង្ស័យអ្វី អោយដូចជានៅផ្ទះ ខ្លួនអែងដូច្នោះ (ហិតោបទេសសេចក្ដីប្រែរ
បស់លោកឡង់សឺរូ និងលោកនាគប្រទីប មានគាថាលើសដូច្នេះ ទឹកអណ្ដូង ម្លប់ដើមជ្រៃ ស្រ្ដីស្បាមា (ស្រ្ដីមានរូប
ល្អវិសេស) ផ្ទះធ្វើដោយអិដ្ឋ ទាំងអស់នេះក្នុងរដូវរងា កក់ក្ដៅត្រជាក់សប្បាយ)។ អែប្រើសចិត្រាង្គ បានស្ដាប់ពាក្យ
កណ្ដុរព្រមយកជាមិត្ររួម សុខរួមទុក្ខដូច្នោះហើយ ក៏សប្បាយរីករាយណាស់ស្វែងរកស្មៅជាអាហារតាមទំនើងចិត្ដ
ផឹកទឹកថ្លាអាស្រ័យដំណេកនៅនាអស់ដើមឈើជិតមាត់ត្រពាំងនោះអែង។ កាលនោះអណ្ដើកមន្ថរៈ សូរឡើងថា
នែប្រើសសំលាញ់! នៅក្នុងព្រៃនិរជនបែបនេះ បងខ្លាចអ្វី? ដែលមានព្រានព្រៃត្រាច់ចរទៅមកម្ដងៗដែរ។ ប្រើស
ឆ្លើយតបទៅវិញថា នៅក្នុងដែនកលិង្គៈមានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាម រក្មាង្គទ ស្ដេចទ្រង់កេណ្ឌរេហ៍ពល
សកលយោធាទៅកំរាមប្រទេសជិតខាង ពេលនេះ ទ្រង់បោះទ័ពតាំងបន្ទាយនៅនាត្រើយស្ទឹងចន្រ្ទកាគា (ឈ្មោះស្ទឹ
ងមួយដែលមានប្រភពនៅភ្នំចន្រ្ទភាគ សព្វថ្ងៃហៅ ចេណាប ជាស្ទឹងមួយក្នុងស្ទឹងទាំង៥ដែលហូរប្រសព្វគ្នា
នៅប្រទេសបញ្ចាប (បញ្ច+អាប=ស្ទឹងប្រាំ) រួមទៅជាទន្លេសីន្ធុ (តណ្ឌុំស) អិណ្ឌា។) ខ្ញុំបានលឺដំណឹងខ្ចរខ្ចាយតាមពា
ក្យព្រានព្រៃថា ស្ដេចនឹងត្រាច់ចរបរបាញ់ម្រឹគបក្សីមកដល់ជិតនាឋានស្រះកបុរិ ក្នុងវេលាព្រឹកព្រាងស្វាងឡើងស្អែ
កនេះ បើយើងទាំងអស់គ្នានៅក្នុងទីនេះរហូតដល់ ព្រឹកឡើងខ្ញុំនឹកឃើញថានឹងមានហេតុនាំអោយភ័យមិនខាន គួរ
យើងរៀបចំរកទីកែន្លងទីពឹងតាមការណ៍ដែលនឹងរកបាន អែអណ្ដើកមន្ថរៈបានលឺហេតុប្រកបដោយភ័យនោះហើ
យតក់ស្លុតរន្ធត់ចិត្ដពោលឡើងថា ខ្ញុំមុខជានឹងទៅរកត្រពាំងអែទៀតជ្រកពួនហើយ បើតែយ៉ាងនេះ។ ក្អែកលឃុ
បតនកៈនិងប្រើសចិត្រាង្គៈ ក៏ពោលដោយយល់ឃើញល្អថា ធ្វើយ៉ាងនេះត្រូវហើយសំលាញ់។ អែក្នុងកាល នោះក
ណ្ដុរហិរណ្យក គិតសព្វគ្រប់ជុំវិញហើយក៏អស់សំណើចសើចឃឹកៗ ទើបនិយាយថា បងអណ្ដើកមន្ថរៈនេះវាគើមៗ
ទៅដល់ត្រពាំងអែទៀត ហើយចូលក្នុង ទឹកភ្លាមពួនបាត់ទៅនោះជាកុសលហើយ ចុះយើងគ្រប់គ្នា ជាសត្រូវនៅតែ
លើគោកបានអ្វីការពារហ្ន៎! ព្រោះថា
១៩៣ ទឹកជាកំពែងការពារវីរជាតិទាំងឡាយ ប៉មជាកំពែងការពារអ្នក នៅក្នុងប៉ម ទួលជាកំពែងការពារសត្វ ទាំង
ឡាយមានឆ្កែជាដើម សែន្យានុភាពនៃព្រះរាជាជាកំពែងការពារអរន្ទរាជ។ ហៃសំលាញ់លឃុបតនកៈ! បងត្រូវធ្វើ
តាមក្បួនតំរាអុបទេសនេះចុះព្រោះថា៖
១៩៤ បុត្រពាណិជបានឃើញព្រះរាជាចាប់ដោះក្បំក្រពុំដូចផ្លែទន្លាប់ផ្ទប់អោបនៃភរិយាខ្លួន ប្រចក្សដោយភ្នែកអែង
ក៏ទោមនស្សតូចចិត្ដអិតអុបមា អែខ្លួនបងទាំងឡាយក៏ត្រូវបានសេក្ដីក្ដៅក្រហាយដូច្នោះដែរ។ សត្វទាំងឡាយសួរ
រឿងនោះថា តើរឿងរ៉ាវនោះដូចម្ដេច? កណ្ដុរហិរណ្យកៈចាប់ផ្ដើមរៀបរាប់រឿងរ៉ាវ នោះដូចតទៅនេះ៖
កថាទី៧
រឿងព្រះរាជា បុត្រពាណិជ និង ភរិយា
នៅក្នុងប្រទេសកាន្យកុព្វ (សព្វថ្ងៃហៅ កាណោដ ស្ថិតនៅត្រើយខាងជើងទន្លេគង្គា និងស្ទឺងជម្នា ក្នុងខេត្ត អគ្រៈ
ប្រែថា ព្រះរាជបុត្រីគម ជាបុត្រីព្រះបាទកុសនាក ព្រោះព្រះនាងមិនព្រមយកព្រះពាយជាស្វាមី) មានព្រះរាជាមួយ
ព្រះអង្គ នាមវិសេនរាជព្រះរាជាអង្គនេះ ទ្រង់បានប្រគល់រាជ សម្បត្ដិថ្វាយព្រះរាជអោរសមួយព្រះអង្គទ្រង់ព្រះនាម
តុង្គពលរាជ អោយគ្រប់គ្រងវីរបុរីរាជធានី ថែរក្សាប្រទេសជាតិមាតុភូមិ។ ព្រះរាជបុត្រអង្គនេះទ្រង់តាំង នៅក្នុងប
ឋមវ័យ អុត្ដមសម្បូណ៌ដោយស្រីស្រឹង្គារបរិវារ និងភោគសម្បត្ដិទាំងឡាយ។ ថ្ងៃមួយ កាលព្រះបាទតុង្គពលរាជស្ដេ
ចទ្រង់ប្រពាតតាមវិថីក្នុងព្រះរាជធានី ទ្រង់ទតព្រះនេតទៅប្រទះឃើញភរិយានៃបុត្រពាណិជម្នាក់ ឈ្មោះនាងលា
វណ្យវតី ជាស្រ្ដីនៅក្មេងកំពុងពេញរូបល្អអិតខ្ចោះទាស់ត្រង់ណា។ លុះស្ដេចទ្រង់ត្រលប់ទៅកាន់ព្រះរាជវាំងវិញព្រះ
រាជហរិទ័យនៅចងចាំរូបសោភានៃនាងលាវណ្យវតីមិនភ្លេចដូចជាត្រូវសរកាមទេព ទ្រាំមិនបានទល់តែទ្រង់ត្រាស់
បង្គាប់អោយហៅមេអណ្ដើកទៅនាំនាងនោះមកថ្វាយ ព្រោះថា៖
១៩៥ សរគឺកិរិយាក្រលេកមើល កើតក្ដីស្នេហាស្រ្ដីមានរូបល្អទាំងឡាយ បាញ់ចេញអំពីកិរិយាយឺតកៅទ័ណ្ឌ គឺរោម
ចិញ្ចើមក៏មានពណ៌ខ្មៅនិលស្រិល កោងទ្រទួយវែងដល់គុម្ពត្រចៀក បើមិនទាន់មកប៉ះដល់ចិត្ដបុរសដ៏រាបណាបុរ
សអាចតំកល់ចិត្ដមាំក្នុងធម៌ លោកសប្បុរសអាចគ្របសង្កត់អិន្រ្ទីទាំងឡាយ អាចរក្សាសេចក្ដីអៀនខ្មាស់នឹងអាច
តាំងនៅក្នុងវិន័យបានដរាបនោះ។
អែនាងលាវណ្យវតី តាំងពីបានប៉ះភ្នែកដោយព្រះនេតព្រះបាទតុង្គពលរាជ ក៏មានចិត្ដប្រតិព័ទ្ធនឹកមមៃមិនភ្លេចហាក់
ដូចជាត្រូវរបួសដោយសរ ដែលព្រះកាមទេពបាញ់មក ត្រូវចំដួងចិត្ដចាប់ពើតស្អិតគិតតែផ្លូវមួយ ព្រោះថា
១៩៦ មិនមានសច្ចៈ ចិត្ដរហ័ស មាយាអិច្ឆា លោភក្រៃពេក មិនមានគុណសម្បត្ដិល្អ និងលាមកទាំងអស់នេះជាទោ
សនៃស្រ្ដីកើតពីសភាពខ្លួនអែង។ គ្រាកាលនាងលាវណ្យវតី ស្រីចិត្ដចើកបានស្ដាប់ពាក្យនិយាយដឹកនាំបញ្ចុកបន្ស៊ីនៃ
នាងមេអណ្ដើកហើយក៏ធ្វើមាយាឆ្លើយតបថា ខ្ញុំចិត្ដស្មោះត្រង់និងស្វាមី អោយខ្ញុំប្រព្រឹត្ដដូចស្រីអាក្រក់ល្មើសកន្លង
ចិត្ដស្វាមីខុសគន្លងធម៌ដូចម្ដេចកើត? ព្រោះថា៖
១៩៧ ស្រីណាឆ្លៀវឆ្លាតប្រសប់វាងវៃក្នុងការផ្ទះ ស្រ្ដីនោះជាភរិយាមែនទែន ស្រ្ដីណាសាយកូន ស្រ្ដីនោះជាភរិយា
មែនទែន ស្រ្ដីណាស្មោះត្រង់ចំពោះស្វាមី ស្រ្ដីនោះជាភរិយាមែនទែន។
១៩៨ ស្រ្ដីណាមិនធ្វើអោយភស្ដារីករាយសប្បាយ ស្រ្ដីនោះបុគ្គលមិនគប្បីហៅភរិយាទេ បើភស្ដាពេញចិត្ដចំពោះ
នារីណាជាភរិយាហើយសូម្បីពួកទេវតាក៏ជួយរីករាយដែរ។
កាលឺបើលដូច្នេះ ស្វាមីជាម្ចាស់ប្រាណរបស់ខ្ញុំ គាត់មានបំណងយ៉ាងណាខ្ញុំប្រតិបត្ដិតាមបំណងយ៉ាងនោះ អិតពិចារ
ណារេរាចិត្ដទេ។ នាងមេអណ្ដើកនោះ បញ្ចាក់សួរថា៖ «ពាក្យនេះជាពាក្យសច្ចៈដូចនាងនិយាយមែនរឺអ្វី?»។ នាងលា
វណ្យវតីឆ្លើយតបវិញថា «ចា៎ !ពាក្យនេះជាពាក្យសច្ចៈពិតប្រាកដមែន»។ កាល នោះនាងមេអណ្ដើកក៏លាត្រលប់
ចូលទៅកាន់ព្រះរាជវាំងវិញ នាំយកសេចក្ដីទាំងអស់នេះទៅក្រាបបង្គំទូលព្រះបាទតុង្គពលរាជអោយទ្រង់ជ្រាបសព្វ
គ្រប់ប្រការ។ ព្រះបាទតុង្គពលរាជ ទ្រង់បានព្រះសណ្ដាប់អស់អាថិសេចក្ដីហើយ ទើបទ្រ ង់មានព្រះបន្ទូលត្រាស់ប្រឹ
ក្សាថា តើយើងគិតធ្វើដូម្ដេចអោយប្ដីវានាំខ្លួនវាយកមកអោយយើងបានហ្ន៎?។ នាងមេអណ្ដើកក្រាបទូលថា បើល
ដូច្នោះសូមទ្រង់ប្រើអុបាយកល ព្រោះថា៖
១៩៩ មែនពិត កិច្ចការណាដែលអាចសំរេចបានដោយអុបាយកល កិច្ចការនោះ គេមិនបាច់ប្រើសេចក្ដីព្យាយាមទេ
ដំរីស្ដត្រូវចចកដើរអុបាយបោក អោយធ្លាក់ក្នុងបឹងភក់ ក៏ដល់សេចក្ដីស្លាប់អន្ដរធានទៅហោង។ ព្រះតុង្គពលរាជសួរ
ថា រឿងនោះតើដូចម្ដេច?
កថាទី៨
រឿងចចក និងដំរីស្ដ
នៅក្នុងព្រៃធំ មានដំរីមួយឈ្មោះកប៉ិរតិលកៈ។ សត្វចចកមួយហ្វូងធំឃើញដំរីស្ដមួយនោះ ក៏គិតគូរគ្នាថា «បើយើង
ប្រើអុបាយកលសំលាប់ដំរីនេះបាននោះមុខជាយើងបានសាច់វាជាចំណីអាហារចំអែតផ្ទៃអស់កំណត់៤ខែ»។ បណ្ដា
ចចកទាំងឡាយនោះ មានចចកចាស់មួយ យកអាសានិយាយអួតអាងថា ដោយអានុភាពប្រាជ្ញា ខ្ញុំមានកិច្ចកលវិសេ
សមួយអាចសំលាប់ដំរីស្ដនេះអោយសំរេចបាន។ លំដាប់នោះចចកចាស់ឆបោកនោះ ដើរចូលទៅរកដំរីស្ដនេះកប៉ិ
តិលក ធ្វើកិរិយាអោនលំទោនហាក់កោតខ្លាចលុតក្រាបដោយអស្ដាង្គបាទ ពោលពាក្យជាទីគោរពថា «បពិតលោ
កជាស្ដេចដំរី! សូមលោកមេត្តាប្រោស ខ្ញុំបាទសូមជួបនឹងលោក»។ ដំរីស្ដសួរទៅថា «អែងជាអ្វីអែងទៅណាមកណា
រកអ្វីហ្នឹង?» ចចកឆ្លើយប្រាប់ថា «ខ្ញុំបាទជាសត្វចចក អិលូវនេះពួកបសុសត្វទាំងឡាយដែលអាស្រ័យនៅនាព្រៃនេះ
ប្រជុំព្រមព្រៀងគ្នា មូលមតិស្រេចហើយ ទើបចាត់អោយខ្ញុំបាទចូលមកក្រាបបង្គំទូលព្រះអង្គថា ៖ ការរស់នៅមិន
មានស្ដេចគ្រប់គ្រងថែរក្សាមិនបានសេចក្ដីសុខទេ សូមអញ្ជើញព្រះអង្គធ្វើជាស្ដេច ហើយគិតអភិសេកសោយរា
ជ្យនៅព្រៃនេះ ព្រោះព្រះអង្គប្រកបដោយស្វាមីគុណ សព្វគ្រប់ប្រការ សមគួរនឹងបានជាស្ដេចគ្រប់គ្រង ពពួកសត្វ
ចតុប្បាទទាំងឡាយដែលនៅក្នុងទីនេះព្រោះថា៖
២០០ នរជនណាបរិសុទ្ធដោយត្រកូល ដោយផៅពង្ស ដោយអារ្យធម៌ មានតបតេជដ៏ខ្លាំងក្លា ប្រកបដោយធម្មចរិ
យា និងនិតិកោសល (ជំនាញក្នុងនយោបាយ) នរជននោះសមគួរនឹងបានជាស្ដេចលើផែនដីនេះ។
២០១ តាមធម្មតា បុគ្គលត្រូវកំចាត់ផែនដីអោយបានទុកជាបឋមរួចហើយសឹមរកភរិយា និងរកទ្រព្យ ថាបើមិនមាន
ស្ដេចគ្រប់គ្រងផែនដីទេ តើត្រូវរកភរិយា និងរកទ្រព្យនៅក្នុងលោកនេះធ្វើអ្វី?
២០២ ម្ចាស់ផែនដីជាទីពឹងពាក់នៃពលរដ្ឋទាំងឡាយ ដូចជាភ្លៀងជាទីពឹងពាក់នៃសត្វលោកទាំងឡាយ បើភ្លៀងរអាក់
រអួល សត្វលោកអាចញ៉ាំងជីវិតអិន្រ្ទីយ៍អោយប្រព្រិត្ដទៅបាន តែបើព្រះរាជាមិនប្រកបដោយធម៌ ពលរដ្ឋរស់នៅ
មិនបានទេ។
២០៣ ក្នុងលោកនេះនរជនប្រព្រឹត្ដទៅតាមច្បាប់ដោយច្រើន ព្រោះតែខ្លាចទណ្ឌកម្មទេ នរជននៅក្នុងអំណាចគេ
ហើយប្រព្រឹត្ដល្អពិតមែននោះ រកបានដោយកម្រណាស់ ដូចកុលនារីគោរពស្វាមីស្គម វិកលសពាង្គកាយ ឈឺរីងរៃ
និងក្រីក្រ ព្រោះតែខ្លាចទណ្ឌកម្មប៉ុណ្ណោះ។
បើដូច្នោះ សូមព្រះអង្គកុំបង្អង់រារង់អោយយឺតយូរ សូមអញ្ជើញទៅដោយរួសរាន់ អោយទាន់ពេលវេលាជាមង្គល
សិរីសួស្ដី និយាយដូច្នោះហើយ ក៏នាំដំរីស្ដនោះដើរទៅ។ អែប៉ិរតិលកៈដែលលុះក្នុងអំណាចលោកធម៌ ចង់បានរាជ
សម្បត្ដិ ចាញ់កលចចក ស្រវឹងយសភ្លេចខ្លួនខំដើរទៅតាមចចកយ៉ាងលឿនដែលអាចនឹងលឿនបាន ទៅផុងលង់
ទ្រនេសក្នុងបឹងភក់ជាប់ទៅទៀតមិនរួច ទើបស្រែកហៅចចកអោយជួយស្រង់ថា៖ «អើសំលាញ់ចចកអើយ ត្រូវ
ធ្វើដូចម្ដេចហ្ន៎? អិលូវនេះអញលង់ទ្រនេសក្នុងបឹងភក់ជ្រៅរើខ្លួនមិនរួចទេ នឹងដល់ក្ដីស្លាប់ហើយដឹង? សូមសំលា
ញ់វិលមកក្រោយរកអុបាយជួយគ្នាសិន»។ ចចកបានសមដូចបំណងហើយធ្វើជាអស់សំណើចសើចហាសហាយ និ
យាយចំអកឡកឡឺយថា៖ «ទេវៈ! សូមលោកមេត្តាយកប្រមោយតោងកន្ទុយខ្ញុំអោយជាប់ ខ្ញុំនឹងខំព្រយុង ឡើង
អោយរួច ដោយអំពើដែលជឿស្ដាប់ពាក្យខ្ញុំនេះសូមលោកសោយរាជ្យនូវសេចក្ដីទុក្ខនេះចុះ ព្រោះថា៖
២០៤ ដរាបណាលោកប្រាសចាកការសេពគប់សប្បុរសរឿយៗ ដរាបនោះ លោកនឹងធ្លាក់ទៅក្នុងសមាគមអសប្បុ
រសរឿយៗដែរ។ លំដាប់នេះចចកទាំងឡាយហែកជញ្ជែងដំរីស្ដដែលផុងក្នុងបឹងភក់ជ្រៅ ស៊ីជាអាហារស្លាប់ក្នុងគ្រា
នោះអែងហោង។ ព្រោះហេតុនេះ បានជាខ្ញុំម្ចាស់ក្រាបទូលថា «មែនពិតកិច្ចការណាដែលអាចសំរេចបានដោយអុ
បាយកល ដូច្នេះជាដើម(១៩៨)។
កាលព្រះបាទតុង្គពលរាជ ទ្រង់ព្រះសណ្ដាប់ពាក្យអុបទេសនៃនាងមេអណ្ដើកនោះចប់អស់អាថ៌សេចក្ដីហើយ ទើប
ត្រាស់បង្គាប់អោយហៅចារុទ័ត្ដ កូនពាណិជ្ជជាស្វាមីនាងលាវណ្យវតីមកកាន់ផ្ទៃព្រះរាជដំណាក់តាំងជាសេវកាមាត្យ
នៅបំរើផ្ទាល់ព្រះអង្គ ទ្រង់តែងមេត្តាប្រោសប្រាណរាប់អានដោយសេចក្ដីសិទ្ធស្នាលដ៏ក្រៃលែង។
ថ្ងៃមួយព្រះបាទតុង្គពលរាជទ្រង់ស្រង់ព្រះជលវារីស្រេច ស្ដេចប្រស់ព្រំ សពាង្គកាយដោយគ្រឿងក្រអូបឈ្ងុយឈ្ងប់
ត្រលប់គន្ធពិដោរ ទ្រង់ប្រដាប់គ្រឿងអង្ការដ៏ហើយដោយមាស និងពេជ្រនីលចិន្ដាទាំងឡាយរួចហើយទើបមានបន្ទូ
លត្រាស់ថា «ហៃចារុទ័ត្ដ!ថ្ងៃនេះយើងនឹងធ្វើពិធីគៅរីព្រត(ពិធីបូជាដល់នាងគៅរី គឺនាងទុគោជាសក្ដិព្រះអិសូរ) ក្នុង
ពិធីបុណ្យនេះអ្នកត្រូវទៅស្វែងរកស្រីក្រមុំរូបល្អ ជាស្រ្ដីអ្នកមានត្រកូលយកមកអោយយើង អោយបានម្នាក់ៗរា
ល់រាត្រី ចាប់ពីថ្ងៃនេះតទៅ យើងនឹងប្រទានទ្រព្យសម្បត្ដិនឹងកេរ្ដិ៍ឈ្មោះអោយតាមពិធីបុណ្យ។ អែចារុទ័ត្ដបុត្រពា
ណិជ្ជក៏ចាត់ចែងរកស្រ្ដីក្រមុំថ្មីៗ តាមព្រះរាជបំណង យកមកថ្វាយរាល់វេលារាត្រី អិតមានក្ដីបារម្ភឡើយ ហើយបំ
បាំងខ្លួនពួនអាត្មាសំងំលបចាំមើលអោយដឹងថា ព្រះរាជាទ្រង់ធ្វើដូចម្ដេចខ្លះ។ ព្រះបាទតុង្គពលរាជទ្រង់ស្ថិតនៅឆ្ងាយពី
ស្រ្ដីក្រមុំនោះ ធ្វើអាការពាយងាយ ហាក់ពុំជ្រាបព្រះទ័យ អិតធ្វើអ្វីអោយប៉ះពាល់បន្ដិចបន្ដូចសោះ ទីបំផុតទ្រង់ព្រះ
រាជទានគ្រឿងស្លៀកពាក់គ្រឿងក្រអូប និងសំអិតខ្លឹមចន្ទន៍ សុទ្ធសឹងតែគ្រឿងប្រសើរឆើត ហើយត្រាស់បង្គាប់អោ
យរាជអាមាត្យថែរក្សានាំយកទៅប្រគល់ដល់ផ្ទះរៀងខ្លួនវិញភ្លាម។
រីបុត្រពាណិជ្ជ កាលលបមើលឃើញសព្វគ្រប់ប្រការដូច្នោះ ជឿទុកចិត្ដ ស្លាប់គំនិតឈឹង កើតសេចក្ដីលោភលន់
ចង់បានទ្រព្យថែមទៀតទើបទៅនាំភរិយាខ្លួនយកមកថ្វាយ។ កាលនោះព្រះតុង្គពលរាជទតព្រះនេត្រឃើញនាងលា
វណ្យវតីស្រ្ដីកំពូលព្រះទ័យមកដល់ ទ្រង់ស្គាល់ច្បាស់ត្រេកត្រអាលណាស់ ស្ទុះទៅបីក្រកងនាំយកទៅលើព្រះទែន
សយនាភិរម្យ ភ្លើតភ្លើនព្រះចិន្ដាដោយក្ដីស្នេហា បើកព្រះនេត្រារលឹមព្រឹមៗ ត្រជាក់ដូងព្រះទ័យ។ កាលបុត្រពាណិ
ជជាស្វាមីបានឃើញដូច្នោះស្ដាយក្រោយសល់សែនទ្វី អស់បើគិត ភ័ន្ដភាំងស្មារតីគាំងរឹងស្ដូក នៅនឹងថ្កល់ដូចកល់រូ
បគំនូរ រឺតក្កតាលែងហាមាត់ចេញស្ដីអ្វីកើត ដោយក្ដីក្ដៅក្រហាយខុសគំនិតខ្លួនអែង។ ព្រោះហេតុនោះបានជាខ្ញុំ
(កណ្ដុរហិរណ្យកៈ) និយាយថា «បុត្រពាណិជ្ជបានឃើញព្រះរាជាចាប់ដោះក្បំក្រពុំដូចផ្លែទន្លាប់ផ្ទប់អោរានៃ ភរិយា
ខ្លួនប្រចក្សដោយភ្នែកអែង ដូច្នេះជាដើម(១៩៤)។កណ្ដុរហិរណ្យកៈ និយាយបញ្ជាក់អោយក្អែកលឃុបតនកៈទៀត
ថា រឿងបងក្អែកនេះដូចជារឿងបុត្រពាណិជដូច្នេះដែរ។ អែអណ្ដើកមន្ថរៈ មើលងាយរឿងដែលកណ្ដុរហិរណ្យកៈ
និយាយប្រាប់ បដិសេធមិនព្រមស្ដាប់ ភ័យតក់ស្លុតរន្ធត់ចិត្ដណាស់ ក៏ឡើងពីត្រពាំងនោះវារចេញទៅរួសរាន់។ សត្វ
អែទៀតមានកណ្ដុរជាដើមមានសេចក្ដីស្នេហាអណ្ដើកមន្ថរៈ កាលបើឃើញមិត្រមិនស្ដាប់ពាក្យខ្លួន បារម្ភក្រែងមិ
ត្ដជាទីស្រលាញ់ពេញចិត្ដ មានក្ដីអន្ដរាយក៏បបួលគ្នាដើរទៅ តាម។ កាលអណ្ដើកមន្ថរៈវារខូសៗលើគោកលេច
វាលចូលព្រៃ មិនយូរប៉ុន្មានទៅជួបប្រទះនឹងព្រានព្រៃមា្នក់។ រីព្រានព្រៃឃើញអណ្ដើកវារគើៗត្រេកអរណាស់ រើ
សហើយចងភ្ជាប់អៃដ៏ដងធ្នូរពុនយកទៅ ដើរទៅៗអស់កំលាំងឃ្លានបាយ ស្រេកទឹកខ្លាំង ក៏ត្រលប់ទៅផ្ទះវិញ។ អែ
ប្រើស ក្អែក និងកណ្ដុរ ឃើញព្រាន ព្រៃចាប់អណ្ដើកកើតក្ដៅក្រហាយរសាប់រសល់ តប់ប្រមល់ខ្វល់ចិត្ដ មិនដឹង
បើគិតធ្វើដូចម្ដេច ចេះតែទៅតាមព្រាននោះចរទៅ។ កាលនោះអែងកណ្ដុរហិរណ្យក យំទង្គឹសខ្សឹកខ្សួលរអាក់
រអួលថ្លាថ្លែងថា៖
២០៥ ដរាបណា អាត្មាអញមិនទាន់បានដល់ទីបំផុត ពោលគឺត្រើយសមុទ្រនៃសេចក្ដីទុក្ខមួយទេ ដរាបនោះ អាតា្មអ
ញក៏តែងតែជួបប្រទះសេចក្ដីទុក្ខ ទីពីរទៀត រីសេចក្ដីទុក្ខនេះ បើមានច្រកជាទំនងហើយ ក៏ចេះតែកើតមានឡើង
ថែមហើយថែមទៀតច្រើនឡើងៗ។
២០៦ មិត្ដភាពណាមានភាពប្រក្រតីជាមិត្ដកើតឡើងដោយបុណ្យវាសនា មិត្ដភាពប្រកបដោយភាពប្រក្រតីនោះ
មិនលះបង់ចោលគ្នាក្នុងគ្រាវិបត្ដិអន្ដរាយឡើយ។
២០៧ វិស្សាសភាពនៃនរជនក្នុងមាតា ក្នុងភរិយា ក្នុងបងប្អូន និងក្នុងបុត្រធីតា មិនស្មើដោយវិស្សាសភាពនៃមិត្ដដែ
លកើតឡើងដោយសភាពប្រក្រតីជាមិត្ដឡើយ។ កណ្ដុររំពឹងគិតសាចុះឡើងមួយស្របក់ ដកដង្ហើមធំឃូរៗទួញយំ
ថា អោពុទ្ធោកម្មអើយ! បាបកម្មអាត្មាអញនេះអីក៏ចង្រៃអាក្រក់ម្ល៉េះហ្ន៎? ព្រោះថា
២០៨ ផលកម្មអាត្មាអញល្អក្ដី អាក្រក់ក្ដី ដែលប្រព្រឹត្ដទៅ ក្នុងកាលប្រាកដជាកើតឡើងក្នុងសន្ដានអាត្មាអញពីបុព្វ
ជាតិ អាត្មាអញបានឃើញផលកម្ម ទាំងអស់ក្នុងលោកនេះ ដូចជាអាត្មាអញបានកើតមកហើយ១០ជាតិ។
២០៩ គួរសង្វេគណាស់! រាងកាយនេះកើតឡើងហើយក៏ដល់នូវការបែកធ្លាយទៅវិញ ភោគសម្បត្ដិកើតបរិបូណ៌
ឡើងហើយ ក៏ដល់នូវក្ដីភោគវិបត្ដទៅវិញ ការជួបជុំគ្នាកើតមានហើយ ក៏ដល់នូវការព្រាត់ប្រាស់គ្នាទៅវិញ សារពី
វត្ថុទាំងឡាយ មានការកើតឡើងនិងការបាក់បែកពុកផុយរលួយទៅវិញនេះជា ធម្មតា។
២១០ នរណាហ្ន៎ ជាអ្នកបង្កើតរតនវត្ថុអោយមានពាក្យពីរព្យាង្គថា «សំលាញ់» ដែលទុកដូចជាគ្រឿងការពារនូវសេច
ក្ដីសោក សត្រូវភ័យ សេចក្ដីតក់ស្លុត និងភាជន៏ សំរាប់ទ្រនូវសេចក្ដីស្រលាញ់ព្រមទាំងសេចក្ដីជឿទុកចិត្ដ?
២១១ មិត្រណាជាទីកើតរសនៃបីតិ ជាទីគាប់ភ្នែក ជាទីរីករាយចិត្ដ ភាជនៈសំរាប់ទ្រនូវសេចក្ដីសុខទុក្ខជាមួយគ្នា មិ
ត្រនោះក្ររកបានណាស់ មានមិត្រដ៏ទៃទៀត ក្នុងសម័យមានទ្រព្យច្រើន មិត្រណាមករាប់អានព្រោះតែចង់បាននុ
យ គឺទ្រព្យ មិត្រនោះឃើញមានមីរដេរដាសគ្រប់ទីឋាន គ្រាវិបត្ដិទុកជាថ្មសំរាប់ សាកល្បងមើលមាសសុទ្ធ គឺមិត្រ
ពិតទាំងឡាយនោះៗ។
កណ្ដុរហិរណ្យកៈ យំពិលាបខ្សឹកខ្សួលរអាក់រអួលតូចចិត្ដយូរមួយស្របក់ ទើបនិយាយទៅរកក្អែកលឃុបតនកៈ
និងប្រើសចិត្រាង្គថា «នែបងក្អែក បងប្រើស! ដរាបណាព្រានព្រៃមិនទាន់ចេញផុតពីព្រៃនេះ ដរាបណានោះ យើង
ត្រូវព្យាយាមរកអុបាយជួយដោះអណ្ដើកមន្ថរៈនេះ អោយរួចពីក្ដីអន្ដរាយទាល់តែបាន»។ ក្អែក និងប្រើសសួរថាះ
«ចូរបងកណ្ដុរប្រាប់អុបាយកលអោយឆាប់មក តើយើងត្រូវធ្វើដូចម្ដេច?» កណ្ដុរប្រាប់អុបាយថា «បងចិត្រាង្គធ្វើពុទ្ធ
ក្លែងជាស្លាប់ ដេកកណ្ដាលវាលនៅក្បែរមាត់ត្រពាំង បង្ហាញខ្លួនអោយគេឃើញងាយ បងក្អែកហើរខាងលើស្រែ
កកញ្ជ្រៀវក្វកៗ អោយលឺខ្លាំង ធ្វើហាក់ដូចជាចុះទៅជញ្ជែងស៊ីប្រើស អែព្រានព្រៃជាអ្នកត្រូវការសាច់ កាលបើ
ឃើញប្រើសស្លាប់ដូច្នេះមុខ ជាទុកដាក់អណ្ដើកមួយអន្លើសិន ហើយរត់ប្រញាប់ប្រញាល់ទៅយកប្រើសពិត ប្រាក
ដអិតសង្ស័យឡើយ ពេលនោះខ្ញុំនឹងរត់ទៅកកេរកាត់ចំណងចងអណ្ដើកអោយរួចខ្លួន ហើយអោយវារចូលទៅក្នុង
ត្រពាំងភ្លាមទៅ រីអែបងប្រើសកាលបើព្រានព្រៃរត់ចូលមកដល់ជិតកាលណា ត្រូវក្រោកឡើងយ៉ាងរហ័សបោល
អោយលឿនដែលនឹងអាចលឿនបាន ហើយចូលក្នុងព្រៃប្រោកកាលនោះទៅ»។
គិតគូរគ្នាស្រេចហើយ ប្រើសចិត្រាង្គ និងក្អែកលឃុបតនកៈធ្វើតាមអុបាយនោះមួយរំពេច។ អែព្រានព្រៃត្រាច់ចរ
ស្វះស្វែងរកបរបាញ់តាមដងព្រៃមិនបានអ្វីសោះ កើតក្ដីនឿយហត់អស់កំលាំង ល្វើយស្រេកទឹកក៏ចុះទៅផឹកទឹកក្នុង
ត្រពាំង រួចហើយឡើងមកជ្រកសំរាកកាយយកកំលាំងនៅក្រោមម្លប់ឈើមួយ ចោលភ្នែកក្រឡេកទៅឃើញ
ប្រើសស្លាប់បោងពោះដូច្នោះ ត្រេកអរណាស់ កន្រ្ទាក់កាំបិតស្នៀតសៀតចង្កេះ ចោលអណ្ដើកនៅទីនោះ រត់ខ្មិត
យ៉ាងលឿនសំដៅទៅអែប្រើសស្លាប់នោះ ក្សិណនោះកណ្ដុរហិរណ្យកៈឃើញព្រានព្រៃរត់ទៅ ហើយក៏ទៅខំក
កេរចំណងអណ្ដើកមន្ថរៈរួចភ្លាម អណ្ដើកបានរួចចំណងហើយវារ ខូសៗយ៉ាងរហ័សចូលទៅក្នុងត្រពាំងភ្លុងទៅ។
អែបងប្រើសមៀងមើលទៅឃើញព្រានព្រៃរត់ជិតមកដល់ខ្លួនហើយ ក្រោកប្រញាប់ប្រញាល់ផ្លោះបោលដូចគេ
បោះពួយចូលព្រៃបាត់ទៅ។ ព្រានព្រៃអាំងឡាំងស្មារតីអៀនឡក់ត្រលប់មកវិញ ដរាបណាដល់គល់ឈើ ដរាបនោះ
រកអណ្ដើកមិនឃើញអស់ផ្លូវសង្ឃឹមលាន់មាត់ ស្រែកថា៖ នេះបានសមមុខអាផេះកណ្ដាលជើងក្រាន! មិនជឿពាក្យ
ចាស់ស្រលះដៃធេង ធ្វើការមិនគិតគូរអោយល្អិតល្អន់ទុកជាមុន ព្រោះថា៖
២១២ នរជនណា លះបង់របស់ទៀងទាត់ ទៅស្រវាយករបស់មិនទៀងទាត់វិញ របស់ដែលទៀតទាត់ក៏វិនាសបាត់
សូន្យទៅ អែរបស់ដែលមិនទៀងទាត់ ក៏ហិនហោចបាត់ទៅថែមទៀតដែរ។
អែព្រានព្រៃធ្វើការខុសទំនងដោយខ្លួនអែង ខាតលាភស្រលះដៃធេង ក្ដៅក្រហាយស្ដាយក្រោយដើរចូលព្រៃជ្រៅ
ជ្រលងដងអូរបាត់ទៅ។ សត្វជាមិត្ដ សំលាញ់ទាំងឡាយ មានអណ្ដើកមន្ថរៈជាដើមបានរួចទុក្ខទោសភ័យន្ដរាយហើយ
ក៏ត្រលប់ទៅកាន់ស្ថានលំនៅខ្លួនវិញតាមប្រក្រតីដើម នៅជាសុខសប្បាយមាន សាមគ្គីព្រមព្រៀងគ្នាត្រាតែអស់ជី
វិតរៀងខ្លួនទៅហោង។
ក្នុងកាលទីបំផុតព្រះរាជបុត្រទាំងឡាយ ដែលបានទ្រង់ព្រះសណ្ដាប់កថា ដ៏វិចិត្រនេះ មានព្រះទ័យត្រេកអររីករាយដ៏
ក្រៃលែង មានព្រះបន្ទូលត្រាស់ទៅ កាន់បណ្ឌិតអាយិវិស្ណុសម៌នថាៈ «យើងខ្ញុំទាំងអស់គ្នាបានស្ដាប់រឿងរ៉ាវដែល
លោកបានថ្លែងអំបាញ់មិញនេះសព្វគ្រប់ មានសេចក្ដីត្រេកអរណាស់ សេចក្ដីប្រាថ្នា យើងខ្ញុំទាំងអស់គ្នាបានសំរិទ្ធិសំ
រេចប្រយោជន៍ហើយ»។ មហាបណ្ឌិតវិស្ណុសម៌ន៍ ក្រាបបង្គំទូលថា «បំណងរបស់ទ្រង់ព្រះករុណា បានសំរេចបរិបូណ៌
ហើយ សូមទ្រង់ព្រះករុណាស្ដេចព្រះសណ្ដាប់ស្លោកទីបំផុតដូច្នេះទៀតថា៖
២១៣ សូមសាធុជនទាំងឡាយ សាមគ្គាមូលត្រកូលចងបាច់គ្នាជាសាមគ្គីអោយមានមិត្ដភាព សូមប្រជាជនក្នុងជន
បទ សម្បូណ៌ដោយសិរីសម្បត្ដិគ្រប់ប្រការ! សូមព្រះភូមិបាលទាំងឡាយរក្សាប្រជាជននៅលើផែនពសុធាដោយប្រ
ពៃហើយស្ថិតនៅក្នុងទសពិធរាជធម៌ជានិច្ចនិរន្ដរតទៅ! សូមទ្រង់ព្រះករុណាគ្រប់ព្រះអង្គតាំងព្រះទ័យជាសប្បុរស
មានសេចក្ដីពេញចិត្ដ និយមប្រើនីតិសាស្រ្ដ ទុកនីតិសាស្រ្ដនេះដូចជាព្រះជាយាថ្មីមួយអង្គទៀត សូមព្រះមហាទេព
ដ៏មានបុណ្យជាចមអមរនិករដ៏ទ្រង់នូវចន្រ្ទាធិចូឌាមណី ប្រសិទ្ធពរបវរសួស្ដីដល់មហាជន អោយប្រកបដោយវិបុល
សុខសិរីសួស្ដីជ័យមង្គលគ្រប់ទិនទិវារាត្រីទៅហោង។
កថាសង្រ្គោះទី១ ឈ្មោះការគប់មិត្រ ដែលមានមកក្នុងហិតោបទេសចប់តែប៉ុណ្ណោះ។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ