Tuesday, July 6, 2010

បរា ភវសូត្រ(១២ ប្រការប្រមុខនៃក្តីវិនាស)

នៅក្នុង គម្ពីរសុត្តន្តបិដក, ខុទ្ទកនិកាយ, សត្តនិបាត, តតិយភាគទី៥៤, ទំព័រទី៣៦ (បរា ភវសូត្រ) មានដំណាលថា បន្ទាប់ពីបានស្តាប់នូវការបកស្រាយរបស់ព្រះសម្មាសម្ពុទ្ធអំពីហេតុដែល នាំមកនូវក្តីចំរើន ឬ មង្គល (មង្គលសូត្រ ៣៨ប្រការ) រួចហើយ ពួកមនុស្ស និង ទេវតាទាំងឡាយដែលធ្លាប់តែមានការខ្វែងគំនិតគ្នានោះ ក៏បានស្រុះស្រួលស្រស់ស្រាយនឹងគ្នាឡើងដោយពុំមានក្តីមន្ទឹលឡើយ ។ មិនយូរប៉ុន្មាន ពួកគេមានគំនិតមួយកើតឡើងថា ធម្មតាក្នុងលោកនេះរមែងមានសភាវៈជាគូនឹងគ្នា គឺថា៖ មាន គូនឹង ក្រ, សុខ គូនឹង ទុក្ខ ជាដើម, ហេតុនេះ ហេតុនៃក្តីចំរើនត្រូវតែជាគូនឹងហេតុនៃក្តីវិនាស ។ ព្រះសមណគោត្តមបានដឹងនូវហេតុនៃក្តីចំរើន ដូចដែលព្រះអង្គបានសំដែងប្រាប់យើងរួចហើយ ហើយជាធម៌ដ៏ពិរោះដែលពួកយើងពុំធ្លាប់បានឮ ហេតុនេះព្រះអង្គពិតជាដឹងអំពីហេតុ នៃ ក្តីវិនាស ។ ហេតុនេះទើបពួកគេបានមូលគំនិតគ្នាទៅទូលសួរព្រះពុទ្ធថា៖ “បពិត ព្រះសមណគោត្តមបរមសាស្តាដ៏ចំរើន សូមព្រះអង្គមេត្តាប្រាប់ពួកយើងខ្ញុំអោយបានដឹងនូវហេតុ ដែលនាំអោយមនុស្សសត្វក្នុងលោកសន្និវាសនេះនឹងជួបនូវ ក្តីវិនាសសាបសូន្យចាកគុណដោយប្រការយ៉ាងណា?” ។

ព្រះពុទ្ធបានសំដែងថាហេតុនៃក្តីវិនាសមានដូចតទៅៈ
១- បុគ្គលអ្នកទ្រូស្តធម៌, ស្អប់ធម៌
ធម៌ សំដៅដល់ការបង្រៀន ឬ គោលការណ៍ទាំងឡាយណាដែលត្រឹមត្រូវទៅតាមសភាវៈពិត ពុំមែនជាការក្លែងបន្លំ, ល្បួងលួងលោម, បញ្ឆោតបញ្ចុះបញ្ចូល ។ ធម៌ក៏បានដល់ការបង្រៀនទាំឡាយរបស់ព្រះសម្មាសម្ពុទ្ធផងដែរ ព្រោះព្រះពុទ្ធបង្រៀនតែអ្វីដែលពិត (ចូរប្រយ័ត្នច្រឡំគ្នារវាងការបង្រៀនរបស់ព្រះពុទ្ធ និង ទស្សនៈមួយចំនួនដែល ពុទ្ធសាសនិកបានតាក់តែងឡើងដូចជាធម៌ដែលយើងធ្លាប់ឮព្រះសង្ឃ និង ពុទ្ធបរិស័ទសូត្រនៅពេលបុណ្យទានជាដើម ។ ធម៌របស់ព្រះពុទ្ធ មិនមែនមានន័យថា ធម៌សម្រាប់សូត្រឡើយ ។ ប៉ុន្តែក៏មានធម៌ដែលជាការបង្រៀនរបស់ព្រះពុទ្ធ ត្រូវបានគេសូត្រដែរ, ដូចជាធម៌ពហុទេវា គឺមង្គលសូត្រ និង ធម្មចក្កប្បវត្តនសូត្រ ជាដើម) ។ ន័យម្យ៉ាងទៀតថា ធម៌ = សភាវៈពិត ។ ហេតុនេះបុគ្គលអ្នកទ្រូស្តធម៌ ស្អប់ធម៌ គឺបុគ្គលទ្រូស្ត និង ស្អប់នូវមុខវិជ្ជាពិត មុខវិជ្ជាមិនកុហក ហើយចូលចិត្តតែការបង្រៀនឬទ្រឹស្តីទាំងឡាយណាដែលជាការកុហក, លួងលោម, បញ្ឆោត បំភ័ន្តបន្លំ ។

ប្រការនេះ នឹងនាំមកនូវក្តីវិនាសជាច្រើន ក្នុងនោះវិនាសដំបូងបំផុតដែលខ្លួនគេមិនដឹងគឺវិនាសបញ្ញា គឺគេមិនដឹងការពិត ដោយហេតុតែគេស្អប់ការពិត មិនព្យាយាមស្វះស្វែង ខ្នះខ្នែងឈ្វេងយល់ សង្កេតពិនិត្យ គិតពិចារណា សិក្សា អោយបានដឹងការពិត ដោយហេតុតែគេមិនចូលចិត្តអ្វីដែលពិត ចូលចិត្ត និង លុះតែក្នុងការបំភ័ន្តគំនិតប្រាជ្ញា ។ ហេតុនេះ ចាប់ពីពេលនោះទៅ គេបានចេះ និង បានដឹង និង សិក្សាតែក្នុងរឿងមិនត្រឹម មិនត្រូវ ហើយការប្រព្រឹត្តិរបស់គេ ទាំងពាក្យសំដី ទាំងទង្វើក៏សុទ្ធតែប្រព្រឹត្តក្នុងនិយាមខុសពីការពិតទាំងអស់ ហើយលទ្ធផលក៏ស្របតាមអ្វីដែលគេធ្វើនោះឯង ។ ដូច្នេះ ការទ្រូស្តធម៌ និង ស្អប់ធម៌ ជាប្រមុខនៃក្តីវិនាសទី១ ។

២- បុគ្គលស្រលាញ់ពេញចិត្ត និង សេពគប់នឹងជនជាអសប្បុរស មានកិរិយាមិនសេពគប់ នឹង ជនជាសប្បុរស
ជនជាអសប្បុរសមានន័យស្មើនឹងបុគ្គលពាលដែរហើយមានគ្រឿងសំគាល់គឺ
ក. បុគ្គលលង់ខ្លៅ គ្មានគំនិតប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាព និង គំនិតប្រាជ្ញា ជាបុគ្គលរីករាយក្នុងភាពលង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមួយ ដោយហេតុធ្វើខ្លួនអោយជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនអោយបាត់បង់ឱកាសក្នុងការសាងគុណតម្លៃក្នុងពេលដែលខ្លួន មានឱកាសកើតជាមនុស្ស ។
ខ. បុគ្គលស្វែងរកក្តីសុខ ឬ ប្រយោជន៍ខ្លួនឯង ដោយការធ្វើអោយខូចប្រយោជន៍អ្នកដទៃ ខូចក្តីសុខអ្នកដទៃ
គ. បុគ្គលធ្វើអោយខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង

នៅក្នុងមង្គលសូត្រ ព្រះពុទ្ធបង្រៀនថា ការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញា ត្បិតថា បើសេពគប់ជាមួយមនុស្សប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទនោះដែរទោះតិច ឬ ច្រើនមិនលែងឡើយ ។ បុគ្គលពាលទាំង៣ ជំពូកខាងលើ ជាប្រភេទមនុស្សគួរអោយខ្លាចជាងអ្វីៗទាំងអស់ ហើយមិនគប្បីសេពគប់ជាដាច់ខាត ព្រោះការសេពគប់ជាមួយបុគ្គលប្រភេទនេះ ផ្សេងពីធ្វើអោយយើងវិនាសប្រយោជន៍ អាសោចិកេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិ ខាតពេលវេលា គំនិតប្រាជ្ញាទៅ ថែមទាំងនាំអោយយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត ។ ព្រះពុទ្ធបានបង្រៀនថា ប្រសិនបើក្នុងលោកនេះ មានតែមនុស្សពីរនាក់ គឺម្នាក់ជារូបយើង ហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅសេពគប់បុគ្គលនោះឡើយ ហើយគប្បីនៅតែម្នាក់ឯងដោយរឹងមាំចុះ ។

ចំណែកជនជាសប្បុរសបានដល់បុគ្គលទាំងឡាយណាដែលជាអ្នកមាន ចំណេះវិជ្ជាខ្ពង់ខ្ពស់ មានគុណធម៌ មានគំនិតប្រាជ្ញា មិនបៀតបៀនអោយខូចប្រយោជន៍កេរ្តិ៍ ឈ្មោះខ្លួនឯងផង មិនបៀតបៀនក្តីសុខអ្នកដទៃផង ធ្វើតែអំពើជាប្រយោជន៍ដល់ខ្លួនឯងផង ធ្វើតែកិច្ចការជាប្រយោជន៍រួមផង ។ បុគ្គលណាសេពគប់នឹងលោកអ្នកជាសប្បុរសទាំងនេះ រមែងមិនសាបសូន្យ មិនមានទោស ហើយលោកតែងដឹកនាំអោយយើងដើរទៅរកក្តីចំរើនជានិរន្តរ៍ទៀតផង ។ បុគ្គលដែលមិនបានសេពគប់នឹងលោកជាអ្នកសប្បុរសបែបនេះ បុគ្គលនោះពេញជាខាតបង់យ៉ាងធំធេងក្នុងជីវិត ព្រោះមិនបានចាប់យកឱកាសទាំងប្រយោជន៍ទ្រព្យសម្បត្តិ ទាំងគំនិតប្រាជ្ញា និង ភ័ព្វសំណាងផ្សេងៗ ។ ហេតុនេះបុគ្គលអ្នកចូលចិត្តសេពគប់ នឹងជនជាអប្បុរស មានកិរិយាមិនសេពគប់នឹងជនជាសប្បុរស ជាប្រមុខនៃក្តីវិនាសទី២ ។

៣- អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជឹលច្រអូស១, ពេលខឹងសំដែងអោយគេឃើញបាន១
ដេកច្រើនពេក ខាតពេលក្នុងការប្រកបការងារ សិក្សារៀនសូត្រ បណ្តាលអោយស្ពឹកដៃជើង ស្ទក់ខួរក្បាល អ័ព្ទគំនិត ស្វិតក្រៀមប្រាជ្ញា ប្រាថ្នានឹងគិតអ្វីក៏ពុំធ្លុះធ្លាយ ទោរទន់ទៅរកតែក្តីងោកងុយ លុះពេលក្រោកពីដំណេកកាលណាក៏ប្រាថ្នា នឹកឃើញតែបរិភោគ រួចក៏ងោកងុយទៀត ។

ប្រសិនបើធម្មជាតិអនុគ្រោះអោយមនុស្សនិយាយច្រើនជាងស្តាប់ និង ច្រើនជាងមើលនោះ ធម្មជាតិមុខជាបានបង្កើតអោយមនុស្សមានមាត់ពីរ ឯត្រចៀកតែមួយ និង ភ្នែកតែមួយដែរហើយ ។ និយាយច្រើនពេក រមែងមានការភ្លាំងភ្លាត់ ប្រាសចាកសិល្បៈ នាំអោយការនិយាយក្លាយជារោយរាយឥតខ្លឹមសារ ។ និយាយរឹតតែច្រើនទំលាយ អាថ៌កំបាំងកាន់តែច្រើន បង្ហាញអោយគេឃើញចំណុចខ្សោយកាន់តែច្រើន ។ អ្នកស្តាប់កាន់តែធុញថប់ អ្នកដទៃមិនបាននិយាយ ធ្វើអោយខ្លួនឯងបាត់បង់ឱកាសស្តាប់គំនិតរបស់ដៃគូ ធ្វើអោយបាត់បង់ព័ត៌មានពីដៃគូ ខានសិក្សាពីអ្នកដទៃ ខាតប្រាជ្ញា ។

មិនថាបុគ្គលណាជឿព្រះ ឬ មិនជឿព្រះឡើយ ប៉ុន្តែគ្រប់គ្នាបានទទួលអ្វីមួយសុទ្ធតែបានមកដោយការប្រកបការងារ មិនដែលបានមកដោយព្រះ ឬអាទិទេពយកមកអោយឡើយ ហើយបើគេធ្វើការដោយត្រឹមត្រូវនោះ ទោះជាគេបួងសួងព្រះក្តី មិនបួង សួងព្រះក្តី ក៏សុទ្ធតែបានផលដូចគ្នា ។ ព្រះពុទ្ធបានសំដែងថា តថាគតមិនដែលបង្រៀនថា អោយអ្នករង់ចាំព្រេងសំណាងឡើយ ប៉ុន្តែតថាគតតែងតែបង្រៀនអ្នកអោយធ្វើការដើម្បីទទួលបានផលសំណាង(១) ។ ព្រះពុទ្ធសាសនាជឿថាមនុស្សមានព្រេងសំណាងពីអតីតជាតិ ប៉ុន្តែ បានអះអាងថា ព្រេងសំណាងគឺអ្វី ដែលគេធ្វើហើយពីពេលខាងដើមនោះ ប្រៀបដូចជាកំណប់ដែលគេកប់នៅក្នុងដី ដែលគេត្រូវតែធ្វើការ គឺតោងតែជីកកកាយ យកចេញពីក្នុងដី ប្រកបដោយក្តីព្យាយាមយ៉ាងមាំ ប្រាសចាកក្តីរាយមាយ ទើបអាចរកកំណប់នោះឃើញ បើពុំនោះទេ កំណប់នោះនឹងនៅក្នុងដីជារៀងរហូត ។ ហេតុនេះ បុគ្គលណាមិនធ្វើការ ឬ ធ្វើមិនមានក្តីព្យាយាមអោយបានពេញលេញទេ បើទោះបីខ្លួនគេជាមនុស្សមានភ័ព្វក្តី ក៏គេក្លាយទៅជាមនុស្សឥតភ័ព្វទៅវិញ ។ ផ្ទុយទៅវិញបុគ្គលណា ពុំមានព្រេងសំណាងក្តី បើគេខិតខំធ្វើការមិនខ្ជឹលច្រអូស យកចិត្តទុកដាក់ពិនិត្យ ពិចារណារកវិធី រហូតឃើញឧបាយដ៏ត្រូវនោះ គេក៏អាចរកទ្រព្យបានដែរ ដូចពុទ្ធភាសិតថា បុគ្គលឆ្លងអន្លង់ទុក្ខ (និងឧបសគ្គគ្រប់ប្រការ ដោយរួមទាំង ភាពលង់ខ្លៅ ភាពក្រខ្សត់ ៘ ) បានដោយក្តីព្យាយាម ។ កាលណាមានភាពខ្ជឹលច្រអូសហើយ ប្រយោជន៍ទាំងឡាយ មានការស្វែងរកទ្រព្យសម្បត្តិក្តី កិត្តិយសក្តី ស្វែងរកចំណេះវិជ្ជាក្តី ទោះជាជននោះអធិដ្ឋានចំពោះព្រះ ឬអាទិទេពណាក៏គេមិនបានសម្រេចអ្វីឡើយ ។ បើពោលដល់ការស្វែងរកធម៌ជាន់ខ្ពស់ ដើម្បីសម្រេចមគ្គផល និព្វាន ទៀតនោះរឹតតែមិនបានសម្រេចសោះតែម្តង ត្បិតធម៌ទាំងនោះត្រូវការនូវក្តីព្យយាមយ៉ាងខ្លាំង ទាំងការហាត់ពត់ ផ្លូវកាយ និង ផ្លូវចិត្តអោយដល់ថ្នាក់ឯក ។

ខឹងសំដែងអោយគេឃើញបាន គឺបញ្ចេញអាកប្បកិរិយាអោយអ្នកដទៃដឹង ឬ មើលយល់បានថាយើងខឹង ឬ ត្រូវបានកំហឹងគ្របដណ្តប់ហើយ ។ បុថុជ្ជន គឺជនដែលនៅក្រាសដោយកិលេស រមែងមានការញាប់ញ័រ គឺសប្បាយ រីករាយ រំភើប ពោលគឺសោមនស្ស និង ទោមនស្សចំពោះលោកធម៌៨យ៉ាងគឺមាន៖លាភសក្ការៈ១, ការបាត់ បង់យសស័ក្តិ១, ការបាននូវការសរសើរ១, ការបានសុខសប្បាយ១, ការបាត់បង់លាភ សក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការនិន្ទារិះគន់១, ការបាននូវទុក្ខទោស១ ។ មួយសោតក្នុងជីវិតប្រចាំថៃ្ង មនុស្សគ្រប់រូបតែប៉ះទង្គិចនឹងរឿងមិនជាទីពេញចិត្តក៏ច្រើន ដូចជារងនូវការតិះដៀល ឬ និយាយបង្កាច់បង្ខូច ឬ ត្រូវគេបៀតបៀនជាដើម ។ ជាទូទៅបុគ្គលដែល មានការអប់រំចិត្តតិចតួច ឬ ជាអ្នកមិនមានការគ្រប់គ្រង់អារម្មណ៍ អោយបានល្អនោះរមែងប្រតិកម្មតាមសភាវគតិ នៃកំហឹង (កំហឹងទល់កំហល់) ។

ប្រការនេះធ្វើអោយអ្នកដទៃ ជាពិសេសគូសត្រូវងាយនឹងមើលចំណុចខ្សោយរបស់យើង ហើយងាយនឹងរុញច្រាន ឬអូសទាញយើងអោយធ្លាក់ទៅក្នុងរណ្តៅអន្តរាយផ្សេងៗ ។ ចំពោះអ្នកដទៃ នឹងមើលមកយើងថា ជាប្រភេទមនុស្សពុំមានក្តីអត់ធ្មត់ ជាមនុស្សចិត្តស្រាល ។ ជនជាសប្បុរស និង បណ្ឌិតទាំងឡាយ លោករមែងមិនសេពគប់នឹងបុគ្គលគ្មានខន្តីខ្ជាប់ខ្ជួនឡើយ ដែលការណ៍នេះធ្វើអោយយើងក្រៅពីងាយត្រូវសត្រូវធ្វើបាបទៅ នៅបាត់បង់ឱកាសនៃការអនុគ្រោះ ពីលោកអ្នកសប្បុរស និង បណ្ឌិតទាំងឡាយ បាត់បង់ឱកាសទទួលបានប្រយោជន៍ពីពួកលោកទាំងនោះ បែរជាបានតែឱកាសវាយប្រហារយ៉ាងផុយស្រួយពីអមិត្តទៅវិញ ។ បុគ្គលប្រភេទនេះ ជាដំបូងគឺវិនាសក្តីអត់ធ្មត់ បន្ទាប់មកបាត់បង់គ្រឿងលំអ គឺភាពថ្លៃថ្នូរ ធ្វើអោយអ្នកដទៃ ក្រែងរអា និង ងាយត្រូវគេបញ្ឆោះ ។ ទោះខឹងប៉ុណ្ណា ធ្ងន់ធ្ងរប៉ុណ្ណាក្តី ជនជាបណ្ឌិត តែងតែប្រព្រឹត្តខ្លួនប្រតិកម្មចំពោះបញ្ហាទាំងឡាយ ក្នុងសភាពស្ងប់សា្ងត់ ទន់ភ្លន់ ប៉ុន្តែមានសភាពស្វាហាប់ ម៉ឺងម៉ាត់ រឹងមាំ និង មានទំងន់ដូចថ្មភ្នំដែលមិនកក្រើកដោយកំលាំងព្យុះ ហើយក៏មិនញាប់ញ័រដោយអគ្គិភ័យ ។
ហេតុនេះ អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជឹលច្រអូស១, អ្នកណាពេលខឹងសំដែងអោយគេឃើញបាន១ ជាប្រមុខនៃក្តីវិនាសទី ៣ ។

៤- បុគ្គលអ្នកមានទ្រព្យធនធានច្រើន ប៉ុន្តែមិនបានចិញ្ចឹមមាតាបិតាដោយសមគួរ
សត្វសេកស៊ីផ្លែជ្រៃហើយ ហោះហើរទៅបាត់ដោយមិនបានអរគុណ ដឹងគុណ ឬ មិនទាំងងាកក្រោយមើលដើមជ្រៃផង ក៏មិនទទួលបានការតិះដៀលអ្វីដែរ ព្រោះសត្វគ្មានវិចារណញ្ញាណ មិនចេះគិតគុណទោសអ្វីឡើយ ។ ប៉ុន្តែ សម្រាប់មនុស្សដែលមានទ្រព្យសម្បត្តិហើយ សូម្បីតែឪពុក ម្តាយរបស់ខ្លួន ជាអ្នកមានគុណ ក៏គេមិនទាំងអើពើ ហើយក៏អាចមើលរំលងទៅកើតនោះ តើសង្ឃឹមថានឹងមានគុណធម៌ ឬ សេចក្តីល្អ កើតចេញពីបុគ្គលប្រភេទនេះយ៉ាងម្ត៉េចនឹងបានទៅ ។
តាមពិត,កូនត្រូវធ្វើចំពោះឪពុកម្តាយដោយប្រការ៥យ៉ាងគឺ ត្រូវចិញ្ចឹម មាតា បិតា១,ធ្វើការងារជំនួសគាត់១,រក្សាវង្សត្រកូលឱ្យគង់វង្ស និងខ្ពង់ខ្ពស់១(ដោយការមិនប្រព្រឹត្តិអោយថោកទាបដល់វង្សត្រកូល និង លើកតំកើងត្រកូល) , ធ្វើខ្លួនឱ្យសមរម្យជាអ្នក ទទួលមរតកពីគាត់១, និង ធ្វើបុណ្យជូនគាត់ពេលពួកគាត់លាចាកលោកនេះ១ ។

ពេលមាតាបិតា លាចាកលោកទៅហើយ មិនអើពើជារឿងមួយ ប៉ុន្តែ ពេលពួកគាត់នៅរស់ហើយខ្លួនមិនអើពើនោះ តើអោយសប្បុរស និង បណ្ឌិតទាំងឡាយផ្តល់ទំនុកចិត្ត អោយតម្លៃបុគ្គលនោះយ៉ាងណាទៅ ? សូម្បីតែមនុស្សធម្មតា ក៏រមែងតិះដៀលបុគ្គលដែលមានធនធាន ហើយមិនបានផ្គត់ផ្គង់ឪពុក ម្តាយ បណ្តោយអោយពួកគាត់រងទុក្ខ វេទនា ដោយក្តីស្រេក ឃ្លាន និង រងាជាដើមនោះដែរ ។ បុគ្គលនេះវិនាសជាដំបូងគឺ គុណតម្លៃ បន្ទាប់មកនឹងបាត់បង់ទំនុកចិត្តពីកល្យាណជន ។ គេច្រើនឃើញថា លុះបុគ្គលប្រភេទនេះមានកូនទៅ ក៏កូននោះពុំសូវប្រកបដោយធម៌ឡើយ ព្រោះកូននោះដើរតាមគន្លងឪពុកម្តាយ ប៉ុន្តែបើបែរជាមានសំណាងមានកូនចេះដឹងខុសត្រុវវិញ រមែងឃើញឪពុកម្តាយខ្លួនថាជាបុគ្គលអធម៌ ក៏រមែងលួចតិះដៀលក្នុងចិត្ត ដែលប្រការនេះ ធ្វើអោយកូនល្អនោះមានទោសដែរ ។ ហេតុនេះ បុគ្គលអ្នកមានទ្រព្យធនធានច្រើន ប៉ុន្តែមិនបានចិញ្ចឹមមាតាបិតា ដោយសមគួរ ជាប្រមុខនៃក្តីវិនាសទី ៤ ។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ