Sunday, August 1, 2010
តើជនជាតិខ្មែរមកពីណា?
បញ្ហាដែលចោទនៅទីនេះ គឺជាបញ្ហាសំខាន់បំផុតដោយហេតុថាពាក់ព័ន្ធនឹងប្រទេសជាតិ និងវប្បធម៌-អរិយធម៌ខ្មែរទាំងមូល ។ យ៉ាងណាមិញសំណួរខាងលើនេះ ក៏ទាក់ទងទៅនឹងសមិទ្ធផលសង្គមទាំងឡាយដែលគេបានរកឃើញនៅក្នុងលំនៅស្ថាន កន្លែងផ្នូរកប់ ខ្មោច វត្ថុសិល្បៈបុរាណដែលមានអាយុរាប់ពាន់ឆ្នាំមកហើយ ដូចជាក្នុងស្ថានីយបុរេប្រវតិ្តសាស្ត្រ មុនការហូរចូលនៃជនជាតិឥណ្ឌា ថៃ និងវៀតណាម ក្នុងឧបទី្វបឥណ្ឌូចិនយើងនេះ ។ ការស្រាវជ្រាវរបស់យើងដោយផ្អែកទៅលើការវិភាគនៃបុរាណវត្ថុបានឱ្យដឹងថា សម្ព័ន្ធភាព និងឯកភាពនៃវត្ថុបុរាណនាសម័យបុរេប្រវតិ្តសាស្ត្រ និងប្រវត្តិសាស្ត្រដែលបុព្វការីជនខែ្មរបានប្រើប្រាស់ហើយ វាជាសំណង់មូលដ្ឋាននៃវប្បធម៌ខ្មែរ បញ្ជាក់នូវនិរន្តរភាពរបស់ខឿនវប្បធម៌ខ្មែរ ព្រមទាំងការកាន់កាប់ភូមិភាគឥណ្ឌូចិននេះដោយជនជាតិខ្មែរតាំងតែអតីតកាល រហូតដល់បច្ចុប្បន្នកាល ។ សូមបញ្ជាក់ថា គេអាចផ្សារភ្ជាប់សំណង់វប្បធម៌សម័យបុរេប្រវតិ្តសាស្ត្រមុន ២០០០ ឆ្នាំ និងសម័យប្រវតិ្តសាស្ត្របាន លុះត្រា តែវត្ថុសិល្បៈទាំងនោះដែលបានផលិតឡើងដោយសហគមន៍មនុស្សទម្រង់ ឬខ្នាតដូចគ្នា ឬស្រដៀងគ្នា ។ ឧទាហរណ៍ដូចជាការប្រើ ត្រសាល់ត្រចៀកដើម្បីលំអរូបរាងមនុស្សខ្មែរ និងព្នងទាំងពីរប្រភេទ ។ កត្តានេះហើយដែលជាភស្តុតាងជាក់ស្តែងបញ្ជាក់នូវដើមកំណើត ពូជសាសន៍ និងប្រភពវប្បធម៌-អរិយធម៌រួមរវាងខ្មែរ និងខ្មែរលើ ។ ពោលគឺអី្វដែលគេពុំអាចប្រៀបធៀបនឹងខឿនវប្បធម៌នៃជនជាតិថៃ ឬវៀតណាម ដែលមានលក្ខណៈចិន ។ ការស្រាវជ្រាវខាងលើនេះសមស្របនឹងសេចកី្ដសនិ្នដ្ឋា នរបស់លោកសាស្ត្រាចារ្យ ហ្សក សឺដេស ដែលទទួលឥទិ្ធពលឥណ្ឌាតែប៉ុណ្ណោះ ។ មានន័យថាខ្មែរជាជនជាតិមួយដែលបានកកើតឡើងនៅលើទឹកដីនេះ ឬជាអ្នកស្រុក ហើយបានតពូជពង្សតាំងពីសម័យបុរេប្រវតិ្តសាស្ត្ររហូតដល់សម័យ បច្ចុប្បន្ននេះ ក៏ប៉ុនែ្តជនជាតិនេះគ្រាន់តែបានទទួលលនូវអានុភាពវប្បធម៌ពីឥណ្ឌា នាសម័យដើមប្រវត្តិ-សាស្ត្រតែប៉ុណ្ណោះ ។ តាមពិត គឺការទទួលឥទិ្ធពលវប្បធម៌ឥណ្ឌាដែលមានរបៀបគ្រប់គ្រងដោយមានព្រះរាជា ជាប្រមុខក្នុងការប្រារព្វនិយមព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា និងការនិយមអក្សរ បានធ្វើឱ្យខ្មែរនៃវាលទំនាបទាំងឡាយមានភាពរុងរឿង មានការជឿន លឿន ហើយក្លាយខ្លួនជាអរិយប្រទេសដ៏ល្បីល្បាញខុសពីបងប្អូនខ្មែរលើ ។ នេះសឱ្យឃើញថា ជនជាតិខ្មែរ និងខ្មែរលើ ជាជនជាតិតែមួយខុសពីពូជសាសន៍ដទៃៗទៀត ។ យ៉ាងណាមិញវត្តមាននៃប្រភេទឈាម Hemoglobine E ក៏ជាកត្តាបញ្ជាក់ថា ជនជាតិខ្មែរ និងកុលសម្ព័ន្ធមន-ខ្មែរនានានៃឧបទ្វីបឥណ្ឌូចិនជាជនជាតិរួមពូជសាសន៍ តែមួយ (ម.ត្រាណេ) ។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment