Thursday, July 1, 2010

ប្រវត្តិមហាសុមេធាធិបតី ជួន ណាត២

តពីលេខ៦
១២. ជីវិតាវសានបរិច្ឆេទ (កំណត់អំពីទីបំផុតនៃព្រះជីវិត)
រាប់តាំងពីថ្ងៃ១៣រោច ខែស្រាពណ៍ ជាថ្ងៃដែលទ្រង់ឃើញសុបិននិម្មិត្ត រហូតមកដល់ថ្ងៃ១២កើត ខែភទ្របទ គឺត្រូវនឹងថ្ងៃទី១០ ខែកញ្ញា មកដល់ថ្ងៃទី២៣ កញ្ញា ត្រូវជា១៤ថ្ងៃ គឺសម្ដេចចាប់មានអាពាធ ក្នុងថ្ងៃ១២កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី២៣ កញ្ញា ឆ្នាំ១៩៦៩ វេលាម៉ោង១៥ និង៤៥នាទី។
ព្រះសង្ឃដែលធ្លាប់ចូលគាល់បម្រើព្រះអង្គ នាំគ្នាអង្គុយនៅក្រៅបន្ទប់ក្រឡាព្រះបន្ទំ ស្រាប់តែឮសូរកណ្ដឹងរោទ៍ប្លែកពីធម្មតា ក៏នាំគ្នាស្ទុះចូលទៅក្នុងក្រឡាព្រះបន្ទំភ្លាម។ គ្រានោះសម្ដេចមានព្រះឱង្ការថា “ អាត្មាចុកទ្រូងណាស់!”។ ក្នុងពេលនោះ ព្រះសង្ឃដែលនៅកំដរនោះ ក៏ជំនុំពិគ្រោះគ្នាឲ្យព្រះសិរិវិសុទ្ធ ម៉ី យ៉ាំ និយាយទូរស័ព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅក្រសួងធម្មការ។ គ្រូពេទ្យជាច្រើននាក់ គឺលោក វេជ្ជបណ្ឌិត ថោ ប៉េងថុង, មី សាម៉ឺឌី, យូ គឹមយាន, ព្រំ ភួន, រស សារី, និងលោកវេជ្ជបណ្ឌិត ម៉ា ហ្សូ ជាតិបារាំង ក៏បានមកជាបន្ទាប់គ្នា ពិនិត្យឃើញថាអាការរោគនៃសម្ដេចមិនទាន់ធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលក៏បានចាត់លោកគ្រូពេទ្យ យូ គឹមយាន និងលី គឹមសាន ឲ្យមកនៅរក្សាព្រះរោគប្រចាំការ ប្រកបឱសថថ្វាយជាដរាបរហូតដល់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃ២៥ កញ្ញា ១៩៦៩ វេលាម៉ោង២០និង២០នាទី ស្រាប់តែព្រះអស្សាសៈ បស្សាសៈ នៃព្រះអង្គរលត់ស្ងប់ឈឹង អំពីព្រះកាយទ្រង់សោយទិវង្គត ក្នុងគម្រប់ព្រះជន្ម៨៦ព្រះវស្សា នៅលើព្រះទែនសយនា ដោយស្ងប់ស្ងៀមនាល្វែងធំ នៅក្នុងព្រះរាជដំណាក់ព្រះអង្គ កណ្ដាលពួកថេរានុត្ថេរៈ មានព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ និងព្រះឥន្ទមុនី ឆាយ ថន ជាដើម នាវត្តឧណ្ណាលោម។ ក្នុងពេលដែលសម្ដេចព្រះសង្ឃរាជសោយទិវង្គតភ្លាមនោះ ព្រះសង្ឃច្រើនអង្គ មានព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ និងព្រះឥន្ទមុនី ឆាយ ថន ជាដើម ព្រមទាំងលោក ម៉ា អុក គិលានុបដ្ឋាក ក៏នៅកំដរជាមួយដែរ មានចិត្តរំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរភាន់ភាំងស្មារតី បានចាត់ការផ្សាយដំណឹងទិវង្គត ដល់ព្រះសង្ឃក្នុងវត្តភ្លាម អង្គខ្លះក៏រត់ទៅប្រគេនដំណឹងនេះដល់ សម្ដេចព្រះពោធិវ័ង្ស។ ព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ ក៏ទូរស័ព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅព្រះរាជដំណាក់ចម្ការមន ទៅក្រសួងធម្មការ ទៅសាលាក្រុង ទៅស្នងការដ្ឋានប៉ូលីសភ្លាម លោកអង្គខ្លះក៏យកដំណឹងទៅវត្តឯទៀតៗក្នុងក្រុងភ្នំពេញ។
បន្ទាប់ពីបានដំណឹងនៃការសោយព្រះទិវង្គតនៃសម្ដេចព្រះសង្ឃរាជជាអម្ចាស់ភ្លាម ក្នុងរាត្រីនោះ សម្ដេចព្រះប្រមុខរដ្ឋ ទ្រង់បានស្ដេចយាងរលះរលាំងមកកាន់មហាកុដិវត្តឧណ្ណាលោមភ្លាម ដើម្បីក្រាបថ្វាយបង្គំព្រះបរមសព។ សម្ដេចព្រះពោធិវ័ង្ស ក៏និមន្តមកគង់នៅជិតព្រះបរមសព តាំងពីពេលមុនសម្ដែងព្រះសមានទុក្ខសោកស្ដាយយ៉ាងខ្លាំងចំពោះបរម សព។
ដំណាលគ្នានេះ សម្ដេចព្រះមហាក្សត្រីយានី ជាអម្ចាស់ជីវិត ក៏ទ្រង់ចាត់អ្នកអង្គម្ចាស់នាយកក្រសួងនានា ក្នុងព្រះបរមរាជវាំង ជាព្រះរាជតំណាងមកថ្វាយបង្គំព្រះបរមសពដែរ ហើយពេលជាមួយគ្នានោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក លន់ ណុល នាយករដ្ឋមន្ត្រី, អង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ឧបនាយករដ្ឋមន្ត្រីទី១ ព្រមទាំងសមាជិករដ្ឋមន្ត្រី ឧកញ៉ាមហាមន្ត្រី កែ មាស ចាងហ្វាងពិធីការព្រះបរមរាជវាំង និងមន្ត្រីនានាក្នុងព្រះបរមរាជវាំង ឧត្ដមសេនីយ៍ឯក ង៉ោ ហ៊ូ ទីប្រឹក្សាសម្ដេចព្រះប្រមុខរដ្ឋ លោក ឌី ទូច រដ្ឋលេខាធិការក្រសួងធម្មការ លោកអ៊ី ទុយ អភិបាល ក្រុងភ្នំពេញ ឯកឧត្ដម ទិម ដុង ប្រតិភូរាជរដ្ឋាភិបាលប្រចាំខេត្តកណ្ដាល ព្រមទាំងនាយទាហានជាន់ខ្ពស់ទាំងឡាយ សហជីវិន លាង ហ័បអាន នាយកវិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យ ក្រុមអភិបាលពុទ្ធិកសមាគមទាំងបី មានលោក ទា ប៊ុនឡុង ជាដើម។
អស់លោកអ្នកឥស្សរជនធំតូច ដែលអញ្ជើញមកកាន់វត្តឧណ្ណាលោម ក្នុងវេលារាត្រី១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញានោះ សុទ្ធតែមានមុខស្រពោន ក្រៀមក្រំគ្រប់ៗគ្នា ដោយសេចក្ដីសោកស្ដាយចំពោះសម្ដេចដ៏ក្រៃលែង បានចូលមកសម្ដែងមរណទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួលចំពោះព្រះបរមសព ដោយគ្រប់គ្នាទាំងអស់។
បន្ទាប់ពីពេលនោះមក ព្រះសង្ឃជាច្រើនអង្គមានព្រះពុទ្ធឃោសាចារ្យ រាជ កឹង មេគណក្រុងភ្នំពេញ និងព្រះមុនីកោសល្យ សូរ ហាយ ចៅអធិការវត្តនិរោធរង្សី ជាដើម ព្រមទាំងព្រះរាជាគណៈ និងឋានានុក្រម ជាច្រើនរយអង្គនិមន្តមកព្រោងព្រាត សុទ្ធតែមានមុខក្រៀមក្រំ ស្រងូតស្រងាត់គ្រប់ៗអង្គ ដោយសេចក្ដីស្ដាយស្រណោះអាឡោះអាល័យ ចំពោះសម្ដេចជាអង្គម្ចាស់។
លំដាប់តមកទៀត ក្នុងពេលរាត្រីនោះរវាងម៉ោង២២-២៣ ចេះតែមានពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ និមន្តអញ្ជើញមកកាន់វត្តឧណ្ណាលោមរជយៗ នាំគ្នាឈរត្រៀបត្រា ពាសពេញដីបរិវេណព្រះរាជដំណាក់ ទាំងអស់លោកអ្នករាជការក្នុងក្រុងភ្នំពេញ មានលោកអ្នកក្រសួងធម្មការជាដើម បាននាំគ្នាមកជាលំដាប់លំដោយ ចូលក្រាបថ្វាយបង្គំគាល់ព្រះបរមសព សុទ្ធតែមានទឹកមុខជ្រប់ស្រពោនស្ទើរតែគ្រប់ៗគ្នា ខ្លះមានជលនេត្រស្រក់សស្រាក់រកហានិយាយស្ដីពុំកើត ពេលជាលំដាប់មកទៀត ចេះតែមានពុទ្ធបរិស័ទ ទាំងគ្រហស្ថ បព្វជិត ធ្វើដំណើរមកកាន់វត្តឧណ្ណាលោម យ៉ាងណែនណាន់តាន់តាប់រហូតទាល់តែភ្លឺ។ លោកអ្នកខ្លះមានទឹកភ្នែកហូររហាម ហើយបន្លឺវាចារថ្ងូរថា ឱ! សម្ដេចព្រះសង្ឃរាជ ចូលទិវង្គតហើយតើ! សូម្បីព្រះអង្គ មានព្រះជន្ម៨៦ពិតមែន ប៉ុន្តែយើងខ្ញុំព្រះអង្គនៅតែស្ដាយស្រណោះ ចង់ឲ្យសម្ដេចគង់នៅជាងរយព្រះវស្សាដោយយើងខ្ញុំព្រះអង្គធ្លាប់ ស្ដាប់ព្រះរាជឱវាទ ធ្លាប់ឃើញធ្លាប់គោរពសម្ដេចជាអង្គម្ចាស់ ឥឡូវនេះស្រាប់តែសម្ដេចជាអង្គម្ចាស់ចូលទិវង្គត ទៅកាន់បរលោកនាយចោលយើងខ្ញុំទៅហើយ។ ការចូលទិវង្គតនៃសម្ដេចព្រះសង្ឃរាជនេះ នាំឲ្យទូលព្រះបង្គំគ្រប់រូបរហេងរហាង ត្រមង់ត្រមោចក្នុងចិត្តអស់សេចក្ដីសង្ឃឹមកក់ក្ដៅចំពោះសម្ដេចទៅ ហើយ។
សម្ដេចព្រះសង្ឃរាជ ដែលព្រះអង្គបានយាងមកសោយ ព្រះជាតិក្នុងប្រទេសកម្ពុជាយើងនេះ ព្រះអង្គបានធ្វើប្រយោជន៍ ទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោក ទុកឲ្យពុទ្ធបរិស័ទជាច្រើនណាស់ ឈ្មោះថាព្រះអង្គបានលើកព្រះពុទ្ធសាសនា លើកប្រទេសជាតិឲ្យបានថ្កុំថ្កើនរុងរឿង រួមជាមួយនឹងសម្ដេចព្រះឧបយុវរាជព្រះប្រមុខរដ្ឋដែលយឹតយោងប្រជា ពលរដ្ឋ ដោយព្រះមធ្យោបាយដ៏ខ្ពង់ខ្ពស់បំផុត ឲ្យប្រទេសជាតិមានឯកភាព សាមគ្គីភាព សន្តិភាព បានឯករាជ្យដ៏បរិបូរណ៍ ដូចសេចក្ដីប្រាថ្នា ហើយយ៉ាងណាសម្ដេចព្រះសង្ឃរាជ មានព្រះរាជជីវប្រវត្តិល្អណាស់ មានព្រះបំណងសម្រេចក៏យ៉ាងនោះដែរ។
ព្រឹកឡើង ថ្ងៃ១៥កើត ខែភទ្របទ (២៦ កញ្ញា) អស់លោកឥស្សរជន បានប្រជុំតាំងគណៈកម្មការមួយបណ្ដោះអាសន្នសម្រាប់ចាត់ការបុណ្យ ព្រះបរមសពតទៅ។តទៅលេខ៨


Về Đầu Trang Go down

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ