តមកពីលេខទី៥
ចរិតប្រក្រតីនៃសម្ដេចព្រះសង្ឃរាជ
១. ព្រះអង្គសោយស្លាម្លូ ជាញឹកញយណាស់ក្នុងថ្ងៃនីមួយៗ មិនសោយបារី។ ប៉ុន្តែលោកអ្នកធ្លាប់ដឹងឃើញនិយាយថា សម្ដេចព្រះសង្ឃរាជ កាលពីព្រះជន្មរវាង២០ឆ្នាំ រហូតដល់ព្រះជន្មជាង៣០ឆ្នាំ ឃើញសម្ដេចសោយបារីដែរ ប៉ុន្តែសោយរង្វើលៗមិនញឹកញាប់ទេ លុះដល់មកព្រះជន្មរវាង៤០ឆ្នាំ ទើបសម្ដេចសោយស្លាម្លូកាន់តែញឹកញាយឡើងដរាបមក។
២. សម្ដេច កាលបើមានរោគផ្ដាសាយ ដែលនាំឲ្យតឹងច្រមុះ និងក្អកដោយរោគផ្ដាសាយនោះ ច្រើនតែឃើញសម្ដេចសោយថ្នាំចិនញាត់ខ្សៀ ហើយសម្ដេចមានបន្ទូលថា រោគផ្ដាសាយនេះបានតែជក់ថ្នាំចិន ទើបឆាប់ជាសះស្បើយ ថ្នាំចិននេះនាំឲ្យជាឫសដូងច្រមុះថែមទៀត។
៣. សម្ដេចមានចរិតប្រក្រតី ក្នុងការសោយក្រយាហារ ច្រើនតែសព្វព្រះទ័យនឹងសម្លស្រឡក់ ប្រហើរ និងកកូរ ពុំសូវសោយសាច់ឈាមទេ។ ម្ហូប៣មុខខាងលើនេះ ច្រើនតែឲ្យគេស្លនឹងត្រីឆ្អើរ បើពុំមានម្ហូបនេះទេ ច្រើនសព្វព្រះទ័យម្ហូបក្រៀមក្រោះ មានបុកត្រីឆ្អើរ ម្ជូរក្រសាំង ឬផ្លែម្កាក់ជាដើម។ សម្ដេច ពុំសូវសោយបង្អែមច្រើនទេ សោយតែបន្ដិចបន្តួច មិនសូវសោយកាហ្វេ ទឹកក្រូច ទឹកម៉ាណាត់ញឹកញាយទេ សោយតែទឹកតែ និងស្ករស។
៤. សម្ដេចសព្វព្រះរាជហ្ឬទ័យនឹងកូនឈើផ្សេងៗ ដែលមានមែកច្រើន ដូចយ៉ាងដើមច្រកែង ទួយ រទាំងជាដើម យកមកដាំដាក់ក្នុងផើងជាច្រើន ចំនួនជាង១០០ផើង។
៥. ដើមឈើឯទៀតៗ ជាឈើដំណាំស្រុកក្ដី ឈើក្នុងព្រៃក្ដី សម្ដេចសព្វព្រះរាជហ្ឬទ័យដាំច្រើនណាស់ ដូចឈើក្នុងរបងឈាបនដ្ឋានវត្តឧណ្ណាលោម និងឈើវត្តពោធិព្រឹក្ស។
កម្មវិធីប្រចាំថ្ងៃរបស់សម្ដេច
កម្មវិធីរបស់សម្ដេចទៀងទាត់ចំពោះត្រង់តែសោយក្រយាហារពេលថ្ងៃ ត្រង់ ហើយនឹងពេលដែលធ្វើការ ដូចយ៉ាងសម្ដេចសរសេរដកស្រង់ធម៌អាថ៌រៀបចំធ្វើសៀវភៅផ្សេងៗ មានវចនានុក្រមខ្មែរជាដើមនេះ ទៀងទាត់រៀងរាល់យប់ទាល់ៗភ្លឺ រវាងម៉ោង៦កន្លះ ឬម៉ោង៧ ទើបសោយយាគូ ជួនកាលពេលព្រឹក មិនទាំងសោយយាគូថែមទៀត ឃើញថាពេលយាគូពុំសូវទៀងទាត់ទេ។
ពេលដែលសម្ដេចកំពុងជាប់ព្រះហស្ថសរសេរ ហើយមានភ្ញៀវចូលមកថ្វាយបង្គំគាល់ សម្ដេចក៏ចូលមកគាល់ធ្វើបដិសណ្ឋារៈភ្លាមៗ ហើយមិនឲ្យនៅយូរទេ ព្រោះមានកិច្ចការច្រើនណាស់ បើថ្ងៃណាមួយដែលសម្ដេចទំនេរមិនមានកិច្ចការ ហើយមានភ្ញៀវ បព្វជិត ឬគ្រហស្ថចូលមកថ្វាយបង្គំគាល់នោះ សម្ដេចសព្វព្រះរាជហ្ឬទ័យប្រាស្រ័យទាក់ទង ដោយព្រះរាជឱង្ការសាកសួរពីនេះ ពីនោះ ហើយទ្រង់ដឹកនាំបំភ្លឺអំពីផ្លូវលោក ផ្លូវសាសនាយ៉ាងពិស្ដារ វែងឆ្ងាយណាស់អស់៤-៥ម៉ោងក៏មាន ទាល់តែភ្លឺក៏មាន មិនចេះត្អូញថាងងុយសឹង ថាចុករួយស្រពន់ទេ ឲ្យតែភ្ញៀវនោះទ្រាំអង្គុយចូលចិត្តស្ដាប់ចុះ។ ការណ៍នេះ ចំពោះតែពេលណាមួយដែលសម្ដេចមានព្រះសុខភាពរាងកាយស្រួលល្អ។
ក្នុងថ្ងៃយប់នីមួយៗ សម្ដេចព្រះសង្ឃរាជ ចេះតែមានកម្មវិធីជានិច្ចកាល ដូចយ៉ាងកាលសម្ដេចនៅក្នុងរវាងព្រះជន្ម៣០ឆ្នាំ រហូតដល់មកព្រះជន្មជាង៦០ឆ្នាំ ក៏នៅតែខំប្រឹងបង្រៀនភិក្ខុ សាមណេរចំនួន២០ ឬ៣០អង្គក្នុងពេលយប់ៗ ចំពោះភិក្ខុ សាមណេរ នៅក្នុងកុដិរបស់ព្រះអង្គខ្លះ មកពីកុដិដទៃខ្លះ។ សម្ដេចមានកម្មវិធីចំពោះពេលបង្រៀននោះទៀងទាត់ណាស់ កម្មវិធីដែលត្រូវបង្រៀនក្នុងសាលាបាលីជាន់ខ្ពស់ ដែលឥឡូវនេះហៅថាពុទ្ធិកវិទ្យាល័យសុរាម្រឹតផង កម្មវិធីបង្រៀនក្នុងពេលយប់ឯកុដិនោះផង។
អព្ភូតហេតុមុនពេលដែលព្រះសង្ឃរាជព្រះអាពាធ
នៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៩ សម្ដេចព្រះសង្ឃរាជមានព្រះឱង្ការថា “ ខ្ញុំពីយប់មិញសុបិននិមិត្តមួយចំឡែកណាស់ គឺឃើញចេតិយពីរលើអាកាស មកអំពីទិសឦសានតម្រង់មករកខ្ញុំដែលកំពុងអង្គុយនៅយ៉កុដិខាងមុន ចេតិយនោះ មានពណ៌ដូចមាស លុះអណ្ដែតចូលមកជិត ឃើញចេតិយនោះកាន់តែតូច ហើយបាត់មួយ នៅតែមួយអណ្ដែតមកជិតអាត្មា អាត្មាក៏លូកដៃទៅទ្រចេតិយនោះ រួចក៏ភ្ញាក់ខ្លួនព្រឺតឡើង ក្នុងពេលជិតភ្លឺរវាងម៉ោង៤។ ព្រះឱង្ការ សម្ដេចព្រះសង្ឃរាជនេះ ក្នុងពេលប្រជុំសង្ឃ ដើម្បីតាំងគណៈកម្មការធម្មវិន័យ ក្នុងថ្ងៃ២កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញាឆ្នាំ១៩៦៩។ បន្ទាប់មកទៀតសម្ដេចមានព្រះឱង្ការថា អង្គការធម្មវិន័យរបស់យើងនៅខ្វះសៀវភៅធម៌ជាច្រើនមុខ ព្រោះហេតុនោះយើងត្រូវតាំងគណៈកម្មការជាថ្មីទៀត ដើម្បីប្រជុំគ្នារៀបចំធ្វើសៀវភៅធម៌ ត្រូវដកស្រង់ធម៌វិន័យ អំពីបាលី និងអដ្ឋកថា មករៀបរៀងអត្ថាធិប្បាយ តម្រូវតាមថ្នាក់ត្រី ទោ ឯក។
“ត្រង់ដែលអាត្មាយល់សប្ដិឃើញចេតិយនោះ ប្រហែលជានិម្មិត្តមួយប្រផ្នូលឲ្យយើងដឹងថាគណៈកម្មការធម្មវិន័យ របស់យើង នឹងបានសម្រេចដោយល្អ” ។ ព្រះសុបិននិមិត្ត នៃសម្ដេចដែលឃើញចេតិយមួយគូនេះ ទុកជាអព្ភូតហេតុមួយដ៏អស្ចារ្យចម្លែកណាស់។
អព្ភូតហេតុមួយទៀត នៅថ្ងៃ១៣កើត និង១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ១៩៦៩ នៅវេលាយប់ពីម៉ោង២០ទៅម៉ោង២២ ឃើញព្រះច័ន្ទមានរស្មីលឿង ខៀវ ក្រហម មានរង្វង់មូលព័ទ្ធជុំវិញព្រះច័ន្ទ ដែលយើងធ្លាប់ហៅថាព្រះច័ន្ទបាំងឆ័ត្រ។តទៅលេខ៧
Thursday, July 1, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment