តពីលេខ៧
រយៈកាលមុនអំពីកាលដែលសម្ដេចទ្រង់សោយព្រះទិវង្គត
សម្ដេចព្រះសង្ឃរាជ មានព្រះអាពាធជាដំបូងក្នុងថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ត្រូវនឹងថ្ងៃ២៣ ខែកញ្ញា ឆ្នាំ១៩៦៩។ ដំណឹងព្រះអាពាធនៃសម្ដេចព្រះសង្ឃរាជនេះ បានថ្វាយចំពោះសម្ដេចព្រះប្រមុខរដ្ឋរួចហើយ។ ឯកឧត្ដម អ៊ឹង ហុងសាធ តាមព្រះរាជបញ្ជានៃសម្ដេចព្រះប្រមុខរដ្ឋ បានចាត់ឲ្យអស់លោកវេជ្ជបណ្ឌិតខ្មែរ បារាំងដ៏ជំនាញៗទាំងឡាយ មកជួយខ្វល់ខ្វាយព្យាបាលរោគព្រះអង្គយ៉ាងពេញសមត្ថភាព ប៉ុន្តែធ្វើម្ដេចឡើយនឹងអាចយកជ័យជម្នះលើមច្ចុសង្គ្រាមបាន។
សម្ដេចព្រះសង្ឃរាជជាអម្ចាស់ទ្រង់បានជ្រាបព្រះអង្គជាមុន ចាប់តាំងពីថ្ងៃប្រឈួន ទ្រង់មានព្រះឱង្ការប្រាប់ព្រះសង្ឃ និងអស់លោកដែលមកថ្វាយបង្គំសាកសួរព្រះសុខភាពថា “ អាត្មាមានជំងឺម្ដងនេះ ដូចជាគ្មានសង្ឃឹមទេ” ព្រះរាជឱង្ការនេះ ធ្វើឲ្យយើងរាល់គ្នាមានការព្រួយបារម្ភណាស់ ប៉ុន្តែយើងរាល់គ្នាជឿទុកថា ព្រះអង្គមុខជានឹងគង់ព្រះជន្មាយុតទៅទៀតបាន ពីព្រោះសង្កេតទៅព្រះសរីរាង្គកាយព្រះអង្គ ពុំឃើញមានប្រែប្រួលប្លែកប៉ុន្មានទេ ម្យ៉ាងទៀត ទ្រង់នៅចាំព្រះស្មារតីល្អណាស់ អាចមានព្រះឱង្ការមាំមួន សំណេះសំណាលនឹងអស់លោក ទាំងព្រះសង្ឃ គ្រហស្ថ ដែលមកក្រាបបង្គំគាល់នោះ បានស្រួលនៅឡើយ ជាពិសេសកាលពីព្រឹកនៃថ្ងៃសោយព្រះទិវង្គតនេះឯកឧត្ដមនាយក រដ្ឋមន្ត្រី នឹងអ្នកអង្គម្ចាស់ឧបនាយករដ្ឋមន្ត្រីទី១ បានចូលបង្គំគាល់ព្រះអង្គដើម្បីសាកសួរព្រះរោគព្រះអង្គផង ដើម្បីក្រាបបង្គំលាព្រះអង្គទៅកាន់បរទេសតាមការអញ្ជើញនៃ សាធារណរដ្ឋចិនប្រជាមានិត និងសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ផង។
គ្រានោះព្រះអង្គបានទទួលរាក់ទាក់ ហើយបានប្រសិទ្ធពរជូនចំពោះ ឯកឧត្ដមនាយករដ្ឋមន្ត្រី និងថ្វាយចំពោះអ្នកអង្គម្ចាស់ ឧបនាយករដ្ឋមន្ត្រីទី១ សូមទៅបំពេញបេសកកម្មនៅប្រទេសក្រៅបានជោគជ័យ។ ក្រោយមកទៀតសម្ដេចក៏ព្រះរាជទានសន្ទនាជាមួយលោក ឌី ទូច រដ្ឋលេខាធិការក្រសួងធម្មការ និងលោក ទ្រិញ វ៉ាញ ប្រធានសមាគមអ្នកនិពន្ធខ្មែរអំពីការធ្វើចេតិយ។ ព្រះអង្គទ្រង់មានព្រះរាជបន្ទូលហូរហែ ហើយទ្រង់និទានអំពីចេតិយឈ្មោះ សិង្គុត្តរៈ នៅសហភាពភូមាថែមទៀតផង។ រួចព្រះអង្គត្រាស់រំលឹកអំពីការបោះពុម្ពវចនានុក្រមខ្មែរដែលទ្រង់ បានខិតខំកែសម្រួលបន្ថែមពាក្យជាច្រើនទៀត ទោះបីជរានិងព្យាធិចេះតែបៀតបៀនព្រះអង្គក៏ដោយ។ សភាពទាំងនេះសឲ្យឃើញថា ព្រះអង្គនៅរឹងប៉ឹងណាស់ មិនគួរឡើយនឹងប្រែប្រួលដោយឆាប់រហ័សដូច្នេះសោះ នាំឲ្យយើងក្រៀមក្រំស្រងាកចិត្តដូចជាយើងធ្លាក់បេះដូង។ នេះហើយសមដូចព្រះថេរដីការបស់ព្រះអង្គ ដែលទ្រង់ត្រាស់ជារឿយៗថា៖ ជួនកាលពេលព្រឹកមនុស្សសត្វជួបគ្នារញង់ លុះពេលល្ងាចក៏ស្រាប់តែបែកគ្នាភ្លាមៗ។ សភាពនេះត្រូវដូចព្រះតម្រាស់នោះណាស់ ព្រះអង្គយាងទៅចោលពុទ្ធបរិស័ទរាល់គ្នា ឥតមានប្រទានដំណឹងជាមុនឲ្យច្បាស់ដល់យើង ដើម្បីនឹងព្យាបាលព្រះអាការរោគឲ្យបានយូរថ្ងៃសោះ គួរឲ្យយើងខ្ញុំស្ដាយក្រៃពេកណាស់នឹងរកពាក្យណាមួយថ្លែងរៀបរាប់ ពុំបានឡើយ។ ព្រះអង្គសោយទិវង្គតនេះ ធ្វើឲ្យរញ្ជួយសកលកម្ពុជា ព្រោះព្រះអង្គមានព្រះគុណធម៌ច្រើនណាស់លើពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ។ សម្ដេចទ្រង់សោយព្រះទិវង្គត បាត់ព្រះរូបពិតមែន ប៉ុន្តែព្រះកិត្តិនាមឋិតនៅដដែល។
អស់លោកអ្នកពុទ្ធបរិស័ទទាំងឡាយ! ព្រះបរមសពនៃសម្ដេចព្រះសង្ឃរាជនេះ ជាព្រះសពត្រូវតម្កល់ទុកតាមផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើទក្ខិណានុប្បទានរៀងរាល់ថ្ងៃតទៅ ទម្រាំគណៈកម្មការបុណ្យជំនុំគ្នាដោះស្រាយ រៀបចំព្រះរាជពិធីបុណ្យព្រះបរមសពកំណត់យកថ្ងៃណា ខែណា តទៅជាក្រោយ។ ឥឡូវនេះ គណៈកម្មការបុណ្យបណ្ដោះអសន្ន បានព្រមព្រៀងយកថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦៩ ជាកិច្ចធ្វើទក្ខិណានុប្បទាន មានទេសនា និងវេរភត្ត រៀងរាល់យប់ថ្ងៃតរៀងទៅ ចំនួន៦ខែ គិតពីខែនេះទៅ ក្រោមព្រះរាជធិបតីភាពនៃសម្ដេចព្រះមហាក្សត្រីយានី និងសម្ដេចព្រះប្រមុខរដ្ឋ៕
ចប់ឡើងទៅទំព័តទី៥
Thursday, July 1, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment