Monday, August 2, 2010

រឿងលានិងឆ្កែ

ស្រីហិតោបទេស កថាទី៣
នៅក្រុងពារាណសី មានអ្នកជ្រលក់ម្នាក់ឈ្មោះកបូរបដកៈ។ អ្នកជ្រលក់នោះអង្គុយនិយាយលេងជាមួយប្រពន្ធក្មេ
ងស្រស់ប្រិមប្រីយ កំពុងេពញពាលដោយក្តីស្នេហ៍ស្នាលអស់កាលយូរហើយ ដេកប្រកៀកប្រអោបគ្នាលន់លក់ស៊
ប់មិនដឹងខ្លួន។ កាលនោះមានចោរម្នាក់ចូលមកលបលួចទ្រព្យក្នុងផ្ទះអ្នកជ្រលក់នោះ។ នៅក្នុងទីលានផ្ទះនោះ គេ
បានចងលាមួយទុក មានឆ្កែមួយចូលទៅដេកជាមួយលានោះដែរ លាក៏និយាយទៅកាន់ឆ្កែថា «ហៃសំលាញ់! មុខ
ការនេះ ជាកិច្ចធុរៈអែងហើយ ហេតុអ្វីក៏អែងមិនព្រុះ អោយលឺខ្លាំងឡើងអោយម្ចាស់យើងភ្ញាក់?»។ ឆ្កែឆ្លើយថា
«នែសំលាញ់ដ៏ចំរើន! អែងមិនត្រូវជួយព្រួយជែងរវល់ដល់កិច្ចការអញទេ អែងមិនដឹងជាអញនៅរក្សាផ្ទះទាំងយប់
ទាំងថ្ងៃទេរឺអ្វី? សូម្បីអញចិត្តទុកដាក់ថែរក្សាផ្ទះដល់ម្លោះ ម្ចាស់យើងក៏មិនរវល់ធ្វើដឹងលឺម្ចាស់យើងមិនភិតភ័យអ្វី
សោះ បានក្តីសុខមកអស់កាលយូរណាស់ហើយ ដល់មកពេលនេះ គ្រាន់តែអើពើនឹកនាអោយទានអាហារបន្តិច
បន្តួចក៏មិនអោយ តែការនេះជាធម្មតាម្ចាស់ បើមិនចេញមានទុក្ខធុរៈអ្វីទេ មិនរវល់អើពើនឹកនាអ្នកបំរើឡើយ»
។ លាបានស្តាប់ហើយ ស្តីបន្ទោសថា «ស្តាប់មើលវាហៈ អាពាលចង្រៃនេះ! ។

៣២ - នរជនណាមួយ ចាំបាច់គេហៅរកក្នុងកាលប្រកបការងារនរជននោះគេហៅថា «អ្នកបំរើ» រឺហៅថា «សំលា
ញ់» ដូចម្តេចកើត?»។
ឆ្កែឆ្លើយថា «បើនរជនណាហៅរកខ្ញុំបំរើ តែក្នុងពេលដែលត្រូវប្រើធ្វើការងារ តើនរជននោះ នឹងឈ្មោះថា «ម្ចា
ស់»ដូចម្តេចកើត?។

៣៣ - ការចិញ្ចឹមខ្ញុំបំរើដែលជ្រកអាស្រ័យនៅជាមួយ ការសេពគប់ម្ចាស់ ការប្រតិបត្តិធម៌ និងការប្រសូតកូន ទាំង
អស់នេះអិតមានអ្នកណាលូកដៃទៅធ្វើជំនួសបានទេ»

លំដាប់នោះ លាក្រោធស្រែកជេរថា «នែអាចង្រៃ! អាគំនិតខូច! អាអែងអាក្រក់អ្វីម្លេះ ក្នុងកាលវិបត្តិ អែងហ៊ាន
ធ្វើព្រងើយ មិនអើពើដល់ការងារម្ចាស់ មិនថ្វីទេ ចាំមើលដល់ម្ចាស់ក្រោកឡើង អែងគង់ដឹងខ្លួន អញមុខជាប្រាប់
ម្ចាស់ហើយព្រោះថា៖

៣៤ - បុគ្គលគួរបូជាព្រះអាទិត្យពីខាងេក្រាយខ្នង បូជាភ្លើងពីខាងពោះ បូជាម្ចាស់ដោយកាយនិងចិត្ត និងប្រតិបត្តិ
ដើម្បីបរលោកដោយមិនមានមាយា»។

លុះលាពោលដូច្នេះហើយ ក៏តាំងស្រែកដោយសំរែកដ៏ខ្លាំង ដើម្បីអោយម្ចាស់ភ្ញាក់ ខណនោះអ្នកជ្រលក់ភ្ញាក់ស្លន់
ស្លាក្រញាងឡើងដោយសំរែកខ្លាំងនោះ គ្នាន់ក្នាញ់ណាស់ព្រោះដាច់ដំណេក ក្រោកឡើងក្រទីក្រទាចាប់ទាញដំបង
សំពងលានោះយ៉ាងអស់ទំហឹង រីលានោះត្រូវដំបងដំណំទ្រមខ្លួនដល់នូវក្តីស្លាប់ទៅហោង។ ព្រោះហេតុ នេះបានជា
ខ្ញុំ(ករដកៈ)ពោលថា «នរណាព្រួយជួសគេ» ដូច្នេះជាដើមលេខ៣១។

អែងពិនិត្យមើល! យើងត្រូវហែហមម្ចាស់តែក្នុងកិច្ចការរបស់យើងប៉ុណ្ណេះបានហើយ ថ្ងៃនេះយើងក៏សេសសល់
អាហារគ្រប់គ្រាន់ហើយយើងទៅជួយរវល់តើមានប្រយោជន៏ដូចម្តេច?។ ចចកទមនកៈ ទាស់ចិត្តឆ្លើយកាត់ឡើង
ថា «ចុះយើងបំរើម្ចាស់ផែនដី ព្រោះតែចង់ បានអាហារស៊ីតែប៉ុណ្ណឹងទេ? សំដីអែងនិយាយនេះឆ្វេងណាស់ មិនសម
រម្យតាមគន្លងទេ ព្រោះថា៖

៣៥ - ការពឹងពាក់ព្រះនរបតី អ្នកប្រាជ្ញត្រូវការចង់បាន ដើម្បីធ្វើអុបការៈជួយមិត្ត និងដើម្បីបំផ្លាញសឹកសត្រូវ នរ
ណាហ្ន៎ពឹងពាក់ព្រះនរបតីព្រោះហេតុតែបំពេញផ្ទៃខ្លួនប៉ុណ្ណោះ?។

៣៦ - ជីព្រាហ្មណ៍ មិត្រនិងញាតិសន្តាន មានជីវិតរស់នៅ ព្រោះអាស្រ័យជីវិតនៃនរជនណា ជីវិតនរជននោះឈ្មោះ
ថាប្រកបដោយផល នរណាហ្ន៎មិនចិញ្ចឹមជីវិតព្រោះប្រយោជន៏ខ្លួន!?។

៣៧ - បើអ្នកណាមានជីវិតរស់នៅ បានញ៉ាំងជនដទៃច្រើនអ្នកអោយមាន ជីវិតរស់នៅបានផង សូមអោយអ្នកនោះ
មានជន្មាយុរស់នៅយឺនយូរ រីសត្វក្អែកវាមិនអាចបំពេញផ្ទៃវាបានដោយចំពុះវារឺ?

៣៨ - មនុស្សខ្លះសុខចិត្តនៅជាខ្ញុំគេ ត្រឹមតែ៥បុរាណ (រៀល) មនុស្សខ្លះទៀត សុខចិត្តនៅជាខ្ញុំគេលុះតា្រតែបាន
១០០.០០០បុរាណៈ រីមនុស្សមួយពួកទៀត ចិត្តប្រសើរមិនសុខចិត្តនៅជាខ្ញុំគេសូម្បីច្រើនជាង ១០០.០០០បុរាណៈ។

៣៩ - ធម្មតាមនុស្សជាតិដូចគ្នា ភាពជាខ្ញុំគេ អ្នកប្រាជ្ញតិះដៀលក្រៃលែង បណ្តាខ្ញុំគេ អ្នកណាមិនបានជាដើមគេទេ
គួរនឹងរាប់អ្នកនោះថាមានជីវិតរស់នៅនឹងគេដែររឺទេ?

៤០ - រវាងពាជី ដំរី លោហធាតុ រវាងឈើ ថ្ម សំពត់ រវាងនារី និង បុរស ទឹកទាំងអស់នេះឃ្លាតផ្សេងពីគ្នាធំណាស់។
អ្នកខ្លះសូម្បីបានបន្តិចបន្តួចក៏ស្កប់ចិត្តដែរ។

៤១ - ធម្មជាតិឆ្កែបានឆ្អឹង សូម្បីអស់សាច់រលីងហើយនៅសល់តែសរសៃខ្លាញ់វាវបន្តិចបន្តួច ក៏ត្រេកអរកខិបកខុប
មែនពិត ឆ្អឹងនោះមិនអាចបន្សាត់បង់សេចក្តីស្រេកឃ្លានឡើយ រីអែសីហៈ សូម្បីបានចចកមួយមកនៅក្នុងក្រញាំ
ក្រចកខ្លួនហើយ ក៏នៅតែបោះបង់ចោលហើយស្ទុះទៅចាប់សំលាប់ដំរីសារមួយទៀត ជនទាំងពួងទោះ តោកយ៉ាក
លំបាកក្តីណា តែងតែមានសេចក្តីប្រាថ្នាចង់បានផលទៅតាមទំនងភាពខ្លួនជាសត្វលោក។ មួយទៀត ចូរពិចារណា
មើលសេចក្តីផ្សេងគ្នារវាងម្ចាស់ នឹងខ្ញុំបំរើដូចតទៅនេះ៖

៤២ - ឆ្កែលុតក្រាបរាបទាបជិតជើងម្ចាស់ ហាមាត់បង្ហាញចង្កូម បក់កន្ទុយរវិចៗនៅនឹងដី ចាំទទួលសំណល់អារ
ហារដែលម្ចាស់បោះទៅអោយ អែដំរីជាសត្វប្រសើរ មៀងមើលម្ចាស់ដោយរឹកមាំ លុះត្រាតែលួងលោមច្រើន
រយដងទើបបរិភោគ។

៤៣ - ជីវិតនៃមនុស្សណា សូម្បីតាំងនៅតែមួយខណៈ តែមិនប្រាសចាកការចេះដឹង សេចក្តីព្យាយាមអង់អាច និង
កេរ្តិ៍ឈ្មោះយសសក្តិ អ្នកប្រាជ្ញពោលថាជីវិតនៃមនុស្សនោះ ពេញជាជីវិតដ៏ប្រសើរនៅនាលោកនេះព្រោះថា ក្អែក
អាចមានជីវិតរស់នៅយូរបានព្រោះការស៊ីសំណល់គ្រឿងពលី។

៤៤ - ជីវិតនរជនណាដែលមិនផ្សាយសេចក្តីអាណិតអាសូរចំពោះកូនខ្លួន ចំពោះគ្រូ ចំពោះពួកខ្ញុំបំរើ ចំពោះជនក្រី
ក្រលំបាក និងចំពោះញាតិសន្តាន ជីវិតនៃនរជននោះ បានផលប្រយោជន៍អ្វីនៅនាមនុស្សលោកនេះ? ព្រោះថាក្អែក
អាចមានជីវិតរស់នៅយូរបាន ព្រោះការស៊ីសំណល់គ្រឿងពលី។

៤៥ - នរជនអប្បអិតប្រាជ្ញាពិចារណាប្រយោជន៍ និងមិនមែនប្រយោជន៏ ប្រព្រឹត្តកន្លងគន្លងច្បាប់ច្រើនប្រការ មាន
សេចក្តីប្រាថ្នា គ្រាន់តែបំពេញផ្ទៃខ្លួនប៉ុណ្ណោះ នរជននេះហៅថាមនុស្សតិរច្ឆាន អែមនុស្សតិរច្ឆាននឹងបសុសត្វមាន
សេចក្តីប្លែកគ្នាដូចម្តេចខ្លះ?»

ចចកករដកៈពោលតបទៅថាៈ «ណ្ហើយ! យើងទាំងពីរនាក់មិនមែនជាប្រធានទេ យើងបបួលគ្នាគិតពីរឿងនេះ តើ
មានប្រយោជន៍អ្វី?»។ ចចកទមនកៈឆ្លើយថា «បើដូច្នេះ តើអាមាត្យដែលបានជាប្រធាន រឺមិនទាន់បានជាប្រធាន
នឹងទ្រទ្រង់ភាពបែបនោះអស់កាលប៉ុន្មាន ព្រោះថា៖

៤៦ នៅនាលោកនេះ នរណាៗក៏គេមិនអាចកំណត់បានថាខ្លួនជាជនខ្ពង់ខ្ពស់ រឺជាជន ថោកទាបជាងអ្នកណាតាមស
ភាពខ្លួនអែងបានទេ ចេស្តា(សំណាង) ខ្លួនទើបនាំនរជនទៅកាន់ភាវៈគួរគោរព រឺកាន់ភាវៈវិបរិតមិនគួរគោរព។

៤៧ ថ្មបុគ្គលលើកយកឡើងទៅដាក់លើកំពូលភ្នំបានដោយសេចក្តីព្យាយាមដ៏ធំ តែបើទំលាក់ចុះពីលើកំពូលភ្នំវិញ
បានដោយងាយយ៉ាងណា ខ្លួនយើងឡើងទៅកាន់ឋានៈខ្ពង់ខ្ពស់ដោយគុណ គឺក្តីព្យាយាមដ៏ធំ តែបើធ្លាក់ទៅកាន់ឋានៈ
ថោកទាបវិញ ដោយទោសដ៏ងាយៗក៏យ៉ាងនោះអែង។

៤៨ នរជនធ្លាក់ចុះទៅខាងក្រោម រឺឡើងខ្ពស់ទៅខាងលើដោយកម្មជារបស់ខ្លួន ដូចជាគេជីកអណ្តូង រឺកសាងកំពែង
តែងទាបខ្លួនចុះទៅតាមជំរៅអណ្តូង រឺអណ្តែតខ្ពស់ឡើងតាមកំពស់កំពែង។

នែសំលាញ់អើយ! ខ្លួនយើងនេះ មានតែសេចក្តីព្យាយាមដែលនាំអោយសំរេចប្រយោជន៍គ្រប់យ៉ាង»។ ចចកទមន
កៈសួរថា «បិង្គលកៈ ម្ចាស់យើងនេះ ខ្ញុំឆ្ងល់មិនដឹងជាមានហេតុការណ៍អ្វី បានជាភិតភ័យតក់ស្លុតរត់ត្រលប់មកវិញ
?»។ ចចកករដកៈឆ្លើយថា «ចុះអែងធ្វើដូចម្តេចនឹងដឹងរឿងពិត?»។ ចចកទមនកៈនិយាយបញ្ចេញប្រាជ្ញ «រឿងអ្វី
ដែលអ្នកប្រាជ្ញមិនដឹង? ព្រោះថា៖

៤៩ - ពាក្យពេចន៍ ដែលបុគ្គលពោលចេញហើយ សូម្បីបសុសត្វក៏ចាប់យកសេចក្តីបាន សេះ និងដំរីដែលគេហ្វឹកហ្វឺ
នហើយ កាលបើជនបង្គាប់អាចនាំជនទៅបាន ជនជាបណ្ឌិត សូម្បីគេមិនហាមាត់ចេញនិយាយ វាងវៃដឹងទាន់ព្រោះ
ថាប្រាជ្ញាមានផលប្រសើរ គឺការដឹងនូវទឹកចិត្តនៃជនដទៃ ដែលមានអាការចេញមកខាងក្រៅ។

៥០ - បុគ្គលអាចកត់សំគាល់ នូវចិត្តនៃបុគ្គលដទៃដែលឋិត នៅខាងក្នុងដោយអាការខាងក្រៅបាន គឺដោយចរិយា
ដោយគតិ ដោយកិរិយា ដោយទឹកសំដី និងដោយវិការៈនៃភ្នែក និងមុខមាត់។ ពេលនេះ ជាអោកាសល្អ រូបខ្ញុំនឹងធ្វើ
ម្ចាស់យើង ដែលកំពុងមានអាសន្នភ័យខ្លាចនេះ អោយនៅក្នុងកណ្តាប់ដៃដោយកម្លាំងប្រាជ្ញារបស់ខ្ញុំព្រោះថា៖

៥១ - ពោលពាក្យអោយសមតាមកាលៈទេសៈ ធ្វើខ្លួនអោយគេស្រលាញ់ប្រាកដ ស្មើនឹងភាពជាអ្នកសប្បុរស ចេះ
ក្រោធអោយសមតាមសក្តិខ្លួន អ្នកណាចេះធ្វើ ដូច្នេះអ្នកនោះជាបណ្ឌិត»។ ចចកករដកៈពោលបង្អាប់ថា «នែសំលា
ញ់អើយ! អែងមិនចេះប្រតិបត្តិនាទីជាសេវកាមាត្យទេ អែងមើលហះ! លោកពោលថា៖

៥២ - នរជនណាម្ចាស់មិនបានហៅ ដើររត់ត្រុកចូលទៅរកម្ចាស់មិនសួរ និយាយចែប៉ប្រែច្រើន ដោយសំគាល់ខ្លួន
ថាជាទីប្រោសប្រាណនៃព្រះភូបាល នរជននោះ ឈ្មោះថាជនអប្បអិតប្រាជ្ញា»។ ចចកទមនកៈ ឆ្លើយកាត់ឡើងថា«នែ
សំលាញ់ដ៏ចំរើនអើយ! ម្តេចក៏សំលាញ់យល់ថារូបខ្ញុំមិនចេះប្រតិបត្តិនាទីជាសេវកាមាត្យ? ចូរមើហះ!

៥៣ - មានរបស់អ្វីមួយ ដែលល្អ រឺមិនល្អ ទៅតាមសភាពរបស់វារឺទេ? របស់ណាគាប់ចិត្តនរជនណា របស់នោះ
ឈ្មោះថាល្អសំរាប់នរជននោះ។

៥៤ - នរជនណាៗមានសភាពលក្ខណយ៉ាងណាក៏ដោយ កាលអ្នកប្រាជ្ញទៅនៅជិត ហើយអាចញ៉ាំងនរជននោះៗ
អោយនៅក្នុងអំណាចនៃខ្លួនបានដោយឆាប់រួសរាន់។

៥៥ - កាលបើព្រះរាជាជាម្ចាស់សួរថា «អ្នកណានៅទីនេះ?» ដូច្នេះសេវកាមាត្យឆ្លើយថា«ទូលព្រះបង្គំជាខ្ញុំព្រះករុ
ណាថ្លៃវិសេស រង់ចាំទទួលព្រះរាជបញ្ជា» ដូច្នេះហើយ សេវកាមាត្យនោះត្រូវចាត់ចែងការនោះដោយប្រពៃ និង
ត្រូវធ្វើតាមព្រះរាជ អាជ្ញាអោយពិតប្រាកដតាមសក្តិខ្លួន ទាល់តែសំរេចតាមសេចក្តីប្រាថ្នាម្ចាស់ផែនដី។

៥៦ - សេវកាមាត្យមានសេចក្តីប្រាថ្នាតិច មាននិស្ស័យម៉ឺងមាត់ មានប្រាជ្ញាដើរតាមហែហមព្រះរាជាគ្រប់កាលទាំង
ពួងដូចស្រមោលអន្ទោលតាមប្រាណ ធ្វើតាមបញ្ជាមិនរួញរា សេវកាមាត្យនោះ សមនៅក្នុងព្រះរាជដំណាក់បាន។
ចចកករដកៈ និយាយកាត់ទៀតថា «ជួនកាលម្ចាស់មិនពេញប្រទ័យនឹងអែង ក្នុងពេលដែលអែងចូលទៅគាល់ក្នុង
កាលមិនគួរ»។ ចចកទមនកៈឆ្លើយថា«ពិតមែនហើយ តែបើទុកជាដូច្នេះក៏ដោយ អ្នកបំរើត្រូវតែនៅរង់ចាំ រង់ទទួ
លមុខងារខ្លួនដោយប្រយ័ត្នប្រយែងព្រោះថា៖

៥៧ - ការមិនហ៊ានប្រារព្ធធ្វើអ្វី ព្រោះភ័យខ្លាចតែពីខុស នេះជាលក្ខណនៃបុរសគំរក់ នែសំលាញ់អើយ! នរណាលះ
បង់ចោលអាហារភោជនមិនហ៊ានបរិភោគ ព្រោះខ្លាចអាហារមិនរលួយ?។

៥៨ - ព្រះនរបតីតែងរាប់រកតែមនុស្សណាដែលនៅជិតផ្ទាល់ព្រះអង្គ ទោះមនុស្សនោះល្ងង់ខ្លៅក្តី ត្រកូលថោកទា
បក្តី រឺមិនបានទូន្មានខ្លួនដោយប្រពៃក្តី តាមធម្មតាព្រះរាជា ស្រ្តីភាព រឺលតាជាតិ តែងទាក់ទងព័ទ្ធព័ន្ធចំពោះតែអ្នក
ណា រឺដើមឈើណាដែលនៅជិត»។
ចចកករដកៈសួរថាៈ «នែសំលាញ់! ថាបើដូច្នោះ អែងចូលទៅគាល់ព្រះរាជា តើគិតនិយាយថាដូចម្តេច?»។ ចចក
ទមនកៈ ឆ្លើយប្រាប់ថា «ចូរអែងចាំស្តាប់រូបខ្ញុំទៅ នេះដើម្បីអោយបានដឹងថា ម្ចាស់យើងមានសេចក្តីប្រោសប្រាណ
រឺមិនប្រោសប្រាណទេ?»។ ចចកករដកៈ សួរថា «ធ្វើម្តេចអែងនឹងដឹងលក្ខណបានជាទ្រង់ប្រោសប្រាណ រឺមិនប្រោស
ប្រាណ?»។ ចចកកដកៈ ឆ្លើយបាប់ថា «ចូរអែងពិចារណាមើល៖

៥៩ - ទតព្រះនេត្រមើលមកពីចំងាយ ទ្រង់ញញឹមស្រស់ពព្រាយ ទ្រង់ចចាកអារាក សាកសួរដោយរោះរាយ សរ
សើរគុណលក្ខណៈ សូម្បីក្នុងទីកំបាំងមុខ រឺទ្រង់រំលឹកការកំសត់ដែលយើងពេញចិត្ត

៦០ - ទ្រង់ប្រោសប្រាណ សូម្បីជនមិនមែនជាសេវកាមាត្យទ្រង់ប្រោសព្រះរាជទាន ទ្រង់ពោលប្រាស្រ័យគួរអោយ
ស្រលាញ់ពេញចិត្ត ទ្រង់រំលឹករឿងសព្វព្រះទ័យនៃជនដែលទ្រង់ប្រោសប្រាណ រឺទ្រង់សង្គ្រោះនឹកដល់គុណយើងសូ
ម្បីចំពោះរឿងដែលជាទោស។

៦១ - ទ្រង់ត្រាស់ប្រើមិនមានកាលកំណត់ ទ្រង់ពោលពាក្យសន្យារឿយៗ និងទ្រង់កំណត់ផលដែលត្រូវបាន ទាំងអ
ស់នេះ នរជនដែលមានប្រាជ្ញាអាចកំណត់ដឹងបាននូវ លក្ខណៈព្រះរាជា ដែលមានសេចក្តីប្រោសប្រាណរឺ មិនមាន
សេចក្តីប្រោសប្រាណ។
កាលបើខ្ញុំដឹងកិច្ចការនេះសព្វគ្រប់ហើយ ខ្ញុំនឹងរករឿងនិយាយដូចម្តេចអោយទាល់តែព្រះរាជាសព្វព្រះទ័យពុំខាន។

៦២ - អ្នកប្រាជ្ញទាំងឡាយតែងសំដែងប្រាប់នូវការវិបត្តិ (អន្តរាយ) ដែលកើតពីការយល់ឃើញខុសនិងសិទ្ធិ (ការសំ
រេច) ដែលកើតពីការយល់ឃើញត្រូវអោយឃើញជាក់ស្តែងនិតិវិធី បង្ហាញអោយឃើញដូចជាអ្វីមួយដែលផុសផុ
លប្រាកដឡើងក្នុងទីចំពោះមុខ»។ (ហិតោបទេស សេចក្តីប្រែជាភាសាសៀមរបស់លោកនាគប្រទីប មានគាថា
លើសដូច្នេះគឺ ទោស ត្រលប់ទៅជាគុណ គុណត្រលប់ជាទោសវិញ និងទោសនៅជាទោស គុណនៅជាគុណ ការ
មិនមានលក្ខណៈជាម្ចាស់មាន ៣ប្រការដូច្នេះ។
ចចកករដកៈ និយាយប្រាប់ថា «ប៉ុន្តែ បើកាលមិនគួរទេកុំនិយាយ ព្រោះថា៖

៦៣ - សូម្បីព្រះពរិហស្បតី កាលពោលនូវពាក្យខុសកាល ក៏បាននូវការមើលងាយប្រាជ្ញា និងការមើលងាយដទៃ
ទៀតច្រើនប្រការ។
ចចកទមនកៈឆ្លើយថា «នែមិត្រ! អែងកុំភិតភ័យអ្វី ទុកងារអោយរូបខ្ញុំចុះ ពាក្យណា ដែលមិនគួរដល់ការ រូបខ្ញុំមិន
និយាយពាក្យនោះទេ ព្រោះថា៖ (ហិតោបទេសសេចក្តីប្រែជាភាសាបារាំងរបស់លោកឡង់ សឺរូ មានគាថាលើស
ដូច្នេះ បពិតព្រះទេវបាទ! ព្រះរាជាតែងជួបប្រទះតមែនុស្សបញ្ជារឿយៗ អែ មនុស្សដែលមិនសូវជួបប្រទះនោះគឺ
មនុស្សដែលចង់និយាយ រឺចង់ស្តាប់តែសេចក្តីពិត សូម្បីរឿងមិនពេញចិត្ដ)

៦៤ - ក្នុងគ្រាអន្តរាយកើតឡើង ក្នុងការដើរវង្វេងផ្លូវ និងក្នុងគ្រាប្រកបការក្នុងកាលគួរធ្វើ ខ្ញុំបំរើដែលប្រាថ្នាប្រ
យោជន៍ សូម្បីម្ចាស់មិនសួរនាំ ក៏ត្រូវតែពោល។
ថាបើរូបខ្ញុំមិននិយាយស្នើមតិ ក្នុងកាលគួរមកដល់ហើយ នោះក៏រូបខ្ញុំមិនសមធ្វើជាមន្រ្តីដែរ ព្រោះថា៖

៦៥ - ការប្រព្រឹត្តចិញ្ចឹមជីវិត ដែលលោកសប្បុរសទាំងឡាយសរសើរនៅក្នុងលោកនេះ ដោយគុណណាគុណនោះ
បុគ្គលអ្នកមានគុណគួររក្សាទុកដោយប្រពៃផង គួរធ្វើអោយចំរើនកើនឡើងផង។

ហៃសំលាញ់! បើដូច្នេះ ចូរសំលាញ់បើកអោយរូបខ្ញុំទៅជួបបិង្គលកៈ ក្នុងកាលអិលូវនេះចុះ។ ចចកករដកៈអោយ
ពរថា «សុភមស្តុ! សូមអោយបានប្រកបដោយ សេចក្តីសុខក្សេមក្សាន្តកុំបីឃ្លាត សូមសេចក្តីប្រាថ្នាបានសំរេចផល
តាមដែលបានដៅកុំខាន»។ លំដាប់នោះចចកទមនកៈ ដើរចូលទៅកាន់សំណាក់បិង្គលកៈ។ គ្រានោះអែង បិង្គលកៈ
មើលទៅឃើញចចកទមនកៈ ដើរចូលមកពីចំងាយក៏បង្គាប់ អោយគេចូលទៅ។ ចចកដើរចូលទៅធ្វើហាក់ដូចជា
ខ្លាចណាស់ ធ្វើអាការៈញញើតញញើមបែបត្រុនៗ ដល់ហើយអោនក្រាបប្រណិប័តន៍ដោយអស្តាង្គបាត ប្រណិប័ត
ន៍ហើយអង្គុយក្នុងទីជិតដ៏គួរមួយ។ បិង្កលកចៅរ៉ៅសួរទៅថាៈ «យីអើ! អញខានឃើញមុខអែងយូរយាណាស់ហើយ
ណា៎!!»។ ចចកទមនកៈ ឆ្លើយភ្លាមថាៈ «ព្រោះព្រះទេវបាទដ៏មាសិរី មិនមានកិច្ចការអ្វី ជាប្រយោជន៏ចំពោះខ្ញុំបាទជា
សេវកាមាត្យ តែបើទុកជាដូច្នោះ ដល់កាលគួរហើយ ខ្ញុំបំរើត្រូវតែចូលមកគាល់ ហេតុនោះទើបខ្ញុំ បាទចូលមក
គាល់អិលូវនេះ ព្រោះថា៖

៦៦ - បពិតព្រះរាជា! ការងារម្ចាស់មានច្រើនណាស់ លោកតែងត្រូវការ សូម្បីស្មៅមួយទងសំរាប់ជំរះព្រះទន្ត រឺធ្វើ
ជាតំបារត្បារព្រះកាណ៌ ចាំបាច់និយាយថ្វីដល់ទៅនរជនដែលមានខ្លួនទាំងដុល ចេះនិយាយមានដៃជើងប្រាកដដូច្នេះ។
បើលោកម្ចាស់ឈ្វេងយល់ថា ខ្ញុំបាទនេះជាបុគ្គលអប្បអិតប្រាជ្ញាដូច្នោះមែន បានជាលះបង់ចោលយូរយារណាស់
ហើយ នោះគួរលោកម្ចាស់កុំឈ្វេងយល់ដូច្នេះទៀតឡើយ ព្រោះថា៖

៦៧ - នរជនមានប្រាជ្ញានឹងមានសេចក្តីប្រព្រឹត្តម៉ឺងម៉ាត់សូម្បីជនដទៃមើលងាយថាមិនបានជាការអ្វី នោះក៏បុគ្គលមិ
នគប្បីសន្ទិះសង្ស័យថា «វិនាសសាបសូន្យ» ឡើយ ភ្លើងសូម្បីបុគ្គលយកទៅដាក់ខាងេក្រាម ក្នុងកាលណាក៏ដោយ
អណ្តាតភ្លើង មិនដែលទៅក្រោមទេ តែងទៅតែខាងលើដដរាប។ ទេវៈ!សូមលោកម្ចាស់ឈ្វេងយល់ដោយវិសេ
សទៅទៀតថា៖ (ហិតោបទសេសេចក្តីប្រែជាភាសាបារាំង របស់លោកឡង់សឺរ៉ូមានគាថាលើសដូច្នេះគឺ ក. ក្នុងស
ង្គ្រាម នរជនណាអាចបាញ់ព្រួញដេរដាសព្រះធរណីដ៏ធំនេះ ដោយសេចក្តីអង់អាចដោយទ្រង់ទ្រាយឆើត និងដោយ
ការចេះជ្រាលជ្រៅ នរជននោះកាលនៅជិតព្រះរាជា ក៏ត្រូវនិយាយដោយញញើតញញើម ដោយសេចក្តីខ្លាចព្រះ
ចេស្តានៅចំពោះព្រះភក្រ្ត ត្រូវគារវៈបែបនេះដរាប។ ខ. នៅចំពោះព្រះភក្រ្តព្រះរាជានៅកណ្តាលប្រជុំ ពាលនិង
នៅក្នុងទីប្រជុំ ស្រ្តីផ្កាមាស សូម្បីនរជនមានថ្វីមាត់ ក៏មានចិត្តខ្លបខ្លាចក្លាយទៅជាត្រិនត្រុនទីមទាម។ តាមលក្ខណ
សម្បត្តិនៃបុគ្គលមិនចេញ មកអោយឃើញប្រាកដអែងទេ ដូចទឹកអប់សូរិកា គេមិនអាចរកបានដោយផ្លូវងាយស្រួ
លទេ។ )

៦៨ - កែវមណី គេយកទៅប្រដាប់ជើង កពា្ចក់គេយកទៅប្រដាប់លើសិរសា បើទុកជាដូច្នេះ របស់ណាដូចម្តេច
របស់នោះនៅតែដូច្នោះដដែល គឺកពា្ចក់នៅតែកពា្ចក់ កែវមណីនៅតែជាកែវមណី។

៦៩ - កាលណាព្រះរាជាទ្រង់រាប់អាននរជនទាំងពួងស្មើភាគគ្នាមិនអោយមានវិសេសប្លែកគ្នា អុស្សាហៈនៃជនមាន
សមត្ថភាពប្រឹងប្រែងធ្វើការងារ នឹងសាបចុះអោនថយទៅ។

៧០ - បពិតព្រះរាជា! បុរសមាន ៣ជាន់ គឺបុរសអុត្តម បុរសទាបថោក និងមធ្យម ទ្រង់គប្បីចាត់ចែងអោយធ្វើការ
ងារទៅតាមជាន់ទាំង៣នេះអែង។

៧១ - សេវកាមាត្យដូចគ្នានឹងគ្រឿងអាករណៈ ត្រូវទុកដាក់អោយសមតាមឋានៈ ដូចកែវមណីសំរាប់រំលេចមកុដ
មិនត្រូវយកទៅដាំកងជើង រឺពុំនោះកងជើងមិនត្រូវយកទៅប្រដាប់សិសាឡើយ។

៧២ - កែវមណី គួរយកទៅប្រដាប់គ្រឿងអាករណៈ ជាវិការៈនៃសំណកែវមណីនោះ មិនមានពន្លឺប្រុះឆ្លុះច្រវាត់ផង
មិនល្អរុងរឿងផង តែការនេះជាកំហុសជាងមាសដោយឡែកទេ។

៧៣ - លើកកពា្ចក់យកទៅបណ្តុបលើកំពូលមកុដ សំរុតកែវមណីយកទៅប្រដាប់កងជើងវិញ នេះជាទោសនៃកែវ
មណីក៏អិតអង្គឺមាន ជាទោសនៃជាងមាសល្ងង់មិនចេះប្រើ មិនស្គាល់តំលៃទេតើ!។

៧៤ - ព្រះនរបតីដែលទ្រង់ឈ្វេងយល់ ស្គាល់សេវកាមាត្យថា «អ្នកនេះ មានប្រាជ្ញាមានភក្តី អ្នកនោះមានសេចក្តី
ក្លៀវក្លាហាន រឺប្រកបព្រមដោយលក្ខណៈពីរប្រការនោះ តែងបរិបូណ៌ដោយសេវកាមាត្យទាំងឡាយ។

៧៥ - សេះ សស្រ្តាវុធ សាស្រ្តវិជ្ជា ពិណ សុន្ទកថ នរជន និងនារីវិសេស រឺមិនវិសេសប្រើបានល្អ រឺមិនបានល្អ ស្រេច
ហើយតែវិធីនៃម្ចាស់អ្នកប្រើអ្នកបង្គាប់បញ្ជាទេ។

៧៦ - មានប្រយោជន៍អ្វីដោយជនភក្តី តែមិនមានសមត្ថភាព មានប្រយោជន៍អ្វី ដោយជនអង់អាច តែមិនធ្វើអ្វីអោ
យកើតប្រយោជន៍ បពិតព្រះរាជា ទ្រង់មិនគួរមើលងាយទូលព្រះបង្គំជាខ្ញុំ ដែលមានភក្តីផង មានសេចក្តីអង់អាច
ផងដូច្នេះទេ។

៧៧ - បើទ្រង់មើលងាយអ្នកចេះដឹង ទ្រង់មានតែជនអប្បអិតប្រាជ្ញាបរិវារតទៅ ដោយអាស្រ័យហេតុនេះ ទ្រង់នឹង
មិនមានជនជាអ្នកប្រាជ្ញនៅក្បែរព្រះអង្គឡើយ ព្រោះមិនស្គាល់និតិវិធីនេះអែង កាលបើរាជ្យណា លះបង់សេវកា
មាត្យជាអ្នកប្រាជ្ញហើយ រាជ្យនោះនឹងមិនមានផ្លូវនយោបាយល្អទេ បើវិបត្តិនយោបាយល្អហើយ ប្រទេសជាតិទាំង
មូល នឹងកប់លិច រឺវិនាសបាត់ចេញពីក្នុងផែនទីលោកនេះអិតសង្ស័យឡើយ។

៧៨ - អ្នកនគរ គោរពអស់កាលជានិច្ច ចំពោះជនណាដែលព្រះនរបតីលើកដំកើង ជនណាដែលព្រះនរបតីមើលងា
យហើយ ជននោះក៏ត្រូវអ្នកនរគរទាំងអស់មើលងាយតាមដែរ។

៧៩ - ពាក្យដែលត្រឹមត្រូវ គួរដល់ការងារ សូម្បីជាសំដីកូនក្មេង អ្នកមានប្រាជ្ញាគួរកាន់យក បើមិនមានពន្លឺព្រះអាទិ
ត្យទេ ពន្លឺប្រទីប នឹងមិនមានគុណប្រយោជន៏ រឺអ្វី?

បិង្គលកៈនិយាយតបថា «នែទមនកៈដ៏ចំរើនអើយ! អែងនិយាយអ្វីដូច្នោះ អែងជាកូននៃប្រធានអាមាត្យរបស់យើង
ប្រហែលជាដោយពាក្យទ្រគោះបោកបោះបន្តិចបន្តួចរឺអ្វី បានជាអែងមិនចូលមករកយើងអស់កាលយូរយារដល់
ម្លេះ? បើដូច្នោះចូរអែងនិយាយដោយសេរីមកចុះ មានរឿងអ្វីខ្លះ?»។ ចចកទមនកៈនិយាយតបទៅទៀតថា «បពិត
លោកជាស្តេចម្រឹគ! ខ្ញុំបាទសូមទានអោកាសជំរាបសួររឿងបន្តិច សូមលោកម្ចាស់មេត្តានិយាយប្រាប់ដំណើរសេច
ក្តី តាមខ្ញុំបាទដឹងថា លោកម្ចាស់ ត្រូវការទឹក លោកម្ចាស់អញ្ជីញទៅហើយមិនទាន់បានក្រេបផឹកបំបាត់សេចក្តីស្រេ
កឃ្លានផង ក៏ស្រាប់តែវិលត្រលប់មកនៅស្ងៀមវិញ ហាក់ដូចជាមានហេតុភេទអ្វីមួយ មុខគួរអោយតក់ស្លុតរន្ធត់
ព្រះទ័យណាស់? បិង្គលកៈនិយាយប្រាប់ថា «អើ! អែងមានវិចារណញ្ញាណល្អហើយ តែយើងមិនមានអ្នកណាជាទំនុ
កចិត្ត នឹងប្រាប់អាថិកំបាំងនេះបាន មានតែអែង បើដូច្នោះ យើងនឹងបកអាថិកំបាំងប្រាប់អែងក្នុងកាលអិលូវនេះ អែ
ងចាំស្តាប់ដូចសេចក្តីតទៅនេះចុះ។ អិលូវនេះ ព្រៃនេះមានសត្វអ្វី ប្លែកមួយមកនៅត្រួតត្រា យើងគួរភៀសខ្លួនគេ
ចចេញពីទីនេះទៅ នោះហើយជាហេតុការណ៍នាំអោយអញភ័យខ្លាច អញបានលឺសំលេងវាចំលែកអស្ចារ្យ បើតា
មប្រមាណមើលសំរែកវាលឺខ្លាំងដូច្នេះនេះ គង់រូបរាងវាធំមាំមួនមានកំលាំងខ្លាំងមហិមា ទើបបានជាលឺខ្លាំងដល់
ម្ល៉ោះ»។ ចចកទមនកៈនិយាយឡើងថា«ទេវៈ ! នេះក៏ជាហេតុការណ៍នាំអោយភ័យធំពិត សំលេងនោះ ខ្ញុំបាទក៏បាន
លឺដែរ តែខ្ញុំបាទឆ្ងល់ណាស់ អ្នកណាដែលមកជំរាបលោកម្ចាស់ថាអោយលះបង់ព្រះរាជអាណាចក្រ ហើយសឹម
ធ្វើសង្រ្គាមដណ្តើមយកព្រះរាជអាណាចក្រជាខាងក្រោយវិញ អ្នកនោះសមធ្វើជាមន្រ្តីជាទីប្រឹក្សារឺទេ? មួយទៀត
ក្នុងការដែលមានអាសន្នក្រនេះ លោកម្ចាស់គប្បីឈ្វេងយល់ការងារសេវកាមាត្យបាន ព្រោះថា។

៨០ - គ្រាវិបត្ត នរជនត្រូវស្គាស់ខ្លឹមសារប្រាជ្ញានៃពួកញាតិសន្តាន ភរិយា និងសេវកាមាត្យ ព្រមទាំងសត្តនិករ និង
ខ្លួនអែងអោយដូចជាថ្មសំរាប់ពិសោធន៍មើលមាសលុទ្ធ

បិង្គលកៈនិយាយបព្ជាក់ថាៈ «នែសំលាញ់ដ៏ចំរើន! សេចក្តីភ័យនេះ នាំអោយអញទុញទាល់គំនិត គិតអ្វីមិនឃើញ
ទេ»។ ចចកទមនកៈនឹកក្នុងពោះថាៈ «បើម្លឹងតើ ម្តេចឡើយនឹងមិនហ៊ាននិយាយប្រាប់អាត្មាអញអំពីការលះបង់រា
ជ្យហើយគិតទៅនៅទីដទៃ» ទើបប្រកាសលឺខ្លាំងៗទៅសីហៈថាៈ «ទេវ! សូមលោកម្ចាស់តាំងព្រះទ័យអោយក្សេម
ក្សាន្តចុះ ដរាបណាខ្ញុំបានមានជីវិតរស់នៅដរាបនោះលោកម្ចាស់កុំភ័យក្លាចអោយសោះ តែលោកម្ចាស់ប្រោស
មេត្តារក្សាទឹកចិត្តចចកករដកៈ និងសត្វអែទៀតជាបរិវារផង ក្នុងគ្រាក្រធ្វើម្តេចនឹងប្រមូលរេហ៍ពលជាបុគ្គលរក
បានក្រអោយបានច្រើនសំរាប់ជួយការពារ?»។ លំដាប់នោះចចកទាំងពីរទមនកៈ និងករដកៈ បានទទួលកិត្តិយសដ៏ខ្ពង់
ខ្ពស់អំពីបិង្គលកៈ ហើយប្តេជ្ញានឹងការពារភ័យអន្តរាយទាំងពួងអោយ ហើយទើបបបួលគ្នាដើរចេញទៅ។ ចចក
ករដកៈ ដើរបណ្តើរនិយាយបណ្តើរទៅកាន់ចចកទមនកៈថា «នែសំលាញ់! ហេតុនៃភ័យនេះយើងមិនអាចដឹងថា
យើងអាចការពារបាន រឺមិនបាននៅឡើយទេ ហើយយើងបានប្តេជ្ញាជាដាច់ខាតរួចមុនទៅហើយថា នឹងរំងាប់ភ័យ
នោះអោយទាល់តែសំរេចបាន ទាំងទទួលមហាប្រសាទស្រេចហើយផង មិនមែនរឺ? យើងមិនត្រូវទទួលយកអាសា
ចំពោះនរណាសោះ ដោយវិសេសចំពោះម្ចាស់យើង ថាបើយើងមិនអាចជួយបាន ព្រោះថា

៨១ - ទ្រព្យសម្បត្តិ មាននៅក្នុងសេចក្តីជ្រះថ្លានៃអ្នកណា ជ័យជំនះមាននៅក្នុងសេចក្តីព្យាយាមប្រឹងប្រែងនៃអ្នក
ណា មរិត្យុឋិតនៅក្នុងសេចក្តីក្រោធនៃអ្នកណា សេចក្តីពិត អ្នកនោះៗ ឈ្មោះថាប្រកបហើយដោយតេជានុភាព
ទាំងពួង។

៨២ ព្រះភូមិបាលសូម្បីតាំងនៅក្នុងយោព្វនវ័យ (រឺពាលល្ងង់ខ្លៅ?) បុគ្គលមិនគប្បី មើលងាយព្រះចេស្តាទុកជាមនុ
ស្សធម្មតាទេ ព្រោះថា ព្រះរាជាជាទេពតាមានសក្តិធំ មកប្រាកដព្រះអង្គជាកាយមនុស្ស។

ចចកទមនកៈ បានស្តាប់សំដីចចកករដកៈ និយាយហើយអស់សំណើចសើកឃឹកៗ ទើបនិយាយថា «នែមិត្ត! ចូរអែ
ងនៅអោយស្ងៀមទៅកុំមាត់កថ្វី ហេតុដែលនាំអោយម្ចាស់យើងភ័យនោះ អញដឹងអស់ហើយ មិនគឺសំលេងអ្វីដ
ទៃផ្សេងទេ គឺជាសំរែកគោអុសករោទិ៍នោះអែង អែគោអុសកត្រូវជាចំណីអាហារយើងផង ចាំបាច់ និយាយដល់
ទៅសិហៈធ្វើអ្វី»។ ចចកករដកៈ និយាយទទួលថា «អា៎! អ្វីដូច្នោះទេហះ? បើដូច្នោះ ហេតុអ្វីក៏អែងមិនកំចាត់បង់សេ
ចក្តីតក់ស្លុតម្ចាស់យើងអោយទាន់ភ្លាមទៅ?»។ ចចកទមនកៈឆ្លើយដោយអាកបន្ទោសប្រាប់ថា «បើយើងដោះស្រា
យម្ចាស់យើងភ្លាមទៅ ដូចម្តេចឡើយយើងនឹងត្រូវបានសេចក្តីគាប់ចិត្តនិងលាភសក្ការៈច្រើនថែមទៀត ព្រោះថា៖

៨៣ ក្នុងកាលណាក៏ដោយ បុគ្គលមិនគប្បីធ្វើអោយម្ចាស់លែងពឹងពាក់សេវកាមាត្យទេ បើសេវកាមាត្យធ្វើអោ
យម្ចាស់លែងពឹងពាក់ហើយនឹងដល់សេចក្តីវិនាស ដូចឆ្មាឈ្មោះទធិកណៈ។ ចចកករដកៈសួរឡើងថា «តើរឿងនោះ
ដូចម្តេច?» ។ ចចក ទមនកៈនិយាយរឿងរ៉ាវនោះប្រាប់ថា៖។
អានតស្រីហិតោបទេស កថាទី៤

ស្រីហិតោបទេស
1សន្ដិភាព
2រឿងក្អែក អណ្ដើក និង កណ្ដុរ
3រឿងសុន្ទៈ និងអុបសុន្ទៈ
4រឿងព្រាហ្មណ៍វាយបំបែកក្រឡ
5រឿងកុកនិងក្ដាម
6រឿងត្មាត ឆ្មា និង បក្សី
7រឿងប្រើស ចចក និងក្អែក
8រឿងដំរីនិងទន្សាយ
9រឿងលាពាក់ស្បែកខ្លា
10រឿងបក្សីនិងស្វា
11រឿងហង្សនិងក្ងោក
12រឿងព្រាន ប្រើស ពស់ និង ចចក
13រឿងជាងរថ ភរិយា និងសហាយ
14រឿងគោអុសក ចចកពីរ និសត្វសីហៈ
15រឿងពានរនិងសសរ
16រឿងលានិងឆ្កែ
17រឿងសីហៈនិងឆ្មា
18រឿងស្រ្តីពេស្យានិងគង
19រឿងបរញ្វជកកន្ទប៌កេតុ
20រឿងភរិយាគោបាល និងសាយហាយពីរនាក់
21រឿងចចកនីលពណ៌
22រឿងព្រាហ្មណ៍ និងអ្នកលេង
23រឿងជាងកោរកាត់ល្មោភ
24រឿងពស់ និងកង្កែប
25រឿងព្រាហ្មណ៍និងស្ការ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ