Tuesday, August 3, 2010

រឿងជាងរថ ភរិយា និងសហាយ

នៅយៅវនស្រីនគរ មានជាងរថម្នាក់ឈ្មោះមន្ទមតិ។ មន្ទមតិដឹងច្បាស់ថាភរិយាខ្លួនផិតប្រាកដ តែមិនទាន់មានភស្ដុ
តាង គឺមិនទាន់ឃើញសហាយភរិយាឋិតនៅក្នុងទីជាមួយគ្នាច្បាស់នៅឡើយ។ ថ្ងៃមួយ ជាងរថឈ្មោះមន្ទមតិ និយា
យប្រាប់ភរិយាថា ខ្លួនមានដំណើរទៅកាន់ស្រុកដទៃនិយាយរួចហើយដើរចេញទៅ។ មន្ទមតិធ្វើ ជាដើរទៅមិនបាន
ប៉ុន្មាន ក៏ត្រលប់វិលមកវិញ លបចូលទៅលាក់ខ្លួនពួនអាត្មានៅក្រោមគ្រែដោយស្ងាត់ៗ។ សហាយភរិយាដឹងច្បាស់
ថា ជាងរថចេញទៅកាន់ស្រុកក្រៅបាត់ហើយ ដល់ពេលសន្ធិយារាត្រី ក៏ចូលទៅដេកជាមួយភរិយាជាងរថ។ អែស្រី
ចិត្ដចើក កាលប្រលែងលេងជាមួយសហាយជាទីស្រលាញ់ដោយក្ដីស្នេហាយ៉ាងក្រៃលែងនៅលើគ្រែ ក្នុងទីកំបាំង
នោះ បានទំលាក់ដៃទៅខាងក្រោម ទៅប៉ះ នឹងមនុស្សដែលដេកនៅក្រោមគ្រែនោះ ដឹងច្បាស់ថាជាប្ដីខ្លួនមកដេក
បន្លំ ក៏ស្រងាកព្រួយចិត្ដ។ សហាយ កាលឃើញស្រីសហាយខ្លួនមិនសូវអើពើដូចសព្វដងសាកសួរទៅថា «ថ្ងៃនេះហេ
តុដូចម្ដេចក៏អូនមិនសូវអើពើលេងសប្បាយជាមួយបង? បងមើលទៅឃើញថាអូនបែបដូចជាមាននឹកព្រួយចិត្ដ
រឿងអ្វីមួយ»។ ស្រីចិត្ដចើកនោះឆ្លើយប្រាប់ថាៈ «បង! បងមិនដឹងថា ស្វាមីជាម្ចាស់ជីវិតខ្ញុំគាត់មិននៅថ្ងៃនេះរឺអ្វី? គា
ត់ចេញទៅស្រុកក្រៅហើយ ក្នុងពេលដែលគាត់ចេញទៅនេះ នៅក្នុងផ្ទះសូម្បីមានមនុស្សពេញណែនណាន់តាន់
តាប់ ខ្ញុំក៏ឃើញហាក់ដូចជាស្រលះល្ហល្ហេវស្ងាត់សូន្យឈឹង ស្វាមីខ្ញុំទៅកាន់ស្រុកគេប្លែកទឹកប្លែកដី មិនដឹងជាគាត់
នឹកស្រងេះស្រងោចដូចម្ដេចទៅអេះ បានអ្វីបរិភោគ អាស្រ័យដំណេកនៅអែណា ខ្ញុំអិតដឹងអិតយល់សោះខ្ញុំគិត
ទៅៗ ឃើញដូច្នេះហើយចិត្ដខ្ញុំក៏រលឹកស្រណោះអាលោះអាល័យហើយ អណ្ដែតអណ្ដូងទៅបាត់ពីរូបរាងកាយខ្ញុំ»
។ សហានិយាយឡកឡឺយថាៈ «ចុះជាងរថប្ដីនាង ចេះស្នៀតស្នេហាចំណានដូចម្ដេចទៅ?»។ ស្រីចិត្ដចើកធ្វើជាក្រោ
កឆ្លើយថា «នែអាគំរក់ចង្រៃ! អ្វីអាអែងហ៊ាននិយាយដូច្នេះ? អែងស្ដាប់មើល!៖

២៥ - នារីណាប្ដីជេរប្រទេចក្ដី រឺប្ដីសំលឹងសំលក់ដោយក្ដីក្រោធក្ដី នៅតែធ្វើទឹកមុខស្រស់ស្រាយញញឹម នារីនោះ
ទើបឈ្មោះថាស្រីមានលក្ខណ៍។

២៦ - ស្រីណាស្រលាញ់ប្ដី ទោះជាប្ដីនៅក្រុង រឺនៅស្រុកព្រៃ រឺពុំនោះទេ ជាប្ដីគ្មានបុណ្យក្ដី ស្រីនោះទើបលោកទាំង
មូលអោយសេចក្ដីសុខ។

២៧ - សេចក្ដីពិត ភស្ដាជាគ្រឿងអលង្ការនៃនារីទាំងឡាយ នារីអិតភស្ដាឈ្មោះថាមិនមានគ្រឿងអលង្ការ បើទុកជា
មានរូបល្អ ក៏មិនមានឈ្មោះថាមានរូបល្អដែរ។

អែងគ្រាន់ជាសហាយ មានចិត្ដអាក្រក់ក្រលិចក្រលុចដូចជាផ្កាស្លា គេត្រូវការលេងតែមួយដងមួយគ្រា អែភស្ដាវិញ
ជាម្ចាស់ជីវិតអញ បើគាត់ចង់លក់ គាត់លក់អញទៅអោយទេពតា រឺក៏អោយអញទៅដល់ព្រាហ្មណ៍ក៏សឹងបាន តែ
ចាំបាច់បូរបាច់ច្រើនធ្វើអ្វី បើភស្ដាអញមានជីវិតរស់នៅ អញក៏មានជីវិតរស់នៅដែរ ថាបើគាត់ធ្វើមរណកាលអញ
ក៏សុខចិត្ដស៊ូស្លាប់ទៅតាម នេះជាសេចក្ដីប្ដេជ្ញារបស់អញ ព្រោះថា៖

២៨ - លោមជាតិ ដែលឋិតនៅ នឹង រូបនរជនមានចំនួន ៣៥កោដិ អែនារីដែលស្លាប់ទៅតាមប្ដីបានទៅកើតក្នុងឋាន
សួគ៌ក៏មានចំនួនច្រើនដូចលោមជាតិដែរ។

២៩ - អាលម្ពាយ ចាប់ពស់ទាញចេញពីរូងបានយ៉ាងណា ភរិយាដែលស្លាប់ទៅតាមភស្ដាអាចនាំភស្ដាខ្លួន(ពីនរក)
ទៅកាន់ឋានសួគ៌បានយ៉ាងនោះដែរ។

៣០ - នារីណាស្រលាញ់ប្ដី កៀកអោបប្ដីជាប់នឹងខ្លួន លះបង់ខ្លួនចូលក្នុងគំនរភ្លើងជើងថ្ករជាមួយប្ដី នាងនារីនោះសូ
ម្បីធ្វើបាបរាប់ទាំងសែនឆ្នាំ ក៏អាចនាំភស្ដាខ្លួនទៅកាន់សុរលោក(ឋានសួគ៌) បាន (ហិតោបទេស សេចក្ដីប្រែជាភា
សាបារាំងរបស់លោកឡង់សឺរូ និងសេចក្ដីប្រែជាភាសាសៀម មានគាថាលើលដូច្នេះ បិតា រឺបងប្រុសដែលបានទទួ
លបង្គាប់ពីបិតាហើយបានអោយនាងនារីទៅជាភរិយាជនណាហើយ នាងនារីត្រូវស្ដាប់បង្គាប់ប្ដីនោះមិនត្រូវក្បត់ចិ
ត្ដទោះរស់នៅក្ដី ស្លាប់បាត់បង់ទៅក្ដី
)។

កាលនោះ ជាងរថបានស្ដាប់ភរិយានិយាយសព្វអស់អាថិសេចក្ដី គិតក្នុងចិត្ដថា «អាត្មាអញហៅចំជាមានភ័ព្វមាន
សំណាងបានប្រពន្ធគ្រប់លក្ខណ៍ ចេះនិយាយពាក្យពិរោះមានចិត្ដស្មោះត្រង់និងប្ដីប្រាកដដូច្នេះ» គិតដូច្នោះហើយ
ក៏លើកទូលគ្រែ ដែលសហាយនិងភរិយាដេកនោះលើក្បាល លោតរាំកញ្ឆាក់កញ្ឆេង ដោយក្ដីត្រេកអរខ្លាំង ព្រោះ
ហេតុនោះហើយ បានជាខ្ញុំបាទ(សេក) និយាយថា «រីទោសដែលបុគ្គលធ្វើអោយប្រចក្សហើយ» ដូច្នេះជាដើម
(លេខ ២៥)។

កាលនោះ ស្ដេចក្ងោកចិត្រពណ៌ ទទួលស្គាល់ខ្ញុំបាទពេញកិត្ដិយសថាជាទូត ហើយបណ្ដោយអោយខ្ញុំបាទវិលត្រល
ប់មកវិញ ព្រមទាំងសេកជាទូតមកតាមខ្ញុំបាទផង។ អិលូវនេះ បើលោកម្ចាស់បានជ្រាបសេចក្ដីរហូតហើយ កិច្ចការ
ណាដែលគួរចាត់ចែង ក៏សូមម្ចាស់ត្រិះរិះមើលទៅចុះ។ ចាក្រពាកជាប្រធានរដ្ឋមន្រ្ដីសើចហាសហាយ ហើយនិយា
យថា «ទេវៈ! បងកុកធ្វើដំណើរចេញទៅបរទេសហើយត្រលប់មកវិញ ចេះចាត់ចែងកិច្ចរាជការស្រេចតាមសម្ថ
ភាព តែថាការចាត់ចែងរាជការដូច្នេះ ជាវិធីមនុស្សល្ងង់ទេ ព្រោះថាៈ

៣១ - គួរគប្បីអោយមួយរយ តែមិនគួរអោយកើតវិវាទមួយទេ នេះជាមតិអ្នកប្រាជ្ញ សូម្បីមិនមានមូលហេតុអ្វីជា
មាំមួន ហើយក៏ធ្វើវិវាទដែរនេះជាលក្ខណៈមនុស្សល្ងង់ទេ។

រាជហង្សហិរណ្យគភ៌ឆ្លើយឡើងថាៈ «បន្ទោសរឿងដែលកន្លងទៅហើយ តើមានប្រយោជន៏អ្វី? គួរជួយត្រិះរិះពិចារ
ណាគ្នាមើលរឿងបច្ចុប្បន្ននេះវិញ»។ ចាក្រពាកនិយាយថាទេវៈ ខ្ញុំបាទសូមជំរាបរឿងនេះក្នុងទីស្ងាត់ ព្រោះថាៈ

៣២ - អ្នកប្រាជ្ញាអាចស្ទង់មើលចិត្ដនៃជនដទៃដោយទឹកមុខ អាការសំលេងវិការនៃភ្នែក និងវិការមុខបាន ព្រោះដូ
ច្នោះគួរប្រឹក្សាគ្នាក្នុងទីស្ងាត់។

កាលនោះអែង ហង្សហិរណ្យគភ៌ និងចាក្រពាក ឋិតនៅក្នុងទីតែពីរនាក់ សត្វទាំងឡាយជាបរិវាដទៃទៀតដឹងទំនង
ដូច្នេះ ក៏ថយគេចចេញទៅក្រៅអស់។ ចាក្រពាក និយាយប្រាប់ហង្សហិរណ្យគភ៌ថា «ទេវៈ! ខ្ញុំបាទមានសេចក្ដីយល់
ឃើញថា ប្រព្រឹត្ដហេតុដែលទីឃ៌មុខបានធ្វើអោយកើតឡើងនេះ ប្រហែលជាមានបរិវារយើងខ្លះ ជាអ្នកញុះញង់
អោយធ្វើទេដឹង ព្រោះថា

៣៣ មនុស្សឈឺអោយសេចក្ដីសុខចំរើនដល់ពេទ្យ មនុស្សមានវិបត្ដិគ្រោះថ្នាក់ អោយសេចក្ដីសុខចំរើនដល់មន្រ្ដី
មនុស្សល្ងង់ជាការរស់នៅនៃអ្នកប្រាជ្ញ វណ្ណៈល្អទាំងឡាយជាការរស់នៅនៃសប្បុរសទាំងឡាយ (ត្រង់បទទី៤នេះក្នុង
ច្បាប់ខ្លះថា បរិពារព្រះរាជា អាចនាំអោយកើតវិវាទបាន
)។

ហង្សហិរណ្យគភ៌ ឆ្លើយតបថា «ដូច្នេះក៏ធ្លាប់មានដែរ តែរឿងនេះយើងទុកចាំស៊ើបអង្កិតរកមូលហេតុអោយឃើញ
ក្នុងកាលជាខាងក្រោយចុះ ពេលនេះយើងត្រូវធ្វើដូចម្ដេច? បើត្រូវធ្វើយ៉ាងណាត្រូវចាត់ចែងដូច្នោះភ្លាមៗ អោយ
ទាន់ពេល។ ចាក្រពាកឆ្លើយថាៈ «ទេវៈ! យើងគួរបញ្ជូនចារបុរសអោយចូលទៅដល់ឋានសត្រូវ អោយដឹងថាសត្រូវ
មានកំលាំង រឺអិតកំលាំងដូចម្ដេចអោយដឹងមុនសិន ព្រោះថា

៣៤ - គួរប្រើចារបុរសក្នុងការស៊ើបអង្កិតអោយបានដឹងសេចក្ដីថា ការគួរធ្វើនឹងមិនគួរធ្វើក្នុងប្រទេសខ្លួន រឺក្នុងបរ
ទេស ព្រោះចារបុរសជាព្រះនេត្រានៃព្រះរាជា ព្រះរាជាអង្គណាមិនមានសូម្បីតែម្នាក់ព្រះរាជាអង្គនោះទុកដូចជាមនុ
ស្សខ្វាក់ពិតៗ។ ត្រូវចាត់ទុកទីឃ៌មុខនេះជាចារបុរស អោយនាំយកមនុស្សម្នាក់ដែលទំនុកទុកចិត្ដ ទៅជាមួយជួយ
ធ្វើការផង កាលបើស៊ើសួរមើលដឹងការប្រឹក្សា រឺព្រឹត្ដការណ៍នៃសត្រូវនៅក្នុងប្រទេសគេនោះហើយ ខ្លួនអែងត្រូវ
នៅក្នុងប្រទេសគេនោះចុះ តែត្រូវប្រើអោយអ្នកទីពីរដែលជាជំនួយនោះនាំយកការសំងាត់ ដែលស៊ើបបានមកប្រា
ប់យើងដោយសំងាត់ជាបំផុត ព្រោះថា៖

៣៥ ព្រះរាជា ត្រូវបង្កប់ចារបុរសប្រើអោយយកភេទជាតាបស អោយចូលទៅដើម្បីសិក្សាសាស្រ្ដវិជ្ជា ក្នុងបុណ្យ
ស្ថានក្នុងអាស្រម រឺក្នុងទេវស្ថានផ្សេងៗ។

ចារបុរសនៃការសំងាត់នេះ ក៏ត្រូវរកមនុស្សសំខាន់ដែលទៅផ្លូវទឹកក៏បានផ្លូវគោកក៏បាន ដូច្នេះបានជាត្រូវចាត់ទីឃ៌
មុខនេះទៅ ហើយត្រូវរកកុកមួយទៀតអោយបានជាគ្នាជូនទៅផង ព្រមទាំងយកកុកមួយក្នុងផ្ទះទីឃ៌មុខអោយមក
ធ្វើជាទ្វារបាលរក្សាព្រះរាជវាំងជំនួសផង តែការនោះត្រូវធ្វើអោយស្ងាត់ដែលនឹងអាចស្ងាត់បានព្រោះថា៖

៣៦ - មន្រ្ដី គឺការសំងាត់នេះបើដឹងដល់ត្រចៀក៦ ហើយតែងបែកធ្លាយ ហើយខ្ចរខ្ចាយចេញទៅដោយការនិយាយ
តៗគ្នា ហេតុនេះព្រះរាជាគប្បីរក្សាការសំងាត់បានចំពោះតែរូបព្រះអង្គនិងមនុស្សជាគំរប់ពីរប៉ុណ្ណោះ។

៣៧ - កាលបើមន្រ្ដី គឺការសំងាត់ធ្លាយហើយ ទោសតែងធ្លាក់ស្រោចមកលើព្រះរាជា ទោសនោះបុគ្គលមិនអាច
កែសំរួលបានងាយទេ នេះជាមតិអ្នកនយោបាយ។ ហង្សហិរណ្យគភ៌ ត្រិះរិះពិចារណាមួយស្របក់ហើយនិយាយថាៈ
«អើ! ចារបុរសធ្វើការសំងាត់ប្រសើរដូច្នេះយើងរកបានហើយ»។ ចាក្រពាកឆ្លើយស្របទៅវិញថា «ទេវៈ!បើដូច្នោះ
មែនជ័យជំនះក្នុងសង្រ្គាមប្រាកដជាបានយើងហើយ»។ ក្នុងពេលនោះបក្សីរក្សាព្រះអង្គចូលទៅលើកហត្ថាប្រណម្យ
ហើយជំរាបថាៈ «ទេវៈ!សូមជ្រាប សេកដែលមកពីជម្ពូទ្វីបនោះ អិលូវនេះឋិតរង់ចាំនៅមាត់ទ្វារ»។ ហង្សហិរណ្យគ
ភ៌ក្រលេកមើលមុខចាក្រពាកៗ ក៏វាងវៃទាន់ភ្លាមនិយាយថា «ចូរបង្គាប់ អោយគេនាំសេកទៅរង់ចាំនៅសាលចាំ
មួយស្របក់សិន សឹមអោយគេនាំខ្លួនមកជួបនិងលោកម្ចាស់»។ អ្នករក្សាព្រះអង្គទទួលបង្គាប់ហើយក៏នាំសេកជា
រាជទូតចេញទៅរង់ចាំ។ ហង្សហិរណ្យគភ៌តក់ស្លុតនិយាយថា៖ «គួរអោយនឹកបារម្ភណាស់ ក្រែងសង្រ្គាមនឹងផ្ទុះឡើ
ង»។ ចាក្រពាកឆ្លើយតបថាៈ «ទេវៈ!ការធ្វើសង្រ្គាមភ្លាមៗ មិនមែនជាការល្អទេ ព្រោះថា៖

៣៨ - ក្នុងការផ្ដើមធ្វើសង្រ្គាម សេវកណា មិនមានការពិចារណាម៉តចត់ ដឹកនាំអោយព្រះរាជាធ្វើសង្រ្គាម រឺអោយ
លះបង់ប្រទេសជាតិចោល សេវកនោះសមជាអាមាត្យរឺទេ? សមជាមន្រ្ដីរឺទេ?។

៣៩ - ក្នុងកាលណាក៏ដោយ ព្រះរាជាគប្បីព្យាយាមយកជ័យជំនះចំពោះសត្រូវដោយការមិនច្បាំងអោយបាន ព្រោះ
កាលបើអ្នកទាំងពីរខាងច្បាំងតយុទ្ធគ្នាហើយ គេមិនសូវឃើញជ័យជំនះទៀងទាត់ទេ។

៤០ - ក្នុងកាលណាក៏ដោយ ព្រះរាជាគប្បីយកឈ្នះសត្រូវដោយការផ្សះផ្សារខ្លះដោយការបែងបែកអោយខ្លះដោយ
ប្រើអុបាយបំបែកសាមគ្គីខ្លះ គប្បីប្រើអុបាយទាំងនេះ រឺប្រើអុបាយណាមួយៗ ធ្វើដូចម្ដេចកុំអោយកើតសង្រ្គាម
បាន។

៤១ - ជនទាំងឡាយដែលមិនធ្លាប់ចូលសង្រ្គាម តែងអួតអាងថាខ្លួនក្លៀវក្លា នរណាមួយដែលមិនទាន់ឃើញសមត្ថ
ភាពនៃសត្រូវទេ ម្ដេចឡើយនឹងមិនឡើងចិត្ដទ្រនង់? បុគ្គលមិនគប្បីអាចគាល់លើកដុំថ្មតាន់ ដោយកំលាំងមនុស្ស
បានស្មើដោយការប្រើកំណាត់ឈើទេយ៉ាងណា ដោយការប្រើអុបាយតែបន្ដិច គេបានសំរេចប្រយោជន៏យ៉ាងនោះ
នេះហើយការប្រឹក្សារកអុបាយមានផលធំណាស់ដូច្នេះ

៤៣ - កសិកម្មដែលបានផលល្អ មកពីគេប្រកបព្យាយាមធ្វើល្អ ម៉ត់ចត់ទៅតាមកាលវេលាយ៉ាងណា ទេវៈនយោ
បាយនេះ គេធ្វើដោយម៉ត់ចត់ហើយអស់កាលយូរផងទើបបានផល មិនមែនធ្វើកញ្ឆក់កណ្ដៀតទេ យ៉ាងនោះដែរ។
តែកាលណាគេឃើញសង្រ្គាមនឹងកើតពិតហើយ គេចមិនរួចទេទើបគេត្រូវច្បាំងត ព្រោះថា៖

៤៤ - ភ័យនៅឆ្ងាយ មានក្ដីខ្លាចភ័យមកដល់ជិត មានក្ដីក្លៀវក្លានេះជាគុណលក្ខណ មហាបុរស ក្នុងកាលវិបត្ដិនៅនា
លោកនេះមហាបុរសតែងសំដែងខ្លួនជាអ្នកធីរជន។

៤៥ - មែនពិត ការប្រឹងហួសកំលាំងជាអុបសគ្គធំខាងដើមនៃការសំរេចសព្វកិច្ចការទាំងអស់ ទឹកសូម្បីត្រជាក់នឹង
មិនទំលាយភ្នំបានរឺអ្វី?។
ទេវៈ! មានដំណឹងផ្សេងមួយទៀតថា ស្ដេចចិត្រពណ៌នេះ មានកំលាំងសែន្យានុភាពធំណាស់ ព្រោះថា៖

៤៦ -ការច្បាំងនឹងអ្នកមានកំលាំង ដូច្នេះមិនមានអុទាហរណ៍ទេ មនុស្សច្បាំងតនឹងដំរី ឈ្មោះថា នាំមរិត្យុមកអោ
យអិតសង្ស័យឡើយ។

៤៧ - នរជនណា មិនទាន់ដល់កាលគួរ ហើយធ្វើសង្រ្គាម អ្នកនោះឈ្មោះថាជាមនុស្សល្ងង់ ព្រោះការច្បាំងតនឹងអ្ន
កមានកំលាំងប្រាកដដូចជាប្រើស្លាបរុយហោះដូច្នោះ។

៤៨ - នរជនចេះដឹងនីតិសាស្រ្ដ(នយោបាយ) ត្រូវនៅក្នុងគ្រឿងការពារដូចអណ្ដើកនៅក្នុងស្នូក ហើយត្រូវចេះអត់
ធន់គ្រឿងប្រហារនៃសត្រូវផង កាលបើកាល(ច្រកផ្លូវ ទំនង អោកាស) គួរមកដល់ហើយគប្បីលោតឡើងតស៊ូដូច
ពស់មានអាសិរពិស។

៤៩ -នរជនចេះនយោបាយ អាចរំលើងរិសគល់សត្រូវទោះធំតូច រឺក៏ប៉ុនគ្នាបានដូចខ្សែទឹកអាចនាំយកឈើរឺស្មៅ
ទាំងរិសទាំងគល់បានដូច្នោះដែរ។
បើដូច្នេះ យើងគប្បីយកចិត្ដទុកដាក់រក្សាសេកជាទូតនេះទុកក្នុងទីយើងសិន កុំអាលលែងអោយចេញទៅ ដរាបទ
ល់នឹងយើងកសាងបន្ទាយការពារយើងរួចស្រេចហើយសិនព្រោះថា៖

៥០ - ទាហានធ្នូម្នាក់ នៅក្នុងបន្ទាយសំលាប់ទាហានសត្រូវបានមួយរយនាក់ ទាហានធ្នូ១០០នាក់ សំលាប់សត្រូវបាន
១០០០នាក់ ព្រោះហេតុនោះ ការតាំងបន្ទាយការពារទុកមុន ជាកិច្ចសំខាន់មួយ។

៥១ - ប្រទេសជាតិដែលអិតបន្ទាយការពារ ម្ដេចក៏សត្រូវនឹងមិនត្រូវមើលងាយ ? អែព្រះរាជាមិនមានបន្ទាយការ
ពារ ក៏អិតមានទីពឹងដូចមនុស្សធ្លាក់ពីសំពៅកណ្ដាលសមុទ្រ។

៥២ (១) គួរសាងបន្ទាយការពារ ហើយអោយមានគូធំៗ មានប្រាការខ្ពស់ៗ មានគ្រឿងយន្ដមានទឹក មានភ្នំ មានទន្លេ
វាលខ្សាច់និងព្រៃជាគ្រឿងការពារ។ ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរូ មានគាថាលើ
លដូច្នេះ ក. រដ្ឋមន្រ្ដី១ ព្រះរាជមិត្រ១ ព្រះរាជទ្រព្យ១ ព្រះរាជណាចក្រ១ បន្ទាយព្រះអង្គ១ កងពលព្រះអង្គ១ និង
ព្រះរាជមន្ធមិត្រ១ ទាំង៧ផ្នែកនេះ ជាសារវន្ដនៃរដ្ឋាភិបាល។ ខ. មេបន្ទាយ១ មេទ័ព១ រដ្ឋមន្រ្ដីឃ្លាំង១ អគ្គរាជទូត១
បុរោហិត១ ហោរាសាស្រ្ដ១ និងពេទ្យ១ ទាំង៧អ្នកទុកជាទីប្រឹក្សាព្រះរាជា។

៥៣ - សម្បត្ដិបន្ទាយការពារមាន៧ប្រការដូចមានខាងលើនេះត្រូវកសាងអោយមាំ សត្រូវចូលប្រយុទ្ធលំបាកជាបំ
ផុត ត្រូវមានឃ្លាំងដាក់ស្បៀងអាហារ ទឹកស្រូវ អង្ករ ហើយអោយមានផ្លូវចេញចូល។

ហង្សហិរណ្យគភ៌ ប្រឹក្សាថា «គួរតាំងអ្នកណា អោយចាត់ចែងបន្ទាយការពារត្រៀមទុកទើបបានល្អ?»។ ចាក្រពាក
តបថា៖

៥៤ - នរជនណាឆ្លាតវាងវៃក្នុងកិច្ចការណា គួរតាំងនរជននោះអោយចាត់ចែង ការនោះ ជរជនដែលមិនធ្លាប់ប្រស
ប់កិច្ចការទេ សូម្បីចេះដឹងសាស្រ្ដវិជ្ជា ក៏រមែងធ្វើការមិនដិតដល់ដែរ។ បើដូច្នោះគួរហៅក្រសារជាសេនាបតីអោ
យចូលមក។ កាលហៅក្រសារជាសេនាបតីអោយចូលមកដល់ហើយ ហង្សហិរណ្យគភ៌ បង្គាប់ក្រសារថាៈ «នែក្រ
សារ! ចូរអែងចាត់ចែងធ្វើបន្ទាយការពារត្រៀមទុកអោយសព្វគ្រប់យ៉ាងរហ័យ»។ ក្រសារសេនាបតីប្រណម្យហើ
យពោលតបវិញថាៈ ទេវៈ! បន្ទាយ ការពារនោះខ្ញុំបានចាត់ចែងត្រៀមទុកសព្វគ្រប់ហើយ មានទាំងគូទឹកធំផង តែ
សូមមានបង្គាប់អោយធ្វើឃ្លាំងសន្សំស្បៀងអាហារទុកទៀត ព្រោះថា៖

៥៥ - បពិតព្រះរាជា! ការប្រមូលគរទុកនូវស្រូវអង្ករជាស្បៀងប្រសើរជាងប្រមូលទុកទ្រព្យអែទៀត ព្រោះថា ពេ
ជ្រទទឹមបុគ្គលយកមករក្សាទុកក្នុងមាត់ មិនអាចធ្វើអោយជីវិតទ្រទ្រង់នៅបានទេ។

៥៦ - បណ្ដាវត្ថុដែលមានរសជាងគេទាំងអស់ អំបិលទុកជាវត្ថុមានរសប្រសើរជាងគេ បុគ្គលគប្បីស្វែងរកអំបិល
ទុកកុំបីឃ្លាត ព្រោះថាបើអិតអំបិលហើយ សម្លទុកដូចគោម័យ។

ហង្សហិរណ្យគភ៌បង្គាប់ភ្លាមថាៈ «នែក្រសារសេនាបតី ចូរអែងប្រញាប់ប្រញាល់ ទៅស្វែងរកស្បៀងយកមកទុក
ដាក់អោយមានគ្រប់ព្រមកុំបីអោយខ្វះខាត»។ ក្នុងខណៈនោះ បក្សីរក្សាព្រះអង្គចូលមកម្ខងទៀតថ្លែងសេចក្ដីប្រាប់
ថា «ទេវៈ! ក្អែក ឈ្មោះមេឃពណ៌ ទើបមកដល់ពីសីហលទ្វីបជាមួយនឹងបរិវារចង់ចូលជួបលោកជាទេវបាទ អិលូវ
នេះនៅរង់ចាំអែមាត់ទ្វារ»។ ហង្សហិរណ្យគភ៌និយាយថា «ក្អែក មេឃពណ៌ជាអ្នកប្រាជ្ញ មានការធ្លាប់ពិសោធន៍ច្រើ
នបើដូច្នោះអែងអោយគេចូលមកចុះ!»។ ចាក្រពាកនិយាយរំលឹកស្មារតីកាត់ឡើងថាៈ «ទេវៈ! លោកម្ចាស់ពោល
នេះបានការម្យ៉ាង តែសុំកុំភ្លេចសូមជ្រាបថាក្អែកជាបក្សីគោក បើវាជាបក្សីថលចរ វាជាសត្រូវនឹងយើងដែរ តើយើ
ងនឹងទទួលដូចម្ដេចបាន ព្រោះថា៖

៥៧ - នរជនណាលះបង់ចោលបក្សពួកខ្លួន ហើយត្រេកអរទៅចូលដៃនឹងបរបក្សវិញ នរជននោះជាមនុស្សល្ងង់ ត្រូវ
បរបក្សសំលាប់បង់សៀត ដូចចចកឈ្មោះនីលពណ៌។ ហង្សហិរណ្យគភ៌ សួរឡើងថាៈ «ចុះរឿងនោះ តើដូចម្ដេច»។
ចាក្រពាកនិយាយរៀបរាប់រឿងនោះប្រាប់ថា៖


ស្រីហិតោបទេស
1សន្ដិភាព
2រឿងក្អែក អណ្ដើក និង កណ្ដុរ
3រឿងសុន្ទៈ និងអុបសុន្ទៈ
4រឿងព្រាហ្មណ៍វាយបំបែកក្រឡ
5រឿងកុកនិងក្ដាម
6រឿងត្មាត ឆ្មា និង បក្សី
7រឿងប្រើស ចចក និងក្អែក
8រឿងដំរីនិងទន្សាយ
9រឿងលាពាក់ស្បែកខ្លា
10រឿងបក្សីនិងស្វា
11រឿងហង្សនិងក្ងោក
12រឿងព្រាន ប្រើស ពស់ និង ចចក
13រឿងជាងរថ ភរិយា និងសហាយ
14រឿងគោអុសក ចចកពីរ និសត្វសីហៈ
15រឿងពានរនិងសសរ
16រឿងលានិងឆ្កែ
17រឿងសីហៈនិងឆ្មា
18រឿងស្រ្តីពេស្យានិងគង
19រឿងបរញ្វជកកន្ទប៌កេតុ
20រឿងភរិយាគោបាល និងសាយហាយពីរនាក់
21រឿងចចកនីលពណ៌
22រឿងព្រាហ្មណ៍ និងអ្នកលេង
23រឿងជាងកោរកាត់ល្មោភ
24រឿងពស់ និងកង្កែប
25រឿងព្រាហ្មណ៍និងស្ការ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ