Tuesday, August 3, 2010

រឿងត្មាត ឆ្មា និង បក្សី

នៅក្បែរត្រើយទន្លេគង្គា លើភ្នំគិជ្ឈកូដមានជ្រៃមួយដើមធំត្រសុំសាខា ដ៏ហើយដោយព្រង់ជាទីអាស្រ័យនៅនៃប
ក្សី និងត្មាតឈ្មោះជរទ្គវៈ។ ដោយកម្មអាក្រក់តាមអោយផលត្មាតនោះ ក៏ទៅជាខ្វាក់ងងឹតងងល់ក្រចករេចរឹលក្សិ
លអស់រលីង។ ហ្វូងបក្សីជាតិទាំងឡាយដែលអាស្រ័យនៅនាដើមជ្រៃនោះ មានចិត្ដអាណិតអាសូរតែងរំលែកចែក
អាហារខ្លួនបន្ដិចៗម្នាក់អោយដល់ត្មាតនោះ ជួយចិញ្ចឹមអោយមានជីវិតរស់នៅតទៅ។ គ្រានោះ មានឆ្មាមួយឈ្មោះ
ទីឃ៌កណៈ ចូលមករកចាប់កូនបក្សីស៊ីជាចំណីអាហារនៅក្នុងព្រង់ឈើនោះ។ កូនបក្សី ទាំងឡាយ កាលឃើញឆ្មា
កំពុងដើរចូលមក ក៏ភិតភ័យរន្ធត់រត់ឆ្លេឆ្លាកោលាហលពេញទាំងព្រង់។ ត្មាតឈ្មោះជរទ្គវៈ បានលឺសូរសម្លេងអឹងកង
ខ្ញៀវខ្ញាដូច្នោះ ក៏ស្រែកសួរទៅថា៖ «អាណាមកធ្វើអ្វីអោយច្រួលច្របល់រចល់ដូច្នេះ?។ ឆ្មាសម្លឹង មើលទៅឃើញ
ត្មាត ក៏តក់ស្លុតញាប់ញ័រត្រិះរិះគិតថា៖ អោអាត្មាអញដល់គ្រោះស្លាប់ហើយតើ ព្រោះថា៖

៥៧ - ដរាបណាក្ដីភយន្ដរាយមិនទាន់មកដល់ទេ ដរាបនោះបុគ្គលគប្បីប្រុងប្រយ័ត្នដល់ភ័យនោះ បើក្ដីភយន្ដរាយ
មកដល់ហើយ បុគ្គលគប្បីក្លាហាន តស៊ូនឹងភ័យនោះ តាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយ។

អិលូវនេះអាត្មាអញចូលមកខកខ្លួនដល់ជិតក្ដីស្លាប់ហើយ នឹងដកខ្លួនថយរត់ទៅក្រោយវិញក៏មិនបាន ណ្ហើយចុះបើ
មានការណ៍យ៉ាងណាកើតឡើង ក៏តាមការណ៍ចុះ អាត្មាអញនឹងចូលទៅអោយដល់ត្មាត វ៉ៃអែបអោយសិទ្ធជាមុន
សិន។ ឆ្មាគិតរកអុបាយឃើញដូច្នេះហើយ ក៏លោតចូលទៅជិតត្មាត ពោលពាក្យ សំពះជំរាបសួរលោក។ ត្មាតសួរ
ថា៖ អែងជាអ្វី? ឆ្មាឆ្លើយតបទៅវិញថា៖ «ខ្ញុំជាសត្វឆ្មា»។ ត្មាតនិយាយកំហែងថា៖ នែអាសត្វចង្រៃ! ចូរថយចេញ
អោយឆ្ងាយទៅ បើមិនថយចេញទេ អាអែងត្រូវគ្រោះស្លាប់អិលូវមិនខាន។ ឆ្មានិយាយអង្វរករថា៖ «សូមលោក
ស្ដាប់ពាក្យខ្ញុំបាទសិន កាលបើលោកស្ដាប់ពាក្យខ្ញុំបាទហើយ ឃើញថាគួរសំលាប់កាលណា ខ្ញុំបាទក៏សុខចិត្ដទទួល
ស្លាប់អិតប្រកែកកាលនោះ ព្រោះថា៖

៥៨ - ហេតុអ្វីក៏ស្រាប់តែត្រូវគេកាប់សំលាប់ រឺត្រូវគេបូជាដល់អ្នកណានិមួយ តាមតែជាជាតិអ្វីក៏ដោយតែម្ដង គួរ
តែពិចារណាអោយជុំវិញខ្លួនមើលអោយឃើញច្បាស់សេចក្ដីប្រព្រឹត្ដរបស់គេសិន សឹមយល់ជាគួរសំលាប់រឺពុំនោះ
គួរបូជា។ ត្មាតស្ដាប់ហើយនិយាយថា៖ «មើល៍! និយាយមកមើលអាអែងចូល មកនេះត្រូវការរកអ្វី?»។ ឆ្មាឆ្លើយប្រា
ប់ថា «ខ្ញុំ
បាទនៅក្បែរត្រើយទន្លេគង្គារនេះអែង ប្រព្រឹត្ដមុជទឹកលាងបាបជានិច្ច ប្រព្រឹត្ដព្រហ្មចរិយធម៌ជាប្រក្រតី មិនហ៊ាន
ស៊ីសាច់ឈាមទេ សមាទានតែចន្រ្ទាយណព្រត (១) ខ្ញុំបាទបានលឺហ្វូងបក្សីជាតិ សរសើរកិត្ដិគុណលោកចំពោះមុខខ្ញុំ
បាទជារឿយៗថា លោកជាអ្នកចេះដឹងច្រើន ចិត្ដធន់ក្នុងធម៌ ល្មមទុកចិត្ដសិទ្ទស្នែហា យកជាវិស្សាសភូមិ ហេតុនេះ
បានជាខ្ញុំមានចិត្ដត្រេកអរចង់ចូលមកត្រងត្រាប់ស្ដាប់ធម៌រៀនវិជ្ជា ច្បាប់គតិលោកគតិធម៌ អំពីសំណាក់លោកដែល
ជាបុគ្គលចាស់ព្រឹទ្ធាចារ្យ មានការចេះដឹងស្ទាត់ជំនាញប្រសប់ប៉ិនប៉ាវក្នុងវិជ្ជាផ្សេងៗ ហេតុអ្វីក៏លោកដែលជាអ្នកចេះ
ធម៌អាថិជ្រាលជ្រៅប្រាកដយ៉ាងនេះ បែរទៅ ជារករឿងកាប់សំលាប់ខ្ញុំបាទដែលជាភ្ញៀវទៅវិញ ព្រោះធម៌ជានាទីអ្នក
គ្រប់គ្រងផ្ទះនេះលោកពោលថាដូច្នេះ៖
១ = ការប្រតិបត្ដិវត្ដតាមដំណើរព្រះចន្រ្ទតាមទំនៀមប្រទេសអិណ្ឌា។ព្រតនេះមានច្រើនបែប ព្រតដែលគេប្រតិ
បត្ដិ ដោយច្រើននោះគឺការប្រព្រឹត្ដបរិភោគបាយ ១៥ពំនូតនៅថ្ងៃ១៥កើត ហើយបន្ថយ១ថ្ងៃ១ពំនូតទៅខាងរនោចគឺ
ថ្ងៃទី២បរិភោគ១៤ពំនូត ថ្ងៃទី៣ បរិភោគ ១៣ពំនួត ធ្វើដូច្នេះរៀងរាល់ថ្ងៃដល់ទី១៥ គេអត់អាហារ។ ដល់ខាងខ្នើត
ថ្ងៃ ១កើត គេបរិភោគកើន១ពំនូតវិញ គឺថ្ងៃទី១បរិភោគ១ពំនូត ថ្ងៃទី២បរិភោគ២ពំនូត ធ្វើដូច្នេះរៀងទៅដល់ថ្ងៃ១៥
កើតគេបរិភោគ១៥ពំនូត។

៥៩ - បុគ្គលគប្បីធ្វើបដិសណ្ឋារៈ ទទួលភ្ញៀវដែលមកដល់ផ្ទះហើយ ទោះបីភ្ញៀវជាសត្រូវក៏ដោយ ដូចព្រឹក្សាជាតិ
តែងអោយម្លប់ជាទីសំចតមិនរើសមុខ សូម្បីនាក់កាប់ឈើក៏ដោយ។

បើទុកជាខ្សត់ខ្សោយទ្រព្យ មិនមានចំណីអាហារទទួលភ្ញៀវដែលមកដល់ដោយហោចទៅ ក៏គួររាប់អានរាក់ទាក់ទ
ទួលភ្ញៀវ ដោយសំដីដ៏ពិរោះជាទីត្រេកអរដែរ ព្រោះថា៖

៦០ - ស្មៅ រឺចំបើងសំរាប់អុជបំភ្លឺ ភូមិទីលំនៅ ទឹក និង សំដីពិរោះផ្អែម ធម៌៤ប្រការនេះ ក្នុងកាលណាក៏ដោយមិន
ដែលខ្វះខាតរលីបរលាប ក្នុងផ្ទះលោកអ្នកសប្បុរសទាំងឡាយទេ។

៦១ - លោកសប្បុរសទាំងឡាយតែងសំដែងមេត្តាករុណាចំពោះសត្វ ទាំងឡាយមិនរើសមុខ សូម្បីបុគ្គលថោកទាប
ក៏ដោយ ដូចជាព្រះចន្ទនឹងថាកំណាញ់ពន្លឺមិនអោយដល់លំនៅជនចណ្ឌាល ក៏អិតអង្គឺមានឡើយ។ (ហិតោបទេសបា
រាំងរបស់លោកឡង់សឺរូ និងសៀមរបស់លោកនាគប្រទីប មានគាថាលើសដូច្នេះគឺ ទោះពីក្មេងកំលោះក្រមុំ រឺចាស់
ព្រឹទ្ធាចារ្យ ដែលមកដល់ផ្ទះហើយ បុគ្គលត្រូវតែជ្រះថ្លាទទួលរាក់ទាក់ដោយការរាប់អានយ៉ាងខ្ពង់ខ្ពស់ ព្រោះក្នុង
លោកនេះ គេទុកភ្ញៀវជាបុគ្គលខ្ពង់ខ្ពស់ជាងជនទាំងពួង
)។

៦២ - ភ្ញៀវវិលត្រលប់ចេញពីផ្ទះអ្នកណា ដោយក្ដីក្ដៅក្រហាយចិត្ដ ភ្ញៀវនោះឈ្មោះថាប្រគល់អោយនូវបាប អព
មង្គលដល់អ្នកម្ចាស់ផ្ទះនោះ ហើយកាន់យកសេរីសួស្ដីត្រលប់ទៅវិញ។

៦៣ - បុគ្គលមានគោត្រកូលអុត្ដមខ្ពង់ខ្ពស់ បើមានភ្ញៀវត្រកូលថោកទាបមកដល់ផ្ទះហើយ ក៏គួរតែគោរពបូជាតា
មគួរដែលអាចទទួលបាន ព្រោះភ្ញៀវទាំងអស់សុទ្ធតែទេវតា។

ត្មាតនិយាយកាត់ថា «អោយឈ្មោះតែឆ្មាហើយ សុទ្ធតែជាសត្វចូលចិត្ដ ស៊ីសាច់ជាអាហារទាំងអស់ នៅក្នុងព្រង់ដើ
មឈើនេះ មានសុទ្ធតែកូនបក្សីអាស្រ័យនៅ ហេតុនេះកូវ បានជាអញនិយាយហាមឃាត់យ៉ាងនេះ»។ ឆ្មាស្ដាប់ពា
ក្យត្មាតហើយ ក៏ស្រពោនអោនដាក់មុខ យកជើងមុខស្ទាបត្រចៀកទាំងសងខាង ក្រាបសំពះនិយាយបញ្ជាក់ថា! ខ្ញុំ
បាទបានសិក្សាគម្ពីរធម្មសាស្រ្ដចប់អស់ហើយ បានប្រព្រឹត្ដធម៌ លះបង់រាគៈ មោហៈ សមាទានចន្រ្ទាយណព្រត ជា
ទុក្ករកម្មដ៏ក្រៃលែង សូម្បីគម្ពីរធម្មសាស្រ្ដទាំងឡាយ ដែលមានសេចក្ដីខ្លះប្លែក គេតែងជជែកវែកញែកគ្នាទៅវិញ
ទៅមក ក៏គង់រួមគោលសេចក្ដីធំដើមមកនៅត្រឹមមួយម៉ាត់គឺ «អហឹង្សាការមិនបៀតបៀន» ថាជាធម៌ដ៏ប្រសើរ
ក្រៃលែង ព្រោះថា៖

៦៤ - នរជនណាមិនបៀតបៀនសព្វសត្វទាំងឡាយអោយក្ដៅក្រហាយមានព្យាយាមអត់ធន់ចំពោះការងារទាំងពួង
និង ជាទីពឹងពុំនាក់អាស្រ័យនៃសព្វសត្វ នរជននោះឈ្មោះថា កសាងស្ពានទៅកាន់ស្ថានសួគ៌។

៦៥ - មានតែធម៌ទេ លោកហៅថា «មិត្រធម៌» ដែលជាប់ដិតតាមជាមួយខ្លូនទៅក្នុងពេលស្លាប់ អែអវយវដ៏ទៃទៀត
សុទ្ធតែដល់នូវក្ដីវិនាសអន្ដរាយ ជាមួយនឹងសរីរាងកាយទាំងអស់។

៦៧ - កាលបើអ្នកនឹងស៊ីសាច់គេ គួរពិចារណាមើល អ្នកស៊ីសាច់គេ និង សាច់គេដែលអ្នកត្រូវស៊ី អោយឃើញ
ប្លែកគ្នាទាំងសងខាងសិនថា អ្នកម្ខាងបានឆ្អែត មានបីតិរីករាយតែក្នុងមួយខណៈប៉ុណ្ណោះ អែអ្នកម្ខាងទៀតនោះត្រូវ
បាត់បង់ជីវិត។

៦៨ - នរជនតែងមានសេចក្ដីទុក្ខព្រួយ ដោយគិតឃើញថា «ខ្លួនត្រូវគេសំលាប់» កាលបើគិតឃើញដូច្នេះគ្រប់គ្នា
ហើយ និយាយថ្វីដល់ទៅមិត្រ សូម្បីសត្រូវក៏អាចជួយការពារជីវិតបាន។

៦៩ - បុគ្គលគប្បីបំពេញផ្ទៃខ្លួនអែង ដោយបន្លែជារុក្ខាលតាជាតិ ដែលដុះក្នុងព្រៃតាមទំនើងវាបាន ហេតុអ្វីក៏ចាំបាច់
កាប់សំលាប់គេ ដ៏អាក្រក់ក្រៃលែងដើម្បីបំពេញផ្ទៃខ្លួនគ្រាន់តែស្រេកឃ្លានប៉ុណ្ណោះ?។

កាលឆ្មា វិឡារជាតិ និយាយបន្ទន់ចិត្ដត្មាតអោយជឿទុកចិត្ដហើយ ក៏សរសៀចូលទៅក្នុងព្រង់ជ្រៃនោះបាន។ លំដាប់
មកឆ្មាចាប់កូនបក្សីក្នុងព្រង់យកមកហែកជញ្ជែងស៊ីជាចំណីអាហាររាល់ៗថ្ងៃ អែមេបក្សីទាំងឡាយលុះឆ្មាស៊ីកូន អ
ស់ហើយ ក៏សោកសង្រេងសង្រៃយំខ្ញៀវខ្ញា រត់ឆ្លេឆ្លាទៅខាងនេះខាងនោះ ប្រជុំគ្នាសើបសួររកដំណើរដើមទងនៃ
ការបាត់កូន។ អែឆ្មាលុះបានដឹងរឿងនោះហើយ ក៏បោលចេញពីព្រង់រត់ទៅខាងក្រៅបាត់ភ្លាម។ ក្រោយដែលឆ្មារត់
បាត់ទៅ បក្សីទាំងឡាយបបួលគ្នាគយគន់មើលខាងនេះខាងនោះ ប្រទះឃើញតែឆ្អឹងកូន នៅក្នុងព្រង់ដើមជ្រៃនោះ
ក៏ចោទប្រកាន់ត្មាតចាស់នោះថា៖ «ត្មាតខ្វាក់កញ្ចាស់ នេះអែងដែលស៊ីកូនរបស់យើង» ទើបបក្សីទាំងអស់នោះមូល
មតិគ្នាសំលាប់ ត្មាតចាស់ចោលបង់សៀតអៃដ៏កាលនោះទៅ។ ហេតុនោះបានជាខ្ញុំ(ក្អែកឈ្មោះ សុពុទ្ធិ) ពោលថា៖
«អ្នកណានិមួយមិនគួរគប្បីអោយទីអាស្រ័យនៅរួមគ្នាដូច្នេះជាដើម(៥៦)។

កាលនោះ ចចកបានស្ដាប់ក្អែកនិយាយមកត្រូវគំនិតខ្លួនហើយក៏ក្រេវក្រោធច្រលោតខឹង និយាយស៊កតបទៅវិញ
ថា៖ «កាលបងអែងនិងប្រើសបានមកជួបប្រទះគ្នាជាបឋមនោះ រូបរាងក៏មិនបានស្គាល់វង្សត្រកូលនិងចិត្ដថ្លើមបង
ក្អែកដែរ ហេតុអ្វីក៏បងអិតចេះស្នេហាស្រលាញ់គ្នាសិទ្ធស្នាលរហូតមកកើត?។

៧០ - ទីឋានណា មិនមានអ្នកប្រាជ្ញរាជបណ្ឌិត ទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្ដិចបន្ដួចក៏គួរលើកដំកើងសរ
សើរ ដូចប្រទេសណានិមួយដែលអិតមានព្រឹក្សាជាតិ បើមានតែដើមល្ហុង ក៏លោកសន្មត់ថា ជាដើមឈើបានដែរ។

៧១ - អ្នកនេះជាពួកយើង អ្នកនោះជាពួកគេ នេះជាសំដីអ្នកមានចិត្ដគំនិតស្រាលទេ អែអ្នកដែលមានការសិក្សា
ច្រើន មានចិត្ដគំនិតល្អតែងនិយាយថា អ្នកនៅលើផែនពសុធាសុទ្ធតែជាផៅពង្សនឹងគ្នាទាំងអស់។

ប្រើសនេះជាផៅពង្សរូបខ្ញុំយ៉ាងណា បងអែងក៏យ៉ាងនោះដែរ។ ប្រើសឆ្លើយ «និយាយជជែកតវ៉ាគ្នាតទៅទៀតបាន
ប្រយោជន៍អ្វី។ ចូរយើងទាំង៣នាក់ នៅជាសុខសប្បាយក្នុងទីនេះជាមួយគ្នាជាមិត្រសិ្នទ្ធស្នាលតទៅ ព្រោះថា៖

៧២ នឹងថាអ្នកណាជាមិត្រអ្នកណាក៏ពុំទាន់បាន នឹងថាអ្នកណាជាសត្រូ វនឹងអ្នកណាក៏ពុំទាន់បាន ដោយអំពើដែល
គេប្រព្រឹត្ដទើបគេស្គាល់គ្នា «អ្នកនេះជាមិត្រ អ្នកនោះជាសត្រូវ»។

ក្អែកនិយាយចាក់បណ្ដោយតាមថា៖ «យ៉ាងនេះក៏បាន»។ លុះព្រឹកព្រាងស្វាងឡើង សត្វទាំងបីបបួលគ្នាទៅស្វែងរក
ចំណីអាហារតាមទីថានដែលខ្លួនគាប់ចិត្ដ ថ្ងៃមួយចចកនិយាយនឹងប្រើសដោយសំងាត់ថា៖ «សំលាញ់អើយ! នៅក្នុង
ព្រៃមួយមានស្រែមួយពេញដោយសន្ទូងលាស់ខៀវខ្ចី រូបខ្ញុំនឹងនាំសំលាញ់ភក្ដីទៅបង្ហាញសន្ទូងក្នុងស្រែនោះ»។ លុះ
ចចកបង្ហាញស្រែនោះហើយ ប្រើសទៅរកស៊ីសន្ទូងក្នុងស្រែនោះតែរាល់ថ្ងៃ។ កាលនោះអ្នកស្រែបានឃើញប្រើ
សចេះតែចូលទៅស៊ីសន្ទូងក្នុងស្រែខ្លួន ក៏គ្នាន់ក្នាញ់មួម៉ៅក្នុងចិត្ដណាស់ ទើបធ្វើអន្ទាក់ដាក់ប្រើសនោះ។ តមកមិន
យូរប៉ុន្មានប្រើសមកស៊ីសន្ទូងក្នុងស្រែនោះទៀត ត្រូវអន្ទាក់ជាប់រើខ្លួនមិនរួចទើបត្រិះរិះគិតថា «ក្រៅពីមិត្រនរណា
ហ្ន៎អាចជួយដោះទុក្ខអាត្មាអញចេញពីអន្ទាក់ព្រាន ដែលទុកដូចជាអន្ទាក់នៃព្រះកាលនេះបាន? កាលប្រើសកំពុងវិត
ក្កដូច្នេះ ចចកដើរមកដល់ជិត នឹងសប្បាយក្នុងចិត្ដថា៖ «អុបាយកលរបស់អាត្មាអញបានសំរេចផលតាមបំណងហើ
យតើ! កាលបើអ្នកស្រែពន្លះប្រើសនេះអាត្មាអញត្រូវបានឆ្អឹងដែលជាប់ដោយសាច់និងឈាម ដោយពិតអិតសង្ស័
យឡើយ អាត្មាអញនឹងបានភោជនាហារឆ្ងាញ់ពិសាយ៉ាងច្រើនបរិភោគមិនខាន»។ អែប្រើសលុះឃើញចចកមកដ
ល់ហើយក្រោកឈរឡើងសប្បាយចិត្ដអិតអុបមា ស្រែកប្រាប់ថា «អើ សំលាញ់អើយ! ចូរសំលាញ់ អាណិតកាត់
អន្ទាក់នេះឆាប់ៗ ដើម្បីអោយខ្ញុំបានរួចខ្លួន ព្រោះថា

៧៣ - គេដឹងចិត្ដមិត្រក្នុងគ្រាក្រ ដឹងចិត្ដទាហានក្លៀវក្លាក្នុងសង្រ្គាមដឹងចិត្ដស្មោះត្រង់ក្នុងការសងបំណុលគេ ដឹងចិត្ដ
ភរិយាក្នុងពេលខ្សត់ទ្រព្យ និងដឹងចិត្ដផៅពង្សក្នុងគ្រាវិនាសអន្ដរាយ។

៧៤ - អ្នកណាមិនលះបង់មិត្រក្នុងគ្រាមានទុក្ខ ក្នុងគ្រាអន្ដរាយ ក្នុងគ្រាទុរភិក្ស ក្នុងគ្រារាស្រ្ដចលាចល ក្នុងទ្វាព្រះរា
ជា និងក្នុងអង្គព្រៃស្មសាន អ្នកនោះលោកហៅថាផៅពង្ស»។

ចចកសំលឹងមើលអន្ទាក់ មើលហើយមើលទៀតច្រើនដងឃើញថា អន្ទាក់នេះជាប់មាំមួនណាស់ទើបនិយាយថា៖
សំលាញ់អើយ! អន្ទាក់នេះធ្វើពីសរសៃសត្វថ្ងៃនេះជាភដ្ដារកវារ(ថ្ងៃព្រះជាម្ចាស់សួគ៌ គឺថ្ងៃអាទិត្យគេកាន់សីលតម
មិនធ្វើបាប មិនពាល់សាច
) ខ្ញុំយកធ្មេញទៅអោយប៉ះពាល់អន្ទាក់សរសៃសត្វដូចម្ដេចកើត? ណ្ហើយសំលាញ់ ខំអត់
ទ្រាំបន្ដិចទៅសិនចុះ ថាបើចិត្ដបងមិនមានគិតអ្វីដទៃផ្សេងទេ ចាំព្រឹកព្រាងស្អែកឡើង ពេលនោះបើបងប្រាប់អោយ
ធ្វើយ៉ាងណា ខ្ញុំនឹងធ្វើតាមចិត្ដបងមិនខាន។ ចចកថាដូចច្នោះហើយ ចូលទៅលាក់ខ្លួនពួនអាត្មា សំងំក្នុងព្រៃស៊ុមទ្រុម
ជិតខាងនោះទៅ។ ថ្លែងពីក្អែក លុះវេលារសៀលជ្រៀងជ្រេរទេរទន់ទាបព្រះទិនករ ក្រឃើញប្រើសវិលត្រលប់មក
លំនៅវិញក៏ ហើរឆ្លេឆ្លាតាមរក ខាងនេះខាងនោះ រកទៅៗ បានឃើញប្រើសមានគ្រោះជាប់អន្ទាក់ទើបសូរទៅថា៖
ហៃសំលាញ់! ហេតុអ្វីក៏ជាប់អន្ទាក់ឆ្វាក់កដូច្នេះ? ប្រើសបានស្ដាប់ពាក្យក្អែកហើយ ឆ្លើយប្រាប់ថា៖ «អំពើនេះជាផ
លនៃការមើលងាយពាក្យសំដីមិត្រនេះអែង ព្រោះថា៖

៧៥ - នរជនណា មិនជឿស្ដាប់ភាសិតមិត្រសំលាញ់ដែលប្រាថ្នាធ្វើប្រយោជន៍អោយ ក្ដីភយន្ដរាយស្ថិតនៅជិតអ្នក
នោះនរជននោះឈ្មោះថាធ្វើសេចក្ដីត្រេកអរដល់សត្រូវ។

ក្អែកសួរប្រើសថា៖ «ចុះអាចចកចង្រៃបោកប្រាស់គេនោះ វាទៅនៅអែណាហើយ?»។ ប្រើសប្រាប់ថា៖ «វាទៅពួន
សំងំនៅក្នុងព្រៃស៊ុមទ្រុមនោះអែង ដើម្បីចាំស៊ីសាច់ខ្ញុំ»។ ក្អែកនិយាយសើរើរឿងដើមមកពោលថា៖ «អើ! ដូចខ្ញុំបាន
ដាស់តឿនបងតាំងពីដើមមកហើយ។

៧៦ - បើមានអ្នកណានិមួយនិយាយថា «ខ្ញុំមិនមានចិត្ដអាក្រក់ព្យាបាទគេ ដូច្នេះក៏ដោយ បុគ្គលមិនគួរជឿពាក្យនេះ
យកជាហេតុមេត្រីសិ្នទ្ធស្នាលឡើយ សេចក្ដីពិត អ្នកដែលមានគុណគឺការចេះដឹងច្រើន ក៏តែងមានភ័យកើត មកពី
មនុស្សទុច្ចរិតទាំងឡាយដែរ។

៧៧ - មនុស្សស្លាប់ មិនធំក្លិនផ្សែងចង្កៀងដែលគេលត់ ស្ដាប់មិនលឺពាក្យដាស់តឿនមិត្រសំលាញ់ មើលមិនឃើញ
ផ្កាយអរុន្ធតី(ផ្កាយព្រឹក)។

៧៨ - បុគ្គលគប្បីវៀរមិត្រ ដែលប៉ងបំផ្លាញការងារក្នុងទីកំបាំងមុខហើយនិយាយពាក្យពិរោះផ្អែមល្ហែមក្នុងទីចំពោះ
មុខ មិត្របែបនេះប្រៀបដូចឆ្នាំង ដ៏ពេញដោយពិសពុល មានមាត់ប្រលាក់ដោយទឹកដោះផ្អែម។

ខណៈនោះ ក្អែកតានតឹងចិត្ដស្ទើរប្រេះទ្រូង ដកដង្ហើមវែងឃូរៗនិយាយថា៖ អោអាចង្រៃបោកប្រាស់នេះ!ម្ដេចក៏អា
អែងហ៊ានធ្វើកម្មអាក្រក់អ្វីម្លេះ? ព្រោះថា៖

៧៩ - ក្នុងលោកនេះ បើគេនិយាយអោយស្លាប់ចិត្ដ ដោយប្រើពាក្យផ្អែមល្ហែមដូចទឹកឃ្មុំ បើគេធ្វើអោយលុះក្នុង
អំណាចដោយអុបាយមិច្ឆាចារ គេមិនបញ្ឆោតបោកបាន? អោ! គួរសង្វេគណាស់។

៨០ - អោព្រះម្ចាស់ដែនពសុធាដ៏មានបុណ្យអើយ! ហេតុអ្វីក៏លោក ព្រមទទួលមនុស្សបោកគេ ដែលគេប្រគល់ជំ
នឿ គឺជឿទុកចិត្ដអស់ពីពោះពុង និងដែលគេមានចិត្ដបិរសុទ្ធអោយនៅលើផ្ទៃផែនដីនេះដូច្នេះ?

៨១ - បុគ្គលកុំគប្បីចងមិត្រសំលាញ់ រឺចងស្ពានមេត្រីមួយអន្លើដោយ មនុស្សទុរជនអោយសោះ ដូចជាធ្យូងបើនៅ
ក្ដៅវារលាកដៃ បើរលត់ហើយវាប្រលាក់ដៃ។ ពាក្យទាំងនេះ ជាលក្ខណៈនៃមនុស្សទុរជន។

៨២ - នៅមុខនាក់ វាសំពះលុតក្រាបជិតបាទជើង នៅក្រោយអ្នកវាបេះសាច់ឆ្អឹងជំនីរស៊ី វានិយាយសំដីទន់ផ្អែមល្អូក
ល្អិន មានលែបខាយដ៏វិចិត្រល្ហឹមៗ ជិតត្រចៀកអ្នក បើមានចន្លោះ លូកចូលទៅបេះយកថ្លើមប្រមាត់មួយរំពេច
អិតកោតញញើតឡើយ សត្វរុយវាចេះធ្វើត្រាប់លក្ខណៈមនុស្សចិត្ដអាក្រក់ សាមាន្យបានទាំងអស់។

៨៣ - មនុស្សទុរជន និយាយពាក្យពិរោះគួរជាទីពេញចិត្ដ តែមិនត្រូវយកជាហេតុមកធ្វើសេចក្ដីសិ្នទ្ធស្នាល ព្រោះ
តែសំដីពីរោះនោះទេ ប្រៀបដូចទឹកឃ្មុំជាប់នៅចុងអណ្ដាត ក្នុងចិត្ដពេញដោយពិសពុលដ៏ក្ដៅក្រហាយរោលរាល។

លុះព្រឹកព្រាងស្វាងឡើង ក្អែកសុពុទ្ធិនោះ ឃើញអ្នកស្រែកាន់ដំបងងងាសដើរមកដល់ ទើបស្រែកទៅប្រើសថា៖
«អើបងប្រើសសំលាញ់! អ្នកស្រែមកដល់ហើយ ចូរបងដេកពុតក្លែងជាស្លាប់ទៅ ធ្វើភ្នែកស្លឹង បំប៉ោងពោះអោយ
ធំ ជើងអោយរឹងស្ដូក ហើយនៅអោយស្ងៀមនឹងថ្កល់។ ដរាបណាខ្ញុំស្រែកប្រាប់អោយសញ្ញា ដរាបនោះចូរបងក្រោ
កភ្លាមយ៉ាងរហ័ស ហើយស្ទុះរត់បោលអោយអស់ទំហឹង។ អែប្រើសលុះបានស្ដាប់ពាក្យក្អែកហើយ ក៏ពុតក្លែងធ្វើជា
ស្លាប់ដូចសំដីក្អែកប្រាប់នៅនឹងថ្កល់។ ថ្លែងអែអ្នកស្រែដើរមកដល់យល់ប្រើសជាប់ អន្ទាក់ស្លាប់ក្រញង់ដូច្នោះបើក
ភ្នែកក្រលោតធំៗ រីករាយសប្បាយចិត្ដណាស់ លាន់មាត់ថា៖«អេះប៉ៃអាតាយហោង អាអែងស្លាប់ខ្លួនអែងហើយ
តើ!. ពោលហើយក៏ស្រាយអន្ទាក់ចេញពីប្រើស ដោះរួចស្រេចភ្លេចខ្លួនអាល័យតែរៀបចំអន្ទាក់ ស្រាប់តែក្អែក
ស្រែកអោយសញ្ញាក្វកៗ ប្រើសក៏ក្រោកឡើងស្ទុះបោលផ្លោះប្រិចដូចគេបោះពួយលឿនស្លៅសំដៅព្រៃប្រោក អែ
អ្នកស្រែស្រលាំងកាំង ក៏ស្ទុះរលះរលាំង ទៅចាប់បានដំបងគ្រវែងចោលប្រូសសំដៅទៅប្រើសនោះភ្លាម ហេតុតែក
ម្មតាមទាន់ ពានទៅត្រូវចចកម៉ោកដួលស្លាប់ហិនហោចទៅហោង។ ហេតុនេះអែង បានជាលោកពោលទុកថា៖

៨៤ - បុណ្យបាបដែលបុគ្គលធ្វើទុកក្នុងលោកនេះ មានកម្លាំងប្លែកចំលែកអស្ចារ្យណាស់ តែងអោយផលតបស្នង
វិញយ៉ាងយូរ៣ឆ្នាំរឺ៣ខែ ពុំនោះ៣កប្ប បើពុំនោះត្រឹម៣ថ្ងៃ។

ព្រោះហេតុនោះបានជាខ្ញុំ (កណ្ដុរហិរណ្យកៈ) និយាយជាភាសិតទុកខាងដើមថា៖ ការចងគ្នាជាមិត្ររវាងអ្នកស៊ី និង
អ្នកត្រូវគេស៊ី ដូច្នេះជាដើម(៥៥)។ ក្អែកឈ្មោះលឃុបតនកៈ ឆ្លើយឡើងថា៖

៨៥ - អោសំលាញ់ជាអ្នកនីរទុក្ខដូចស្ដេចព្រាបចិត្រគ្រីព បើខ្ញុំ ស៊ីបងជាអាហារ ខ្លួនបងតូចម្លេះមិនស្កប់ផ្ទៃខ្ញុំទេ
កាលបើបងរស់នៅ ខ្ញុំក៏ឈ្មោះថារស់នៅដែរ។

៨៦ - ទោះបីសត្វតិរច្ឆាន ដែលប្រព្រឹត្ដល្អតែម្យ៉ាង វិស្សាសៈស្និទ្ធស្នាល អាចធ្វើអោយគេឃើញជាក់ស្ែដងបាន ដូច
សភាពលោកសប្បុរសទាំងឡាយ នឹងថាវិលត្រលប់ទៅផ្សេងក៏អិតអង្គឺមាន ព្រោះលោកមានសភាពជាសប្បុរសជា
ប្រក្រតី។

៨៧ - សន្ដានចិត្ដលោកសប្បុរសទាំងឡាយ សូម្បីមានសេចក្ដីក្រេវក្រោធកើតឡើងក៏មិនប្រែព្រួលអាកប្បកិរិយា
ដូចជាគេមិនអាចយកគុបស្មៅមួយគុប ទៅដុតកំដៅទឹកសមុទ្រសាគរអោយក្ដៅពុះពោរបានឡើយ។

កណ្ដុរហិរណ្យកៈបានស្ដាប់ហើយ ក៏និយាយទៅវិញថា៖ «បងអែងនេះ ជាសត្វចិត្ដរប៉ិលរប៉ូចខិលខូចណាស់ បុគ្គល
មិនគប្បីចងជាមិត្រស្និទ្ធស្នេហាជាមួយ នឹងសត្វដូច្នេះទេ ព្រោះថា៖

៨៨ - ឆ្មា១ ក្របី១ ចៀម១ ក្អែក១ និងមនុស្សចិត្ដអាក្រក់ទាំង៥ ពួក នេះ បានសេចក្ដីរុងរឿង ព្រោះអាងស្នៀតវ៉ៃ
អែបធ្វើវិស្សាសៈសិទ្ធស្នាល ព្រោះហេតុនោះ បុគ្គលមិនគួរគប្បីប្រគល់អោយនូវវិស្សាសៈសិ្នទ្ធស្នាលចំពោះបុគ្គល
ទាំង៥ពួកនោះឡើយ។ មួយទៀតខ្លួនបងជាសត្វពួកខាងសត្រូវ នឹងយើងផង ព្រោះថា៖

៨៩ បើជាសត្រូវហើយ បុគ្គលកុំគប្បីចងមេត្រីជឿទុកចិត្ដយ៉ាងជិតសិ្នទ្ធអោយសោះដូចទឹកទុកជាពុះខ្លាំងគគ្រឹកៗក៏
អាចលត់ភ្លើងបាន។

៩០ - រីមនុស្សទុរជន សូម្បីប្រដាប់ខ្លួនដោយគ្រឿងអំពរគឺ ចំណេះវិជ្អា ក៏បុគ្គលគប្បីចៀសវាងចេញអោយផុតដូច
សត្វអសិរពិសសូម្បីប្រដាប់ដោយកែវ មណី វានឹងមិនធ្វើអោយយើងមានភ័យរឺអ្វី?។

៩១ - របស់ណាមិនអាច របស់នោះនៅតែមិនអាចពិតប្រាកដ របស់ណាអាច របស់នោះនៅតែអាចពិតប្រាកដ ដូច
ជារទេះបរទៅលើទឹកមិនបានទេ អែទូកអុំលើគោក ក៏ទៅមិនបានដូច្នេះដែរ។

៩២ -នរជនណាទៅចងចិត្ដស្និទ្ធស្នាល នឹងសត្រូវរឺភរិយាដែលមិនមានចិត្ដប្រតិព័ទ្ធខ្លួនដោយអាងថាមានទ្រព្យសម្បត្ដិ
ច្រើន ជីវិតនរជននោះឈ្មោះថា ចូលទៅដល់ទីបំផុតខែត្រត្រឹមនោះហើយ។

ក្អែកពោលតមទៅវិញថា៖ «ខ្ញុំបានស្ដាប់សំដីបងនិយាយសព្វគ្រប់អស់ ប៉ុណ្ណឹងហើយ ក៏ដូចជាឃើញថាបងមិនព្រម
ព្រៀងសោះ តែទោះជាយ៉ាងណា ក៏ខ្ញុំបានតាំងចិត្ដទុកជាមុនរួចហើយ ថានឹងយកបងធ្វើជាមិត្រស្និទ្ធស្នេហាពិតប្រាក
ដអិតសង្ស័យឡើយ ថាបើមិនដូច្នោះទេរូបខ្ញុំនឹងអត់អាហារ បោកខ្លួនសំលាប់នូវមាត់ព្រង់បង អោយស្លាប់ចោលប
ង់សៀតទៅល្អជាង ព្រោះថា៖

៩៣ - មនុស្សទុរជនចិត្ដអាក្រក់សាមាន្យ ប្រៀបដូចឆ្នាំងដីបែកបាក់ ប្រេះឆាក៏ឆាប់រហ័សណាស់ ដល់តវិញមិនជាប់
ទេ អែលោកសាធុជនចិត្ដសប្បុរស ប្រៀបដូចឆ្នាំងមាស មិនងាយបាក់បែកប្រេះឆាទេ ដល់ផ្សារភ្ជាប់វិញ ក៏ងាយ
ជាប់។

៩៤ - ជាតិលោហធាតុទាំងអស់ រលាយចូលគ្នាបាន ព្រោះដែកមានការរលាយជលក្ខណៈ ម្រឹគបក្សីទាំងឡាយរួបរួម
ចូលជាហ្វូងបានព្រោះមានរូបរាងសណ្ឋានជាលក្ខណៈ មនុស្សល្ងង់រួបរួមគ្នា ព្រោះមានភ័យ និងលាភជាលក្ខណៈ អែ
សាធុជនមានមហាត្ម័ន រួបរួមគ្នាបានដោយទស្សនាញាណ(ស្គាល់ហេតុស្គាល់ផល)។

មែនពិត សាធុជនមានចិត្ដល្អ គេមើលទៅឃើញមានអាការដូចផ្លែដូង អែអ្នកដទៃទៀត គេមើលទៅដូចផ្លែពុទ្រា
មានសំបកក្រៅរលោងស្រិលគួរជាទីពេញចិត្ដ។

៩៦ - ខ្សែមេត្រីចិត្ដនៃលោកសប្បុរសទាំងឡាយ សូម្បីមានអុបស័គ្គ អ្វីមកផ្ដាច់ពីក្ដីស្នេហាគ្នា គុណប្រសើរមិនផ្លា
ស់ប្ដូរប្រែព្រួលទេ ដូចដើមឈូក សូម្បីបាក់ពាក់កណ្ដាល ក៏នៅតែមានជាប់សរៃសអន្លាយដែរ។

៩៧ - ភាពជាបុគ្គលមានចិត្ដបរិសុទ្ធ ភាពជាបុគ្គលមានចិត្ដចង់អោយទាន ភាពជាបុគ្គលមានចិត្ដអង់អាច ភាពជា
បុគ្គលមានចិត្ដស្មើក្នុងគ្រាសុខទុក្ខ ភាពជាបុគ្គលមានចិត្ដមេត្តាករុណា ភាពជាបុគ្គលមានចិត្ដស្រលាញ់រាប់អានភា
ពជាបុគ្គលមានចិត្ដទៀងត្រង់ ទាំងអស់នេះជាគុណសម្បត្ដិនៃមិត្ដ។

ខ្ញុំនឹងទៅរកមិត្រសំលាញ់អោយប្រកបដោយគុណសម្បត្ដិដូច្នេះ ក្រៅពីរូបបងអែណាបាន?។ កណ្ដុរហិរណ្យកៈលុះ
បានលឺពាក្យក្អែកលឃុបតនកៈពោល ដូច្នោះហើយ ក៏ចេញពីព្រង់មកខាងក្រៅ និយាយតបថា៖ «ខ្ញុំមានចិត្ដត្រេក
អរចំពោះសំដីបងណាស់ ដូចបានក្រេបផឹកទឹកអំរឹត ព្រោះថា៖

៩៨ - កិរិយាមុជទឹកត្រជាក់ត្រជុំក្ដី កិរិយាប្រកបដោយខ្សែកដ៏ហើយ ដោយកែវមុក្ដាក្ដី កិរិយាប្រោះព្រំរឹតរួតសព៌ាង្គ
កាយដោយខ្លឹមចន្ទក្ដី នឹងថាមិនធ្វើបុគ្គលដែលក្ដៅស្អុះស្អាប់ ដោយកំដៅអោយត្រជាក់ស្រួលក៏មិនមែន តែមិនប្រ
សើរជាងសុភាសិតនៃលោកសប្បុរសទាំងឡាយដែលអាចចូលទៅប៉ះពាល់ដល់ ចិត្ដត្រជាក់មុនដោយបិតិជ្រះថ្លា
ដ៏ក្រៃលែង ព្រោះលោកទុកភាសិតជាត្រីមុខ ទុកដូចជាមន្ដសំរាប់ស្រូបចិត្ដលោកសប្បុរសទាំងឡាយ។

៩៩ - កិរិយាទំលាយអាថិកំបាំងក្ដី ល្មោភស្មូមក្ដី ភាពជាបុគ្គលមាន ចិត្ដរឹងរូសក្ដី ភាពជាបុគ្គលមានចិត្ដរប៉ិលរប៉ូចក្ដី
សេចក្ដីក្រោធច្រើនក្ដី ភាពជាបុគ្គលមិនមានសច្ចៈក្ដី ស្រវឹងឈ្លក់ល្បែងក្ដី ទាំងអស់នេះជាគ្រឿប្រទូស្ដនៃមិត្ដ។

តាមពាក្យសំដីដែលបងបាននិយាយមកទាំងអស់នេះ រូបខ្ញុំមិនឃើញមានទោសជាគ្រឿងប្រទូស្ដអ្វី សូម្បីតែមួយក៏
អិតអង្គឺមាន ព្រោះថា៖

១០០ បុគ្គលគប្បីសង្កេតដឹងនូវសភាពនៃបុគ្គលមានចិត្ដអាក្រក់ និងភាពនៃបុគ្គលពោលពាក្យសច្ចៈ ដោយទឹកប្រ
យោគសំដី បុគ្គលគប្បីមើលឃើញនូវ ភាពនៃបុគ្គលមានចិត្ដមិននឹងធឹង និងភាពនៃបុគ្គលមានចិត្ដមិនរប៉ិលរប៉ូច
ដោយឃើញប្រចក្សនឹងភ្នែក។

១០១ មែនពិត មេត្រីចិត្ដនៃបុគ្គលមានចិត្ដបរិសុទ្ធ មានសភាពម្យ៉ាង អែសំដីនៃបុគ្គលមានចិត្ដអាក្រក់ខិលខូច មាន
សភាពម្យ៉ាងទៀត។

១០២ មនុស្សចិត្ដអាក្រក់ចិត្ដគិតផ្សេង សំដីនិយាយផ្សេងទៀត កិរិយាប្រព្រឹត្ដធ្វើផ្សេងទៅទៀត អែបុគ្គលមានមហា
ត្ម័ន ចិត្ដគិត សំដីនិយាយប្រព្រឹត្ដធ្វើតែមួយ។

ប្រពៃហើយ! ប្រពៃហើយ! សូមអោយបងបានសំរេចតាមប្រាថ្នាកុំបីឃ្លាត លុះនិយាយដូច្នោះហើយ កណ្ដុរហិរណ្យ
កៈព្រមព្រៀងចងស្ពានមេត្រីរាប់ អានជាមួយនឹងក្អែកលឃុបតនកៈ រៀបចំភោជនាហារ ដ៏ពិសេសអោយក្អែកបរិ
ភោគស្កប់ស្កល់ ហើយក៏លាចូលទៅកាន់ព្រង់របស់ខ្លួនដូចប្រក្រដីដើមវិញ អែក្អែកក៏លាត្រលប់ទៅកាន់លំនៅខ្លួន
វិញហោង។ ចាប់ដើមតាំងពីថ្ងៃនោះរៀងមក ក្អែកលឃុបតនកៈតែងហើរទៅជួបសន្ទនាជាទីរីករាយសប្បាយជាមួ
យកណ្ដុរហិរណ្យកៈ ចែកអាហារគ្នាបរិភោគតាមមានតាមបាន សួរសុខទុក្ខទៅវិញទៅមក ធ្វើធម្មសាកច្ឆាសាកសួរ
គ្នាពីគតិលោកគតិធម៌រឿយៗ ដោយសេចក្ដីសិទ្ធស្នាលដ៏ក្រៃលែងអស់កាលយូរអង្វែង។

ថ្ងៃមួយ ក្អែកលឃុបតនកៈនិយាយប្រឹក្សាជាមួយកណ្ដុរហិរណ្យកៈថា៖ «ហៃសំលាញ់! ទីនេះសត្វក្អែកពិបាករកចំ
ណីអាហារចិញ្ចឹមជីវិតណាស់ ខ្ញុំគិតថាលះបង់ទីស្ថាននេះ ហើយនឹងហើរទៅស្វែងរកទីស្ថានអែទៀតដែលងាយរកចំ
ណីអាហារបរិភោគចិញ្ចឹមជិវិតជាងទីនេះ»។ កណ្ដុរហិរណ្យកៈ ស្ដាប់ពាក្យក្អែក ហើយមានចិត្ដបារម្ភទើបសួរទៅថា៖
«នែសំលាញ់! សំលាញ់គិតទៅនៅទីឋានណាវិញ? ព្រោះថា៖

១០៣ អ្នកមានប្រាជ្ញ កាលដែលលើកជើងក្រោយ លុះត្រាតែជើងមុខ ជាន់ស៊ុបហើយគឺថា រកទីឋានអែទៀតបាន
ហើយទើបលះបង់ទីឋានចាស់ចោលបាន»។ (ហិតោបទេសបារាំងរបស់លោកឡង់សឺរូមានគាថាផ្សេងមួយទៀតគឺ
ធ្មេញ សក់ ក្រចក និងមនុស្សបើផ្លាស់ទីកន្លែងថ្មី ក្រៅពីកន្លែងដើមមិនល្អទេអ្នកមានប្រាជ្ញារិៈគិតអោយជ្រាលជ្រៅ
ហើយ មិនគួរលះបង់ចោលទីថានឡើយ)

ក្អែកប្រាប់ថា ទីឋានដែលខ្ញុំបានពិនិត្យមើលឃើញថាល្អនោះ មានមួយកន្លែង។ កណ្ដុរហិរណ្យកៈសួរវិញថា៖ «ចុះទី
ឋាននោះនៅអែណា?»។ ក្អែកប្រាប់ថា «មានស្រះមួយទឹកថ្លាយល់ដីឈ្មោះកបូរគោរៈ (មានពណ៌ដូចកបូរ) ឋិតក្នុង
ព្រៃទណ្ឌក មានអណ្ដើកមួយឈ្មោះមន្ថរៈជាមិត្រសំលាញ់ខ្ញុំចិត្ដថ្លើមល្អណាស់ អាស្រ័យនៅក្នុងស្រះនោះព្រោះថា៖

១០៤ ការគ្រាន់តែប្រដៅនរជនទាំងឡាយដទៃ អោយគេបានជាបណ្ឌិត នរណាក៏ធ្វើបានងាយ តែការទូន្មានខ្លួនអែង
អោយប្រព្រឹត្ដទៅតាមគន្លងធម៌ជាការក្រ ធ្វើបានចំពោះតែបុគ្គលមានមហាត្ម័ន។

អណ្ដើកមន្ថរៈជាសំលាញ់ខ្ញុំ មុខជាធ្វើបដិសណ្ឋារៈទទួលដោយគ្រឿងភោជនាហារដ៏ឆ្ងាញ់ពិសាក្រៃលែង»។ កណ្ដុរ
ហិរណ្យកៈឆ្លើយតបទៅវិញថា៖ «បើដូច្នោះមែន រូបខ្ញុំនឹងក្រាញនៅក្នុងទីនេះតែម្នាក់អែងធ្វើអ្វីព្រោះថា៖

១០៥ ប្រទេសអែណា មិនមានគេរាប់អាន មិនមានផ្លូវរកស៊ីចិញ្ចឹមជីវិត មិនមានញាតិសន្ដានផៅពង្ស រឺក៏មិនមាន
វិទ្យាគមចំរើនចំណេះវិជ្ជា បុគ្គលគប្បីលះបង់ប្រទេសនោះចេញ។

១០៦ លោកយាត្រា(ការលក់ដូរ)១ សេចក្ដីភ័យ១ អាម៉ាស់មុខ១ មេត្ដាករុណា១ ការបរិចាគទាន១ ទីឋានណាមិន
មានធម៌៤ប្រការនេះទេ បុគ្គលមិនគប្បីតាំងទីឋានអាស្រ័យនៅនៅក្នុងទីនោះឡើយ។

១០៧ មនុស្សសងបំណុលគេ១ គ្រូពេទ្យ១ សមណព្រាហ្មណ៍ចេះដឹង វេទ១ ទន្លេមានទឹកថ្លាបរិសុទ្ធ១ នែសំលាញ់! ទី
ឋានណាមិនមានវត្ថុ៤ប្រការនេះទេ បុគ្គលមិនគប្បីតាំងទីលំនៅក្នុងទីឋាននោះឡើយ។

កណ្ដុរហិរណ្យកៈនិយាយថា «សំលាញ់អើយ! បងចូរនាំគ្នាទៅជាមួយផង»។ ក្អែកនាំកណ្ដុហិរណ្យកៈទៅ កាលប
ណ្ដើរគ្នាទៅនិយាយសន្ទនាគ្នាជាទីរីករាយ សប្បាយក្សេមក្សាន្ដតាមដំណើរផ្លូវរៀងទៅត្រាតែដល់ស្រះនោះ។ អែ
អណ្ដើកមន្ថរៈកាលឃើញសត្វទាំងពីរបណ្ដើរគ្នាត្រសងតាំងពីចំងាយមក រីករាយសប្បាយចិត្ដណាស់ ធ្វើបដិសណ្ឋា
រដ៏ខ្ពង់ខ្ពស់ តាមដែលបានគិតទុកមុន ទទួលក្អែកព្រមទាំងកណ្ដុរហិរណ្យកៈជាភ្ញៀវថ្មីដោយសក្ការៈរាប់អានដ៏ក្រៃលែ
ងព្រោះថា៖

១០៨ ទោះក្មេងតូច រឺកំលោះក្រមុំ ពុំនោះចាស់ព្រឹទ្ធាចារ្យក៏ដោយ ដែលជាភ្ញៀវមកដល់ផ្ទះហើយ បុគ្គលគប្បីរៀប
ចំគ្រឿងសក្ការរាប់អានដល់ជននោះៗ ព្រោះអ្នកទាំងនោះមកដល់ផ្ទះហើយ លោកទុកជាគ្រូទាំងអស់។

១០៩ ព្រះអគ្គីជាគ្រូនៃព្រាហ្មណ៍ទាំងឡាយ ព្រាហ្មណ៍ជាគ្រូនៃជនវណ្ណៈអែទៀត ប្ដីជាគ្រូនៃភរិយាទាំងឡាយ អែភ្ញៀវ
ដែលមកដល់ផ្ទះជាគ្រូជនទាំងអស់

ខណៈនោះក្អែកលឃុបតនកៈ និយាយឡើងថា៖ «ហៃបងសំលាញ់មន្ថរៈ សូមសំលាញ់រៀបទទួលភ្ញៀវថ្មីអោយជា
ពិសេស ព្រោះថាភ្ញៀវថ្មីនេះជាស្ដេចកណ្ដុរឈ្មោះហិរណ្យកៈ ជាកំពូលនៃអ្នកប្រព្រឹត្ដធ្វើបុណ្យទានទាំងឡាយ ជា
កែវមុក្ដានៃមនុស្សមានមេត្តាករុណាទាំងឡាយ បើទុកជាស្ដេចនាគមានជីវ្ហា២០០០ ខ្ញុំជឿថា មិនអាចនឹងពោលសរ
សើរពីកិត្ដិគុណស្ដេចកណ្ដុរនេះអោយបានអស់ឡើយ» លុះក្អែកនិយាយដូច្នោះហើយក៏ពណ៌នារឿងស្ដេចព្រាបចិត្ដ
គ្រីពមកថ្លា ថ្លែងប្រាប់ទៀត។ អណ្ដើកមន្ថរៈបានស្ដាប់ពាក្យក្អែកហើយ ក៏មានចិត្ដសាទរអិតអុបមា ទើបគោរពបូជា
កណ្ដុរហិរណ្យកដ៏ក្រៃលែង ហើយពោលពាក្យប្រស្រ័យ ថា៖ «នែសំលាញ់ដ៏ចំរើនអើយ! សូមបងមេត្តាប្រាប់ហេតុ
ដែលនាំអោយមកកាន់ទីឋាននិរជនស្ងាត់ដូច្នេះ អោយខ្ញុំបានដឹងផង!»។ កណ្ដុរហិរណ្យកៈនិយាយប្រាប់ ថា៖ «សូមចាំ
ស្ដាប់ ខ្ញុំនឹងពណ៌នាពីប្រព្រឹត្ដហេតុអោយស្ដាប់ដូចតទៅនេះ»។


ស្រីហិតោបទេស
1សន្ដិភាព
2រឿងក្អែក អណ្ដើក និង កណ្ដុរ
3រឿងសុន្ទៈ និងអុបសុន្ទៈ
4រឿងព្រាហ្មណ៍វាយបំបែកក្រឡ
5រឿងកុកនិងក្ដាម
6រឿងត្មាត ឆ្មា និង បក្សី
7រឿងប្រើស ចចក និងក្អែក
8រឿងដំរីនិងទន្សាយ
9រឿងលាពាក់ស្បែកខ្លា
10រឿងបក្សីនិងស្វា
11រឿងហង្សនិងក្ងោក
12រឿងព្រាន ប្រើស ពស់ និង ចចក
13រឿងជាងរថ ភរិយា និងសហាយ
14រឿងគោអុសក ចចកពីរ និសត្វសីហៈ
15រឿងពានរនិងសសរ
16រឿងលានិងឆ្កែ
17រឿងសីហៈនិងឆ្មា
18រឿងស្រ្តីពេស្យានិងគង
19រឿងបរញ្វជកកន្ទប៌កេតុ
20រឿងភរិយាគោបាល និងសាយហាយពីរនាក់
21រឿងចចកនីលពណ៌
22រឿងព្រាហ្មណ៍ និងអ្នកលេង
23រឿងជាងកោរកាត់ល្មោភ
24រឿងពស់ និងកង្កែប
25រឿងព្រាហ្មណ៍និងស្ការ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ