Tuesday, August 3, 2010

រឿងសីហៈ និងទន្សាយ

នៅភ្នំមន្ទរ មានសីហៈមួយឈ្មោះទុទាន្ត។ ទុទាន្តតែងចាប់បសុសត្វទាំងឡាយច្រើន សំលាប់ស៊ីជាចំណីអាហាររាល់
ៗថ្ងៃ។ សព្វសត្វទាំងឡាយភិតភ័យណាស់ បបួលគ្នាមកប្រជុំរិះគិតរកអុបាយ ហើយចូលទៅអង្វរករសីហៈថា «បពិត
លោកជាស្តេចម្រឹគ ហេតុអ្វីក៏លោកចាប់សំលាប់បំផ្លាញបសុសត្វបរិភោគជាអាហារម្តងៗ ច្រើនដល់ម្លេះ? បើ
លោកជ្រះថ្លាយល់ព្រមតាមគំនិតយើង យើងខ្ញុំនឹងបញ្ជូនបសុសត្វមួយរាល់ៗថ្ងៃ ជាគ្រឿងបណ្ណាការមកជូនដើម្បី
ជាអាហារលោក»។ ពេលនោះ ទុទាន្តឆ្លើយឡើងថា «បើអែងទាំងឡាយមានប្រាថ្នាដូច្នោះ អញត្រេកអរណាស់ហើ
យអែងធ្វើតាមបំណងអែងចុះ តាំងពីពេលនេះតទៅ»។ ចំណេរកាលមក សីហលែងរវល់ចេញទៅបរបាញ់ចាប់ស
ត្វដូចកាលសព្វដងទៀត នៅតែនឹងកន្លែងចាំទទួលបណ្ណាការ គឺបសុសត្វមួយៗដែលម្រឹគទាំងឡាយបញ្ជូនមកអោ
យរាល់ថ្ងៃ។ ថ្ងៃតមកដល់វេនទន្សាយចាស់មួយ ទន្សាយចាស់នោះគិតថា៖

១២៣ - បុគ្គលធ្វើសេចក្តីគោរពអោនលំទោន ព្រោះហេតុតែខ្លាចគេផង ព្រោះតែចង់អោយមានជីវិតរស់នៅផង
ថាបើអាត្មាអញទៀងតែដល់បញ្ចភាពដដែល ប្រយោជន៍អ្វី អាត្មាអញត្រូវធ្វើសេចក្តីកោតក្រែងសីហៈនេះ។

ទន្សាយគិតបណ្តើរដើរបណ្តើរ ទៅសន្សឹមៗបន្តិចៗចូលទៅរកទុទាន្ត។ ពេលនោះ ទុទាន្តដែលមានសេចក្តីស្រេក
ឃ្លានបៀតបៀនខ្លាំងក្រោធច្រលោតខឹង និយាយទ្រគោះបោកបោះទៅអោយទន្សាយថាៈ «យីអានេះ! អាអែងអា
ល័យដើរទៅលេងជាប់នៅអែណាអោយយឺតយូរក្របានមកដល់ហ៎ះ!»។ ទន្សាយលោមទោមអង្វរថា «ទេវៈ! ខ្ញុំបាទ
មិនមានកំហុសទេ កាលខ្ញុំបាទកំពុងដើរមកតាមផ្លូវមានសីហមួយធំណាស់ មកចាប់ឃាត់ខ្ញុំបាទទាំងអំណាច ខ្ញុំបាទនិ
យាយអង្វរករស្បថស្បែចំពោះសីហៈកំណាចនោះថា នឹងត្រលប់ទៅជួបវិញ សូមតែអនុញ្ញាតិអោយខ្ញុំបាទ ចូលមក
ជំរាបលោកម្ចាស់ក្នុងទីនេះ អោយបានជ្រាបជាមុនសិន ព្រោះហេតុនេះ បានជាយឺតយូរក្របានមកដល់ឆាប់»។ ទុទា
ន្តបានស្តាប់ហើយ ក្រេវក្រោធឆេវសួរតបទៅវិញទាំងកំរោលថា «បើដូច្នោះ អាអែងនាំអញទៅបង្ហាញអោយឆាប់
អិលូវនេះ តើអាព្រហើនកោងកាចនោះវានៅអែណា?»។ ពេលនោះទន្សាយក៏នាំសីហៈ ទ្រនង់នោះ ទៅបង្ហាញអ
ណ្តូងជ្រៅស្រលូងមួយ លុះដើរទៅដល់អណ្តូងនោះហើយ និយាយប្រាប់ថា «សូមលោកម្ចាស់អញ្ជើញទៅមើលខ្លួន
អែងចុះ វានៅក្នុងអណ្តូងនោះអែង»។ អែទុទាន្ត ដើរចូលទៅជិតក្រលេកមើលក្នុងអណ្តូងឃើញស្រមោលខ្លួន សំ
គាល់ថាជាសីហៈមួយធំសំបើមអស្ចារ្យ ក្នាញ់ខ្លាំងណាស់ ដំឡើងប្រែងសំដែងរិទ្ធដ៏ឃោឃៅលោតចុះទៅសង្រ្គុបក្នុ
ងអណ្តូងដោយក្តីទ្រនង់យង់ឃ្នង ក៏ដល់នូវបញ្ចភាព ស្លាប់អៃដ៏កាលនោះទៅហោង។ ហេតុនោះហើយបានជាបង
(ក្អែកឈ្មោល) និយាយប្រាប់ថា «នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថា មានកម្លាំង» ដូច្នេះជាដើម(លេខ១២២
)។ ក្អែកញីសួរថា «អើខ្ញុំស្ដាប់អស់អាថិសេចក្តីហើយ តើអ្នកបងគិតធ្វើអុបាយនោះដូចម្តេច? ចូរប្រាប់អុបាយនោះ
អោយខ្ញុំដឹងមើល!»។ ក្អែកឈ្មោលនិយាយប្រាប់ថា «នៅស្រះបោក្ខណីទឹកថ្លាយល់ដី ជិតឋានយើងនេះ មានព្រះរាជ
បុត្រទាំងឡាយតែងយាងចូលមកប្រពាតក្រសាលស្រង់ អុទកវារីលេង សប្បាយរាល់ៗថ្ងៃ ក្នុងស្នានសម័យ (ពេល
មុជទឹក
) ស្តេចតែងដោះខ្សែព្រះសូរងជាវិការៈនៃមាសសំរាប់តែព្រះអង្គ ទុកនៅលើផែនថ្មនាឆ្នេរស្រះហើយទើប
ចុះទៅស្រង់ ចូរប្អូនហើរចុះទៅឆក់លួចយក នូវខ្សែព្រះសូរងជាវិការៈនៃមាសនោះដោយចំពុស ហើយនាំយកមក
ទំលាក់ទុកក្នុងព្រង់ដែលពស់ចង្រៃវាអាស្រ័យនៅ»។ ថ្ងៃមួយព្រះ រាជបុត្រទាំងឡាយ ស្តេចយាងមកស្រង់ក្រសាល
អុទកវារី មេក្អែកក៏ធ្វើដូចបានគិតគូរគ្នាទុកមុន។ គ្រានោះអែង ព្រះរាជបុត្រទាំងឡាយ បានទតឃើញមេក្អែកលប
ឆក់យកខ្សែព្រះសូរងដូច្នេះ ស្តេចដេញតាមមេក្អែក ដើម្បីដណ្តើមយកខ្សែព្រះសូរងនោះរហូតទៅដល់ព្រង់ ទៅប្រ
ទះឃើញពស់វែកនោះ ហើយក៏បបួលគ្នាវាយសំលាប់ចោលបង់សៀតទៅហោង។ ព្រោះហេតុនោះបានជាខ្ញុំ (ចច
កទមនក)ពោលថា៖ «កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ» ដូចច្នេះជាដើម(១២០)

ចចកករដកៈនិយាយចាក់បណ្តាយថា «បើដូច្នោះចូរអែងទៅចាត់ចែងធ្វើការក្នុង កាលអិលូវនេះទៅ ហើយសូម
អោយបានសំរេចសមប្រកបតាមក្តីប្រាថ្នាកុំបីខានឡើយ»។ លំដាប់នោះអែង ចចកទមនកៈដើរចូលទៅរកបិង្គល
កៈលុះចូលទៅដល់ហើយ លើកទសករប្រណម្យ ទើបពោលពាក្យថា «ទេវៈ! ខ្ញុំបាទសង្កេតឃើញហេតុ ការណ៍ប្រ
កបដោយភ័យធំគួរអោយវិតក្កខ្លាំង ទើបចូលមកជួបលោកជាម្ចាស់ ដោយប្រញាប់ប្រញាល់ ព្រោះថា៖

១២៤ - ក្នុងគ្រាអន្តរាយ រឺក្នុងការដើរខុសគន្លងផ្លូវ រឺក៏ក្នុងការប្រព្រឹត្តិកន្លង អោកាសជាកាលគួរនរជនជាអ្នកធ្វើប្រ
យោជន៍ទូទៅ សូម្បីគេមិនសាកសួរ ក៏គប្បីស្នើ ណែនាំផ្លូវដោយពាក្យជាកល្យាណធម៌។

១២៥ - ព្រះរាជា ជាភាជន៍សំរាប់ត្រងរងនូវភោគសុខ (សេចក្តីសុខដែលកើតមានពីទ្រព្យសម្បត្តិ) មិនមែនជាភាជន៍
សំរាប់ ត្រងរងនូវរាជការទេ កាលបើរាជការវិនាសខូចខាតហើយ មន្រ្តីត្រូវជាប់ទោស។
ក្នុងករណីនេះ សូមលោកជាម្ចាស់ពិចារណាមើលចុះ ក្រមនេះជាវិធីដំណើរការ នៃអាមាត្យទាំងឡាយលោកថា៖

១២៦ ការស៊ូលះបង់ជីវិត ពុំនោះ ការកាត់សិរសាអាមាត្យអោយដាច់ចេញ ជាការគាប់ប្រសើរណាស់ តែអាមាត្យ
មានភក្តីធ្វើព្រងើយ កន្តើយចំពោះអាមាត្យ ក្បត់ដែលប្រុងសំលាប់ម្ចាស់របស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផែនដីមិនគាប់
ប្រសើរសោះឡើយ។
បិង្គលកៈត្រេកអរសាទរណាស់ សួរទៅវិញថា «បើដូច្នោះតើអែងត្រូវការនិយាយដូចម្តេចខ្លះ?»។ ចចកទមនកៈនិ
យាយឡើងថា «ទេវៈ! គោសញ្ជីវកៈ សំដែងអាការកិរិយាចំពោះមុខខ្ញុំបាទ មើលទៅហាក់មិនគួរគប្បីដល់លោកម្ចា
ស់សោះ មានពោលពាក្យនិន្ទាទ្រគោះបោកបោះមើលងាយព្រះចេស្តាសក្តានុភាពបីប្រការ (រាជភណ្ឌ៣ប្រការគឺៈ
ប្រភាវៈ មហាអំណាច (ពលានុភាព អំណាចគ្រប់គ្រង តេជានុភាព គុណានុភាព)១ មន្រ្ទៈ មន្រ្ទចំណេះវីជ្ជា១ និងអុ
ស្សាហៈ កំលាំងសក្តានុភាព១
) ប្រថ្នាលោភលន់ប្រុងដណ្តើមយករាជសម្បត្តិ»។ បិង្គលកៈបានស្តាប់ពាក្យញុះញង់
នេះ ហើយភ័យតក់ស្លុតនឹកអស្ចារ្យក្នុងចិត្តស្ថិតនៅស្ងៀមមិនចេញស្តីសោះ។ ចចកទមនកៈនិយាយបន្ថែមទៀតថា
«ទេវ! លោកជាម្ចាស់ដកដាលបោះបង់ចោលអ្នករាជការចាស់មុនចោលអស់ ហើយតាំងសញ្ជីវកនេះអោយកាន់
ដំណែងធំអភិបាលសំរេចរាជការផែនដីទាំងអស់ អំពើនេះ ជាទោសធំសំបើមណាស់ ព្រោះថា៖

១២៧ ស្រី (ពាក្យនេះមានន័យច្រើន បាលីថា សិរី ប្រែថា សេចក្ដីរុងរឿង សោភាលំអ សេចក្ដីចំរើន ទ្រព្យ សេចក្ដី
សុខ សម្បត្ដិ ឃ្លាំងទ្រព្យ តេជានុភាព សក្ដានុភាព និងលក្សីដែលជាឈ្មោះទេពតា ទ្រព្យសម្បត
្ដិ ) ទ្រទ្រង់នូវមន្រ្តីដែ
លមានសក្តានុភាពខ្លាំង និងម្ចាស់ផែនដីអោយ រឹងជំហរ ហើយយកជើងទាំងពីរទប់ជ្រែង អែស្រីនោះជាស្រ្តីភាពមា
នសមត្ថភាព មិនអាចទប់ទល់នូវភារៈដ៏ធ្ងន់ទាំងពីរអោយប្រព្រឹត្តទៅបានទេ ម្ល៉ោះហើយតោងទំលាក់ភារៈណាមួយ
ចោល ក្នុងភារៈទាំងពីរនោះគឺ ខ្ញុំបាទរឺលោកម្ចាស់។

១២៨ - ក្នុងកាលណាព្រះភូមិបតី ទ្រង់តែងតាំងមន្រ្តីណាមួយជាអែកអគ្គផ្តាច់ការ ក្នុងរាជ្យក្នុងកាលនោះ ក្តីស្រវឹងយ
សតែងហូរចូលទៅគ្របសង្កត់ចិត្តមន្រ្តីនោះដោយអំណាចមោហធម៌ មន្រ្តីនោះអែងរមែងទំលាយបង់នូវការងារ
អោយវិនាស ដោយអំណាចស្រវឹងយស និងក្តីខ្ជិលច្រអូសមិនខាន កាលបើការងារវិនាសហើយ សេចក្តីល្មោភអន្ទះ
អន្ទែងនិងបង្កក្តីចង់បាន កាន់អំណាចដាច់ខាតខ្លួនអែងអោយកើតឡើងក្នុងចិត្តលំដាប់តទៅ ដោយសេចក្តីល្មោភអ
ន្ទះអន្ទែងចង់បានកាន់អំណាចដាច់ ខាតខ្លួនអែងនេះជាមូលហេតុមន្រ្តីនោះនឹងទ្រុស្តធ្វើគតម្ចាស់ខ្លួនអោយដល់ក្តីក្ស័
យប្រាណមិនខាន។

១២៩ - អាហារទទឹកជ្រាបដោយពិសពុល ធ្មេញដែលរង្គើ និងអាមាត្យប្រទុស ទាំងអស់នេះត្រូវកកាយដកចោល
អោយទាល់តែអស់ដល់បាទដល់រិសគល់ ទើបបានសុខ។

១៣០ - ព្រះរាជាអង្គណាប្រគល់ព្រះរាជស្រី(បាលី រាជសិរិ អធិបតេយ្យព្រះរាជ) អោយជាអាយ័តដាច់ខាតដល់មន្រ្តី
ណាហើយ ក្តីវិនាសអន្តរាយនឹងកើតមានប្រាកដក្នុងរឿងនេះព្រះរាជាអង្គនោះ នឹងទ្រង់ផ្ទំកើតទុក្ខសោកសៅក្តៅក្រ
ហាយ ដូចមនុស្សខ្វាក់អិតអ្នកដឹកដៃ។

សញ្ជីវកៈនេះធ្វើកិច្ចការសារពើបរិហារផែនដី តាមតែទំនើងចិត្តវា លោកម្ចាស់ជាបន្ទាល់សាក្សីក្នុងរឿងនេះស្រាប់
ហើយ បានទាំងជ្រាបច្បាស់នូវកិច្ចការទាំងអស់នេះសព្វគ្រប់ផង ព្រោះថា៖

១៣១ បុរសណាមិនចង់បានទ្រព្យ បុរសនោះមិននៅក្នុងលោកនេះទេ ក្នុងលោកនេះ នរណាមួយមិនក្រលេកមើល
ដោយសាទរ ចំពោះប្រពន្ធក្មេងដែលមានរូបល្អគួរជាទីពេញចិត្តនៃជនដទៃ?។

សីហៈពិចារណាមើលមួយស្របក់ ឆ្លើយតបទៅវិញថា «នែសំលាញ់! ពាក្យដែល អែងនិយាយនេះ ពិតមែនហើយ
ទោះបីដូច្នោះគួរនឹកដល់ការកំសត់កម្រដែលយើង នឹងសញ្ជីវកៈនេះបានធ្វើក្តីស្និទ្ធស្នេហាយ៉ាងខ្លាំងមកយូរយាណាស់
ហើយផង អែងចូរមើល! លោកថា

១៣២ - មិត្រណាជាទីស្រលាញ់ពេញចិត្ត បើទុកជាកុហកបោកប្រាសយើងខ្លះមិត្ត នោះនៅតែជាទីស្រលាញ់ពេញ
ចិត្តដដែល ដូចរាងកាយយើង ទោះបីមានរោគាព្យាធិប្រទុសសព្វទាំងអស់ អ្នកណាមួយមិនស្រលាញ់រាងកាយខ្លួន។

១៣៣ - មិត្តណាជាទីស្រលាញ់ពេញចិត្ត សូម្បីធ្វើអោយយើងមិនពេញចិត្តច្រើនយ៉ាង មិត្តនោះនៅតែជាមិត្តជាទី
ស្រលាញ់ពេញចិត្តដដែល ដូចភ្លើង សូម្បីឆេះមន្ទីរមហាសាល អ្នកណាមួយលែងនិយមរាប់អានភ្លើងទៀត?។
ចចកទមនកៈ និយាយថែមទៀតថា «ទេវៈ! រឿងនេះជាទោសកំហុសធំខ្លាំងណាស់ព្រោះថា៖

១៣៤ -ព្រះរាជា ទតព្រះនេត្រដោយក្រៃលែង ចំពោះជនណា ទោះជាព្រះរាជបុត្រក្តី ទោះជាអាមាត្យក្តី រឺក៏ជាជន
បរទេសក្តី លក្សមី(ទ្រព្យ) តែងរត់ចូលទៅជាសិរីនៃជននោះ។ សូមលោកម្ចាស់ស្តាប់ពាក្យនេះតទៅទៀតថា៖

១៣៥ -ការរលត់បង់នូវពាក្យជជែក ដែលមិនជាទីពេញចិត្តតែងនាំមកនូវសេចក្តីសុខ ទីណាមានអ្នកនិយាយ ហើយ
មានអ្នកស្តាប់ទីនោះ ក្តីសំរេចផលគួរជាទីពេញចិត្តតែងកើតឡើង។

ពេលនោះព្រះបាទជាម្ចាស់ដកដាល ខ្ញុំរាជការចាស់ជារិសគល់ចោលអស់ហើយ ទៅតាំងបន្តុបលើកដំកើងជនបរទេ
សអាគន្តុកជាត្រីមុខអោយជាធំជាងពួកខ្ញុំរាជការចាស់វិញ អំពើនេះមិនត្រឹមត្រូវតាមធម៌ទេ ព្រោះថា៖

១៣៦ -ព្រះភូមិបាល មិនគួរគប្បីរាប់អានលើកដំកើងជនបរទេសអានគន្តុកដោយអាងហេតុថា «ខ្ញុំរាជការចាស់ប្រ
ព្រឹត្តខុស» ទេ អំពើនេះជាទោសធំណាស់ព្រោះថា ជនបរទេសយើងនឹងជឿទុកចិត្តបានថាមិនទំលាយរាជសម្បត្តិ
អោយវិនាសរឺអ្វី?។

សីហៈនិយាយទទឹងទាស់ថា «ពាក្យអែងនេះ ប្លែកអស្ចារ្យណាស់មិនមែនរឺអ្វី? សញ្ជីវកៈនេះយើងបានអោយអភ័យ
ហើយនាំយកមកទំនុកបំរុងអោយធ្វើការ អោយមានកិត្តិយស ហេតុដូចម្តេចក៏អែងសំគាល់យល់ថា វាគិតប្រទូស
ក្បត់រាជ្យយើងវិញ?»។ ចចកទមនកៈនិយាយបញ្ជាក់ថា«ទេវៈ!

១៣៧ -មនុស្សទុរជន បើទុកជាលើកតំកើងអោយមានយសសក្តិជានិច្ចក៏ដោយ ក៏នៅតែមិនក្តីស្មោះត្រង់ មិនលះប
ង់ប្រក្រតីដើម ដូចកន្ទុយឆ្កែ សូម្បីគេយកប្រលោប រឹតអោយត្រង់ ក៏មិនលះបង់ចុងងស្ទើតទៅលើដូចប្រក្រតីវា
ឡើយ។

១៣៨ -ធម្មតាកន្ទុយឆ្កែ ទោះជាគេកែ យកប្រេងលាប យកខ្សែចង យកសំពត់រុំ ចងទុកអស់១២ឆ្នាំក៏អិតអំពើ កាល
ណាគេស្រាយចំណងចេញ ក៏ត្រលប់កងកន្ទុយង ក្ងក់ឡើងវិញដូចប្រក្រតីដើម។

១៣៩ -ការបណ្តុះបណ្តាលអោយចំរើន រឺការរាប់អានលើកតំកើងអោយប្រសើរ នឹងអាចញ៉ាំងមនុស្សខ្ជិលខូច ចិត្ត
អាក្រក់អោយត្រេកអរពេញចិត្តដូចម្តេចកើត? ដូចដើមឈើ មានពិសពុល សូម្បីយកទឹកអម្រឹតទៅស្រោចស្រព
ក៏មិនអាចត្រលប់ ចេញផ្លែគួរជាទីប្រាថ្នាបានដូច្នោះដែរ។ ព្រោះហេតុនោះបានជាខ្ញុំនិយាយថា៖

១៤០ -នរជនមិនចង់អោយកល្យាណមិត្តបានសេចក្តីវិនាស សូម្បីកល្យានមិត្តនោះ មិនសួរមុន ក៏គួរគប្បីប្រាប់អុបាយ
អោយកើតប្រយោជន៍ដែរ នេះជាធម៌នៃលោកសប្បុរសទាំងឡាយ បើពុំនោះទេ នរជននោះនឹងធ្លាក់ក្នុងគតិនៃជន
មានមតិថោកទាប (សេចក្តីដូចលេខ១២៤)។

១៤១ -នរជនណា ឃាត់ហាមមិនអោយធ្វើអំពើអកុសល នរជននោះឈ្មោះថា ជាមិត្តនាំអោយរិតតែរុងរឿង កម្ម
ណាប្រាសចាកមន្ទិល គឺពាក្យតិះដៀល កម្មនោះឈ្មោះថាជាកម្មបរិសុទ្ធប្រពៃ ស្រីណាប្រព្រឹត្តកាមឆន្ទៈស្វាមី ស្រី
នោះឈ្មោះថាជាភរិយា នរជនណាមានសប្បុរសទាំងឡាយគោរពបូជាសរសើរ នរជននោះឈ្មោះថាបណ្ឌិត ធម្មជា
តិណាមិនធ្វើអោយស្រវឹងសៅហ្មង ធម្មជាតិនោះឈ្មោះថាជាសិរី នរជនណារួចពីខ្ញុំតណ្ហា នរជននោះឈ្មោះថាជា
បុគ្គលមានសេចក្តីសុខ នរជនណាស្មោះត្រង់តាមប្រក្រតី នរជននោះឈ្មោះថាជាមិត្ត នរជនណាទូន្មានអិន្រ្ទីយបាន
នរជននោះឈ្មោះថាជាបុរស។

រឿងនេះ ថាបើលោកម្ចាស់មិនព្រមត្រលប់ស្មារតី បណ្តោយអោយសញ្ជីវកៈធ្វើ គតអោយរលត់ផុតជីវិត វិនាស
ទាំងដែលទ្រង់បានជ្រាបរួចហើយ កំហុសដូច្នេះមិនមែនជាទោសអាមាត្យមុខមន្រ្តីខ្ញុំបំរើទេ ព្រោះថា៖

១៤២ - ព្រះនរបតី ជាប់ព្រះទ័យស្អិតក្នុងកាម មិនគយគន់មើលកិច្ចការរាជការ និងផលប្រយោជន៏ប្រទេសជាតិប្រ
ព្រឹត្តធ្វើតាមតែទំនើងព្រះទ័យ ស្រវឹងពន់ពេក ក្រៃដូចដំរីចុះប្រេង កាលតមកទ្រង់កើនមានៈក្ស័ត្រគ្របសង្កត់ធ្លាក់
ព្រះអង្គទៅក្នុងជ្រោះជ្រៅ គឺសេចក្តីសោកសល្យហើយ ទ្រង់តែងដាក់ទោសទំលាក់ខុសមកលើអាមាត្យមុខមន្រ្តី
មិនបាននឹកនាដល់ទោសពៃរ៍កំហុសកន្លងវិន័យព្រះអង្គឡើយ។ បិង្គលកៈនឹកតែក្នុងចិត្តថា៖

១៤៣ - ព្រះរាជា មិនត្រូវជាក់ទណ្ឌកម្មដល់ជនដទៃៗដោយអាងយកតែពាក្យពាល បង្ខុសនៃជនអែទៀតឡើយ គួរ
គប្បីសាកសួរអោយឃើញទោសប្រច័ក្សដោយខ្លួនសិន សឹមត្រូវចាប់ចងដាក់ទោស រឺពុំនោះត្រូវបូជា។

១៤៤ - នរជន មិនបានពិចារណាគុណនិងទោសអោយឃើញម៉ត់ចត់តាមវិធីមុនសិនទេ មិនគួរអាណិតលើកលែង
រឺដាក់ទោសទ័ណ្ឌទេ ដូចការមើលងាយយកដៃលូកទៅក្នុងមាត់ពស់ ឈ្មោះថា យកក្តីវិនាសមកអោយខ្លួនអែងពិត
អិតសង្ស័យឡើយ

នឹកឃើញដូច្នេះហើយ ទើបបិង្គលកៈប្រកាសខ្លាំងៗថា «បើដូច្នោះត្រូវហៅសញ្ជីវកៈអោយចូលមកនឹងប្រាប់អោ
យដឹងខ្លួនរឺអ្វី?»។ ចចកទមនកៈ ឆ្លើយដោយប្រញាប់ថា «ទេ!ទេ!មិនបានទេ!ធ្វើដូច្នេះនាំអោយគេអែងដឹងលឺច្រើន
បែកការសំងាត់ អស់ហើយ ព្រោះលោកថា៖

១៤៥ ពូជគឺការសំងាត់នេះសូម្បីតែបន្តិច បុគ្គលគប្បីលាក់ទុកដោយប្រពៃ គប្បីរក្សាដោយម៉ឺងម៉ាត់តាមដែលនឹង
អាចម៉ឺងម៉ាត់បាន បុគ្គលត្រូវប្រយ័ត្នកុំអោយបែកការឡើយ ការសំងាត់នោះបើបែកធ្លាយហើយ មិនដុះដាលបាន
ផលសំរេចទេ។

១៤៦ -ការងារ ដែលត្រូវចាប់ធ្វើ រឺដែលត្រូវបង្គាប់គេ រឺដែលត្រូវធ្វើខ្លួនអែង បើបុគ្គលមិនគប្បីប្រញាប់ប្រញាល់
ធ្វើអោយបានរួសរាន់ទាន់ពេលទេ កាលវេលានឹងជញ្ជក់ក្រេបផឹកស៊ីរសជាតិការងារនោះអស់រលីង។

ព្រោះហេតុនោះ ការងារអ្វីមួយដែលនរជនប្រារព្ធធ្វើហើយត្រូវតែចាត់ការភ្លាមៗ ដោយការប្រយ័ត្នម៉ឺងម៉ាត់ដែល
អាចនឹងប្រយ័ត្នបាន ព្រោះថា៖

១៤៧ -ការសំងាត់ ដូចទាហានមិនមានទឹកមាំមួន សូម្បីមានគ្រឿងក្រោះការពារ សព៌ាង្គកាយបរិបូរណ៌ហើយ ក៏មិន
អាចធន់ទ្រាំនឹងនៅក្នុងកន្លែងអស់កាលយូរបាន ព្រោះក្តីរង្គៀសខ្លាចក្រែង អាចអោយសត្រូវតយុទ្ធទំលាយបាន។

បើទុកជាសញ្ជីវកៈនេះមើលឃើញទៅកំហុសខ្លួន ហើយចូលមកលោកម្ចាស់ សូមអោយលោះលាត្រាប្រណី
អភ័យទោស ក៏មិនគួរគប្បីសំដែងមេត្រីយកជាមិត្ត តទៅមុខទៀតដែរ ព្រោះថា៖

១៤៨ នរជនណា ចង់ចងសម្ពន្ធមេត្រីម្តងទៀតចំពោះមិត្តដែលបានប្រទូសរួចម្តងហើយ ជរជននោះអែង ឈ្មោះថា
ទៅកាន់យកម្រឹត្យុតែម្តង ដូចមេសេះ ពផ្ទៃសេះអស្សតរដូច្នោះអែង។

សីហៈនិយាយដោយក្លាហានថា៖ «យើងចង់ដឹងដែរ តើសញ្ជីវកៈនេះវាអាចហ៊ានធ្វើគតដណ្តើមរាជ្យយើងម្ល៉ាទៅ។
ចចកទមនកៈឆ្លើយតមទៅវិញថា៖

១៤៩ នរជន មិនដឹងភាវៈនៃការទាក់ទងនឹងជនដទៃហើយមិនត្រូវគេ្នរចុះមតិសំគាល់សមត្ថភាពគេថាដូចម្តេចឡើយ
ចូរមើល! សមុទ្រក៏ចាលចាញ់តេជដៃ សព្វបើត្រដេវវិចដែរ។ សីហៈសួរថា «ចុះរឿងនោះតើដូចម្តេច»។ ចចកទម
នកៈនិយាយរឿងដូចតទៅថា


ស្រីហិតោបទេស
1សន្ដិភាព
2រឿងក្អែក អណ្ដើក និង កណ្ដុរ
3រឿងសុន្ទៈ និងអុបសុន្ទៈ
4រឿងព្រាហ្មណ៍វាយបំបែកក្រឡ
5រឿងកុកនិងក្ដាម
6រឿងត្មាត ឆ្មា និង បក្សី
7រឿងប្រើស ចចក និងក្អែក
8រឿងដំរីនិងទន្សាយ
9រឿងលាពាក់ស្បែកខ្លា
10រឿងបក្សីនិងស្វា
11រឿងហង្សនិងក្ងោក
12រឿងព្រាន ប្រើស ពស់ និង ចចក
13រឿងជាងរថ ភរិយា និងសហាយ
14រឿងគោអុសក ចចកពីរ និសត្វសីហៈ
15រឿងពានរនិងសសរ
16រឿងលានិងឆ្កែ
17រឿងសីហៈនិងឆ្មា
18រឿងស្រ្តីពេស្យានិងគង
19រឿងបរញ្វជកកន្ទប៌កេតុ
20រឿងភរិយាគោបាល និងសាយហាយពីរនាក់
21រឿងចចកនីលពណ៌
22រឿងព្រាហ្មណ៍ និងអ្នកលេង
23រឿងជាងកោរកាត់ល្មោភ
24រឿងពស់ និងកង្កែប
25រឿងព្រាហ្មណ៍និងស្ការ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ