Saturday, July 31, 2010

រឿង ធនញ្ជ័យ១

វគ្គទី ១
នេះនឹងនិយាយពីរឿងធនញ្ជ័យ កាលដើមឡើយមកចាប់កំណើតក្នុងពោះនាងម្ដាយៗដេកទៅយល់សប្ដិតែទៀប ឯព្រឹកដូចជាយល់សូង យល់សប្ដិបេះដូងបេះទាំងបានផ្លែ យល់សប្ដិឃើញខែៗនោះពេញបូរមី នាងនោះភ្ញាក់ឡើងពីដេកគិតថា សប្ដិនេះល្អណាស់ បើដូច្នេះអញនឹងទៅឱ្យហោរមើលឱ្យបានដឹងថាសប្ដិនេះល្អ ឬអាក្រក់គិតស្រេចយកទៀនធូបទៅដល់ផ្ទះហោរ អ្នកហោរមិននៅ នៅប្រពន្ធហោរ នាងនោះទៅដល់ផ្ទះហោរហើយសួរថា អ្នកហោរនៅទេ ប្រពន្ធហោរប្រាប់ថាមិននៅទេ រកគាត់ថ្វីនាង នាងនោះប្រាប់ថា មករកគាត់ឱ្យទាយ ត្បិតខ្ញុំដេកទៅយល់សប្ដិទៀប ឯព្រឹកហាក់ដូចយល់សូង យល់សប្ដិឡើងបេះដូងបោះបានទាំងផ្លែ យល់សប្ដិឃើញខែៗនោះពេញបរមី ប្រពន្ធហោរប្រាប់ដឹងសព្វគ្រប់ថា នាងនោះនឹងកើតកូនៗនោះប្រុសហើយនឹងបានជាស្ដេច ដឹងដូច្នោះគិតថា អញនឹងទាយឱ្យទៅជាខ្ញុំគេ នាងនោះ ស្ដាប់នាងប្រពន្ធហោរទាយដូច្នោះហើយ ក៏លាវិលមកផ្ទះវិញ។
ដល់សម្រាលកូននោះមកប្រុស បានអាយុ៧ឆ្នាំ ដើរទៅលេងខាងផ្ទះមហាសេដ្ឋីសព្វៗថ្ងៃ ឯប្រពន្ធមហាសេដ្ឋីត្បាញលើផ្ទះ បោះត្រល់ទៅវាធ្លាក់ទៅដីក្រឡេកមើលទៅឃើញធនញ្ជ័យនៅនោះ ស្រែកហៅថាអាជ័យរើសត្រល់ឱ្យអញ ទើបធនញ្ជ័យសូរថា បើខ្ញុំរើសត្រល់ តើឱ្យរបស់អ្វីខ្ញុំ ប្រពន្ធមហាសេដ្ឋីថា អញឱ្យអំបុកអាជ័យឯង ធនញ្ជ័យថាឱ្យតិច ឬច្រើន នោះនាងប្រពន្ធមហាសេដ្ឋីប្រាប់ថាអញឱ្យច្រើន ទើបធនញ្ជ័យរើសត្រល់ ហើយអង្គុយចាំទារអំបុកអំពីប្រពន្ធមហាសេដ្ឋីថា ឱ្យអំបុកមក ខ្ញុំនឹងទៅផ្ទះ ប្រពន្ធមហាសេដ្ឋីឱ្យអំបុកមកធនញ្ជ័យៗថាតិចណាស់ ឱ្យច្រើនទៀត ទើបប្រពន្ធមហាសេដ្ឋីឱ្យយកអំបុកមកឱ្យធនញ្ជ័យច្រើនមួយកញ្ជើ ធនញ្ជ័យនៅតែថាឱ្យច្រើនទៀត នោះប្រពន្ធមហាសេដ្ឋីថា អញឱ្យអស់ច្រើនប៉ុណ្ណោះឯង ធនញ្ជ័យស្ដាប់ហើយ ខឹងយំទារតែអំបុកច្រើនៗនោះ ឭទៅដល់មហាសេដ្ឋីៗដើរចូលមកមើលហើយសួរថា អាជ័យថ្វីក៏យំ ទើបប្រពន្ធមហាសេដ្ឋីប្រាប់ថា ខ្ញុំឱ្យរើសត្រល់ឱ្យខ្ញុំថាឱ្យអំបុកច្រើន ឥឡូវខ្ញុំឱ្យមួយកញ្ជើវានៅតែថា ឱ្យច្រើនទៀតឥឡូវនេះវាអង្គុយតែយំ នោះ មហាសេដ្ឋីថា ឱឯងមិនដឹងចិត្តអាជ័យទេ មានតែអញឱ្យវា ទើបវាព្រមសុខចិត្ត ទើបមហាសេដ្ឋីហៅថា អាជ័យមកឯណេះអញនឹងឱ្យអំបុកឯងច្រើន ឯធនញ្ជ័យឭមហាសេដ្ឋីហៅដូច្នោះហើយ ដើរទៅតាមមហាសេដ្ឋី ទើបមហាសេដ្ឋីឱ្យយកចង្អេរ១មកដាក់អំបុកនឹងចង្អេរបានជា២ដុំហើយសួរថា អាជ័យអាមើលអំបុកណាច្រើន ធនញ្ជ័យថានេះច្រើន នេះតិច ទើបមហាសេដ្ឋីថា បើឯណាច្រើនអាឯងយកច្រើននោះចុះ ធនញ្ជ័យយកអំបុកនោះ ហើយក៏គិតតែក្នុងចិត្តឯងថា ឱអញចាញ់បោកមហាសេដ្ឋីនេះហើយ អញនឹងផ្ចាញ់ប្រាជ្ញាគាត់នេះឱ្យបាន ទើបអញសុខចិត្ត។ ធនញ្ជ័យគិតដូច្នោះស្រេចហើយដើរទៅដល់ម្ដាយ ឪពុក ប្រាប់ម្ដាយថា អ្នកម៉ែទៅយកប្រាក់សេដ្ឋី ខ្ញុំនឹងទៅជាខ្ញុំមហាសេដ្ឋី នឹងបម្រើលោកតាចិត្តខ្ញុំប៉ង ខ្ញុំមិននៅនឹងអ្នកម៉ែទេ។ ម្ដាយធនញ្ជ័យស្ដាប់កូនថាដូច្នោះហើយសួរកូនថា អ្នកមាសម្ដាយ ម្ដាយនឹងមានជំពាក់បំណុលគេក៏ទេ ម្ដេចក៏ឱ្យម្ដាយយកកូនទៅនៅជាខ្ញុំគេដូច្នោះ ទើបធនញ្ជ័យប្រាប់ម្ដាយថា ខ្ញុំទៅនៅផ្ចាញ់ប្រាជ្ញាលោកមហាសេដ្ឋីទេ ឱ្យកូនទៅនៅជាខ្ញុំមហាសេដ្ឋីអំពីថ្ងៃនោះឯង។
ឯមហាសេដ្ឋីក៏ប្រើចៅធនញ្ជ័យ ឱ្យកាន់ថាសស្លាដើរតាមទៅគាល់ស្ដេចសព្វៗថ្ងៃទៅ ឯធនញ្ជ័យដើរក្រដល់ ត្បិតមហាសេដ្ឋីជិះសេះនឹងដើរមិនទាន់ បានជាមហាសេដ្ឋីស្រដីថា អាជ័យឯងដើរដូចម្ដេចក៏មិនទាន់អញ ទើបធនញ្ជ័យប្រាប់ថា ត្បិតខ្ញុំខ្លាចវាជ្រុះប្រអប់អំពីថាសស្លា ទើបមហាសេដ្ឋីស្រដីប្រាប់ថា អំពីថ្ងៃនេះទៅ អាឯងរត់ឱ្យតែបានតែទាន់សេះអញ បើវាជ្រុះរបស់កុំឈប់រើសឡើយ ធនញ្ជ័យស្ដាប់ហើយឆ្លើយថាបាទ។
លុះដល់ថ្ងៃឯក្រោយវិញទៀតនោះ ធនញ្ជ័យនឹងទៅតាមមហាសេដ្ឋី កាលមហាសេដ្ឋីឡើងជិះសេះបរចេញទៅ ធនញ្ជ័យក៏រត់តាមក្រោយសេះជ្រុះអស់ប្រអប់ស្លាអំពីក្នុងថង់ស្រេះ នោះ នៅតែថាសស្លា ហើយនិងថង់ស្រែះទទេ លុះទៅដល់សាលាមហាសេដ្ឋីចុះអំពីលើខ្នងសេះហើយឡើងលើសាលាជួបជុំអង្គុយ នឹងអស់នាម៉ឺនធំតូច ហើយហៅទៅថា អាជ័យយកថាស់ស្លាមកឱ្យអញស៊ី ឯធនញ្ជ័យយកថាសស្លាជូនមហាសេដ្ឋី ហើយថយមកអង្គុយនៅទីមួយដ៏សមគួរនឹងខ្លួនឯង មហាសេដ្ឋីទទួលថាសស្លាមកហើយ ក៏មើលទៅឃើញតែថាសទទេ ខ្មាសគេមិនហ៊ានស្រដីថាអ្វីៗឡើយ លុះដល់ពេលត្រលប់មកផ្ទះវិញ ហើយហៅថា អាជ័យអាមកណេះ ឯធ្នញ្ជ័យឭមហាសេដ្ឋីហៅដូច្នោះហើយ ក៏ដើរចូលទៅ។ មហាសេដ្ឋីក៏សួរថា អាជ័យឯងដូចជាធ្លាក់ប្រអប់អស់មិនរើសឡើងវិញ ធ្នញ្ជ័យនជម្រាបថាខ្ញុំខ្លាចដើរមិនទាន់តាមលោកតា បានជាខ្ញុំមិនហ៊ានឈប់រើស ត្បិតលោកតាផ្ដាំឱ្យខ្ញុំឱ្យទាន់សេះលោកតានោះឯង ឯមហាសេដ្ឋីស្រដីប្រាប់ថា បើទៅលើកក្រោយ ជ្រុះរបស់អ្វីឱ្យរើសកុំខាន បើមិនបានរើស អញវាយអាឯង ធនញ្ជ័យស្ដាប់ឭសម្ដីផ្ដាំដូច្នោះហើយក៏ចាំទុក។ លុះដល់ព្រឹកឡើងនឹងទៅគាល់ស្ដេច ហើយឡើងជិះសេះ ហើយធនញ្ជ័យកាន់ថាសស្លាដើរតាមក្រោយសេះ ដែលមហាសេដ្ឋីជិះនោះឯង ឯសេះនោះវាជុះអាចម៍ ធនញ្ជ័យក៏រើសអាចម៍សេះនោះដាក់ក្នុងថាសស្លានោះ ទាល់តែពេញហើយដើរតាមក្រោយទៅ មហាសេដ្ឋីជិះសេះទៅដល់មុន រកមើលធនញ្ជ័យបាត់។
មានកាលមួយ ថ្ងៃស្ដេចគិតក្នុងព្រះរាជហឫទ័យថា អញនឹងល្បងប្រាជ្ញាអាជ័យចង់ដឹងមើល លុះដល់ព្រឹកឡើងហើយស្ដេចយាងទៅកំពង់ទឹកហើយស្ដេចយាងទៅកំពង់ទឹកហើយ បានហៅអស់នាម៉ឺនធំតូចទាំងប៉ុន្មានៗរកពងមាន់មួយម្នាក់ឱ្យក្ដាប់ ចុះទៅក្នុងទឹកមុជទៅងើបឡើងឱ្យថា តុក្កតតពង១ ថ្វាយស្ដេច ឯធនញ្ជ័យកុំឱ្យដឹងឡើយឯអស់នាម៉ឺនរកពងមាន់បាន១ម្នាក់ហើយចុះទឹក មុជទៅងើបឡើងថាតុក្កតតពង១ ថ្វាយហើយ ម្នាក់មុជទៅទៀតហើយងើបឡើងថា ដូចគ្នាហើយថ្វាយពងមាន់នោះគ្រប់គ្នា ហើយនៅតែធនញ្ជ័យក្រោយគេ មិនបានដឹងខ្លួនថាស្ដេចឱ្យចុះទឹកកាន់ពងមាន់ទៅដូច្នោះឡើយ ហើយស្ដេចឱ្យហៅមកថា អាជ័យអាឯងចុះទឹកមុជទៅងើបឡើងនឹងអាលថ្វាយពងមាន់ឱ្យដូចគេ ធនញ្ជ័យនឹងរកពងមាន់គ្មានហើយក៏មុជទឹកទៅងើបឡើងថា កឹគគិគលគក ឯស្ដេចមានបន្ទូលសួរថា ឯណាអាជ័យពងមាន់ ទើបធនញ្ជ័យថា ត្បិតទូលបង្គំនេះជាមាន់ឈ្មោលជាន់មាន់ញីទាំងអស់នេះឯង បានជាមានពង បើកុំទូលបង្គំជាឈ្មោលហើយជាន់ហើយជាន់មាន់ញីទាំងនេះ គ្មានពងទេក្រាបទូល សូមទ្រង់ជ្រាប ស្ដេចស្ដាប់ហើយក៏កោតប្រាជ្ញាធនញ្ជ័យ ហើយមានព្រះបន្ទូលសួរថា អាជ័យអាយុឯងមានប៉ុន្មានឆ្នាំហើយ ធនញ្ជ័យក្រាបទូលថា អាយុទូលបង្គំជាខ្ញុំបាន១១ឆ្នាំ។
ស្ដេចស្ដាប់ហើយ មានព្រះបន្ទូលប្រាប់អស់នាម៉ឺនឱ្យបានដឹង ត្បិតស្ដេចនឹងយាងទៅប្រពាតព្រៃ ឱ្យអស់នាម៉ឺនរៀបខ្លួនចាំកំណត់ដប់ថ្ងៃទៀតទើបស្ដេចយាងទៅ ឯអស់នាម៉ឺនបានប្រាប់ព្រះបន្ទូលប្រាប់ដូច្នោះហើយ ក៏រៀបខ្លួនគ្រប់នាម៉ឺនតាមមុខងាររៀងខ្លួន លុះដល់ថ្ងៃស្ដេចចេញទៅហើយហៅធនញ្ជ័យមកមានព្រះបន្ទូលបង្គាប់ថា អាជ័យឯងអញឱ្យជិះដំរីដែលដាក់ក្រយាស្ងោយទៅឱ្យបានទាន់អញ បើមិនទាន់អញ ឯងនឹងមានសេចក្ដីខុសមិនលែងឡើយ ឯដំរីនោះស្ដេចឱ្យយកដំរីចាស់នឹងដើរមិនចង់រួច ហើយឱ្យធនញ្ជ័យជិះទៅ ឯធនញ្ជ័យក៏ឡើងជិះបរទៅវាដើរមិនទាន់គេឡើយ ធនញ្ជ័យក៏ធ្វើក្ដោង ហោយយកថ្នោលដោលលើខ្នងដំរីនោះឯង។ ព្រះមហាក្សត្រស្ដេចយាងទៅដល់ព្រះពន្លា ហើយឱ្យរកធនញ្ជ័យក៏បាត់ហើយត្រាស់ថា អាជ័យនេះខុសហើយមិនខាន លុះដល់យូរបានបីម៉ោងទើបធនញ្ជ័យមកដល់ ព្រះមហាក្សត្រស្ដេចឱ្យហៅធនញ្ជ័យមកសួរថា អាជ័យឯងបរដំរីដូចម្ដេចក៏មិនទាន់អញ អាឯងខុសហើយត្បិតអញបានប្រាប់ថា ឱ្យមកទាន់កុំខាន ឯធនញ្ជ័យស្ដាប់ព្រះបន្ទូល ហើយក៏ក្រាបទូលថា ត្បិតដំរីវាមិនដើរ ទូលព្រះបង្គំជាខ្ញុំធ្វើក្តោងបើក ហើយធ្វើថ្នោលដោលផង ទូលព្រះបង្គំជាខ្ញុំនឹងបានប្រហែលក៏ទេ ហើយស្ដេចក្រសាលសប្បាយទៅលុះដល់ថ្ងៃរសៀលវិលមកវិញ ហើយចូលផ្ទំ។
ហើយស្ដេចគិតក្នុងព្រះហឫទ័យថា អាជ័យនេះមានប្រាជ្ញាណាស់ នឹងគិតធ្វើដូចម្ដេចឱ្យទាល់ប្រាជ្ញាវានោះ បើដូច្នោះ មានតែអញនឹងដេញប្រាជ្ញាវាទៀត ស្ដេចទ្រង់ព្រះរាជហឫទ័យដូច្នោះហើយ ឱ្យអស់នាម៉ឺនមុខមន្ដ្រី នូវអស់មហាតលិកឃុនម៉ឺន នូវនាម៉ឺនរកងារក្នុងងារដែលនៅក្នុងព្រះនគរ ឱ្យមកជួបជុំនឹងទ្រង់បង្គាប់ឱ្យហែស្ដេចចេញទៅលើព្រៃក្នុង ថ្ងៃស្អែកនេះឯង តែឱ្យជិះសេះហែឱ្យគ្រប់គ្នា តែអ្នកណាគ្មានសេះជិះនឹងបានថាមានសេចក្ដីខុសមិនលែងឡើយ ឯធនញ្ជ័យកុំវាដឹងសេចក្ដីនេះឡើយ បើព្រឹកឡើងនឹងចេញទៅ ហើយសឹមនឹងប្រាប់អាជ័យថា ឱ្យរកសេះជិះទៅ លុះដល់ព្រឹកឡើងហើយស្ដេចចេញទៅ អស់នាម៉ឺនឡើងជិះសេះហែស្ដេច ឯព្រះមហាក្សត្រឱ្យហៅធនញ្ជ័យមកហើយទ្រង់បង្គាប់ថា អាជ័យឯងមកហែអញទៅ ហើយឱ្យរកសេះជិះទៅ ដើរទៅជើងទទេអញនឹងយកទោសអាឯងខុស ឯធនញ្ជ័យស្ដាប់ហើយទទួលព្រះបន្ទូលរត់ទៅរកគេគ្មាន ឥតនរណានឹងឱ្យ ព្រះមហាក្សត្រប្រាប់ធនញ្ជ័យហើយយាងស្ដេចចេញទៅ ឯធនញ្ជ័យកាលរកសេះមិនបាន ហើយទៅយកសេះកូនចគ្រង្គក្ដាប់នឹងដៃ ហើយដើរទៅហែស្ដេច។ ព្រះមហាក្សត្រស្ដេចទៅដល់ព្រះពន្លាហើយរកធនញ្ជ័យមិនឃើញធនញ្ជ័យដើរ អំពីចម្ងាយ លុះដល់ល្មមស្ដេចទតមកឃើញក៏ប្រឹងរត់ទៅដល់ ហើយក្រាបថ្វាយបង្គំ ព្រះមហាក្សត្រស្ដេចមានព្រះបន្ទូលសួរថា អាជ័យអញឱ្យឯងជិះសេះមក ឥឡូវនេះក៏មិនជិះសេះមក ។ ធនញ្ជ័យក្រាបទូលថា សេះនេះដែលខ្ញុំជិះហែម្ចាស់ ស្ដេចស្ដាប់ហើយក៏ស្ងៀមនៅមិនមានព្រះបន្ទូលជាអ្វីឡើយ ហើយស្ដេចក៏វិលមកក្នុងព្រះរាជវាំងវិញ។
លុះដល់ព្រឹកឡើង ស្ដេចត្រាស់ឱ្យហៅធនញ្ជ័យមកគាល់ហើយមានព្រះបន្ទួលថា អាជ័យឯងទៅបោសក្រោមដំណាក់កុំឱ្យមានសំរាមនៅក្រោមដំណាក់សព្វៗថ្ងៃ ទៅ បើឯងខាននឹងបានសេចក្ដីខុសមិនលែងឡើយ ឯធនញ្ជ័យស្ដាប់ព្រះបន្ទូល ហើយក៏រៀបខ្លួនចេញទៅបោសក្រោមដំណាក់អស់អ្នកម្នាងនោះ ហើយអស់ទាំងស្ត្រីបម្រើវាដើរទន្ទ្រាំលើក្បាលធនញ្ជ័យតែសព្វៗថ្ងៃ ឯធនញ្ជ័យគិតថាអស់ទាំងស្ត្រីនេះដើរលើក្បាលអញ បើដូច្នោះអញនឹងគិតធ្វើកុំឱ្យស្ដេចប្រើកុំឱ្យមកបោសក្នុងដំណាក់ នេះទៀតបានឡើយ។ គិតស្រេចហើយធនញ្ជ័យក៏ជេរថា មេដកទងចោរទាំងអស់នេះ វាបានស៊ីក៏តែគូថ វាមិនបានស៊ីក៏តែពីគូថវា ស្រែកជេរខ្លាំង ឭដល់ទៅអស់អ្នកម្នាងនៅលើដំណាក់នោះ អ្នកម្នាងខឹងនឹងធនញ្ជ័យក៏បបួលគ្នាឡើងទៅក្រាបទូលថា សូមទ្រង់ជ្រាបព្រះរាជហឫទ័យ ត្បិតត្រាស់ប្រើអាជ័យឱ្យវាទៅបោសក្រោមដំណាក់ ឥឡូវនេះវាជេរបញ្ជោរអស់យើងខ្ញុំជាទម្ងន់ មុខគួរឱ្យខ្មាសអស់មនុស្សផងទាំងពួងនឹងធ្វើជាព្រះម្នាងស្ដេចមិនបាន សូមជ្រាប ឯព្រះមហាក្សត្រមានព្រះបន្ទូលថា វាជេរដូចម្ដេច ទើបអ្នកម្នាងទូលថា ជេរមេដកទងចោរទាំងអស់នេះ វាបានស៊ីតែពីគូថ វាមិនបានស៊ីក៏តែពីគូថវា ស្ដេចស្ដាប់ហើយក៏ទ្រង់ព្រះក្រោធ ត្រាស់ឱ្យហៅធនញ្ជ័យមកហើយមានបន្ទូលសួរថា អាជ័យឯងអញប្រើឱ្យឯងទៅបោសក្រោមដំណាក់ ដូចម្ដេចក៏បានជាអាជ័យឯងជេរបញ្ជោរអស់ប្រពន្ធអញមែនឬទេ?។ ទើបធនញ្ជ័យក្រាបទូលថា ទូលព្រះបង្គំជាខ្ញុំនឹងបានជេរបញ្ជោរអស់អ្នកក៏ទេ ប៉ុន្តែកាលទូលព្រះបង្គំចូលទៅបោសក្រោមដំណាក់នោះមានពីងពាងព័ទ្ធ ក្រោមដំណាក់នោះច្រើន ដល់ទូលព្រះបង្គំជាខ្ញុំចូលទៅបោសវាជាប់ក្បាលទូលព្រះបង្គំជាខ្ញុំ បានជាជេរវា មេដកទងចោរទាំងអស់នេះ វាបានស៊ីក៏តែគូថ វាមិនបានស៊ីក៏តែពីគូថវា ទូលព្រះបង្គំជាខ្ញុំនឹងបានជេរអស់អ្នកម្នាងជាម្ចាស់ក៏ទេ សូមទ្រង់ជ្រាប។ ព្រះមហាក្សត្រស្ដាប់ហើយក៏មានព្រះបន្ទូលនឹងអ្នកអស់ម្នាងថា អស់ឯងកុំខឹងនឹងវាៗនឹងបានជេរឯងក៏ទេ វាជេរតែពីងពាងទេ ទើបអស់អ្នកម្នាងក្រាបទូលថា អំពីថ្ងៃនេះទៅម្ចាស់កុំឱ្យអាជ័យវាទៅបោសក្រោមដំណាក់នោះទៀតឡើយ ព្រះមហាក្សត្រក៏ហាមធនញ្ជ័យមិនឱ្យទៅបោសក្រោមដំណាក់នោះទៀត អំពីថ្ងៃនោះ។
ឯធនញ្ជ័យក៏ខានពុំបានចូលក្រោមដំណាក់នោះ អំពីថ្ងៃនោះឯង។
ព្រះមហាក្សត្រគិតក្នុងព្រះហឫទ័យថា អាជ័យនេះវាមានប្រាជ្ញាណាស់ នឹងដេញប្រាជ្ញាមិនទាន់ បើដូច្នោះ អញនឹងឱ្យវាយកមាន់វាមកជល់នឹងមាន់អញ ហើយអញនឹងឱ្យហាមប្រាមអ្នកនគរអញកុំឱ្យនរណាឱ្យមាន់ខ្លាំងប្រជល់មក ធនញ្ជ័យទិញ ឬខ្ចី បើនរណាឱ្យខ្ចី ឬលក់ឱ្យធនញ្ជ័យ នឹងយកទោសខុសមិនខានឡើយ គិតក្នុងព្រះហឫទ័យដូច្នោះហើយស្ដេចក៏ក្រសាលសប្បាយទៅ លុះដល់ព្រឹកឡើងស្ដេចចេញមកគង់នៅសាលាក្រៅ ទ្រង់ឱ្យហៅអស់នាម៉ឺនមកជួបជុំ ហើយមានព្រះបន្ទូលបង្គាប់ឱ្យរកមាន់មកជល់នឹងព្រះលាន ហើយឱ្យធនញ្ជ័យមកដល់ហើយមានព្រះបន្ទូលបង្គាប់ថា អាជ័យឯងទៅរកមាន់អាឯងមកជល់នឹងមាន់អញឱ្យបានមកឥឡូចនេះឯង ឯធនញ្ជ័យក្រាបថ្វាយបង្គំលាហើយគិតថា ព្រះមហាក្សត្រលោកនឹងផ្ចាញ់ប្រាជ្ញាអញហើយ បើអញនឹងរកទិញមាន់គេ លោកហាមប្រាមមិនឱ្យនរណាលក់ឱ្យឡើយ បើដូច្នោះងាយទេ អញនឹងយកមាន់អញនេះឯង គង់តែនឹងជល់ឈ្នះមាន់ព្រះមហាក្សត្រមិនខានឡើយ គិតហើយក៏ដើរដល់ផ្ទះខ្លួនហើយចាប់យកកូនមាន់ ដែលទើបនឹងដុះក្រាស់នោះមក ហើយយកសម្ពត់រុំកូនមាន់នោះរួចដើរទៅ លុះដល់ព្រះមហាក្សត្រហើយក្រាបថ្វាយបង្គំ ស្ដេចទតមើលមិនឃើញធនញ្ជ័យយកមាន់មកដល់ទ្រង់បង្គាប់នោះ ក៏ទ្រង់មានព្រះបន្ទូលសួរថា អាជ័យឯណាមាន់អាឯងដែត្រូវជល់នឹងមាន់អញនោះ ឯធនញ្ជ័យក៏ក្រាបទូលថា ឱ្យតែយកមាន់ព្រះរាជទ្រព្យនោះមកនឹងជល់នឹងព្រះទូលបង្គំជាខ្ញុំ ទើបព្រះមហាក្សត្រត្រាស់ប្រើឱ្យទៅយកមាន់ព្រះមហាក្សត្រមកជល់ ហើយឱ្យលែងមាន់នោះ នៅទីដែលប្រជល់នោះឯង ឯអស់នាម៉ឺនក៏ដាក់ឱ្យជល់គ្នា ដោយគូៗគ្រប់គ្នា ឯព្រះមហាក្សត្រមានព្រះបន្ទូលតឿនទៅថា អាជ័យថ្វីក៏មិនលែងមាន់អាឯងទៅមើល ឯធនញ្ជ័យឭព្រះបន្ទូលតឿនដូច្នោះហើយ ក៏យកកូនមាន់ដែលគ្របនឹងសម្ពត់សដាក់ទៅឱ្យជល់នឹងមាន់ព្រះរាជ ទ្រព្យ ឯកូនមាន់នោះវាឃើញមាន់ធំនោះ វាស្មានថាជាមេវា ហើយរត់ទៅសសុលក្រោមពោះមាន់ធំនោះ ឯមាន់ធំឃើញកូនមាន់នោះរត់មកសសុលក្រោមពោះដូច្នោះហើយ វាក៏រត់ចេញ ឯធនញ្ជ័យក៏ស្រែកទះដៃថា មាន់ធំនោះចាញ់មាន់អញហើយ មិនហ៊ានជល់ទេ វារត់ទៅហើយ ឯព្រះមហាក្សត្រទ្រង់ព្រះក្រោធនឹងធនញ្ជ័យ ហើយក៏វិលចូលទៅក្នុងព្រះរាជមន្ទីរ ហើយទ្រង់ព្រះរាជចិន្ដាថា បើដូច្នោះអញប្រជល់ក្របីវិញ។
មានកាលមួយ ថ្ងៃស្ដេចត្រាស់ហៅអស់នាម៉ឺនមក ហើយមានព្រះបន្ទូលហាមអស់នាម៉ឺនថា បើអាជ័យវារកខ្ចីក្របីនរណា កុំឱ្យរាស្ត្រណាឱ្យឡើយ បើនរណាឱ្យខ្ចីហើយនឹងមានទោសខុស ទ្រង់ហាមអស់នាម៉ឺនស្រេចហើយ ក៏យាងចូលទៅក្នុងដំណាក់វិញ ឯធនញ្ជ័យនឹងបានដឹងថា ស្ដេចហាមដូច្នោះក៏ទេ។
លុះព្រឹកឡើងស្ដេចចេញមកគង់នៅសាលាក្រៅ ហើយប្រើឱ្យយកក្របីព្រះរាជទ្រព្យមួយដែលឡើងកំឡាំងមកដល់ ឥតមានក្របីឯណានឹងដល់ បានឡើយ យកមកដល់ហើយមានព្រះបន្ទូលទៅហៅធនញ្ជ័យឱ្យយកក្របីមកប្រជល់នឹង ក្របីព្រះរាជទ្រព្យកុំខានឡើយ ឱ្យយកមកជាមួយនឹងបម្រើកុំខាន បម្រើស្ដាប់ហើយក៏ទៅប្រាប់ធនញ្ជ័យដូចមានព្រះបន្ទូលបង្គាប់នេះឯង ធនញ្ជ័យស្ដាប់ព្រះបន្ទូលដូច្នេះហើយ ក៏ចុះអំពីផ្ទះទៅចាប់យកកូនក្របីទើបនឹងសម្រាល១០ថ្ងៃ ហើយចងកូនក្របីនោះដឹកជាមួយនឹងបម្រើទៅដល់ ហើយក្រាបថ្វាយគាល់ ឯព្រះមហាក្សត្រស្ដេចទតមកយល់ក្របីធនញ្ជ័យដឹកយកមកដល់ ក៏ទ្រង់បង្គាប់ធនញ្ជ័យថា ឱ្យយកក្របីអាឯងឱ្យវាជល់នឹងមើល ទើបធនញ្ជ័យដឹកកូនក្របីទៅទៀបក្របីធំនោះឯង ឯកូនក្របីនោះ វាមើលទៅឃើញក្របីធំនោះហើយ វាស្មានថាជាមេវា វាក៏រត់ទៅ បៅពងផ្លោកក្របីនោះ។ ឯក្របីធំនោះវារសើប វាក៏ស្ទុះបោលដាច់ខ្សែនឹងចាប់ក៏មិនបាន ឯធនញ្ជ័យស្រែកថា ចាញ់ហើយៗកូនក្របីនោះក៏បោលតាមក្របីឈ្មោលនោះឯង ព្រោះវាថាជាមេរបស់វា ព្រះមហាក្សត្រទតទៅឃើញថា ក្របីព្រះរាជទ្រព្យនោះវាបោលទៅ ហើយឃើញកូនក្របីបោលតាមពីក្រោយដូច្នោះ ក៏អៀនក្នុងព្រះហឫទ័យណាស់។
អានតទៅវគ្គទី ២

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ