Saturday, July 31, 2010

រឿង ធនញ្ជ័យ៤

វគ្គទី ៤
ស្ដេចព្រះមហាក្សត្រាធិរាជទ្រង់ស្ដាប់ធនញ្ជ័យក្រាបទូលដូច្នេះហើយ ស្ដេចមានព្រះបន្ទូលថា អាឯងថាដូច្នោះត្រូវហើយ តែដែលអាលក់រាស្ដ្រនៅធ្ងន់ណាស់ អាយកតែបាទ១វិញ។
ឯធនញ្ជ័យក៏បានទទួលព្រះបន្ទូលហើយក្រាបលាទៅបាទ១ អំពីលោកសង្ឃ ហើយទៅប្រាប់អស់មនុស្សដែលចាប់លក់អំពីមុនថា ត្បិតហ្លួងមិនឱ្យយកប្រាក់តម្លឹង៣០ទេ វាធ្ងន់ណាស់ ឱ្យអញយកបាត្រ១ អំពីអស់ឯងវិញ ប្រាប់ហើយយកបាត្រមកវាស់ ឯអស់រាស្ដ្រខ្លះនឹងយកប្រាក់មកវាស់ឱ្យពេញបាត្រនោះមិនបាន ធនញ្ជ័យក៏ប្រើទារ ឯអស់រាស្ដ្រនោះរត់ទៅក្រាបទូលថា ពុំចេរនិងទ្រង់មេត្តា ត្បិតធនញ្ជ័យថាម្ចាស់មិនឱ្យយកប្រាក់តម្លឹង៣០ ឱ្យយកបាត្រមួយ ឥឡូវគាត់ឱ្យយកបាត្រលោកសង្ឃមកវាស់វិញ ដូច្នេះឃើញថាធ្ងន់ណាស់ ហើយខ្ញុំនឹងរកប្រាក់ឱ្យពេញបាត្រនោះមិនបានទេ ស្ដេចមហាក្សត្រស្ដាប់ហើយ ក៏ត្រាស់ប្រើឱ្យហៅអាជ័យឱ្យមកឆាប់ ឯអាមាត្យឭព្រះបន្ទូលប្រាប់ដូច្នោះហើយ ក៏ក្រាបថ្វាយបង្គំលា ទៅហៅធនញ្ជ័យមកហើយ មានព្រះបន្ទូលសួរថា អាជ័យអាថាអញឱ្យយកបាត្រទៅយកប្រាក់ពីរាស្ដ្រអង្កាល់ ឯធនញ្ជ័យក្រាបទូលថា ម្ចាស់មានព្រះបន្ទូលថាឱ្យ១បាត្រវិញ កុំឱ្យយក៣០តម្លឹងឡើយ បានជាទូលព្រះបង្គំយកតាមព្រះបន្ទូលវិសេសនោះ ឯមហាក្សត្រស្ដាប់ហើយក៏មានព្រះបន្ទូលថា អញឱ្យយក៤ស្លឹងបប្រាក់ចាយសព្វថ្ងៃនេះទេ ប៉ុន្តែគេហៅថាមួយបាត្រ ឥឡូវនេះអាយកតែ៤ស្លឹងវិញ កុំយកបាត្រទៅវាស់នោះមិនត្រូវទេ។ ហើយស្ដេចមានព្រះបន្ទូលថា អាជ័យឯងនេះធ្វើឱ្យក្ដៅទឹកដីអញណាស់ នឹងទុកនៅមិនបាន ទើបស្ដេចមានព្រះបន្ទូលហៅនាយពេជ្ឍឃាតយកធនញ្ជ័យសម្លាប់ ដូចព្រះបន្ទូលបង្គាប់នោះហោង ឯអស់ពេជ្ឈឃាតនាំធនញ្ជ័យទៅដល់ទូកហើយ ឱ្យយកទូកមួយមករកគ្នាដាក់អង្គុយ អុំគ្រប់ចំណុះទូកពេញហើយ ដាក់ធនញ្ជ័យចំកណ្ដាលហើយតាំងហ៊ោបីដង ចេញទូកទៅ ធនញ្ជ័យគិតក្នុងចិត្តថា អញនឹងបញ្ឆោតអស់ទាំងពេជ្ឈឃាតកុំឱ្យសម្លាប់អញបាន គិតរួចហើយនិយាយថា អស់បងប្អូនឥឡូវនេះ អញសម្លាប់ហើយ អញនឹងលែងឱ្យអស់បងប្អូនសប្បាយម្ដងកុំខ្លាច បើរត់តើនឹងទៅឯណា នៅក្នុងទឹកនោះឯង ឯអស់ពេជ្ឈឃាតស្ដាប់ពាក្យធនញ្ជ័យហើយគិតថា តើនឹងមានបើនឹងរត់ តើដូចម្ដេចក៏នឹងរួចក្នុងតែអញនឹងចាប់បាន គិតដូច្នោះហើយក៏ស្រាយធនញ្ជ័យចេញ ឯធនញ្ជ័យក៏ថាឱ្យខ្ញុំទៅកន្សៃទូក ហើយខ្ញុំនឹងច្រៀងបន្ទរលេងឱ្យសប្បាយ ឯអស់ពេជ្ឈឃាតក៏ព្រមឱ្យធនញ្ជ័យទៅអង្គុយឯកន្សៃច្រៀងបន្ទរថា បើអញថាធនញ្ជ័យធ្លាក់ទឹក ឯងថាហៃអើៗ ឯអស់អ្នកអុំទូកក៏ព្រមថាហៃអើៗ លុះថាតែដូច្នោះរឿយៗទៅហើយ វាពុំបានជាគិតថា ធនញ្ជ័យនឹងលោតទឹករត់ដូច្នោះ គិតតែសប្បាយក៏ថាទៅ នឹងដឹងថាដូច្នោះក៏ទេ។ ឯធនញ្ជ័យថាឱ្យស្រែកឱ្យខ្លាំងជាងពីដើមទៀតលុះល្មមតែនឹងលោតទឹក ហើយ ធនញ្ជ័យក៏លោតទៅក្នុងទឹកប្រូងទៅ។
ឯអ្នកកន្សៃស្រែកថា ធនញ្ជ័យធ្លាក់ទឹកទៅហើយ អ្នកក្បាលថាហៃអើៗដូចអំពីដើមនោះឯង ឯធនញ្ជ័យក៏ប្រឹងហែលទៅដល់ត្រើយ ហើយដើររើសស្បង់ចីពរបាន ហើយចូលទៅជួននឹងលោកសង្ឃរាជនៅក្នុងកុដលោកនោះ ជាសុខសប្បាយដូចសព្វដងរៀងមក ឯអស់អ្នកអុំទូកនោះលុះបន្តិចដឹងថា ធនញ្ជ័យលោតទឹកទៅ ហើយក៏បន្ទោសគ្នាថា អញមិនដឹងទេ សេចក្ដីនេះតាមតែលោកនាយចុះខុសត្រូវយើងមិនបានស្រាយធនញ្ជ័យទេ ជជែកគ្នាហើយវិលមកវិញ ហើយឡើងទៅក្រាបទូលថា សូមទានក្រាបទូល ត្បិតទ្រង់បង្គាប់ឱ្យនាំធនញ្ជ័យទៅសម្លាប់នោះ ធនញ្ជ័យក៏ខឹងចិត្តលោតទឹកទាំងចំណងលិចបាត់ទៅមិនឃើញអណ្ដែតឡើងឡើយ។ ឯព្រះមហាក្សត្រស្ដាប់ហើយ មានព្រះបន្ទូលថា វាហើយទៅចុះ កុំឱ្យតែវារស់ឡើងវិញ មានព្រះបន្ទូលដូច្នោះហើយ គង់កំសាន្ដព្រះទ័យជាសប្បាយឥតមានខ្ញាល់ឡើយ។
លុះដល់យូរបន្ដិចទៅ ដឹងឭដល់ស្រុកចិនថា នៅស្រុកគោកធ្លក ជាស្រុកខ្មែរមានអ្នកប្រាជ្ញមួយឈ្មោះធនញ្ជ័យ ឥតមានអ្នកប្រាជ្ញឯណានឹងស្មើប្រាជ្ញចៅធនញ្ជ័យនោះបាន ប៉ុន្តែឥឡូវនេះ គេសម្លាប់ទៅហើយ បើដូច្នោះឃើញថា នឹងយកនគរងាយ ស្ដេចស្រុកចិនគិតឃើញដូច្នោះហើយ ឱ្យហៅនាម៉ឺនធំតូចមកដល់ហើយ ស្ដេចឱ្យជំនុំរឿងនឹងចាប់យកនគរខ្មែរ ត្បិតស្ដេចនគរខ្មែរសម្លាប់អ្នកប្រាជ្ញទៅហើយ បើនាម៉ឺនជំនុំគិតគ្នាឃើញដូចម្ដេចឱ្យមកប្រាប់អញ។ ឯអស់នាម៉ឺនបានស្ដាប់ព្រះបន្ទូលហើយមកជំនុំគ្នាថា បើគេសម្លាប់អ្នកប្រាជ្ញនោះ វាជាហើយ យើងឱ្យអ្នកប្រាជ្ញយើងទៅចោទប្រស្នា បើរកមិនឃើញ យើងយកនគរនោះបានងាយគិតឃើញដូច្នោះហើយ ឡើងទៅក្រាបទូលឱ្យទ្រង់ជ្រាបថាអស់យើងខ្ញុំគិតទៅឃើញថា ឱ្យអាចារ្យយើងបាន៤នាក់ ទៅចោទប្រស្នាភ្នាល់យកនគរនេះឃើញថាងាយ ត្បិតអ្នកប្រាជ្ញស្រុកខ្មែរស្លាប់ទៅហើយ ស្ដេចស្ដាប់ហើយក៏ព្រមតាមនាម៉ឺនទូលនោះ ហើយឱ្យយកអាចារ្យ៤នាក់មក មកដល់ហើយទ្រង់ផ្ដាំថា ឱ្យទៅចោទប្រស្នាភ្នាល់នឹងស្ដេចស្រុកខ្មែរ បើអ្នកណាចាញ់យកនគរធ្វើជាចំណុះផ្ដាំរួចហើយឱ្យយកសំពៅបាន៤ឱ្យ មួយម្នាក់គ្រប់អាចារ្យទាំងបួន ហើយធ្វើព្រះបន្ទូលមកស្រុកខ្មែរឱ្យបានជ្រាបថា ឯសេចក្ដីក្នុងសំបុត្រព្រះបន្ទូលនោះថា ព្រះរាជសារមេត្រីអំពីស្ដេចក្រុងចិន ថ្វាយមកស្ដេចស្រុកខ្មែរសូមបានជ្រាប ត្បិតឭដំណឹងដោយរាស្ដ្រទៅរកស៊ីស្រុកខ្មែរថាស្រុកខ្មែរមាន អ្នកប្រាជ្ញមួយឈ្មោះធនញ្ជ័យជាអ្នកប្រាជ្ញធំ ឥឡូវនេះយើងប្រើអ្នកប្រាជ្ញស្រុកយើងឱ្យមកចោទអាថ៌ប្រស្នាភ្នាល់ គ្នា បើអ្នកប្រាជ្ញនគរណាចាញ់ នឹងយកនគរនោះឯងថ្វាយមកសួរ គួរពុំគួរតាមព្រះទ័យ សេចក្ដីអស់តែប៉ុណ្ណោះឯង ធ្វើព្រះបន្ទូលហើយដាក់ក្នុងបំពង់ឱ្យទៅអាចារ្យទាំង៤ ចុះសំពៅបើកដល់ស្រុកខ្មែរ ហើយចតនៅប្របកំពង់ហើយឡើងយកសំបុត្រទៅថ្វាយស្ដេចនគរគោកធ្លក ហើយវិលមកនគរវិញ ឯមហាក្សត្រខ្មែរឃើញសំបុត្រព្រះរាជសារឱ្យបើកមើលឃើញក្នុងសេចក្ដី សព្វគ្រប់ ដូចយើងបានស្រដីអំពីមុន។ ឯព្រះមហាក្សត្រទ្រង់ជ្រាបគ្រប់ប្រការហើយគិតស្ដាយធនញ្ជ័យថា បើអញមិនឱ្យសម្លាប់វាយល់ជាមិនពិបាកចិត្តទេ។
យើងនឹងស្រដីអំពីកាលធនញ្ជ័យទៅបួសបានយូរខែ ឯលោកសង្ឃឈ្មោះធនញ្ជ័យនោះគិតថា អញនឹងទៅយកចង្ហាន់បិណ្ឌបាតក្នុងព្រះរាជវាំងឱ្យជួបនឹងស្ដេចចង់ដឹង មើលបើឃើញអញ តើស្គាល់ ឬទេ? លោកជ័យគិតដូច្នោះហើយ ក៏ឃ្លុំចីពរយកបាត្រមកស្ពាយ ដើរចូលទៅក្នុងព្រះបរមរាជវាំងជាមួយលោកសង្ឃជាច្រើន ឯលោកជ័យនៅក្រោយគេបង្អស់ ព្រះមហាក្សត្រចេញមកដាក់បាតលោកដូចសព្វដងគ្រប់អង្គ នៅតែលោកតាជ័យក្រោយគេបង្អស់ ស្ដេចទតទៅឃើញ ស្ដេចមានព្រះបន្ទូលថា អញមើលមុខលោកនេះដូចជាមុខលោកជ័យ ឯលោកជ័យថា ជ័យហើយថាមិនជ័យ រួចដើរហួសទៅ ឯព្រះមហាក្សត្រស្ងៀមទៅ។
អានតទៅវគ្គទី ៥

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ