Saturday, July 31, 2010

រឿង​ធនញ្ជ័យ៥

វគ្គទី ៥
លុះដល់មានសារមកពីស្រុកចិនឱ្យចោទប្រស្នានោះ ស្ដេចគិតថាកាលអំពីមុន អញឃើញលោកសង្ឃមកយកបាត្រប្រហែលអាជ័យក្រែងវាមិនស្លាប់ទេ ហើយវាទៅបួស បើដូច្នោះអញឱ្យអាមាត្យដើររកដោយវត្តលោកសង្ឃបួសមែនហើយស្ដេចបង្គាប់ ឱ្យអាមាត្យ៤នាក់ ថាអាឯងទៅរកអាជ័យក្រែងវារត់ទៅបួស ឯអាមាត្យស្ដាប់ហើយក៏ថ្វាយបង្គំលាដើរទៅរកធនញ្ជ័យនៅវត្តលោកសង្ឃទៅ ឃើញនៅវត្តបួសជាសង្ឃហើយអាមាត្យទូលព្រះពុទ្ធដីកាថា ត្បិតមានព្រះបន្ទូលពិសេសឱ្យនិមន្តលោកទៅ លោកតាស្ដាប់ហើយក៏និមន្ដទៅតាមអាមាត្យ លុះទៅដល់ហើយក៏គង់ស្ងៀម ឯព្រះមហាក្សត្រទតឃើញធនញ្ជ័យហើយក៏ត្រកអរណាស់ហើយសួរថា លោកតាជ័យអន់ចិត្តនឹងព្រះករុណា ឬដូចម្ដេច? ឯលោកតាជ័យថ្វាយព្រះពរថាទេ ទើបមានព្រះបន្ទូលថា ត្បិតមានអាចារ្យពីស្រុកចិន គេឱ្យមកចោទប្រស្នាយកនគរ បើដូច្នោះ តើជាលោកដោះរួចឬទេ? ឯលោកតាជ័យថា ដោះថ្វាយកុំព្រួយព្រះហឫទ័យ ស្ដេចស្ដាបហើយក៏ត្រេកអរក្នុងព្រះហឫទ័យ ទ្រង់មានព្រះបន្ទូលនឹងលោកតាជ័យថា បើដូច្នោះ មានតែសឹកចេញទើបជា ទើបលោកតាជ័យថ្វាយព្រះពរថា អាត្មាភាពសឹកថ្ងៃនេះឯងកុំព្រួយព្រះហឫទ័យឡើយ ហើយស្ដេចឱ្យសំពត់អាវក្រមាក្រវាត់។ លោកតាជ័យទទួលយកសំពត់អំពីព្រះមហាក្សត្រ ហើយលាវិលទៅសឹកចេញ ស្លៀកសំពត់អាវក្រវាត់ក្រមា ហើយក៏ចូលទៅថ្វាយគាល់ ស្ដេចទតឃើញហើយស្ដេចមានព្រះបន្ទូលថា បណ្ឌិតជ័យគេមកហើយ មើលទៅល្អសមជាបណ្ឌិតអ្នកប្រាជ្ញបានជា បើអ្នកឯណាបួសហើយសឹកវិញគេហៅថា បណ្ឌិតៗដូច្នោះឯង រួចហើយស្ដេចដណ្ដឹងថា ឥឡូវនេះនឹងឱ្យអាចារ្យចិន គេឡើងមកចោទប្រស្នាថ្ងៃណា ទើបបណ្ឌិតជ័យក្រាបទូលថា ក្នុងបីថ្ងៃទៀតឱ្យឡើងមកនឹងចោទប្រស្នាគ្នា ហើយបណ្ឌិតជ័យឱ្យគេរកគម្ពីរឱ្យច្រើន ហើយឱ្យរកមហាតលិកបានបួននាក់ ឱ្យយកខ្មៅដុសឱ្យបានច្រើនដាក់នឹងថាសនោះ បួន ហើយឱ្យយកក្ដាធំរលីងបួនជ្រុងមកឱ្យ ហើយឱ្យចាប់ក្ដាមឱ្យបាន៤ក្អម ហើយឱ្យយកក្រដាស់សពុម្ពធំឱ្យច្រើនមកឱ្យ ទូលព្រះបង្គំនឹងធ្វើប្រស្នាថ្វាយ កុំព្រួយព្រះរាជហឫទ័យ ឯព្រះមហាក្សត្រស្ដាប់ហើយ ឱ្យរកតាមពាក្យធនញ្ជ័យបង្គាប់ បានមកហើយឱ្យយកទៅប្រគល់ឱ្យធនញ្ជ័យ រួចហើយឱ្យបម្រើទៅប្រាប់អាចារ្យស្រុកចិនដែលមកចតសំពៅនៅកំពង់ នៅមុខព្រះលាន មានព្រះបន្ទូលឱ្យប្រាប់មកថា បីថ្ងៃទៀតឡើងទៅចោទប្រស្នានឹងអ្នកប្រាជ្ញស្រុកខ្មែរយើងចុះកុំខាន ឡើយ ឯអាចារ្យស្រុកចិនស្ដាប់ហើយទទួលតាម លុះដល់ថ្ងៃត្រូវសន្មត់ហើយអាចារ្យចិនឡើងចោទប្រស្នា ឯធនញ្ជ័យក៏ដើរចុះទៅទទួលពាក់កណ្ដាលផ្លូវ មុខព្រះលានស្ដេចនោះឯង អាចារ្យស្រុកចិនមើលទៅឃើញធនញ្ជ័យដើរមកអំពីចម្ងាយហើយធ្វើប្រស្នា ចង្អុលទៅមើល ឯធនញ្ជ័យចង្អុលទៅឯព្រះអាទិត្យអ្នកប្រាជ្ញចិនចង្អុលទៅក្រៅដីលា បាតដៃហើយលើកម្រាមដៃបញ្ឈរឡើងទៅលើ អ្នកប្រាជ្ញចង្អុលចុះទៅក្រោម ធនញ្ជ័យចង្អុលមកខ្លួនឯង។
ឯអ្នកប្រាជ្ញស្រុកចិនសួរថា កាលយើងចង្អុលទៅលើមេឃ ហើយអ្នកឯងចង្អុលទៅព្រះអាទិត្យនោះ តើអ្នកឯងដឹងដូចម្ដេច ទើបធនញ្ជ័យថា អញដឹងថា អ្នកឯងចង្អុលទៅលើមេឃនោះ គឺអ្នកឯងសួរថាមានសត្វអ្វី ឯអញចង្អុលទៅព្រះអាទិត្យនោះ តើអ្នកឯងដឹង ឬទេ? អ្នកប្រាជ្ញចិនថា អញដឹងអ្នកឯងថាមេឃនោះមានតែព្រះអាទិត្យព្រះច័ន្ទនោះឯងនៅលើមេឃ ទើបអ្នកប្រាជ្ញស្រុកចិនថា ដែលអញចង្អុលទៅក្រៅដីនោះ តើអ្នកឯងថាដូចម្ដេច? ទើបធនញ្ជ័យឆ្លើយថា អញដឹងហើយ ឯងចង្អុលទៅខាងក្រៅនោះថា សត្វអ្វី ទើបធនញ្ជ័យថា អញធ្វើម្រាមដៃឡើងទៅលើជុំវិញនោះ តើអ្នកឯងថាសត្វអ្វី ទើបអាចារ្យចិនថា អញដឹង បានជាឯងធ្វើដូច្នេះ ថាក្រៅផែនដីមានទឹកសមុទ្រ ក្រៅសមុទ្រនោះ មានភ្នំចក្រវាលក្រៅនោះឯង ទើបអាចារ្យចិនថា អញចង្អុលចុះក្រោមនោះ តើអ្នកឯងដឹងឬទេ? ធនញ្ជ័យអញដឹង ឯងចង្អុលចុះក្រោមនោះថា នៅលើដីនេះ តើមានសត្វអ្វី? ធនញ្ជ័យថាអញចង្អុលមកខ្លួនអញនោះ តើឯងដឹងឬទេ? ឯអាចារ្យចិនថាអញដឹង ឯងចង្អុលខ្លួនឯងនោះថា នៅលើដីមានតែមនុស្ស។ សួរឆ្លើយទទួលគ្នា រួចហើយអាចារ្យចិនលាធនញ្ជ័យវិលទៅសំពៅវិញ។
លុះព្រឹកឡើងមកជួបនឹងធនញ្ជ័យ ឯអាមាត្យចិនធ្វើប្រស្នាឱ្យធនញ្ជ័យ ចាប់ធ្វើជារង្វង់ ឯធនញ្ជ័យធ្វើបត់ដុំដៃបង្ហាញទៅ អាមាត្យលាម្រាមដៃទាំង៥ បង្ហាញមកធនញ្ជ័យ ធនញ្ជ័យបង្ហាញម្រាម១ បង្ហាញទៅអាចារ្យចិន អាចារ្យចិនឃើញហើយវិលទៅសំពៅវិញ ឯធនញ្ជ័យក៏វិលទៅផ្ទះវិញ។
លោកគ្រូសង្គ្រាជបានឭធនញ្ជ័យចោទប្រស្នានឹងអាចារ្យចិន ដូច្នោះហើយក៏និមន្ដមកសួរចង់ដឹងដំណើរការនោះ ជួបនឹងធនញ្ជ័យជ័យហើយដណ្ដឹងថា កាលអ្នកចោទប្រស្នានឹងចិនធ្វើដូចម្ដេច ទើបធនញ្ជ័យទូលថា ចិនធ្វើដៃជារង្វង់ ខ្ញុំបង្ហាញដុំដៃ ចិនលាដៃបង្ហាញម្រាមទាំង៥ ខ្ញុំក្ដាប់បង្ហាញម្រាមដៃ។
ទើបលោកគ្រូសង្គ្រាជដណ្ដឹងថា បើដូច្នោះតើដូចម្ដេច តើដូចម្ដេច ទើបធនញ្ជ័យថា ឯចិនធ្វើដៃជារង្វង់ដូច្នោះខ្ញុំថាធ្វើអង្រុតរុតត្រី ទើបខ្ញុំបង្ហាញកែងដៃនោះ ថាបើអង្រុតរុតត្រីដូច្នោះ តើអង្រុតបានត្រីប៉ុន្មាន ឯបង្ហាញម្រាមដៃប្រាំនោះថា បើបានត្រីប៉ុណ្ណោះ ល្មមធ្វើងៀតបាន៥ចម្រៀក ឯបង្ហាញចង្អុលដៃមួយថាស៊ីមួយថ្ងៃមួយចម្រៀក ក្នុងត្រីមួយកន្ទុយ បាន៥ថ្ងៃទើបអស់។ ឯលោកគ្រូសង្គ្រាជបានដឹងហើយក៏វិលទៅកុដិវិញ។
ទើបលោកសម្ដេចចៅហ្វាយទៅសួរធនញ្ជ័យចង់ដឹងអំពីប្រស្នាចិននោះថា ដូចម្ដេចប្រាប់អញផង អញចង់ដឹង ធនញ្ជ័យស្ដាប់ហើយជម្រាបថា ចិនធ្វើដៃជារង្វង់ ខ្ញុំបង្ហាញដុំដៃ ចិនលាដៃបង្ហាញម្រាមទាំង៥ ខ្ញុំក្ដាប់បង្ហាញម្រាមដៃ១ លោកសម្ដេចចៅហ្វាយដណ្ដឹងថា បើដូច្នោះថាដូចម្ដេច ធនញ្ជ័យប្រាប់ថា ចិនឱបដៃជារង្វង់នោះថា នឹងចាប់យកនគរ។ ខ្ញុំបង្ហាញដុំដៃថា អញថងនឹងកែងដៃ ចិនបង្ហាញម្រាម៥ ថាគេមានគ្នាច្រើន ខ្ញុំបង្ហាញចង្អុលដៃមួយនោះថា អញតែម្នាក់ឯង អញវាយឯងមិនខ្លាចទេ លោកចៅហ្វាយឭដូច្នោះហើយក៏វិលទៅវិញ ឯព្រះមហាក្សត្រស្ដេចឱ្យហៅធនញ្ជ័យសួរថា កាលអាចារ្យចិនគេចោទថាដូចម្ដេចខ្លះ ធនញ្ជ័យក្រាបទូលថា កាលអាចារ្យចិនគេមកដល់ធ្វើដៃជាឱបដៃបង្ហាញ ទូលព្រះបង្គំបត់កែងដែបញ្ឈរបង្ហាញទៅវិញ ហើយអាចារ្យចិនបង្ហាញម្រាមដៃទាំង៥ ទូលព្រះបង្គំបង្ហាញម្រាមដៃមួយទៅវិញ ទើបស្ដេចមានព្រះបន្ទូលដណ្ដឹងថា ដូចម្ដេចបើដូច្នោះ ទើបធនញ្ជ័យក្រាបទូលថា ឯចិនឱបដៃបង្ហាញមកសួរថា ក្នុងទ្វីបទាំង៤នេះតើមានអ្វីខ្លះ? ទូលព្រះបង្គំបត់ដុំដៃបង្ហាញនោះប្រាប់ថា មានព្រះសិនេរត្រង់កណ្ដាល ទើបចិនបង្ហាញម្រាមទាំង៥នោះដណ្ដឹងថា មានព្រះពុទ្ធ៥អង្គបានត្រាស់ក្នុងកប្បនេះ ទើបទូលបង្គំបង្ហាញម្រាមដៃមួយ នោះប្រាប់ថា៥អង្គ ប៉ុន្ដែបានត្រាស់៤អង្គទៅហើយ នៅតែមួយអង្គទៀតមិនទាន់បានត្រាស់នៅឡើយ ប្រស្នានេះដូច្នោះឯង សូមទ្រង់ជ្រាប ហើយធនញ្ជ័យថ្វាយបង្គំលាទៅផ្ទះវិញ។
លោកគ្រូសង្គ្រាជនិងសម្ដេចចៅហ្វាយទៅជួបនឹងមហាក្សត្រ ហើយនិយាយតាមដំណើរដែលបានដណ្ដឹងធនញ្ជ័យ កាលចោទប្រស្នានឹងចិនក្រាបទូលស្ដេចៗស្ដាប់ហើយមានព្រះបន្ទូលថា វាប្រាប់លោកគ្រូសង្គ្រាជផ្សេង ប្រាប់ចៅហ្វាយផ្សេង វាប្រាប់អញផ្សេងនឹងឱ្យប្រាកដជាប្រស្នាដូចម្ដេចនោះមិនបានឡើយ ស្ដេចនូវអស់ទាំងនាម៉ឹនខ្លាចប្រាជ្ញាធនញ្ជ័យណាស់។
ឯធនញ្ជ័យក៏វិលទៅផ្ទះ ហើយយកខ្មៅដុសក្ដារ៤ជ្រុង ក្រដាស់ស និងគម្ពីរដែលឱ្យគេរក ហើយនឹងក្ដាមដែលដាក់ក្នុងក្អមទាំង៤នោះមក ហើយក៏យកក្ដាមដាក់ត្រង់កណ្ដាល ហើយយកថាសដាក់ទឹកខ្មៅ ដាក់គ្រប់ជ្រុងទាំង៥ ហើយយកក្រដាសក្រាលលើក្ដារ ហើយយកក្ដាមដាក់ក្នុងថាសទឹកខ្មៅឱ្យវាវារឡើងលើក្រដាស់នោះ ឯទឹកខ្មៅនៅប្រឡាក់នៅជើងក្ដាមវារនោះ ដិតជាប់នឹងក្រដាស់នោះច្រើន ហើយយកទៅហាលថ្ងៃ លុះធ្វើដូច្នោះឯងបានច្រើនហើយ ឱ្យយកគម្ពីរមករុំទុក ហើយយកក្រដាសមកដាក់ឱ្យក្ដាមវាវារលើជាច្រើនទៀត រួចហើយឱ្យយកក្ដារ និងទឹកខ្មៅទៅទុកទើបឱ្យកូនក្មេងមកអង្គុយច្រើន ហើយយកក្រដាសមួយពុម្ពម្នាក់ៗឱ្យក្មេងអស់នោះទន្ទេញថាផ្ដេសផ្ដាសទៅ តាមតែក្មេងណាចង់ថាទៅ ឱ្យឭដូចក្មេងរៀនអក្សរសាស្ដ្រ ឯអ្នកប្រាជ្ញចិននោះ លុះដល់ព្រឹកឡើងហើយ ឡើងពីសំពៅមកផ្ទះធនញ្ជ័យ នឹងចោទប្រស្នា ឯធនញ្ជ័យមើលទៅឃើញអាចារ្យមកដល់ហើយ ក៏ដើរទៅទទួលចាប់ដៃចូលមកអង្គុយលើកៅអីហើយធនញ្ជ័យឱ្យយកទឹកតែមកឱ្យ អាចារ្យផឹក ឯក្មេងៗទាំងនោះក៏រៀនអក្សរឭកងរំពងនឹងស្ដាប់ភាសាគ្នាមិនបាន ឯអាចារ្យចិនឃើញអស់ក្មេងរៀនសំបុត្រហើយឱ្យយកទៅបកមើលមិនស្គាល់ តួអក្សរដល់១សោះ ធនញ្ជ័យសួរថា អាចារ្យស្គាល់អក្សរនេះឬទេ អាចារ្យចិនថាទេ ទើបធនញ្ជ័យថា នេះគេហៅអក្សរមីងឆ្វេង អក្សរព្រាហ្មណ៍ចាម បើមិនស្គាល់ដូច្នេះនឹងឆ្លើយប្រស្នានឹងគ្នាមិនបានទេ អ្នកឯងចាញ់អញនឹងអក្សរនេះហើយ អាចារ្យចិនទទួលព្រម ធនញ្ជ័យថា បើចាញ់ហើយអញយកតែរបស់ក្នុងសំពៅទាំង៤ ឯសំពៅនោះ អញឱ្យវិលត្រឡប់ទៅស្រុកវិញ ឯនគរក៏អញថ្វាយទៅក្រុងចិនវិញដែរតែអំពីថ្ងៃនេះ បើឭឈ្មោះធនញ្ជ័យ អ្នកប្រាជ្ញឱ្យខ្លាចគ្រប់ប្រទេសទៅ អាចារ្យចិនក៏ព្រមឱ្យរបស់ក្នុងសំពៅទាំង៤នោះ
ហើយក៏បើកសំពៅទៅ ស្រុកចិនវិញ ឯធនញ្ជ័យកាលបើបានរបស់អំពីសំពៅទាំងបួននោះ ហើយឱ្យបញ្ជូនអស់ទ្រព្យនោះ ទៅថ្វាយព្រះបាទជាម្ចាស់ទាំងអស់ នឹងមានយកជារបស់ខ្លួនក៏ទេ ឯព្រះមហាក្សត្របានឭថាធនញ្ជ័យឈ្នះប្រស្នាអាចារ្យចិនដូច្នោះហើយ លុះដល់ឃើញធនញ្ជ័យឱ្យជញ្ជូនអស់របស់ទ្រព្យមកថ្វាយដូច្នោះ ក៏ត្រេកអរក្នុងព្រះហឫទ័យ ហើយមានព្រះបន្ទូលថា ធនញ្ជ័យឯងបានទុកខ្លះហើយឬទេរបស់ទាំងអស់នេះ ធនញ្ជ័យក្រាបទូលថា ទូលព្រះបង្គំពុំបានយកទុកទេ ស្ដេចស្ដាប់ហើយក៏មានព្រះបន្ទូលថា បើដូច្នោះអញនឹងឱ្យយកស្រីក្នុងវាំងធ្វើជាប្រពន្ធឯងហើយ និងរបស់ទ្រព្យទាំងអស់គ្រប់មុខកុំឱ្យមានខ្វះខាតរបស់អ្វីឯធនញ្ជ័យ ក្រាបទូលថា ទូលបង្គំមិនចង់បានទេប្រពន្ធនោះ ត្បិតមិនមែនជាស្រីទេ ឈ្មោះញីមិនប្រាកដជាស្រី សូមជ្រាប ស្ដេចទ្រង់សណ្ដាប់ហើយក៏មានព្រះបន្ទូលថា ឯណាឈ្មោះស្រីនោះ ឯធនញ្ជ័យថា ទូលព្រះបង្គំនឹងក្រាបថ្វាយបង្គំលាទៅរក បើបាននឹងនាំមកថ្វាយហើយទូលថា សូមព្រះអង្គព្រះរាជប្រទានសំពត់ហូល ព្រែ ឱ្យច្រើននឹងទៅរកស្រីនោះទើបឃើញ ស្ដេចស្ដាប់ហើយ ព្រះរាជទានហូលព្រែឱ្យធនញ្ជ័យជាច្រើនហើយទ្រង់ផ្ដាំថា បើរកបានវិលមកឆាប់ ឯធនញ្ជ័យក្រាបទូលថ្វាយបង្គំលាយករបស់នោះវេចស្រេចហើយស្ពាយសម្ពាយ ដើរទៅរកស្រីនោះ។
អានតទៅវគ្គទី ៦

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ