Saturday, July 31, 2010

រឿង ធនញ្ជ័យ៣

វគ្គទី ៣
លុះឯក្រោយទៀត ឭល្បីទៅដល់ស្រុកចិនថា ស្រុកខ្មែរមានអ្នកប្រាជ្ញម្នាក់មានប្រាជ្ញាណាស់ មិនមានអ្នកឯណានឹងផ្ចាញ់ប្រាជ្ញាមាន ស្ដេចស្រុកចិនគិតនឹងអស់នាម៉ឺនថា យើងនឹងគិតធ្វើចំណោទទៅឱ្យអ្នកប្រាជ្ញស្រុកខ្មែររក ស្ដេចក្រុនចិន និងអស់នាម៉ឺនឱ្យរកផ្លែឪឡឹក៣ ត្បិតពូជឪឡឹកក្នុងស្រុកចិននោះមាន៣យ៉ាង មួយយ៉ាងនោះក្នុងផ្លែ១ មានគ្រាប់តែ១ ផ្លែមួយទៀតមានគ្រាប់ពីរ ផ្លែមួយទៀតមានគ្រាប់បី ស្ដេចស្រុកចិនឱ្យរៀបចំសំពៅ១០០ ក្នុងសំពៅមួយមានចិន៥០០ជាចំណុះ សំពៅគ្រប់ទាំង៥០០សំពៅ ហើយធ្វើសំបុត្ររាជសារ ក្នុងសេចក្តីសំបុត្រថា ត្បិតស្រុកខ្មែរមានអ្នកប្រាជ្ញមានប្រាជ្ញាណាស់ ឈ្មោះធនញ្ជ័យ បើដូច្នោះ ស្ដេចស្រុកចិនឱ្យនាំផ្លែឪឡឹកបីមកនឹងសំពៅ៥០០ ក្នុងសំពៅ៥០០មានមនុស្ស៥០០គ្រប់សំពៅ នាំមកឱ្យអ្នកប្រាជ្ញស្រុកខ្មែរទាយផ្លែឪឡឹកទាំងបីនេះ ថាឪឡឹកទីមួយមានគ្រាប់ប៉ុន្មាន បើអ្នកប្រាជ្ញស្រុកខ្មែរទាយត្រូវ នោះយើងភ្នាល់ដាក់សំពៅទាំង៥០០នឹងមនុស្សទាំងអស់ក្នុងចំណុះសំពៅនោះ ផង បើអ្នកប្រាជ្ញស្រុកខ្មែរទាយមិនត្រូវ យើងនឹងយកស្រុកខ្មែរលុះធ្វើសុភអក្សររួចហើយឱ្យនាម៉ឺនធំម្នាក់ នឹងអ្នកប្រាជ្ញម្នាក់នាំចេញមក លុះមកដល់ហើយ នាម៉ឺនចិននាំសំបុត្រឡើងក្រាបទូលស្ដេចស្រុកខ្មែរៗឱ្យធនញ្ជ័យមក ប្រាប់ថា ឥឡូវនេះ ស្ដេចស្រុកចិននាំសារមកថា ឱ្យទាយផ្លែឪឡឹកក្នុងផ្លែមួយ តើមានគ្រាប់ប៉ុន្មាន បើអាឯងទាយត្រូវក៏ហីទៅ បើអាឯងទាយមិនត្រូវអញនឹងយកទោសដល់ជីវិត។ ធនញ្ជ័យឭហើយក្រាបទូលថា កុំព្រួយព្រះរាជហឫទ័យធានាទូលបង្គំទាយឱ្យត្រូវ ប៉ុន្តែក្នុងចិត្តធនញ្ជ័យភ័យណាស់ដែលបានជាអួតថាជាអ្នកមានប្រាជ្ញា យូរមកហើយៗធនញ្ជ័យលាទៅផ្ទះវិញ លុះទៅដល់ផ្ទះធនញ្ជ័យដេកគិតរកប្រាជ្ញានឹងទាយផ្លែឪឡឹកនោះ ដេកអត់បាយអំពីព្រឹក លុះត្រាតែល្ងាចហើយ ធនញ្ជ័យនឹងគិតរកមិនឃើញ ក៏គិតថា ឥឡូវនេះស្ដេចឱ្យដោះប្រស្នានឹងស្ដេចក្រុងចិន បើដោះមិនរួច ស្ដេចនឹងសម្លាប់ បើដូច្នោះអញគង់តែនឹងស្លាប់ អញមុជទឹកឱ្យស្លាប់ទៅទើបជា។ លុះដល់ព្រលប់យប់ងងឹត ធនញ្ជ័យចុះទៅកំពង់ទឹក ហើយចុះទៅមុជ ដើម្បីឱ្យស្លាប់ក្នុងទឹកដល់មុជទឹកទៅចេះអណ្ដែតខ្លួនឡើងហើយរសាត់ ទៅដល់ចង្កូតសំពៅចិន ធនញ្ជ័យកាន់ចង្កូតសំពៅនោះបានឭនាម៉ឺនចិន នឹងអ្នកប្រាជ្ញស្រុកចិននិងអ្នកប្រាជ្ញស្រុកចិននិយាយគ្នានៅក្នុង បាតសំពៅថា បើយើងធ្វើប្រស្នាឪឡឹកហើយ តើយើងធ្វើប្រស្នាអ្វីតទៅទៀត ត្បិតឪឡឹកនេះផ្លែវាតែបី ផ្លែ១គ្រាប់១ ផ្លែមួយទៀតគ្រាប់២ ផ្លែមួយទៀតគ្រាប់៣ប៉ុណ្ណោះ យើងគិតធ្វើប្រស្នាពីរបីយ៉ាងទៀតបំណាច់ស្ដេចប្រើមក បើគេទាយត្រូវមួយយ៉ាង នៅមួយយ៉ាងទៀត កុំឱ្យតែមួយយ៉ាងហើយអស់ទៅតែម្ដង ហាក់ជាប្រាជ្ញយើងតិចណាស់ ឯអ្នកប្រាជ្ញស្រុកចិនឆ្លើយឡើងថា យើងចំណោទពីរបីយ៉ាងទៀត។ នាម៉ឺនអស់នោះសួរថា ចំណោទអ្វីទៀត។ អ្នកប្រាជ្ញថា យើងនិយាយគ្នានេះ កុំឱ្យនរណាដឹងក្រែងមានមនុស្សមកលបស្ដាប់ ហើយនាម៉ឺន និងអ្នកប្រាជ្ញរកមើលមនុស្សគ្មាន ក៏បបួលគ្នានិយាយពីប្រស្នាពីរបីយ៉ាងនេះ អ្នកប្រាជ្ញនិយាយថា យើងយកសាច់ជ្រូក១នាឡិ ឱ្យស្ដេចស្រុកខ្មែរទុកសោយបានពីរឆ្នាំ កុំឱ្យប្រឡាក់អំបិល កុំឱ្យធ្វើងៀត ឱ្យទុកជាសាច់ស្រស់ស្ដេចសោយបានពីរបីឆ្នាំកុំឱ្យស្អុយខូច នាម៉ឺនសួរថា ធ្វើដូចម្ដេចនឹងបានពីរឆ្នាំ សាច់ជ្រូក១នាឡិប៉ុណ្ណោះ។ អ្នកប្រាជ្ញឆ្លើយថា បើដល់ជិតថ្ងៃនឹងជាប់ឆ្នាំ នឹងចូលឆ្នាំថ្មី យើងយកសាច់ជ្រូកមកទុកស៊ីតែពីរបីថ្ងៃក៏រាប់ជាពីរឆ្នាំ ត្បិតឆ្នាំចាស់មួយថ្ងៃ ឆ្នាំថ្មីមួយថ្ងៃ ត្រូវជាពីរឆ្នាំ បើអ្នកប្រាជ្ញស្រុកខ្មែររកមិនឃើញ យើងនឹងយកនគរជាចំណុះយើង។ មួយទៀតនោះ យើងឱ្យមនុស្សចាប់ចាបមួយមក ហើយយកទៅឱ្យស្ដេចស្រុកខ្មែរ ឱ្យរៀបធ្វើសម្លយកមកឱ្យពលយើងក្នុងសំពៅទាំង៥០០ស៊ីឱ្យឆ្អែត នាម៉ឺនទាំងអស់នោះសួរថា ដូចម្ដេចសត្វតូច១ ហើយយកទៅធ្វើសម្លម្ហូបមកឱ្យពលយើងទាំងអស់ស៊ីឱ្យឆ្អែតបាន អ្នកប្រាជ្ញនោះ ប្រាប់ថា បើគេមានប្រាជ្ញ គេឱ្យយកម្ចុលមកឱ្យយើងដំធ្វើជាពូថៅធំ១ និងយកទៅពុះកាប់យកសាច់ស្លឱ្យពលស៊ី។ មួយទៀតយើងបង្គាប់ស្ដេចស្រុកខ្មែរឱ្យធ្វើយុថ្កាបាន៥០ និងយកមកបោះចតសំពៅយើងឱ្យគ្រប់៥០០ ឱ្យធ្វើក្នុងថ្ងៃមួយឱ្យរួច ក្នុងយុថ្កាមួយទំហំ៣ចាប់។ នាម៉ឺនសួរថា ធ្វើដូចម្ដេចនឹងធ្វើយុថ្កាដល់៥០០ឱ្យរួចក្នុងមួយថ្ងៃនោះ។ អ្នកប្រាជ្ញនោះថា ឱ្យយកចំបើងមកចងធ្វើជារាងយុថ្កាហើយដាក់លើដី យកភ្លើងដុតឱ្យឆេះទៅនៅតែផេះចំបើងជាប់នឹងដី ហើយហៅមនុស្សឱ្យមកសែងយកទោបោះចងសំពៅ បើជាអ្នកប្រាជ្ញមែន ធ្វើយ៉ាងនេះ ទើបទល់ប្រាជ្ញគ្នាបាន។ ឯនាម៉ឺនឭអ្នកប្រាជ្ញប្រាប់សព្វគ្រប់ដូច្នោះ មានចិត្តត្រេកអរណាស់ ថាស្រុកខ្មែរមុខជាបានក្នុងកណ្ដាប់ដៃយើងមិនខាន។ ឯធនញ្ជ័យតោងចង្កូតសំពៅចាំប្រុងត្រចៀកស្ដាប់សព្វគ្រប់គ្មានខ្វះ ឡើយ ដល់នាម៉ឺននិងអ្នកប្រាជ្ញស្រុកចិនលែងនិយាយគ្នា ធនញ្ជ័យមុជហែលមកឯកំពង់វិញ ហើយដើរឡើងទៅលើផ្ទះ មានចិត្តអរណាស់ អញអស់ស្លាប់នេះគឺទេវតាជួយអញមិនឱ្យស្លាប់ លុះវេលាកាលណា នាម៉ឺនចិន និងអ្នកប្រាជ្ញយកផ្លែឪឡឹកទាំងបីឡើងអំពីសំពៅ ចូលទៅគាល់ស្ដេចស្រុកខ្មែរ ក្នុងព្រះរាជរោង ស្ដេចឱ្យហៅធនញ្ជ័យប្រជុំអស់នាម៉ឺនមុខមន្ដ្រីពាសពេញអស់រាជរោង នាម៉ឺនចិន និងអ្នកប្រាជ្ញចិនយកផ្លែឪឡឹកទាំងបីមកឱ្យធនញ្ជ័យទាយ ឯធនញ្ជ័យទាយត្រូវទាំងអស់។ អ្នកប្រាជ្ញស្រុកចិន លុះដល់ធនញ្ជ័យដោះចំណោទស្រុកចិនដូចយើងនិយាយមកពីមុនគ្មានសល់តិច ឡើយ។ ស្ដេចខ្មែរជ្រាប អ្នកប្រាជ្ញចិនទល់ប្រាជ្ញនឹងធនញ្ជ័យ ទ្រង់ឱ្យយកសំពៅទាំង៥០០ទុកតែសំពៅមួយឱ្យនាម៉ឺន និងអ្នកប្រាជ្ញចិនត្រឡប់ទៅស្រុកចិនវិញ ហើយស្ដេចប្រទានរង្វាន់ឱ្យធនញ្ជ័យជាច្រើន ឯស្ដេចស្រុកចិនពីថ្ងៃនេះមក ខ្លាចប្រាជ្ញធនញ្ជ័យមិនហ៊ានឱ្យមកចោទប្រស្នាទៀត ប៉ុន្តែនឹកខ្ញាល់ក្នុងព្រះហឫទ័យថា បើឥតពីធនញ្ជ័យទៅកាលណា នឹងឱ្យភ្នាល់ចោទប្រស្នាទៀត។
លុះឯក្រោយមកទៀត ស្ដេចស្រុកខ្មែរទ្រង់ព្រះចិន្ដាគិតដល់សេចក្ដីធនញ្ជ័យចាញ់ប្រាជ្ញ ជាច្រើន ហើយក្រែងធនញ្ជ័យ ធនញ្ជ័យនៅជិតវាំងដណ្ដើមយករាជសម្បត្តិ ត្បិតធនញ្ជ័យមានប្រាជ្ញាច្រើនណាស់ ស្ដេចមានព្រះបន្ទូលថា អាជ័យឯងនៅស្រុកនេះមិនបានទេ អញឱ្យអាឯងទៅនៅទន្លេ មានស្រុកណានៅប្របទន្លេទៅនៅតាមចិត្តអាឯង កុំនៅក្នុងស្រុកនេះឡើយ ធនញ្ជ័យស្ដាប់ព្រះបន្ទូលហើយ ក្រាបថ្វាយបង្គំលាទៅដល់ផ្ទះហើយ និយាយប្រាប់ម្ដាយថា ហ្លូងមានព្រះបន្ទូលប្រើខ្ញុំឱ្យទៅនៅតាមមាត់ទន្លេ ឱ្យធ្វើស្រូវរកស៊ីតាមចិត្ត ឯទន្លេនោះឱ្យជារបស់ខ្ញុំហើយ ឯម្ដាយស្ដាប់ហើយក៏ថា បើដូច្នោះ កូនទៅនៅតាមព្រះបន្ទូលចុះ ឯខ្លួនម្ដាយនៅផ្ទះនេះហើយ ធនញ្ជ័យស្ដាប់ម្ដាយហើយ ក៏លាម្ដាយទៅប្រាប់អស់នាម៉ឺន នូវអស់រាស្ដ្រប្រជាដែលនៅក្នុងមាត់ទន្លេថា ត្បិតហ្លូងមានព្រះបន្ទូលឱ្យអញជាធំ ស្រដីក្នុងទន្លេទាំងអស់នឹងធ្វើស្រែស្រូវ ឥឡូវនេះអញប្រាប់អ្នករាល់គ្នា បើដើរជើងទឹកនឹងប្រាប់អញ អញនឹងកត់ជាថ្លៃទន្លេ និងព្រែក ទូកដែលរកស៊ីសព្វថ្ងែនេះ ព្រះរាជទ្រព្យអំពីថ្ងៃនេះទៅ បើអ្នកឯណាមិនបានចូលមកប្រាប់អញ នឹងបានសេចក្ដីខុស អញនឹងធ្វើទោសតាមច្បាប់មិនប្រណីឡើយ ហើយធនញ្ជ័យយកដើមឫស្សីមកពុះជាចំរៀកតូចៗ ត្បាញជាភ្នែកក្រូចកាត់ជា៨ជ្រុង ហើយយកឫស្សីមួយដើមវែងចងដាក់លើចុងឫស្សី រួចយកស្លឹកត្នោតដេរជាកណ្ដប ហើយកាត់ជាស្លាបទង់ជ័យ ដោយលើចុងឫស្សីធ្វើឃ្នាងតូចមួយ យកផ្ដៅធ្វើជារំពាត់ ចងព្យួរជាមួយតម្បាញភ្នែកក្រូចនោះឯង បញ្ឈរឡើង ហើយធនញ្ជ័យប្រាប់ថា នេះឈ្មោះត្របែងដៃ ឱ្យចូលប្រាប់គយ បើរាស្ដ្រណាដើរជួញប្រែរកស៊ីឃើញត្របែងនេះ ដៃគយឱ្យចូលប្រាប់ទើបរួចទោសប្រាមប្រាប់ដូច្នោះហើយ ក៏ចុះទូកចែវមើលតាមមាត់ទន្លេ ទីណាមានព្រែក កំពង់ណាល្មមធ្វើស្រូវប្រាំងបាន លុះមើលជុំវិញហើយ មកកត់សម្គាល់ឱ្យឈ្មោះនៅស្ទឹងបារាយណ៍ទឹកថា្ល ស្ទឹងមួយទៀតចុះមកក្នុងទន្លេឱ្យឈ្មោះ ចុងខ្នៀស មានជ្រោយមួយឈ្មោះជ្រោយស្លាបព្រាហ្មណ៍ ទើបមានព្រែកមួយឈ្មោះថា កំពង់ចាម មានព្រែកមួយទៀតឈ្មោះថា កំពង់ភ្លុក ព្រែកមួយទៀតឈ្មោះស្ទឹងព្រំស្រុក ព្រែកមួយទៀតនៅថា ស្ទឹងក្រែង មានជ្រោយមួយទៀតឈ្មោះថា ពេជគ្រី មានព្រែកមួយទៀតឈ្មោះថា ពាមបាំង មានជ្រោយមួយទៀតហៅថា ប្រទាស់ឆេះ មានបន្លិចមួយឈ្មោះថា បន្លិចច្រកែង នៅ បន្លិចច្រកែងនោះខាងឯមាត់ទន្លេឈ្មោះនាងសៅ មានព្រែកឈូងប្រទល់មាត់ទន្លេនោះ ឈ្មោះបាយក្អែក មានកោះ មួយទៀតឈ្មោះកោះថ្ពាល់បើស មានព្រែកមួយទៀតឈ្មោះថា ព្រែកខ្សាច់ មានស្ទឹងមួយឈ្មោះពាមសែន មានព្រែកមួយឈ្មោះ ផាត់សណ្ដាយ មានព្រែកមួយឈ្មោះព្រែកស្លូត មានព្រែកមួយទៀតឈ្មោះ ផ្លូវទូក មានកោះមួយឈ្មោះកោះក្អែ មានព្រែកពីឈ្មោះព្រែកគូរ ១ព្រែកប្រមាល់១ មានព្រែកមួយ ឈ្មោះប្រឡាយមាស មានព្រែកមួយទៀតឈ្មោះព្រែកក្ងោក មានព្រែកមួយឈ្មោះព្រែកចក្រវត្តិ មានព្រែកមួយឈ្មោះព្រែកកំប៉ោងយោងទឹក មានព្រែកមួយទៀតឈ្មោះព្រែកខ្សុច មានព្រែកមួយទៀតឈ្មោះព្រែកអារ៉ង់ មានកំពង់មួយឈ្មោះកំពង់អូរ មានកំពង់មួយទៀតឈ្មោះកំពង់ខ្សាច់ស មានកោះមួយទៀតឈ្មោះកោះ កំញ៉ានតូច មានកំពង់មួយទៀតឈ្មោះកំពង់ព្រះ មានកំពង់មួយទៀតឈ្មោះ កំពង់អណ្ដូង មានកោះមួយទៀតឈ្មោះកោះ ឆ្នុកទ្រូ មានព្រែកមួយឈ្មោះព្រែកស្លាមធ្លក មានកំពង់មួយឈ្មោះកំពង់ស្វាយក្រអែ មានជ្រោយមួយឈ្មោះ ជ្រោយព្រះ ផ្ដៅ មានកំពង់មួយឈ្មោះកំពង់ខ្សាច់ល្អិត មានកំពង់មួយឈ្មោះកំពង់ផ្លូវធំ មានជ្រោយមួយឈ្មោះ ជ្រោយចាហឹង មានកំពង់មួយឈ្មោះកំពង់ហ្លូង មានកំពង់មួយឈ្មោះ កំពង់ប្រាក់ មានកំពង់មួយឈ្មោះកំពង់ទួល មានស្ទឹងមួយឈ្មោះពាមព្រះស្ទឹង មានជ្រោយមួយឈ្មោះជ្រោយសន្លុងតិច១ ឈ្មោះ សន្លុងធំ មានជ្រោយមួយ ឈ្មោះជ្រោយស្លាបស្ទាំង មានជ្រោយមួយឈ្មោះ ជ្រោយកំញ៉ានធំ មានស្ទឹងមួយឈ្មោះស្ទឹងដូនទ្រី មានស្ទឹងមួយឈ្មោះពាមមាត់ពីរ ឱ្យជុំទន្លេ ហើយធនញ្ជ័យវិលមកឯកំពង់ប្រាក់ វិលមើលទីនិងធ្វើស្រែ ហើយដើរឡើងទៅព្រៃមើលស្ទឹងនោះ ល្មមនឹងធ្វើស្រែបាន ទឹកមានច្រើនបានជាឱ្យឈ្មោះបរិបូរណ៍ អំពីថ្ងៃនោះឯងទើបឱ្យទូលមួយ ជាឯកើតស្ទឹងខាងត្បូងឈ្មោះ ទូលរកា ខាងត្បូងទូលរកានោះ មានវាលមួយធំ ល្មមធ្វើស្រែសាបបាន បានជាឱ្យឈ្មោះថា វាលអង្កាម ត្បិតធនញ្ជ័យយកអង្កាមទៅបាយពេញវាលនោះឯង ឯទន្លេនោះធនញ្ជ័យហៅថា វាលភក់ ហើយយកអង្កាមទៅបាចពេញទន្លេនោះឯង ហើយគាត់ឱ្យហៅឈ្មោះថា ទន្លេសាប ហើយធនញ្ជ័យឱ្យហាមប្រាមថា បើនរណាចែកទូកឱ្យប្រយ័ត្នក្រែងវាខូចសំណាបអញ បើមិនស្ដាប់អញនឹងចាប់ឱ្យសង ហើយលក់ជាប្រាក់តម្លឹង៣០ដាច់សូរិលខ្លួន១ ទូក។
ឯអស់រាស្ត្រចែករកស៊ីក្នុងទន្លេនោះជាច្រើន នឹងចែកទៅឯណាឱ្យចៀសពីសំណាបនោះមិនបាន ធនញ្ជ័យក៏ចាប់ទូកអំបាលនោះថា ចែវចូលក្នុងសំណាប លក់យកប្រាក់បានទូក ១ជាប្រាក់៣០នោះឯង ឯអស់រាស្ដ្រនោះខឹងហើយ បបួលគ្នាឡើងទៅក្រាបទូលថា ត្បិតធនញ្ជ័យធ្វើស្រែក្នុងទន្លេនោះ ហើយយកអង្កាមទៅបាចពេញអស់ទន្លេ ហើយប្រាមប្រាប់អស់យើងខ្ញុំថា កុំឱ្យចូលក្នុងសំណាបនោះបើចូលនឹងចាប់លក់យកជាប្រាក់តម្លឹងទូល១ បើដូច្នោះយើងខ្ញុំពុំសុខចិត្តឡើយ សូមមេត្តាឱ្យកោះធនញ្ជ័យជំនុំឱ្យទានបានដឹងដំណើរ ត្បិតយើងខ្ញុំមិនដែលឭព្រះបន្ទូលថា មានច្បាប់ចាប់លក់យកប្រាក់ហូតយកពន្ធរទេះគ្រប់ទំនិញ ក្នុងព្រះនគរ ដូចធនញ្ជ័យថានោះទេ ព្រះមហាក្សត្រស្ដាប់ហើយក៏ឆ្ងល់ព្រះហឫទ័យនឹងធនញ្ជ័យណាស់ ហើយត្រាស់ប្រើអាមាត្យមួយនាក់ថា អាឯងទៅហៅអាជ័យមកឱ្យឆាប់ កុំបង្អង់យូរឡើយ អាមាត្យស្ដាប់ព្រះបន្ទូលហើយ ក៏ក្រាបថ្វាយបង្គំលា ដើរទៅរកធនញ្ជ័យ ឃើញហើយក៏ប្រាប់ថា ត្បិតមានព្រះបន្ទូលពិសេសឱ្យមកហៅធនញ្ជ័យឯង ឱ្យទៅជាមួយនឹងយើង ជាព្រះរាជបម្រើនេះកុំខានឡើយ បើខាននឹងខុសធនញ្ជ័យឯង ធនញ្ជ័យស្ដាប់ហើយក៏ស្លៀកពាក់សំពត់អាវ រួចហើយក៏ដើរទៅជាមួយបម្រើនោះឯង លុះទៅដល់ហើយ ក៏ចូលទៅក្រាបថ្វាយបង្គំគាល់ស្ងៀម នៅចាំស្ដាប់បន្ទូល។ ឯព្រះមហាក្សត្រទតឃើញធនញ្ជ័យមកដល់ហើយ ក៏មានព្រះបន្ទូលសួរថា អាជ័យអញឱ្យអាឯង ទៅនៅទន្លេ ឱ្យរកស៊ីធ្វើស្រេយកស្រូវ ឥឡូវនេះអាឯងទៅធ្វើដូច្នោះ តើអាឯងគិតដូចម្ដេច បើដូច្នោះឯងថាមកអញនឹងស្ដាប់ ទើបធនញ្ជ័យថា ពុំចេះនឹងទ្រង់អស់ព្រះមេត្តានឹងអស់ទាំងនេះ ទូលព្រះបង្គំជាខ្ញុំគិតឃើញថា កើតជានគរមានស្ដេចសោយរាជ្យហើយ ឱ្យចងជាច្បាប់ប្រាប់អស់នាម៉ឺននូវពលឱ្យបានដឹង នេះឯងជាពន្ធព្រះរាជទ្រព្យ ឱ្យបានដឹងថា ច្បាប់ជំនុំសេចក្តីស្រដីគ្រប់មុខ ឱ្យនាម៉ឺនធំតូចដឹងជាសណ្ដាប់ ប្រាប់អស់រាស្ដ្រនៅស្រុកក្រៅ ឱ្យចិញ្ចឹមចៅហ្វាយស្រុក ស្នងក្រលាពាស ជំទប់ ចៅមឿង មេស្រុក ទើបឱ្យបានដឹងអំពីខេត្តចៅហ្វាយស្រុកតូចស័ក្ដិយស ខ្នងពោះនាម៉ឺនក្នុង ខ្នងពោះចៅហ្វាយស្រុកនៅក្រៅឱ្យមានជាសណ្ដាប់ ប្រាប់ឈ្មោះ ចៅហ្វាយស្រុកមានជាដូច្នោះ ឈ្មោះខេត្តដូច្នោះ រួចធនញ្ជ័យក្រាបទូលថា ខ្ញុំទូលបង្គំនឹងចង់បានទ្រព្យខ្លួនក៏ទេ ធ្វើដូច្នោះបានជាអាករសួយ រៃក្នុងព្រះនគរដាក់ជាព្រះរាជទ្រព្យបានដឹងតរៀងទៅ។
អានតទៅវគ្គទី ៤

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ