Saturday, July 31, 2010

រឿង ធនញ្ជ័យ២

វគ្គទី ២
ព្រះមហាក្សត្រស្ដេចទៅដល់ព្រះពន្លាហើយរកធនញ្ជ័យមិនឃើញធនញ្ជ័យដើរ អំពីចម្ងាយ លុះដល់ល្មមស្ដេចទតមកឃើញក៏ប្រឹងរត់ទៅដល់ ហើយក្រាបថ្វាយបង្គំ ព្រះមហាក្សត្រស្ដេចមានព្រះបន្ទូលសួរថា អាជ័យអញឱ្យឯងជិះសេះមក ឥឡូវនេះក៏មិនជិះសេះមក ។ ធនញ្ជ័យក្រាបទូលថា សេះនេះដែលខ្ញុំជិះហែម្ចាស់ ស្ដេចស្ដាប់ហើយក៏ស្ងៀមនៅមិនមានព្រះបន្ទូលជាអ្វីឡើយ ហើយស្ដេចក៏វិលមកក្នុងព្រះរាជវាំងវិញ។
លុះដល់ព្រឹកឡើង ស្ដេចត្រាស់ឱ្យហៅធនញ្ជ័យមកគាល់ហើយមានព្រះបន្ទួលថា អាជ័យឯងទៅបោសក្រោមដំណាក់កុំឱ្យមានសំរាមនៅក្រោមដំណាក់សព្វៗថ្ងៃ ទៅ បើឯងខាននឹងបានសេចក្ដីខុសមិនលែងឡើយ ឯធនញ្ជ័យស្ដាប់ព្រះបន្ទូល ហើយក៏រៀបខ្លួនចេញទៅបោសក្រោមដំណាក់អស់អ្នកម្នាងនោះ ហើយអស់ទាំងស្ត្រីបម្រើវាដើរទន្ទ្រាំលើក្បាលធនញ្ជ័យតែសព្វៗថ្ងៃ ឯធនញ្ជ័យគិតថាអស់ទាំងស្ត្រីនេះដើរលើក្បាលអញ បើដូច្នោះអញនឹងគិតធ្វើកុំឱ្យស្ដេចប្រើកុំឱ្យមកបោសក្នុងដំណាក់ នេះទៀតបានឡើយ។ គិតស្រេចហើយធនញ្ជ័យក៏ជេរថា មេដកទងចោរទាំងអស់នេះ វាបានស៊ីក៏តែគូថ វាមិនបានស៊ីក៏តែពីគូថវា ស្រែកជេរខ្លាំង ឭដល់ទៅអស់អ្នកម្នាងនៅលើដំណាក់នោះ អ្នកម្នាងខឹងនឹងធនញ្ជ័យក៏បបួលគ្នាឡើងទៅក្រាបទូលថា សូមទ្រង់ជ្រាបព្រះរាជហឫទ័យ ត្បិតត្រាស់ប្រើអាជ័យឱ្យវាទៅបោសក្រោមដំណាក់ ឥឡូវនេះវាជេរបញ្ជោរអស់យើងខ្ញុំជាទម្ងន់ មុខគួរឱ្យខ្មាសអស់មនុស្សផងទាំងពួងនឹងធ្វើជាព្រះម្នាងស្ដេចមិនបាន សូមជ្រាប ឯព្រះមហាក្សត្រមានព្រះបន្ទូលថា វាជេរដូចម្ដេច ទើបអ្នកម្នាងទូលថា ជេរមេដកទងចោរទាំងអស់នេះ វាបានស៊ីតែពីគូថ វាមិនបានស៊ីក៏តែពីគូថវា ស្ដេចស្ដាប់ហើយក៏ទ្រង់ព្រះក្រោធ ត្រាស់ឱ្យហៅធនញ្ជ័យមកហើយមានបន្ទូលសួរថា អាជ័យឯងអញប្រើឱ្យឯងទៅបោសក្រោមដំណាក់ ដូចម្ដេចក៏បានជាអាជ័យឯងជេរបញ្ជោរអស់ប្រពន្ធអញមែនឬទេ?។ ទើបធនញ្ជ័យក្រាបទូលថា ទូលព្រះបង្គំជាខ្ញុំនឹងបានជេរបញ្ជោរអស់អ្នកក៏ទេ ប៉ុន្តែកាលទូលព្រះបង្គំចូលទៅបោសក្រោមដំណាក់នោះមានពីងពាងព័ទ្ធ ក្រោមដំណាក់នោះច្រើន ដល់ទូលព្រះបង្គំជាខ្ញុំចូលទៅបោសវាជាប់ក្បាលទូលព្រះបង្គំជាខ្ញុំ បានជាជេរវា មេដកទងចោរទាំងអស់នេះ វាបានស៊ីក៏តែគូថ វាមិនបានស៊ីក៏តែពីគូថវា ទូលព្រះបង្គំជាខ្ញុំនឹងបានជេរអស់អ្នកម្នាងជាម្ចាស់ក៏ទេ សូមទ្រង់ជ្រាប។ ព្រះមហាក្សត្រស្ដាប់ហើយក៏មានព្រះបន្ទូលនឹងអ្នកអស់ម្នាងថា អស់ឯងកុំខឹងនឹងវាៗនឹងបានជេរឯងក៏ទេ វាជេរតែពីងពាងទេ ទើបអស់អ្នកម្នាងក្រាបទូលថា អំពីថ្ងៃនេះទៅម្ចាស់កុំឱ្យអាជ័យវាទៅបោសក្រោមដំណាក់នោះទៀតឡើយ ព្រះមហាក្សត្រក៏ហាមធនញ្ជ័យមិនឱ្យទៅបោសក្រោមដំណាក់នោះទៀត អំពីថ្ងៃនោះ។
ឯធនញ្ជ័យក៏ខានពុំបានចូលក្រោមដំណាក់នោះ អំពីថ្ងៃនោះឯង។
ព្រះមហាក្សត្រគិតក្នុងព្រះហឫទ័យថា អាជ័យនេះវាមានប្រាជ្ញាណាស់ នឹងដេញប្រាជ្ញាមិនទាន់ បើដូច្នោះ អញនឹងឱ្យវាយកមាន់វាមកជល់នឹងមាន់អញ ហើយអញនឹងឱ្យហាមប្រាមអ្នកនគរអញកុំឱ្យនរណាឱ្យមាន់ខ្លាំងប្រជល់មក ធនញ្ជ័យទិញ ឬខ្ចី បើនរណាឱ្យខ្ចី ឬលក់ឱ្យធនញ្ជ័យ នឹងយកទោសខុសមិនខានឡើយ គិតក្នុងព្រះហឫទ័យដូច្នោះហើយស្ដេចក៏ក្រសាលសប្បាយទៅ លុះដល់ព្រឹកឡើងស្ដេចចេញមកគង់នៅសាលាក្រៅ ទ្រង់ឱ្យហៅអស់នាម៉ឺនមកជួបជុំ ហើយមានព្រះបន្ទូលបង្គាប់ឱ្យរកមាន់មកជល់នឹងព្រះលាន ហើយឱ្យធនញ្ជ័យមកដល់ហើយមានព្រះបន្ទូលបង្គាប់ថា អាជ័យឯងទៅរកមាន់អាឯងមកជល់នឹងមាន់អញឱ្យបានមកឥឡូចនេះឯង ឯធនញ្ជ័យក្រាបថ្វាយបង្គំលាហើយគិតថា ព្រះមហាក្សត្រលោកនឹងផ្ចាញ់ប្រាជ្ញាអញហើយ បើអញនឹងរកទិញមាន់គេ លោកហាមប្រាមមិនឱ្យនរណាលក់ឱ្យឡើយ បើដូច្នោះងាយទេ អញនឹងយកមាន់អញនេះឯង គង់តែនឹងជល់ឈ្នះមាន់ព្រះមហាក្សត្រមិនខានឡើយ គិតហើយក៏ដើរដល់ផ្ទះខ្លួនហើយចាប់យកកូនមាន់ ដែលទើបនឹងដុះក្រាស់នោះមក ហើយយកសម្ពត់រុំកូនមាន់នោះរួចដើរទៅ លុះដល់ព្រះមហាក្សត្រហើយក្រាបថ្វាយបង្គំ ស្ដេចទតមើលមិនឃើញធនញ្ជ័យយកមាន់មកដល់ទ្រង់បង្គាប់នោះ ក៏ទ្រង់មានព្រះបន្ទូលសួរថា អាជ័យឯណាមាន់អាឯងដែត្រូវជល់នឹងមាន់អញនោះ ឯធនញ្ជ័យក៏ក្រាបទូលថា ឱ្យតែយកមាន់ព្រះរាជទ្រព្យនោះមកនឹងជល់នឹងព្រះទូលបង្គំជាខ្ញុំ ទើបព្រះមហាក្សត្រត្រាស់ប្រើឱ្យទៅយកមាន់ព្រះមហាក្សត្រមកជល់ ហើយឱ្យលែងមាន់នោះ នៅទីដែលប្រជល់នោះឯង ឯអស់នាម៉ឺនក៏ដាក់ឱ្យជល់គ្នា ដោយគូៗគ្រប់គ្នា ឯព្រះមហាក្សត្រមានព្រះបន្ទូលតឿនទៅថា អាជ័យថ្វីក៏មិនលែងមាន់អាឯងទៅមើល ឯធនញ្ជ័យឭព្រះបន្ទូលតឿនដូច្នោះហើយ ក៏យកកូនមាន់ដែលគ្របនឹងសម្ពត់សដាក់ទៅឱ្យជល់នឹងមាន់ព្រះរាជ ទ្រព្យ ឯកូនមាន់នោះវាឃើញមាន់ធំនោះ វាស្មានថាជាមេវា ហើយរត់ទៅសសុលក្រោមពោះមាន់ធំនោះ ឯមាន់ធំឃើញកូនមាន់នោះរត់មកសសុលក្រោមពោះដូច្នោះហើយ វាក៏រត់ចេញ ឯធនញ្ជ័យក៏ស្រែកទះដៃថា មាន់ធំនោះចាញ់មាន់អញហើយ មិនហ៊ានជល់ទេ វារត់ទៅហើយ ឯព្រះមហាក្សត្រទ្រង់ព្រះក្រោធនឹងធនញ្ជ័យ ហើយក៏វិលចូលទៅក្នុងព្រះរាជមន្ទីរ ហើយទ្រង់ព្រះរាជចិន្ដាថា បើដូច្នោះអញប្រជល់ក្របីវិញ។
មានកាលមួយ ថ្ងៃស្ដេចត្រាស់ហៅអស់នាម៉ឺនមក ហើយមានព្រះបន្ទូលហាមអស់នាម៉ឺនថា បើអាជ័យវារកខ្ចីក្របីនរណា កុំឱ្យរាស្ត្រណាឱ្យឡើយ បើនរណាឱ្យខ្ចីហើយនឹងមានទោសខុស ទ្រង់ហាមអស់នាម៉ឺនស្រេចហើយ ក៏យាងចូលទៅក្នុងដំណាក់វិញ ឯធនញ្ជ័យនឹងបានដឹងថា ស្ដេចហាមដូច្នោះក៏ទេ។
លុះព្រឹកឡើងស្ដេចចេញមកគង់នៅសាលាក្រៅ ហើយប្រើឱ្យយកក្របីព្រះរាជទ្រព្យមួយដែលឡើងកំឡាំងមកដល់ ឥតមានក្របីឯណានឹងដល់ បានឡើយ យកមកដល់ហើយមានព្រះបន្ទូលទៅហៅធនញ្ជ័យឱ្យយកក្របីមកប្រជល់នឹង ក្របីព្រះរាជទ្រព្យកុំខានឡើយ ឱ្យយកមកជាមួយនឹងបម្រើកុំខាន បម្រើស្ដាប់ហើយក៏ទៅប្រាប់ធនញ្ជ័យដូចមានព្រះបន្ទូលបង្គាប់នេះឯង ធនញ្ជ័យស្ដាប់ព្រះបន្ទូលដូច្នេះហើយ ក៏ចុះអំពីផ្ទះទៅចាប់យកកូនក្របីទើបនឹងសម្រាល១០ថ្ងៃ ហើយចងកូនក្របីនោះដឹកជាមួយនឹងបម្រើទៅដល់ ហើយក្រាបថ្វាយគាល់ ឯព្រះមហាក្សត្រស្ដេចទតមកយល់ក្របីធនញ្ជ័យដឹកយកមកដល់ ក៏ទ្រង់បង្គាប់ធនញ្ជ័យថា ឱ្យយកក្របីអាឯងឱ្យវាជល់នឹងមើល ទើបធនញ្ជ័យដឹកកូនក្របីទៅទៀបក្របីធំនោះឯង ឯកូនក្របីនោះ វាមើលទៅឃើញក្របីធំនោះហើយ វាស្មានថាជាមេវា វាក៏រត់ទៅ បៅពងផ្លោកក្របីនោះ។ ឯក្របីធំនោះវារសើប វាក៏ស្ទុះបោលដាច់ខ្សែនឹងចាប់ក៏មិនបាន ឯធនញ្ជ័យស្រែកថា ចាញ់ហើយៗកូនក្របីនោះក៏បោលតាមក្របីឈ្មោលនោះឯង ព្រោះវាថាជាមេរបស់វា ព្រះមហាក្សត្រទតទៅឃើញថា ក្របីព្រះរាជទ្រព្យនោះវាបោលទៅ ហើយឃើញកូនក្របីបោលតាមពីក្រោយដូច្នោះ ក៏អៀនក្នុងព្រះហឫទ័យណាស់។
ហើយស្ដេចមានព្រះបន្ទូលប្រាប់អស់នាម៉ឺនឱ្យឃាត់ធនញ្ជ័យកុំឱ្យចូល ព្រះរាជវាំងឡើយ បើនរណាវាឱ្យធនញ្ជ័យវាចូលក្នុងវាំង អញនឹងយកទោសខុសមិនលែងឡើយ មានព្រះបន្ទូលហាមហើយ ស្ដេចចូលទៅក្នងដំណាក់វិញ ឯអស់នាម៉ឺនហៅធនញ្ជ័យមកប្រាប់ថា ត្បិតស្ដេចទ្រង់បង្គាប់ឱ្យប្រាប់អាជ័យឯងថា ពីថ្ងៃនេះទៅដល់១០ឆ្នាំ កុំឱ្យចូលក្នុងព្រះរាជវាំងទៀត បើឯងមិនស្ដាប់ឯងនឹងបានសេចក្ដីខុលមិនខានឡើយ ឯធនញ្ជ័យស្ដាប់ហើយក៏ស្ងៀមទៅ ហើយលាចេញ ដើរទៅផ្ទះអាត្មាវិញ លុះយូរប្រមាណបានបួនថ្ងៃនឹងដល់ថ្ងៃសីល ស្ដេចនឹងនិមន្ដលោកគ្រូសង្គ្រាជ ចូលទៅទេសនា ធនញ្ជ័យដឹងដូច្នោះហើយ ដើរទៅអង្គុយក្នុងសាលា ជួបនឹងនាម៉ឺនមុខមន្ត្រីតូចធំ ជុំគ្នាច្រើន ហើយធនញ្ជ័យធ្វើជាស្រដីថា ក្នុងថ្ងៃសីលនេះស្ដេចនឹងហៅអញទៅក្នុងវាំងមិនខានឡើយ ឯអស់នាម៉ឺនឭធនញ្ជ័យថាដូច្នោះហើយ ក៏សើចទាំងអស់គ្នាហើយថា អើអាជ័យគេចូលទៅបានមែនហើយ ថាដូច្នោះហើយក៏ចុះដើរទៅផ្ទះដទៃៗ ឯធនញ្ជ័យក៏ទៅផ្ទះវិញ លុះដល់ព្រឹកឡើងនោះ ជាថ្ងៃសីល ស្ដេចឱ្យទៅនិមន្ដលោកសង្គ្រាជចូលទេសនាក្នុងព្រះរាជវាំង ឯធនញ្ជ័យក៏ទៅអង្គុយចាំផ្លូវលោកសង្គ្រាជ លោកគ្រូសង្គ្រាជក៏ដើរតាមផ្លូវទៅជួបនឹងធនញ្ជ័យ ឯធនញ្ជ័យមើលឃើញលោកគ្រូសង្គ្រាជដើរមកដល់ហើយ ក្រាបថ្វាយបង្គំទូលថា សូមលោកគ្រូមេត្តាឈប់សិន ត្បិតខ្ញុំដឹងការមួយជាមន្ទិល ខ្ញុំនឹងទូលឱ្យជ្រាបលោកគ្រូសង្គ្រាជស្ដាប់ហើយក៏ឈប់នៅ ឯធនញ្ជ័យក៏ដើរទៅជិតទូលថា មើលទៅសក់ក្បាលខ្ញុំដូចជាសក់ក្ងោក មើលទៅមុខលោកគ្រូគ្រាន់តែជាគូថខ្ញុំ ឯលោកគ្រូសង្គ្រាជស្ដាប់ហើយខ្ញាល់នឹងធនញ្ជ័យដៀលមុខដូច្នោះ ហើយលោកអញនឹងទៅទូលព្រះមហាក្សត្រ លុះទៅដល់ជួបនឹងស្ដេចហើយថ្វាយព្រះពរទូលថា ត្បិតអាជ័យវាស្រដីឱ្យអាត្មាភាពថា មើលទៅសក់ខ្ញុំដូចសក់ក្ងោក មើលទៅមុខលោកគ្រាន់ជាគូថខ្ញុំ សូមមហារាជយកធនញ្ជ័យមកជំនុំជំរះឱ្យអាត្មាភាពដូច្នោះទៀត ព្រះមហាក្សត្រស្ដាប់ព្រះពុទ្ធដីកាលោកគ្រូសង្គ្រាជដូច្នោះហើយ ស្ដេចត្រាស់ប្រើមហាតលិកម្នាក់ឱ្យទៅហៅធនញ្ជ័យឱ្យចូលទៅគាល់ស្ដេច ឱ្យឆាប់ កុំយូរឡើយ ឯចៅធនញ្ជ័យស្រដីឱ្យលោកដូច្នោះហើយ ទៅអង្គុយនៅសាលាជាមួយអស់នាម៉ឺនហើយថាបន្តិចទៅស្ដេចនឹងឱ្យមកហៅ អញខ្ញុំនឹងចូលទៅ គាល់មិនខានឡើយ កាលណាឭធនញ្ជ័យស្រដីដូច្នោះហើយ នាម៉ឺនទាំងអស់នោះស្រដីចំអកថា មែនហើយបន្តិចគេចូលទៅគាល់ហ្លូងមិនខានឡើយ បម្រើនោះដើរទៅដល់ឃើញធនញ្ជ័យហើយប្រាប់ថា ត្បិតព្រះករុណាមានព្រះបន្ទូលឱ្យហៅជ័យឯងទៅឥឡូវនេះកុំខាន ធនញ្ជ័យស្ដាប់ហើយក៏ប្រាប់អស់នាម៉ឺនថា ខ្ញុំថាម្ចាស់នឹងឱ្យហៅខ្ញុំចូលទៅវាំងមិនខាន អស់លោកមិនជឿខ្ញុំ ថាហើយធនញ្ជ័យក៏ចុះតាមបម្រើចូលទៅក្នុងវាំង ទៅដល់ក្រាបថ្វាយបង្គំហើយស្ងៀមនៅ ឯព្រះមហាក្សត្រទតទៅឃើញធនញ្ជ័យមកដល់ ហើយមានព្រះបន្ទូលសួរថា អាជ័យឯងបានស្រដីថាដូចម្ដេច ឱ្យលោកសង្គ្រាជមែនឬ ឯធនញ្ជ័យទូលថា ទូលព្រះបង្គំថាមែន តែនឹងដៀលត្មេះលោកក៏ទេ ថានោះជាឱ្យខ្លួនខ្ញុំទូលព្រះបង្គំទេតើ ត្បិតលោកចូលក្នុងវាំង ឯខ្លួនទូលព្រះបង្គំមិនបានចូល បានជាទូលព្រះបង្គំថា មើលសក់ក្បាលខ្ញុំដូចសក់ក្ងោក មើលទៅមុខលោកគ្រូគ្រាន់តែគូថខ្ញុំ ព្រះមហាក្សត្រស្ដាប់ហើយ វាថាមានព្រះបន្ទូលនឹងលោកសង្គ្រាជថា លោកកុំខ្ញាល់នឹងអាជ័យឡើយ វាថាជាឧបមាខ្លួនវាទេ ហើយស្ដេចបណ្ដេញថា អាជ័យឯងកុំចូលមកក្នុងវាំងអញទៀត ធនញ្ជ័យស្ដាប់ហើយក៏ថ្វាយបង្គំលាទៅផ្ទះវិញ ស្ដេចមានព្រះបន្ទូលដូច្នោះហើយ គិតក្នុងព្រះហឫទ័យថា ឥតអ្នកណាដេញប្រាជ្ញាវាបាន អញហាមមិនឱ្យវាចូលវាំង ឥឡូវនេះវាចូលបាន មិនមានទើស ត្បិតប្រាជ្ញាវាមាន។
ក្រោយមកស្ដេចមានព្រះបន្ទូលបង្គាប់ថា ឱ្យអស់ស្រីនៅក្នុងវាំងទៅជុះអាចម៍ដាក់ផ្ទះអាជ័យ បើវាថាដូចម្ដេចឱ្យចាប់យកទោសខុសឯស្រីអ្នកក្នុងវាំងបានឭ ព្រះបន្ទូលបង្គាប់ដូច្នោះហើយ ក៏បបួលគ្នាទៅជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ ទៅដល់ហើយប្រាប់ធនញ្ជ័យថា ត្បិតម្ចាស់លោកឱ្យមកជុះអាចម៍ដាក់ផ្ទះជ័យឯង ឯធនញ្ជ័យស្ដាប់ហើយក៏ឆ្លើយថា បើមានព្រះបន្ទូលដូច្នោះហើយ ខ្ញុំមិនហ៊ានឃាត់ទេ តាមចិត្តអស់អ្នកចុះ បើចង់ជុះក៏ជុះចុះ តែជុះកុំនោម បើនោមផងហៅល្មើសព្រះបន្ទូល ខ្ញុំមិនព្រមទេ អស់អ្នកទាំងនោះស្ដាប់ធនញ្ជ័យថាដូច្នោះហើយ ដ៏បបួលគ្នាជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ តាមព្រះបន្ទូលស្ដេចបង្គាប់នោះ ឯធនញ្ជ័យក៏ដើរមើល ហើយឃើញនោមផង ធនញ្ជ័យវាយអស់ស្រីដែលជុះហើយនោមផង អស់ស្រីទាំងនោះដឹងធនញ្ជ័យវាយដូច្នោះហើយ ក៏រត់ទៅទូលស្ដេចឱ្យទ្រង់ជ្រាប លុះទៅដល់ហើយក្រាបថ្វាយបង្គំទូលថា ត្បិតម្ចាស់ប្រើឱ្យទៅជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ អស់យើងខ្ញុំទៅជុះដាក់តាមព្រះបន្ទូល ឥឡូវនេះធនញ្ជ័យវាយអស់យើងខ្ញុំ វាថាវាឱ្យជុះដាក់ផ្ទះវា សូមទ្រង់ជ្រាប ព្រះមហាក្សត្រស្ដាប់ហើយត្រាស់ថា ឱ្យអស់ទាហានចាប់យកអាជ័យយកមកជំនុំ ឯអស់ទាហានស្ដាប់ព្រះបន្ទូលដូច្នោះហើយ ក៏ទៅចាប់ធនញ្ជ័យដូចព្រះបន្ទូល លុះទៅដល់ផ្ទះធនញ្ជ័យ ក៏ឡើងទៅលើផ្ទះចាប់ធនញ្ជ័យចង រួចប្រាប់ថា ត្បិតស្ដេចមានព្រះបន្ទូលឱ្យមកចាប់យកឯងទៅ ព្រោះទ្រង់ខ្ញាល់ណាស់ ឯធនញ្ជ័យស្ដាប់ហើយគិតថា បើដូច្នោះនឹងគិតឱ្យវាចងអញបាន គិតស្រេចហើយក៏ថា អស់ទាំងអ្នកឯងនឹងចងអញនេះមិនបានទេ តែអញថាឱ្យឯងស្លាប់ ឯងនឹងស្លាប់មិនខាន ឯងមិនដឹងទេ នេះឯងហើយ ឈ្មោះធនញ្ជ័យអ្នកប្រាជ្ញ សូវលែងវិញជា ឯអស់ទាហានទាំងអស់ ស្ដាប់ពាក្យធនញ្ជ័យហើយក៏មិនហ៊ានចងដៃធនញ្ជ័យ ហើយស្រាយចេញ ឯធនញ្ជ័យក៏ដើរជើងទទេ ទៅដល់ហើយក្រាបថ្វាយបង្គំស្ងៀមនៅចាំស្ដាប់ព្រះបន្ទូល ឯព្រះមហាក្សត្រទតមកឃើញធនញ្ជ័យមកដល់ហើយមានព្រះបន្ទូលបណ្ដឹងថា អាជ័យដូចម្ដេចក៏បានជាអាឯងដេញវាយអស់សាវឡឹកដែលអញឱ្យទៅជុះអាចម៍ ដាក់ផ្ទះអាឯងនោះ តើអាឯងខុស ឬអាឯងត្រូវ ទើបធនញ្ជ័យយកសេចក្ដីក្រាបទូលថា បានជាទូលបង្គំជាខ្ញុំវាយនោះ ត្បិតអស់លោកសាវឡឹកធ្វើល្មើសព្រះបន្ទូល ខុសមិនត្រូវ ត្បិតទ្រង់បង្គាប់ថា ឱ្យទៅតែជុះអាចម៍ទេ នឹងមានព្រះបន្ទូលថា ឱ្យទៅនោមឯណា ឥឡូវនេះអស់អ្នកទាំងនោះទៅជុះផងនោមផង ហេតុដូច្នោះបានជាខ្ញុំវាយ សូមទ្រង់ជ្រាប។ ឯមហាក្សត្រស្ដាប់ហើយក៏ស្ងៀម ពុំមានព្រះបន្ទូលថាអ្វីៗឡើយ និងយកទោសធនញ្ជ័យមិនបាន។
អានតទៅវគ្គទី ៣

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ