Saturday, July 31, 2010

ពិធី​បុណ្យ​កឋិន

ខុសប្លែកពីបុណ្យដ៏ទៃ ដោយហេតុអ្វីខ្លះ?

ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនខ្មែរយើងទូទាំងប្រទេស ដែលតែងតែគោរពបូជា ប្រតិបត្ដិយ៉ាងយកចិត្ដទុក នេះក៏ដោយសារតែប្រជាពលរដ្ឋខ្មែរយើង មានជំនឿទៅលើផលបុណ្យ ផលបាប ដែលជា ទង្វើដែលខ្លួនបានធ្វើ គឺធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។ ជាមួយគ្នានេះផងដែរ ព្រះពុទ្ធសាសនា បានដើរតួ យ៉ាងសំខាន់នៅក្នុងការអប់រំមនុស្សដែលរស់នៅក្នុងសង្គមទាំងផ្លូវកាយ ទាំងផ្លូវត្ដ ដើម្បីឱ្យមនុស្សទទួលបាននូវសេចក្ដីសុខ ។ លើសពីនេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅក្នុងព្រះពុទ្ធសាសនាមានពិធីបុណ្យធំៗ ជាច្រើនដែលប្រជាពលរដ្ឋខ្មែរយើងតែងតែ ប្រារឰធ្វើឡើង ជារៀងរាល់ឆ្នាំ និងរដូវកាលដែលបានកំណត់ ។

ដើម្បីរួមចំណែកចូលរួមអភិរក្សអក្សរសាស្ដ្រជាតិ ក្នុងមានយើងខ្ញុំជាគណៈកម្មការនិពន្ធនៃ គេហទំព័រ veticar.com នឹងសង្ខេបអត្ថន័យខ្លះៗ ដែលពាក់ព័ន្ធទៅនិងពិធីបុណ្យកឋិន ជាបុណ្យប្រពៃណី ខ្មែរយើង តែងតែប្រារឰធ្វើឡើង ជារៀងរាល់ឆ្នាំ ។ តើបុណ្យកឋិនមានភាព ខុសពីបុណ្យដទៃ ? តើបុណ្យកឋិន មានភាពខុសពីបុណ្យដទៃ? តើគេច្រើនប្រារឰឡើងនៅរដូវណា? ហើយមានរយៈពេលប៉ុន្មានថ្ងៃ ? ចាប់ពីថ្ងៃណា ដល់ថ្ងៃណា?

តាមការបង្ហាញពីសៀវភៅបុណ្យទំនៀមទម្លាប់ខ្មែរ ទាំង១២ ខែបានបង្ហាញថា ៖

បុណ្យ កឋិនទាន គឺជាបុណ្យមួយ ដែលប្រជាជនខ្មែរប្រារឰធ្វើឡើយក្នុងពេលកំណត់មួយ គឺមានចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃ ១ រោច ខែ អសុជ្ស រហូតដល់ថ្ងៃទី ១៥ កើតពេញបូរមី ខែ កត្ដិក ។ ហើយបុណ្យ កឋិនមានលក្ខណៈ ខុសប្លែក ៥ យ៉ាងអំពីបុណ្យដទៃផ្សេងៗ និងក្លាយជាបុណ្យដ៏មានសារៈ សំខាន់នៅក្នុងវត្ដពុទ្ធសាសនា និងនៅក្នុង ចំណោមពុទ្ធបរិស័ទទូទៅ ។
លក្ខណៈប្លែក ៥ យ៉ាងគឺ ៖
១-ប្លែកដោយកាល

ព្រះពុទ្ធ ទ្រង់អនុញ្ញាតកឋិនកាល មានតែចំនួន ២៩ ថ្ងៃ គឺ ៖ ១៤ ថ្ងៃក្នុងខែអស្សុជ (កំណត់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ ១៤ រោច ឬខែដាច់) និង១៥ ថ្ងៃក្នុងខែកត្ដិក (កំណត់ពីថ្ងៃ១ កើត ដល់ថ្ងៃ ១៥ កើត ពេញបូរមី)។ រយៈពេលនេះ ហៅតាមពាក្យសាមញ្ញថា “ រដូវកឋិន ” ។ បុណ្យកឋិនធ្វើបានតែម្ដងគត់ ក្នុងមួយឆ្នាំ សម្រាប់វត្ដ មួយ និងត្រូវធ្វើតាមពេលកំណត់មិនមានមុន និងមិនមានក្រោយ ។ ភិក្ខុអាចទទួលសំពត់កឋិនបាន តែមួយដងគត់ ក្នុងមួយរដូវកឋិន ។
២-ប្លែកដោយវត្ថុ

សំពត់ ដែលជាអង្គកឋិន នោះមាន ៖ ស្បង់ចីវរ និងសង្ឃាដី ដែលបានធ្វើត្រឹមត្រូវតាមពុទ្ធាបញ្ញត្តិ ។ យោង តាមវិន័យបញ្ញត្តិ ទោះបីជាទាយក ឬទាយកា នាំសំពត់មួយត្រៃមកប្រគេនភិក្ខុសង្ឃ ក៏ភិក្ខុសង្ឃអ្នកក្រាលគ្រង លោករើសយកតែមួយមុខ មកធ្វើជាអង្គកឋិន ។ តាមធម្មតា ភិក្ខុច្រើនតែរើសយកសង្ឃាដីធ្វើជាអង្គកឋិន ពីព្រោះ សង្ឃាដីជាសំពត់ធំជាងគេបង្អស់ក្នុងត្រៃចីវរ ហើយអាចប្រើសម្រាប់ដណ្ដប់ដូចជាភួយ នៅពេលរងាក៏បាន ។
៣-ប្លែកដោយអំពើ

តាម ទំនៀមទម្លាប់ ពុទ្ធបរិស័ទតែងតែមានជំនឿថា ការធ្វើបុណ្យចំពោះភិក្ខុមួយអង្គ ៗ ពុំសូវមានអានិសង្ឃច្រើន ដូចជាធ្វើនឹង សង្ឃ ទេ (សង្ឃ សំដៅយកភិក្ខុចំនួនពី៤ អង្គឡើងទៅ)។ យោងតាមវិន័យបញ្ញត្តិអង្គ កឋិនអាចវេរប្រគេនចំពោះសង្ឃ យ៉ាងហោចណាស់ ក៏មានវត្ដមានភិក្ខុ៥ អង្គដែរ ដើម្បីឱ្យកើតជាកឋិនពេញ លក្ខណៈបាន ។

៤-ប្លែកដោយបដិគ្បដិការគាហកៈ (ដោយអ្នកទទួល)

មានតែ ភិក្ខុទេ ដែលអាចទទួលសំពត់កឋិនបាន (រីឯ សាមណេរ និងអ្នកដ៏ទៃទទួលពុំបាន)។ ភិក្ខុនោះត្រូវ តែគង់ចាំវស្សាគម្រប់ ៣ ខែ ក្នុងវត្ដ ឬអាវាសណាមួយ ។ ភិក្ខុមិនបានគង់ចាំវស្សាគ្មានសិទ្ធទទួលអង្គកឋិនទេ ។
៥-ប្លែកដោយអនិសង្ឃ

នៅក្នុង ការធ្វើបុណ្យកឋិន ទាយក និងទាយកា តែងទទួលបានអនិសង្ឃច្រើន ។ យោងតាមវិន័យបិដក ភាគ៨ ត្រង់កឋិនក្ខន្ធកៈ ភិក្ខុសង្ឃដែលជាអ្នកអនុមោទនា និងក្រាលគ្រងកឋិន ត្រូវបានទទួលអនិសង្ឃ ៥ យ៉ាង ក្នុងរយៈពេល ៥ ខែ ។ អានិសង្ឃទាំង ៥ យ៉ាងនោះគឺ ៖

(១)-អនាមន្ដចារោ ៖ ភិក្ខុត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាបាន និងមិនមានទោស (ត្រូវអាបត្តិ) ឡើយ ។

(២)-អសមានទានចារោ ៖ ភិក្ខុត្រាច់ទៅដោយមិនបាច់យកសំពត់ណាមួយ ឬត្រៃចីវរគ្រប់ប្រដាប់ ជាប់ជាមួយបាន ។

(៣)-គណភោជនំ ៖ ភិក្ខុអាចឆាន់គណភោជនំបាន ។

(៤)-យាវនត្ថចីវរំ ៖ ភិក្ខុអាចទុក អតិរេកចីវរ (ចីវរដែលលើសអំពីសេចក្ដីត្រូវការ)ចំនួនប៉ុន្មាន ក៏បាន ។

(៥)-យោ ច តត្ថ ចីវរុប្បានោ សោ នេសំ ភវិស្សិតិ ៖ ចីវរណាកើតឡើងក្នុងអាវាស នោះ ចីវរនោះនឹងមានដល់ភិក្ខុនោះ។

វិន័យ បិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែកអំពីប្រភពនៃបុណ្យកឋិនថា ៖ “ នៅក្នុងសម័យពុទ្ធកាល ព្រះ សម្ពុទ្ធជាម្ចាស់ ទ្រង់ពុទ្ធានុញ្ញាត ឱ្យភិក្ខុប្រើប្រាស់តែបង្សុកូលចីវរ ទ្រង់ពុំទាន់បានអនុញ្ញាត ឱ្យប្រើគហបតីចីវរនៅ ឡើយ ។

សម័យកាលនោះ នៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះពុទ្ធកំពុងគង់ចាំព្រះវស្សា ក្នុងវត្ដជេតពន ដែលជា អារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយ នៅទៀបក្រុងសាវត្ថី ។ ត្រានោះ មានភិក្ខុ ៣០រូប ឈ្មោះថា ភទ្ទវគ្គិត្ថេរ ក្នុងដែនបាថេយ្យ ជាអ្នកប្រព្រឹត្តធម៌នៅក្នុងព្រៃ ។ ល។ បាននាំគ្នានិមន្តចេញអំពីទីនោះ មកកាន់ក្រុង សាវត្ថី ដើម្បីចូលគាល់បម្រើព្រះដ៏មានព្រះភាគ ។ ប៉ុន្តែភក្ខុទាំងអស់ បានមកដល់តែត្រឹមសាកេត (ភូមិ មួយជាប់ នឹងទីក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹងស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរ ស្វែងរកទី សេនាសនៈនៅចាំវស្សា ៣ ខែ នាពាក់កណ្តាលផ្លូវនោះតែម្ដងទៅ។ ភិក្ខុសង្ឃទាំង ៣០ រូបមានសេចក្ដីអផ្សុក កើត ទុក្ខតូចព្រះទ័យជាខ្លាំង ដោយគិតឃើញថា ព្រះភាគទ្រង់គង់នៅទីនោះ ចម្ងាយតែ៦យោជន៍ទៀតសោះ មិនសម យើងទាំងឡាយស្កុនដំណើរ មិនបានគាល់បម្រើព្រះអង្គដូចបំណងសោះ ។

លុះដល់ ថ្ងៃចេញវស្សា បវារណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ចូលទៅកាន់ក្រុងសាវត្ថី ។ នៅ ទីនោះភិក្ខុសង្ឃទាំងអស់បានចូលធ្វើសាវនាការជាមួយនឹងព្រះពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក ។ ព្រះមានព្រះ ភាគទ្រង់មានបន្ទូលរាក់ទាក់ទៅកាន់ភិក្ខុទាំងនោះថា ៖ “ ម្នាលភិក្ខុទាំងឡាយ សរីយន្ដរបស់អ្នកទាំងឡាយលម្ម អត់សង្កត់បាន ឬទេ ? ល្មមប្រព្រឹត្ដទៅបានឬទេ? តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះស្មើ ឥតមានវិវាទ ទាស់ទែងគ្នា ទេឬ? អ្នកទាំងឡាយនៅចាំវស្សាសោត ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាត ទេឬ?

ភិក្ខុទាំងឡាយនោះ ក៏ក្រាបបង្គំទូល នូវសេចក្ដីលំបាករបស់ខ្លួន ដែលមានមកតាមផ្លូវដោយសព្វគ្រប់ តាមដំណើរ ។

លំដាប់ នោះ ព្រះដ៏មានព្រះភាគទ្រង់សម្ដែងធម្មឹកកថា ប្រារឰអំពីសង្សារវដ្ដមិនមានទីបំផុត ប្រោសប្រទាន ដល់ភិក្ខុទាំងនោះ ។ លុះចប់ធម៌ហើយ ភិក្ខុទាំងអស់នោះ បានជាព្រះអរហន្តទាំងអស់អង្គ រួចហើយក៏នាំគ្នា ក្រាប ថ្វាយបង្គំលាព្រះសម្ពុទ្ធ វិលទៅកាន់លំនៅរបស់ខ្លួនវិញ ។

បន្ទាប់អំពីនោះមក ព្រះមានព្រះភាគទ្រង់តម្រិះថា បើប្រសិនជាតថាគតបានតែងតាំងកឋិនត្ថារកិច្ច ទុក មកពីគ្រាមុន ម្លេះសមភិក្ខុទាំងឡាយនោះបានលះចីវរមួយទុកនៅកន្លែងជាប់មកតែ ស្បង់ចីវរប៉ុណ្ណោះ មានអត្ថភាព ស្រាលមិនលំបាកយ៉ាងនេះសោះឡើយ ។ ហើយកឋិនត្ថារ កិច្ចនេះព្រះពុទ្ធរាល់ព្រះអង្គ ក៏តែងអនុញ្ញាតទុកដល់ សាវកពុំដែលលះបង់ផង ។ ព្រះដ៏មានព្រះភាគទ្រង់ព្រះ ដូច្នេះហើយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក រួចហើយក៏ទ្រង់អនុញ្ញាតកឋិនត្ថារកិច្ច ដោយព្រះពុទ្ធដីកាថា ៖

អនុជា នាមិ វេ វស្សំ វុដ្ឋានំ ភិក្ខុនំ កឋិនំ។ អត្ថរិតុំ អត្ថតំ កឋិនទានំ វោ ក្ខវេ បញ្ច ស្សន្ដិ ។ “ ប្រែថា ” ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលបាន នៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិន ។ ម្នាលភិក្ខុទាំងឡាយ ! កាលបើភិក្ខុទាំងឡាយបានក្រាលគ្រងកឋិន ហើយ នឹងបានសម្រេចអានិសង្ស ៥ ប្រការ ” ។ បន្ទាប់មកព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាត ឱ្យភិក្ខុទទួលស្បង់អំពី ពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ ១ រោច ខែអស្សុជ រហូតដល់ថ្ងៃទី ១៥ កើតពេញ បូរមី ខែកត្ដិក (រវាង ពាក់កណ្ដាលខែតុលា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកា)។ ព្រះដ៏មានព្រះភាគទ្រង់ព្រះមេត្ដា ប្រោសអនុញ្ញាត ភិក្ខុសង្ឃដែលអនុមោទនា និងក្រាលគ្រង កឋិននោះ បានទទួលអានិសង្ស ៥ ប្រការ។ ជនមាន សទ្ធា ដែលបានធ្វើកឋិនទាន មានឈ្មោះថា ជាអ្នកបានគោរពនូវព្រះពុទ្ធដីកា ដែលទ្រង់បានអនុញ្ញាតឱ្យភិក្ខុសង្ឃ បានទទួលអានិសង្ឃ ៥ ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរចំពោះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់មួយត្រៃ មាសនោះផង និងជាអ្នកតអាយុព្រះពុទ្ធសាសនាអស់កាលជាយូរអង្វែងទៅផង ។

ព្រះ សម្ពុទ្ធទ្រង់សំដែងថា “ សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ។ “ ប្រែថា ”ជន ដ៏មានប្រាជ្ញណាមួយ បានធ្វើនូវសេចក្ដីសុខស្រួល (ដល់អ្នកដ៏ទៃ) ជននោះឯង រមែងបានជួបប្រទៈនឹងសេចក្ដីសុខ ស្រួលជាពិតប្រាកដពុំខានឡើយ ។ ” សេចក្ដីអធិប្បាយយ៉ាងនេះថា ជនណាបានធ្វើកឋិនទាន ដែលនាំឱ្យព្រះភិក្ខុ សង្ឃ បានអនិសង្ឃ ៥ យ៉ាងក្នុងរវាង៥ ខែ បានឈ្មោះថា ជាអ្នកឱ្យសេចក្ដីសុខស្រួលដល់អ្នកដ៏ទៃ នៅក្នុងបច្ចុប្បន្ន ជាតិ ជននោះឯងតែងតែបានសុខ ក្នុងមនុស្សលោកនិងទេវលោក ក្នុងពេលអនាគត។ ដោយអំណាចផល្លានិសង្ឃនៃ កឋិនទាននោះ ក្នុងអនាគតកាល ជននោះ នឹងបានជាឯហិភិក្ខុនី ដែលមានត្រៃចីវរកើតឡើងឯកឯង ដោយឬទ្ធិ នៅ ពេលបុព្វជ្ជា ជាបុព្វជិតក្នុងសាសនាព្រះពុទ្ធអង្គណាមួយ ហើយក៏នឹងបានសម្រេចមគ្គផល និព្វានក្នុងពេលបុព្វជ្ជានោះ ជាពិតប្រាកដពុំខានឡើយ ។

តាំងពីពេលនោះមក បុណ្យកឋិនបានក្លាយជាបុណ្យទំនៀមទម្លាប់របស់ពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេចក្ដី ត្រូវការស្បង់ចីវរដ៏វិសេសនេះ ។

វេលា រាត្រីមុនថ្ងៃបុណ្យកឋិន ទាយក ទាយកា ម្ចាស់ដើមបុណ្យ និងញាតិមិត្រ នាំគ្នាយកត្រៃចីវរ និង គ្រឿងបរិក្ខារផ្សេងៗ ទៅកាន់វត្ដអារាម ដែលគេបានទាក់ទងស្និទ្ធស្នាល រួចមកហើយ និងធ្វើកុសលខ្លះៗ ដូចជា ថ្វាយបង្ថ្វាយបង្គំគុំព្រះរតនត្រ័យ អារាធនាព្រះសង្ឃចម្រើនព្រះបរិត្ដ និងស្ដាប់ព្រះសង្ឃសម្ដែងធម្មទេសនា (ស្ដីអំពីអានិ សង្ឃកឋិន)។

លុះ ព្រឹកស្អែកឡើង ទាយក ទាយកា និងពុទ្ធបរិស័ទ ម្ចាស់ដើមបុណ្យនាំគ្នាតៅកាន់វត្ដម្ដងទៀត ។ គេ ប្រារឰពិធីថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល ៥ ឬសីល ៨ ដាក់បាត្រ បង្សុ័កូល និងវេរភត្ដប្រគេនព្រះសង្ឃ។

បន្ទាប់ពីថ្ងៃត្រង់ ទាយក និងទាយកា ម្ចាស់ដើមបុណ្យ ព្រមទាងញាតិមិត្រ នាំគ្នាទូលពានត្រៃចីវរ និងកាន់ ទ្រនូវគ្រឿងបរិក្ខារជាបរិវារកឋិន ផ្សេងៗ ដើរប្រទក្សិណព័ទ្ធជុំវិញរោងឧបោសថ ( ឬព្រះវិហារ ) ចំនួន៣ ជុំ។ អ្នកទាំងអស់ត្រូវបាននាំមុខដោយក្រុមភ្លេងឆៃយ៉ាំ និងភិក្ខុសូត្រធម៌ ព្រមទាំងមានពុទ្ធបរិស័ទទាំងហ្វូងដង្ហែតាម ពីក្រោយ។

បន្ទាប់មក ត្រៃចីវរ និងគ្រឿងបរិក្ខារជាបរិវារកឋិន ត្រូវបានវេរប្រគេនចំពោះភិក្ខុសង្ឃ ដោយអនុលោម តាមក្បួន និងទម្រង់ការដែលបានបញ្ញត្តិទុកមក ។

ពេលពិធីវេរអង្គកឋិន បានចប់សព្វគ្រប់ហើយ គឺជានាទីរបស់សង្ឃ ដើម្បីជួបជុំគ្នាជាថ្មីឡើងវិញ នៅក្នុង រោងឧបោសថ ឬព្រះវិហារ និងដើម្បីប្រារឰពិធីឆ្លងកឋិនទាន (សម្ពោធកឋិន) ទៅតាមវិន័យបញ្ញត្តិ ។

តាម ធម្មតា គ្រូចៅអធិការ ឬថេរភិក្ខុ នៅក្នុងវត្ដត្រូវធ្វើសំណូមពរឱ្យមានភិក្ខុមួយរូប ជាតំណាងសង្ឃ ដើម្បីអនុមោទនា និងក្រាលគ្រងអង្គកឋិន ។ ជាយថាហេតុ ភិិក្ខុអង្គណាដែលមានស្បង់ចីវររហែកដាច់ នឹងត្រូវ ជ្រើសឡើង ។ រោងឧបោសថ ឬព្រះវិហារ គឺជាកន្លែងសម្រាប់ធ្វើសង្ឃកម្មពិសេស (សម្ពោធកឋិន)នេះ ។ ពិធីនេះ ដោយឡែកសម្រាប់តែសង្ឃ ពួកគ្រហស្ថមិនអាចចូលរួមជាមួយបានឡើយ ។

ពុទ្ធបរិស័ទមានជំនឿថា ការធ្វើបុណ្យកឋិន នៅវត្ដដែលមានព្រះវិហារបញ្ចុះសីមារួចហើយ ទើបបានអនិ សង្ឃច្រើន ។

នៅប្រទេសខ្មែរ បុណ្យកឋិន គឺជាបុណ្យសប្បាយអឹកធឹក មានពណ៌ចម្រុះឆើតឆាយ មានទិដ្ឋភាពជាបុណ្យ ពុទ្ធសាសនាយ៉ាងមហោឡារិក ។

ជាការពិតណាស់ បុណ្យកឋិន គឺជាឱកាសមួយ សម្រាប់បណ្តុះបណ្តាលអំពើល្អ និងគុណធម៌ នៅក្នុងដួងចិត្ត យើងគ្រប់ៗ គ្នា ។

រៀបរៀងដោយឡុង រដ្ឋា
ចម្លងពី http://www.veticar.com/index.php?option=com_content&view=article&id=228&Itemid=232

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ