Saturday, July 31, 2010

រឿងទុំទាវ៥

វគ្គទី៥
ម្ដាយ- ទាវមកដល់ហើយកូនអើយស្ដាប់ ម្ដាយនឹងសាស័ព្ទបទបរិយាយ
ធម្មតាកូនកើតមានរូបកាយ ល្អល្អះឆើតឆាយចាយសំដី។
ឮឈ្មោះចំពោះដល់មហាក្សត្រ យកទៅថ្វាយថ្វាត់ទ្រង់ប្រណី
ប្រែឱ្យម៉ឺនឯកឥតមានអ្វី ក្រីក្រធនធានគ្មានស៊ីណោះ។
ទាវ- ឱ្យអ្នកព្រះមេមានគុណឆ្ងាយ ម្ដេចប្រែកែក្លាយឃ្លាតធម៌អាថ៌
បើម៉ែកែឱ្យកូនមានប្ដី ទុំហ្នឹងដូចក្ដីស្និទ្ធស្នេហា
នេះកូនក៏ព្រមល្មមស្នេហា ផ្ទប់ផ្ទាល់រក្សាគ្នាតទៅ។
បើម៉ែមិនមានមេត្តា ឱ្យខ្ញុំព្រមការម៉ឺនងួននៅ
សមក្ស័យជីវិតត្បិតមិនត្រូវ អង្វរម៉ែឪសូមប្រកែក
ម្ដាយ- មេចោររឹងដូចដែក អញចាប់មាត់ហែកបែកឥឡូវ
អញប្រាប់ឱ្យមានបានថ្កុំថ្កើង ហ៊ានហួសចចើងស្ដូគ្មានត្រូវ
ស្រលាញ់អាទុំគ្មានម៉ែឪ គ្មានគិតអាស្រូវភាសខ្មាសគេ។
ដោយ ឃើញថាម្ដាយខឹងទាវខ្លាំងទាវក៏មិនហ៊ានតមាត់តទៅទៀត នាងសុខចិត្តអង្វរម្ដាយកុំឱ្យបំបែកបំបាក់នាងចេញពីទុំអី។ បន្ទាប់ពីបានជេរស្ដីទាវរួចហើយម្ដាយទាវក៏ធ្វើដំណើរទៅផ្ទះលោក ចៅហ្វាយស្រុកដើម្បីជម្រាបគាត់អញ្ជើញនិងរៀបចំពិធីមង្គលផង។
យើង ឈប់ស្លេះត្រឹមនេះមិននិយាយ សូមនិយាយពីទាវវិញម្ដងពេលនេះនាងត្រូវបានម្ដាយបង្ខាំងឱ្យនៅក្នុង បន្ទប់មិនឱ្យចេញដើរទៅណាសោះ នាងកើតទុក្ខយ៉ាងខ្លាំងបាយមិនបាន ទឹកមិនបាន នាងគិតថា៖ “ ឱ្យខ្ញុំអើយ! មិនដឹងចិត្តម្ដាយដល់ប៉ុណ្ណឹងសោះ បោកបញ្ឆោតកូនថាឈឺយកកូនមករៀបការទៅវិញ នេះបើខ្ញុំត្រូវបែកពីទុំនោះ ខ្ញុំនឹងស៊ូក្ស័យវិញប្រសើរជាង។ ទាវនឹកកើតទុក្ខសម្រក់ទឹកភ្នែកបណ្ដើរសរសេរសំបុត្របណ្ដើរសរសេរចប់ ទាវបិទនឹងថ្លាថ្មាត់យ៉ាងស្អាតហើយដាក់បារីខ្ចប់នឹងផាហ៊ុម រួចស្រេចហើយទាវក៏បានចាត់បម្រើដែលទុក្ខចិត្តបំផុតឱ្យស្រូតដំណើរ ទៅរកទុំកុំបីអែអង់ឡើយ។ អ្នកបម្រើទទួលបានសំបុត្រពីទាវ ហើយក៏ម្នីម្នារកពឹងគេចម្លងទូកទៅត្រើយម្ខាងហើយធ្វើដំណើរថ្មើរជើង គេខំដើរទាំងយប់ទាំងថ្ងៃមិនហ៊ានឈប់សម្រាករហូតដល់គោលដៅ គេបានស៊ើបសួររកផ្ទះទុំ។ គ្រាន់តែទុំបានជួបអ្នកមកពីស្រុកនោះភ្លាម ទុំក៏បានសួរដំណឹងពីទាំវ អ្នកបម្រើមិនបានឆ្លើយសំណួរទុំទេគេគ្រាន់តែហ៊ុចផាហ៊ុមនិងសំបុត្រ ឱ្យទុំ អានសំបុត្រចប់ទុំហាក់ស្រយុតស្រយង់អស់អង្គប្រាណគេមិនស្មានដល់ថា ម្ដាយទាវមានចិត្តអប្រិយដល់ម្លឹងសោះទុំនឹកថា៖
- ឱ កន្លែងគេង អាហារផ្លែឈើ ធ្លាប់ញ៉ាំរួមគ្នាពេលនេះត្រូវខ្វះម្នាក់ហើយ ទាវអើយបងគិតថាប្អូនទៅមើលម្ដាយឈឺតែបែរជាត្រូវម្ដាយបង្ខំឱ្យ រៀបការនឹងម៉ឺនងួនទៅវិញ នេះទាវស្មោះត្រង់នឹងបងចាត់បម្រើមកឱ្យដំណឹងបងឱ្យទៅឆាប់កុំ បង្អង់ ទាវអើយបើប្អូនបានទៅម៉ឺនងួនមែននោះបងពិតជាស៊ូស្លាប់តស៊ូនឹងគេ ដើម្បីប្អូនហើយ ទោះបីជាត្រូវស្លាប់ក្រោមអំណាចគេក៏ដោយចុះ។ ពេញមួយយប់ទុំដេកមិនលក់ប្រែប្រួលចុះឡើងៗនឹកឃើញតែទាវនៅនឹងមុខ។
ព្រឹក ឡើងព្រះអាទិត្យបញ្ចេញរស្មីយ៉ាងក្រហមរន្ទាល ទុំរៀបចំឥវ៉ាន់រួចហើយក៏ចេញមកក្រៅទទួលពេលនោះព្រះរាជាទ្រង់យាង ចេញមកក្រៅដោយមានអាមាត្រ ភីលៀង ស្រីស្នំមកជាមួយផង ឃើញព្រះអង្គភ្លាមទុំគ្មាននឹកខ្លាចអ្វីទាំងអស់ក៏ស្ទុះទៅវឹង ហើយក៏ក្រាបសំពះព្រះអង្គនិងទូលពីដំណើររឿងទាវទាំងអស់ដល់ព្រះអង្គ ថា៖
- សូម ព្រះអង្គមេត្តាប្រោសដល់ទូលបង្គំជាខ្ញុំទាំងពីរ ត្បិតម្ដាយទាវបានត្រូវរ៉ូវនឹងលោកអរជូនចៅហ្វាយស្រុកដាក់សំបុត្រមក ថាឈឺខ្លាំង ប៉ុន្តែឥឡូវទាវត្រូវចាប់ទុកចាប់ឱ្យរៀបកាជាមួយម៉ឺនងួនហើយសូម ព្រះអង្គមេត្តាព្រះអង្គចេញព្រះរាជឱង្ការពេលនេះផង បើពុំនោះទេនឹងហួសពេលហើយ។
ព្រះរាជា ទ្រង់សណ្ដាប់រឿងរ៉ាវរបស់ទុំហើយទ្រង់ខ្ញាល់យ៉ាងខ្លាំង ព្រះអង្គមានបន្ទូលដោយពិរោធថា៖ ”យើសអាចោរអរជូនខ្លួនប្រៀបដូចពងមាន់ដែលចង់ជល់នឹងថ្មទោសវាសមតែ ស្ងោរទេ… “។ ព្រះអង្គទ្រង់ចាត់ហៅអស់ចៅក្រមកុង្សីយ៍ សេនាបតី នាម៉ឺន អាមាត្រ មកប្រជុំសាលក្រមភ្លាម ព្រះអង្គទ្រង់ឱ្យចាត់ចែងតាមសេចក្ដីបន្ទូលរបស់ព្រះអង្គថា៖
“ទាវ នេះយើងបានផ្សំផ្គុំឱ្យម៉ឺនឯកហើយជាស្រេច ត្បិតទាវនេះជាសង្សាររបស់គេពិត...។ ទ្រង់មានបន្ទូលផ្ដាំទុំបន្ថែមថា៖ ”បើសិន មិនបានសម្រេចដូចចិត្តទេ ចូរប្រញាប់មកវិញភ្លាម...។ នាម៉ឺន មន្ត្រី កុង្សីយ៍ បានចាត់ចែងរៀបចំជាសំបុត្រដោយមានត្រាពីព្រះអង្គហើយទុំបានពឹង ពេជ្រនឹងចែវទូកឱ្យជូនទៅ ពួកគេខំប្រឹងចែវទាំងយប់ទាំងថ្ងៃដោយមិនហ៊ានឈប់ព្រោះខ្លាចទៅមិន ទាន់ពេល ទុំអង្គុយក្នុងទូកម្ដងសម្លឹងមើលដើមឈើ ម្ដងរាប់ភូមិស្រុក ម្ដងមើលមច្ឆាហែលប្រដេញគ្នាក្នុងទឹក ប៉ុន្តែក្នុងចិត្តទុំសែនក្ដៅអួលណែនរកថ្លែងមិនបាន ទុំនឹកក្នុងចិត្តថា៖ “ឱ ទាវបងអើយ!តើប្អូនបានទៅគេហើយទេដឹង?ថ្ងៃស្អែកនេះបងនឹងឡើងដល់ទី ត្បូងឃ្មុំហើយ បងបារម្ភណាស់ក្រែងថាលោកអរជូនគេគុំគួនបង ហើយចាប់បងយកទៅសម្លាប់ទេដឹង...។
យើង ទុកទុំត្រឹមនេះសិនមិននិយាយបន្ត សូមងាកមើលទាវវិញម្ដងនាងកើតទុក្ខរង់ចាំដំណឹងទុំរៀងរាល់ថ្ងៃ នាងគិតថា៖ “ឱ បងទុំអើយ តើបងមកហើយឬនៅ ប្អូននៅចាំបងគ្រប់វេលាឬមួយយើងត្រូវព្រាត់ប្រាសគ្នាត្រឹមនេះហើយ តើព្រាត់រស់ឬក្ស័យគ្មាននារណាម្នាក់ប្រាប់ពីដំណឹងបងឱ្យប្អូន បានដឹងថាតើត្រូវយូរឬឆាប់ប៉ុណ្ណា រំពឹងម្ដាយគឺគាត់កំចាយកូនហើយគាត់អាងថាគេមានកិត្តិយសមានទ្រព្យ ធនធានបងអើយបងក្រខ្សត់មិនមានអ្វីម្ល៉េះសមបងមិនហ៊ានមកតតាំងនឹង គេទេ។ ទាវនឹកគិតសព្វគ្រប់ទុក្ខកាន់តែទ្វេឡើង មួយថ្ងៃៗនាងបន់ឱ្យទុំឆាប់មកដល់ប៉ុណ្ណោះ។ សូមងាកមកមើលម្ដាយទាវវិញម្ដងគាត់នៅមិនសុខក្នុងចិត្តបារម្ភ ខ្លាចក្រែងទុំមកដល់ ដូច្នោះហើយក៏ប្រញាប់ប្រញាល់ទៅផ្ទះចៅហ្វាយស្រុកអរជូនដើម្បីសុំឱ្យលោក រៀបចំសង់រោង ខ្លះឱ្យទៅរកអាចារ្យមើលពេលា នឹងអាចារ្យខ្ញែរធ្វើធ្មេញនិងចាត់ខ្លះទៀតឱ្យទៅអញ្ជើញព្រៀងលាន សន្ដានដែលនៅឆ្ងាយ ត្បិតពេលនេះជាពេលរៀបការកូនងួននិងទាវហើយ មើលចុះទាំងបម្រើនិងញាតិសន្ដានឥតមានហ៊ានខកឡើយ ម្នាក់ៗរត់ប្រញាប់ប្រញាល់ធ្វើការរៀងៗខ្លួនព្រោះខ្លាចមិនទាន់។ ឈប់ស្លេះរឿងការត្រឹមនេះសិនយើងងាកមើលទុំវិញម្ដង ពេលដែលទូកជិតចូលដល់កំពង់ហើយនោះទុំបានប្រាប់ពេជ្រថា៖
- ប្អូន អើយបងឮសូរដូចសំឡេងភ្លេងការ នេះច្បាស់ជាករងួននិងទាវហើយពេជ្រអើយបងសែនរន្ធត់អ្វីម្ល៉េះទេ មិនគួរណាទាវដាច់ចិត្តចោលបងយ៉ាងនេះ ថ្ងៃស្អែកនេះពេជ្រអើយម្ល៉េះសមបងអន្តរាយបង់រូបកាយនឹងទាវហើយ ប្អូនយកបង្វេចមកបងប្រថុយតាមកម្មបងទៅចុះ។
ទូក ចូលចតដល់កំពង់ ទុំយកបង្វេចមកស្រាយបណ្ដើរទឹកភ្នែកហូរសស្រាក់បណ្ដើរ គេស្រែកយំយកដៃគក់ទ្រូងខ្លាំងៗ ឃើញដូច្នោះពេជ្រក៏ឃាត់៖
- បងកុំធ្វើដូច្នេះថ្វី ងហើយស្លៀកពាក់ឱ្យឆាប់ទៅកុំនៅអែអង់ក្រែងមិនទាន់ណាបង់។
ស្ដាប់ ពេជ្រហើយទុំក៏ចាប់ផ្ដើមស្លៀកហូលដែលមានជរ៣ជាន់ពាក់អាវបៃតង និងជួតក្បាលនឹងផហ៊ុមសូត្រខ្មៅដែលព្រះអង្គប្រទានឱ្យ ហើយគេក៏យកចិញ្ចៀនត្បូងសូរ្យកាន្តដែលទើបទិញថ្វីនោះយកមកពាក់ ម្រាមដៃ។ ចំណែកពេជ្រក៏រៀបចំខ្លួនដែរ គេពាក់អាវពណ៌ស្វាយនិងកាន់ប៉ីនៅនឹងដៃទាំងពីរនាក់ដើរកាត់ចេញ ទៅរកផ្ទះទាវ។ ទុំនិងពេជ្រនាំគ្នាដើរកាត់ព្រៃបន្តិចក៏បានមកដល់ផ្ទះទាវថ្ងៃនោះ ជាថ្ងៃស៊ីកំណត់ ពួកក្រុមចាត់ចែងពិធីការស៊ីផឹក ស្រវឹងដួលដេកននៀលពេញដី ទុំនិងពេជ្របានបន្លំខ្លួនចូលរួមនឹងគេដែរដោយគ្មានខ្លាចញញើតអ្វី បន្តិចសោះពួកគេបានឡើងទៅលើទៅជម្រាបសួរចាស់ទុំនៅទីនោះ ចំណែកចាស់ៗដែលជាញាតិសន្ដានបានទទួលរាក់ទាក់ហើយឱ្យចូលរួមស៊ីផឹកនឹងគេ ដែរ។ គ្រាន់តែបានត្រូវស្រាខ្លាំងចូលពោះបន្តិចទុំដំឡើងសំឡេងស្រែកច្រៀង ថា៖
- ទុំថាឱទាវស្រស់នួនល្អង នួនល្អហ្មត់ហ្មងដូចចរណៃ
បងមកដល់យូរគួរអាល័យ ទាវថ្លៃលាក់ខ្លួនពួនដល់ណា។
ទាវឆ្លើយថាឆាប់ម្ដេចថ្លៃអាយ ប្អូននេះខ្វល់ខ្វាយខ្លាំងខ្លោចផ្សា
ប្អូនមូរបារីចំណីស្លា ប្អូនចេញដងស្រាពិសាលេង។
មាត់ ចេះឆ្លើយសាសងបណ្ដើរជើងចេះតែដើរចេញមកបណ្ដើរ ទាវមកឈរទន្ទឹមនឹងទុំទាវឃើញទុំគេក៏យំយ៉ាងខ្លាំងនាងរៀបរាប់ ដំណើររឿងសព្វគ្រប់ប្រាប់ដល់ទុំ ចំណែកទុំក៏អាណិតទាវយ៉ាងខ្លាំងរួចក៏និយាយថា”ប្អូន ខិតមកជិតបងបន្តិចមកបងសូមបីត្រកងប្អូនឱ្យអស់ចិន្ដាបំណាច់នឹង ស្រីមករៀបការថ្មី។ ទាវមិនបានប្រកែកនឹងសំដីទុំទេ ព្រោះនាងគិតថាទុំជាប្ដីរបស់នាងបន្ទាប់មកនាងហុចបារី ស្លាម្លូ និងដងស្រាឱ្យទុំផឹករហូតទាល់តែស្រវឹងដេកនៅទីនោះហើយនាងក៏ ចូលទៅក្នុងទាំងក្ដុកក្ដួលក្នុងចិត្ត។ ម្ដាយទាវឃើញដូច្នោះមានចិត្តក្រេវក្រោធយ៉ាងខ្លាំងរហូតដល់មោហ៍ បាំងបិទភ្លេចអស់ធម៌អាថ៌ គាត់ប្រាប់លោកអរជូនថា”ឆាប់ ចាត់ឱ្យគេទៅអូសអាទុំទម្លាក់ពីលើផ្ទះមក ហើយយកវាទៅសម្លាប់ចោលទៅបើទុកនៅនាំអាស្រូវកេរ្តិ៍មិនខាន។ ចៅហ្វាយស្រុកអរជូនឮម្ដាយទាវថាដូច្នោះក៏ចាត់បម្រើឱ្យទៅអូសទុំ ទម្លាក់ចុះមក ចំណែកម៉ឺនងួនកន្ត្រាក់បានដាវស្ទុះចូលទៅចាក់ទុំដោយគ្មានត្រា ប្រណីឬជំនុំជំរះក្ដីអ្វីឡើយ រួចហើយគេក៏ចាប់ទុំចងនិងផ្ដៅហើយក៏វាយដំច្រំធាក់បន្ថែមទៀត។ ទាវនៅខាងក្នុងឮគេថាវាយដូច្នោះនាងក៏ស្ទុះចេញឃើញគេវាយដំទុំ ដោយមានឈាមហូរជោកខ្លួននាងស្ទុះចូលទៅហើយអង្វរគេកុំឱ្យយកផ្ដៅចង ទុំនិងខ្សែយ៉ាងតឹង។ ទុំឃើញទាវមកក៏ស្រវ៉េស្រវ៉ារកទាវ ហើយនិយាយថា “ទាវ អើយថ្ងៃនេះបងមុខជាលាប្អូនក្ស័យហើយ មើលចុះគេចាក់ គេវាយបងឈាមហូរកកស្ទះពេញអស់ខ្លួន ប្អូនអើយប្អូននៅឱ្យបានសុខចុះនេះមកពីម្ដាយកំចាយកូនឱ្យស្លាប់បង់ សូន្រមិនមានឈ្មោះ។ ចប់វាចារហើយពួកគេក៏រោមទុំអូសចេញទៅគួរឱ្យអាសូរដល់ទុំជាពន់ពេក ណាឈាមហូរសោះអស់ពីខ្លួនណាស្រេកទឹក គេយំខ្សឹកខ្សួលដួលចុះ គេលើកដៃប្រណម្យបង្គំព្រះរតនត្រៃហើយថា”ម្ចាស់អើយបើខ្ញុំនឹងមរណាសូមម្ចាស់ជួយជាបន្ទាយដែកផាត់ទាត់ទោសទុក្ខសុខដោយឡែកសូមចែកចាកបានឋានសួគ៌ា។ ពួកគេបណ្ដើរទុំបានជិតដល់ដើមពោធិជើងខាលមានខ្លះក៏មានចិត្តបុណ្យប្រាប់ថាឱ្យខំភាវនាធម៌យកព្រះធម្មាវេលាហ្នឹងទៅ…លុះ ទៅដល់ពោធិជើងខាលទុំក៏ដួលចុះព្រូស ផុតរលត់សង្ខាក្នុងពេលនោះទៅ។ អនិច្ចារូបទុំពេលនេះប្រៀបបានដូចដំបូកដេកស្ដូកស្ដឹងលែងដឹងអ្វី ទាំងអស់ អ្នកដែលធ្លាប់ស្រលាញ់រាប់អានទុំ ខ្លះគេនិយាយថា៖”ទុំស្លាប់ព្រោះតែស្រី។
និយាយ ពីពួកដែលនាំទុំទៅនោះបានត្រលប់មកដល់វិញហើយក៏បានជជែកគ្នាពី រឿងទុំ ជួនជាពេលនោះនោជាភីលៀងស្ដាប់ឮហើយក៏ទៅរកទាវ។ យប់កាន់តែជ្រៅណាស់ទៅហើយទាវដេកកើតទុក្ខម្នាក់ឯងរកថ្លែងមិនបាន ពេលនោះនោក៏ខ្សឹបប្រាប់ទាវថា”បងឮគេខ្សឹបគ្នាថាគេចាប់ទុំទៅសម្លាប់បាត់ហើយ”ឮនោនិយាយភ្លាមទាវក៏ស្ទុះឡើងទួញយំហើយរៀបរាប់ថា៖
- ឱ ប្រុសថ្លៃប្អូនអើយ!ពេលនេះទៅហើយសមប្អូនលែងបានយល់មុខបងជារៀងរហូត ហើយប្អូនស្ដាយអើយសែនស្ដាយមិនគួរឡើយប្រុសថ្លៃមកផុងខ្លួនដល់ ក្ស័យយ៉ាងនេះទេ បងអើយពេលនេះបងយកប្រឹថពីជាពូកខ្នើយយកមេឃពពកជាពិតាន ប្អូនមិនស្មានដល់សោះទេនឹងក្លាយទៅជាយ៉ាងនេះ...បងអើយ!បើម្ល៉េះ ទៅហើយ ប្អូនស៊ូក្ស័យតាមបងទៅប្រសើរជាងរស់នៅគ្មានក្ដីសុខ។ ឱអ្នកម៉ែអើយ!កូនមិនអាចទ្រាំរស់នៅបានតទៅទៀតបានទេ ម៉ែអើយបើកូនរស់នៅម៉ែគ្រាន់បានហៅរាប់រកកូនម៉ែមានធម៌មេត្តាចំពោះ កូន តែពេលនេះម៉ែមិនដូចមុនទេព្រោះតែកូនមិនតាមម៉ែការនិងម៉ឺនងួន ម៉ែបែរជាចិត្តឆៅលែងមានក្ដីមេត្តាទៀតហើយម៉ែអើយកូនសូមលាស្លាប់ ថ្ងៃនេះចុះ ព្រោះថាកូនមិនអាចការជាមួយម៉ឺនងួនបានទេសូមម៉ែដោះស្រាយនឹងគេ ចុះ...។
និយាយ រៀបរាប់ចប់ហើយទាវក៏បានប្រាប់ឱ្យនោយកកាំបិតស្លាឱ្យនាងនិងនោ កុំឱ្យមានគេចាប់អារម្មណ៍ចំពោះនាងឱ្យសោះ។ ព្រលឹមស្រាងឡើង ទាវនិងនោនាំគ្នាចុះចេញទៅដោយគ្មាននរណាចាប់អារម្មណ៍នាងឡើយនាង នាំគ្នារត់ចេញពីភូមិទៅវាលស្រែហើយក៏បានជួបក្មេងឃ្វាលគោមួយក្រុម នាងបោយដៃហៅក្មេងឱ្យមកជិតហើយនិយាយប្រាប់ថាឱ្យក្មេងទៅវិញទៅផ្ទះ ការពេលដែលគេកំពុងស៊ីផឹកឱ្យឡើងច្រៀងថា៖”អស់ លោកតាចាស់ទុំស្ដាប់ខ្ញុំរ៉ា លោកការនរណាទាវត្រូវក្ស័យស្លាប់មូលគ្នាបីនៅក្នុងព្រៃស្លាប់តាំង ពីថ្ងៃប្រល័យទុំ។ ទាវផ្ដែផ្ដាំក្មេងរួចហើយក៏ឱ្យចិញ្ចៀនក្មេងពាក់ រួចរត់សំដៅទៅរកពោធិជើងខាល។ គ្រាន់តែឃើញខ្មោចទុំដេកស្លាប់ស្ដូកស្ដឹងក្រោមដើមពោធិមើលទៅគួរ សង្វេកណាស់។ ទុំស្លាប់ដោយគេចាក់កាប់ដោយគ្មានការជំនុំជំរះចំណែកទាវនឹងនរនាំគ្នាស្លាប់ព្រោះតែស្ម័គ្រស្មោះចំពោះទុំ។
និយាយ ពីក្មេងឃ្វាលគោទាំងនោះបានទៅដល់ផ្ទះការឃើញភ្ញៀវកំពុងស៊ីផឹក ជុំគ្នា វាបានឡើងឈរលើតុហើយស្រែកច្រៀងដូចដែលទាវបានប្រាប់គ្មានចន្លោះ ញាតិមិត្តនៅស៊ីផឹកទីនោះខ្លះស្ដាប់បានទម្លាក់ចានងើបឈរ ខ្លះទៀតខ្លះទៀតស្ដាប់មិនទាន់បានក៏ឱ្យក្មេងច្រៀងម្ដងទៀត ក្មេងនោះក៏ស្រែកម្ដងទៀតថា”អស់លោកស្ដាប់ខ្ញុំរ៉ា តើបាននរណាមកការបើទាវនិងនោទៅក្ស័យជាមួយទុំបាត់ទៅហើយនោះ”គ្រាន់តែ ក្មេងនិយាយចប់ភ្លាមទាំងអស់គ្នាក៏ឆោឡោឡើង ខ្លះដូចជាមិនជឿសំដីក្មេង ខ្លះនាំគ្នារត់ទៅរកទាវគ្រប់កន្លោះកន្លៀតកៀនកោះក្នុងផ្ទះប៉ុន្តែ រកមិនឃើញសោះ ចំណែកម្ដាយខឹងបន្ទោសគេឯងគ្រប់គ្នាថាមិនចេះមើលកូនទាវផង។ ញាតិមិត្តប្រុសស្រីក្មេងចាស់បានឆ្លើយថា៖ ពួកខ្ញុំឃើញនាងដែរតែសួរនាងថាទៅបត់ជើង ធម្មតាមនុស្សគ្រប់រូបមិនដែលមាននរណាឃាត់ទេរឿងហ្នឹងនោះ…ចំណែក យាយក៏អញ្ចឹងដែរ ដឹងហើយថាក្មេងវាឈាមរាវហេតុម្ដេចក៏នៅតែរៀបការវាទៀតបើគ្រប់គ្នា បានដឹងហើយថាទាវបានការតាំងពីថ្ងៃដែលព្រះអង្គប្រោសប្រណីហើយនោះ “ឮញាតិបងប្អូននិយាយដូច្នោះម្ដាយនឹកស្រណោះដល់ទាវជាពន្លឹកគាត់និយាយរអ៊ូៗម្នាក់ឯងថា៖
- ឱ កូនអើយ! ម្ដាយនេះគិតថាឱ្យកូនទៅគេព្រោះថាអរជូនម៉ឺនងួនគេមានអំណាច ខ្លាំងក្លាណាស់ហើយថែមទាំងមានទ្រព្យហូរហៀរទៀតផង ម្ដាយខំយកគ្រឿងប្រដាប់ប្រដាជាជំនូនមកឱ្យកូនតែងកាយគិតថាស្មាន បានល្អ តែពេលនេះកូនបែរជាទៅស្លាប់សោះសូន្រទុកតែគ្រឿងប្រដាប់នៅគ្រប់ ទាំងអស់។
ម្ដាយ ទាវគាត់និយាយរៀបរាប់តែម្នាក់ឯង គាត់កើតទុក្ខតែម្នាក់ឯងនឹងហៅនរណាមកជួយក៏មិនបាន គាត់ចេះតែដើរហៅអ្នកនោះបន្តិចអ្នកនេះបន្តិច។ ចំណែក ភ្ញៀវដែលចូលរួមការ លុះឃើញដូច្នោះក៏នាំគ្នារត់គេចនាំកូនចៅត្រលប់ទៅផ្ទះវិញជាប្រញាប់ ព្រោះខ្លាចលោកអរជូនខឹងយកទោសដូចទុំ។ ចំណែកអរជូននិងម៉ឺនងួនដែលជាកូនដោយចង់ដឹងពីការពិតក៏នាំគ្នាទៅ ពោធិជើងខាល លុះទៅដល់ក៏បានឃើញមិតថាទុំទាវនិងនោមកស្លាប់រួមគ្នាពិតដូចជា ក្មេងនិយាយមែន លោកអរជូនបម្រុងថាឱ្យគេយកខ្មោចទុំបម្រុងទៅកប់ឱ្យជិតតែនឹក សង្ស័យនឹងផាហ៊ុមដែលរុំជាប់ទុំ គេស្រាយផាហ៊ុមមើលស្រាប់តែអរជូនភ័យស្ទើរលោះព្រលឹង ព្រោះលោកស្គាល់ជាក់ថាជាព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ។ លុះអានបន្ទូលរបស់ព្រះអង្គរួចហើយក៏ប្រញាប់មកផ្ទះហើយឱ្យហៅម្ដាយ ទាវមកជួប គាត់បានបន្ទោសម្ដាយទាវដោយពាក្យមិនគួគប្បីថា”កញ្ចាស់ ឯងនេះហ៊ានហួសនិស្ស័យឬមួយក៏ឃើញទ្រព្យសម្បត្តិរបស់យើង…។
យើង ឈប់ស្លេះពីរឿងម្ដាយទាវនិងអរជូនត្រឹមនេះសិន យើងបែរមកមើលពញាពេជ្រវិញម្ដង បន្ទាប់ពីបានឃើញហេតុការណ៍ដ៏គួរឱ្យរន្ធត់នោះមកពេជ្រក៏បានរត់ទៅពួន សំងំក្នុងព្រៃព្រោះខ្លាចបារមីអរជូននិងកូនតាមចាប់ខ្លួនធ្វើបាបទៀត ពេជ្រខំដើរកាត់ព្រៃម្នាក់ឯងរហូតដល់កន្លែងចតទូក។ ចុះទូក ស្រេចបាច់ហើយពេជ្របានប្រាប់ពួកគេឱ្យរូតរះចេញដំណើរពេជ្រប្រះ ខ្លួនដេកលើទូកយកដៃគងថ្ងស់នឹកឃើញដល់ទុំ ពេជ្រពោលម្នាក់ឯងថា៖
- ឱបងទុំអើយ! ពេលនេះប្អូនសូមលាបងសិនហើយ…បង អើយយើងធ្លាប់រស់នៅជាមួយគ្នាមិនដែលបែកសោះតាំងពីនៅវត្តវិហ៊ាធំ ក៏នៅជាមួយគ្នារហូតដល់ប្រលងចំណេះនៅរាជវាំងក៏ទៅជាមួយគ្នា យើងមិនដែលបែកគ្នាសោះសូម្បីតែពាក្យសំដីក៏មិនដែលទាស់ប្រកែកគ្នា ដែរ…តែ ពេលនេះបងបែកពីប្អូនហើយគ្មានថ្ងៃជួបគ្នាវិញទេ បងអើយសូមព្រលឹងបងទៅកាន់សុគតិភពចុះចាំជាតិក្រោយចាំយើងជួបគ្នា ទៀត។
ទូក ចេះតែលឿនលយទៅមុខជាលំដាប់ឥតមានហ៊ានឈប់បង្អង់ឡើយ រយះពេលប៉ុន្មានថ្ងៃក្រោយមកទូកក៏មកចូលចតដល់កំពង់គឹដល់ពេលថ្ងៃ រៀបលិចអ្នកធ្វើដំណើរជាមួយពេជ្រខ្លះក៏លាគ្នាត្រលប់ទៅផ្ទះរៀងៗខ្លួន ចំណែកនៅទីវាំងវិញខ្លះមកសួរសុខទុក្ខពីការេធ្វើដំណើរទៅត្បូងឃ្មុំ ហើយក៏បានដឹងថាទុំត្រូវស្លាប់ដោយអរជូនសម្លាប់ហើយ។ ចំណែកពេជ្របានទូលរៀបរាប់រឿងទុំដែលត្រូវចៅហ្វាយស្រុកអរជូននិងកូន ឱ្យគេយកទៅសម្លាប់ ក្នុងនោះក៏មានទាវនិងនោទៅស្លាប់ជាមួយដែរ…ព្រះអង្គទ្រង់សណ្ដាប់រឿងទុំនិងទាវហើយទ្រង់ខ្ញាល់នឹងអរជូនទ្រង់មានបន្ទូលយ៉ាងម៉ាត់ៗថា៖
- អាចោរអជូនចិត្តអប្រិយហ៊ានរឹងទទឹងហែកបន្ទូលយើងចោលផងឬ ទោសអាសមតែស្ងោរទាំងរស់ទើបសម...។
ទ្រង់ បានត្រាស់ឱ្យរៀបចំក្រុមកាំភ្លើងនិងត្រាស់ឱ្យប្រមូលក្រុម កុង្សីយ៍ ឧកញ៉ាចក្រី ក្រឡាហោមក្ដីឱ្យប្រជុំគ្នារៀបចំចេញដំណើរទៅត្បូងឃ្មុំនោះព្រឹកស្អែក នេះហើយ។ លុះព្រឹកព្រាងភ្លឺស្វាងហើយមុននឹងចេញដំណើរ ព្រះអង្គផ្ដែផ្ដាំមហេសីក្រុមសេនាបតីឱ្យមើលថែរក្សារាជវាំងត្បិត ព្រះអង្គទ្រង់ចេញទៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ផ្ដែផ្ដាំរួចហើយទ្រង់ចេញដំណើរទៅភ្លាម។ ធ្វើដំណើរតាមដងទន្លេព្រះអង្គទតទេសភាពដែលមានហូហែរឥតដាច់ទ្រង់មាន ស្រីស្នំចាំគាល់បម្រើព្រះអង្គជានិច្ច ប៉ុន្តែចំពោះព្រះទ័យព្រះអង្គវិញទ្រង់មិនស្ងប់សោះ ពេលផ្ទុំព្រះអង្គទ្រង់នឹកស្រណោះដល់ម៉ឺនឯកមិនគួរណាឡើយមក ក្សិណក្ស័យព្រាត់ចាកព្រះអង្គសោះ...។
ពីរ បីថ្ងៃក្រោយមកនាវារបស់ព្រះអង្គក៏មកដល់ស្រុកត្បូងឃ្មុំ ព្រះអង្គទ្រង់ដាក់ទាហានឱ្យទៅផ្ទះអរជូនជាបន្ទាន់ គ្រាន់តែឃើញរាជបម្រើភ្លាមចៅហ្វាយស្រុកអរជូនភ័យស្ទើរលោះព្រលឹង គិតថាព្រះអង្គពិតជាមកយកទោសខ្លួនជាមិនខាន។ ចំណែកទាហ៊ានរាជបម្រើក៏បានអានរាជបន្ទូលរបស់ព្រះអង្គប្រាប់ដល់ អរជូនថា”ត្បិត ព្រះអង្គទ្រង់ចង់ទតមើលភូមិស្ថានត្រាស់បញ្ជាឱ្យធ្វើផ្លូវថ្នល់និង រៀបចំឱ្យមានសណ្ដាប់ធ្នាប់។ អានរាជបន្ទូលចប់ទាហានក៏លាចៅហ្វាយស្រុកត្រលប់ទៅវិញ លោកអរជូនគិតគ្នានិងប្រពន្ធកូនថា៖
- បង គិតថាព្រះអង្គប្រាកដជាមិនលើកលែងទោសឱ្យបងទេព្រោះថាព្រះអង្គគិតថា យើងនេះហ៊ានហែកបបន្ទូលព្រះអង្គចោល ហើយប្រហែលជាមិនត្រឹមតែបងម្នាក់ទៀតក៏មិនដឹង...។
ចៅហ្វាយស្រុក អរជូនបានដើរប្រមូលអស់ប្រជារាស្ត្រឱ្យជួយកាប់ឆ្ការព្រៃលើក ផ្លូវថ្នល់ដើម្បីឱ្យព្រះអង្គងាយស្រួលក្នុងការយាងទតភូមិស្ថាន លុះរៀបចំរួចស្រេចបាច់ហើយក៏នាំកូនប្រពន្ធនិងប្រជារាស្ត្រជាច្រើន ទៅគាល់ស្ដេចដោយយកទាំងត្រីសាច់នំនែកចំណីចំណុកជាច្រើនទៅថ្វាយផង ដោយគិតថាក្រែងព្រះអង្គមិនយកទោសខ្លួន។ គ្រាន់តែទតឃើញ អរជូនទៅដល់ភ្លាមព្រះអង្គរាមាទ្រង់ខ្ញាល់យ៉ាងខ្លាំងទ្រង់មិន ចង់ឱ្យអរជូនត្រលប់ទៅវិញទេ ព្រះអង្គទ្រង់បញ្ជាឱ្យក្រុមទាហាន កុង្សីយ៍ម្នាក់ក្នុងចំណោមនោះបាននិយាយថា”នេះ មិនត្រឹមតែអរជូនម្នាក់ទេទាំងម្ដាយទាវនិងញាតិមិត្តទាំងប្រាំពីរ សន្ដានក៏ត្រូវទទួលទោសដែរ ព្រោះបានមូលគំនិតគ្នាប្រព្រឹត្តបែបនេះ”បន្ទាប់ពីបានពិភាក្សាគ្នារួចហើយ ក្រុមកុង្សីយ៍និងឧកញ្ញាចក្រីនិងទាហានបានកាត់ទោសថា”អ្នកទោសធ្ងន់ត្រូវស្ងោរទាំងអស់អ្នកស្រាលត្រូវជីករណ្ដៅគ្របខ្លួននិងយករនាស់ដែករាស់”សេចក្ដីនេះរៀបចំហើយក៏យកថ្វាយព្រះមហាក្សត្រទត។ ព្រះអង្គទតរួចហើយទ្រង់ត្រាស់ថា”ថ្ងៃស្អែក ព្រឹកព្រហាមរៀបចំកន្លែងកាត់ទោសចុះ។ គួរឱ្យអនិច្ចាដល់គ្រួសារឧកញ៉ាអរជូននិងគ្រួសាររម្ដាយទាវប្រាំពីរ សន្ដានត្រូវកាត់ទោសដោយកប់ដីហើយរាស់នឹងរនាស់ខ្លះទៀតត្រូវស្ងោរ ទាំងអស់។ នេះជារឿងគួរឱ្យរន្ធត់និងគួរឱ្យចងចាំទុកណាស់សំរាប់យុវវ័យជំនាន់ ក្រោយមិនគួរឡើយយកតម្រាប់តាមគំរូទាំងនោះទេ។
បន្ទាប់ពី រួចរាល់ការងារហើយ ព្រះមហាក្សត្រទ្រង់យាងត្រលប់ទៅរាជវាំងលង្វែកវិញដោយមានមន្ត្រី កុង្សីយ៍ ឧកញ៉ាចក្រី ទាហានហែរហមទៅជាមួយផង៕
ត្រឡប់ទៅវគ្គទី ១ វិញ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ