Saturday, July 31, 2010

រឿង ធនញ្ជ័យ៨

វគ្គទី ៨
ធនញ្ជ័យទៅដល់សាលាជំនុំអស់នាម៉ឺនធំតូចច្រើន ក៏ឡើងទៅលើសាលា ហើយនិយាយនឹងអស់នាម៉ឺនថា បើចង់ភ្នាល់នឹងខ្ញុំៗនឹងប្រើស្ដេចឱ្យបានទើបអស់នាម៉ឺនថា អើយើងភ្នាល់គ្នា បើឯងប្រើបានអញនឹងឱ្យប្រាក់ បើឯងប្រើមិនបាន ឯងឱ្យរបស់អ្វីយើង ធនញ្ជ័យថា ខ្ញុំឱ្យប្រាក់ ហើយធនញ្ជ័យយកសំបុត្រដែលធ្វើនោះមានឈ្មោះគ្រប់នាម៉ឺនហើយសូម បោះត្រាទទួលជម្ពាក់រួចហើយ ឱ្យទៅប្រើហ្លួងនឹងមើល ឯធនញ្ជ័យថា បើដូច្នោះអស់លោកទូលថា ត្បិតធនញ្ជ័យវាថា វានឹងប្រើហ្លួងឱ្យបានដូចចិត្តវាៗថានឹងមកឥឡូវនេះហើយ ឯងអស់នាម៉ឺនបានស្ដាប់ហើយ ក៏យកសេចក្ដីទៅក្រាបទូលហ្លួង ទៅដល់ហើយក៏ក្រាបថ្វាយបង្គំគាល់ទូលថា សូមទានត្បិតអីធនញ្ជ័យវាថា វានឹងមកប្រើអម្ចាស់បានដូចចិត្តវា ឯព្រះមហាក្សត្រស្ដាប់ហើយ ក៏ទ្រង់ព្រះក្រោធនឹងធនញ្ជ័យវាមាកងាយ ទៅហៅអាជ័យមកឱ្យឆាប់ អាមាត្យស្ដាប់ព្រះបន្ទូលត្រាស់ប្រើដូច្នោះ ក៏រត់ទៅហៅធនញ្ជ័យតាមព្រះបន្ទូល ដល់ហើយប្រាប់ធនញ្ជ័យថា ហ្លួងមានព្រះបន្ទូលឱ្យហៅ ត្បិតទ្រង់ព្រះក្រោធនឹងឯងណាស់ ឯធនញ្ជ័យស្ដាប់ហើយក៏ទៅតាមអាមាត្យ ដល់ហើយក៏ក្រាបថ្វាយបង្គំស្ងៀមនៅ ហើយព្រះមហាក្សត្រមានព្រះបន្ទូលសួរថា អាជ័យអាថានឹងប្រើអញមែន ឬ? ធនញ្ជ័យទូលថាករុណាវិសេស ប៉ុន្ដែនឹងមិនទាន់ប្រើបាន បើបែរព្រះភក្ត្រមើលទៅក្រោយរួចហើយ ទើបប្រើបាន ស្ដេចស្ដាប់ហើយទើបបែរព្រះភក្ត្រទតមើលទៅក្រោយ ហើយបែរមកវិញ ថាអញមើលទៅហើយអាឯងមិនប្រើចុះ ឯធនញ្ជ័យក្រាបទូលថា នេះហៅប្រើហើយ គឺប្រើឱ្យបែរទៅក្រោយបានហើយ នឹងមានប្រើអម្ចាស់ឱ្យទៅទូលរែករបស់អ្វីក៏ទេ។
ស្ដេចស្ដាប់ហើយក៏មិនមានព្រះបន្ទូលទេ ទ្រង់ស្ងៀម ធនញ្ជ័យក្រាបថ្វាយបង្គំលា ទៅទារប្រាក់អំពីអស់នាម៉ឺនដែលភ្នាល់ ហើយមានសំបុត្របោះត្រាយកប្រាក់ច្រើនប៉ុន្មាននឹងមិនរួច ហើយយកទៅឱ្យប្រពន្ធនូវម្ដាយឪពុកក្មេក ហើយនៅជាសុខសប្បាយ។ ឯអស់នាម៉ឺនដែលធនញ្ជ័យយកប្រាក់នោះកើតខឹងនឹងធនញ្ជ័យទាំងអស់ ទាំងស្ដេចក៏ខ្ញាល់ណាស់ដែរ ស្ដេចឱ្យហៅអស់នាម៉ឺនធំតូច ឃុន ហ្មឹន មហាតលិកមកឱ្យគិតជំនុំ នឹងបំបរបង់ធនញ្ជ័យឱ្យហើយ ត្បិតវាបង្កើតទោសច្រើនណាស់ ឯអស់នាម៉ឺនស្ដាប់ព្រះបន្ទូលដូច្នោះហើយក៏មកគិតជំនុំគ្នាឃើញថា នឹងបណ្ដេញវាឱ្យចុះសំពៅទៅស្រុកចិន ត្បិតស្រុកនោះធំហើយគេស្អប់វាតែឃើញវាទៅគេគង់សម្លាប់ចោលយើងបាន សុខសប្បាយក្នុងនគរឯព្រះមហាក្សត្រក៏សប្បាយក្នុងព្រះរាជហឫទ័យគិតឃើញ ដូច្នោះហើយ យកសេក្ដីឡើងទៅក្រាបទូលដោយដំណើរដែលបានជំនុំឃើញ ព្រះមហាក្សត្រស្ដាប់ហើយក៏ព្រម នឹងឱ្យទៅហៅធនញ្ជ័យមកប្រាប់ថា អាជ័យ អញនឹងឱ្យឯងទៅនៅស្រុកចិននឹងគេឯណោះ ត្បិតស្រុកគេធំ នៅទីស្រុកខ្មែរនេះមិនបានទេ មានព្រះបន្ទូលបង្គាប់ឱ្យយកសំពៅ១មកឱ្យ ធនញ្ជ័យចុះទៅក្នុងសំពៅ ហើយឱ្យយកទៅប្រោសចោលឯស្រុកចិន ឱ្យស្ដេចក្រុងចិនសម្លាប់ កាលធនញ្ជ័យទៅដល់ស្រុកចិនហើយ ផ្ដាំអស់អ្នកសំពៅដែលគេវិលមកស្រុកខ្មែរវិញថា អញផ្ដាំទៅប្រពន្ធអញផង កុំឱ្យគិតទន្ទឹងអញឡើយ អញនឹងទៅវិញឆាប់ទេ អញសន្មត់តែ៧ខែ ឱ្យគេជូនអញទៅវិញឆាប់ទេ កុំថប់ព្រួយចិត្តឡើយ ឯអ្នកសំពៅថា អើសឹមអញប្រាប់ឱ្យបានទេ ថាហើយក៏ចេញសំពៅមកស្រុកវិញ។
ឯ ធនញ្ជ័យក៏ដើរទៅដល់ផ្ទះនាម៉ឺនធ ចូលទៅស៊ីឈ្នួលឱ្យគេប្រើធ្វើការ ដើរតាមនាម៉ឺននោះទៅគាល់ស្ដេចនោះ ឯនាម៉ឺននោះនឹងបានដឹងថាជាធនញ្ជ័យក៏ទេ ក៏គិតតែខ្មែរតែផ្ដាស់មិនបានសួរដណ្ដឹងឡើយ ឯធនញ្ជ័យគិតថា បើអញបានប្រាក់ឈ្នួលច្រើន អញនឹងគិតទិញអង្ករហើយគិតធ្វើនំរោយនិងប៉ែនឱ្យមានសរសៃអង្ករ ឡើងវែងៗ ហើយនឹងលក់ទិញស៊ីមិនឱ្យក្រពិបាកឡើយ គិតហើយធ្វើនំដូចចិត្តគិតនោះឯង ហើយលក់ឱ្យចិនទិញស៊ី កាលនោះស្រុកចិនមិនទាន់ធ្វើនំនោះទេ ដល់ឃើញធនញ្ជ័យធ្វើដូច្នោះហើយ ក៏បបួលគ្នាមកទិញនំស៊ី ហើយនិយាយថាអ្នកនេះធ្វើនំល្អណាស់ ឭទៅដល់ស្ដេចក្រុងចិនៗឱ្យហៅធនញ្ជ័យ ទៅដល់ហើយមានព្រះបន្ទូលថា ឯងធ្វើនំវែងៗមែនឬ ធនញ្ជ័យក្រាបទូលថាមែន ស្ដេចមានព្រះបន្ទូលថា អាយកមកឱ្យអញមើលផង ទើបធនញ្ជ័យវិលមកយកនំនោះទៅថ្វាយ ទើបស្ដេចដណ្ដឹងថា នំនេះឈ្មោះនំអី ធនញ្ជ័យក្រាបទូលថា នេះហៅថានំបញ្ចុក បើនឹងស៊ីឱ្យងើយ ហើយហារមាត់លើកដៃឱ្យខ្ពស់ទើបបានស៊ីជាពិសា ឯនំនេះបានជាធនញ្ជ័យថាដូច្នេះ ត្បិតចង់ឃើញស្ដេចក្រុងចិន ត្បិតឭតែព្រះបន្ទូល ឯព្រះភក្ត្រពុំដែលឃើញ ហើយចង់នឹងវិលមកស្រុកវិញ ឯស្ដេចក្រុងចិនឭដូច្នេះហើយក៏យកនំនោះមកថ្វាយហើយងើយដូចពាក្យ ធនញ្ជ័យថាដូច្នោះឯងឯធនញ្ជ័យកាលបើស្ដេចសោយនំងើយឡើងហើយក៏មើលទៅ ឃើញមុខស្ដេចក្រុងចិនហើយថាមើលមុខស្ដេចក្រុងចិនឃើញខ្មៅអែមើលមុខ ស្ដេចស្រុកខ្មែរដូចខែពេញបូណ៌មីឯព្រះមហាក្សត្រក្រុងចិនឭធនញ្ជ័យដៀល ដូច្នោះហើយក៏ទ្រង់នូវព្រះក្រោធខ្លាំងណាស់ហើយត្រាស់ថាឱ្យអស់នាម៉ឺន ចាប់យកទៅដាក់គុកសំរិទ្ធឱ្យដល់ស្លាប់កុំលែងវា។
គុក នោះឯងត្រជាក់ណាស់ បើមនុស្សណាតែទៅដល់ហើយ ក៏ស្លាប់មិនរស់ឡើយ កាលថ្ងៃដែលយកធនញ្ជ័យទៅដាក់គុកនោះ មានចិន១នោះខុស គេយកទៅដាក់គុកជាមួយនឹងធនញ្ជ័យ បានជាពីរនាក់នឹងចិននោះ ឯគុកនោះតែដាក់ហើយមិនបាច់ដាក់ច្រវាក់ដាក់ឃ្នាង តែទៅដល់ហើយដោះចេញអស់ ទើបបញ្ចូលទៅក្នុងគុកនោះឯងហើយទើបរាំងទ្វារទៅទប់ឱ្យស្លាប់ ឯធនញ្ជ័យដឹងជាងារត្រជាក់ណាស់ ហើយបបួលចិនទៅប្រដាល់ចម្បាប់ឱ្យក្ដៅបែកញើសស្រួលខ្លួន ហើយវិលមកឈប់វិញ បើកាលណាវាត្រជាក់ណាស់ក៏បបួលគ្នាទៅដាល់ៗតែសព្វថ្ងៃឥតមានរងារសោះឡើយ លុះបានពីរថ្ងៃបីថ្ងៃ អស់នាម៉ឺនឱ្យទៅមើលឃើញនៅរស់ហើយវិលមកប្រាប់ថា អស់ទាំងអស់ទោសចិននិងខ្មែរនោះ មិនស្លាប់ទេ បើដូច្នោះនឹងទៅធ្វើដូចម្ដេច ទើបអស់នាម៉ឺនថា បើវាមិនស្លាប់ក៏ហីទៅចុះ ឯធនញ្ជ័យហើយនិងចិនគិតថា យើងនឹងគិតធ្វើខ្លែងបង្ហើរ ធ្វើអែកឱ្យឭតែយប់ ថ្ងៃដាក់ចេញ គិតឃើញធ្វើខ្លែងបានហើយ បង្ហើរសព្វយប់ បានឭទៅដល់ស្ដេចៗឮសូរសម្លេចអែកនោះ វាប្លែកនឹងសម្លេងសត្វយំ ស្ដេចមិនដែលឭដូច្នោះ ហើយស្ដេចឆ្ងល់ក្នុងព្រះហឫទ័យថា ថ្ងៃមិនដែលឭមាត់យំ តែយប់អន្តឺតៗ តែសព្វយប់ ហើយស្ដេចហៅនាម៉ឺនមកគិតថា មាននរណានឹងដឹងថាសត្វអ្វីវាយំនោះ ហើយស្ដេចឱ្យហៅហោរមកគន់គូរមើល ឯហោរគន់គូរមើលទៅឃើញក្រាបទូលថា បានជាសត្វនេះវាយំដូច្នេះ ត្បិតកើតហេតុក្នុងនគរ បើហេតុឧត្បាតនេះពុំឃើញ សត្វនោះវានឹងស៊ីអស់ទាំងរាស្ត្រក្នុងនគរមិនខានឡើយ ស្ដេចស្ដាប់ហើយក៏មានព្រះបន្ទូលថា បើដូច្នោះ តើឧត្បាតពីព្រោះអ្វី ហោរគន់គូរមើលឱ្យបានដឹងក៏នឹងធ្វើឱ្យជា កុំឱ្យសត្វនោះវាស៊ីមនុស្សរាស្ត្រប្រជាផងទាំងឡាយទើបហោរក្រាបទូល ថា ទូលព្រះបង្គំគិតទៅឃើញថា ត្បិតមានអ្នកប្រាជ្ញមួយគេនាំមកស្រុកខ្មែរមកប្រោសចោលស្រុកយើង ឥឡូវនេះទ្រង់ឱ្យដាក់គុកនោះឯង បានជាកើតហេតុដូច្នោះឥឡូវនេះមានតែគិតឱ្យស្រុកខ្មែរវិញទើបជា ឯព្រះមហាក្សត្រស្ដេចក្រុងចិនឭហោរទាយដូច្នេះហើយ ស្ដេចភ្ញាក់ព្រះអង្គថា អញមិនដឹងជាអ្នកប្រាជ្ញស្រុកខ្មែរទេ មនុស្សស្រុកខ្មែរមិនដែលមកនៅរកស៊ីផ្ដេសផ្ដាសទេ បើដូច្នោះឱ្យទៅយកមកនឹងអង្វរសុំទោសកុំឱ្យខឹងនឹងអញឡើយ ឯអាមាត្យក៏រត់ទៅរកធនញ្ជ័យដែលនៅក្នុងគុកនោះឯងនាំមកថ្វាយស្ដេច ឯព្រះមហាក្សត្រស្ដេចទតទៅឃើញធនញ្ជ័យមកដល់ហើយ ស្ដេចមានព្រះបន្ទូលថា អញមិនដឹងថាខ្លួនឯងជាអ្នកប្រាជ្ញខ្មែរទេ ឥឡូវនេះឯងកុំខឹងនឹងអញឡើយ អញនឹងយកមនុស្សចិនទាំងស្រីទាំងប្រុសបាន១០០ អញសែនឯង ហើយឱ្យជូនឯងទៅស្រុកវិញ ឯធនញ្ជ័យក្រាបថ្វាយបង្គំទូលថា ខ្ញុំមិននឹងម្ចាស់ទេ សត្វដែលវាថានឹងស៊ីរាស្ត្រនោះ ខ្ញុំម្ចាស់ឱ្យវាទៅហៅហើយ ឯស្ដេចស្រុកចិនដណ្ដឹងថា ឈ្មោះសត្វអ្វីដែលវាយឭកន្តឺតៗនោះ ទើបធនញ្ជ័យក្រាបទូលថា សត្វនោះឈ្មោះសត្វខ្លែង ទើបស្ដេចទូលថារូបវាដូចម្ដេចក៏វាយំឭខ្លាំងម្លេះ ទើបធនញ្ជ័យក្រាបទូលថា ទូលព្រះបង្គំនឹងធ្វើរូបខ្លែងព្នងមកថ្វាយ ហើយធនញ្ជ័យទៅយកខ្លែងដែលបង្ហោះនោះមកថ្វាយ សត្វនេះវាយំនឹងស្នែង វាមិនបានយំនឹងមាត់វាដូចអស់ទាំងសត្វឯទៀតទេ ឯមហាក្សត្រស្ដាប់ធនញ្ជ័យក្រាបទូលដូច្នោះហើយក៏មានព្រះបន្ទូលថ ប្លែកមិនដែលឃើញដូច្នេះ ទើបតែឥឡូវនេះ បើដូច្នេះយើងធ្វើបង្ហើរឱ្យវាយំមើលលែង ហើយឱ្យយកសំពៅមួយធំចំណុះមនុស្ស២០០នាក់ ហើយនឹងជូនធនញ្ជ័យទៅស្រុកខ្មែរវិញ ហើយឱ្យយកមនុស្សចិនបាន១០០នាក់ដាក់ក្នុងសំពៅហើយ ហើយនឹងស្បៀងដាក់ឱ្យជូនជាសំណែនធនញ្ជ័យ ជូនមកស្រុក លុះដល់ហើយធនញ្ជ័យឡើងទៅសួរម្ដាយឪពុកនូវប្រពន្ធ ហើយបញ្ជូនរបស់ដែលស្ដេចក្រុងចិនព្រះរាជទានសែនជូនមកទាំងអស់នោះ ហើយឡើងមកហើយ ឱ្យសង់ផ្ទះនៅជាសុខសប្បាយ បានជាមានចិននៅស្រុកខ្មែរ គេហៅថាចិនសំណែនធនញ្ជ័យទាល់តែឥឡូវនេះ។
អានតទៅវគ្គទី ៩

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ