Saturday, July 31, 2010

រឿង ធនញ្ជ័យ៦

វគ្គទី ៦
លុះដល់ទីណាមានគេនៅច្រើននោះ ចូលទៅសួរគេថា ស្រុកនេះមានស្រី ឬទេ? អ្នកស្រុកប្រាប់ថា ស្រីមានដែរ ទើបធនញ្ជ័យថា មិនមែនស្រីទេ នេះគេហៅថាឈ្មោះញី មិនមែនស្រីទេ ធនញ្ជ័យថាហើយដើរទៅរកភូមិគេឯទៀតវិញ ហើយចូលទៅសួរថា ក្នុងស្រុកនេះ តើមានស្រីឬទេ? អស់អ្នកស្រុកប្រាប់ថា ខ្ញុំឆ្ងល់ណាស់ ចុះអស់អ្នកស្រីនេះ តើគេហៅថាជាអ្វីវិញ? ឯធនញ្ជ័យថាទេ នេះគេហៅថាញីទេ ថាហើយក៏ដើរទៅសួររកស្រីឯទៀត លុះទៅដល់ភូមិផ្ទះនាងសួស្ដី ហើយដើរទៅសួររកស្រី ក៏ប្រទះនឹងនាងសួស្ដី មកអង្គុយនៅដីមុខផ្ទះនោះឯង ឯធនញ្ជ័យចូលទៅដល់ហើយក៏ដណ្ដឹងសួរថា អ្នកប្អូននៅទីនេះមានស្រីឬទេ? ឯនាងសួស្ដីស្ដាប់ហើយឆ្លើយថា អ្នកឯងនេះនៅស្រុកណា មានទេប្រុសក្នុងស្រុកអ្នកឯង ឯធនញ្ជ័យស្ដាប់ហើយក៏គិតថា ហើយគេហៅថាស្រីសួស្ដី ទើបធនញ្ជ័យប្រាប់ថា ឯស្រុកខ្ញុំមានប្រុសដែរ តើនាងដឹងឬទេ? ឈ្មោះប្រុសនោះឯង នាងសួស្ដីថា ខ្ញុំដឹងបានជាគេហៅប្រុសនោះ ត្បិតគេឈ្មោះជ័យនោះឯង ជ័យនោះច្រើនជាធំជាងអស់ឈ្មោះផង ជ័យឈ្នះអស់ក្នុងផែនដីនេះ ឯងបានជាហៅប្រុសៗ ត្បិតឈ្មោះជ័យនោះឯង ទើបនាងសួស្ដីថា អ្នកឯងស្គាល់ទេស្រីនោះ ទើបធនញ្ជ័យថា ខ្ញុំស្គាល់បានជាគេហៅស្រីៗនោះ ត្បិតតែឈ្មោះសួស្ដីនោះឯង ជាសួស្ដីមង្គលជាធំក្នុងផែនដីនេះ នឹងយកឈ្នេះណាឱ្យដូចគ្មានបានជាគេហៅស្រីៗនោះ ត្បិតតែឈ្មោះសួស្ដី ទើបធនញ្ជ័យសួរថា នាងមានខ្លាច ឬគ្មានខ្លាចទេ នាងសួស្ដីឆ្លើយថា ខ្ញុំគ្មានខ្លាចទេ ថាអ្នកឯងតើមានក្រែង ឬមិនក្រែងទេ ធនញ្ជ័យឆ្លើយថា ខ្ញុំគ្មានក្រែងអ្វីទេ នាងសួស្ដីឆ្លើយថា ខ្ញុំដឹងហើយ គឺអ្នកដណ្ដឹងថា មានប្ដី ឬនៅឡើយ បើមានប្ដីហើយខ្លាចប្ដីជេរ បើគ្មានប្ដីទេនោះថាមិនខ្លាចទេ ទើបនាងសួស្ដីដណ្ដឹងថា ក្រែង ឬមិនក្រែងនោះ អ្នកថាដូចម្ដេច ទើបធនញ្ជ័យប្រាប់ថា ខ្ញុំដឹង នាងឯងសួរខ្ញុំថា មានប្រពន្ធហើយ ឬនៅទេ បើមានប្រពន្ធហើយក្រែងចិត្តប្រពន្ធនោះ បើគ្មានប្រពន្ធទេ ថាមិនក្រែងចិត្តនរណាទេ ឯធនញ្ជ័យបានដឹងថានាងសួស្ដីគ្មានប្ដីដូច្នេះហើយ ក៏ដាក់សម្ពាយអំពីស្មា ហើយស្រាយសម្ពាយហូលចេញឱ្យម្ដាយឪពុកនាងសួស្ដីឃើញ។
ឯម្ដាយឪពុកនាងសួស្ដីឃើញហូលព្រែធនញ្ជ័យ ក៏ដើរមកមើលហើយសួរថា អ្នកកូននឹងយកទៅណា ឯធនញ្ជ័យសំពះជម្រាបសួរថា ខ្ញុំយកមករកប្រពន្ធទេ បើលោកម្ដាយលោកឪពុកមេត្តាខ្ញុំ ខ្ញុំនឹងនៅបម្រើជាកូនក្នុងផ្ទះ ដងទឹក កាប់អុស បុកស្រូវ ខ្ញុំចេះតែព្រមមិនខ្ចិលច្រអូសឡើយ ឯម្ដាយឪពុកនាងសួស្ដី និងខ្លួននាងសួស្ដីក៏ឡើងទៅលើផ្ទះហើយប្ដី និងប្រពន្ធនិយាយគ្នាថា ចៅកម្លោះនេះចង់បានកូនយើងហើយគិតតែពីរនាក់ថា បើដោយស្មានមើលទៅឃើញថា ជាកូនគេអ្នកបានណាស់ មានទាំងហូលព្រែនោះច្រើន យើងល្មមឱ្យកូនយើងហើយ ឯធនញ្ជ័យកាលបើម្ដាយឪពុកក្មេកឡើងទៅលើផ្ទះហើយ ក៏វេចបង្វិចដើរទៅទីអាថ៌កំបាំង ហើយយកក្រដាសមកសរសេរកត់ជាចំណាំឈ្មោះនាម៉ឺនធំតូចដែលជម្ពាក់ ប្រាក់ ខ្លះជម្ពាក់១០០តម្លឹង ខ្លះជម្ពាក់៤០០តម្លឹង ខ្លះជម្ពាក់៥០០តម្លឹង បានច្រើនហើយចង១បាច់ ដាក់ក្នុងសម្ពាយឡើងទៅលើផ្ទះ សំពះម្ដាយឪពុកក្មេក ហើយអង្គុយស្ងៀមចាំស្ដាប់។ ម្ដាយឪពុកនាងសួស្ដីក៏ដណ្ដឹងសួរថា អញនឹងចង់សួរចិត្តជ័យឯងៗចង់បានកូនអញមែន ឬទេ? ទើបធនញ្ជ័យសំពះហើយជម្រាបថា ក្នុងចិត្តខ្ញុំបាទចង់បាន ក្រែងតែលោកមិនឱ្យទានខ្ញុំបាទ បើលោកមេត្តាជាកូនជាចៅ នោះអរគុណណាស់ នឹងនៅបម្រើអស់ចិត្ត ឯម្ដាយឪពុកនាងសួស្ដី ថាយើងឱ្យហើយ ចូរឯងទៅរកទិញមាន់ ទា ជ្រូក អណ្ដើក កុំខាន បើមិនបានអណ្ដើកនោះ មេបាយើងមិនទទួលទេ។
ឯធនញ្ជ័យបានឭពាក្យម្ដាយឪពុកក្មេកបង្គាប់ដូច្នោះហើយ ក៏ដើរទៅរកអស់អ្នកស្រុកភូមិទាំងនោះ រើសរកតែអ្នកមានប្ដីប្រពន្ធ អំពីកម្លោះ ក្រមុំ ទើបយក ហើយឱ្យឈ្មោះថាមេអណ្ដើក ទើបរកស្រី៤នាក់ទៀត បើបានច្រើនដល់៨ ឬ១៤នាក់ នោះរឹងរឹតតែជាការល្អឱ្យតែមានប្ដីអំពីក្មេង បើទើបមានកូនមួយក៏បានដែរឱ្យឈ្មោះថាកូនអណ្ដើកទើបរកប្រុសម្នាក់ ដែលមានយសសក្ដិ មានប្រាជ្ញាឱ្យឈ្មោះជាអ្នកមហាអស់អ្នកប្រុសស្រីទាំងនោះយកមកដណ្ដឹង កូនគេ ហើយធនញ្ជ័យឱ្យទិញអស់ទំនិញតាមបង្គាប់ម្ដាយឪពុកនាងសួស្ដី លុះទិញបានសព្វគ្រប់ហើយឱ្យអ្នកមហានាំទៅជូនម្ដាយឪពុកខាងស្រីខ្លះ ទុកខ្លះរៀបស្លដណ្ដាំធ្វើនំគ្រប់មុខឱ្យហៅភ្ញៀវមកផឹកសង្កត់រោង រួចហើយ ព្រឹកឡើងបានជ័យល្អហើយ អ្នកមហា និងមេអណ្ដើកក៏រៀបអស់បណ្ណាការនូវចិញ្ចៀន ត្រសាល់ទៅបំពាក់កូនស្រីនោះ ហើយឱ្យខាងស្រីនោះរៀបរោងចាំទទួលអស់លោកអ្នកមហានូវបណ្ណាការនេះ។ ឯអ្នកមហា មេអណ្ដើក និងអស់ក្មេងដែលកាន់គ្រឿងបណ្ណាការដើរទៅដល់ហើយ អ្នកមេបាមកទទួលអ្នកមហាឡើងទៅលើរោង ទើបអ្នកមហាឱ្យយកស្រាពីរដបតម្កល់នឹងជើងពាន ហើយទើបយកថង់មក យកក្មេងឱ្យកាន់រោងថង់ហិប ហើយអ្នកមហាជម្រាបថា យើងមកជម្រាបអស់លោកមេបាចាស់ទុំសូមជ្រាប ត្បិតយើងបានចិញ្ចៀន និងចារុត្រសាល់ មកសូមបំពាក់កូនស្រី ហើយសូមលើកស្លាដក់ស្លាកន្សែង ជម្រាបរួចហើយទើបអស់មេអណ្ដើក ចូលទៅបំពាក់ចិញ្ចៀនកូនស្រីនោះរួចហើយទើបខាងស្រីនោះលើកថាសបាយ និងស្រាមកស៊ីផឹក រួចហើយលាគ្នាទៅផ្ទះទីទៃៗហៅថ្ងៃកំណត់ហោង។
លុះព្រឹកឡើងបានពេលា អ្នកមហា និងមេអណ្ដើក កូនអណ្ដើកនាំកូនប្រសារឈ្មោះធនញ្ជ័យ ទៅសំពះម្ដាយឪពុក ហើយយកកូនស្រីឈ្មោះនាងសួស្ដីមកផ្ទឹមនឹងធនញ្ជ័យ ហើយរាងបើកបាយខុនចងដៃរួចហើយ ដល់យប់ផ្សំដំណេក អ្នកជ័យ និងនាងសួស្ដីជាប្ដីប្រពន្ធ រួចការវល់ពីថ្ងៃនេះទៅហើយទើបធនញ្ជ័យនិយាយនឹងឪពុកក្មេក និងប្រពន្ធថា នឹងទៅទារប្រាក់ដែលអស់នាម៉ឺនជម្ពាក់។
អានតទៅវគ្គទី ៧

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ