Saturday, July 31, 2010

រឿង​ធនញ្ជ័យ៩

វគ្គទី ៩
ឯ ព្រះមហាក្សត្រស្រុកខ្មែរឭថាធនញ្ជ័យវិលមកវិញហើយ បានទាំងចិនមកផង ហើយស្ដេចនូវនាម៉ឺនទាំងអស់កោតខ្លាចប្រាជ្ញាធនញ្ជ័យ មិនហ៊ានធ្វើសេចក្ដីអ្វីឱ្យទាស់នឹងគំនិតធនញ្ជ័យឡើយ ព្រះមហាក្សត្រឱ្យទៅហៅ ធនញ្ជ័យមកសួរដណ្ដឹងអំពីស្រុកចិន ត្បិតវាបានទៅ ធនញ្ជ័យក៏ក្រាបទូលតាមដំណើរដែលបានទៅឃើញ ហើយនិយាយថា កាលខ្លួនខ្ញុំបានទៅដល់ហើយគិតឱ្យបានមកវិញនោះ ព្រោះធ្វើខ្លែងព្នងបង្ហើរ ស្ដេចបានឭសូរអែកខ្លែង បានជាខ្ញុំបានមកវិញ ឯព្រះមហាក្សត្រឱ្យធ្វើខ្លែងនោះបង្ហើរនឹងមើលលែង ធនញ្ជ័យក៏ធ្វើខ្លែងទៅថ្វាយឱ្យស្ដេចទត ដូច្នោះឯងហៅខ្លែងព្នង បានជាស្ដេចចេះធ្វើខ្លែងដល់ឥឡូវនេះឯង។
ឯ ធនញ្ជ័យដល់មានជំងឺឈឺធ្ងន់ណាស ហើយផ្ដាំប្រពន្ធថា បើអញនឹងស្លាប់ទៅហើយ ឱ្យយកទៅកប់នោះ ឱ្យធ្វើចម្រូងបោះលើផ្លូវនោះឱ្យច្រើនកុំឱ្យខាន ហើយឱ្យទៅ ទូលហ្លួងថា អញឈឺខ្លាំងណាស់ហើយ ឯប្រពន្ធនោះទៅទូលហ្លួងដូចពាក្យធនញ្ជ័យ ស្ដេចដឹងដូច្នោះ ហើយក៏ស្ដេចទៅសួរធនញ្ជ័យ ដល់ហើយស្ដេចចូលទៅសួរធនញ្ជ័យថា ឯងឈឺតើដូចម្ដេច ធនញ្ជ័យទូលថាសូមទ្រង់ចូលមកជិតខ្ញុំៗនឹងផ្ដាំទុក ខ្ញុំទូលខ្លាំងមិនបានទេ ស្ដេចស្ដាប់ហើយចូលទៅជិត ធនញ្ជ័យទូលថា សូមទ្រង់ឱនព្រះកេសមកជិតនឹងមាត់ខ្ញុំ ស្ដេចក៏ឱនត្រចៀកទៅជិតមាត់ធនញ្ជ័យៗក៏ផ្ដាំថា បើស៊ីត្រីព្រួលកុំចោលស្រកា បើស៊ីត្រីប្រាកុំចោលស្រកី ឱ្យស្លក្បាលត្រីប្រានឹងម្ជូរសណ្ដាន់ ឱ្យស្ដេចទុកកុំឱ្យភ្លេច ស្ដេចស្ដាប់ហើយវិលមកដំណាក់វិញ ឯអស់នាម៉ឺនសួរហ្លួងថា ធនញ្ជ័យវាផ្ដាំថាដូចម្ដេច ព្រះមហាក្សត្រស្ដេចស្ដាប់ហើយ ក៏ប្រាប់អស់នាម៉ឺនថា តាមពាក្យធនញ្ជ័យថា ស៊ីត្រីព្រួលកុំចោលស្រកា បើស៊ីត្រីប្រាកុំចោលស្រកី ឱ្យស្លក្បាលត្រីប្រានឹងម្ជូរសណ្ដាន់ វាថាជាលេងវាទេ ស្ដេចមានព្រះបន្ទូលដូច្នេះ ក៏អស់នាម៉ឺនមិនជឿឡើយ ដឹងជាគេថាដូចម្ដេចនឹងព្រះមហាក្សត្រ។ កាលធនញ្ជ័យស្លាប់ទៅ គេក៏យកទៅកប់ ហើយធ្វើចម្រូងដោតផ្លូវនោះ តាមពាក្យធនញ្ជ័យនោះឯង អស់នាម៉ឺននៅអ្នកក្នុងវាំងដែលខឹងស្អប់ធនញ្ជ័យថា ធនញ្ជ័យឆោរយកប្រាក់ ឭថាធនញ្ជ័យស្លាប់ហើយ គេយកទៅកប់នៅទីត្រង់ណា ក៏ប្រើមនុស្សជុះអាចម៍ដាក់ផ្លូវ ឯអស់មនុស្សទាំងនោះក៏ទៅដល់ផ្នូរ ហើយក៏សើយសំពត់ដាក់គូថនឹងជុះ មិនបានដឹងថាមានចម្រូង វាសគូថរាល់គ្នា រាងមិនហ៊ានទៅទៀតឡើយ ហើយខ្លាចធនញ្ជ័យ ក៏ស្រដីប្រាប់គ្នារៀងទៅ នេះប្រាកដជាអ្នកមានប្រាជ្ញថា ដល់ស្លាប់ទៅហើយក៏គង់គិតទុកឱ្យបានគង់ដឹងជា ឯងទៅជុះអាចម៍ដាក់ផ្លូវគាត់ បានជាមានផ្ដាំឱ្យគេទៅដោតចម្រូងទុកឱ្យមុតគូថឯង៕ ចប់ឡើទៅវគ្គទី ១ វិញ

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ