Thursday, July 22, 2010

មហាបុរស គឺ...

មហាបុរស គឺអ្នកបានបន្សល់ស្នាដៃមានតម្លៃដល់មនុស្សជាតិ


តាមភាពជាក់ស្តែងហើយនោះ ចំណេះដឹងនិងភាពសុចរិត ជារបស់ចាំបាច់ដែលមនុស្សត្រូវតែមានខ្វះមិន
បានឡើយ តែបើមានត្រឹមពីរប្រការប៉ុណ្ណេះ​ក៏មិនទាន់គ្រប់គ្រាន់នៅឡើយទេក្នុងការនាំខ្លួនទៅកាន់ឋានៈដ៏
ឧត្តង្គឧត្តមខ្ពង់ខ្ពស់ ព្រោះថាចំណេះដឹងនោះឯង យើងត្រូវចេះលៃលកប្រើវាក្នុងមធ្យោបាយដែលសក្តិសម
ហើយភាពសុចរិតនោះទៀតសោត ក៏ត្រូវតែប្រើឲ្យត្រឹមត្រូវទៅតាមកាលៈទេសៈផងដែរ។

ការមើលដំណើរប្រព្រឹត្តទៅរបស់មនុស្ស យើងគួររមិលមើលតែក្នុងផ្លូវដែលល្អ​។ មនុស្សគ្រប់គ្នាក្នុងលោក
នេះ តែងមានសេចក្តីល្អនិងអាក្រក់លាយឡំគ្នានៅក្នុងខ្លួនជានិច្ច បើយើងរើសរកមនុស្សដែលល្អឥតខ្ចោះ
មិនធ្លាប់ដែលមានកំហុសអ្វីសោះនោះ ក៏មិនងាយជាងការរាវរកម្ជុលនៅក្នុងមហាសមុទ្រ្ទឡើយ ដូច្នេះបើ
យើងត្រូវការសិក្សាស្វែងរកប្រយោជន៍យ៉ាងពិតប្រាកដ ក៏គប្បីប្រមើលមើលតែក្នុងផ្លូវដែលល្អប្រពៃ ដូចជា
បើយើងមានឳកាសបានចូលទៅជិតមនុស្សដែលមានសក្តិខ្ពង់ខ្ពស់ យើងគប្បីព្យាយាមពិគ្រោះពិចារណា
ថា បុគ្គលម្នាក់នេះមានអ្វីល្អវិសេសខ្លះ មិនមែនមើលឲ្យឃើញថាមានចំណុចអាក្រក់ដូចម្តេចខ្លះនោះទេ
បើធ្វើបានដូច្នេះនឹងកើតប្រយោជន៍ដល់យើងជាអនេក ដោយយើងអាចនាំយកគុណសម្បត្តិដែលគេមាន
មកធ្វើជាបែបយ៉ាងសម្រាប់ខ្លួនយើងបាន។

ដំណើរជីវិតរបស់មនុស្សយើង ប្រៀបប្រដូចការត្រេចចរក្នុងផ្លូវឆ្ងាយដាច់សង្វែង ដែលយើងត្រូវដឹងថានឹង
ត្រូវតម្រង់ឆ្អោះទៅទិសណា បើធ្វើដំណើរទៅតាមបុណ្យតាមកម្មនោះ គ្មានថ្ងៃដែលអាចបន្លុះដល់គោលដៅ
ណាមួយបានឡើយ។ មនុស្សយើងបើមិនជ្រាបថាត្រូវការអ្វីក្នុងជីវិត គិតចង់ក្លាយជាអ្វីដែលមានថ្នាក់ខ្ពង់ខ្ពស់
បំផុត រឺប្រាថ្នាចង់មានជីវិតដូចម្តេចពេលចាស់ជរាហើយនោះ មាគ៌ាជីវិតក៏នឹងឡេះឡះ ចាប់អ្វីដែលជាគោលសំ
ខាន់មិនបានឡើយ។

“គោលដៅ” គឺជារឿងសំខាន់ក្នុងជីវិតមនុស្ស ហើយជារបស់ចាំបាច់ដែលមនុស្សត្រូវតែមាន ជីវិតដែលគ្មាន
គោលដៅគឺជាជីវិតដែលគ្មានគុណតម្លៃអ្វីសោះឡើយ។

មនុស្សដែលរឹងប៉ឹងតែងជាមនុស្សដែលទន់ភ្លន់ តែមិនមែនទន់ខ្សោយនោះទេ គ្រប់មហាបុរសតែងជាមនុស្ស
មានលក្ខណរឹងប៉ឹង មានមេត្តាករុណាចំពោះអ្នកតូចទន់ខ្សោយជាងខ្លួន។

មនុស្សដែលមានបេះដូងរឹងមាំនោះ រមែងមិនឆេវឆាវក្រោធខឹងងាយ មនុស្សដែលក្រោធងាយគឺជាមនុស្ស
ទន់ខ្សោយ គ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯងបាន។ មនុស្សដែលរឹងមាំនោះមិនដែលតក់ស្លត់ចំពោះអន្តរាយ
ហើយមិនដែលគិតថាខ្លួនឯងកើតមកមានគ្រោះអាក្រក់ ឫថាវត្ថុនិងសព្វសត្វក្នុងលោកជាសត្រូវចំពោះខ្លួនទេ។
មនុស្សបែបនេះមិនមាននរណានឹងអាចយកឈ្នះបាន ព្រោះទោះបីជាអ្នកដែលប៉ងបៀតបៀនព្យាបាទ មាន
ឳកាសធ្វើអន្តរាយបានប៉ុណ្ណា ក៏ធ្វើបានត្រឹមតែរាង្គកាយ មិនអាចធ្វើអន្តរាយដល់បេះដូងគេបានឡើយ បើទុក
ជាត្រូវប្រទូស្តរាយយ៉ាងខ្លាំងក្លា ក៏នៅអាចក-វែកក-ឆ្នាំងសាងខ្លួនឡើងវិញបានទៀតយ៉ាងឆាប់រហ័ស ដោយអំ
ណាចបេះដូងដែលរឹងប៉ឹងមិនរួញរា។

មានគោលការណ៍ដែលគួរឲ្យជឿមួយថា គ្រោះអាក្រក់នោះវាមិនអាចយកឈ្នះយើងបានទេ លុះត្រាតែយើង
ព្រមចុះចាញ់វាប៉ុណ្ណោះ។ មនុស្សដែលមានលក្ខណរឹងមាំនោះ គេអាចហ៊ានបើកដៃឲ្យគ្រោះអាក្រក់ទាំងឡាយ
ដើរមករកគេជាជួរៗ ហើយគេនឹងតស៊ូឲ្យវាចុះចាញ់ទៅវិញដោយអំណាចបេះដូងរបស់គេ។ មនុស្សដែលមាន
លក្ខណរឹងមាំនោះរមែងមិនស្គាល់គ្រោះអាក្រក់ទេ។

ភាពក្រីក្រជាហេតុធ្វើឲ្យមនុស្សត្រូវមានសេចក្តីព្យាយាមប្រកបអំពើល្អ ហើយពេលសេចក្តីព្យាយាមនេះចាស់
ក្លាក៏រមែងកើតជាប្រយោជន៍ដល់ខ្លួនឯង និងដល់ប្រទេសជាតិផងដែរ បើមនុស្សគ្រប់គ្នាមិនចាំបាច់តស៊ូនឹងភាព
ក្រីក្រទេនោះ ពិភពលោកយើងក៏មិនរីកចម្រើនដល់ថ្នាក់នេះដែរ។

ការខ្លាចធ្វើខុស ជាហេតុធ្វើឲ្យមនុស្សរួញរា មិនហ៊ានធ្វើអ្វីដោយខ្លួនឯង តែតាមការពិតកំហុសតែងជាគ្រូបង្រៀន
ឲ្យយើងធ្វើត្រូវ។

កិច្ចការងារគ្រប់យ៉ាងដែលនឹងនាំយើងឆ្ពោះទៅកាន់ភាពរីកចម្រើននោះ តែងមានការប្រថុយគ្រោះថ្នាក់ជានិច្ច
ក្នុងលោកនេះមិនមានមាគ៌ាមួយខ្សែណាដែលរាបស្មើសម្រាប់នាំទៅកាន់ភាពរីកចម្រើននោះឡើយ យើងត្រូវ
ពុះពារកាប់ព្រៃឆ្កាបន្លាទៅតែទាំងអស់ហ្នឹង។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ