កម្ពុជានាចុងសតវត្សទី៨ ត្រូវស្ថិតនៅក្រោមអានានិគមប្រទេសជ្វា យ៉ាងតិចណាល់ក៏ជាង ១០ឆ្នាំដែរ។ ចំពោះការរស់នៅ ការគ្រប់គ្រង និង ទិដ្ឋភាពក្នុងនគរ យើងពុំមានឯកសារអ្វីជាសំអាង សំរាប់សិក្សាឡើយ។ តែយើងអាចដឹងបានថា ថ្ងៃក្រោយ មានក្សត្រខ្មែរមួយអង្គ ព្រះនាមជ័យវរ្ម័ន បានរៀបចំការតស៊ូ ប្រមូលអ្នកស្នេហា ជាតិ កទ័ពចេញមកប្រយុទ្ធ រើបំរះរំដោះកម្ពុជាពីអានានិគមជ្វា។ ព្រះបាទជ័យវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយដ៏ចំណាន ខ្លាំងពូកែ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ដែលបានកសាងសម័យមហានគរ ហើយដែលបានជំរុញធ្វើអោយកម្ពុជាមានអានុភាព រៀងរហូតមក។
ព្រះបាទជ័យវរ្ម័នទី២ (៨០២ - ៨៥៤)
គេអាចស្គាល់ប្រវត្ដិសាស្រ្ដរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយសារសិលាចារឹក ស្ដុកកក់ធំ ដែលអ្នកប្រវត្ដិវិទូខ្មែរបានសរសេរចារឆ្លាក់លើថ្ម ២០០ក្រោយរជ្ជកាលព្រះអង្គ។ ក្នុងរាជព្រះអង្គ គេពុំឃើញមានសិលាចារឹកណាមួយដែលបានសរសេរចារទុកបញ្ជាក់ប្រាប់អំពីការតស៊ូ ព្យាយាមបង្រួបបង្រួមសាមគ្គីជាតិ វាយកំចាត់ខ្មាំង និង កសាងមាតុភូមិឡើយ។ព្រះបាទជ័យវរ្ម័នទី២ ត្រូវជាចៅមីងព្រះបាទបុស្សករ័ក្ស បើគិតតាមខ្សែខាងម្ដាយ។ ក្នុងពេលកើតព្រឹត្ដិការណ៍ ពួកជ្វាចោរសមុទ្រចូលមកលួចប្លន់ ដុតផ្ទះសំបែង ទីក្រុងសម្ភុបុរៈ ព្រះអង្គព្រមទាំងព្រះញាតិវង្ស ត្រូវពួកខ្មាំងចាប់យកជាឈ្លើយ នាំយកទៅកោះស្ទាវា។ កាលនោះព្រះអង្គនៅជាកុមារនៅឡើយ។ នៅប្រទេសជ្វា ព្រះអង្គខំប្រឹងរៀនសូត្រគ្រប់មុខវិជ្ជា ទាំងក្នុងសាសនា ទាំងក្នុងរបៀបរៀបចំនគរ ដែលជាមូលដ្ឋានបានជំរុញធ្វើអោយប្រទេសជ្វាក្លាយទៅជាមហាអំនាចមួយក្នុង ភូមិភាគអាស៊ីអគ្នេយ៍។
ការតស៊ូរំដោះជាតិ
ថ្ងៃមួយក្នុងគ.ស.៨០០ ព្រះបាទជ័យវរ្ម័នទី២ ដោយមានពលសេនាអាមាត្យជាទីទុកចិត្ដ ជូនដំនើរផង ក៏លបលួចធ្វើដំនើរត្រលប់មកស្រុកខ្មែរវិញ។ ព្រះអង្គបានតាំងទីមូលដ្ឋាននៅខេត្ដក្រចេះ ក្នុងតំបន់ចន្លោះអតីតព្រះរាជធានីសម្ភុបុរៈ និង ស្រុកត្បូងឃ្មុំ។ កន្លែងនោះមានឈ្មោះថា អិន្រ្ទបុរៈ ដែលគេចាត់ទុកជារាជធានីមួយ ក្នុងរជ្ជកាលព្រះអង្គ។ ព្រះអង្គបានពន្យល់បញ្ចុះបញ្ចូលដឹកនាំព្រះញាតិវង្ស នាម៉ឺនមន្រ្ដីមេទ័ព និងស្ដេចដែលធ្លាប់ចំនុះនគរចេនលាទឹកលិច អោយសុខចិត្ដសុខកាយយល់ព្រមរួបរួមកំលាំង វាយកំចាត់ពួកសត្រូវចោរជ្វា។ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជ្វា ព្រះជ័យវរ្ម័នទី២ មានសហការីពូកែចំនានចំនាប់មានវិជ្ជា និងសមត្ថភាពយ៉ាងខ្ពស់ជ្រៅជ្រះ ជាច្រើនជាជំនួយ។ មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ ព្រិទ្ធិអិន្រ្ទវរ្ម័ន ដែលបានរំដោះបង្ក្រាបនិង រៀបចំតំបន់ដែលស្ថិតនៅខាងត្បូង ខេត្ដបាត់ដំបង អោយមានសន្ដិសុខ។ ស្នាដៃនេះ ជាកត្ដាមួយយ៉ាងសំខាន់ ដែលអនុញ្ញាតផ្ដល់ដល់ព្រះមហាក្សត្រខ្មែរ នូវលទ្ធភាពកសាងព្រះរាជធានី ក្នុងតំបន់បឹងទន្លេសាប ដែលជាជង្រុកស្រូវ និង ត្រីសាច់ ហើយលើផ្នែកយុទ្ធសាស្រ្ដវិញ ទីក្រុងកម្ពុជា ក៏ស្ថិតនៅឆ្ងាយពីច្រកចូលរបស់កងទ័ពជ្វានិង ចាម ដែលតែងឡើងមកតាមដងទន្លេដែរ។ ដូច្នេះហើយ បានជា ព្រះបាទជ័យវរ្ម័នទី២ បោះបង់ភូមិភាគទន្លេមេគង្គខាងត្បូង មកតាំងទីរាជធានី នៅខាងជើងបឹងទន្លេសាប។
អ្នកប្រាជ្ញម្នាក់ទៀត ដែលល្បីល្បាញជាងគេ ខាងចំនេះចេះដឹង មានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃឈ្មោះសិវកអិវលិយៈ។ ក្នុងគ្រប់កាលៈទេសៈព្រះអង្គតែងតែនាំអ្នកប្រាជ្ញកំពូល នេះទៅជាមួយជានិច្ច ដើម្បីទុកជាទីប្រឹក្សាជាន់ខ្ពស់ សំរាប់ផ្ដោះប្ដូរសាកសួរយោបល់ គ្រប់បញ្ហាដែលទាក់ទងនឹងអាយុជីវិតរបស់ប្រទេសជាតិ។
ប្រវត្ដិតស៊ូរបស់ព្រះបាទជ័យវរ្ម័នទី២ និង ប្រជាពលរដ្ឋខ្មែរជំនាន់នោះ គេពុំបានដឹងអ្វីជាពិតប្រាកដទេ។ តែយើងអាចប៉ាន់ស្មានបានថា ការតស៊ូរំដោះជាតិក្នុងគ្រានោះ មានភាពខ្លាំងក្លាធ្ងន់ពិបាកណាស់ ជាពិសេសនៅចំពោះមុខខ្មាំងជ្វា ដែលកំពុងមានកំលាំង។ ប្រហែលជាមកអំពីបញ្ហាស្ថិរភាព សន្ដិសុខ និង បុព្វហេតុដូច្នេះហើយ ទើប បានជាព្រះមហាក្សត្រខ្មែរ បានលើក បានរើទីក្រុងជាច្រើនដំនាក់។ ព្រះរាជធានីទាំងនេះមាន កុឌិ ដែលស្ថិតនៅក្នុងរង្វង់តំបន់ប្រាសាទបន្ទាយក្ដី ផ្នែកខាងជើងក្នុងខេត្ដសៀមរាប អមរិន្រ្ទបុរៈ ដែលអ្នកប្រវត្ដិវិទូប៉ាន់ស្មានថានៅក្នុងតំបន់បន្ទាយឆ្មារ ក្នុងខេត្ដបាត់ដំបង ហរិហរាល័យ ដែលស្ថិតនៅតំបន់រលួស ក្នុងខេត្ដសៀមរាប និងមហិន្រ្ទបរពត ដែលជាភ្នំគូលែន ស្ថិតក្នុងខេត្ដសៀមរាបដដែល។
ការប្រកាសឯករាជភាពកម្ពុជា
គឺនៅលើភ្នំគូលែន រឺព្រះរាជធានីមហិន្រ្ទបរពត ក្នុងគ.ស ៨០២ ដែលព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី២បានប្រកាសឯករាជភាពកម្ពុជា ចេញពីក្រញាំអានានិគមស្ដេចជ្វាស្ទាវា។ ប្រវត្ដិរំដោះ និង ប្រកាសឯករាជភាពកម្ពុជា ត្រូវបានបុព្វបុរសខ្មែរ សរសេរឆ្លាក់ចារលើផ្ទាំងសិលា ក្នុងគ.ស១០៥២ ដែលគេដាក់ឈ្មោះថា សិលាចារឹកស្ដុកកក់ធំ។ សិលាចារឹកនេះគេបានរកឃើញនៅក្នុងប្រាសាទស្ដុកកក់ធំ ដែលស្ថិនៅខាងជើងឆៀងខាងលិច ចំងាយប្រមាណ២៥ គីឡូម៉ែត្រពីទីប្រជុំជន ស៊ីសុផុន ខេត្ដបាត់ដំបង(សព្វថ្ងៃបន្ទាយមានជ័យ) ។ បច្ចុប្បន្ន សិលាចារឹកស្ដុកកក់ធំ ត្រូវគេយកទៅតំកល់ទុកនៅសារមន្ទីរសៀមបាងកក។ តាមរយៈសិលាចារឹកស្ដុកកក់ធំ យើងអាចឃើញស្គាល់ យល់ និង ដឹងអំពីប្រវត្ដិសាស្រ្ដ វប្បធម៌ អរិយធម៌ខ្មែរមួយផ្នែកធំ ក្នុងសម័យអង្គរ។ដើម្បីអោយឯករាជភាពកម្ពុជា មានអិទ្ធិពលជ្រួតជ្រាបគ្រប់ទិសទី ទាំងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ប្រជាជន ទាំងទៅលើប្រទេសជិតឆ្ងាយ ព្រះបាទជ័យវរ្ម័ន បានរៀបចំបង្កើតធ្វើអោយមានពីធីបុណ្យសាសនា យ៉ាងឧត្តុង្គឧត្ដមធំឪលារឹក នៅភ្នំគូលែន។ ព្រះអង្គបាននិមន្ដព្រាហ្មណ៍មួយអង្គព្រះនាម ហិរនិយធម្មគង់នៅអាស្រមជនបទ ហើយដែលចេះគ្រប់មុខវិជ្ជាសីលសាស្រ្ដ មន្ដអាគម គាថា អោយមកចំរើនរៀបចំពិធីបុណ្យ គោរពបូជាព្រហ្មញ្ញសាសនា ទៅតាមតំរាក្បួនទ្រឹស្ដីទេវរាជ។ព្រាហ្មណ៍ ព្រះគ្រូហិរនិយធម្ម បានបង្ហាត់បង្រៀនសាស្រ្ដទាំងបួនក្នុងគម្ពីរព្រះអិសូរ ដល់ព្រាហ្មណ៍ សិវកអិវលិយៈ ទីប្រឹក្សាជំនិតព្រះមហាក្សត្រ ដើម្បីអោយចេះចងចាំ ក្បួនវិធីរៀបចំធ្វើសក្ការបូជាគោរពទេវរាជ។ ធម៌ទាំងនេះ ពួកព្រាហ្មណ៍ត្រូវរៀនសូត្រស្វាធ្យាយ និង ត្រូវរៀបចំធ្វើពិធីផ្សេងៗ ដើម្បីកំចាត់សត្រូវ ដើម្បីប្រកាសតាំង ខ្លួនជាអ្នកជា មានឯករាជភាព មានអិស្សរភាព និង បួងសួងសុំអោយមាននូវសេចក្ដីចំរុងចំរើនសំបូរសប្បាយដល់ប្រជាជាតិ។ គឺអាចជាទ្រឹស្ដី ជាក្បួនតំរាគម្ពីរសំរាប់រៀបចំកសាងនគរ អោយមានឯកភាព ខ្លាំងពូកែល្អ។ ជាគុណបំនាច់ដល់ព្រាហ្មណ៍ សិវកអិវលិយៈព្រះមហាក្សត្របានសច្ចាប្រគល់សិទ្ធិផ្ដាច់មុខដល់ គ្រួសារព្រាហ្មណ៍ តពូជពីជំនាន់មួយទៅជំនាន់មួយ ជាលំដាប់លំដោយ តាមត្រកូលខាងម្ដាយ អោយមានឋានៈជាអ្នកទទួលបន្ទុករៀបចំពិធីបូជាទេវរាជ តទៅអនាគត។ ដូច្នេះហើយបានជាយើងឃើញមានក្រុមព្រាហ្មណ៍បារគូ បុរោហិត នៅជិតជាប់ព្រះមហាក្សត្រ ដើម្បីជាសាក្ខីភាពនៃការគោរពប្រពៃនី។ តែក្រុមព្រាហ្មបុរោហិត ដែលមានពូជពង្សចុះមកពីព្រាហ្មណ៍ សិវកអិវលិយៈ ប្រហែលជាផុតពូជក្នុងសម័យស្ដេចត្រសក់ផ្អែម។ ពីព្រោះស្ដេចអង្គនេះ គ្មានបញ្ចក្សត្រ គ្មានព្រះខ័នរាជ គ្មានអ្វីសំគាល់ជាស្ដេចពេញគ្រប់លក្ខណៈ តាមច្បាប់ក្រិត្យក្រមវិន័យខ្មែរឡើយ(១)។ឯពិធីធ្វើសក្ការបូជាទេវរាជ ត្រូវបានព្រះមហាក្សត្រខ្មែរជំនាន់ក្រោយ គោរពប្រតិបត្ដិ អនុវត្ដធ្វើតាមរហូតមកដល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះព្រាហ្មណ៍ សិវកអិវលិយៈ បានទទួលឋានៈជាព្រះរាជគ្រូរបស់ព្រះមហាក្សត្រ។
- ១ = ពូជពង្សវង្សត្រកូល ព្រាហ្មណ៍ សិវកអិវលិយៈ ប្រហែលជាត្រូវផុតរលត់អស់លែងមាន ក្នុងសម័យព្រឹត្ដិការណ៍តាត្រសក់ផ្អែមដន្ដើមរាជ្យ ដែលបានកាប់សំលាប់បំផ្លាញអ្វីជាព្រហ្មញ្ញសាសនា។ ដូច្នេះហើយ ទើបស្ដេចត្រសក់ផ្អែម បញ្ជាអោយបង្កើតព្រាហ្មបុរោហិត និង បញ្ជក្សត្រសំរាប់តំនាងរាជបល្ល័ង្គ។
ដោយសារពិធីសក្ការបូជាទេវរាជ ព្រះបាទជ័យវរ្ម័នទី២ អាចប្រកាសតាំងខ្លួនជាស្ដេចអាទិទេព Dieu Roi មានតេជៈបានរមីដូចទេវរាជ មិនចាញ់ស្ដេចជ្វានៅកោះស្ទាវាឡើយ។ ដែលជាលក្ខណៈបញ្ជាក់អំពីឯករាជភាពពិតប្រាកដរបស់កម្ពុជា។
ការតាំងរាជធានី
ក្រោយពីភៀសខ្លួនមកពីប្រទេសជ្វានាឆ្នាំ៨០០ ព្រះបាទជ័យវរ្ម័នទី២មកគង់នៅឥន្ទ្របុរៈតំបន់កំពង់ចាម។ ដើម្បីបង្រួបបង្រួមជាតិ ព្រះអង្គបានប្ដូររាជធានីប្រាំកន្លែង។ ចុងក្រោយព្រះអង្គយាងទៅគង់នៅលើកំពូលភ្នំគូលែន រួចអភិសេកជាព្រះមហាក្សត្រនៅគ.ស. ៨០២ ទ្រង់បានលើករាជធានីមកតាំងនៅហរិហរាល័យ(រលួស)វិញ។ រលួសគឺជាតំបន់ស្ថិតនៅខាងជើងបឹងទន្លេសាប។ ព្រះមហាក្សត្រសម័យចេនឡា ក៏ធ្លាប់បានជ្រើសរើសតំបន់ខាងជើងបឹងទន្លេសាបនេះ សម្រាប់កសាងរាជធានីកាលពីស.វ.ទី៧ម្ដងរួចមកហើយ(នៅសម្បូរព្រៃគុក។ស្ថានភាពប្រជាករ
មុនការយាងមកដល់នៃព្រះបាទជ័យវរ្ម័នទី២ ប្រជារាស្ត្ររបស់នៅដោយបែកចែកជាបក្ស ជាពួក ហើយបក្សពួកនីមួយៗតែងតែធ្វើសង្គ្រាមជាមួយគ្នាជាប់មិនដាច់។ ព្រះបាទជ័យវរ្ម័នទី២ បានផ្លាស់ប្ដូរទីកន្លែងរាជធានីជាញឹកញាប់ ដើម្បីបញ្ចុះបញ្ចូលឲ្យប្រជារាស្ត្ររួបរួមគ្នាជាធ្លុងមួយជុំវិញព្រះអង្គ ដោយប្រកាន់យកសាសនាព្រាហ្មណ៍។ មិនយូរប៉ុន្មាន រដ្ឋទាំងឡាយដែលបានបែកបាក់គ្នានៅសម័យចេនឡា ក៏ត្រូវបានប្រមូលផ្ដុំគ្នាជារដ្ឋឯកភាពមួយ ទាំងខាងទឹកដី សង្គមសាស្ត្រ ប្រព័ន្ធគ្រប់គ្រង និងសាសនា។លទ្ធិទេវរាជ
ព្រះបាទជ័យវរ្ម័នទី២ជាក្សត្រដែលបានរៀបចំចាក់ឫសប្រទេសកម្ពុជានៅដើមសម័យអង្គរ ដោយឈរលើមូលដ្ឋាន ជាតិ សាសនា ព្រះមហាក្សត្រ។ ព្រះអង្គបានអភិសេកជាព្រះមហាក្សត្រនៅលើភ្នំគូលែន ដើម្បីឲ្យព្រះអង្គមានឋានៈជាទេវរាជ ឬស្ដេចចក្រវាឡ។ ទស្សនៈដែលជឿថា ព្រះមហាក្សត្រជាអាទិទេពបានក្លាយទៅជាលទ្ធិទេវរាជ និង លទ្ធិពុទ្ធរាជពេញមួយសម័យអង្គរ។តាមលទ្ធិទេវរាជ ព្រះមហាក្សត្រត្រូវកសាងប្រាសាទមួយនៅលើភ្នំដែលស្ថិតនៅចំកណ្ដាលរាជធានី ដើម្បីតម្កល់សិវលិង្គធ្វើអំពីថ្ម។ ដោយមានការលំបាកក្នុងការជ្រើសរើសទីតាំងរាជធានី ដែលមានភ្នំនៅចំកណ្ដាល ព្រះមហាក្សត្រខ្មែរក៏បានច្នៃប្រឌិតកសាងប្រាសាទភ្នំ ដែលមានខឿនច្រើនជាន់ឡើង។ ការអនុវត្តលទ្ធិទេវរាជបានបំផុសឲ្យមានការប្រឡងប្រណាំងគ្នា ក្នុងការបញ្ចេញថ្វីដៃ រវាងព្រះមហាក្សត្រមុន នឹងព្រះមហាក្សត្រក្រោយ។ ព្រះរាជាក្រោយបានខិតខំកសាងប្រាសាទឲ្យមានច្រើន ហើយឲ្យមានទ្រង់ទ្រាយធំជាងព្រះរាជាមុន។ ពេញមួយសម័យអង្គរ ខ្មែរយើងមានប្រាសាទរាប់ពាន់។
អ្នកប្រវត្ដិវិទូ និង អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្ដិសាស្រ្ដខ្មែរ តែងតែនាំគ្នានិយមមូលមតិជឿយល់ថា ការគោរពបូជា ទេវរាជ ជាការវិវត្ដន៍នៃព្រហ្មញ្ញសាសនា ក្នុងសម័យព្រះបាទជ័យវរ្ម័នទី២ គេយល់ថា ដើម្បីអាងប្រកាសខ្លួនជាស្ដេចពេញសិទ្ធិ ដើម្បីបញ្ចេញបង្ហាញឥទ្ធិពលមហិទ្ធិរិទ្ធិ អោយប្រជានុរាស្រ្ដកោដខ្លាចគោរពទទួលស្គាល់ ដើម្បីបញ្ជាក់ភាពឯករាជរបស់កម្ពុជា ព្រះបាទជ័យវរ្ម័នទី២ ត្រូវតែរៀបចំធ្វើពិធីសាសនា នៅភ្នំគូលែន។ គឺព្រះអង្គបានតាំងខ្លួនជាព្រះមហាក្សត្រផង ជាអាទិទេពផង។
ទ្រឹស្ដីនេះសមហេតុផល ត្រឹមត្រូវណាស់។ តែបើយើងយកទ្រឹស្ដីទេវរាជ ដោយសំអាងទៅលើ សិលាចារឹកស្ដុកកក់ធំ មកសិក្សារិះគិតពិចារណា អោយបានវែងឆ្ងាយបន្ដិច ជំនឿ និង ការគោរពទេវរាជ មិនមែនកំរិតឈប់ចប់ត្រឹមតែលើសាសនា និង លើរូបព្រះមហាក្សត្រប៉ុណ្ណោះនោះទេ ថ្ងៃធ្វើពិធីបុណ្យសក្ការបូជាគោរពថ្វាយចំពោះ ព្រះទេវរាជ នៅភ្នំគូលែន ក្នុងគ.ស ៨០២ អាចចាត់ទុកជាទិវាខ្មែរឯករាជ្យ រំដោះចាកផុតពីអានានិគមជ្វាកោះស្ទាវា និង ក៏ជាថ្ងៃដែលខ្មែរបានប្រកាសអនុវត្ដ គោរព ទ្រឹស្ដីគោលការណ៍នយោបាយថ្មី សំរាប់កសាងប្រទេសជាតិដែរ។
ទេវរាជ ជាឈ្មោះគម្ពីរក្បួនខ្នាតទ្រឹស្ដីនយោបាយខ្មែរ សំរាប់រៀបចំគ្រប់គ្រងប្រទេសជាតិ
ការបែងចែកអំនាច
សាសនា ដែលតំនាងទៅដោយព្រាហ្មណ៍ គ្រាន់តែជាមូលដ្ឋាន សំរាប់ប្រមូលផ្ដុំប្រជានុរាស្រ្ដ និង ជាប្រភពសំរាប់បង្កើតបញ្ចេញច្បាប់ ទ្រឹស្ដីគោលគំនិតនយោបាយប៉ុណ្ណោះ។ ឯព្រះមហាក្សត្រ ដែលជាទេវរាជ ជាអ្នកយកច្បាប់ យកគោលគំនិត ទ្រឹស្ដីនយោបាយទាំងនោះមកអនុវត្ដប្រតិបត្ដិ។ បើយើងយកមកនិយាយ និង ប្រើតាមភា សាទំនើបថ្មីបច្ចុប្បន្ន ក្រុមព្រាហ្មណ៍បរោហិតដែលជាដំនាងដោយព្រាហ្មណ៍ សិវកអិវលិយៈ ជាអ្នកធ្វើច្បាប់ រឺជារដ្ឋសភា។ ចំនែកព្រះមហាក្សត្រវិញ ព្រះអង្គមិនធ្វើច្បាប់ទេ។ ព្រះអង្គជាអ្នកគោរព និង អនុវត្ដធ្វើតាម សេចក្ដីបញ្ញាតិរបស់ច្បាប់។ ព្រះមហាក្សត្រស្ថិតនៅក្រោមអំនាចច្បាប់។ ព្រះអង្គជាដំនាងអំនាចនិតិប្រតិបត្ដិ ដូច្នេះ ក្នុង ការរៀបចំគ្រប់គ្រងប្រទេសកម្ពុជា អ្នកដឹកនាំ រឺអ្នកនយោបាយខ្មែរជំនាន់ព្រះបាទជ័យវរ្ម័នទី២ បានបែកចែកអំនាចជា២ និតិបញ្ញាតិ និង និតិប្រតិបត្ដិ របៀបបែងចែកអំនាចត្រូវបានព្រះមហាក្សត្រខ្មែរ ធ្វើសច្ចាប្រនិធានថា គោរពអនុវត្ដធ្វើ តាមរៀងរហូតទៅអនាគត នេះគឺជាមូលដ្ឋាន និង ជាគ្រិះនគរខ្មែរ។ការរៀបចំស្ថានប័នជាតិ
ការបែងចែកអំនាច នាំមកនូវការរៀបចំស្ថាប័ន។ ស្ថាប័ននេះមានទាក់ទងទៅនឹងការកំនត់មុខងារកិច្ចការរបស់ក្រុមព្រាហ្មណ៍បុរោហិត និង ព្រះមហាក្សត្រ។ ក្រុមព្រាហ្មណ៍ មានភារកិច្ចក្នុងការគោរពរៀបចំធ្វើពិធីបុណ្យអោយបានត្រឹមត្រូវ ទៅតាមច្បាប់វិន័យ។ ព្រាហ្មណ៍ក៏ត្រូវត្រួតពិនិត្យត្រួតត្រាការអនុវត្ដិទាំងនោះដែរ។ ហើយករណីយកិច្ច ដ៏ធំមួយទៀតរបស់ព្រាហ្មណ៍ គឺការអប់រំបង្ហាត់បង្រៀនព្រះរាជវង្សានុវង្ស និង ផ្ដល់យោបល់គោលគំនិតល្អៗដល់ព្រះមហាក្សត្រ រួមសេចក្ដីមក ក្រុមព្រាហ្មណ៍ ជាអ្នកថែរក្សារការពារ ច្បាប់វិន័យក្រិតក្រមក្បួនខ្នាតគម្ពីររបស់ខ្មែរ។ ទិដ្ឋភាពត្រង់នេះ សិលាចារឹកស្ដុកកក់ធំបានបញ្ជាក់ច្បាស់ណាស់។ រីស្ថាប័ន ដែលជាប់ទៅនឹងព្រះម ហាក្សត្រ រឺអំនាចនិតិប្រតិបត្ដិ យើងឃើញមានការបង្កើតក្រុមនាម៉ឺនមន្រ្ដី ការរៀបចំសង្គម ការបែងចែករៀបចំទឹកដីភូមិស្រុក និង ការបែងចែកធនធាន។ការស្ថាបនាជាតិ
ក្នុងទ្រឹស្ដីទេវរាជ ក្នុងសិលាចារឹកស្ដុកកក់ធំ ពាក្យស្ថាបនា ជាពាក្យដែលសំខាន់ មានតំលៃ និង អត្ថន័យធ្ងន់ធំទូលំទូលាយជាងគេ។ ពាក្យស្ថាបនាជាគន្លិះធំ ក្នុងទិសដៅនយោបាយកសាងជាតិរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរត្រូវស្ថាបនា ធ្វើម្ដេចអោយប្រទេសជាតិចំរុងចំរើន អោយពលរដ្ឋមានបាន សំបូរសប្បាយ ចាកផុតទុរគតក្រីក្រតោកយាកព្រាត់ប្រាសក្រុមញាតិគ្រួសារ។ការបែងចែកអំនាច រៀបចំស្ថាប័នដាក់តាមគោលការណ៍នយោបាយថ្មី អោយសមស្របស៊ីសង្វាក់ ប្រទាក់ប្រទងប្រទាញគ្នាទៅវិញទៅមក ត្រូវធ្វើឡើង ក្នុងគោលបំនងស្ថាបនាកសាងជាតិ។ ការកសាងសង់ទាំងនេះ មិនមែនអនុវត្ដ ដោយមិនបានគិតគូរល្អល្អិតល្អន់នោះទេ។ គេក៏មិនមែនធ្វើអោយឃើញ ចេញមានតែរូបរាង ទុកសំរាប់បង្អួតអោយគេកោតសរសើរឡើយ។
ការស្ថាបនានេះ ស្ថិតនៅលើការកាប់គាស់ឆ្ការព្រៃទឹកដីថ្មី អោយក្លាយទៅជាស្រែចំការ ជាស្រុកភូមិថ្មី សំរាប់បង្កបង្កើតភោគផលសម្បត្ដិសង្គមជាតិ។ មុននឹងបានសំរេចជោគជ័យតាមការគ្រោងព្រះមហាក្សត្រ និង អ្នកដឹកនាំខ្មែរ បានជួយអុបត្ថម្ភប្រជាពលរដ្ឋ ដោយមានចែកទឹកចែកដី ទ្រព្យធនធាន សត្វពាហនៈគោក្របី ប្រដាប់ប្រដារអុបករណ៍កសិកម្ម និង ខ្ញុំកំដរទាសាទាសី។ សក្ខីភាពនេះ អាចបង្ហាញព្រះមហាក្សត្រ និង អ្នកដឹកនាំជាតិខ្មែរយល់អំពីជំរៅសេដ្ឋកិច្ច ដែលផ្អែកទាំងស្រុងទៅលើកសិកម្ម។ ដូច្នេះកំលាំងនគរ ស្ថិតនៅលើកសិកម្ម។ឯការស្ថាបនាជាតិស្ថិតនៅលើការស្ថាបនាកសិកម្ម។ ហើយការបែងចែកទឹកដីភូមិស្រុក ការជួយអុបត្ថម្ភ និងបញ្ជូនប្រជាពលរដ្ឋអោយទៅកាន់កាប់ រស់នៅលើទឹកដីថ្មី ក៏ជានយោបាយមួយយ៉ាងល្អដែរ ក្នុងការថែរក្សាការពារជាតិមាតុភូមិ។
ការកសាង និងស្នាដៃ
ព្រះបាទជ័យវរ្ម័នទី២ ទោះបីជាព្រះអង្គ មានបេសកកម្មធំត្រូវរំដោះជាតិក៏ដោយ ក៏ព្រះអង្គយកចិត្ដទុកដាក់ ខំរិះគិតរកមធ្យោបាយ រៀបចំទីក្រុងអោយបាននឹងន មានស្ថិរភាព និងមានការរីចំរើនដែរ។ ដូច្នេះហើយ បានជាព្រះអង្គរុះរើ លើកព្រះរាជធានីចុះឡើងៗ តែព្រះរាជធានីរបស់ព្រះអង្គស្ថិតនៅជានិច្ច តែក្នុងរង្វង់តំបន់បឹងទន្លសាប។ ដែលជាការចាប់ផ្ដើមកំនត់ទីតាំងព្រះរាជធានីនគរធំ រឺ មហានគរ ទៅក្នុងអនាគតកាល។ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គេពុំសូវឃើញមានការកសាងប្រាង្គប្រាសាទធំៗទេ។ ឯទីក្រុងព្រះរាជធានីផ្សេងៗ ដែលព្រះអង្គបានទៅតាំងទី ក៏មិនបានទុកនូវសំនៅអ្វីជាធំដុំ មានជាប់មកដល់បច្ចុប្បន្នដែរ។ ពីព្រោះសំនង់ទាំងនោះធ្វើអំពីឈើ រឺសំភារៈមិនសូវជាមាំមួន បុព្វហេតុនេះគឺបន្ដាលមកពីស្រុកមានសង្គ្រាម ព្រះអង្គគិតខំប្រឹងតែរៀបចំការតស៊ូ រំដោះជាតិពីអានានិគមជ្វាស្ទាវា។ ម្យ៉ាងទៀត សន្ដិសុខក៏ពុំទាន់មានជាស្ថាពរក្នុងនគរដែរ។
ប្រាសាទដែលសង់ក្នុងរាជព្រះអង្គមានជាអាទិ ៖
- ប្រាសាទរំចែង ត្រូបានកសាងនៅភ្នំកូលែន ក្នុគ្រាដែលព្រះរាជធានីបានរើទៅតាំងនៅទីនោះ។
- ប្រាសាទអកយំ ដែលស្ថិតនៅម្ដុំបារាយខាងលិច ត្រូវបានកសាងដោយអិដ្ឋ។
ក្រោយដែលបានទៅតាំងរាជធានីនៅភ្នំគូលែន រឺមហិន្រ្ទបរពត ព្រះបាទជ័យវរ្ម័នទី២ បានយាងត្រលប់មកគង់នៅឯរលួស ទីក្រុងចាស់ ហរិហរាល័យ ព្រះអង្គបានចូលទីវង្គតនៅទីក្រុងនេះ ក្នុងគ.ស ៨៥៤ ក្នុងព្រះជន្មប្រហែល៩០វស្សាព្រះអង្គជាព្រះមហាក្សត្រខ្មែរយ៉ាងធំមួយព្រះអង្គ នៅក្នុងប្រវត្ដិព្រះអង្គបានរំដោះជាតិពីនឹមជ្វា ព្រះអង្គបានបង្រួបបង្រួមប្រទេសកម្ពុជាអោយមានឯកភាព ហើយព្រះអង្គក៏ជាក្សត្រខ្មែរដែលបានស្ថាបនា កសាងទឹក ដីខ្មែរអោយធំធាត់មានកិត្យានុភាព ជាមហានគរដែរ។ ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គជាព្រះមហាក្សត្រមួយអង្គខ្លាំងពូកែ អង់អាចក្លាហាន ព្យាយាមតស៊ូ មានចិត្ដអំនត់ មានចំនេះវិជ្ជាជ្រៅជ្រះ មានប្រាជ្ញាភ្លឺថ្លាវាងវៃ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្រុកខ្មែរ និងកូនចៅជំនាន់ក្រោយ។
ព្រះមហាក្សត្រផ្សេងទៀត
ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤ - ៨៧៧)
ព្រះបាទជ័យវរ្ម័នទី៣ ជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី២ បានឡើងសោយរាជសម្បត្ដិនគរខ្មែរ បន្ទាប់ពីបិតាព្រះអង្គ។ ព្រះបរមរាជវាំង និង ព្រះរាជធានីស្ថិតនៅហរិហរាល័យដដែល។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានសំគាល់ឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់ទេ។ ប្រជាជនរស់នៅដោយសុខសន្ដិភាព។ សិលាចារឹក បានចារទុកមកថាព្រះអង្គមានតេជបារមីភ្លឺចាំងចែងដូចព្រះសុរិយា ព្រះអង្គមានសេចក្ដីក្លាហានអង់អាច ហើយបានពង្រីកទឹកដី កេរមរតកបិតាព្រះអង្គអោយរឹងរិតតែធំទូលាយ។ សិលាចារឹកដែល បន្ដទៅទៀតថា ព្រះអង្គចូលចិត្ដបរបាញ់សត្វនិងទាក់ដំរី។ព្រះបាទជ័យវរ្ម័ទី៣ បានចូលទីវង្គតក្នុងគ.ស.៨៧៧។ ព្រះអង្គពុំមានកូនប្រុស សំរាប់ស្នងរាជ បន្ដពីព្រះអង្គទេ។
នៅជុំវិញ បរិវេណរលួសព្រះអង្គបានសាងសង់ ប្រាសាទព្រៃមន្ទីរ ប្រាសាទត្រពាំងពង់ និងជណ្ដើរទីមួយនៃប្រាសាទបាគង។
ព្រះបាទអិន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ - ៨៨៩)
ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាក្សត្រដែលបានសោយរាជបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៣ ករណីការឡើងសោយរាជនេះគេពុំបានដឹងច្បាស់លាស់ទេ គេគ្រាន់តែដឹងថា ព្រះអង្គត្រូវបានព្រះរាជវង្សានុវង្ស ព្រមទាំងនាម៉ឺនមុខមន្ត្រី ជ្រើសរើសតែងតាំងជាព្រះមហាក្សត្រ។ ប៉ុន្ដែ គេអាចប៉ាន់ស្មានថា ព្រះអង្គបានព្រះរាជគ្រូព្រាហ្មណ៍ សិវសោមៈ ជា អ្នកជ្រោមជ្រែងជួយសំរួលក្នុងការឈោងយកឋានៈជាព្រះមហាក្សត្រ។ ព្រះរាជគ្រូសិវសោមៈ ត្រូវជាប់ជា បងប្អូននឹងព្រះបាទជ័យវរ្ម័នទី២។ ចំនែកព្រាហ្មណ៍ វាមសិវៈ ត្រូវជាចៅមីងរបស់ព្រាហ្មសិវកអិវលិយៈ ព្រះរាជគ្រូព្រះបាទជ័យវរ្ម័នទី២។ព្រះអិន្រ្ទវរ្ម័នទី១ មានជាប់ព្រះញាតិវង្ស នឹងព្រះបាទជ័យវរ្ម័នទី៣ដែរ ក្នុងឋានៈជាក្មួយ តែជាក្មួយឆ្ងាយ។ បិតាព្រះអង្គព្រះនាម ព្រះព្រិទ្ធិអិន្រ្ទវរ្ម័ន ជាកូនរបស់ប្អូនស្រី ព្រះរុទ្រ្ទវរ្ម័ន ព្រះអង្គគង់នៅរាជធានី ហរិហរាល័យ ឯរលួស។ក្រិត្យក្រមកំនត់ព្រះរាជវង្ស
ប្រហែលជាដើម្បីជៀសវាងតទៅអនាគត កុំអោយកើតមានបញ្ហាចោទ ក្នុងការឡើងសោយរាជសម្បត្ដិ កុំអោយមានការដន្ដើមអំនាចគ្នា ដែលជាប្រភពនៃជំលោះ នៃការបែកបាក់សាមគ្គី និងចំបាំងរវាងជាតិឯង ទើបបានជាព្រះបាទឥន្រ្ទវរ្ម័នទី១ រៀបអោយមានក្បួនខ្នាតក្រិត្យវិន័យក្នុងរង្វង់ក្រកូលក្សត្រ។ ក្រិត្យបញ្ជានោះមានកំនត់ថា ព្រះមហាក្សត្រ ជាប្រធានធំ លើព្រះរាជវង្សានុវង្សទាំងអស់។ ព្រះរាជវង្សស្ដេច ចែកចេញជាបីខ្សែ៖- សំដេចព្រះឧបយោវរាជ មានស្វេទឆ័ត្រ៦ជាន់
- ព្រះឧបរាជ មានស្វេទឆ័ត្រ៥ជាន់
- មាតាព្រះមហាក្សត្រ រឺបុត្រីច្បងព្រះមហាក្សត្រ មានស្វេទឆ័ត្រ ៤ជាន់
តាមធម្មតា គេតែងជ្រើសរើស ព្រះឧបរាជអោយឡើងធ្វើជាព្រះមហាក្សត្របន្ដរាជវង្ស។ ម្យ៉ាងទៀត សមាជិកនិមួយៗ របស់ព្រះរាជវង្ស មុននឹងរៀបការ ត្រូវតែមានសេចក្ដីសុខចិត្ដយល់ព្រមអនុញ្ញាត ពីព្រះមហាក្សត្រសិន។ចំនែកកូនស្ដេច ដែលហួសពីប្រាំដំណ គេហៅថាព្រះវង្ស។ ស្ដេចទាំងនេះ គ្មានសិទ្ធិនឹងទាមទារឡើងធ្វើជាព្រះមហាក្សត្រឡើយ។ ដូច្នេះដើម្បីរក្សាអោយមានសិទ្ធិ អាចនឹងឡើងសោយរាជ្យទៅថ្ងៃក្រោយ ស្ដេចព្រះវង្ស ត្រូវ ស្វះស្វែងរៀបការជាមួយស្ដេចអង្គណា ដែលមិនទាន់អស់សទ្ធិ។ ដោយសារបុព្វហេតុនេះ ទើបបានជាក្នុងចង្កោមព្រះរាជវង្សខ្មែរ គេសង្កេតឃើញស្ដេចខ្មែរ ច្រើនតែរៀបការជាមួយបងប្អូនឯង។
ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រមួយអង្គធំកំពូល ក្លាហានខ្លាំងពូកែ ក្នុងចំបាំងព្រះអង្គមិនដែលចាញ់ រឺ ដកឃ្លាថយឡើយ សិលាចារឹកនៅព្រះបាទ និង បាគង់ បានសរសេរបន្ដទៀតថា «ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រ ដែលប្រកបទៅដោយទសពិធរាជធម៌ ជាទីត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដ។ ព្រះអង្គមានគុណសម្បត្ដិគ្រប់យ៉ាងអិតមានខ្វះ ព្រះអង្គមានមហិទ្ធិរិទ្ធិអំនាចបីយ៉ាង ព្រះអង្គអាចយកជ័យជំនះឈ្នះលើរូបព្រះអង្គ ព្រះអង្គមិនដែលភ្លេចគោរពបូជាព្រះ ហើយព្រះអង្គបានការពារទឹកដីដូចជាម៉ានូ(១) ដោយស្គាល់ដឹងយល់អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ។ ព្រះបាទជ័យវរ្ម័នទី១ បានចូលទីវង្គតក្នុងគ.ស ៨៨៩ នៅរាជធានី ហរិហរាល័យ។
- ១ = ម៉ានូ ជាតួអង្គមួយសំខាន់ណាស់ នៅក្នុងព្រាហ្មណ៍សាសនា គឺជាតួអង្គដែលទទួលច្បាប់បញ្ញាតិពីព្រះអាទិទេព យកមកអោយមនុស្សលោកអនុវត្តប្រតិបត្ដិតាម។ ព្រះព្រហ្មណ៍បានបង្កបង្កើតពីពិភពលោក និង ផ្ដល់ជីវិតដល់ម៉ានូ ម៉ានូបានទទួលធម្មសាស្រ្ដ ពីព្រះព្រហ្ម។ ហើយបន្ទាប់មក គឺម៉ានូនេះជាអ្នកបង្កើតម៉ានូ និង ព្រាហ្មណ៍
ការកសាងនិងស្នាដៃ
កាលបើឡើងសោយរាជភ្លាម ក្នុងគ.ស ៨៧៩ ការតព្វកិច្ចដំបូងរបស់ព្រះអង្គគឺកសាងប្រាសាទ និង រៀបចំព្រះរាជធានី ហរិហរាល័យ នៅរលួស ប្រាង្គប្រាសាទដែលព្រះអង្គសាងសង់មាន៖- ប្រាសាទព្រះគោ ដែលមានកំពូលទាំងអស់៦ ត្រូវបានសង់មុនគេ ក្នុងគ.ស.៨៧៩ ដើម្បីទុកជាទីសក្ការៈបូជានៅខាងក្នុង ព្រះអង្គបានតំកល់លិង្គព្រះអិសូរ ព្រះបដិមាករតំនាងព្រះអិសូរ និង ព្រះនាងឧបមា មហេសីព្រះអិសូរ ដែលមានរូបរាងមុខមាត់ ដូចនឹងជីដូនជីតាព្រះអង្គខាងម្ដាយ និង ដូចព្រះបាទជ័យវរ្ម័នទី២ និង អគ្គមហេ
- ប្រាសាទបាគង់ ជាប្រាសាទមួយទៀត ដែលព្រះអង្គបានកសាង លើទីកន្លែងជិតនោះដែរ ក្នុងគ.ស ៨៨១។
- បារាយលលៃ ស្ថិតនៅក្នុងគោលគំនិត នយោបាយទឹក ដែលជីកព្រែកស្រះ បឹងត្រពាំង នៅតាមភូមិស្ថានគ្រប់ទិស
0 comments:
Post a Comment