Thursday, July 22, 2010

កម្ពុជាចុងសម័យអង្គរ


ស្ថានភាពប្រទេស ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ចូលទិវង្គតទៅ ស្ថានភាពព្រះរាជាណាចក្រកម្ពុជាធ្លាក់ចុះបន្តិចៗម្ដង ដែលបណ្ដាលមកពី៖ 

សង្គ្រាមជាមួយសៀម

បន្ទាប់ពីបានក្លាយទៅជាប្រទេសមក ស្ដេចសៀមគ្រប់អង្គតែងមានគំនិតយកទឹកដី និងដាក់ប្រទេសកម្ពុជាជាចំណុះ។ សង្គ្រាមជាមួយសៀមម្ដងៗ មិនត្រឹមតែបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ និងជីវិតប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញសេដ្ឋកិច្ចខ្មែរសល់ឫសគល់ទៀតផង។ 

កំហូចប្រព័ន្ធធារាសាស្ត្រ

នៅជុំវិញទីក្រុងអង្គរប្រព័ន្ធធារាសាស្ត្រជានយោបាយយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់យក


ទឹកមកប្រើប្រាស់ក្នុងទីក្រុង និងស្រោចស្រពដីស្រែរាប់ម៉ឺនហិចតា។ ក្រោយសង្គ្រាមជាមួយសៀម បារាយណ៍ទាំងនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់។ ផ្សេងពីនេះ គ្រោះធម្មជាតិបានធ្វើឲ្យប្រព័ន្ធធារាសាស្ត្រខ្មែរខូចខាតមិនអាចជួសជុលបាន។

ការបាត់បង់កម្លាំងពលកម្មនៃប្រជាករ

សម័យមហានគរ កម្ពុជាមានប្រជាជនប្រហែល២០លាននាក់។ ក្រុងអង្គររឹងមាំដោយសារប្រជាជនបណ្ដាខេត្តខាងលិច និងខាងជើងច្រើនកុះករ និងអំណោយផលនៃកសិកម្មទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញក្រុងអង្គរ ប្រជាជនប្រកបរបរផ្សេងៗ មានកសិកម្ម សិប្បកម្មនេសាទ បរបាញ់ ប្រមូលរុក្ខផលព្រៃឈើ ជ័រ វល្លិ ... ។ ប្រជាជនភាគច្រើនធូរធារ និងមានសុខភាពមាំមួន។ ក្រោយសង្គ្រាមសៀមឈ្លានពាន ដែនដីខាងលិច និងខាងជើងរបស់យើង ត្រូវបាត់បង់ជាមួយប្រជាជនរាប់លាននាក់។ ប្រជាជនដែលសេសសល់ ត្រូវទទួលរងគ្រោះទុរភិក្ស និងជម្ងឺឆ្លង។ ជុំវិញទីក្រុងអង្គរ និងបណ្ដាខេត្តជិតៗនោះ ក្លាយទៅជាតំបន់រហោស្ថានស្ងាត់ជ្រងំ ដោយសាររោគរាតត្បាត និងគ្រោះទុរ្ភិក្ស ដែលបណ្ដាលពីទឹកជំនន់ និងការរាំងស្ងួត។

ចំណាកចំណោលអង្គរ

ចំណាកចំណោលអង្គរ កើតឡើងក្រោយពីយកជ័យជំនះបានលើពួកសៀមឈ្លានពាន។ ពេលពួកសៀមដកថយទៅ ទីក្រុងអង្គរគ្មានសេសសល់អ្វីទេ សម្បត្តិទ្រព្យដែលមានទាំងប៉ុន្មាន ត្រូវពួកសៀមប្រមូលយកអស់។ ប្រជារាស្ត្រអង្គរត្រូវសៀមកៀរយកអស់ជាច្រើន។ ខ្លះក៏ភៀសខ្លួនមកភាគខាងត្បូង។ ការបោះបង់ទីក្រុងចាស់ ហើយទៅនៅតំបន់ភូមិភាគខាងត្បូងនៃប្រទេស គឺជាការកសាងជីវភាពថ្មីនៃជនជាតិខ្មែរ ក្រោមការដឹកនាំនៃព្រះបាទពញាយ៉ាត។ ភូមិភាគខាងត្បូងនៃរាជាណាចក្រកម្ពុជា ពុំបានរងគ្រោះដោយសង្គ្រាមឈ្លានពានពីពួកសៀមទេ។ តំបន់នេះបានផ្ដល់កម្លាំងកាយចិត្ត ស្បៀងដល់កងទ័ពរបស់ព្រះបាទពញាយ៉ាតក្នុងសម័យរំដោះប្រទេសពីពួកសៀមឈ្លានពាន។


0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ