Thursday, July 22, 2010

កម្លាំងចិត្តដ៏មុះមុត

កម្លាំងចិត្តដ៏មុះមុត


ធម្មជាតិសាងទាំងមនុស្សនិងសត្វ ឲ្យតស៊ូឧបសគ្គ ឲ្យបញ្ចេញកម្លាំងមានៈព្យាយាម បើមិនដូច្នោះទេក៏មិន
អាចទ្រទ្រង់រក្សាជីវិតនៅបាន។ សត្វត្រីត្រូវតែហែលបញ្ច្រាស់ទឹក ទើបស្វែងរកចំណីបាន​ មនុស្សយើងក៏គួរ
គប្បីប្រព្រឹត្តទៅដូចថ្នោះដែរ ។ យើងនឹងមានជីវិតរស់នៅបាន ក-រាង្គសាងឋានៈរបស់យើងបាន នឹងចរណៃ
អនាគតឡើងបាន យើងចាំបាច់ត្រូវតស៊ូជាមួយនឹងឧបសគ្គ។ ជីវិតដែលមិនធ្លាប់ប្រឈមមុខជាមួយឧបសគ្គ
​គ្មានថ្ងៃនឹងបានទទួលនៅភាពរីកចម្រើនឈានមុខសូម្បីម្យ៉ាង។ ខ្លែងដែលនឹងឡើងខ្ពស់បាន ក៏ព្រោះវាច្រាស់
ខ្យល់ ឯខ្លែងដែលអណ្តែតទៅតាមខ្យល់ ក៏គឺខ្លែងដែលដាច់ខ្សែហើយនោះឯង។

កម្លាំងចិត្តក្នុងកិច្ចការងារ បានដល់ការឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស សេចក្តីឧស្សាហ៍ព្យាយាមជាកម្លាំង
ចិត្តដ៏សំខាន់ម្យ៉ាង ចំណែកសេចក្តីខ្ជិលច្រអូស ជាសញ្ញាសំគាល់ដ៏ច្បាស់លាស់ នៃការខ្វះខាតកម្លាំងចិត្ត។

ធម្មជាតិសាងមនុស្សឲ្យឧស្សាហ៍ព្យាយាម យើងអាចឃើញបានថាក្មេងដែលកើតមក ពេលវាចេះក្រឡាប់
ផ្កាប់ផ្ងាចេះលូនចេះវាចេះដើរតតេះតតះភ្លាមក៏នៅមិនសុខ យើងហៅព្រឹត្តិកម្មនេះថា “រពឹស” តែការពិតគឺជា
រឿងដែលធម្មជាតិសាងមកឲ្យមនុស្សមានភាពឧស្សាហ៍ព្យាយាមនោះឯង។

អនាគតរបស់មនុស្សប្រៀបបាននឹងផ្ទៃមហាសមុទ្រ្ទដ៏ធំធេង ការប្រឈមមុខជាមួយអានាគតប្រដូចការដែល
យើងចេញនាវាដ៏តូចមួយទៅកាន់មហាសាគរនោះឯង បើយើងមិនមានចំណេះដឹងក្នុងរឿងជីវិតគ្រប់គ្រាន់ទេ
នោះ យើងក៏នឹងស្ថិតនៅក្នុងលក្ខណពីរប្រការ ទីមួយគឺប្រមាទ គិតថាមិនលំបាកអ្វី ហើយក៏ចេញទៅប្រឈម
ជីវិតដោយមិនបានយល់ជ្រាបហេតុការណ៍ឲ្យគ្រប់ជ្រុងជ្រោយ។ មួយទៀតនោះគឺ រួញរា មិនមានៈព្យាយាម
ក្នុងការតស៊ូប្រឈមមុខជាមួយអានាគត មានជីវិតនៅគ្រាន់តែរងចាំក្តាមឈូសពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះ
ទាំងពីរប្រការនេះមុខតែពន្លិចនាវាជីវិតឲ្យលិចលង់ទៅជាមួយគ្នាមិនខាន។

វាជាការពិតដែលថា យើងមិនអាចឆ្លងកាត់ជីវិតទៅបានដោយប្រាសចាកសេចក្តីទុក្ខលំបាកលំបិន ដោយមិន
ភបប្រសព្វការដួលរលំ ឫត្រូវធ្លាក់នៅក្នុងអន្លង់នៃសេចក្តីត្រាកត្រាំ តែគ្រប់បែបយ៉ាងរមែងមានជាគូរគ្នា ក្នុង
វេលាថ្ងៃត្រង់ដែលមានពន្លឺព្រះអាទិត្យដុតរោលយ៉ាងក្តៅងំ ក៏នៅមានស្រមោលម្លប់យ៉ាងត្រជាក់ត្រជុំ អន្លង់ទុក្ខ
ក៏ដូចអន្លង់ទឹក ការដែលយើងធ្លាក់ទៅក្នុងអន្លង់នៃសេចក្តីទុក្ខលំបាក ក៏ដូចដែលយើងធ្លាក់ទៅក្នុងទឹក បើយើង
មិនចេះហែលទឹក យើងក៏ត្រូវស្លាប់ តែបើយើងមានកម្លាំងនិងចេះហែលទឹក ព្យាយាមហែលត្រឡប់មកវិញបាន
រាង្គកាយរបស់យើងអាចបរិសុទ្ធស្អាតទៀតផង ព្រោះទឹកនឹងជួយលាងជម្រះរបស់ស្មោគគ្រោកដែលប្រឡាក់
ប្រឡូសក្នុងខ្លួនយើងឲ្យអស់ទៅ យើងក៏នឹងក្លាយជាមនុស្សបរិសុទ្ធស្អាត ហើយអាចចាប់ផ្តើមជីវិតថ្មីបានយ៉ាង
រាបរយ។

មានមនុស្សមិនតិចទេដែលយល់ខុសគិតថា បើបានសម្តែងសេចក្តីទុក្ខសោកក្តៅក្រហាយឲ្យគេឃើញ គេនឹង
អាណិតអាសូរ ហើយផ្តល់ការជួយសង្គ្រោះ តែការពិតមិនមែនដូច្នោះឡើយ ព្រោះមនុស្សដែលមានសេចក្តីទុក្ខ
ក្តៅក្រហាយ ជាមនុស្សទន់ខ្សោយក្នុងខ្លួនឯង គ្មាននរណាចង់ជួយសង្គ្រោះ ព្រោះជួយទៅក៏គ្មានប្រយោជន៍អ្វី។

ជីវិតមនុស្សយើងមានសេចក្តីលំបាកឧបសគ្គនៅជុំវិញ ការដំណើរជីវិតទៅគ្រប់ជុំហាន ត្រូវឆ្លងកាត់របាំងជីវិត
ជារឿយៗ ជាការចាំបាច់ណាស់ដែលយើងត្រូវលាក់បំបាំងសេចក្តីទុក្ខអន់ទន់ខ្សោយរបស់យើង ព្រោះមធ្យោបាយ
មួយដែលអាចយកឈ្នះឧបសគ្គ ឈ្នះសត្រូវគូប្រជែងបាន ក៏ត្រូវបញ្ជាក់ឲ្យឃើញថា សម្បូរបែបទាំងកម្លាំងកាយ
កម្លាំងចិត្ត ហើយនឹងកម្លាំងគំនិត ការបញ្ចេញភាពទន់ខ្សោយនឹងទទួលបរាជ័យយ៉ាងពិតប្រកដ។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ