Thursday, July 22, 2010

មានតែខ្មែរទេដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ពុទ្ធបរិស័ទ ទាំងនេះ កំពុងបង្សុកូលឧទ្ទិសកុសលដល់ញាតិការពួកគាត់ដែលចែកស្ថានទៅ ។បុណ្យ កាន់បិណ្ឌត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះហៅថា “បុណ្យភ្ជុំបិណ្ឌ”ខ្លះហៅ ថា “បុណ្យកាន់បិណ្ឌ” និង “បុណ្យដាក់បិណ្ឌ”ហើយនៅតំបន់ខ្លះហៅថា “បុណ្យដូនតា”។វចនានុក្រម ខ្មែររបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ទំព័រ៣៣៧ បញ្ជាក់ច្បាស់ថា បុណ្យនេះហៅឈ្មោះថា “បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ឬ ហៅថា កាន់បិណ្ឌ ឬ ដាក់បិណ្ឌ ក៏បាន” ។បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកនិកាយថេរវាទនៅប្រទេសកម្ពុជាហើយបុណ្យ នេះមិនមានធ្វើនៅប្រទេសដែលគោរពរាប់ អានព្រះពុទ្ធសាសនាថេរវាទដទៃដូចជាប្រទេសថៃឬភូមា ឡើយព្រោះវាមិនមែនជាបុណ្យនៅក្នុវិន័យបញ្ញត្តិ ។ បុណ្យនេះ ត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើង រៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោចដល់ថៃ្ង១៥រោចខែភទ្រ បទ(ចន្លោះខែកញ្ញា )។ ប្រជាពុទ្ធសាសនិក ខ្មែរ ធ្វើបុណ្យនេះដោយការយកទេយ្យទានផ្សេងៗមានអាហារជាដើម ទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សា រយៈពេល១៥ថៃ្ងគត់។ ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះ កិច្ចានុកិច្ចប្រចាំថៃ្ង និង ដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុម ៗ ដាក់វេណគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ងចាប់ពីថៃ្ង១ រោចដល់ថៃ្ង១៤ រោចខែភទ្របទ ហើយអោយឈ្មោះថា “វេណទី១….វេណទី១៤”។ រយៈពេល១៤ ថៃ្ងនេះ អោយ ឈ្មោះថា“បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ” ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិក ពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បីបញ្ចប់ បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះ ថា “ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ” ។
បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ
១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែល
មាន ភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។
ហេតុនេះបុណ្យកាន់ បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់
អ្នកបួសក្នុង ព្រះពុទ្ធសាសនា។

២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវ
សាមគ្គីភាពនិង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល។ គេជឿថាគេអាចរួមចំណែកដ៏
សំខាន់និង យ៉ាងសាមញ្ញក្នុងការស្វែងរកភាពចុះ សម្រុងគ្នាតាំងពីថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបា
នតាមរយៈបុណ្យកាន់បិណ្ឌឬ បុណ្យដាក់បិណ្ឌនេះ។ ដោយសារតាមរយៈបុណ្យនេះ ពួកមនុស្ស
ដែល មកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា
សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នាបរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់
និង រកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត
និងតួនាទី ការងារប្រចាំថ្ងៃនៃបុគ្គល និងបុគ្គល គ្រួសារ និងគ្រួសារឬ សហគមន៍មួយ និងសហគមន៍ ផ្សេង ដោយមានចាស់ព្រឹទ្ធាចារ្យអាចារ្យ គណៈកម្មការ ឬ ព្រះសង្ឃ ជាអ្នកសំរបសំរួលដោយ យក ធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបាន កំណត់ពេល វេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈ ពេលដូចគ្នាប្លែកពី បុណ្យផ្សេងៗមួយចំនួនដូចជាបុណ្យបំបួសកុលបុត្រជាដើមដែលគេ អាចធ្វើនៅពេលណាក៏បាន។

៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត)ដែលបានលាចាកលោកនេះទៅហើយ។
ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថាបុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាល
មកម្ល៉េះប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា
“បុណ្យបវរណាបច្ច័យបួន ឬបុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ” ដែលពុទ្ធបរិស័ទទាំងឡាយ
នាសម័យនោះមាននាងវិសាខា និងមហាសេដ្ឋី ឈ្មោះ អនាថបណ្ឌិកជាដើម ធ្វើឡើងរយៈពេល៣
ខែគត់ គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា។ នៅប្រទេសកម្ពុជាយើងមិនបានដឹង
ច្បាស់ហើយក៏មិនទាន់ចុះសម្រុងគ្នាថា បុណ្យនេះត្រូវបាន ធ្វើឡើងតាំងពីសម័យណាមកទេប៉ុន្តែគេ
អាចឃើញមានការលេចចេញជារូបរាងពេញលេញជាផ្លូវការនៃបុណ្យ នេះឡើងនៅក្នុងសម័យព្រះ បាទហរិរក្សរាមាធិបតី អង្គឌួង ព.ស ២៣៩១-២៤០៤ គ.ស ១៨៤៨-១៨៥៩ (រាជពង្សាវតាកម្ពុជា) ។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ