Thursday, July 22, 2010

កម្ពុជាសម័យអាណានិគម




ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង អស់​ជិត​មួយ​សតវត្ស​ដោយ​គិត​ចាប់ពី​ឆ្នាំ ១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៥៣​។

ការ​មកដល់​នៃ​អំណាច​បារាំង

នៅ​ឆ្នាំ ១៨៦២ បន្ទាប​ពី​ដំណើរ​របស់​ឧត្ដមនាវី​បូណា (ទេសាភិបាល​បារាំង​ប្រចាំ​ក្រុងព្រៃនគរ) មក​កម្ពុជា បារាំង​យល់ថា ភូមិសាស្ត្រ​អាច​ឱ្យ​បារាំង​បង្កើត​មូលដ្ឋាន​បន្ត​ដំណើរ​ទៅ​កាន់កាប់​ទិស​ឧត្ដរ និង​បស្ចិម​នៃ​ឥណ្ឌូចិន ព្រមទាំង​អាច​បង្កើត​របាំង​ខណ្ឌ​ដែនដី ដែល​កាន់កាប់​ដោយ​បារាំង និង​អង់គ្លេស​នៅ​ឥណ្ឌូចិន​។ បារាំង​ឱ្យ​លោក ឡាក្រង់ឌីយែ មក​ចរចា​បញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦០-១៩០៤) ឱ្យ​យល់ព្រម​ចុះ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ស្ដីពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣​។ ប្រទេស​សៀម ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សន្ធិសញ្ញា​នេះ ហើយ​ធ្វើការ​គំរាមកំហែង ព្រះបាទនរោត្ដម​ ដោយ​មិន​ព្រម​ប្រគល់​មកុដរាជ្យ និង​គ្រឿង​រាជកកុធភណ្ឌ​មក​ថ្វាយ​ព្រះអង្គ​វិញ​ទេ​។ ពួក​មន្ត្រី​ខ្មែរ​ដែល​មាន​និន្នាការ​លំអៀង​ទៅ​ខាង​សៀម​បាន​ទាក់ទាញ ព្រះបាទនរោត្ដម ឱ្យ​វិល​មក​រក​សៀម​វិញ​។ ប៉ុន្តែ បារាំង​បាន​ប្រឆាំង​តប​វិញ ដោយ​បញ្ជូន​កប៉ាល់​ប្រាំ​គ្រឿង និង​ទាហានជើងទឹក ១០០​នាក់ ឡើង​មក​កាន់​រាជធានីឧត្ដុង្គ និង​ទីក្រុងភ្នំពេញ​។


បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​ឱ្យ​ទៅ​សៀម និង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សៀម ស្ដីពី​ពិធី​រាជាភិសេក​ព្រះបាទនរោត្ដម​ជា​ព្រះមហាក្សត្រ​ពេញលក្ខណៈ​នៅ​រាជធានីឧត្ដុង្គ នា​ថ្ងៃ ៣ កក្កដា ១៨៦៤​។ មកដល់​ឆ្នាំ ១៨៦៧ ទើប​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​ប្រទេស​បារាំង ក្នុង​ការ​ដាក់​របប​អាណាព្យាបាល​មក​លើ​កម្ពុជា​។


ការត្រួតត្រា​របស់​បារាំង

ដំណាក់ទី១

បារាំង បាន​ប្រកាន់យក "វីធីត្រជាក់" ក្នុង​ការត្រួតត្រា​កម្ពុជា​ អស់​ពេល​ដ៏​យូរ​។ ចាប់តាំងពី​ឆ្នាំ ១៨៦៣​មក ព្រះមហាក្សត្រខ្មែរ បាន​ចុះ​ព្រះហស្តលេខា​លើ​លើ​ក្រឹត្យ ឬ​សេចក្ដីប្រកាស​ជាច្រើន ដែល​សុទ្ធតែ​ផ្ដល់​ចំណេញ​ដល់​បារាំង​ទាំងអស់​។ ឃើញ​យ៉ាង​នេះ ព្រះមហាក្សត្រ​បាន​ឱ្យ​មនុស្ស​ជំនិត​របស់​ព្រះអង្គ​បង្ក​ការបះបោរ​ដើម្បី​ការពារ​ព្រះមហាក្សត្រ​។

ដំណាក់ទី២

នៅ ​យប់​ថ្ងៃ​ទី ១៧ មិថុនា ១៨៨៤ ទេសាភិបាល​បារាំង​ម្នាក់​ឈ្មោះ​តុម សុន បាន​បញ្ជា​ទាហាន​មួយ​ក្រុម និង​កប៉ាល់ចម្បាំង​ឈ្មោះ "អាឡូអែត" ឡោមព័ទ្ធ​ព្រះរាជវាំង ហើយ​គំរាមកំហែង​ព្រះបាទនរោត្ដម​ឱ្យ​ចុះ​ព្រះហស្តលេខា​លើ​កិច្ចព្រមព្រៀង​មួយ ​ដែល​មាន​មាត្រា​ខ្លះៗ ដូចជា​៖


  • ចៅហ្វាយខេត្ត​ទាំងអស់​ត្រូវ​នៅ​ក្រោម​ការត្រួតត្រា​របស់​ទេសាភិបាល​បារាំង​។

  • ខេត្ត​ដែល​ពីមុន​មក​មាន​ចំនួន ៥៧ ត្រូវ​បង្រួម​មក​ត្រឹម ៥០ ហើយ​មាន​ចែក​ជា​ស្រុក និង​ឃុំ​។

  • មហាក្សត្រ និង​រាជវង្ស ទទួល​ប្រាក់ខែ អំពី​រដ្ឋបាល​បារាំង​។

  • ពន្ធ​ទាំងអស់ ត្រូវ​ធ្លាក់​ក្នុង​អំណាច​បារាំង​។

  • រាជធានីភ្នំពេញ ត្រូវ​ស្ថិត​នៅ​ក្រោម​ការត្រួតត្រា​របស់​ទេសាភិបាល​ជាន់ខ្ពស់​របស់​បារាំង​។ ទេសាភិបាល​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ដែល​មាន​សមាសភាព ១២​រូប ក្នុង​នោះ​ជនជាតិ​បារាំង ៦​រូប ខ្មែរ ៣​រូប និង​យួន ៣​រូប​។

មកដល់ ​ឆ្នាំ ១៨៨៧ បារាំង​ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​ចុះ​ព្រះហស្តលេខា​លើ​រាជក្រឹត្យ​មួយ​ មានន័យថា ព្រះមហាក្សត្រ​សោយរាជ្យ ប៉ុន្តែ​មិន​ត្រួតត្រា​ទេ​។

ដំណាក់ទី៣

នៅ​ខែ តុលា ឆ្នាំ ១៨៨៧ បារាំង​បាន​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​សហភាព​ឥណ្ឌូចិន​បារាំង​មានន័យថា កម្ពុជា ជា​ដែនដី​មួយ​ចំណែក​របស់​បារាំង គឺជា​ប្រទេស​មួយ​ដែល​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម និង​វត្ថុធាតុដើម​សម្រាប់​ប្រទេស​បារាំង​ ។ សន្ធិសញ្ញា​បារាំង-សៀម​នា​ឆ្នាំ ១៩០៤ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដែនដី​ម្លូព្រៃ ទន្លេរពៅ និង ព្រះវិហារ​។ ប៉ុន្តែ​សន្ធិសញ្ញា​ឆ្នាំ ១៩០៧ គឺ​ក្នុង​រាជ្យ​ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេស​កម្ពុជា​បាន​ទទួល​ខេត្តបាត់ដំបង និង​សៀមរាប​មកវិញ​។


ស្ថានភាព​ប្រជាករ​កម្ពុជា ក្នុង​សម័យ​អាណានិគម

បារាំង ​បាន​ជំរិត​ទារពន្ធដារ​យ៉ាង​ធ្ងន់ធ្ងរ​។ មាន​តាំងពី​ពន្ធ​មនុស្ស ពន្ធដី​ពន្ធ​លំនៅ ពន្ធ​សត្វពហនៈ ពន្ធ​យានជំនិះ ពន្ធ​របរ​អាជីវកម្ម -ល-។ ដើម្បី​បង់ពន្ធ​ជា​ប្រាក់​កាស​ឱ្យ​បារាំង កសិករ​បាន​ខិតខំ​ពង្រីក​ដំណាំ​ឧស្សាហកម្ម​មាន​កៅស៊ូ​ជាដើម ព្រមទាំង​ពង្រីក​ដំណាំ​ដទៃ​ទៀត​មាន​ស្រូវ ពោត សណ្ដែក -ល-។ ប៉ុន្តែ​ទិន្នផល​ដំណាំ​មិន​សូវ​ល្អ​ទេ​។ ផល​ស្រូវ​ក្នុង​មួយ​ហិចតា​បាន​ត្រឹមតែ​ពី ១​តោន ដល់ ១.២​តោន​ប៉ុណ្ណោះ​។ ដូចនេះ​ហើយ​កសិករ​ក្រីក្រ ក៏​ក្លាយទៅជា​អ្នក​ជាប់​បំណុល​ពួក​ឈ្មួញ​កណ្ដាល និង​ឈ្មួញ​បរទេស​។ ចំណែក​ការប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​ណាស់​គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០% ក្នុង​មួយ​ឆ្នាំ​។

ដើម្បី​ឱ្យ​ងាយ​ក្នុង​ការ​កសាង​មនុស្ស​សម្រាប់​បម្រើ​ការ​ឱ្យ​រដ្ឋការ អាណាព្យាបាល​បារាំង​បាន​បង្កើត​ឱ្យ​មាន​គ្រឹះស្ថានសិក្សា​ខ្លះៗ​ដូចជា​៖

  • សាលាបឋមសិក្សា​៖ ឆ្នាំ ១៩១១ មាន​សាលា ៣០ នៅ​ឆ្នាំ ១៩៣៧ មាន ៨១៣ ។

  • សាលាមធ្យមសិក្សា ​៖ នៅ​ឆ្នាំ ១៩១១ មាន​អនុវិទ្យាល័យ​ស៊ីសុវត្ថិ​មួយ​។ នៅ​ឆ្នាំ ១៩៣៥ អនុវិទ្យាល័យ​នេះ​ត្រូវ​បាន​បង្កើត​ឱ្យ​ទៅ​ជា​វិទ្យាល័យ​ស៊ីសុវត្ថិ។

  • សាលា​បច្ចេកទេស​៖ ឆ្នាំ ១៩១៧ មាន​សាលា​អប់រំ​បច្ចេកទេស ខាង​សិល្បៈ និង​សិប្បកម្ម​មួយ គឺ​សាលារចនា​។


ចលនា​បះបោរ ក្នុង​សម័យ​អាណានិគម

ដោយសារ ​តែ ការ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋការ​អាណាព្យាបាល​បារាំង​ពី​សំណាក់​ប្រជារាស្ត្រ ​ខ្មែរ​ទូទៅ និង​ជាពិសេស​ពី​សំណាក់​ពួក​បញ្ញវន្ត​ខ្មែរ​ខ្លះ ទើប​បណ្ដាល​ឱ្យ​មាន​ផ្ទុះឡើង នូវ​ចលនា​បះបោរ​ប្រឆាំង​បារាំង​កើតមាន​ជាបន្តបន្ទាប់​ដូច​ខាង​ក្រោម​៖

ចលនា​បះបោរ​របស់​អាចារ្យ​ស្វា

ចលនា​បះបោរ​របស់​អាចារ្យ​ស្វា (១៨៦៤-១៨៦៦) ៖ កងទ័ព​អាចារ្យ​ស្វា បាន​ធ្វើការ​វាយលុក​ចូល​កាន់កាប់​ខេត្តទ្រាំង (កំពត តាកែវ) រួច​បន្ត​ដំណើរ​មកកាន់​ក្រុងភ្នំពេញ​។ កងទ័ព​ព្រះបាទនរោត្ដម ដោយ​មាន​ជំនួយ​ពី​កងទ័ព​បារាំង​បាន​វាយ​កម្ទេច​ចលនា​របស់​អាចារ្យ​ស្វា ហើយ​ចាប់​អាចារ្យ​បញ្ជូន​ទៅ​ឃុំ​នៅ​លើ​កោះ​អង់ទី កណ្ដាល​មហាសមុទ្រ​។


ចលនា​បះបោរ​របស់​ពោធិកំបោរ

ចលនា ​បះបោរ​របស់​ពោធិកំបោរ (១៨៦៥-១៨៩១) ៖ កង​កម្លាំង​ពោធិកំបោរ​មាន​អ្នក​ចូលរួម​ប្រហែល​មួយ​ម៉ឺន​នាក់​។ ចលនា​នេះ​ធ្វើសកម្មភាព​នៅ​ព្រំដែន​ឡាវ តាម​តំបន់​សងខាង​ទន្លេមេគង្គ និង​នៅ​តំបន់​ចន្លោះ​ទីក្រុងឧត្ដុង្គ និង​ភ្នំពេញ​។ នៅ​ខែ មករា ១៨៦៧ កងទ័ព​ពោធិកំបោរ បាន​បរាជ័យ​នៅ​ជាយ​ក្រុងភ្នំពេញ​។ ពោធិកំបោរ​បាន​ទៅ​ពួន​នៅ​កំពង់ស្វាយ រួច​ត្រូវ​កងទ័ព​បារាំង​ចាប់ ហើយ​សម្លាប់​យក​ក្បាល​មក​ដោត​នៅ​ក្រុងឧត្ដុង្គ នៅ​ខែ ធ្នូ ឆ្នាំ ១៨៦៧​។


ចលនា​បះបោរ​របស់​ស៊ីវត្ថា

ចលនា​បះបោរ​របស់​ស៊ីវត្ថា (១៨៦១-១៨៩១) ៖ ស៊ីវត្ថា ជា​បុត្រ​ទីបី​របស់​ព្រះបាទអង្គឌួង​ ។ ចលនា​ស៊ីវត្ថា បាន​បង្ក​ការលំបាក​យ៉ាង​ច្រើន​ដល់​ព្រះមហាក្សត្រ និង​ពួក​អាណាព្យាបាល​បារាំង​។ ពី​ឆ្នាំ ១៨៦១ ដល់ ១៨៦២ កងកម្លាំង​ស៊ីវត្ថា​ចូល​កាន់កាប់​រាជធានី​ឧត្ដុង្គ​។ ព្រះបាទនរោត្ដម ភៀសខ្លួន​តៅ​ប្រទេស​សៀម ហើយ​យាង​ត្រឡប់មកវិញ បន្ទាប់ពី​ចលនា​បះបោរ​ត្រូវ​បាន​វាយ​បង្ក្រាប​វិញ​នៅ​ឆ្នាំ ១៨៦២​។ ស៊ីវត្ថា​រត់​រួច ហើយ​ទៅ​កទ័ព​ធ្វើការ​បះបោរ​បន្ត​ទៀត​។ នៅ​ឆ្នាំ ១៨៨៥ ព្រះមហាក្សត្រ និង​រាជការ​អាណានិគម សាកល្បង​ធ្វើការ​ចរចា​ជាមួយ​ស៊ីវត្ថា តែ​ស៊ីវត្ថា​មិនព្រម​ទទួល​លក្ខខណ្ឌ​ហើយ​បន្ត​ធ្វើការ​បះបោរ​ទៀត​។ នៅ​ឆ្នាំ ១៨៩១ ស៊ីវត្ថា​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​។ ចលនា​របស់​ស៊ីវត្ថា ក៏​រលំរលាយ​ត្រឹមនេះ​។

ចលនាតស៊ូ​របស់​ក្រឡាហោម​គង់

ចលនាតស៊ូ ​របស់​ក្រឡាហោម​គង់ (១៨៨៥-១៨៨៦) ៖ កងទ័ព​របស់​ក្រឡាហោម​គង់​ប្រយុទ្ធ​រំដោះ​ខ្លួន​ពី​អំពើ​ជិះជាន់​របស់​ពួក​ អាណាព្យាបាល​។ ចលនា​នេះ​មាន​ការ​គាំទ្រ​អំពី​កសិករ ជនជាតិ​ចិន​មួយ​ចំនួន និង​ព្រះសង្ឃ​។ នៅ​ឆ្នាំ ១៨៨៦ បារាំង​បាន​ធ្វើ​ល្បិច​អញ្ជើញ​ក្រឡាហោម​គង់ មក​ធ្វើការ​ចរចា រួច​ចាប់​លោក​ចង​ផ្អោប​បំពង់ផ្សែង​កប៉ាល់ រហូត​ទទួលមរណភាព​។


ចលនាតស៊ូ​របស់​ពិស្ណុលោក​ឈូក

ចលនាតស៊ូ ​របស់​ពិស្ណុលោក​ឈូក (១៨៨៥-១៨៨៦) ៖ ក្រុម​របស់​ពិស្ណុលោក​ឈូក បាន​រួបរួម​ជាមួយ​ក្រុម​របស់​ក្រឡាហោម​គង់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អាណាព្យាបាល​ធ្វើ​ឱ្យ​កងទ័ព​បារាំង មាន​ការខូចខាត​ជា​ដំណំ​។ នៅ​ពេល​ធ្វើដំណើរ​មក​ចូលរួម​កិច្ចចរចា​តាម​សំណើ​ពួក​បារាំង លោក​បាន​ត្រូវ​គេ​លួច​ធ្វើឃាត​។

កម្ពុជា​ចុង​សម័យ​អាណានិគម

សង្គម​សេដ្ឋកិច្ច

ព្រះបាទនរោត្ដម សីហនុ បាន​ឡើង​សោយរាជ្យ នៅ​ឆ្នាំ ១៩៤១ គឺ​ចំ​ពេល​ដែល​ភ្លើង​សង្គ្រាមលោក​លើក​ទី​២ កំពុង​ឆាបឆេះ​។ នៅ​ពេល​ដែល ពួក​យោធានិយម​ជប៉ុន​កំពុង​មាន​ជ័យជម្នះ​នៅ​ចុងបូព៌ា និង​អាស៊ីអាគ្នេយ៍​។ បារាំង​ចុះចាញ់​សង្គ្រាម ហើយ​បាន​ព្រមព្រៀង​ស្ដីពី​កិច្ចការពារ​រួម​លើ​ដែនដី​ឥណ្ឌូចិន​។ ម្ដងនេះ​កម្ពុជា បាន​ឆ្លាក់​ទៅ​នៅ​ក្រោម​របប​ត្រួតត្រា​ពីរ​ត្រួត​គឺ អាណានិគម​បារាំង និង​របប​យោធា​ជប៉ុន​។ ជប៉ុន​បាន​យក​កម្ពុជា​ធ្វើជា​មូលដ្ឋានទ័ព និង​គាប​យក​វត្ថុធាតុដើម ខាង​កសិកម្ម​ដោយ​តម្លៃ​ថោក​បំផុត​។ តាម​ការ​ទាមទារ របស់​ជប៉ុន រដ្ឋាភិបាល​បារាំង​បង្ខំ​ឱ្យ​កសិករ​ខ្មែរ​លក់​ផលដំណាំ​បំពេញ​តម្រូវការ​សេដ្ឋកិច្ចជប៉ុន​។


នៅ​ឆ្នាំ ១៩៤១ ដល់ ១៩៤៨ ផលិតផល​កសិកម្ម​នៅ​កម្ពុជា​បាន​ថយ​ចុះ​។

ចលនាតស៊ូ​នៅ​ចុង​សម័យ​អាណានិគម

  • ក្រុម​ដែល​លំអៀង​ទៅ​ខាង​ជប៉ុន

មេដឹកនាំ​ក្រុម​នេះ​គឺ​លោក សឹង ង៉ុកថាញ់​។ នៅ​ឆ្នាំ ១៩៤៥ ជប៉ុន​បាន​បណ្ដេញ​បារាំង​ចេញពី​កម្ពុជា ហើយ​ប្រកាស​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ដោយ​លើក សឹង ង៉ុកថាញ់ ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី ដែល​តាម​ការពិត​រដ្ឋាភិបាល​របស់ សឹង ង៉ុកថាញ់ គ្រាន់តែ​ជា​រដ្ឋាភិបាល​ទីងមោង​ប៉ុណ្ណោះ នៃ​ឯករាជ្យ​ក្លែងក្លាយ​ដែល​ផ្ដល់​ដោយ​ពួក​យោធានិយម​ជប៉ុន​។ ក្រោយពេល​ជប៉ុន​ចាញ់​សង្គ្រាមលោក​លើក​ទី​២ បារាំង​បាន​វិល​មកកាន់​កម្ពុជា​ជាថ្មី កងទ័ព​របស់ សឹង ង៉ុកថាញ់ បាន​ប្រឹង​ទប់ទល់​នឹង​បារាំង​ដែរ តែ​ពុំ​អាច​តស៊ូ​នឹង​បារាំង​បាន​ឡើយ ហើយ​សឹង ង៉ុកថាញ់ ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​ឃុំ​នៅ​ប្រទេស​បារាំង​។ នៅ​ឆ្នាំ ១៩៥១ បារាំង​បាន​ដោះលែង សឹង ង៉ុកថាញ់ តាម​សំណើ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​។ នៅ​ដើម​ឆ្នាំ ១៩៥២ សឹង ង៉ុកថាញ់ បាន​រត់​ទៅ​ប្រទេស​ថៃ​បង្កើត​ចលនា​ខ្មែរសេរី​។


  • ក្រុម​ដែល​មាន​និន្នាការ​ខាង​កុម្មុយនិស្ត

នៅ​ឆ្នាំ ១៩៣០ ចលនា​ប្រជារាស្ត្រ​បាន​រួបរួម​ជាមួយ​ក្រុម​ដែល​មាន​និន្នាការ​ខាង​កុម្មុយនិស្ត​។ បន្ទាប់​ពី​ការ​មកដល់​នៃ​របប​យោធានិយម​ជប៉ុន ក្រុម​នេះ​បាន​ក្លាយទៅជា​រណសិរ្ស​អ្នក​ស្នេហា​មាតុភូមិ​ខ្មែរ ឬ​ហៅ​ខ្មែរឥស្សរៈ​។ ស្ថានភាព​រង្គោះរង្គើ​ខាង​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​ផ្ដល់​ឱ្យ​រណសិរ្ស​ខ្មែរឥស្សរៈ ពង្រីក​មូលដ្ឋាន​នយោបាយ និង​ពង្រីក​ចម្បាំង​ឈ្លប​ទៅលើ​ពួក​អាណានិគម​។ ទោះបី​មាន​ប្រតិបត្តិការ​ការ​បង្ក្រាប​ដ៏​សាហាវ​អំពី​កងទ័ព​បារាំង​ក៏ដោយ ក៏​កងកម្លាំង​ខ្មែរឥស្សរៈ បាន​វាយប្រហារ​តប​វិញ​ធ្វើ​ឱ្យ​បារាំង​មាន​ការ​ខូចខាត​ដែរ​។


ព្រះមហាក្សត្រ​សោយរាជ្យ​ក្នុង​សម័យ​អាណានិគម

ក្នុង​សម័យ​អាណានិគម​បារាំង មាន​ព្រះមហាក្សត្រ ៤ ព្រះអង្គ ដែល​បាន​ឡើង​គ្រងរាជ្យ​បន្តបន្ទាប់​គ្នា​គឺ​៖



0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ