Thursday, July 22, 2010

កម្ពុជាសម័យចតុមុខ


នៅឆ្នាំ១៤៣១ ព្រះបាទពញាយ៉ាត ទ្រង់បានលើករាជធានីពីអង្គរ ទៅតាំងនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ(កំពង់ចាម)វិញ។ តែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពី ទួលបាសាន ទៅតាំងនៅចតុមុខវិញ។ ក្រោយពីការកសាងរាជធានីរួចរាល់ ព្រះរាជាទ្រង់តាំងប្រទាននាមឲ្យព្រះនគរថា៖ ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ


សង្គ្រាមរំដោះយកអាណាខេត្តខ្មែរទិសខាងលិចពីសៀម

ព្រះស្រីរាជា ជាព្រះអនុជព្រះបាទនារាយណ៍រាជា(បុត្រច្បងនៃព្រះបាទពញាយ៉ាត។ ក្រោយពីឡើងស្នងរាជ្យនៅ១៤៦៩មក ជានិច្ចកាលតែចិញ្ចឹមចិត្ត ដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូណ៍សប្បាយ។ ព្រះអង្គមានមនសិការជាតិខ្ពស់ ស្ដាយស្រណោះទឹកដីប៉ែកខាងលិចដែលបាត់បង់ដោយសៀមរឹបអូសលេបត្របាក់យកកន្លងទៅ។ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ឲ្យមាំមួន និងបានកសាងកម្លាំងទ័ពទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ពបម្រុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។

នៅឆ្នាំ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយកក្នុងរជ្ជកាលព្រះរាជាមុនៗមកវិញ។ ទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯង ហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយ ឲ្យកម្លាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជាដែលជាឧបរាជ និងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខ។ កងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសំដៅទៅទិសខាងលិច ហើយបានកម្ចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀមបានលេបយកដូចជា នគររាជសីមា បស្ចិមបុរី រយ៉ង និងចន្ទបុរី។ នៅក្នុងចម្បាំងរំដោះ យកអាណាខេត្តទាំងប៉ុន្មានខាងលើនេះ ព្រះរាជាទ្រង់សប្បាយរីករាយណាស់ ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះ បានងើបឡើងពួតកម្លាំងគ្នានឹងកងទ័ពជាតិដើម្បីកម្ចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិ។ ជោគជ័យដ៏ត្រចះត្រចង់នៃចម្បាំងនោះបានជម្រុញឲ្យព្រះរាជាខ្មែរសម្រេចព្រះទ័យវាយកម្ទេចកម្លាំង ទ័ពជាតិសៀម ឲ្យរលាយអស់ក្នុងពេលនោះតែម្ដង។ ក្រោយពីសម្រេចព្រះទ័យដូចនោះហើយ ព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធ្យាទីក្រុងអយុធ្យាត្រូវឡោមព័ទ្ធ ព្រះអង្គទ្រង់ប្រាថ្នារំលាយរាជធានីនេះចោល។ ប៉ុន្តែពេលនោះ ដោយឧកញ៉ាចក្រីម៉ន ដែលជាប្រមុខទ័ព បានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់ និងដោយកងទ័ពខ្មែរថមថយកម្លាំង ផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់អន់។ ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។ ដូចនេះ ផែនការរំដោះយកខេត្តខាងលិចដែលសៀមបានទន្ទ្រានយកកន្លងមកនោះ ត្រូវរលាយអស់ទៅវិញ។


អន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរ

នៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិឯនោះ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គ(បុត្រព្រះនារាយណ៍រាជា) មានគំនិតក្បត់ ហើយគេចខ្លួនចេញពីរាជធានីចតុមុខ ទៅបំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រា មានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ … ។ បន្ទាប់មក កងទ័ពស្រីសុរិយោទ័យបានទន្ទ្រានយកខេត្តខាងជើងខ្លះបានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខេត្តដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសឈរ។ លុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។ រីឯព្រះពញាធម្មរាជា ដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសព្វគ្រប់ទៅព្រះស្រីរាជាព្រមទាំងស្នើសុំ ឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យពីខាងជើងមកវិញ។ ដោយទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសម្រាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចម្បាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខេត្តបរិបូរណ៍ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខេត្តខាងជើង ថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខេត្តកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។


ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួនឲ្យឃើញជាក់ស្ដែង ដោយបញ្ជូនរាជវង្សានុវង្ស ព្រះទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័នរាជ្យទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបាន។

ការបែកបាក់គ្នា និងចម្បាំងរាំងជលឥតឈប់ឈរ រវាងរាជវង្សានុវង្សខ្មែរនាពេលនោះ បានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជម្ងឺរាតត្បាត។ នៅ ឆ្នាំ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯងបានលបលួចទាក់ទងជាសម្ងាត់ជាមួយស្ដេច សៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកម្លាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។

ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំទទួលយ៉ាងអឹកធឹក ហើយយាងព្រះចៅចក្រពត្រាធិរាជ ចូលគង់ក្នុងដំនាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំងកម្ចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ។

កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកម្លាំងខ្មែរបែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំបានសម្រេចយកផ្លូវចរចាបញ្ចប់ចម្បាំង។

ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោម ម៉ឹង ក៏ចេញទៅជួបព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គបានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧត្ដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។


ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សាទំនាស់ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសម្រេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ១៤៨៦ នៅរាជធានីចតុមុខ

ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សាទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខេត្ត ដែលព្រះបាទស្រីរាជាទើបរំដោះបាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអយុធ្យា ដោយបន្សល់ទុកពញាអុងជាបុត្រផ្ញើនឹងព្រះចៅសៀម។ មួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យក៏ចូលទិវង្គតបន្តទៀត។


ស្ដេចកន

ព្រះបាទធម្មរាជាចូលទិវង្គតនៅឆ្នាំ១៥០៤ ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជ្យស្នងព្រះអង្គ ដោយតែងតាំងព្រះអនុជអង្គចន្ទ ជាព្រះមហាឧបរាជ។ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ ព្រះបាទស្រីសុគន្ធបទ ទ្រង់សព្វព្រះរាជហឫទ័យទៅគង់នៅវាំងទួលបាសាន ស្រុកស្រីសឈរ(ស្រីសន្ធរ) ឯព្រះមហាឧបរាជអង្គចន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខ។

នៅឯរាជវាំងទួលបាសាន ព្រះបាទស្រីសុគន្ធបទសព្វព្រះទ័យប្រពាតបឹង បង់សំណាញ់កំសាន្ត និងយាងចូលព្រៃបរបាញ់សត្វ។ ទីនោះហើយដែលព្រះអង្គទ្រង់ប្រតិព័ទ្ធទៅលើរូបនាងពៅបុត្រីរបស់ពិជ័យនាគ និងនាងបាន។ ក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯក ឯប្អូននាងពៅឈ្មោះកន ទ្រង់បានតែងតាំងជាមហាតលិក និងក្រោយមកទ្រង់តម្លើងយសក្តិ នាយកនជាឃុនលួងព្រះស្តេច។ នៅឆ្នាំ១៥០៩ ព្រះបាទស្រីសុគន្ធបទទ្រង់កើតមន្ទិលសង្ស័យខ្លាចឃុនលួងព្រះស្ដេចកនក្បត់ ជ្រែករាជ្យព្រះអង្គ។ ព្រះអង្គរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់នាយកនចោល តែការណ៍នោះត្រូវបែកធ្លាយដោយសារព្រះស្នំឯក ហើយនាយកនក៏ភៀសខ្លួនទៅកាន់អាណាខេត្តត្រើយខាងកើតបង្កជាកម្លាំងទ័ពប៉ុនប៉ងសងសឹកនឹង ព្រះរាជាវិញ។ នៅបណ្ដាអាណាខេត្តត្រើយខាងកើត នាយកនបានប្រើល្បិចបញ្ឆោតចៅហ្វាយខេត្តនានាថា ខ្លួនទទួលបេសកកម្មពីព្រះបាទស្រីសុគន្ធបទ មកកែនទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជាដែលក្បត់រាជបល្ល័ង្ក ប្រាថ្នាសោយរាជ្យនៅចតុមុខ។ ដំណឹងនេះបានឮដល់ព្រះអង្គចន្ទ ធ្វើឲ្យព្រះអង្គនឹកស្មានថាព្រះបាទស្រីសុគន្ធបទជាព្រះរាម ចោទព្រះអង្គដូចការឃោសនារបស់ឃុនលួងព្រះស្ដេចកនមែន ក៏នាំញាតិវង្សានុវង្សភៀសទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសសៀម។ បន្ទាប់ពីព្រះអង្គចន្ទ យាងចេញផុតទៅ នាយកនក៏ចាប់ផ្ដើមវាយលុកយកខេត្តនានាដែលនៅជិតរាជធានីទួលបាសាន។ កងទ័ពព្រះបាទស្រីសុគន្ធបទ ចេះតែដកថយ។ នៅឆ្នាំ១៥១២ ព្រះបាទស្រីសុគន្ធបទត្រូវកងទ័ពនាយកនធ្វើគុតនៅក្នុងបន្ទាយស្ទឹងសែន


ក្រោយពីបានជ័យជំនះហើយ នាយកនបានប្រកាសខ្លួនជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដោយមានរាជនាមថា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី គង់នៅក្រុងស្រីសឈរ ហើយក្រោយមក នៅឆ្នាំ ១៥១៤ ព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតីបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះត្បូងឃ្មុំ និងខេត្តបាភ្នំ ត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ។ បីឆ្នាំក្រោយមក រាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះករកាន់តែច្រើនឡើងជាងរាជធានីចាស់។ ប្រទេសជាតិបានទទួលសន្តិភាព ហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្ម។ ប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ពឲ្យប្រើពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។ ប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុន ដោយសារវិធានការមួយចំនួនរបស់ស្ដេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយពិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទ័ណ្ឌឲ្យមានលក្ខណៈធូរស្រាលជាងមុន។

សង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទ ឬព្រះចន្ទរាជា

ព្រះអង្គចន្ទដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល៨ឆ្នាំមកហើយ ក៏មិនខុសពីក្សត្រខ្មែរដទៃទៀតដែរ ក្រោមការឧបត្ថម្ភពីស្ដេចសៀម ព្រះអង្គទទួលភាពប្រណីតក្នុងជីវភាព។ ទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិ។ នៅឆ្នាំ១៥១៦ ព្រះអង្គចន្ទខិតខំរិះរកគ្រប់មធ្យោបាយ ចូលមកដណ្ដើមរាជ្យពីស្ដេចកនវិញ។ មុននឹងយាងចូលព្រះនគរវិញ ព្រះអង្គចូលជួបពញាអុង ត្រូវជាញាតិវង្ស ដែលមានព្រះអយ្យកោមួយជាមួយគ្នា(ទ្រង់ជាបុត្រព្រះស្រីរាជា) ទ្រង់ទូលថា អ្នកបងលែងគិតស្រុកយើងហើយឬ បានជាគង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូចនេះ? ទ្រង់ពុំស្ដាយព្រះវង្សមហាក្សត្រ និងព្រះនគរទេឬ?


ព្រះពញាអុងទ្រង់ឆ្លើយថា អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅស្ដេចពុំយកទៅសបង ស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខាក់លោកនេះ ជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយ។ បងបានប៉ុននោះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូចនេះហើយ បងនឹងគិតរកសុខឯណាទៀត។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករឭកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតគូរចុះ ...

តើសង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរ?

ស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វាយខេត្តពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ពចេញ ទៅច្បាំងនឹងព្រះអង្គចន្ទនៅក្រគរ។ ប៉ុន្មានថ្ងៃក្រោយមក ឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុត បានចាប់ផ្ដើមនៅលើសមរភូមិក្រគរ។ ដោយពលទាហានស្លាប់ច្រើនពេក ទ័ពព្រះអង្គចន្ទ ក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញ។ ចៅហ្វ៊ាកៅ ដែលជាមេទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាម តែវាយសម្រុកពុំចុះសោះ ក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែល៣គីឡូម៉ែតពីសត្រូវ ដើម្បីរង់ចាំជំនួយពីក្រុងស្រឡប់ពិជ័យមកទៀត។


ក្នុងអំឡុងផ្អាកការប្រយុទ្ធនេះ តាពេជ បានសម្រេចចិត្តធ្វើអត្តឃាតយ៉ាងឧឡារិកចំពោះមុខកងទ័ព និងប្រជានុរាស្ត្រក្នុងខេត្ត។ នៅដើមឆ្នាំ១៥១៧ បន្ទាប់ពីព្រឹត្តិការណ៍នេះមក ជ័យជំនះបានមកខាងព្រះចន្ទរាជា។ មេទ័ពស្ដេចកន ចៅហ្វ៊ាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញ។ ចាប់ពីពេលនោះមកព្រះអង្គចន្ទក៏ទន្ទ្រានយកបានខេត្តជាច្រើនជាបន្តបន្ទាប់ដូចជាក្រគរ ខ្លុងក្រង បរិបូរណ៍ បារាយណ៍ ជើងព្រៃ ស្ទោង កំពង់សៀម កំពង់ស្វាយ។ លុះមកដល់រដូវវស្សាស្ដេចកនបានផ្ញើសារទៅព្រះអង្គចន្ទ ដើម្បីផ្អាកសង្គ្រាមមួយរយៈ ទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចំការ។ ការផ្អាកឈប់បាញ់គ្នាត្រូវបានអនុវត្តដោយភាគីដោយសងខាង ហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញ នៅពេលចប់រដូវធ្វើស្រែ។ ចូលមកដល់ខែទី៣នៃឆ្នាំ១៥១៨ កងទ័ពរបស់ព្រះអង្គចន្ទចំនួន១០ ០០០នាក់បានវាយលុកចូលខេត្តសំរោងទង បាទី ទ្រាំង រួចមកវាយចតុមុខទៀត។ ដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គត្រូវធ្លាក់មកក្នុងអំណាចព្រះអង្គចន្ទវិញ។


នៅឆ្នាំ១៥១៩ ក្រោយដែលបានល្បងវាយលុកយកខេត្តកំពង់សៀមមកវិញពុំបានសម្រេច ស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះចន្ទរាជា ស្នើសុំចែកប្រទេសខ្មែរជាពីរដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមា។ ស្ដេចកនគ្រប់គ្រងត្រើយខាងកើត ហើយគង់នៅក្រុងស្រឡប់ពិជ័យ ឯព្រះចន្ទរាជាត្រួតត្រាត្រើយខាងលិច ហើយគង់នៅឯខេត្តពោធិ៍សាត់។ ចាប់តាំងពីពេលនោះមក សង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯងក៏ត្រូវផ្អាកអស់រយៈកាលចំនួនប្រាំមួយ ប្រាំពីរឆ្នាំ។ មកដល់ឆ្នាំ១៥២៥ទើបព្រះចន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀត។ បន្ទាយក្រុងស្រឡប់ពិជ័យ ត្រូវកងទ័ពចន្ទរាជាឡោមព័ទ្ធអស់រយៈពេលបីខែ។ ទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុង។ ចៅហ្វ៊ាកៅជាមេទ័ព និងជាឪពុកមាខាងម្ដាយរបស់ស្ដេចកន ត្រូវស្លាប់នៅនឹងកន្លែង។ ឯស្ដេចកនត្រូវចាប់ខ្លួនបាន និងសម្លាប់ចោល។ តមកព្រះចន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។



0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ