Monday, July 5, 2010

ពុទ្ធប្បវត្ដិសង្ខេបរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ

នូវសម័យពុទ្ធកាល ប្រទេសឥណ្ឌា មានឈ្មោះថា ជម្ពូទ្វីប ចែកជាពីរផ្នែក ។ ផ្នែកខាងក្នុងហៅថា មជ្ឈិមប្រទេស និងផ្នែកខាងក្រៅហៅថា បច្ចន្ដប្រទេស ។ ប្រទេសនេះមានរាជាណាចក្រច្រើនតូច-ធំ ។ ខ្លះជារាជាធិបតេយ្យ ខ្លះជាសន្ដតិវង្សច្រើនរួមគ្នា ។បណ្ដានគរទាំងឡាយដែលតាំងក្នុងមជ្ឈិមប្រទេស ក្រុងកបិលពស្ដុ ជារាជាណាចក្រមួយ ស្ថិតនៅតំបន់ជើងភ្នំហេមពាន្ដ គ្រប់គ្រង និងដឹកនាំដោយព្រះបាទសុទ្ធោទនៈ និងព្រះអគ្គមហេសី ព្រះនាងសិរិមហាមាយា ។
កាលមុនពុទ្ធសករាជ៨០ឆ្នាំ នៅពេលដែលទ្រង់គភ៌គ្រប់១០ខែហើយ ព្រះនាងសិរិ មហាមាយា ក៏បានស្នើសុំព្រះបរមរាជានុញ្ញាតពីស្វាមី ដើម្បីយាងទៅប្រសូតបុត្រនៅ ទីក្រុងទេវទហៈ ដែលជាទីក្រុងកំណើតរបស់ព្រះនាងតាមប្រពៃណីនៃជនជាតិឥណ្ឌានាពេលនោះ ។
នៅចន្លោះក្រុងកបិលពស្ដុ និងក្រុងទេវទ ហៈ មានសួនឧទ្យានមួយឈ្មោះថា ឧទ្យាន លុម្ពិនី ។ ការយាងទៅក្រុងទេវទហៈរបស់ព្រះនាងសិរិមហាមាយា ត្រូវឆ្លងកាត់សួនឧទ្យានលុម្ពិនីនោះ ។ នៅពេលដែលយាងទៅដល់សួនឧទ្យានលុម្ពិនី ព្រះនាងសិរិមហាមាយា ក៏ត្រូវដល់ពេលកំណត់ប្រសូតព្រះរាជបុត្រ ។ ព្រះនាងក៏ប្រសូតបានព្រះរាជបុត្រ មួយអង្គមានលក្ខណៈគ្រប់គ្រាន់ ជាមហាបុរិសលក្ខណៈ ។ ប្រសូតហើយ ពេលយាងចុះពីដៃស្រីស្នំ ព្រះរាជឱរសបានយាងដោយព្រះបាទបាន៧ ជំហាន ហើយទ្រង់ឈប់ឈរនឹង រួចបែរព្រះភ័ក្ដ្រទៅទិសឧត្ដរ ទ្រង់បន្លឺព្រះវាចាថា “ខ្លួន យើងជាកំពូលនៃលោក ជាបុគ្គលប្រសើរជាង គេក្នុងលោកជាចម្បងជាងគេទាំងអស់ក្នុងលោកជាតិនេះជាកំណើតចុងបំផុត របស់ យើងអំណើះតទៅមុខ យើងលែងកើតទៀតហើយ” ។
ព្រះអង្គកើតក្នុងត្រកូលពួកជនជាតិអរិយកៈ ក្នុងមជ្ឈិមជនបទនៃជម្ពូទ្វីប ដែលសក្កៈ ត្រកូលក្សត្រសាក្យៈ ជាគោតមគោត្រ ។
- ព្រះបិតាព្រះនាមសុទ្ធោទនៈ ជាព្រះ រាជបុត្រព្រះបាទសីហហនុរាជ គង់នៅក្រុង កបិលពស្ដុ ។
- ព្រះមាតាព្រះនាមព្រះនាងសិរិមហាមាយា គង់នៅក្រុងទេវទហៈ ជាព្រះរាជបុត្រី នៃព្រះបាទអញ្ជនៈ ក្នុងក្រុងទេវទហៈ ។
បន្ទាប់ ពីប្រសូតព្រះរាជបុត្រហើយ ព្រះ នាងសិរិមហាមាយា ក៏យាងត្រឡប់មកក្រុង កបិលពស្ដុវិញ ។ ជាមួយគ្នានេះ មានតាបស ម្នាក់អាយុចំណាស់បន្ដិច មានស្រុកកំណើត ស្ថិតនៅជិតក្បែរតំបន់កបិលពស្ដុនោះដែរ គាត់ជាអ្នកចេះមើលលក្ខណៈមនុស្សយ៉ាង ស្ទាត់ជំនាញ ។ តាបសនោះក៏ចូលទៅមើល ព្រះរាជបុត្រ ដោយពិនិត្យយ៉ាងល្អិតល្អន់ នូវ លក្ខណសម្បត្ដិរបស់ព្រះរាជឱរស ហើយ ពោលថា “នេះជាមហាបុរសពិតប្រាកដ
មែន ” ។
៥ថ្ងៃក្រោយមក ព្រះបាទសុទ្ធោទនៈ ក៏ បានអញ្ជើញព្រាហ្មណ៍១០៨នាក់ មកទាយ លក្ខណៈព្រះរាជឱរស និងថ្វាយព្រះនាម ។ ក្នុងបណ្ដាព្រាហ្មណ៍ទាំង១០៨នាក់ ជ្រើសរើស ចម្រាញ់យកបានតែព្រាហ្មណ៍៨នាក់ប៉ុណ្ណោះ ដើម្បីថ្វាយព្រះនាមព្រះរាជបុត្រ ។ ព្រាហ្មណ៍ ទាំងអស់ក៏បានសំរេចថ្វាយព្រះនាមថា សិទ្ធត្ថ ដែលមានន័យថា ជាអ្នកធ្វើឱ្យសំរេច ប្រយោជន៍ដល់មនុស្សសត្វទូទៅ ។ ព្រាហ្មណ៍ ទាំងនេះ មិនត្រឹមតែជ្រើសរើសព្រះនាម ប៉ុណ្ណោះទេ ថែមទាំងបានទស្សន៍ទាយនូវ និស្ស័យផ្សេងៗថែមទៀតរបស់ព្រះរាជឱរស ផង ។ ព្រាហ្មណ៍ជាច្រើនបានទាយថា “ព្រះ រាជឱរស បើនៅជាគ្រហស្ថ នឹងបានជាស្ដេច ចក្រពត្ដិ បើទ្រង់ចេញបំពេញផ្នួសនឹងបាន ត្រាស់ដឹងជាព្រះពុទ្ធ ។ ចំណែកព្រាហ្មណ៍ទី៨ គឺកោណ្ឌញព្រាហ្មណ៍ ដែលនៅក្មេងជាងគេ បានលើកដៃតែមួយឡើង ហើយទាយតែ ម្យ៉ាងថា ព្រះមហាបុរសនឹងទ្រង់ព្រះផ្នួស ហើយបានត្រាស់ជាព្រះពុទ្ធពិតប្រាកដ” ។
២ថ្ងៃក្រោយ ថ្ងៃដែលពួកព្រាហ្មណ៍បាន ថ្វាយព្រះនាមព្រះរាជឱរសមក ព្រះនាងសិរិ មហាមាយា ក៏ទ្រង់សោយព្រះទិវង្គត ។
ព្រះបាទសុទ្ធោទនៈ ក៏ទ្រង់ផ្ទុកផ្ដាក់ការ ចិញ្ចឹមបីបាច់ថែរក្សាព្រះរាជឱរសឱ្យទៅព្រះ នាងបជាបតិគោតមី ដែលត្រូវជាប្អូនបង្កើត ព្រះនាងសិរិមហាមាយា និងជាព្រះស្នំមួយ ព្រះអង្គដ៏ពិសេស ព្រមទាំងជាអ្នកមេដោះ ដ៏ ជិតស្និទ្ធបំផុតផង ។

- ប្រសូត
- ព្រះសមណគោតមបរមគ្រូ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នា ឧទ្យានលុម្ពិនីវន ក្រោមដើមសាលព្រឹក្ស ស្ថិត នៅត្រង់ព្រំប្រទល់ដែនកបិលពស្ដុ និងទេវ ទហៈនាវេលាថ្ងៃត្រង់ ។
- ក្នុងថ្ងៃព្រះសិទ្ធត្ថប្រសូត មានសហជាត វត្ថុ៧យ៉ាង កើតក្នុងថ្ងៃនោះដែរ គឺព្រះនាង ពិម្ពាយយសោធរា១, អនន្ទ១, ឆន្ទអាមាត្យ ១, កណ្ឌកៈជាអាជានេយ្យ១, កាឡុទាយី អាមាត្យ១, មហាពោធិព្រឹក្ស១ និងកំណប់ ទ្រព្យទាំងបួន១ ។
- អភិសេក
ព្រះសិទ្ធត្ថ ព្រះជន្ម១៦ព្រះវស្សា ទ្រង់ អភិសេកជាមួយព្រះនាងពិម្ដាយសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យបាន១៣ឆ្នាំ ទ្រង់បានព្រះរាជ បុត្រមួយព្រះអង្គ ព្រះនាមរាហុលកុមារ ក្នុង ព្រះជន្មគំរប់២៩ព្រះវស្សា ។
- សាងព្រះផ្នួស
ព្រះជន្ម២៩វស្សា ព្រះសិទ្ធត្ថ ទ្រង់ចេញ សាងព្រះផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា គឺ ក្នុងថ្ងៃដែលព្រះរាហុលកុមារប្រសូតនោះឯង ។
- ត្រាស់ដឹង
ព្រះសមណគោតម បានត្រាស់ដឹងអនុត្ដរ សម្មាសម្ពេ្ពាធិញាណ ក្នុងព្រះជន្មាយុ៣៥ព្រះ វស្សា នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា ក្រោមដើមពោធិព្រឹក្ស ១ដើម ខាងលិច ស្ទឹងនេរញ្ចនា នាមណ្ឌលគយា សព្វថ្ងៃហៅ ពុទ្ធគយា ។
- សំដែងធម្មចក្កប្បវត្ដនសូត្រ
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែង បឋមទេសនា ធម្មចក្កប្បវត្ដនសូត្រនៅថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុនៅ
ឥសិបតនមិគទាយវន ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង ៥យ៉ាងអស់៤៥ព្រះវស្សា គឺ ៖
១-ពេល ព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត
២-ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ
៣-ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ
៤-ពេល អធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា
៥-ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ ព្រះជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។
- បរិនិព្វាន
ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាននៅថ្ងៃ អង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើមពោធិព្រឹក្សទាំងគូនៅខាងលិច កុសិនារា ។
រយៈកាល៤៥ព្រះ វស្សា ចាប់ពីក្រោយ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ មក ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានសំដែង ព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ បើគិត ជាធម្មក្ខន្ធមាន៨៤.០០០ព្រះធម្មក្ខន្ធ ដែល ចែកជាព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម ។ ពាក្យសង្ខេបងាយចាំ
ចុ. រ. អា.ព្រ ប្រ.ច. ពិ. សុ
រា. ឆ្លូ. ក. អា បូស. ថោះ. អា. ព្រ
ត្រា. រ.ពិ. ពុ និ. ស្សា. ពិ. អង្គ ។
ខ្លឹមសារ នៃការកសាងព្រះសក្យមុនី ចេតិយ
- សំវេជនីយដ្ឋាន៤កន្លែង
មូលហេតុ ដែលនាំឱ្យកើតសំវេជនីយដ្ឋាន មានរឿងកើតឡើងក្នុងកាលដែលព្រះសម្មា សម្ពុទ្ធ ទ្រង់ប្រឈួនខ្លាំង ទៀបស្ដេចរំលត់ខ័ន្ធ ចូលកាន់បរមនិព្វាន ។ គ្រានោះមានព្រះ អានន្ទជាពុទ្ធុបដ្ឋាកៈ ដែលនៅជាសេក្ខបុគ្គល នៅឡើយ បានក្រាបបង្គំទូលប្រារឰថា “ពី ដើមរៀងមក ពួកភិក្ខុពុទ្ធសាវ័កតែងតែមក គាល់ ធ្លាប់ឃើញព្រះអង្គជាញឹកញយ គេមាន ចិត្ដជ្រះថ្លារីករាយណាស់ តែកាលណាព្រះ អង្គទ្រង់បរិនិព្វានទៅហើយ មិនបានឃើញ ព្រះអង្គដូចដើម គេនឹងស្រងេះស្រងោច ណាស់” ។
ព្រះអង្គ ក៏ទ្រង់អនុញាតនូវសំវេជនីយ ដ្ឋាន៤កន្លែង សំរាប់ពុទ្ធសាវ័កណាប្រាថ្នាចង់ ឃើញព្រះអង្គទៅពិចារណាធម្មសង្វេគនៅ ទីកន្លែងទាំង៤នោះណាមួយ “ក៏ទុកដូចបាន ជួបឃើញតថា គតផ្ទាល់ដែរ និងនាំឱ្យបានមគ្គ ផលច្រើនណាស់” ។
- សំវេជនីយដ្ឋាន៤កន្លែងនោះគឺ ៖
១- កន្លែងដែលតថាគតប្រសូតនាព្រៃ លុម្ពិនី នគរកបិលពស្ដុ ។
២- កន្លែងដែលតថាគតត្រាស់ដឹងនូវ
អនុត្ដរសម្មាសម្ពោធិញាណ នាមណ្ឌលពោធិ ព្រឹក្ស តំបន់ពុទ្ធគយា ។
៣-កន្លែងដែលតថាគតប្រទានបឋម ទេសនា នាព្រៃឥសិបតនមិគទាយវ័ននគរ ពារាណសី ។
៤-កន្លែងដែលតថាគតបរិនិព្វាន នាសាល វ័នឧទ្យាន នគរកុសិនារា ។
ពួកជនណាមួយនឹងបានដើរមកកាន់ទី ចា រឹកនៃសំវេជនីយដ្ឋាន៤កន្លែងនេះ ណាមួយ ក៏មានចិត្ដជ្រះថ្លា កើតសង្វេគ ហើយគោរព បូជា ប្រសិនណាជាធ្វើមរណកាលទៅ ពួកជន នោះនឹងបានទៅសោយសុខ ក្នុងឋានមនុស្ស និងឋានសួគ៌ ។
- គារវវត្ថុ៥យ៉ាង
ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់ បានប្រតិស្ឋានទុកនូវគារវវត្ថុ៥យ៉ាងដើម្បីបាន ជាស្រែបុណ្យដ៏ប្រសើររបស់វេនេយ្យសត្វ និង មានប្រព័ន្ធគាថា ដូចតទៅនេះ ៖
និព្វុតេ លោកនាថម្ហិ សម្ពុទ្ធេ អគ្គ បុគ្គលេ បដិមា ពោធិរុក្ខា ច ថូបា ច ជិនធាតុយោ ចតុរាសីតិសហស្ស ធម្ម ក្ខន្ធា សុទេសិតា អគ្គប្បវត្ដនដ្ឋានេ ឋបិតា ហោន្ដិ បាណិនំ កាលព្រះសម្មាសម្ពុទ្ធជាអគ្គបុគ្គល ជាទី ពឹងនៃសត្វលោកបរិនិព្វានទៅហើយ ព្រះបដិ មាផង ព្រះពោធិព្រឹក្សផង ព្រះស្ដូបផង ព្រះ ជិនធាតុផង ព្រះធម៌៨ម៉ឺន ៤ពាន់ ព្រះធម្មក្ខន្ធ ដែលព្រះអង្គទ្រង់សំដែងហើយ ដោយប្រពៃ ផង ជាវត្ថុគឺព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋាន ទុកក្នុងឋានដ៏ប្រព្រឹត្ដទៅ ដើម្បីបុញខេត្ដដ៏ ប្រសើររបស់សត្វទាំងឡាយ ។
ប្រវត្ដិព្រះសក្យមុនីចេតិយ
- ព្រះសក្យមុនីចេតិយ នៅរាជធានី
ភ្នំពេញ មុខស្ថានីយរាជាយស្ម័យយាន
-នៅថ្ងៃ២រោច ខែអស្សុជ ឆ្នាំរោង ចត្វា ស័ក ពុទ្ធសករាជ២៤៩៥ ត្រូវនឹងថ្ងៃអាទិត្យ ទី៥ តុលា ឆ្នាំ១៩៥២ ព្រះរាជាណាចក្រ កម្ពុជា បានទទួលព្រះបរមសារីរិកធាតុ និង ព្រះអរហន្ដធាតុ គឺព្រះអដ្ឋិធាតុនៃព្រះសារី បុត្ដ និងព្រះមោគ្គលាន ព្រមជាមួយកូនពោធិ ព្រឹក្សពីរដើម ដែលនាំមកពីប្រទេសឥណ្ឌា ។ ពិធីទទួលព្រះបរមសារីរិកធាតុ និងព្រះ អរហន្ដធាតុនៅព្រលានយន្ដហោះអន្ដរជាតិ ភ្នំពេញ បានប្រព្រឹត្ដទៅយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអ ម្ចាស់ជីវិតលើត្បូង សម្ដេចព្រះ នរោត្ដម សីហនុ ជាទីសក្ការៈ ។ អស់រយៈពេល៧ថ្ងៃ គឺនៅថ្ងៃទី១១ តុលា ឆ្នាំ១៩៥២ មានប្រារឰពិធីជូនដំណើរដង្ហែដ៏ មហោឡារិក ដូចពេលទទួលដែរ ។
បច្ច័យ ដែលកើតឡើងពីការបូជាក្នុងពិធីបុណ្យ៧យប់៧ថ្ងៃនេះ បានចំនួន ១.៦៦៧.៣០៩រៀល ។ បច្ច័យទាំងនេះបែង ចែកជាពីរផ្នែក៩០០.០០០រៀល សំរាប់យក ទៅកសាងមន្ទីរពេទ្យសំរាប់ព្រះសង្ឃ ដែល ក្រោយមកមានឈ្មោះថា មន្ទីរពេទ្យព្រះ កុសុមៈ ។ បច្ច័យ២០០.០០០រៀល សំរាប់ យកទៅចាត់ការស្ថាបនាព្រះមហាចេតិយនៅមុខស្ថានីយរាជាយស្ម័យយាន តម្កល់ព្រះបរម សារីរិកធាតុ ព្រោះហេតុនេះហើយបានជា ព្រះមហាចេតិយនេះមានឈ្មោះថា “ព្រះ សក្យមុនីចេតិយ” ។
ព្រះ សក្យមុនីចេតិយនេះ ត្រូវបានប្រារឰ ពិធីសម្ពោធជាមួយគ្នានឹងបុណ្យគម្រប់ ២.៥០០ព្រះវស្សានៃព្រះពុទ្ធសាសនា (បុណ្យ ពាក់កណ្ដាលសាសនា) ដែលប្រព្រឹតឡើង អស់រយៈពេល៧យប់ ៧ថ្ងៃ គឺចាប់ពីថ្ងៃ អាទិត្យ ១៤ កើត ខែពិសាខ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥០០ ត្រូវនឹងថ្ងៃទី១២ ឧសភា ឆ្នាំ១៩៥៧ រហូតដល់ថ្ងៃ៥ រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១៨ ឧសភា ឆ្នាំ១៩៥៧ ក្រោម ព្រះរាជូបត្ថម្ភនៃព្រះករុណាជាអម្ចាស់ជីវិត លើត្បូង សម្ដេចព្រះមហាក្សត្រិយានី សម្ដេច ព្រះឧបយុវរាជ និងក្នុងការទំនុកបំរុងសម្ដេច ព្រះសង្ឃនាយកទាំងពីរគណៈ ។
រីឯព្រះបរមសារីរិកធាតុតម្កល់ក្នុងព្រះ សក្យមុនីចេតិយនាថ្ងៃបុណ្យគំរប់២.៥០០ព្រះ វស្សានេះ គឺជាព្រះបរមអដ្ឋិធាតុខ្នាតកណ្ដាល មួយព្រះអង្គ ដែលប្រទេសសិរីលង្កាថ្វាយមក ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ក្នុងឱកាសដែលព្រះអង្គជាព្រះរាជ ប្រតិភូតំណាងព្រះមហាក្សត្រកម្ពុជា ទ្រង់ យាងទៅចូលរួមក្នុងពិធីបុណ្យពុទ្ធជយន្ដិ គឺ បុណ្យគំរប់២៥០០ព្រះវស្សានៃព្រះពុទ្ធ សាសនានៅប្រទេសសិរីលង្កា ដែលប្រារឰ ឡើងកាលពីក្នុងខែឧសភា ឆ្នាំ១៩៥៦ ។
ព្រះបរមសារីរិកធាតុ ដែលគង់ប្រថាប់ក្នុង ព្រះសក្យមុនីចេតិយនោះ ត្រូវបានតម្កល់ទុក នៅក្នុងព្រះកាញ្ននកោដ្ឋ (កោដ្ឋមាស) តូច រួចហើយតម្កល់កោដ្ឋមាសនៅក្នុងព្រះសក្យ មុនី ចេតិយស្ដូបរ័ត្ន (ស្ដូបសំរឹទ្ធិិ) រួចទើបយក ស្ដូបសំរឹទ្ធិទៅតម្កល់នៅក្នុងព្រះសក្យមុនី ចេតិយ ។
ព្រះ សក្យមុនីចេតិយមុខស្ថានីយរាជាយ ស្ម័យយានរាជធានីភ្នំពេញ ត្រូវបានគណៈ កម្មាធិការប្រជាជនរាជធានីភ្នំពេញ ជួសជុល ឡើងវិញ នៅឆ្នាំ១៩៨៨ ។
- ព្រះសក្យមុនីចេតិយ នៅភ្នំព្រះរាជ ទ្រព្យ (ឧដុង្គ)
-ថ្ងៃពុធ ១១រោច ខែជេស្ឋ ពុទ្ធសករាជ ២៥៤០ ត្រូវនឹងថ្ងៃទី១២ មិថុនា ឆ្នាំ១៩៩៦ ពិធីក្រុងពាលីដ៏ធំមួយ (តាមបែបបុរាណ) សុំ ទីតាំងសាងសង់ក៏ត្រូវប្រព្រឹត្ដទៅនៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ជា ស៊ីម ប្រមុខ រដ្ឋស្ដីទី ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេច ព្រះរាជអគ្គមហេសី ជាទីសក្ការៈ ។
-ថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាធ ពុទ្ធសករាជ២៥៤០ ត្រូវនឹងថ្ងៃទី៨ សីហា ឆ្នាំ ១៩៩៦ ពិធីបញ្ចុះបឋមសិលានៅទីតាំងសាង សង់ព្រះសក្យមុនីចេតិយថ្មី ក្រោមព្រះរាជា ធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះរាជអគ្គ មហេសី នរោត្ដម មុនិនាថ សីហនុ ជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ។
-ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ពុទ្ធ សករាជ២៥៤៦ ត្រូវនឹងថ្ងៃទី២៩ សីហា ឆ្នាំ ២០០២ គណៈកម្មការសាងសង់បានធ្វើការ ត្រួតពិនិត្យគុណភាពសំណង់ជាទូទៅ និងបាន ប្រគល់ជូនទៅក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ដើម្បីទទួលគ្រប់គ្រងថែរក្សា ។
-ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ពុទ្ធ សករាជ២៥៤៦ ត្រូវនឹងថ្ងៃទី១៩ ធ្នូ ឆ្នាំ ២០០២ ប្រារឰពិធីសម្ពោធជាផ្លូវការ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះរាជ អគ្គមហេសី ជាទីសក្ការៈ ដោយមានការយាង និមន្ដ និងអញ្ជើញចូលរួមពីសម្ដេចព្រះសង្ឃ រាជទាំងពីរគណៈ មន្ដ្រីសង្ឃជាន់ខ្ពស់ ព្រះ សង្ឃជាច្រើនពាន់អង្គ សីលវន្ដ សីលវតី ថ្នាក់ ដឹកនាំជាន់ខ្ពស់ជាតិ ឯកអគ្គរាជទូត ឯកអគ្គ រដ្ឋទូត មន្ដ្រីរាជការ អ្នកមុខ អ្នកការ និង ប្រជាពលរដ្ឋជាពុទ្ធសាសនិកដ៏ច្រើនកុះករ ណែនណាន់តាន់តាប់មកពីគ្រប់ទិសទី ក្នុងទូទាំងប្រទេស ៕


Về Đầu Trang Go down

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ