ដោយ មឿង ទុម
2010-04-04
ប្រវត្តិវិទូខ្មែរជាច្រើន រួមទាំងសៀវភៅប្រវត្តិសាស្ត្រខ្មែរស្ទើរតែទាំងអស់ បានអះអាងដូចៗគ្នាក្នុងន័យថា ខ្មែរកម្ពុជាក្រោមជាអ្នកបន្តពូជខ្មែរបូរាណនៃអាណាចក្រហ្វូណន ឬនគរភ្នំ តាំងពីមុនគ្រិស្តសករាជមកម្ល៉េះ ដែលក្រោយមកខ្មែរហៅកម្ពុជាក្រោមថា ចេនឡាទឹក។
លុះមកដល់របបអាណានិគមបារាំង ចន្លោះពីគ្រិស្តសករាជ ១៨០២ ដល់ ១៨៦២ កម្ពុជាក្រោម ឬចេនឡាទឹក ត្រូវបានបារាំងប្ដូរហៅថា កូសាំងស៊ីន រីឯប្រជាពលរដ្ឋខ្មែរក្រោមវិញ បារាំងហៅថា Cambodgien។
អ្នកនិពន្ធខ្មែរមួយរូប លោក ទៀ ថេន សរសេរសៀវភៅដែលមានចំណងជើងថា រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម ឬអតីតកូសាំងស៊ីន បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៥មក បានឲ្យដឹងថា ជីវិតរស់នៅរបស់ប្រជាជនកូសាំងស៊ីន ឬជីវិតខ្មែរក្រោម បង្កើតបានជាមួយនូវកេរ្តិ៍ដំណែលពីអតីតកាលរបស់ពួកគាត់ជាខ្មែរ មានភស្តុតាងទាំងឡាយដោយត្រឹមត្រូវពិតប្រាកដថា កម្ពុជាក្រោមគឺជារបស់ខ្មែរ។ នៅក្នុងអំឡុងពេលជាង ១៧សតវត្ស កម្ពុជាក្រោមត្រូវបានរស់នៅដោយប្រជាជនខ្មែរសុទ្ធសាធ។ ទើបតែចាប់ពីដើមសតវត្សទី១៨មកនោះទេ ដែលមានជនជាតិចិន និងជនជាតិអាណាម ឬយួន ឬវៀតណាមមួយចំនួនតូចបានចូលទៅរស់នៅលើដែនដីកូសាំងស៊ីន ឬដែនដីកម្ពុជាក្រោម។
កាលពីសម័យអាណានិគមបារាំងក្នុងឆ្នាំ១៩២៤ រដ្ឋាភិបាលបារាំងនៅស្រុកកូសាំងស៊ីន បានធ្វើជំរឿនប្រជាពលរដ្ឋ បានឲ្យដឹងថា នៅកម្ពុជាក្រោម ឬកូសាំងស៊ីន មានប្រជារាស្រ្តខ្មែរក្រោមចំនួន ៨សែននាក់។ លុះដល់ឆ្នាំ១៩៦៨ ក្រុមរណសិរ្សតស៊ូកម្ពុជាក្រោមបានអះអាងថា ប្រជារាស្ត្រខ្មែរក្រោមមានទាំងអស់ ៤.០៤៧.៥០០នាក់ រស់នៅតាម ២១ខេត្តក្រុង នៅទូទាំងដែនដីកម្ពុជាក្រោម។
ចំណែកលោក ឆាលស៍ អេហ្គ័រ (Charles Agar) ជាជនបរទេសម្នាក់ដែលបានសរសេរសៀវភៅមគ្គុទ្ទេសក៍មួយក្បាលមានចំណងជើងថា វៀតណាមរួមទាំងអង្គរវត្ត បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៦មក បានឲ្យដឹងថា Mekong Delta ឬកម្ពុជាក្រោម មានប្រជាពលរដ្ឋរស់នៅទាំងអស់ ១៧លាននាក់ ក្នុងនោះរួមទាំងខ្មែរក្រោមម្ចាស់ស្រុកផង គឺភាគច្រើនប្រកបរបរកសិកម្ម និងនេសាទ។ ចំណែកសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរក្រោមទាំងអស់ប្រមាណ ៨លាននាក់រស់នៅលើដែនដីកម្ពុជាក្រោម។
លោក គឹម សាអ៊ូល ជាអតីតអនុសេនីយ៍ត្រីនៃកងយោធពលខេមរជាតិរបស់របបសាធារណរដ្ឋខ្មែរ នាដើមទសវត្ស ១៩៧០ និងជាអ្នកនិពន្ធខ្មែរមួយរូបដែរ បានសរសេរបញ្ជាក់ក្នុងសៀវភៅដែលមានចំណងជើងថា ដែនដីកម្ពុជាក្រោមបានឲ្យដឹងបន្ថែមថា ប្រជាពលរដ្ឋខ្មែរក្រោម ២ ភាគ ៣ ជាកសិករ។ ចំណែកអ្នករដ្ឋការ និងអ្នកជំនួញមានតិចតួចទេ គឺមានតែ ១ ភាគ ៣ ប៉ុណ្ណោះ។
កសិករខ្មែរក្រោមម្នាក់សូមជម្រាបឈ្មោះជាអក្សរកាត់ ល. រ.ស.ម រស់នៅក្នុងខេត្តឃ្លាំង ដែលវៀតណាមហៅថា សុកទ្រាំង មានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរក្រោមនៅខេត្តឃ្លាំង ភាគច្រើនជាកសិករមានជីវភាពក្រីក្រលំបាក។
កសិករ ល. រ.ស.ម បានបញ្ជាក់ថា ៖ «របរធំបំផុតគឺរបរស្រែ អាជីវកម្មស្រែចម្ការ។ ជីវភាពរស់នៅនោះ មានការលំបាកលំបិនណាស់ តឹងតែងណាស់! កសិករដែលរស់នៅកន្លែងហ្នឹង មានការប្រកបរបរធ្វើស្រែនោះ មានការហត់នឿយជាទីបំផុត។ ធ្វើបាននាមតែធ្វើ គ្មានបានចំណេញអីទេ។ របរធំបំផុតគឺរបរស្រែ បើយើងមិនធ្វើ មិនដឹងរស់ជាមួយនឹងអី?»។
សៀវភៅ ដែនដីកម្ពុជាក្រោម បានឲ្យដឹងបន្តថា នៅតាមភូមិនីមួយៗនៅឯដែនដីកម្ពុជាក្រោម តែងតែមានវត្តដើម្បីទុកជាទីសក្ការបូជា ដោយមានផ្ទះអ្នកស្រុកព័ទ្ធជុំវិញ។ អ្នកនិពន្ធ គឹម សាអ៊ូល សង្កេតឃើញកាលពីមុនឆ្នាំ១៩៧៥ នៅកម្ពុជាក្រោម គឺភូមិនីមួយៗមានផ្ទះយ៉ាងតិច ១០ខ្នង ដែលមានទីធ្លាធំល្វឹងល្វើយ។ លក្ខណៈសំខាន់នៃភូមិអ្នកស្រុកខ្មែរក្រោម គឺមានគុម្ពឫស្សីជាសញ្ញាខណ្ឌដាច់ដោយឡែកពីភូមិមួយទៅភូមិមួយ។ នៅចន្លោះភូមិនីមួយៗមានផ្លូវលំកាត់ខ្វាត់ខ្វែង ងាយធ្វើគមនាគមន៍។
ប្រជាពលរដ្ឋខ្មែរក្រោមមួយរូបសុំមិនជម្រាបឈ្មោះ សព្វថ្ងៃរស់នៅក្នុងខេត្តក្រមួនស ដែលវៀតណាមហៅថា រ៉ាច់យ៉ា មានប្រសាសន៍ថា ថ្វីបើកម្ពុជាក្រោមជាដែនដីទំនាបជាប់អាងទន្លេមេគង្គក្ដី ប៉ុន្តែបច្ចុប្បន្នមិនសូវមានបញ្ហាការលិចទឹក ប៉ះពាល់ដល់ភូមិឋានរបស់អ្នកស្រុកទេ ព្រោះមានប្រព័ន្ធលូច្រើនដែលអាចជួយបង្ហូរទឹកចេញបានទាន់ពេលវេលា។
ពលរដ្ឋដដែលបានបញ្ជាក់ថា ៖ «ការលិចទឹកនេះមានចំនួនតិចណាស់ មកពីឥឡូវនេះគេមានធ្វើលូបង្ហូរទឹកនោះច្រើន។ ពិតមែនតែតំបន់នោះទំនាបមែន ប៉ុន្តែតំបន់នោះមិនសូវលិចទឹកពេកនោះទេ។ បើមានលិច ច្រើនលិចខែភ្ជុំបិណ្ឌ ទឹកជន់រដូវហ្នឹង តែបើហួសពីហ្នឹង ទឹកតិចណាស់ អត់មានឡើងដល់ផ្ទះទេ»។
លោក គឹម សាអ៊ូល អ្នកនិពន្ធសៀវភៅ ដែនដីកម្ពុជាក្រោម បានអះអាងឲ្យដឹងបន្ថែមថា ផ្ទះខ្មែរក្រោមមាន ៣ប្រភេទខុសពីគ្នា។ ប្រភេទទី១ ជាផ្ទះដែលសង់ជាប់នឹងដី ធ្វើពីឫស្សី ឬឈើ តែប្រក់ស្លឹក តែមានគ្រឹះដែលគេចាក់ដីធ្វើជាគ្រឹះឲ្យខ្ពស់ពីដី នៅក្នុងបរិវេណផ្ទះកម្ពស់ប្រហែល ២តឹក។ ប្រភេទទី២ ជាផ្ទះសង់ផ្ទាល់នឹងដីដែរ តែធ្វើពីឈើប្រក់ក្បឿង ឬប្រក់ស្លឹក សង់លើគ្រឹះធ្វើអំពីស៊ីម៉ងត៍មានកម្ពស់ពី ២ ទៅ ៤តឹក។
កសិករខ្មែរក្រោមអម្បាញ់មិញមានប្រសាសន៍អំពីសំណង់លំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរក្រោមថា ច្រើនសង់លើដីគ្រឹះដែលមានកម្ពស់ប្រមាណ ៤តឹកពីដីរាប ប្រក់ស្លឹកចាក មិនប្រក់ស្បូវដូចនៅកម្ពុជាកណ្ដាលទេ គឺគេសង់ទៅតាមកម្រិតធនធាននៃគ្រួសារនីមួយៗ ៖ «សម័យឥឡូវ អ្នកដែលមានទ្រព្យសម្បត្តិកណ្ដាល គេសង់ផ្ទះប្រក់ស្លឹក គេប្រើសសរស្រុកធម្មតា ដូចជាដើមស្មាច់ ដើមទន្ទឹម បានន័យថា ឈើណាត្រង់ល្អដែលគេអាចយកមកធ្វើសសរផ្ទះបាន។ ប្រក់ស្លឹកបានន័យថា ស្លឹកចាកដែលវាមានទម្រង់ប្រហែល ៥សង់ទីម៉ែត្រ វែងប្រហែល ១ម៉ែត្រ ឬជាង ១ម៉ែត្រ ស្លឹកនោះគឺស្លឹកចាក។ ចំណែកអ្នកក្រមែនទែនក៏ប្រក់ស្លឹកចាកដែរ គេអត់ប្រើស្បូវទេ គេប្រើស្លឹកចាក។ ស្លឹកចាកហ្នឹងវាដុះតាមជួរ នៅជួរមាត់ព្រែក គេទៅកាប់យកមកដេរជាស្លឹក និងយកមកប្រក់»។
ចំណែកកសិករខ្មែរក្រោមមួយរូបទៀតមានប្រសាសន៍ឲ្យដឹងបន្ថែមអំពីសំណង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរក្រោម នៅឯដែនដីកម្ពុជាក្រោម ៖ «ឥឡូវនេះ ការដែលសង់ផ្ទះច្រើនមានលក្ខណៈស័ង្កសី ស្លឹកមានខ្លះដែរ។ ដំបូលស័ង្កសីនិងស្លឹកច្រើន។ អ្នកក្រីក្រ ហើយមានផ្ទះមួយចំនួនទៀតដំបូលក៏ស្លឹក ជញ្ជាំងស្លឹកៗទាំងអស់»។
សៀវភៅ ដែនដីកម្ពុជាក្រោម បញ្ជាក់ថា ផ្ទះប្រភេទទី៣ ដែលខ្មែរក្រោមនិយមសង់គឺជាផ្ទះថ្ម សង់លើគ្រឹះស៊ីម៉ងត៍ កម្ពស់ប្រហែលកន្លះម៉ែត្រក្រាលឥដ្ឋ។
ពលរដ្ឋខ្មែរក្រោមសុំមិនបញ្ចេញឈ្មោះ នៅខេត្តឃ្លាំង និងខេត្តក្រមួនស មានប្រសាសន៍ឲ្យដឹងបន្ថែមអំពីសំណង់ផ្ទះប្រភេទទី៣ ដែលប្រជាពលរដ្ឋខ្មែរក្រោមអ្នកមានទ្រព្យធនធូរធារ និយមសង់នៅឯដែនដីកម្ពុជាក្រោម។
ពលរដ្ឋខ្មែរក្រោមដដែលបានឲ្យដឹងថា ៖ «អ្នកដែលមានទ្រព្យសម្បត្តិគ្រាន់បើ គេធ្វើផ្ទះថ្ម... ជាផ្ទះដែលសង់ផ្ទាល់នឹងដី ផ្ទះតម្កល់ ជញ្ជាំងឥដ្ឋ ដំបូលប្រក់ស័ង្កសី។ ផ្ទះជញ្ជាំងថ្មនោះមានចំនួនតិចណាស់»។
សៀវភៅ ដែនដីកម្ពុជាក្រោម របស់អ្នកនិពន្ធ គឹម សាអ៊ូល បញ្ជាក់បន្ថែមថា ការដែលប្រជាពលរដ្ឋខ្មែរក្រោមរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ និងទំនៀមទម្លាប់ខ្មែរ បានរហូតដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយសារព្រះសង្ឃ និងព្រះពុទ្ធសាសនាជាគោល៕
0 comments:
Post a Comment