Monday, July 5, 2010

ម៉ាឡេស៊ី៖ ពី​អំ​ណាច​គណបក្សតែ​មួយ ទៅ​រកប្រព័ន្ធនយោ​បាយ​ពហុបក្ស



តាំង​ពី​ឆ្នាំ​១៩៥៧​មក​ ប្រទេស​ម៉ាឡេស៊ី​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្តាច់​មុខ​របស់​គណបក្ស​តែ​មួយ ​ដែល​ឈ្នះ​ឆ្នោត​រហូត​ គឺ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្តបន្ទាប់​គ្នា​ រេ​ម្តង​បន្តិចៗ​ ទៅ​រក​អំណាច​ផ្តាច់ការ​។ ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៨​មក​ អប្រជាប្រិយភាព​នៃ​បក្ស​កាន់​អំណាច​ និង​ឥទ្ធិពល​ខ្លាំង​ឡើង​ជា​លំដាប់​នៃ​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ឲ្យ​ឆាក​ នយោបាយ​នៃ​ប្រទេស​ប្រែប្រួល​មិន​តិច​ឡើយ​។

ម៉ាឡេស៊ី

តាំង ​ពី​បាន​ទទួល​ឯករាជ្យ​ នៅ​ឆ្នាំ​១៩៥៧​មក​ ម៉ាឡេស៊ី​បាន​បង្កើត​និង​អនុម័ត​ប្រព័ន្ធ​នយោបាយ​និង​សេដ្ឋកិច្ច​មួយ​ ដែល​ថ្នាក់​ដឹក​នាំ​បន្តបន្ទាប់​គ្នា​នៃ​ប្រទេស​អះអាង​ ថា​មាន​មូលដ្ឋាន​ នៅ​លើ​Consensus​ រវាង​សហគមន៍​សំខាន់ៗ​ទាំង​បី​នៃ​ប្រជាជាតិ
នោះ​គឺ​ សហគមន៍​ម៉ាឡេ​ ៦០%​នៃ​ចំនួន​ប្រជាជន​ទាំងស្រុង​ សហគមន៍​ចិន​ ៣០%​ និង​សហគមន៍​ឥណ្ឌា​ ៧,៥%​។ ការ​ពិត​ គ្មាន​ឡើយ​Consensus​ មាន​តែ​ការ​ជិះជាន់​ជា​ដរាប​ ពី​សំណាក់​សហគមន៍​ម៉ាឡេ​ដែល​មាន​ចំនួន​ច្រើន​លើសលប់​ ទៅ​លើ​សហគមន៍​តូចតាច​ដទៃ​។ គឺ​ការ​ពឹងពាក់​ទាំង​ស្រុង​ទៅ​លើ​កម្លាំង​នៃ​សហគមន៍​ម៉ាឡេ​កាន់​សាសនា​ អ៊ីស្លាម​នេះ​ហើយ​ ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​(UMNO) ឈ្នះ​ឆ្នោត​រហូត​ និង​ក្តាប់​អំណាច​ផ្តាច់​មុខ​តែ​ឯកឯង​ តាំង​ពី​ឆ្នាំ​១៩៥៧​ មក​ទល់​សព្វ​ថ្ងៃ​។
ការ​រើស​អើង​ពូជសាសន៍​ និង​នយោបាយ​លើក​ស្ទួយ​តែ​ជន​ជាតិ​ម៉ាឡេ​បែប​នេះ ​ថែម​ទាំង​បាន​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ ជា​ច្រើន​លើក​ច្រើន​សា​ រវាង​សហគមន៍​ចិន​ និង​សហគមន៍​ម៉ាឡេ​ និង​បាតុកម្ម​ពី​សំណាក់​ជនជាតិ​ចិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ នៅ​ដើម​ទសវត្សន៍​ទី​៧០​ទៀត​ផង​។
ការ​មាន​ប្រៀប​ផ្តាច់​មុខ​តែ​ឯង​ អស់​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍​ នៃ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ នៅ​លើ​ឆាក​នយោបាយ​ម៉ាឡេស៊ី​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្ត​បន្ទាប់​គ្នា​ រេ​ខ្លួន​បន្តិច​ម្តងៗ​ ទៅ​រក​អំណាច​ផ្តាច់ការ​។ ជាក់​ស្តែង​ជាង​គេ​ គឺ​រដ្ឋាភិបាល​របស់​Mahathir​ ដែល​​បាន​​គ្រប់​គ្រង​​ប្រ​ទេស​​ពី​​ឆ្នាំ​​១៩៨១​​ដល់​​ឆ្នាំ​​ ២០០៣។ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​ Mahathir​ បាន​តាំង​ខ្លួន​ជា​អ្នក​ការពារ​គោលការណ៍​អាស៊ី​ ជា​អ្នក​ការពារ​អំណាច​ផ្តាច់ការ​ភ្លឺស្វាង​ ប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​។ នៅ​ក្នុង​ន័យ​នេះ​ Mahathir បាន​ប្រើ​ប្រាស់​កងទ័ព​និង​កង​នគរបាល​ ដើម្បី​ក្តាប់​និង​ត្រួត​ពិនិត្យ​ប្រជារាស្រ្ត​ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ និង​ដើម្បី​វាយ​បង្ក្រាប​ពួក​ប្រឆាំង​។ ឧទាហរណ៍​ជាក់​ស្តែង​ គឺ​ការ​វាយ​បង្ក្រាប​ទៅ​លើ​បាតុកម្ម​របស់​ពួក​មេធាវី​ ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​ឆ្នាំ​១៩៨៦​ និង​នៅ​ឆ្នាំ​១៩៩៨​ ការ​ចាប់​ខ្លួន​Anwar​ Ibrahim​ ដែល​ជា​បុរស​ខ្លាំង​ទី​២​ ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ដែល​តាម​និយាយ​ នឹង​ត្រូវ​ឡើង​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​Mahathir​ ទៀត​ផង​។
ទោះ ​ជា​យ៉ាង​ណា​ក៏​ដោយ​ Mahathir បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ បាន​លើក​កំពស់​ជីវភាព​របស់​ប្រជាជន​ ដោយសារ​តែ​ការ​លក់​ទំនិញ​ចេញ​ទៅ​ក្រៅ​ប្រទេស​ និង​ដោយសារ​តែ​វិស័យ​ឧស្សាហកម្ម​ ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី​ ឡើង​ទៅ​ដល់​៨​ឬ​៩%​ ពី​ឆ្នាំ​១៩៨៧​ ដល់​ឆ្នាំ​១៩៩៧​។
មុន​នឹង​ចាក​ ចេញ​ពី​អំណាច​ នៅ​ខែ​តុលា​ឆ្នាំ​២០០៣​ Mahathir បាន​ជម្រុញ​Abdullah Ahmad Badawi ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៃ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ ដែល​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​។ មួយ​ឆ្នាំ​ក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី​២១​មីនា​ឆ្នាំ​២០០៤​ ការ​បោះឆ្នោត​បាន​អនុញ្ញាត​ឲ្យ​Badawi​ បន្ត​ជា​ផ្លូវ​ការ​ តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។
ក៏ ​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៧​មក​ លក្ខណៈ​ផ្តាច់ការ​នៃ​របប​ន​យោ​បាយ​​​ម៉ាឡេ បាន​និង​កំពុង​បន្ត​ស្បើយ​ទៅ​វិញ​បន្តិច​ម្តងៗ​។ មាន​មូលហេតុ​ច្រើន​យ៉ាង​ ដែល​អាច​ពន្យល់​ការ​ផ្លាស់ប្តូរ​បែប​នេះ​។ ម្យ៉ាង​ គឺ​ការ​ដោះលែង​Anwar Ibrahim ឲ្យ​ចេញ​ពី​គុក​ នៅ​ខែ​កញ្ញា​ឆ្នាំ​២០០៤​ ការ​ដោះលែង​ដែល​បាន​បើក​លទ្ធភាព​ឲ្យ​អតីត​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​ ចាប់​ផ្តើម​ចេញ​មុខ​ធ្វើ​ជា​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​។ ម្យ៉ាង​ទៀត​ គឺ​អសមត្ថភាព​របស់​ Badawi ក្នុង​ការ​ដឹកនាំ​គណ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ និង​ក្នុង​ការ​ដឹក​នាំ​រដ្ឋាភិបាល​។ អ៊ីចឹង​ហើយ​ បាន​ជា​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៧​ បណ្តា​ជន​ជាង​៣ ០០០០នាក់​ បាន​ចុះ​ធ្វើ​បាតុកម្ម​ នៅ​តាម​ដង​ផ្លូវ​នៃ​ទី​ក្រុង​Kuala Lumpour​។ គឺ​ជា​ចលនា​បាតុកម្ម​ធំ​ជាង​គេ​មួយ​មិន​ដែល​មាន​ឡើយ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ នា​រយៈ​ពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នៅ​ខែ​ឧសភា​ឆ្នាំ​២០០៨​ មាន​មហា​បាតុកម្ម​មួយ​ទៀត​កើត​ឡើង​ នៅ​ក្នុង​រដ្ឋធានី​។ បណ្តា​បាតុករ​ប្រឆាំង​នឹង​សាំង​ឡើង​ថ្លៃ​ ប្រឆាំង​នឹង​អសមត្ថភាព​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​អំពើ​ពុក​រលួយ ​និង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​។ គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ​ ដែល​គណបក្ស​ជំទាស់​ បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ដើម្បី​តទល់​នឹង​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ នៅ​ពេល​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​២០០៨​ ការ​បោះឆ្នោត​ដែល​បាន​ធ្វើ​ឲ្យ​អាសនៈ ​នៅ​ក្នុង​រដ្ឋសភា​របស់​បក្ស​ប្រឆាំង​កើន​ចំនួន​ពី​១៨ ​ទៅ​៨២​។
ការ ​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​២០០៨​ នៅ​ម៉ាឡេស៊ី​ គឺ​ជា​រលក​យក្ស​Tsunami ​មួយ​សំរាប់​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ ពីព្រោះ​ជា​លើក​ទី​មួយ​បង្អស់​គណបក្ស​មួយ​នេះ​ដែល​កាន់​អំណាច​ផ្តាច់មុខ​តែ​ ឯកឯង​ នៅ​ក្នុង​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៥៧​មក​ ទទួល​មិន​បាន​អាសនៈ ចំនួន​២ភាគ៣​ នៅ​ក្នុង​រដ្ឋសភា​និង​អស់​មាន​អំណាច​កែប្រែ​រដ្ឋធម្មនុញ្ញ​បាន​ស្រេច​តែ​ អំពើ​ចិត្ត​ទៀត​ហើយ​។
គឺ​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ​នៅ​លើ​ឆាក​ នយោបាយ​ម៉ាឡេស៊ី​បែប​នេះ​ហើយ​ ដែល​បាន​ជម្រុញ​ឲ្យ​លោក​Badawi លះបង់​ចោល​ នៅ​ខែ​មីនា​កន្លង​ទៅ​នេះ​ តំណែង​ប្រធាន​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​។ នៅ​ថ្ងៃ​ទី​២៦​មីនា​កន្លង​ទៅ​នេះ​ បណ្តា​ប្រតិភូ​ទាំង​ ២៥០០​​នាក់​នៃ​គណបក្ស​បាន​បោះ​ឆ្នោត​តែងតាំង​ Najib Tun Razak ជា​ប្រធាន​។ ហើយ​ តាំង​ពី​ពេល​នោះ​មក​ Najib Tun Razak បាន​ក្លាយ​ជា​ស្វ័យប្រវត្តិ​ ទៅ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​។
ពី​ពេល​នេះ​តទៅ​ Najib Tun Razak ត្រូវ​ប្រឈម​មុខ​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​Anwar Ibrahim។ ពី​អំណើះ​តទៅ​ Anwar Ibrahim នឹង​ខិតខំ​ទាក់ទាញ​សហគមន៍​ចិន​និង​ឥណ្ឌា ព្រម​ទាំង​ស្វែង​រក​ការ​គាំទ្រ​ពី​ពួក​ម៉ាឡេ​ណា​ ដែល​លែង​ទុក​ចិត្ត​គណបក្ស​កាន់​អំណាច​ ដើម្បី​ដណ្តើម​យក​ជ័យជំនះ​ នៅ​ពេល​បោះ​ឆ្នោត​លើក​ក្រោយ​៕

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ