ដោយ កេសរណ្ណីយ្យា
2010-04-29
ថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃមួយដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកបាននាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺវិសាខបូជា។
ប្រការដែលគួរឲ្យកត់សម្គាល់មួយទៀត គឺអង្គការសហប្រជាជាតិក៏បានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក។
វិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
លោកធម្មបណ្ឌិត ហេង មុនីចិន្ដា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ នៅស្រុកសង្កែ ខេត្តបាត់ដំបង បានមានប្រសាសន៍ថា វិសាខបូជាគឺជាបុណ្យប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនា ដែលមានអាយុកាល ២៥៥៣ឆ្នាំមកហើយនេះ។
លោកធម្មបណ្ឌិត ហេង មុនីចិន្តា បានបញ្ជាក់ថា ៖ «...ជាអាយុរបស់ព្រះពុទ្ធសាសនា ដែលយើងបានកាន់ផងដែរ ពីព្រោះពុទ្ធសាសនាយើងរាប់ជាសករាជឡើង នៅថ្ងៃបន្ទាប់ពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានចូលបរិនិព្វាន។ ដូច្នេះថ្ងៃវិសាខបូជា គឺប្រារព្ធទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។ គ្រប់ប្រទេសទាំងអស់ដែលកាន់ព្រះពុទ្ធសាសនា នៅភូមិភាគអាស៊ីអាគ្នេយ៍យើងនេះក្ដី នៅក្នុងពិភពលោកទាំងមូលក្ដី តែងតែប្រារព្ធធ្វើទិវាវិសាខបូជា ហើយដែលពុទ្ធសាសនិកជនទាំងអស់បានប្រារព្ធពិធីនេះជាយូរមកហើយ...»។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជានេះ សៀវភៅ "ព្រះរាជពិធីទ្វាទសមាស" ដែលជាការបោះពុម្ពផ្សាយរបស់វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ ក្នុងគ្រិស្តសករាជ ១៩៥១ បានសរសេរកត់ត្រាថា បន្ទាប់ពីព្រះពុទ្ធទ្រង់បានរំលត់ខន្ធចូលកាន់បរិនិព្វានអស់រយៈពេលជាច្រើនរយឆ្នាំទៅហើយ ទើបគេសង្កេតឃើញបុណ្យវិសាខបូជានេះ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសឥណ្ឌា។
ប៉ុន្តែទោះបីជាពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើជាទំនៀមទម្លាប់ តាំងពីបូរាណយូរអង្វែងមកហើយក្ដី អ្នកសិក្សាស្រាវជ្រាវផ្នែកពុទ្ធសាសនាខ្លះ បានបញ្ជាក់ថា ហាក់ដូចជាពុំមានឯកសារណាមួយកត់ត្រាអំពីកាលបរិច្ឆេទ ឬថ្ងៃ ខែ ឆ្នាំ នៃការប្រារព្ធពិធីបុណ្យវិសាខបូជា ឲ្យបានច្បាស់លាស់នោះឡើយ។
ព្រះតេជព្រះគុណ សុន ឌឿន ព្រះគ្រូសូត្រស្ដាំ និងជាឧទ្ទេសាចារ្យវត្តជេតពនទួលសាលា ស្ថិតនៅក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល បានមានព្រះថេរដីកាថា តាមការស្រាវជ្រាវអំពីប្រវត្តិបុណ្យវិសាខបូជា ដូចជានៅក្នុងប្រទេសឥណ្ឌាជាដើម ទាំងនៅក្នុងសម័យកាលនៃស្ដេចធម្មាសោក ឬព្រះបាទអសោក ដែលជាអធិរាជមួយអង្គមានសទ្ធាជ្រះថ្លា និងបានឧបត្ថម្ភ ព្រះពុទ្ធសាសនាយ៉ាងខ្លាំងក្លាក្រៃលែង ក៏គេមិនឃើញមានឯកសារបញ្ជាក់ថា ព្រះរាជាអង្គនោះបានធ្វើបុណ្យវិសាខបូជាក្នុងរជ្ជកាលព្រះអង្គ ក្នុងរវាង ២៧៣ឆ្នាំ មុនគ្រិស្តសករាជនោះឡើយ។
ព្រះតេជព្រះគុណ សុន ឌឿន បានមានព្រះថេរដីកាថា ៖ «...គ្រាន់តែបញ្ជាក់ថា ក្រោយពីព្រះពុទ្ធទ្រង់បរិនិព្វានទៅ ក្នុងពុទ្ធសករាជ ១៥០០ កើតមានកលិយុគវិវាទផ្នែកសាសនា ធ្វើឲ្យបពុទ្ធបរិស័ទនៅឥណ្ឌាក្នុងពេលនោះ មិនមានឱកាសក្នុងការប្រារព្ធបុណ្យវិសាខបូជាឡើយ...»។
ចំណែកទំនៀមទម្លាប់នៃការប្រារព្ធពិធីបុណ្យវិសាខបូជានៅក្នុងប្រទេសកម្ពុជាវិញ សៀវភៅ "ព្រះរាជពិធីទ្វាទសមាស" ឬ "ពិធីបុណ្យទាំង១២ខែ" ដែលរៀបរៀងដោយលោកឧកញ៉ា, ឈឹម ក្រសេម និង ឃុនឧត្តមប្រឺជា ចាប ពីន ក៏បានកត់ត្រាឲ្យដឹងផងដែរថា គឺបានផ្ដើមក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះអង្គដួង ដែលគង់នៅក្រុងឧដុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ ឬគ្រិស្តសករាជ ១៨៥៤។ ១១ឆ្នាំក្រោយមក នៅពេលដែលព្រះអង្គបានលើកទីក្រុងមកតាំងនៅភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ ពិធីបុណ្យវិសាខបូជា ក៏ត្រូវបានប្រារព្ធធ្វើជាទូទៅនៅគ្រប់វត្តអារាម ជាប់ជាទំនៀមមកដល់បច្ចុប្បន្ននេះ។
រីឯឯកសារដែលស្រាវជ្រាវចងក្រងដោយ លោក ជា គាន អគ្គលេខាធិការរងទី១ នៃគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានសរសេរបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យវិសាខបូជា នាពេលនោះជាទូទៅគេឃើញច្រើនធ្វើក្នុងវត្តអារាមនៅពេលរាត្រី ពីព្រោះគេចង់តម្រូវឲ្យត្រូវនឹងពាក្យថា បុណ្ណមី ឬព្រះច័ន្ទពេញបូណ៌មី។ ម៉្យាងទៀតគឺផ្ដល់ឱកាសដល់ពុទ្ធបរិស័ទប្រុសស្រីចាស់ក្មេង ឲ្យបានមកជួបជុំគ្នាធ្វើការគោរពបូជាដោយអុជភ្លើងទៀន ប្រទីបជ្វាលា ឲ្យបានភ្លឺព្រោងព្រាតឡើង។
ព្រះតេជព្រះគុណ សុន ឌឿន ព្រះគ្រូសូត្រស្ដាំ និងជាឧទ្ទេសាចារ្យ វត្តជេតពនទួលសាលា ស្ថិតនៅក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល បានមានព្រះថេរដីកាបន្ថែមថា ប៉ុន្តែសារសំខាន់បំផុតនៃការគោរពបូជាបុណ្យវិសាខបូជា គឺត្រូវធ្វើវត្តប្រតិបត្តិ ដោយមានការឲ្យទាន រក្សាសីល និងចម្រើនសមាធិបញ្ញាផងដែរ ទើបមានឈ្មោះថាជាការបូជាដ៏ឧត្ដម និងបានផលានិសង្សបុណ្យកុសលខ្ពង់ខ្ពស់។
ព្រះតេជព្រះគុណ សុន ឌឿន បានមានព្រះថេរដីកាថា ៖ «...ដើម្បីសម្ដែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ យើងត្រូវយល់អំពីខ្លឹមសារនៃព្រះពុទ្ធសាសនា ដែលចារក្នុងព្រះត្រៃបិដកជាគោល យ៉ាងហោចណាស់ក៏ថ្ងៃនេះយើងបូជារក្សាសីល ឬក៏ធ្វើសមាធិចិត្តឲ្យបានល្អគ្រប់ៗគ្នា ហើយគឺយើងជួបជុំគ្នារក្សាសីល យ៉ាងហោចណាស់យើងបានសីល ៥ គ្រប់ៗគ្នាទៅ...»។
ប្រពៃណីក្នុងការប្រារព្ធពិធីបុណ្យវិសាខបូជានេះក៏ត្រូវបានរក្សាទុក និងធ្វើតាមជាទំនៀមមកដល់សព្វថ្ងៃនេះផងដែរ ដោយមានរៀបចំយ៉ាងអធិកអធមជាផ្លូវការរៀងរាល់ឆ្នាំនៅលើកំពូលភ្នំអដ្ឋរស្ស ឬភ្នំព្រះរាជទ្រព្យ នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល ជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដោយរួមមានទាំងកិច្ចនមស្សការ សមាទានសីល ស្ដាប់ធម្មទេសនា និងពិធីដាក់បាត្រព្រះសង្ឃផងដែរ។
ប្រការដែលគួរឲ្យកត់សម្គាល់នោះ គឺអង្គការសហប្រជាជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ បានប្រកាសទទួលស្គាល់បុណ្យវិសាខបូជាជាទិវាបុណ្យអន្តរជាតិ ដោយមានការស្នើសុំពីប្រទេសនានានៅលើសកលលោក ដែលគោរពព្រះពុទ្ធសាសនា ក្នុងនោះរួមទាំងកម្ពុជាផងដែរ។
លោកធម្មបណ្ឌិត ហេង មុនីចិន្ដា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍នៅស្រុកសង្កែ ខេត្តបាត់ដំបង បានមានប្រសាសន៍អំពីគោលសំខាន់ៗនៃវិសាខបូជា ជាកត្តាដែលអង្គការសហប្រជាជាតិបានសម្រេចដាក់បញ្ចូលជាទិវាបុណ្យអន្តរជាតិនេះ។
លោកធម្មបណ្ឌិត ហេង មុនីចិន្តា បានអះអាងថា ៖ «...ព្រោះគេឃើញនូវគុណប្រយោជន៍របស់ព្រះពុទ្ធសាសនា ទី១ ជាសាសនាដែលមានចំណាស់យូរ ២៥៦០ឆ្នាំទៅហើយ ...ទី២ ជាសាសនាមានគោលការណ៍សន្តិភាព មិនកាប់សម្លាប់គ្នា គោរពសិទ្ធិគ្នាក្នុងការរស់នៅទៅវិញទៅមក ទី៣ ពុំដែលមានសង្គ្រាមដែលកើតឡើងក្នុងនាមព្រះពុទ្ធសាសនានោះទេ ហើយមានប្រជាជនដល់ទៅជាង ៥រយលាននាក់នាបច្ចុប្បន្ននេះនៅលើពិភពលោកទាំងមូល បានកាន់ព្រះពុទ្ធសាសនា...។ កត្តាទាំងអស់នេះហើយដែលអង្គការសហប្រជាជាតិបានលើកតម្លៃព្រះពុទ្ធសាសនា ថា បានចូលរួមចំណែកដ៏ក្រាស់ក្រែលធំធេងណាស់ក្នុងសន្តិភាពពិភពលោក និងការរួមរស់ជាមួយគ្នាដ៏សុខស្ងប់...»។
ចាប់តាំងពីអង្គការសហប្រជាជាតិបានទទួលស្គាល់វិសាខបូជា ជាទិវាបុណ្យអន្តរជាតិមក ប្រទេសដែលគោរពព្រះពុទ្ធសាសនាជាច្រើននៅលើសកលលោក បាននាំគ្នាប្រារព្ធធ្វើពិធីបុណ្យវិសាខបូជាជាសកល ដោយដាក់ឈ្មោះថា UN-វិសាខ ឬវិសាខបូជានៃអង្គការសហប្រជាជាតិ៕
0 comments:
Post a Comment