Monday, July 5, 2010

សង្គហធម៌

ព្រះ​បាឡាត់​ឧត្ដម​លិខិត សុង - ស៊ីវ វត្ត​លង្កា ភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ៨ រោច ខែ​ផល្គុន ឆ្នាំ​ជូត សំរិទ្ធិស័ក
ព. ស. ២៤៩១ (២២ - ៣ - ៤៩)
សូម​សំដែង អំពី​សង្គហធម៌ ដែល​មាន​ក្នុង​សត្តន្តបិដក គម្ពីរ​ទីឃនិកាយ បាដិកវគ្គ ដូច​សេចក្ដី​តទៅ​នេះ
កិច្ច ឬ​ឧបាយ​សម្រាប់​សង្គ្រោះឬ​ក៏​សករោចស្រង់​គ្នា​នឹង​គ្នា​ឲ្យ​មាន​ក្ដី​ស្នេហា ​ទៅ​វិញ​ទៅ​មក កុំ​ឲ្យ​បែកបាក់​គ្នា ហៅ​ថា សង្គហធម៌ (ឬ​ថា​បិយករណធម៌ ៗ ជា​គ្រឿង​ធ្វើ​នូវ​សេចក្ដី​ស្រឡាញ់), មាន ៤ យ៉ាង ដូច​ពុទ្ធភាសិត​មួយ​កន្លែង ក្នុង​សិង្គាលោវាទសូត្រ​ថាៈ

ទានញ្ច បិយវជ្ជញ្ច អត្ថចរិយា ច យា ឥធ
សមានត្តតា ច ធម្មេសុ តត្ថ តត្ថ យថារហំ
ឯតេ ខោ សង្គហា លោកេ រថស្សាណីវ យាយតោ
ឯតេ ច សង្គហា នាស្ស ន មាតា បុត្តការណា
លភេថ មានំ បូជំ វា បិតា វា បុត្តការណា ។
សេចក្ដី ​ថាៈ ធម៌​សម្រាប់​សង្គ្រោះ​មនុស្ស​ក្នុង​លោក​នេះ មាន ៤ យ៉ាង គឺៈ ការ​ឲ្យ​ទាន ១, ពោល​ពាក្យ​ពីរោះ ១, កិរិយា​ប្រព្រឹត្ត​អំពើ​ឲ្យ​ជា​ប្រយោជន៍ ១, ភាព​ជា​អ្នក​តាំង​ខ្លួន​ឲ្យ​ស្មោះ​ស្មើ ១, ធម៌​ទាំង​ប៉ុណ្ណេះ​នេះ រមែង​ប្រព្រឹត្ត​ទៅ​ក្នុង​លោក​ដូច​ប្រែក​ទប់​នៃ​រទេះ ។ អធិប្បាយ​ថា រទេះ​កាល​បើ​មាន​ប្ឬក​ទប់ ទើប​អាច​ប្រព្រឹត្ត​ទៅ បើ​មិន​មាន​ទេ​ក៏​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ឡើយ ដូចម្ដេច​មិញ, សត្វ​លោក កាល​បើ​មាន​សង្គហធម៌​ទាំង ៤ នេះ ទើប​ប្រព្រឹត្ត​ទៅ​បាន បើ​មិន​មាន​ទេ​ក៏​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដូច្នោះ​ឯង ។ សង្គហធម៌​ប៉ុណ្ណេះ​មិន​មាន​ហើយ មាតា​ក្ដី បិតា​ក្ដី ក៏​មិន​បាន​នូវ​ការ​បូជា ឬ​សេចក្ដី​រាប់អាន​អំពី​បុត្រ​របស់​ខ្លួន​ឡើយ ។
១- ការ​ឲ្យ​ទាន .- ទាន​នេះ​ចែក​ជា ២ យ៉ាង​គឺៈ សារណ​ទាន ១ អសារណ​ទាន ១ ។ ឲ្យ​ចំពោះ​រូប​បុគ្គល​ម្នាក់ ៗ ដូចជា​មាតា​បិតា​ឲ្យ​អាហារ, ឲ្យ​គ្រឿង​ប្រដាប់​ស្លៀក​ពាក់, ឲ្យ​ទ្រព្យ​សម្បត្តិ​ធ្វើ​ដើមទុន​ដល់​បុត្រធីតា ឬ​ក៏​បុត្រធីតា​ដែល​មាន​ផ្ទះ​សម្បែង​ហើយ បាន​ជូន​ភោជនាហារ​គ្រឿង​ស្លៀក​ពាក់​ដល់​មាតា​បិតា​ដែល​ចាស់​ជរា, យ៉ាង​នេះ​ហៅ​ថា អសាធារណ​ទាន ។ ឥស្សរជន ឬ​អ្នក​មាន​ទ្រព្យ​សម្បត្តិ ជា​អ្នក​មាន​ចិត្ត​ផ្សាយ​មេត្តា អាណិត​អាសូរ​ដល់​មហា​ជន​ហើយ​លះបង់​ទ្រព្យ​សម្បត្តិ ជួល​គេ​ឲ្យ​លើក​ថ្នល់, ជីក​ព្រែក, ធ្វើ​ស្ពាន, ដើម្បី​ជា​ផ្លូវ​គមនាគមន៍​ទៅ​មក​បាន​ស្រួល ឬ​ដាំ​ដើម​ឈើ, ជីក​ស្រះ, ជីក​អណ្ដូង, សង់​សាលា ដើម្បី​ជា​ទី​សំណាក់​អាស្រ័យ​ដល់​មនុស្ស​អាគន្តុកៈ ឬ​ទំនុក​បំរុង​ធ្វើ​ផ្ទះ​ពេទ្យ, សាលា​បង្រៀន​ជា​ទី​ឲ្យ​ចំណេះ​វិជ្ជា​ដល់​កុមារា​កុមារី, យ៉ាង​នេះ​ហៅ​ថា សាធារណ​ទាន ព្រោះ​ឲ្យ​មិន​ចំពោះ​រូប​បុគ្គល​ម្នាក់ ៗ, នេះ​ជា​សង្គហធម៌​ទី ១ ។
២- ការ​ពោល​ពាក្យ​ពីរោះ .- នោះ​អធិប្បាយ​ថា អ្នក​ឲ្យ​បើ​គ្រាន់​តែ​ឲ្យ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ពោល​ពាក្យ​ពីរោះ​គួរ​ឲ្យ​ចាប់​ចិត្ត​ផង​ទេ, វត្ថុ​ដែល​ឲ្យ​នោះ បើ​ទុក​ជា​ច្រើន​យ៉ាង​ណា ក៏​ប្រាកដ​ហាក់​ដូចជា​តិច, បើ​ពោល​ពាក្យ​ពីរោះ​គួរ​ឲ្យ​ចាប់​ចិត្ត​ផង, ភ័ស្ដុភា​ដែល​ឲ្យ​នោះ​សូម្បី​តិចតួច​សោះ​ក៏​ប្រាកដ​ហាក់​ដូចជា​ច្រើន ព្រោះ​ធ្វើ​ឲ្យ​កើត​សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ត, ដូច​ភាសិត​បុរាណ​ថាៈ "ប្រហុក​អំបិល​ក៏​ដោយ​ចុះ​ឲ្យ​តែ​ចាន​កណ្ដាប់​មាស", ព្រោះ​ហេតុ​នោះ បាន​ជា​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ចាត់ការ​ពោល​ពាក្យ​ពីរោះ ថា​ជា​សង្គហធម៌​ទី ២ ។
៣- កិរិយា​ប្រព្រឹត្ត​អំពើ​ឲ្យ​ជា​ប្រយោជន៍ .- អធិប្បាយ​ថា អ្នក​ឲ្យ​បើ​ប្រសិន​ជា​ឲ្យ​ហើយ​និយាយ​ពីរោះ​ផង ដែល​ជា​គុណ​ចាប់​ចិត្ត​ចង​មេត្រី​ទុក​បាន​យ៉ាង​ស្និទ្ធ​ហើយ, ប៉ុន្តែ​បើ​ជា​មនុស្ស​ចេះ​តែ​មើល​បំណាំ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ប្រព្រឹត្ត​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា គឺ​ថា​មិន​ហុច​ប្រយោជន៍​ឲយ មិន​ប្រាប់​ឧបាយ​ឲ្យ​កើត​ប្រយោជន៍ គ្រាន់​តែ​ឲ្យ​របស់​នឹង​និយាយ​ពីរោះ​ប៉ុណ្ណោះ ការ​ស្និទ្ធ​នោះ​ក៏​នឹង​សាប​សូន្យ​ទៅ​វិញ​ដោយ​ងាយ ។ ព្រោះ​ហេតុ​នោះ ការ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​នេះ ចាត់​ជា​សង្គហធម៌​ទី ៣ ។
៤- ភាព​ជា​អ្នក​តាំង​ខ្លួន​ឲ្យ​ស្មោះ​ស្មើ .- នោះ​អធិប្បាយ​ថា អ្នក​ឲ្យ​សូម្បី​ឲ្យ​ហើយ និយាយ​ពាក្យ​ពីរោះ ព្រម​ទាំង​ជួយ​ខ្វល់ខ្វាយ​ធ្វើ​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា​ហើយ តែ​បើ​មិន​ចេះ​រៀបចំ​ខ្លួន​ឲ្យ​សម​តាម​យសស័ក្តិ ឬ​មិន​ស្គាល់​ធំ, តូច, ខ្ពស់, ទាប ជា​អ្នក​ប្រកាន់​មានៈ​មើល​ងាយ​គេ, សេចក្ដី​រាប់អាន​គ្នា​ក៏​នឹង​សាប​សូន្យ​ទៅ​វិញ ។ លុះ​តែ​អាស្រ័យ​នូវ​សេចក្ដី​ស្មោះ​ស្មើ តាំង​ខ្លួន​ឲ្យ​សម​តាម​យសស័ក្តិ​ផង, ទើប​សេចក្ដី​រាប់អាន​នោះ​នឹង​មាន​កំឡាំង​អាច​តាំង​នៅ​យូរ​អង្វែង​ទៅ​បាន ។ នេះ​ចាត់​ជា​សង្គហធម៌​ទី ៤ ។
សព្វ​សត្វ​ទាំងអស់​ក្នុង​លោក​គួរ​មាន​ សង្គហធម៌ សង្គ្រោះ​ដល់​គ្នា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ជាន់​តាម​ថ្នាក់ ទើប​ចក្រ​ទាំង​គូ គឺ​ពុទ្ធចក្រ នឹង​អាណាចក្រ​វិល​ទៅ​រក​វឌ្ឍនធម៌ នឹង​សន្តិសុខ​បាន​ដោយ​ស្រួល ។
ឯ​បុគ្គល​ដែល​ត្រូវ​មាន​សង្គហធម៌​សង្គ្រោះ ​គ្នា​នឹង​គ្នា​នោះ មាន ៦ ពួក, ព្រះ​ពុទ្ធ​ជា​ម្ចាស់ ទ្រង់​និពន្ធ​ជា​បទ​ព្រះ​គាថា​ប្រៀធៀប​នឹង​ទិស​ទាំង ៦ ដូច្នេះ​ថាៈ
មាតាបិតា ទិសា បុព្វា អាចរិយា ទក្ខិណា ទិសា
បុត្តទារា ទិសា បច្ឆា មិត្តាមច្ចា ច ឧត្តរា
ទាសកម្មករា ហេដ្ឋា ឧទ្ធំ សមណព្រាហ្មនា
ឯតា ទិសា នមស្សេយ្យ អលមត្តោ កុលេ ​គិហី ។
សេចក្ដី ​ថាៈ មាតា​បិតា​ទុក​ជា​ទិស​ខាង​កើត, គ្រូ​បា​អាចារ្យ​ទូក​ជា​ទិស​ខាង​ត្បូង, បុត្រ​ភរិយា​ទុក​ជា​ទិស​ខាង​លិច, មិត្រ​សំឡាញ់​ទុក​ជា​ទិស​ខាង​ជើង, ទាសកម្មករ​ទុក​ជា​ទិស​ខាង​ក្រោម, សមណ​ព្រាហ្ម៍​ទុក​ជា​ទិស​ខាង​លើ, គ្រហស្ថ​ក្នុង​ត្រកូល​ដែល​មាន​សមត្ថភាព ចិញ្ចឹម​បុត្រ​ភរិយា ហើយ​នៅ​គ្រប់គ្រង​ផ្ទះ​សំបែង គប្បី​នមស្សការ​នូវ​បុគ្គល​ទាំងឡាយ​មាន​មាតា​បិតា​ជាដើម​ដែល​ទុក​ដូចជា​ទិស​ នោះ ៗ ចុះ ។
សេចក្ដី​អធិប្បាយ
មាតា​បិតា​ទុក​ជា​ទិស​ខាង​កើត បុត្រធីតា​គប្បី​មាន​សង្គហធម៌​ប្រតិបត្តិ​ចំពោះ​មាតា​បិតា​ដោយ​ស្ថាន ៥ យ៉ាង​គឺៈ
១- កូន​ត្រូវ​តាំង​ចិត្ត​ថា អាត្មា​អញ​នេះ គឺ​មាតា​បិតា​បាន​ចិញ្ចឹម​មក​ហើយ អាត្មា​អញ​ត្រូវ​ចិញ្ចឹម​លោក​វិញ ។
២- កូន​ត្រូវ​តាំង​ចិត្ត​ថា កាល​បើ​មាតា​បិតា​មាន​កិច្ច​រវល់ នោះ​អាត្មា​អញ​ត្រូវ​បញ្ឈប់​ការងារ​របស់​ខ្លួន​ទុក​សិន ហើយ​ត្រូវ​ធ្វើ​កិច្ច​រវល់​របស់​មាតា​បិតា​វិញ ។
៣- កូន​ត្រូវ​តាំង​ចិត្ត​ថា អាត្មា​អញ​ត្រូវ​ដំកល់​វង្ស​ត្រកូល​មាតា​បិតា ទុក​ឲ្យ​ល្អ​មិន​ឲ្យ​វិនាស គឺ​ថា​នឹង​មិន​ញ៉ាំង​ទ្រព្យ​សម្បត្តិ​របស់​មាតា​បិតា​ឲ្យ​វិនាស​ដោយ​ការ​ឥត​ ប្រយោជន៍ នឹង​សង្គ្រោះ​មាតា​បិតា​ឲ្យ​ផុត​អំពី​វង្ស​ដែល​មិន​ប្រកប​ដោយ​ធម៌ ហើយ​ឲ្យ​តាំង​នៅ​ក្នុង​វង្ស​ដែល​ប្រកប​ដោយ​ធម៌, នឹង​មិន​ផ្ដាច់​បង់​នូវ​ការ​កុសល​ទាំងឡាយ​មាន​សលាភភត្ត​ជាដើម​ដែល​មាតា​បិតា ​បាន​ប្រព្រឹត្ត​ធ្វើ​តាម​គន្លង​ត្រូវ​ល្អ​មក​ហើយ ។
៤- កូន​ត្រូវ​តាំង​ចិត្ត​ថា អាត្មា​នឹង​តាំង​ចិត្ត​គំនិត​មារយាទ​ឲ្យ​ល្អ ឲ្យ​ជា​ទី​ពេញ​ចិត្ត​នាំ​មាតា​បិតា ឲ្យ​ជា​មនុស្ស​គួរ​មាតា​បិតា​ប្រគល់​ទ្រព្យ​សម្បត្តិ​កេរ្តិ៍​ដំណែល​ឲ្យ ។
៥- កូន​ត្រូវ​តាំង​ចិត្ត​ថា កាល​បើ​មាតា​បិតា​ធ្វើ​កាល​កិរិយា​ហើយ អាត្មា​អញ​ត្រូវ​ធ្វើ​ទក្ខិណា​ទាន ឧទ្ទិស​ចំណែក​ផល​បុណ្យ​ជូន​ដល់​មាតា​បិតា​រឿយ ៗ ។
ចំណែក​ខាង​មាតា​បិតា​ត្រូវ​អនុគ្រោះ​បុត្រធីតា​ដោយ​ស្ថាន ៥ យ៉ាង​គឺៈ
១- ហាម​ឃាត់​កូន​មិន​ឲ្យ​ធ្វើ​កម្ម​អាក្រក់ មាន​ឃាត់​កូន​មិន​ឲ្យ​សម្លាប់​សត្វ លួច​ទ្រព្យ​គេ​ជាដើម​។
២- ឲ្យ​កូន​ដំកល់​នៅ​ក្នុង​កម្ម​ជា​កុសល មាន​ទាន​នឹង​សីល​ជាដើម ។
៣- ឲ្យ​កូន​សិក្សា​រៀន​សិល្បសាស្ត្រ​ចំណេះ​វិជ្ជា​ដែល​គួរ​រៀន​មាន​អក្សរ​នឹង​លេខ​ជាដើម ។
៤- រៀបចំ​កូន​ឲ្យ​មាន​ភរិយា ឬ​ស្វាមី​តាម​សម​គួរ​ដល់​ត្រកូល​នឹង​ទ្រព្យ​សម្បត្តិ ។
៥- ឲ្យ​ទ្រព្យ​សម្បត្តិ​ដល់​កូន​ក្នុង​សម័យ​ពីរ​យ៉ាង​គឺៈ និច្ច​សម័យ ១, កាល​សម័យ ១, និច្ច​សម័យ​នោះ​គឺ ឲ្យទ្រព្យ​សម្បត្តិ​រឿយ ៗ ដើម្បី​ឲ្យ​កូន​ចាយ​ប្រើ​តាម​ការ​គួរ ឬ​ឲ្យ​ដើម្បី​ទុក​ធ្វើ​កុសល​ណា​មួយ, កាល​សម័យ​នោះ គឺ​ឲ្យ​ក្នុង​កាល​ដែល​បាន​រៀបចំ​ឲ្យ​កូន​មាន​ភរិយា​ស្វាមី​ហើយ ឬ​ឲ្យ​ក្នុង​កាល​ដែល​ខ្លួន​ជិត​នឹង​ដល់​នូវ​មរណភាព ។
គ្រូ​បា​អាចារ្យ​ទុក​ជា​ទិស​ខាង​ត្បូង សិស្ស​ត្រូវ​ប្រតិបត្តិ​ដោយ​ស្ថាន ៥ យ៉ាង​គឺៈ
១- ដោយ​កិរិយា​ធ្វើ​នូវ​បច្ចុគ្គមនាការ​ក្រោក​ឡើង​ទទួល គឺ​ថា​បើ​សិស្ស​កំពុង​អង្គុយ​នៅ​ក្នុង​ទី​ណា​មួយ ដែល​មិន​មាន​បុគ្គល​ជា​ធំ​ជាង​គ្រូ​អាចារ្យ​ទេ កាល​បើ​បាន​ឃើញ​គ្រូ​អាចារ្យ​មក​កាន់​ទី​នោះ ត្រូវ​សិស្ស​ក្រោក​ឈរ​ឡើង, បើ​លោក​មាន​គ្រឿង​បរិក្ខា​អ្វី ត្រូវ​ទទួល​យក​មក​អំពី​លោក​ដោយ​អើពើ ត្រូវ​រក​ទឹក​លាង​ជើង, រក​កំណាត់​ជូត​ជើង​រួច​ត្រូវ​ចាត់ចែង​ទី​អាសនៈ​ដើម្បី​លោក, លុះ​លោក​អង្គុយ​ហើយ សឹម​ខ្លួន​អង្គុយ​ជា​ខាង​ក្រោយ ។
កាល​បើ​លោក​ក្រោក​លា​ខ្លួន​ទៅ ត្រូវ​ធ្វើ​អនុគ្គមនាការ គឺ​ក្រោក​ជូន​លោក​ទៅ បើ​យ៉ាង​ជិត​ណាស់​ត្រឹម​មាត់​ទ្វារ​ក្រៅ ។
២- ដោយ​កិរិយា​ចូល​ទៅ​បំរើ​គ្រូ​អាចារ្យ​ក្នុង ១ ថ្ងៃ ៣ ដង​គឺ វេលា​ព្រឹក​ម្ដង, ថ្ងៃ​ត្រង់​ម្ដង, ល្ងាច​ម្ដង ។
៣- ដោយ​កិរិយា​ជឿ​ស្ដាប់​ពាក្យ​ឱវាទ​គ្រូ​អាចារ្យ ដែល​លោក​ពោល​ទូន្មាន​ប្រៀន​ប្រដៅ​ដោយ​ល្អ ។
៤- ដោយ​ការ​បំរើ​តូច ៗ មាន​ឲ្យ​ឈើ​ស្ទន់​នឹង​ទឹក​លុប​មុខ​ជាដើម ។
៥- ដោយ​កិរិយា​រៀន​សូត្រ​សិល្បសាស្ត្រ ចំណេះ​វិជ្ជា​អំពី​គ្រូ​អាចារ្យ​ដោយ​គោរព គឺ​រៀន​ម្ដង ៗ តាម​សម​គួរ​ដល់​កម្លាំង​ប្រាជ្ញា​នៃ​ខ្លួន​ហើយ​ស្វាធ្យាយ​ទន្ទេញ​ដរាប​ដល់​ ចាំ ដល់​ចូល​ចិត្ត ។
ចំណែក​គ្រូ​បា​អាចារ្យ​ត្រូវ​អនុគ្រោះ​សិក្សា​ដោយ​ស្ថាន ៥ យ៉ាង គឺៈ
១- ទូន្មាន​ប្រៀន​ប្រដៅ​សិស្ស​ដោយ​ល្អ គឺ​ទូន្មាន​ប្រៀន​ប្រដៅ​ឲ្យ​សិស្ស​ចេះ​រៀបចំ​ឥរិយាបទ​ទាំង ៤ គឺ​ដេក, ដើរ, ឈរ, អង្គុយ ឲ្យ​រៀបរយ ព្រម​ទាំង​ប្រដៅ​មិន​ឲ្យ​សេពគប់​តែ​នឹង​កល្យាណ​មិត្រ ។
២- បង្ហាត់​បង្រៀន​សិស្ស​ដោយ​ល្អ គឺ​បង្ហាត់​បង្រៀន​ដោយ​ត្រូវ​តាម​អត្ថ​នឹង​ព្យញ្ជនៈ នឹង​របៀប​ពាក្យ​របៀប​សេចក្ដី​ឲ្យ​សិស្ស​ចាំ​ចូល​ត្រឹម​ចិត្ត ។
៣- បង្ហាញ​សិល្បសាស្ត្រ​ចំណេះ​វិជ្ជា​ដល់​សិស្ស ដោយ​មិន​លាក់​ទុក គឺ​ថា​បើ​ខ្លួន​ចេះ​ប៉ុន្មាន ចង់​ឲ្យ​សិស្ស​ចេះ​ប៉ុណ្ណោះ​ដែរ ។
៤- ពោល​ពាក្យ​លើក​សរសើរ​សិស្ស ដែល​មាន​សិល្បសាស្ត្រ​ចំណេះ​វិជ្ជា នឹង​កិរិយា​មារយាទ​ល្អ​ពិត​នោះ ឲ្យ​ច្បាស់​ប្រាកដ​ដល់​មិត្រ​នឹង​អាចារ្យ ។
៥- ធ្វើ​នូវ​សេចក្ដី​ការពារ​រក្សា​សិស្ស ក្នុង​ទិស​ទាំងឡាយ គឺ​ថា​ឲ្យ​សិស្ស​រៀន​សិល្បសាស្ត្រ​ចំណេះ​វិជ្ជា មិន​ឲ្យ​ទើស​ទាល់​ក្នុង​វេលា​ដែល​សិស្ស​នៅ​ក្នុង​ទិស​នោះ ៗ ។
ភរិយា​ទុក​ជា​ទិស​ខាង​លិច ស្វាមី​គប្បី​អនុគ្រោះ​ដោយ​ស្ថាន ៥ យ៉ាង គឺៈ
១- ដោយ​សេចក្ដី​រាប់អាន​ដោយ​សំដី​ដ៏​ទន់​ផ្អែម​ទៅ​រក​ភរិយា ។
២- ដោយ​កិរិយា​មិន​បៀតបៀន មិន​មើល​ងាយ​ភរិយា​ដូច​ទាស​កម្មករ ។
៣- ដោយ​កិរិយា​មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា ។
៤- ដោយ​កិរិយា​ប្រគល់​នូវ​ឥស្សរិយៈ គឺ​ភាវៈ​ជា​ធំ​ក្នុង​ការ​ចាត់ចែង​ម្ហូប​ចំណី​ឲ្យ​ដាច់​មុខ​ទៅ​ភរិយា ។
៥- ដោយ​កិរិយា​ផ្គត់ផ្គង់​នូវ​គ្រឿង​ប្រដាប់​ដល់​ភរិយា តាម​សម​គួរ​ដល់​សម្បត្តិ​របស់​ខ្លួន ។
ចំណែក​ភរិយា​ត្រូវ​ប្រតិបត្តិ​ស្វាមី​ដោយ​ស្ថាន ៥ យ៉ាង​គឺៈ
១- ចាត់ចែង​ការងារ​មាន​ការ​ចំអិន​នូវ​អាហារ​ជាដើម ដោយ​ផ្ចិតផ្ចង់,
២- សង្គ្រោះ​ដល់​ជន​ជា​ញាតិ​របស់​ស្វាមី នឹង​ញាតិ​របស់​ខ្លួន​ដោយ​ស្មោះ​ស្មើ ។
៣- ចេះ​ថែទាំ​ទុកដាក់​នូវ​ទ្រព្យ​សម្បត្តិ ដែល​ស្វាមី​រក​បាន​មក​ហើយ ។
៤- មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ស្វាមី ។
៥- ជា​ស្រី​ឈ្លាស​ប្រសប់​ក្នុង​កិច្ចការ​ទាំងឡាយ មាន​ការ​ចាត់ចែង​នូវ​បបរ​នឹង​បាយ​ជាដើម ឥត​ខ្ជិល​ច្រអូស​ក្នុង​កិច្ចការ​ទាំង​ពួង ហើយ​អាច​ញ៉ាំង​កិច្ច​ទាំង​នោះ​ឲ្យ​សម្រេច​បាន ។
មិត្រ​សំឡាញ់​ទុក​ជា​ទិស​ខាង​ជើង កុលបុត្រ​គប្បី​ទំនុក​បម្រុង​ដោយ​ស្ថាន ៥ យ៉ាង​គឺៈ
១- ដោយ​កិរិយា​ឲ្យ​ទ្រព្យ​របស់​ដែល​គួរ​ឲ្យ​ដល់​មិត្រ ។
២- ដោយ​កិរិយា​ពោល​ពាក្យ​ពីរោះ​ទៅ​រក​មិត្រ ។
៣- ដោយ​កិរិយា​ប្រព្រឹត្ត​ធ្វើ​នូវ​ប្រយោជន៍​ឲ្យ​កើត​ដល់​មិត្រ ។
៤- ដោយ​ភាវៈ​ជា​អ្នក​មាន​ខ្លួន​នឹង​ចិត្ត​ស្មើ​ដោយ​មិត្រ ។
៥- ដោយ​ភាវៈ​មិន​ក្លែង​ពោល​ឲ្យ​ឃ្លាត​ចាក​សេចក្ដី​ពិត​ដល់​មិត្រ ។
ចំណែក​ខាង​មិត្រ​សំឡាញ់​ត្រូវ​អនុគ្រោះ​កុលបុត្រ ដោយ​ស្ថាន ៥ យ៉ាង​គឺៈ
១- ជួយ​រក្សា​មិត្រ​ដែល​បាន​ជា​ភ្លាំងភ្លាត់​ធ្វេស​ប្រហែស ។
២- ជួយ​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​របស់​មិត្រ​ដែល​មិត្រ​បាន​ជា​ភ្លាំងភ្លាត់​ធ្វេស​ប្រហែស ។
៣- កាល​បើ​មិត្រ​មាន​សេចក្ដី​ភិតភ័យ ក៏​អាច​ជា​ទីពឹង​អាស្រ័យ​ដល់​មិត្រ​បាន ។
៤- មិន​លះបង់​ចោល​មិត្រ​ក្នុង​កាល​ដែល​មិត្រ​មាន​ការ​ក្រ ។
៥ ស្រឡាញ់​រាប់អាន​កូន​ចៅ​ផៅ​ពង្ស​របស់​មិត្រ ។
ទាស​កម្មករ​ទុក​ជា​ទិស​ខាង​ក្រោម ចៅហ្វាយ​នាយ​គប្បី​ទំនុក​បំរុង​ដោយ​ស្ថាន ៥ យ៉ាង​គឺៈ
១- ដោយ​កិរិយា​ចាត់ចែង​នូវ​ការងារ​ឲ្យ​ធ្វើ​តាម​សម​គួរ​ដល់​កំលាំង​នៃ​ទាស​ កម្មករ គឺ​ថា​ដាក់​ការងារ​ឲ្យ​ធ្វើ​តាម​ការ សម្រាប់​ប្រុស​ស្រី​ចាស់​ក្មេង ។
២- ដោយ​កិរិយា​ធ្វើ​នូវ​ភត្តាហារ​នឹង​ឈ្នួល ឬបំណាច់​រង្វាន់​តាម​សម​គួរ​ដល់​ទំនង​ដែល​ត្រូវ​ឲ្យ​។
៣- ដោយ​កិរិយា​ព្យាបាល​រក្សា​ថែទាំ​ទាស​កម្មករ ក្នុង​កាល​ដែល​មាន​ជម្ងឺ ហើយ​មិន​បៀតបៀន​ឲ្យ​ធ្វើ​ការងារ​អ្វី​ឡើយ ។
៤- ដោយ​កិរិយា​ចែក​រំលែក​នូវ​របស់​ដែល​មាន​រស​ឆ្ងាញ់​ត្រកាល​ឲ្យ​ទាស​កម្មករ​បរិភោគ ។
៥- ដោយ​កិរិយា​បើក​ឱកាស​ឲ្យ​ឈប់​ធ្វើ​ការ​ក្នុង​និច្ច​សម័យ គឺ​ថា​កាល​បើ​ទាស​កម្មករ​ធ្វើ​ការ​នឿយ​ហត់​ពេញ​ ១ ថ្អៃ ក៏​ឲ្យ​ឈប់​សម្រាក​កំលាំង​ខ្លះ ។ ឲ្យ​ឈប់​ធ្វើ​ការ​ក្នុង​កាល​សម័យ គឺ​ថា​បើ​ដល់​កំណត់​ថ្ងៃ​នក្ខត្តឫក្ស​មាន​ថ្ងៃ​ចូល​ឆ្នាំ​ជាដើម ក៏​បើក​ឲ្យ​ឈប់​ធ្វើ​ការ ។
ចំណែក​ខាង​បាវព្រាវ​នឹង​មនុស្ស​ដែល​ធ្វើ​ការ​ឈ្នួល ត្រូវ​យក​ចិត្ត​ទុកដាក់​បំពេញ​បំបាន​ចៅហ្វាយ​នាយ​របស់​ខ្លួន​ដោយ​ស្ថាន ៥ យ៉ាង​គឺៈ
១- ក្រោក​ឡើង​ធ្វើ​ការងារ​មុន​ចៅហ្វាយ​នាយ ។
២- ឈប់​ធ្វើ​ការងារ​ក្រោយ​ចៅហ្វាយ​នាយ ។
៣- មិន​លួច​ទ្រព្យ​របស់​ចៅហ្វាយ​នាយ យក​តែ​របស់​ដែល​ចៅហ្វាយ​នាយ​ឲ្យ ។
៤- ធ្វើ​ការងារ​របស់​ចៅហ្វាយ​នាយ ដោយ​ពិនិត្យ​ពិច័យ​ផ្ចិតផ្ចង់​អស់​ពី​ចិត្ត ឥត​មាន​គិត​កាញ់គ្នេរ ។
៥- យក​ការងារ​របស់​ចៅហ្វាយ​នាយ ទៅ​ពោល​សរសើរ​ក្នុង​ទី​នោះ ៗ ។
សមណ​ព្រាហ្មណ៍​ទុក​ជា​ទិស​ខាង​លើ កុលបុត្រ​ជា​គ្រហស្ថ​គប្បី​ប្រតិបត្តិ​ផ្គត់ផ្គង់​ដោយ​ស្ថាន ៥ យ៉ាង​គឺៈ
១- ដោយ​កាយ​កម្ម​ប្រកប​ដោយ​មេត្តា គឺ​ថា​ធ្វើ​នូវ​កិច្ច​ដោយ​កាយ មាន​ទៅ​និមន្ត​លោក​នឹង​ទទួល​យក​នូវ​តម្រង​ទឹក ទៅ​ត្រង​ទឹក​ប្រគេន​លោក​នឹង​គក់​ច្របាច់​ជាដើម ។
២- ដោយ​វចីកម្ម​ប្រកប​ដោយ​មេត្តា គឺ​ថា​ធ្វើ​នូវ​កិច្ច​ដោយ​វាចា មាន​ពោល​ពាក្យ​ដាស់តឿន​អ្នក​ឯ​ទៀត ឲ្យ​ធ្វើ​ទាន​ដល់​សមណ​ព្រាហ្មណ៍​នឹង​បន្លឺ​នូវ​សព្ទសាធុការ​ក្នុង​កាល​ដែល​ ស្ដាប់​ធម៌​ទេសនា​ចប់ នឹង​ធ្វើ​នូវ​បដិសណ្ឋារៈ​ដោយ​សំដី​រាក់ទាក់​ជាដើម ដោយ​សេចក្ដី​រាប់អាន​ដ៏​ស្មោះ​ត្រង់ ។
៣- ដោយ​មនោកម្ម​ប្រកប​ដោយ​មេត្តា គឺ​ថា​ធ្វើ​នូវ​កិច្ច​ដោយ​ចិត្ត​មាន​គិត​ថា ព្រះ​ថេរៈ​ទាំងឡាយ​ដែល​លោក​តែង​និមន្ត​មក​កាន់​ត្រកូល​របស់​យើង សូម​ឲ្យ​លោក​បាន​សេចក្ដី​សុខ​សប្បាយ​ជាដើម ដោយ​សេចក្ដី​រាប់អាន​ស្មោះ​ត្រង់​អស់​ពី​ចិត្ត ។
៤- ដោយ​ភាវៈ​ជា​អ្នក​មាន​ទ្វារ​ផ្ទះ​មិន​បិទ គឺ​ថា​ជា​អ្នក​ឧស្សាហ៍​ធ្វើ​ទាន​ដល់​សមណ​ព្រាហ្មណ៍ កាល​បើ​ឃើញ​សមណ​ព្រាហ្មណ៍​មក​ដល់​ហើយ ក៏​ឲ្យ​ទាន​ដោយ​មិន​ពោល​ត្អូញត្អែរ​ចំពោះ​របស់​ដែល​មាន​នោះ​ថា​ជា​គ្មាន​វិញ ​ឡើយ ។
៥- ដោយ​កិរិយា​ឲ្យ​នូវ​អាមិសៈ គឺ​ឲ្យ​នូវ​ខាទនីយ​ភោជនីយាហារ​ដល់​សមណ​ព្រាហ្មណ៍ ។
ចំណែក​ខាង​សមណ​ព្រាហ្មណ៍ ត្រូវ​អនុគ្រោះ​កុលបុត្រ​ដោយ​ស្ថាន ៦ យ៉ាង​គឺៈ
១- ហាម​ឃាត់​កុលបុត្រ​មិន​ឲ្យ​ធ្វើ​កម្ម​អាក្រក់ មាន​ឃាត់​មិន​ឲ្យ​សំឡាប់​សត្វ​នឹង​មិន​ឲ្យ​លួច​ទ្រព្យ​គេ​ជាដើម ។
២- ឲ្យ​កុលបុត្រ​ដំកល់​នៅ​ក្នុង​កុសល មាន​ទាន​នឹង​សីល​ជាដើម ។
៣- អនុគ្រោះ​កុលបុត្រ​ដោយ​កល្យាណ​ចិត្ត គឺ​តាំង​ចិត្ត​ផ្សាយ​មេត្តា​ធម៌​ដល់​កុលបុត្រ​ទាំងឡាយ​ថា ឲ្យ​បាន​សេចក្ដី​សុខ កុំ​បី​មាន​ទុក្ខ, សោក, រោគ, ភ័យ​អ្វី​ឡើយ ។
៤- ឲ្យ​កុលបុត្រ​បាន​ស្ដាប់​នូវ​ធម៌​ដែល​មិន​ធ្លាប់​បាន​ស្ដាប់ ។
៥- ញ៉ាំង​ធម៌​ដែល​កុលបុត្រ​ធ្លាប់​បាន​ស្ដាប់​ហើយ ឲ្យ​ផូរផង់​ល្អ គឺ​ថា​ប្រាប់​ពន្យល់​សេចក្ដី​នៃ​ធម៌​នោះ ឲ្យ​ច្បាស់លាស់​ប្រាកដ​ឡើង ត្រា​តែ​កុលបុត្រ​នោះ​លែង​មាន​សេចក្ដី​សង្ស័យ ។
៦- ប្រាប់​នូវ​សួគ៌​ដល់​កុលបុត្រ មាន​ប្រាប់​ឲ្យ​ដឹង​ដូច្នេះ​ថា បុគ្គល​ដែល​បាន​ទៅ​កើត​ក្នុង​ឋាន​សួគ៌​នោះ ព្រោះ​អំណាច​នៃ​កុសល​មាន​សីល ៥ នឹង​កុសល​កម្មបថ ១០ ជាដើម ។
កាល​បើ​បុគ្គល​ទាំង ៦ ពួក​គឺៈ មាតា​បិតា​នឹង​បុត្រធីតា គ្រូ​បា​អាចារ្យ​នឹង​សិស្សានុសិស្ស, ភរិយា​នឹង​ស្វាមី, មិត្រ​សំឡាញ់​នឹង​កុលបុត្រ, ទាស​កម្មការ​នឹង​ចៅហ្វាយ​នាយ, សមណ​ព្រាហ្មណ៍​នឹង​កុលបុត្រ បាន​ប្រព្រឹត្ត​ត្រូវ​តាម​ស្ថាន​ដែល​ខ្លួន​ត្រូវ​ប្រតិបត្តិ ត្រូវ​អនុគ្រោះ​ទៅ​វិញ​ទៅ​មក​ដូច្នេះ​ហើយ បុគ្គល​ទាំង​នោះ ឈ្មោះ​ថា​បិទ​បាំង​នូវ​ភ័យ​អន្តរាយ មិន​ឲ្យ​កើត​ឡើង​បាន ជា​បុគ្គល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​លោក​ទាំង​ពីរ គឺ​លោក​នេះ​នឹង​លោក​ខាង​មុខ រមែង​បាន​នូវ​កេរ្តិ៍​ឈ្មោះ​យស​សក្តិ ចំរើន​ដោយ​សុខភាព​អនាម័យ​ដ៏​ល្អ ។
សង្គហធម៌​ទាំង ៤ នេះ បើ​បុគ្គល​ណា​បាន​ប្រតិបត្តិ​ដោយ​ប្រពៃ​ហើយ កេរ្តិ៍​ឈ្មោះ​របស់​បុគ្គល​នោះ​នឹង​ផុលផុស​ឡើង​ក្នុង​លោក ផ្សាយ​នូវ​ក្លិន​ពិដោរ​ឈ្ងុយឈ្ងប់​គ្រប់​ទិស​ជន​ភាគ​ច្រើន​តែង​ដើរ​ត្រសង​ ស្រង់​តាម​ក្លិន​ចូល​ទៅ​ទទួល​ស្គាល់​បុគ្គល​នោះ​ជា​នាយ​ចៅហ្វាយ​ជា​មិត្រ​ សំឡាញ់ ប្រៀប​ដូច​បុប្ផាជាតិ​ដែល​មាន​ក្លិន​ក្រអូប​ឆើត ជា​ទី​កើត​តម្រេក​នៃ​ភមរជាតិ​ទាំងឡាយ មាន​កន្លង់​ដូច្នោះ​ជាដើម​ដែរ ។
ន័យ​មួយ​ទៀត ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សំដែង​ថាៈ
យស្មា ច សង្គហា ឯតេ សមបេក្ខន្តិ បណ្ឌិតា
តស្មា មហត្តំ បប្បោន្តិ បាសំសា ច ភវន្តិ តេ ។
សេចក្ដី ​ថា អ្នក​ប្រាជ្ញ​ទាំងឡាយ លោក​បាន​ប្រព្រឹត្ត​ធ្វើ​នូវ​សង្គហធម៌​ទាំង ៤ នេះ​ដោយ​ប្រពៃ ព្រោះ​ហេតុ​នោះ​បាន​ជា​លោក​បាន​ដល់​នូវ​ភាវៈ​ជា​ធំ ព្រម​ទាំង​បាន​នូវ​សេចក្ដី​សរសើរ​អំពី​ប្រជុំ​ជន​ផង​គ្នា ។
សំដែង​មក​អំពី​សង្គហធម៌ ក៏​សន្មត​ថា​ចប់​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ ។
ដោយ ​អានុភាព​នៃ​ធម្មទេសនា សូម​ទេវតា​ទាំង​មួយ​ម៉ឺន​លោក​ធាតុ​រក្សា​ព្រះ​ប្រិយ​មហាក្សត្រ​កម្ពុជា​ ធិបតី ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស សូម​ទ្រង់​ប្រសិទ្ធិ​ដោយ​ចតុព្វិធពរ រុងរឿង​ដោយ​សតិ​បញ្ញា បរិហារ​រចនា​កម្ពុជរដ្ឋ​ឲ្យ​ដល់​នូវ​ឧត្ដម​គតិ ដោយ​មុហុត្តកាល ។
ទាំង​សូម​ពុទ្ធបរិស័ទ​ទាំងឡាយ​គ្រប់​ជាន់ ដែល​បាន​ប្រតិបត្តិ​តាម​សាសន​វិធី ក្រោម​អធិបតេយ្យ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ ឲ្យ​ចំរើន​ដោយ​សុខភាព អនាម័យ​ដ៏​ល្អ ដើម្បី​ជា​ពលរដ្ឋ​ប្រកប​កិច្ច​សាសនា ក្លាហាន​បាន​មគ្គាភិ​សម័យ​ទៅ​ហោង ។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ