Monday, July 5, 2010

ទ័ពព្រៃអ៊ីស្លាមជ្រុលនិយមនៅប្រទេសថៃ

តាំងពីឆ្នាំ២០០៤មក ភេរវកម្ម និង​ឃាតកម្មបាន​កើត​ឡើង​សឹង​មិនលោះ​ថ្ងៃ នៅ​តំបន់​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ថៃ។ មកទល់​ឥឡូវ គេ​នៅ​មិនទាន់​ស្គាល់​ឈ្មោះ​អង្គការ​ភេរវកម្ម ដែល​បង្ករ​ហឹង្សា និង​មូលហេតុ​ពិត​ប្រាកដ នៃ​អំពើ​សាហាវ​យង់ឃ្នង​ទាំងនេះ​នៅឡើយ​ទេ។ ម៉្លោះហើយ​បាន​ជា​រដ្ឋាភិបាល​ថៃ និង​សហរដ្ឋ​អាមេរិក​ព្រួយបារម្ភ​ខ្លាំងឡើងៗ។


ផែនទី នៅប៉ែកខាងត្បូងប្រទេសថៃ

ថៃជាប្រទេសកាន់ព្រះពុទ្ធសាសនា ក៏ប៉ុន្តែមានខេត្តចំនួន៣ដែល​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម គឺ​ណារ៉ាត់ធីវ៉ាត់ (Narathiwat) ប៉ាត់តានី​ (Pattani) និងយ៉ាឡា (Yala)។ តាំងពីឆ្នាំ២០០៤មក ខេត្តទាំង៣នេះ ដែល​​ឋិត​នៅ​​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ជួបប្រទះ​នឹង​អំពើហិង្សា​បង្ក​ឡើង​ ដោយ​ពួក​អ៊ីស្លាម​ជ្រុលនិយម។ដើម​ដំបូង​បង្អស់ ពួកគេ​បាន​វាយ​ប្រហារ​​ទៅលើ​បន្ទាយ​ទាហាន និង​ប៉ុស្តិ៍នគរបាល​នៅ Narathiwat ។ ជា​ការឆ្លើយតប​វិញ រដ្ឋាភិបាល​ទីក្រុង​បាងកក ដែល​កាលណោះ​ដឹកនាំ​ដោយ​លោក Thaksin Shinawatra បាន​ប្រកាស​ដាក់​តំបន់​ប៉ែក​ខាង​ត្បូង​ក្រោម​ច្បាប់​អាជ្ញាសឹក។
ក្រោយមកទៀត នៅខែមេសា ឆ្នាំ២០០៤​ដដែល​នោះ ពួក​អ៊ីស្លាម​ជ្រុលនិយម​ជាច្រើន​រយនាក់ ខ្លះ​ប្រដាប់​ទៅដោយ​កាំភ្លើង ខ្លះទៀត​ប្រដាប់​ទៅដោយ​កាំបិតខ្វែវ បាន​វាយ​ប្រហារ​ជាថ្មី​ទៅលើ​បន្ទាយ​ទាហាន និង​ស្នងការដ្ឋាន​ប៉ូលិស។ នៅក្នុង​ការប្រយុទ្ធ​គ្នា​នោះ ពួក​អ៊ីស្លាម​ជ្រុលនិយម​ជាង​​មួយរយ​នាក់​បាន​បាត់បង់​ជីវិត។ ពេលនោះ​ហើយ គឺជាពេល ចាប់ផ្តើមឡើង​នៃសកម្មភាព​ទ័ពព្រៃ​ដែលបានបន្តមកទល់សព្វថ្ងៃនេះ។
រហូតមកដល់ថ្ងៃនេះ គេ​នៅតែ​រកមិនឃើញ​មូលហេតុ​ពិតប្រាកដ ដែល​បាន​ជម្រុញ​ឲ្យ​ប្រជាជន​ថៃ​អ៊ីស្លាម​ងើប​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ​ថៃ ​នៅ​ដើមឆ្នាំ២០០៤ នោះ​នៅឡើយទេ។ ក្រុម​អ្នកសង្កេតការណ៍​ខ្លះ​អះអាង​ថា​អ្នក​ដែល​បាន​បង្ក​រឿង​មុន​គេ គឺយោធាថៃ ហើយ​មិនមែន​ពួកថៃ​អ៊ីស្លាមទេ។ ពួកគេពន្យល់ថា អំពើ​ហិង្សា​បាន​កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​លោកនាយករដ្ឋមន្ត្រី Thaksin បាន​ដក​តួនាទី​គ្រប់គ្រង​សន្តិសុខ ខេត្ត Narathiwat ខេត្ត Pattani និង​ខេត្ត Yala ពី​ដៃ​កងទ័ព និង​ប្រគល់​សមត្ថកិច្ច​នេះ​ទៅ​ឲ្យ​កងនគរបាល​ក្តោបក្តាប់​វិញ។ យោងតាម​ក្រុមអ្នកសង្កេតការណ៍​ទាំងនេះ សេចក្តីសម្រេចចិត្ត​បែបនេះ​របស់​លោកThaksin បាន​បណ្តាល​​ឲ្យ​នាយទាហាន​ថៃខ្លះ​បាត់បង់​កន្លែង​ខ្លាញ់ និង​បាត់បង់​កម្រៃ​​ដែល​​បាន​មក​ពី​សកម្មភាព​មិន​ស្រប​ច្បាប់ ដូចជា​ពេស្យាចារ និង​ការរត់ពន្ធ​គ្រឿងញៀន​ជាដើម ហើយ​បាន​ជម្រុញ​ឲ្យ​ពួកគេ​បង្កហេតុ បញ្ឆេះកំហឹង​របស់​ពួក​ថៃ​អ៊ីស្លាម​ដែល​រស់នៅ​ទីនោះ។
ក្រុមអ្នកសង្កេតការណ៍ខ្លះទៀត យល់ឃើញថា អង្គការភេរវកម្ម Jamaah Islamiyah បាន ចូល​ទៅ​អុចអាល​ឲ្យ​ប្រជាជន​ថៃ​អ៊ីស្លាម​បះបោរ​ទាមទារ​ឯករាជ្យ​ និង​ផ្តាច់​ដែនដី​ប៉ែក​ខាងត្បូង​​នៃ​ប្រទេស​ថៃ​ចេញ​ពី​ការត្រួតត្រា របស់​ទីក្រុង​បាងកក។
ទោះជាយ៉ាងណាក៏ដោយ នៅ​ក្នុង​ដែនដី​ប៉ែក​ខាងត្បូង​ប្រទេស​ថៃ ដែល​ជាប់​ព្រំ​ប្រទល់ ជាមួយ​ប្រទេស​ម៉ាឡេស៊ី តែងតែ ​មាន​អំពើ​ហិង្សា​កើត​ឡើង​យូរៗ​ម្តង តាំងពី​ឆ្នាំ១៩០៩ មក​ម៉្លេះ។ ក៏ប៉ុន្តែ អំពើ​ហិង្សា​នៅ​ទីនោះ​មិន​ដែល​មាន​ទ្រង់ទ្រាយ​ធំ​និង​បន្ត​យូរ​អង្វែង​ដូច​ ពេល​នេះ​ទេ។ គួរ​គូស​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ២០០៤មក​ទល់​ឥឡូវ សកម្មភាព​ទ័ព​ព្រៃ​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម​នៅ​ប្រទេស​ថៃ​បាន​បណ្តាល​ ឲ្យ​មាន​អ្នក​ស្លាប់​ជិត​២ពាន់​នាក់​ហើយ។
តាំងពីឆ្នាំ២០០៥មក ពួក​ថៃ​អ៊ីស្លាម​ជ្រុលនិយម​បាន​ប្តូរ​យុទ្ធសាស្រ្ត មិន​សូវ​សម្លាប់​តំណាង​​អាជ្ញាធរនគបាល ​ឬ​ទាហាន ដូច​មុន​ទៀត​ទេ តែ​វាយប្រហារ​ទៅលើ​លោកសង្ឃ គ្រូបង្រៀន​ឬ​ពុទ្ធបរិស័ទ​វិញ​ម្តង។ អ្វី​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ​បារម្ភនោះ គឺ​អំពើ​ហិង្សា​ដែល​បាន​និង​កំពុង​បន្ត​រាលដាល​ចេញ​ពី​ខេត្ត​អ៊ីស្លាម​ ទាំងបី​នេះ​ចូល​ទៅ​ដល់​ខេត្ត​ជិតខាង ជាទី​ដែល​មិន​សូវ​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​នៅ​សោះ។ ឧទាហរណ៍​ជាក់ស្តែង នៅ​ខែ​មករា ឆ្នាំ​២០០៧ ភេរវកម្ម​​បំផ្ទុះ​គ្រាប់បែក​ប្រាំបី​កន្លែង​សឹង​តែ​ផ្ទួនៗ​គ្នា បាន​ត្រូវ​បង្ក​ឡើង ទៀតផង​​ នៅ​កណ្តាល​ទីក្រុង​​បាងកក។ កាលណោះ ក្រុម​នាយទាហាន​ដែល​បាន​ធ្វើ រដ្ឋប្រហារ​ទម្លាក់​លោក Thaksin បាន​ចោទ​ថា​បក្សពួក​របស់​លោក Thaksin គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ភេរវកម្ម​អស់ទាំង​នោះ។ ក្រុមអ្នកសង្កេតការណ៍ខ្លះវិញ និយាយ​ថា​អាច​ជា​ស្នាដៃ​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម ដែល​ពី​ពេល​នេះ​ទៅ​ មាន​បណ្តាញ​ធំ​និង​មាំ​ជាង​មុន រហូត​ដល់​មាន​លទ្ធភាព​ចូល​មក​បង្ក​ភេរវកម្ម​ ដល់​កណ្តាល​រាជធានី​ថៃ​តែ​ម្តង។
មកទល់ឥឡូវ គេ​ពិបាក​វិភាគ​ណាស់​ទៅ​លើ​បាតុភាព​ទ័ពព្រៃ​អ៊ីស្លាម​ជ្រុលនិយម​នៅ​ប្រទេស​ ថៃ។ ពីព្រោះ គេ​មិន​ដែល​ស្គាល់​ឈ្មោះ​ក្រុម​ភេរវជន ឬ​អង្គការ​ភេរវកម្ម​ដែល​បាន​បង្ក​អំពើ​ហិង្សា​ទាំងនេះ​ទេ។ តាម​មើល​ទៅ គោលដៅ​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម គឺ​ពង្រីក​បញ្ហា​ឲ្យ​មាន​លក្ខណៈ​ជា​បញ្ហា​តំបន់​ឬ​អន្តរជាតិ និង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ថៃ​ប្រើ​អំពើហិង្សា ឆ្លើយ​តប​​ទៅ​នឹង​​អំពើ​ហិង្សា​របស់​ពួក​គេ​វិញ ធ្វើ​យ៉ាងណា​ឲ្យ​តំបន់​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ថៃ​ក្លាយ​ជា​សមរភូមិ​មួយ​នៃ ​សង្គ្រាម​សាសនា Djihad ។
សហរដ្ឋអាមេរិកក៏កំពុងបារម្ភខ្លាំងដែរ គឺ​បារម្ភ​ខ្លាច​ខេត្ត​អ៊ីស្លាម​ទាំងបី​នៅ​ខាងត្បូង​ប្រទេស​ថៃក្លាយ​ជា​ ទីកន្លែង​មួយថ្មី​នៃ Djihad អន្តរជាតិ ក្លាយ​ជា​ទីកន្លែង​ថ្មី​នៃ​ជំរំ​ហ្វឹកហ្វឺន របស់​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម​អន្តរជាតិ។ ទីក្រុង Washington បាន​ស្នើ​ម្តង​ហើយ ម្តង​ទៀត ឲ្យ​ប្រទេស​ថៃ​យល់ព្រម​ទទួល​កងទ័ព​អាមេរិក​នៅ​លើ​ទឹកដី​ខ្លួន។ តែ​រដ្ឋាភិបាល​ថៃ​មិន​ព្រម ដោយ​ខ្លាច​ក្រែង​វត្តមាន​ទាហាន​អាមេរិកាំង​ទាក់ទាញ​ពួក​ភេរវជន​អ៊ីស្លាម​ ជ្រុលនិយម​អន្តរជាតិ​ឲ្យ​ចូល​មក​ក្នុង​ទឹកដី​ថៃ​ច្រើន​ឡើងៗ​ថែមទៀត​។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ