ដោយ មឿង ទុម
2010-02-28
ដែនដី កម្ពុជាក្រោមឋិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ពាក្យកម្ពុជាក្រោមនេះគឺយើងខ្ញុំនិយាយសំដៅចំពោះដែនដីកម្ពុជា ក្រោមខាងត្បូង ឬកូសាំងស៊ីន។
RFA Photo/Danh Hong
ខ្លោងទ្វារចូលវត្តខ្មែរមួយ នៅក្នុងខែត្រពល្លាវ ទឹកដីកម្ពុជាក្រោម ក្នុងប្រទេសវៀតណាម
បើមើលផែនទីភូមិសាស្ត្រដែលចេញផ្សាយដោយរដ្ឋាភិបាលសាធារណរដ្ឋ សង្គមនិយមវៀតណាម ក្រោយឆ្នាំ១៩៧៥ ឃើញថា ដែនដីកម្ពុជាក្រោមមានព្រំប្រទល់ខាងលិចនិងខាងលិចឆៀងខាងជើង ជាប់នឹងព្រំដែនប្រទេសកម្ពុជាសព្វថ្ងៃ។ ចំណែកប៉ែកខាងជើងឆៀងខាងកើតនិងខាងកើតវិញ ជាប់នឹងអតីតអាណាចក្រចម៉្បា ឬស្រុកចាម ដែលត្រូវបានវៀតណាមគ្រប់គ្រងតាំងពីសតវត្សរ៍ទី១៩មក។ ចំណែកព្រំប្រទល់ខាងត្បូងឆៀងខាងលិចនៃដែនដីកម្ពុជាក្រោមវិញ គឺជាប់នឹងឈូងសមុទ្រថៃ រីឯប៉ែកខាងត្បូងឆៀងខាងកើតជាប់នឹងសមុទ្រចិនខាងត្បូង។
សហព័ន្ធខ្មែរកម្ពុជាក្រោមផ្សាយថា កម្ពុជាក្រោមត្រូវបានគេស្គាល់ថាជាដែនដីសណ្ដ ឋិតនៅផ្នែកខាងក្រោមទន្លេមេគង្គ ចំណែកសៀវភៅប្រវតិ្តសាស្ត្រខ្មែរដែលមានចំណងជើងថា "កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម" សរសេរដោយលោក ត្រាំងឆាត ប៊ុត លោកមានដើមកំណើតនៅឯដែនដីកម្ពុជាក្រោម និងជាអតីតសាស្រ្តាចារ្យនៅវិទ្យាល័យយុគន្ធ នៅទីក្រុងភ្នំពេញ បោះពុម្ពផ្សាយតាំងពីចុងខែមិថុនា ឆ្នាំ២០០៥ អះអាងឲ្យដឹងបន្ថែមថា ភូមិសាស្រ្តកម្ពុជាក្រោមលាតសន្ធឹងពី ៨,៣០អង្សារ ទៅ ១២,៣៥អង្សារ នៃរយៈទទឹងឧត្តរខ្សែស្រប ឬភាសាបារាំងហៅថា Latitude Nord និងពី ១០៣,៣៥អង្សារ ទៅ ១០៩អង្សារនៃរយៈបណ្តោយបូព៌ា ដែលភាសាបារាំងហៅថា Longitude Est។
សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា ដែនដីកម្ពុជាក្រោមទាំងមូលមានទំហំជិតស្មើនឹងពាក់កណ្តាលនៃទំហំ ផ្ទៃប្រទេសកម្ពុជាសព្វថ្ងៃនេះ។ សៀវភៅកម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោមបានឲ្យដឹងបន្ថែមថា កម្ពុជាក្រោមមានបណ្តោយ ៥០០គីឡូម៉ែត្រ និងមានទទឹងពី ៧៥ ទៅ ១៩០គីឡូម៉ែត្រ។
ប្រភពព័ត៌មានពីរ គឺសហព័ន្ធខ្មែរកម្ពុជាក្រោម និងសៀវភៅកម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម បានសរសេរដូចគ្នាថា ដែនដីកម្ពុជាក្រោមមាន ២១ខេត្តក្រុង និងមានកោះធំៗពីរផង។ ខេត្តក្រុងទាំង ២១ របស់ដែនដីកម្ពុជាក្រោមគឺរួមមាន ខេត្តព្រៃនគរ វៀតណាមហៅថា ក្រុងហូជីមិញ ឬសៃហ្គ៊ន, ខេត្តលង់ហោរ វៀតណាមហៅថា វិញឡុង, ខេត្តមាត់ជ្រូក វៀតណាមហៅថា ចូដុក, ខេត្តត្រពាំងចង្វារ វៀតណាមហៅថា បៀនហ័រ, ខេត្តមេស វៀតណាមហៅថា មីថ, ខេត្តពាម វៀតណាមហៅថា ហាទៀន, ខេត្តក្រមួនស វៀតណាមហៅថា រ៉ាច់យ៉ា, ខេត្តពល្លាវ វៀតណាមហៅថា បាក់លាវ, ខេត្តទឹកខ្មៅ វៀតណាមហៅថា កាម៉ៅ, ខេត្តឃ្លាំង វៀតណាមហៅថា សុកទ្រាំង, ខេត្តព្រែកឫស្សី វៀតណាមហៅថា កាន់ថឺ, ខេត្តព្រះត្រពាំង វៀតណាមហៅថា ត្រាវិញ, ខេត្តពាមបារាជ វៀតណាមហៅថា ឡុង ស្វៀន, ខេត្តទួលតាមោក វៀតណាមហៅថា ធូដូវមុត, ខេត្តផ្សារដែក វៀតណាមហៅថា សាដែក, ខេត្តកំពង់ឫស្សី វៀតណាមហៅថា បេនត្រេ, ខេត្តកំពង់គោ វៀតណាមហៅថា តាន់អាន, ខេត្តកោះគង វៀតណាមហៅថា ហ្គោកុង, ខេត្តអូរកាប់ វៀតណាមហៅថា វុងតាវ, ខេត្តព្រះសួគ៌ា វៀតណាមហៅថា បារ៉ា និងខេត្តរោងដំរី វៀតណាមហៅថា តៃនិញ។
ពលរដ្ឋខ្មែរក្រោមមួយចំនួនទាំងនៅឯដែនដីកម្ពុជាក្រោមនិងនៅឯ បរទេស ក្នុងនោះរួមមានលោក ថាច់ វៀន ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា ឈ្មោះដើមនៃខេត្តក្រុងទាំងអស់នៃដែនដីកម្ពុជាក្រោម ដែលនាងខ្ញុំបានរៀបរាប់ជូនអម្បាញ់មិញនេះ ត្រូវបានអាជ្ញាធរវៀតណាមពីជំនាន់មួយទៅជំនាន់មួយផ្លាស់ប្តូរជា ច្រើនលើកច្រើនសា។
លោក ថាច់ វៀន មានប្រសាសន៍ដោយលើកឧទាហរណ៍មកបញ្ជាក់ជូនដូចជា ៖ «ខ្ញុំ ឧទាហរណ៍ជូនជ្រាបខេត្តមួយ ឈ្មោះខេត្តបារ៉ាជ ពី ១៨០១ ដល់ ១៨៥៤ យួនដាក់ថា ឡុងស្វៀង។ ដល់ជំនាន់រដ្ឋាភិបាលយីវ ហើយនឹងធីវ នឹងយីមហ្នឹង ពី ១៩៥៥ ដល់ ១៩៧៥ យួនហៅ ឡុងស្វៀងដដែល។ ប៉ុន្តែដល់ពួកកុម្មុយនីស្តបន្ទាប់ពីឈ្នះសង្រ្គាមហើយ ពី ១៩៧៦ ដល់ ១៩៩០ ជំនាន់រដ្ឋាភិបាលយួននិងដូម៉ើយហ្នឹង គេដាក់ឈ្មោះ អានយ៉ាង»។
បើតាមឯកសារដើមមួយច្បាប់ដែលវិទ្យុអាស៊ីសេរីទទួលបានពីមន្ត្រី ខ្មែរមួយរូបនៃក្រសួងវប្បធម៌ចូលនិវត្តន៍សុំមិនបញ្ចេញឈ្មោះម្នាក់ បានឲ្យដឹងថា ឯកសារនោះជាលទ្ធផលស្រាវជ្រាវក្រសួងពុទ្ធសាសនបណ្ឌិតរងខេត្តឃ្លាំង នៅកម្ពុជាក្រោម ចុះថ្ងៃទី១ ខែសីហា ឆ្នាំ១៩៦៦ បោះត្រាក្រោមឈ្មោះលោក ឈួន ឈៀត បានឲ្យដឹងថា ចុះថ្ងៃខេត្តក្រុងនិងស្រុកទាំងអស់របស់ដែនដីកម្ពុជាក្រោមត្រូវ បានផ្លាស់ប្តូរជាច្រើនដង ដូចជាខេត្តព្រះត្រពាំង ជាឈ្មោះដើមភាសាខ្មែរសុទ្ធ បន្ទាប់មកប្តូរទៅជាត្រាយ៉ិញ និងក្រោយមកដូរមកជាខេត្តវិញបិញ ស្រុកបឹងស្នោរប្តូរមកជា អាងណោ ជាដើម។
បុរសខ្មែរក្រោមម្នាក់ទៀតសូមជម្រាបឈ្មោះជាអក្សរកាត់ គឺដ.រ លោកកំពុងរស់នៅក្នុងខេត្តក្រមួនស ដែលវៀតណាមហៅថា រ៉ាច់យ៉ា នៅឯដែនដីកម្ពុជាក្រោមនោះ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា សូម្បីតែឈ្មោះដើមនៃភូមិឃុំ ស្រុក នៅដែនដីកម្ពុជាក្រោម ក៏ត្រូវបានអាជ្ញាធរវៀតណាមកែប្រែអស់ដែរ ដូចជានៅក្នុងខេត្តក្រមួនសជាដើម។
លោក ដ.រ បានបញ្ជាក់ថា ៖ «ដូរឈ្មោះអស់ហើយ មកពីនៅហ្នឹងសុទ្ធតែជាឈ្មោះខ្មែរ ប៉ុន្តែឥឡូវកូនចៅអត់ដឹងថា ភូមិហ្នឹង ពីដើមខ្មែរយើងឈ្មោះអី អត់ដឹងទេ។ មកពីឥឡូវ គេច្រើនដាក់លេខ ដូចជាភូមិលេខ១ លេខ២ គេដាក់លេខអីចឹង ហើយក្រោយមកគេហៅតាមអ៊ីចឹងទៅ។ ដាក់លេខផង ដាក់ឈ្មោះផង ហើយខ្លះគេដាក់ក្លាយៗ ពាក្យខ្មែរក្លាយទៅជាភាសារបស់គេ»។
ទំព័រវឹបសាយថ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោមផ្សាយថា ព្រៃនគរគឺជាឈ្មោះរាជធានីសេដ្ឋកិច្ចខ្មែរដ៏សំខាន់មួយរបស់ដែនដី កម្ពុជាក្រោម ប៉ុន្តែរដ្ឋាភិបាលវៀតណាមបានប្តូរឈ្មោះក្រុងព្រៃនគរទៅជាក្រុង សៃហ៊្គន (Saigon)។ លុះដល់ឆ្នាំ១៩៧៥ វៀតណាមក៏បានប្តូរពីសៃហ៊្គ មកជាក្រុងហូជីម៉ិញវិញ និងរក្សារហូតមកដល់សព្វថ្ងៃនេះ។
សហព័ន្ធខ្មែរកម្ពុជាក្រោមបញ្ជាក់ថា វៀតណាមភាគច្រើនមានការពិបាកក្នុងការថ្លែងបញ្ចេញសំនៀងឈ្មោះតាម ភាសាខ្មែរ ដូច្នោះហើយទើបធ្វើការប្តូរឈ្មោះភូមិ ឃុំ ស្រុក និងខេត្តរបស់ដែនដីកម្ពុជាក្រោម មកជាឈ្មោះតាមសំនៀងភាសាវៀតណាមវិញ។
ដែនដីកម្ពុជាក្រោមមាន ២១ខេត្តក្រុង ដែលក្នុងនោះមានស្រុកទាំងអស់ ១១ស្រុក និងមាន ១.៣៦៨ខណ្ឌ រួមទាំងមាន ១៤.៧៧៨ភូមិ ។ មិនតែប៉ុណ្ណោះដែនដីកម្ពុជាក្រោមមានកោះធំៗ២ គឺកោះត្រល់ វៀតណាមហៅថា ភូក្វុក និងកោះត្រឡាច វៀតណាមហៅថា កោះកូងដាវ បារាំងហៅថា ពូឡូកុងដ័រ៕
Monday, July 5, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment