Monday, July 5, 2010
ពួក Hmongs ជនជាតិភាគតិចដែលViêtnamនិងឡាវធ្វើទុក្ខ
ពួក Hmongsដែលធ្វើសកម្មភាពទ័ពព្រៃនៅប្រទេស ឡាវនិងប្រទេសViêtnam ជាច្រើនទសវត្សរ៍កន្លងមកហើយ។ របបកុម្មុយនិស្តនៅVientianeនិងនៅHanoi ដែលចាត់ទុកពួកHmongsថាជាពួកក្បត់ជាតិនៅតែធ្វើទុក្ខបុកម្នេញ ទៅលើជនជាតិភាគតិចនេះតរហូតមកទល់សព្វថ្ងៃ។
តំបន់រស់នៅរបស់ជនជាតិភាគតិច Hmongs
ពួក Hmongs ជាទ័ពព្រៃចាស់ជាងគេបង្អស់មួយ នៅអាស៊ីអាគ្នេយ៍។ ជនជាតិភាគតិចនេះមានគ្នាប្រមាណប្រាំបីសែននាក់ ប្រាំសែននាក់នៅViêtnam និងបីសែននាក់នៅឡាវ។ រហូតមកទល់សព្វថ្ងៃ របបកុម្មុយនិស្តឡាវ ក៏ដូចរបបកុម្មុយនិស្តViêtnamដែរ តាមធ្វើទុក្ខបុកម្នេញពួកHmongs ពីព្រោះតែមូលហេតុពីរយ៉ាង។
ម៉្យាង ពួកHmongs បានចូលដៃជាមួយកងទ័ពអាមេរិកាំង នៅក្នុងសម័យសង្គ្រាមViêtnam ឆ្នាំ១៩៦៤-១៩៧៥ ។ ម៉្យាងទៀត ពួកHmongsមួយភាគធំបានក្លាយជាអ្នកកាន់សាសនាProtestant ជាហេតុបង្កឲ្យមានភាពតានតឹងជាមួយប្រជាជនឡាវនិងជាមួយប្រជាជន Viêtnamដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។ ក្រោយពេលដែលប្រទេសឡាវនិងប្រទេសViêtnamបានក្លាយជារបប កុម្មុយនិស្តនៅ ឆ្នាំ១៩៧៥ ពួកHmongsប្រមាណបីសែននាក់បានភៀសខ្លួនទៅប្រទេសថៃ ក្នុងនោះមួយភាគធំ បានចេញទៅសហរដ្ឋអាមេរិក។ អ្នកដែលមិនបានចេញទៅប្រទេសទីបី សរុបទាំងអស់ប្រមាណប្រាំបីពាន់នាក់ បន្តរស់យ៉ាងវេទនានៅប្រទេសថៃ នៅតាមជំរំ ដូចយ៉ាងជំរំHuai Nam Khaoជាដើម។ ចំណែកអ្នកដែលមិនបានភៀសខ្លួនចូលមកក្នុងទឹកដីថៃវិញ ត្រូវបានរុញច្រានទៅក្នុងព្រៃ ម្តុំតំបន់ខ្ពង់រាប ចន្លោះព្រំដែន ថៃ ឡាវ និង Viêtnam ។
តាំង ពីឆ្នាំ២០០២មក បទយកការណ៍សំរាប់ទូរទស្សន៍និងសំរាប់កាសែតរបស់អ្នកសារពត៌មានបស្ចិម លោកមួយចំនួន បានបង្ហាញនូវទុក្ខវេទនា និងជីវិតរសាត់ដូចចកនៅលើទឹករបស់ពួកHmongs ក្នុងព្រៃនៃប្រទេសឡាវ។
គឺដោយហេតុតែទីក្រុង Vientianeបន្តចាត់ទុកពួកHmongs ថាជាពួកក្បត់ជាតិអ៊ីចឹងហើយ បានជាជនជាតិភាគតិចមួយនេះ គ្មានជម្រើសអ្វីផ្សេងក្រៅពីធ្វើសកម្មភាពទ័ពព្រៃប្រឆាំងនឹង រដ្ឋាភិបាលកុម្មុយនិស្តឡាវ។ នៅឆ្នាំ២០០៣ ទ័ពព្រៃHmongs បានបង្កភេរវកម្មទៅ លើរថយន្តក្រុងជាច្រើនគ្រឿង និងក្រោយមកទៀត នៅខែមេសានិងនៅខែឧសភា ឆ្នាំ២០០៤ ពួកHmongsបានបង្កភេរវកម្មបំផ្ទុះគ្រាប់បែកបន្តបន្ទាប់គ្នា នៅចំកណ្តាលទីក្រុងVientianeតែម្តង។
ទ័ពព្រៃជនជាតិភាគតិច Hmongs
នៅ Viêtnamឯណោះវិញ សហគមន៍Hmongs ស្ថិតនៅក្រោមការគាបសង្កត់របស់រដ្ឋាភិបាលដូចគ្នាដែរ។ ខុសពីពួកHmongsនៅឡាវ ពួកHmongs នៅViêtnamមិនធ្វើសកម្មភាពទ័ពព្រៃទេ ក៏ប៉ុន្តែដូចជនជាតិភាគតិចដទៃដែលរស់នៅក្នុងប្រទេសViêtnamដែរ ពួកHmongsត្រូវទីក្រុងHanoiតាមធ្វើទុក្ខបុកម្នេញ។ តាំងពីរដ្ឋាភិបាលបានសម្រេចធ្វើសេរីកម្មសេដ្ឋកិច្ច មក ជនជាតិViêt និងKinh ដែលតំណាង៩០%នៃចំនួនប្រជាជនទាំងស្រុងនៅក្នុងប្រទេសViêtnamសព្វ ថ្ងៃ បាននាំគ្នាទៅតាំងលំនៅដ្ឋាននៅតាមតំបន់ខ្ពង់រាប នៅលើទឹកដីរបស់ជនជាតិភាគតិច ដោយមានការជម្រុញឲ្យធ្វើបែបនេះពីសំណាក់អាជ្ញាធរ។ នៅក្នុងបរិបទបែបនេះ តាំងពីឆ្នាំ២០០១មក ពួកHmongsក៏ដូចពួកជនជាតិភាគតិចផ្សេងទៀតដែរ តែងតែធ្វើបាតុកម្មសម្តែងកំហឹងក្រេវក្រោធរបស់ពួកគេ បាតុកម្មដែលតែងតែត្រូវបានអាជ្ញាធរវាយបង្រ្កាប។ ដើម្បីគេចផុតពីការវាយបង្ក្រាបរបស់រដ្ឋាភិបាល ពួកHmongsជាច្រើនរយនាក់បានទាំងភៀសខ្លួនចូលមកក្នុងប្រទេស កម្ពុជាទៀតផង។ កាលពីប៉ុន្មានឆ្នាំមុន បញ្ហាពួកHmongsដែលបានចេញពីViêtnamចូលមកក្នុងទឹកដីខ្មែរ បានទាំងក្លាយជាបញ្ហាអន្តរជាតិទៀតផង នៅពេលដែលមានអន្តរាគមន៍ពីសំណាក់រដ្ឋាភិបាលអាមេរិកាំងដែលកាលនោះ បានយល់ព្រមយកជនជាតិភាគតិចទាំងនេះទៅសហរដ្ឋអាមេរិក។
តាំង ពីឆ្នាំ២០០៤មក រដ្ឋាភិបាលទីក្រុងHanoi បានបន្ធូរដៃឈប់វាយបង្ក្រាបខ្លាំងក្លាទៅលើពួកHmongsនិងជនជាតិ ភាគតិចដទៃផ្សេងទៀតហើយ ពីព្រោះប្រទេសViêtnamត្រូវការអ្នកទេសចរ ត្រូវការវិនិយោគទុនបរទេស។ ទីក្រុងHanoiថែមទាំងបានដកចេញពីតំណែងកម្មាភិបាលខេត្តខ័ណ្ឌមួយ ចំនួនដែលបានចូលរួមវាយបង្ក្រាបបាតុកម្មរបស់ពួកជនជាតិភាគតិចទៀត ផង។ លើសពីនេះទៅទៀត រដ្ឋាភិបាលViênamក៏បានផ្តើមអនុវត្តនយោបាយលើកដំកើងវប្បធម៌នៃពួក ជនជាតិភាគតិច ដោយបានអនុញ្ញាតឲ្យបង្រៀនភាសាជនជាតិភាគតិចនៅតាមតំបន់នាៗផង។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment