Monday, July 5, 2010
ទ័ពព្រៃ Karens នៅភូមា
ពួកKarensដែលតាំងពីឆ្នាំ១៩៤៨មក ទាមទារឯករាជ្យពីរដ្ឋាភិបាលភូមា។ នៅភូមា មានជនជាតិភាគតិចចំនួនជាង៤០សហគមន៍ដែលតំណាង៣០%នៃប្រជាជនភូមាទាំង ស្រុង។ ក្នុងចំណោមជនជាតិភាគតិចទាំងនេះ ពួកKarensជាអ្នកដែលធ្វើឲ្យរបបសឹកភូមាសព្វថ្ងៃខ្វល់ខ្វាយជាងគេ ។
ផែនទីបញ្ជាក់ពីតំបន់រស់នៅរបស់ពួក Karens
ពួក Karens អ្នកទាមទារផ្តាច់ទឹកដីនៅភូមា ជាទ័ពព្រៃចាស់ជាងគេបង្អស់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងនៅក្នុងពិភពលោក។ តាំងពីឆ្នាំ១៩៤៨មកម៉្លេះ ពោលគឺតាំងពីភូមាបានទទួលឯករាជ្យពីប្រទេសអង់គ្លេសពួកKarensបាន ចាប់អាវុធប្រយុទ្ធនឹងរដ្ឋាភិបាលទីក្រុងRangoon ដើម្បីផ្តាច់តំបន់ដែលមានផ្ទៃដីប្រមាណប្រាំមួយរយគីឡូម៉ែត្រក្រឡា នៅជាប់នឹងព្រំដែនថៃ ចេញពីការត្រួតត្រារបស់ប្រទេសភូមា។ តំបន់នោះ ជាភាសាKarenមានឈ្មោះថា Kawthoolei ប្រែថា ប្រទេសសម្បូណ៌ផ្កា។
មកទល់សព្វថ្ងៃ រដ្ឋាភិបាលភូមាដែលប្រើមធ្យោបាយវាយបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃជា ទីបំផុត នៅតែយកជ័យជំនះទៅលើកងទ័ពរំដោះជាតិKaren មិន បាន បានត្រឹមរុញច្រានទ័ពព្រៃនេះ និងប្រជាជនKarens ចូលកាន់តែជ្រៅទៅក្នុងព្រៃនិងចូលទៅក្នុងទឹកដីថៃ ជាទីដែលពួកគេរស់នៅយ៉ាងវេទនាតាមជំរំនានា។
មាន ទឡ្ហីករណ៍បីដែលអាចពន្យល់ការប្រឹងប្រែងតស៊ូស្លាប់រស់របស់ពួក ទ័ពព្រៃKarens។ ទីមួយ ពួកKarensគ្មានជម្រើសអ្វីផ្សេងក្រៅពីប្រយុទ្ធស្លាប់រស់ ពីព្រោះរបបសឹកភូមាគ្មានបំណងចរចាជាមួយពួកគេឡើយ ហើយអនុវត្តនយោបាយមួយដែលគេអាចវាយតម្លៃថា ជាអំពើប្រល័យពូជសាសន៍។ កងទ័ពភូមាដុតបំផ្លាញគ្មានសល់ភូមិស្រុកនិងស្រូវអង្កររបស់ពួក Karens កាប់សម្លាប់បុរសនិងរំលោភស្រ្តី។ ទីពីរ ពួកKarensមានវិន័យ មានសីលធម៌ មិនធ្វើភេរវកម្ម មិនរត់ពន្ធ និងមិនជក់អាភៀន។ ទីបី ពួកKarens ដែលមានគ្នាប្រមាណ ប្រាំពីរលាននាក់ជាជាតិសាសន៍មួយស្រេចទៅហើយ ទោះជាគ្មានប្រទេសនិងគ្មានស្ថាប័នគ្រប់គ្រងមាំមួនក៏ដោយ ពីព្រោះពួកគេមានប្រវត្តិសាស្រ្ត ភាសា និងវប្បធម៌ ច្បាស់លាស់ ខុសពី ជនជាតិភាគតិចដទៃផ្សេងនៅភូមា ដូចជាពួកChan ជាដើម។
ក៏ ប៉ុន្តែ តាមមើលទៅពួកទ័ពព្រៃKarens នឹងមិនអាចមានវត្តមានយឺនយូរអ៊ីចឹងតទៅទៀតបានឡើយ។ មូលហេតុមានច្រើនយ៉ាង។ ម៉្យាង ដូចដែលយើងបានលើកឡើងខាងលើរួចហើយថា របបសឹកភូមាអនុវត្តិនយោបាយដែលគេអាចវាយតម្លៃថា ជានយោបាយប្រល័យពូជសាសន៍ទៅលើពួកKarens។
ម៉្យាងទៀត ប្រទេសថៃដែលមកទល់ពេលថ្មីៗនេះ គាំ ទ្រពួកទ័ពព្រៃKarens ផ្តើមបែរមកត្រូវជាមួយរបបភូមាវិញ ពីព្រោះថៃក៏ដូចភូមាដែរ ជាសមាជិករបស់Asean ហើយពីព្រោះថៃឥឡូវ ត្រូវការប្រយោជន៍សេដ្ឋកិច្ច ចៀសមិនរួចពីរកស៊ីជាមួយប្រទេសភូមា។ និយាយបែបផ្សេង រដ្ឋាភិបាលទីក្រុងBangkokលែងត្រូវការពួកទ័ពព្រៃKarens ដើម្បីបង្កើតឲ្យមានដំបន់ទ្រនាប់មួយនៅចន្លោះប្រទេសខ្លួននិង ប្រទេសភូមាទៀតហើយ តែត្រូវការអភិវឌ្ឍន៍តំបន់ បណ្តោយព្រំដែន ដោយទាក់ទងផ្ទាល់ជាមួយរបបសឹកភូមា។ គឺនៅក្នុងក្របខ័ណ្ឌនៃប្រយោជន៍សេដ្ឋកិច្ចនេះហើយ ដែលនៅឆ្នាំ២០០៥ ភូមានិងថៃបានយល់ព្រមព្រៀងគ្នាថានឹងសាងសង់ទំនប់វារីអគ្គីសនី ចំនួនបួន នៅលើទន្លេ Salouen។
ក្រៅ ពីប្រយោជន៍សេដ្ឋកិច្ចដែលបានមកពីទំនប់វារីអគ្គីសនីទាំងបួន របបសឹកភូមាមានគោលដៅនយោបាយមួយច្បាស់ នោះគឺពន្លិចទៅក្នុងទឹក ស្រុកភូមិកំណើត លំនៅដ្ឋាននិងដំណាំដាំដុះរបស់ពួកKarens។ ពេលណាទំនប់ទាំងបួននេះត្រូវសាងសង់រួចរាល់ហើយ នោះទឹកទន្លេSalouen នឹងជន់ឡើងពីររយម៉ែត្រយ៉ាងតិច ដែលជាហេតុនឹងបណ្តាលឲ្យតំបន់ពួកKarensលិចលង់អស់គ្មានសល់អ្វី។ នៅពេលនោះ មិនត្រឹមតែ ទ័ពព្រៃKarensប៉ុណ្ណោះទេដែលនឹងត្រូវវិនាសសាបសូន្យ ពូជសាសន៍Karensទាំងមូលនឹងអាចបាត់បង់ ពីព្រោះពួកគេនឹងត្រូវជម្លៀសខ្លួនចេញពីភូមា ហើយគេមិនទាន់ដឹងនៅឡើយទេ ថាតើនៅពេលនោះប្រទេសថៃនឹងទទួលពួកKarensឬទេ ?
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment