Monday, July 5, 2010

ពិធី​បុណ្យ​វិសាខបូជា នៅ​លង្កា​ទ្វីប

របស់​លោក ទ. ត. ទេវិន្ទ្រ (D. T. Devendra)
ផ្សាយ​ក្នុង​ទស្សនាវដ្ដី "ហ្វ្រង់អាស៊ី" លេខ ៨៤ ខែ​ឧសភា ឆ្នាំ ១៩៥៣
អ្នក​ស្រី​សារីយ៉ាន់ ប្រែ​មក​ជា​ខ្មែរ

បណ្ដា ​បុណ្យ​ក្នុង​សាសនា​ទាំង​ប៉ុន្មាន​នៅ​លង្កា​ទុវីប បុណ្យ​វិសាខបូជា ជា​បុណ្យ​មួយ​ដ៏​មហោ-ឡារិក​លើស​បុណ្យ​ទាំង​ពួង ដោយ​ហេតុ​អ្នក​កាន់​ពុទ្ធសាសនា​ក្នុង​ប្រទេស​នោះ​មាន​ចំនួន​ច្រើន ។
បុណ្យ ​វិសាខបូជា​នេះ ផ្ទុយ​អំពី​បុណ្យ​ណូឯល​នៃ​ពួក​សាសនា​គ្រិស្ត ព្រោះ​ជា​បុណ្យ​ដែល​គេ​ធ្វើ​រំលឹក​ព្រឹត្តិការណ៍​ដ៏​ប្រសើរ ៣ យ៉ាង ក្នុង​ព្រះ​ជន្ម​នៃ​ព្រះ​សម្មាសម្ពុទ្ធ គឺ​រំលឹក​ពេល​ដែល​ព្រះ​ពោធិសត្វ​ទ្រង់​ប្រសូត្រ, ពេល​ដែល​ទ្រង់​បាន​ត្រាស់ដឹង នឹង​ពេល​ដែល​ទ្រង់​ចូល​ព្រះ​បរិនិព្វាន ។

បុណ្យ ​ដ៏​ឧឡារិក​នេះ គេ​ប្រារព្ធ​ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​នៃ​រវាង​ខែ​ឧសភា មិថុនា​រាល់​ឆ្នាំ ហើយ​ជា​ទំនៀម​នៃ​ថេរវាទ (ទក្ខិណ​និកាយ) ក្នុង​ប្រទេស​លង្កា ដែល​ជា​ប្រទេស​កាន់​កាប់​ពុទ្ធសាសនា​មុតមាំ តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ ។ ហេតុ​នេះ ទើប​មាន​កើត​ទម្លាប់​ផ្សេង ៗ នៅ​វិជ្ជាស្ថាន​ទាំងឡាយ ខាង​ព្រះ​ពុទ្ធសាសនា ដូច​គ្នា​នឹង​ពួក​ពុទ្ធសាសនិកជន​ជាតិ​ជប៉ុន ដែល​នាំ​គ្នា​ធ្វើ​បុណ្យ​ខួប​រំលឹក​ថ្ងៃ​កំណើត នៃ​អ្នក​បង្កើត​លទ្ធិ​ពុទ្ធសាសនា​ក្នុង​ប្រទេស​ជប៉ុន ក្នុង​ខែ​មេសា​រាល់ ៗ ឆ្នាំ ។
ព្រះ​ពុទ្ធសាសនា​ដែល​ឧប្បត្ដិ​ឡើង​នៅ​ប្រទេស​ឥណ្ឌៀ បាន​ហូរ​ចូល​ទៅ​ក្នុង​លង្កា​ទ្វីប ប្រហែល ៣០០ ឆ្នាំ មុន​សាសនា​គ្រិស្ត ដោយ​សារ​ព្រះ​មហាថេរ ព្រះ​នាម មហិន្ទ ជា​ព្រះ​រាជបុត្រ​នៃ​ព្រះ​អធិរាជ ព្រះ​នាម អសោកៈ ។ ចាប់​តាំង​ពី​កាល​នោះ​មក លទ្ធិ​ពុទ្ធសាសនា គេ​ទុក​ជា​ធំ​បណ្ដាច់ ទាំង​ចេះ​តែ​មាន​កម្លាំង​ជ្រាប​ចូល​ក្នុង​ពង្សាវតារ ប្រទេស​លង្កា​នោះ ហាក់​ដូចជា​ថ្នាំ​ពិស រហូត​ទាល់​តែ​ជីវភាព​នៃ​បណ្ដា​ជន​ក្នុង​កោះ​នោះ​ទាំង​មូល គ្មាន​នៅ​ក្រោម​ឱវាទ​អ្វី​ក្រៅ​ពី​ពុទ្ធសាសនា ។
ឯ​បុណ្យ​រំលឹក​ដល់​ ព្រឹត្តិការណ៍​នោះ ជា​បុណ្យ​មួយ​យ៉ាង​ឯក​គ្មាន​គូ​ប្រៀប ដែល​នាំ​ឲ្យ​ជន​បរទេស​មាន​បំណង​ចង់​ឃើញ​ជា​ទី​បំផុត ។ បុណ្យ​វិសាខបូជា​នេះ ជា​បុណ្យ​របស់​ជន​ទូទៅ​ពេញ​ទាំង​ប្រទេស ហើយ​ជា​អាការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​និស្ស័យ​ចិត្ត​ថ្លើម​នៃ​អ្នក​លង្កា​ប្រទេស ដែល​ជឿ​ស៊ប់​ផ្ទាល់​ខ្លួន​ម្នាក់ ៗ ។ បុណ្យ​នេះ​គ្មាន​មេ​ផ្ដួចផ្ដើម​ទេ ជា​បុណ្យ​ដែល​គេ​ធ្វើ​ដោយ​សិរី ហើយ​មាន​កំឡាំង​នឹង​សំរស់​កើត​ឡើង​អំពី​ការ​ធ្វើ​របស់​ពពួក​ជន ព្រោះ​ឃើញ​តែ​សេចក្ដី​សប្បាយ​រីករាយ​ចិត្ត​ជ្រះ​ថ្លា​ដោយ​ពិធី​បុណ្យ​នេះ ។ ក្នុង​ថ្ងៃ​បុណ្យ គ្រឿង​សប្បាយ​ដោយ​ទឹក​ស្រវឹង​គេ​ហាម​ជា​ដាច់​ខាត ។ បុណ្យ​វិសាខបូជា គេ​ធ្វើ​ឡើង​ដោយ​ការ​ត្រេកអរ​ចំពោះ​កំណើត​នៃ​ព្រះ​សម្មាសម្ពុទ្ធ ចំពោះ​ការ​ដែល​ទ្រង់​រក​ឃើញ​នូវ​សព្វញ្ញុតញ្ញាណ នឹង​ចំពោះ​ការ​ដែល​ទ្រង់​ប្រកាស​ផ្សាយ​នូវ​ព្រះ​ធម៌​វិសេស​ទេសនា​ប្រោស​ មនុស្ស​លោក ។ ថ្ងៃ​បុណ្យ​វិសាខបូជា ជា​ពេល​មួយ​ដែល​រស្មី​ចាំង​ចេញ​អំពី​គំនិត គឺ​ជា​សេចក្ដី​សប្បាយ​ពិសិដ្ឋ មិនមែន​ជា​ការ​ផ្ដួចផ្ដើម​ឡើង​ដោយ​អាការ​ខាង​ក្រៅ​ណា​មួយ​ទេ ។
ពុទ្ធសាសនិកជន ​ជា​ថេរវាទ នៅ​កោះ​លង្កា​គ្មាន​នាយក​ទេ, ក្រុម​សង្ឃ​នីមួយ​ៗ មាន​ផ្នែក​ផ្សេង​ៗ គ្នា លោក​សង្ឃ​មួយ​រូប ៗ ត្រូវ​នៅ​ក្រោម​អំណាច​មេ​ក្រុម​របស់​ខ្លួន តាម​កំណើត​នៃ​គណៈ​ដែល​ខ្លួន​បាន​មក​កាន់​ផ្នួស ។ ក្រុម​អ្នក​បួស​ដែល​ហៅ​ថា "ស្យាម​និកាយ" មាន​អ្នក​រាប់អាន​ច្រើន​ជាង​គេ ស្ថិត​នៅ​ក្រោម​បញ្ជាការ​នៃ​មេ ២ នាក់ ដែល​ជា​មេ​កុដិ​ម៉ាលវត្ត (malavatte) នឹង អស្គិរិយៈ (asgiriya) នៅ​កន្ទី, មាន​បែក​ជា​វត្ត​តូច ៗ ទៅ​ទៀត​នៅ​កោះ​ខ្លះ ដូចជា​កុត្ត (kotte) នៅ​ជិត​ក្រុង​កូឡំបូ ។ ក្រុម​អ្នក​បួស​ឈ្មោះ "អមរបុរៈ" នឹង "រាមញ្ញៈ" ក៏​ចាត់​ចូល​ក្នុង​ចំណោម​ក្រុម​អ្នក​បួស​ធំ ៗ ដែរ ។
លោក​សង្ឃ​គ្មាន​ អំណាច​តាំង​ច្បាប់​សម្រាប់​ពួក​ឧបាសក​ឧបាសិកា​ទេ ព្រោះ​លោក​សង្ឃ​ក្ដី​ឧបាសក​ក្ដី​ជា​ពុទ្ធបរិស័ទ ត្រូវ​តែ​ធ្វើ​តាម​ការ​បង្ហាត់​បង្រៀន​របស់​គ្រូ ។ មេ​ក្រុម​នីមួយ ៗ កាល​អនុមតិ​តាម​កិច្ច​ជំនុំ​របស់​ខ្លួន, ដែល​បាន​កំណត់​ទុក​ជា​មុន​ហើយ ក៏​បង្គាប់​បញ្ជា​ទៅ​សមាជិក​របស់​ខ្លួន ឯ​សមាជិក​មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​នោះ​ទេ ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុណ្យ​ម្ដង ៗ គ្មាន​ច្បាប់​ថា​ត្រូវ​ធ្វើ​យ៉ាង​នេះ ឬ​ធ្វើ​យ៉ាង​នោះ​សោះ ។
បុណ្យ​ វិសាខបូជា​ដូច​យើង​បាន​ពោល​មក​ខាង​លើ​នេះ ជា​ពិធី​ឯកជន ប៉ុន្តែ​ដោយ​ជន​ម្នាក់ ៗ និយម​ធ្វើ​តាម​មនោសញ្ចេតនា​នៃ​ពួក​នៃ​ក្រុម​របស់​ខ្លួន សង្គម​ទាំង​មូល​ហាក់ដូចជា​ធ្វើ​តាម​សេចក្ដី​បង្គាប់​ណា​មួយ ។ ហេតុ​នេះ បាន​ជា​វត្ត ផ្ទះ​សម្បែង នឹង​ផ្លូវ​ថ្នល់​ទាំងឡាយ មាន​របៀប​តាក់តែង ហើយ​ពិធី​បុណ្យ​ខាង​សាសនា​មាន​ដំណើរ​ហាក់​ដូចជា​មាន​បង្គាប់​អំពី​អំណាច​ ក្រៅ​ណា​មួយ ។
បុណ្យ​វិសាខបូជា​នេះ មាន​លក្ខណៈ ២ យ៉ាង គឺ ភាព​ពណ៌​ផ្សេង ៗ នឹង​សេចក្ដី​សប្បាយ​ដោយ​ជ្រះ​ថ្លា ។ លក្ខណៈ​ទាំង ២ យ៉ាង​នេះ​តែង​មាន​ជា​ដរាប ។
ព្រះ​អាទិត្យ​ក្នុង​ថ្ងៃ​វិសាខបូជា រះ​ឡើង​ដោយ​មាន​ពន្លឺ​ស្រស់​ត្រជាក់​ល្អ ហើយ​ហាក់​ដូចជា​ភ្លើង​ជាង​ថ្ងៃ​សព្វ​ដង ។ ពពួក​ជន​រវល់​វីវរ​គ្រប់ ៗ គ្នា ម្នាក់ ៗ សឹង​តែ​ខំ​តុបតែង​តាំង​លំអ​ផ្ទះ​របស់​ខ្លួន តាម​តែ​ចិត្ត​ស្រឡាញ់ ។ គេ​ច្រើន​ឃើញ​តាំង​គោម​ក្រដាស ដែល​ធ្វើ​ដោយ​ពិបាក​ហើយ​យូរ​ផង ការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ជន​ម្នាក់ ៗ គោរព​ព្រះ​ពុទ្ធ​ដល់​ថ្នាក់​ណា ។
គោម ​មាន​រៀងរៅ​ផ្សេង ៗ គ្នា គោម​ខ្លះ​ធំ ៗ មាន​ជ្រុង​ច្រើន ដែល​មាន​រាង​ធ្វើ​អំពី​ដើម​បបុស ឬ​ត្រែង ហើយ​មាន​គោម​តូច ៗ ជា​ច្រើន​អម​ចង​ភ្ជាប់​នឹង​ខ្សែ​ព្យួរ ហើយ​មាន​ទាំង​រំយោល​ក្រដាស​ជា​លំអ​ផង, រំយោល​នោះ​ឮ​សូរ​ខ្សោក ៗ នៅ​ពេល​ខ្យល់​បក់ ។ គោម​ទាំង​នោះ​ហាក់​ដូចជា​ផ្ទាំង​គំនូរ​ពណ៌​ពិត ៗ ។ មាន​គោម​រយ​ឯ​ទៀត​ជា​ច្រើន មាន​រាង​ដូចជា​ធុង​មូល​ព្យួរ​នៅ​នឹង​ខ្សែ​លួស ដែល​គេ​ចង​សន្ធឹង​នឹង​បង្គោល​ដែក ។ មាន​ទង់ជាតិ​ធ្វើ​អំពី​ក្រដាស​ស្ដើង ៗ អំពី​ក្រដាស​នឹង​បដា ចង​នៅ​នឹង​ខ្សែ​លួស​នោះ​ឆ្លាស​គ្នា ដោយ​គ្មាន​របៀប​រៀបរយ​ទេ ប៉ុន្តែ​គេ​មើល​ទៅ​គ្មាន​ទាស់​ភ្នែក ។ នៅ​ទី​ផ្លូវ​មាន​ក្រង​ស្លឹក​ដូង​ចង​ជា​រង្វង់​កោង ៗ ហើយ​មាន​បង្ហូត​ទង់​ពុទ្ធសាសនា​យ៉ាង​ខ្ពស់​ជាង​គេ ទង់​នោះ​មាន​ពណ៌ ៦ ជា​ពណ៌​ដែល​ពុទ្ធបរិស័ទ​ជឿ​ថា រស្មី​ដែល​ចាំង​ចេញ​អំពី​អង្គ​នៃ​ព្រះ​សម្មាសម្ពុទ្ធ ។
ជួនកាល​នៅ​ទ្វារ​ ចូល​អាគារ​ធំ ៗ នៅ​ទ្វារ​វត្ត​ឬ​នៅ​មុខ​ផ្ទះ​ជំនួញ គេ​មាន​ធ្វើ​តូប ១ សំរាប់​ចែក​គ្រឿង​ផឹក ។ ជួនកាល​គេ​ធ្វើ​ជា​ដំបូល​នឹង​ដើម​ស្លា ឬ​ដើម​ឫស្សី​កោង​ខ្ពស់​លយ​គ្រប​ទៅ​លើ​ផ្លូវ មាន​ចង​ផ្លែ​ដូង​ទាំង​ធ្លាយ ៗ នៅ​ចន្លោះ​ឫស្សី ។ សណ្ឋាន​ស៊ុំ​បែប​នេះ ជា​តំណាង​ក្លោង​ទ្វារ​នៅ "សានជិ" ក្នុង​ប្រទេស​ឥណ្ឌៀ ។
ផ្ទះ​លក់​ទំនិញ​តាន់តាប់​ទៅ​ដោយ​មនុស្ស ចូល​ទិញ​អីវ៉ាន់​បង្ហើយៈ ក្រដាស - អង្កាំ​កែវ - ទង់ជាតិ - គោម - មុខ​ក្រមាច់​ផ្សេង ៗ - មួក​ក្រដាស សម្រាប់​ក្មេង​ពាក់​ដើរ​លេង​សប្បាយ​ពេញ​តែ​ផ្លូវ​ថ្នល់ - ទៀន - ធូប ហើយ​នឹង​សម្ភារៈ​ជា​ច្រើន​ទៀត សំរាប់​ការ​សប្បាយ​ដល់​ពួក​ចាស់ ៗ ផង ។
នៅ ​គេហដ្ឋាន​នីមួយ ៗ មាន​សុទ្ធតែ​របស់​សម្រាប់​តុបតែង​ក្នុង​បុណ្យ​វិសាខបូជា ដែល​នាំ​ឲ្យ​គេ​អត់​ងងុយ​អស់​ពេល​ជា​ច្រើន ក្នុង​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​បុណ្យ ដើម្បី​នឹង​រៀបចំ​ឲ្យ​ល្អ ។ ដោយ​មាន​ការ​ច្រើន​ពេក គេ​ស្មាន​ថា​នឹង​មិន​បាន​រៀប​ហើយ ទាន់​ពេល​បុណ្យ​នោះ​ទេ ។ ប៉ុន្តែ​គួរ​ឲ្យ​ជ្រះ​ថ្លា​ពេក​ណាស់ នៅ​ពេល​ព្រះ​អាទិត្យ​រះ​ឡើង គេ​ឃើញ​ផ្ទះ​បោសច្រាស​ហើយ​យ៉ាង​ស្អាត ហើយ​ក្នុង​សួនច្បារ​មាន​ដោត​ដំរុយ ដើម្បី​ការ​រចនា​ខាង​ក្រៅ ។ ទោះ​ពណ៌​ស​ជា​ពណ៌​បរិសុទ្ធ​សម្រាប់​ថ្ងៃ​សីល​ក៏​ដោយ គង់​តែ​មាន​ពួក​យុវជន​មីរដេរដាស ដែល​ស្លៀក​ពាក់​ខោ​អាវ​ពណ៌​ស្រស់ ៗ (ក្រៅ​ពី​ពណ៌​ស) តាម​តែ​ចិត្ត​ស្រឡាញ់​រៀង ៗ ខ្លួន ដោយ​សេចក្ដី​សប្បាយ ។
ជួនកាល ​នៅ​ថ្ងៃ​ដំបូង ជន​ខ្លះ​ឆ្លៀត​យក​ឱកាស​យ៉ាង​ខ្លី​ដើម្បី​ទៅ​វត្ត ជន​ខ្លះ​ទៀត​ប្រជុំ​គ្រួសារ​ខ្លួន​នៅ​ផ្ទះ ធ្វើ​គារវកិច្ច​ចំពោះ​ព្រះ​បដិមាករ ហើយ​នាំ​គ្នា​សូត្រ​សរណគមន៍ ៣ នឹង​ស្មាទាន​សីល ៥ ។
នៅ​វេលា​ព្រលឹម ពេល​ស្រស់​ស្រូប​រួច ពួក​ជន​ដែល​គ្មាន​រវល់​ការ​នៅ​ផ្ទះ តែង​ចូល​ទៅ​កាន់​ទី​វត្ត ។ ទី​វត្ត​ជា​កន្លែង​ប្រជុំ​អ្នក​ធម៌​អាថ៌, គេ​ឃើញ​មាន​ជន​ប្រុស​ស្រី​កុះករ, បុរស​ចាស់ ៗ នឹង​ពួក​យុវជន​ស្លៀក​ពាក់​សំពត់​អាវ​នឹង​តែ​មាន​ពណ៌​ស​សុទ្ធ ថែម​ទាំង​ពានា​ក្រមា​យ៉ាង​ធំ​មួយ ៗ ម្នាក់​ផង ពួក​ជន​ទាំង​នោះ​ហើយ​ដែល​បាន​សមាទាន​សីល ៨ តាំង​ពី​ព្រលឹម​ងងឹត ហើយ​ត្រូវ​កាន់​សីល​នោះ​ជាប់​ក្នុង​មួយ​ថ្ងៃ ឬ​ក៏​ក្នុង​រវាង ៦០ ម៉ោង ។ ក្នុង​ពេល​នោះ ត្រូវ​អត់​អាហារ​ល្ងាច មិន​ប្រើ​កៅអី​នឹង​គ្រែ​ជា​របស់​ស្រួល​កាយ មិន​ត្រូវ​សប្បាយ​ដោយ​ល្បែង​ច្រៀង​រាំ​ទេ ។ សីល ៨ នេះ​ហើយ​ដែល​គេ​តែង​សមាទាន​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ឬ​ថ្ងៃ​បុណ្យ​ធំ ៗ ។ ការ​សមាទាន​សីល​ក្នុង​ឱកាស​បុណ្យ​បែប​នេះ គេ​ទុក​ជា​ត្រូវ​កាលៈទេសៈ​ល្អ​ណាស់ ។
ក្នុង​វត្ត​និមួយ​ៗ​មាន​ឧបាសក​នឹង​ ឧបាសិកា​នៅ​ស្នាក់​អាស្រ័យ​ច្រើន​នាក់​ ដែល​នាំ​គ្នា​តែ​សមាទាន​សីល អង្គុយ​សមាធិ ជជែក​គ្នា​តែ​អំពី​ធម៌ នឹង​ស្ដាប់​ធម៌​ទេសនា ។ ដើម្បី​នឹង​រៀបចំ​បុណ្យ​ឲ្យ​បាន​អ៊‍ឹកធឹក​ដូចជា​បុណ្យ​វិសាខបូជា​នេះ ជន​ទាំង​នោះ​នាំ​គ្នា​ថយ​ទៅ​កន្លែង​មួយ ជួនកាល​ជន​ទាំង​នោះ​នាំ​គ្នា​ធ្វើ​ដំណើរ​ដោយ​ពួក ៗ ទៅ​កាន់​ទី​ពិសិដ្ឋ​ណា​មួយ ។
ទោះ​នៅ​ក្នុង​ផ្ទះ​ក្ដី នៅ​ក្រៅ​ផ្ទះ​ក្ដី សឹង​មាន​សកម្មភាព​យ៉ាង​ខ្លាំង ។ នៅ​តាម​ផ្លូវ​ធំ ៗ ក្នុង​ទីក្រុង នៅ​ត្រង់​ផ្លូវ​ត្រឡែងកែង នៅ​ទី​ប្រជុំ​ជន​នឹង​នៅ​ទី​ផ្សារ មាន​ធ្វើ​តូប​ដាក់​ចំណី​អាហារ​នឹង​គ្រឿង​ផឹក ទុក​ចែក​ទាន​ដល់​ពួក​អ្នក​ដំណើរ ពួក​អ្នក​ដើរ​លេង នឹង​ជន​ផ្សេង ៗ ទៀត​ដោយ​ឥត​យក​ថ្លៃថ្នូរ ។ ក្នុង​ទី​នោះ គេ​តែង​ចាប់​បញ្ឈប់​រទេះ​ឡាន ឬ​រទេះ​ឯ​ទៀត បើ​ប្រសិន​ជា​មាន​អ្នក​មាន​យសសក្ដិ​ជិះ​ក្នុង​រថ​នោះ​ផង គេ​អញ្ជើញ​ឲ្យ​ចូល​ទៅ​ពិសា​ទឹក "ដូង​រាជ" ឬ​គ្រឿង​ផឹក​ផ្សេង ៗ ដែល​មិន​ត្រូវ​កាន់​ផ្ទាល់​នឹង​ដៃ ។ អ្នក​ស្ម័គ្រ​ចិត្ត​សង់​តូច តែង​ទិញ​ចំណី​អាហារ​ដាក់​ដើម្បី​សំដែង​សេចក្ដី​រីករាយ​មួយ​យ៉ាង​ប្រសើរ​ជាង​ គេ ក្នុង​បុណ្យ​វិសាខបូជា​រាល់​តែ​ឆ្នាំ ។ មាន​កន្លែង​ជា​ច្រើន​ទៀត​ដែល​គេ​តុបតែង​រចនា​យ៉ាង​ល្អ ៗ, នៅ​ទី​នោះ​ក្នុង​ពេល​យប់​មាន​បទភ្លេង​សាសនា​យ៉ាង​ធំ សម្រាប់​អ្នក​ត្រូវ​ការ​ស្ដាប់​បាន​តាម​ចិត្ត ។
ជា​រឿយ ៗ នៅ​លើ​វេទិកា​គ្មាន​ដំបូល ដែល​គេ​ធ្វើ​ភ្ជាប់​អំពី​កន្លែង​ល្អ ៗ នេះ មាន​លោក​សង្ឃ​ប្រកប​ដោយ​បញ្ញា ទេសនា​ប្រដៅ​ពពួក​ជន ។
មនុស្ស ​ដែល​ដើរ​សស្រាញ់​ពេញ​ផ្លូវ​ថ្នល់ ពុំ​មែន​មាន​ការ​ទៅ​ឯ​ណា​ទេ គឺ​សុទ្ធ​តែ​ទៅ​ដើរ​លេង​លំហើយ​ខ្លួន លំហើយ​គំនិត​ស្មារតី ។ ជួនកាល​មាន​ពួក​ពុទ្ធសាសនិកជន​ដើរ​ជួរ​ជា​ខ្សែ​វែង តម្រង់​ទៅ​កាន់​ក្រុង​ចាស់​ដែល​បាត់បង់​អស់​ទៅ​ហើយ ៗ មាន​នៅ​សល់​តែ​ប្រាសាទ​បាក់បែក ជា​ស្នាព្រហស្ត​ស្ដេច​បុរាណ ដែល​មាន​ព្រះ​រាជ​ហ្ឫទ័យ​ជា​បុណ្យ​បាន​សាង​ទុក​ជា​អនុស្សាវរីយ៍ ។ រទេះ​គោ រថយន្ត​អូតូកា រថភ្លើង ដឹកនាំ​មនុស្ស​ណែន ៗ បរ​តម្រង់​ទៅ​កូឡំបូ ឬ​បរ​ចេញ​ពី​ទីក្រុង​ហើយ​បែក​ចេញ​ទៅ​តាម​ផ្លូវ​ផ្សេង ៗ ហាក់​ដូចជា​ទឹក​ហូរ​យ៉ាង​លឿន ។ សេចក្ដី​នឿយ​ព្រួយ​ដោយ​ការងារ បាន​ដក​ចេញ​ផុត​អំពី​ទឹក​មុខ​នៃ​ជន​ទាំងឡាយ ទុក​កន្លែង​ឲ្យ​សេចក្ដី​សប្បាយ​ចូល​ទៅ ធ្វើ​ឲ្យ​ទឹក​មុខ​ស្រស់​បប្រិម ។
លុះ ​រាត្រី​ចូល​គ្រប​ដណ្ដប់​ផែនដី​វេលា​ណា ស្រុក​ទាំង​មូល​ក៏​ផ្លាស់​ភេទ​ភ្លាម គឺ​កន្លែង​ទាំង​ប៉ុន្មាន ស្រាប់​តែ​មាន​ពន្លឺ​ភ្លឺ​ទាំង​ម៉ឺន​ទាំង​សែន​គ្រប់​ពណ៌​ចាំង​ចេញ​អំពី​គៅម​ ហាក់​ដូចជា​គេ​ជប ។ នៅ​កូឡំបូ​គេ​លក់​ទំនិញ​រស់​​ណាស់, នៅ​ផ្លូវ​ត្រឡែងកែង​ធំ ៗ ដែល​ឆ្ពោះ​ទៅ "មណ្ឌល" ភ្លឺ​ចិញ្ចាច, មនុស្ស​មក​ឈរ​ផ្ដុំ​គ្នា​កកកុញ​រក​តែ​ជ្រៀត​ជើង​ពុំ​រួច ។ នៅ​ទី "មណ្ឌល" គេ​ចេះ​តុបតែង​ពន្លឺ​ភ្លើង​អគ្គិសនី​ឲ្យ​ចាំង​នៅ​លើ​ផែន​គំនូរ​ប្រវត្តិ​នៃ​ ព្រះ​សម្មាសម្ពុទ្ធ ធ្វើ​ឲ្យ​អណ្ដែត ។ មណ្ឌល​នេះ​ហើយ​ដែល​ជា​ទី​ចាប់​ចិត្ត​ធំ​របស់​ជន​នានា​មក​តាំង​ពី​ស្រុក​ ឆ្ងាយ ៗ ។ រូប​ពុទ្ធ​ប្រវត្តិ​ទាំង​នេះ​មាន​ដំឡៃ​ចំពោះ​ពួក​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា ដូច​គ្នា​នឹង​រូប​ប្រវត្តិ​គ្រិស្ត​នៃ​ពួក​បច្ឆិម​ប្រទេស ។ គំនូរ​នោះ​គ្មាន​ទាស់​ចិត្ត នៃ​ពួក​ទេសចរ​ដែល​ចូល​ចិត្ត​ចង់​ដឹង​ចង់​ឃើញ​ទេ ។
ទោះ​គេ​នៅ​កន្លែង​ណា​ ក៏​ឮ​សូរ​ស្គរ​វត្ត​ដែរ គឺ​ជា​សំណូរ​សូរ​ដែល​គេ​ទូង​ថ្វាយ​ក្នុង​ពិធី​បុណ្យ ឬ​ជា​សញ្ញា​ប្រាប់​ពេល​ទេសនា ។ បន្ទាប់​មក​គេ​ឃើញ​នៅ​ក្បាល​ក្បួន​ហែ ១ មាន​អ្នក​រាំ អ្នក​ភ្លេង ត​មក​ទៀត​មាន​លោក​សង្ឃ​គ្រង​ចីពរ​ពណ៌​លឿង អង្គុយ​ធ្វើ​សក្ការៈ​បូជា​ក្រោម​ពិតាន​សំពត់​ស ។ គេ​ឮ​សូរ​ផាវ​ផ្ទុះ សូរ​កណ្ដឹង​ដែល​ក្មេង​អង្រួន​ទ្រហឹង​អឺងអាប់​លាយ​ច្របល់​នឹង​សំរែក​មនុស្ស ។ មាន​មនុស្ស​ដើរ​ជំទើត​ជើង​លើ​ឈើ​គាវ​ពាក់​អាវ​ស្រី​អឺរុប​យ៉ាង​ប្លែក ។
នៅ ​ពេល​យប់ លាន់​ឮ​សុទ្ធតែ​សកម្មភាព​នៃ​មនុស្ស ។ នៅ​ឯ​លើ​ផ្ទៃ​មេឃ ព្រះ​ចន្ទ​ពេញ​បូណ៌មី​រះ​ឡើង​ពេញ​វង់​ក្រឡង់ ភ្លឺ​ត្រចះ​ត្រចង់​អស្ចារ្យ ធ្វើ​ឲ្យ​អ្នក​និយម​ធ្វើ​បុណ្យ​នេះ​មាន​ដួងចិត្ត​នឹក​ដល់​ពុំ​ភ្លេច ។
នៅ ​មាន​របៀប​តាក់តែង​ប្លែក ៗ ផ្សេង​ទៀត ដែល​គួរ​ឲ្យ​ចង់​មើល​ណាស់ ។ នៅ​ក្នុង​វត្ត គ្រួសារ​ខ្លះ​នាំ​កូន​ចៅ​ចូល​ទៅ មាន​ដៃ​កាន់​ថាស​ដាក់​ផ្កា​ក្រអូប ធូប ទៀន កាបូ ជា​គ្រឿង​សក្ការ​បូជា ។ អ្នក​គោរព​សាសនា ដើរ​ប្រទក្សិណ​ព្រះ​សារីរិកធាតុ ៣ ជុំ បន្ទាប់​មក​គេ​យក​ផ្កា​ទៅ​ដាក់​បូជា​ចំពោះ​ព្រះ​បរម​ធាតុ ហើយ​នាំ​គ្នា​សូត្រ​នូវ​សេចក្ដី​ថា ៖
"ឱ​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ! ខ្ញុំ​សូម​បូជា​ផ្កា​នេះ, ដោយ​សេចក្ដី
ជ្រះ​ថ្លា​នេះ ខ្ញុំ​ម្ចាស់​សូម​ឲ្យ​បាន​សម្រេច​នូវ​បរម​សុខ ។
ផ្កា​នេះ មុខ​ជា​នឹង​ស្វិត​ស្រពោន​ទៅ យ៉ាង​ណា​មិញ
រូប​ខ្ញុំ​ម្ចាស់​មុខ​តែ​នឹង​វិនាស​ទៅ​វិញ យ៉ាង​នោះ​ដែរ ។"
លុះ ​សូត្រ​សេចក្ដី​នេះ​ហើយ ក៏​លើក​ដៃ​ទាំង​គូរ​ផ្គុំ​ដាក់​ត្រង់​ថ្ងាស​ហើយ​ថយ​ទៅ​លុត​ជង្គង់​ឯ​របង​ វត្ត ឱន​ក្បាល​ទាល់​តែ​ថ្ងាស​ប៉ះ​ដី​ខ្សាច់​យ៉ាង​ស្អាត​នៅ​ទី​នោះ ទើប​សូត្រ​ធម៌​ថ្វាយ​បង្គំ បង្ហាញ​នូវ​សេចក្ដី​គោរព​ដល់​ព្រះ​សម្ពុទ្ធ ព្រះ​ធម៌​នឹង​ព្រះ​សង្ឃ ។ ក្នុង​សេចក្ដី​ដែល​សូត្រ​នោះ អ្នក​គោរព​សាសនា រំលឹក​ដល់​ព្រះ​ពុទ្ធ​បាទ​ដែល​មាន​រាង​ជា​ផ្កា​ឈូក, ដល់​កន្លែង​ស្នាម​ព្រះ​បាទ នឹង​កន្លែង​ផ្សេង ៗ ទៀត ជា​ដំណែល​ព្រះ​ពុទ្ធ​កាល​គង់​ព្រះ​ជន្ម​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌៀ ។ល។
សេចក្ដី ​ពោល​ច្រើន​តែ​ធ្វើ​ចំពោះ​ព្រះ​សម្មា​សម្ពុទ្ធ ដែល​ចូល​ព្រះ​និព្វាន​ទៅ​ហើយ មិនមែន​ចំពោះ​តេជានុភាព​របស់​ព្រះ​អង្គ​នោះ​ទេ ព្រោះ​គេ​យល់​ថា​ព្រះ​ពុទ្ធ​គ្រាន់​តែ​បង្ហាញ​ផ្លូវ ព្រះ​អង្គ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ ទ្រង់​ពុំ​បាន​ស្គាល់​សេចក្ដី​សុខ​ទុក្ខ​ក្នុង​លោក​ទៀត​ទេ ។ ទស្សនវិជ្ជា​ខាង​ព្រះ​ពុទ្ធសាសនា សង្ខេប​សេចក្ដី​ថាៈ ការ​វិល​កើត​វិល​ស្លាប់​នៃ​សត្វ​លោក​ប្រៀប​ដូចជា​កង់​រទេះ​ដែល​វិល​ទៅ​តាម​ ជើង​គោ ។ ការ​កើត​ហើយ​ស្លាប់ ស្លាប់​ហើយ​កើត​វិញ ត្រូវ​តែ​មាន​ការ​ឈប់, ការ​ឈប់​នេះ​ហើយ​ដែល​ហៅ​ថា​ព្រះ​និព្វាន ជា​ស្ថាន​បរម​សុខ​ជា​ទី​បំផុត ។
បើ ​ប្រសិន​ជា​មាន​ព្រះ​សង្ឃ ១ អង្គ គង់​នៅ​កន្លែង​ដែល​គេ​សូត្រ​ធម៌​នោះ គេ​និមន្ត​លោក​ឲ្យ​សីល ៥ នឹង​សូត្រ​ធម៌​​ទៀត ។ ត​មក​គេ​ចូល​ទៅ​មើល​ព្រះ​បដិមាករ​ក្នុង​ព្រះ​វិហារ ដែល​មាន​ព្រះ​ពុទ្ធ​រូប​ច្រើន​អនេក ។ មាន​រូប​ព្រះ​អគ្គ​សាវ័ក​ស្ដាំ - ឆ្វេង​របស់​ព្រះ​អង្គ​ផង គឺ​ព្រះ​សារីបុត្រ​នឹង​ព្រះ​មោគ្គល្លាន ដែល​មាន​សំបុរ​លឿង​ខ្ចី​នឹង​ខៀវ​ក្រមៅ ។ គេ​ទើប​នឹង​បង្ហាញ​ព្រះ​បរម​ធាតុ​ដ៏​ជាក់ស្ដែង​នេះ ដល់​ប្រទេស​ឥណ្ឌៀ ប្រទេស​ភូមា នឹង​ប្រទេស​កម្ពុជា ។
គំនូរ​រឿង​ដាស់តឿន​ចិត្ត​ឲ្យ​ខំ​ខាង​ ការ​កុសល នៅ​លើ​ជញ្ជាំង​ធំ ៗ ខ្ពស់ ៗ បង្ហាញ​ឲ្យ​ឃើញ​សិល្បៈ ខាង​វិជ្ជាសាស្ត្រ ធម្មជាតិ នឹង​បុរាណ​វត្ថុ ដែល​មាន​លក្ខណ​ត្រង់​ស្មោះ​ក៏​ដោយ ក៏​គង់​ធ្វើ​ឲ្យ​រំភើប​ចិត្ត​មនុស្ស​ណា​ដែល​ណាយ​ជាង​គេ​បំផុត​ដែរ ។ ក្រោយ​បំផុត គេ​ចូល​ទៅ​មើល​ដើម​ពោធិព្រឹក្ស ដែល​ព្រះ​សិទ្ធត្ថគោតម​ជា​ព្រះ​រាជបុត្រ​នៃ​ស្ដេច​សាក្យៈ​បាន​យាង​ចូល​ទៅ​ ជ្រក​ក្រោម​ម្លប់​ចង្ក្រម​ភាវនា លុះត្រា​តែ​បាន​សម្រេច​គតិ​បណ្ឌិត្យ នឹង​ពោធិញ្ញាណ ទៅ​ជា​ព្រះ​ពុទ្ធ​ក្នុង​លោក ។
បើ​ប្រសិន​មាន​ថាស​ខ្លះ​មាន ​ផ្កា​ពុំ​គ្រប់គ្រាន់ នោះ​ពួក​សមាគម​ខាង​សាសនា​នាំ​គ្នា​បន្ថែម​ឲ្យ​ទាល់​តែ​ពេញ ព្រោះ​ពួក​នេះ​មាន​ករណីយកិច្ច​តែ​នឹង​ជួយ​អ្នក​ដំណើរ​នៅ​ថ្ងៃ​បុណ្យ​ធំ បើ​អ្នក​ដំណើរ​នោះ​ត្រូវ​ការ ។
ក្រោយ​អំពី​គារវកិច្ច​ចំពោះ​បូជនីយស្ថាន​ ទាំង​នេះ គេ​នាំ​គ្នា​ក្រោក​ឈរ​ឡើង ហើយ​ឧទ្ទិស​កុសល​ជូន​ដល់​ជីដូន​ជីតា​មាតា​បិតា​នឹង​ញាតិ​ទាំង ៧ សន្ដាន​ដែល​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ នឹង​ឧទ្ទិស​ដល់​ខ្យល់ ទឹក ដី នឹង​អារ័ក្ស​អ្នក​តា​ដែល​នៅ​ពាស​ពេញ​ផែនដី ទោះ​មាន​រូប​ក្ដី ឥត​រូប​ក្ដី សូម​អញ្ជើញ​មក​ទាំងអស់ ដោយ​ចិត្ត​មេត្តា​ករុណា គ្មាន​ចំពោះ​រូប ។ កិច្ច​កុសល​គឺ​គុណធម៌​នេះ​កើត​ឡើង​ដោយ​ចិត្ត​សោមនស្ស​ជ្រះថ្លា ដែល​អាច​បង្រួញ​សង្ខារ​ក្នុង​ភព​ទាំង ៣ ឲ្យ​បាន​ខ្លី ។
នេះ​ជា​សេចក្ដី​ពណ៌នា​យ៉ាង​សង្ខេប អំពី​បុណ្យ​វិសាខបូជា​ដែល​ជា​បុណ្យ​ធំ​បំផុត​ក្នុង​ព្រះ​ពុទ្ធសាសនា នៅ​លង្កាទ្វីប ។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ