Monday, July 5, 2010

ប្រទេសថៃ៖ យោធា ព្រះមហាក្សត្រ និងលទ្ធិប្រជាធិបតេយ្យ


នៅ​លើ​ក្រដាស​ ថៃ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ តាំង​ពី​ឆ្នាំ​១៩៣៣​ មក​ម៉្លេះ​។ ក៏​ប៉ុន្តែ​ នៅ​លើ​សាច់​ការ​ជាក់​ស្តែង​វិញ​ ប្រទេស​នេះ​ តែង​តែ​ឋិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ យោធា​។ ទោះ​ជា​បាន​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក៏​ដោយ​ គ្រប់​រដ្ឋាភិបាល​ស៊ីវិល​ សុទ្ធ​តែ​ឋិត​នៅ​ក្រោម​ការ​គំរាម​កំហែង​ធ្វើ​រដ្ឋ​ប្រហា​របស់​យោធា​ និង​នៅ​ក្រោម​ឥទ្ធិពល​ខ្លាំង​ជ្រុល​របស់​ព្រះ​មហាក្សត្រ​។

ប្រទេសថៃ៖ យោធា ព្រះមហាក្សត្រ និងលទ្ធិប្រជាធិបតេយ្យ
រាប់ ​ទាំង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១៩​កញ្ញា​ឆ្នាំ​២០០៦​ ដែល​បាន​ទម្លាក់​លោក​Thaksin​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ ប្រទេស​ថៃ​បាន​ស្គាល់​រដ្ឋ​ប្រហារ​យោធា​ទាំង​អស់​ចំនួន​១៩​លើក​ តាំង​ពី​ឆ្នាំ​១៩៣២​ មក​។ នេះ​ស្តែង​ឲ្យ​ឃើញ​ថា​ យោធា​ដើរ​តួនាទី​ធំ​សម្បើម​ណាស់​ នៅ​ក្នុង​ជីវិត​នយោបាយ​នៃ​ប្រទេស​ថៃ​។
មែន ​ទែន​ទៅ​ អន្តរាគមន៍​យោធា​ដ៏​ញឹក​ញាប់​បែប​នេះ​ ដែល​តាម​ធម្មតា​គ្មាន​ការ​បង្ហូរ​ឈាម​ឡើយ​ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។ ​ម្យ៉ាង​ យោធា​ជា​អ្នក​ដែល​បាន​ផ្តួល​រំលំ​របប​រាជា​និយម​ផ្តាច់ការ​ នៅ​ឆ្នាំ​១៩៣២​ និង​ជា​អ្នក​ដែល​បាន​បង្កើត​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២៤​មិថុនា​ឆ្នាំ​១៩៣៣​។ ​ម្យ៉ាង​ទៀត​ ពេញ​មួយ​សតវត្សរ៍​ទី​២០​ យោធា​ដែល​មិន​ចាំ​បាច់​គិតគូរ​ពី​រឿង​ការពារ​ជាតិ​ ដ្បិត​ប្រទេស​ថៃ​មិន​ដែល​ឆ្លង​កាត់​សង្គ្រាម​ បាន​ងាក​មក​រវីរវល់​តែ​ពី​រឿង​ផ្ទៃ​ក្នុង​។ អ៊ីចឹង​ហើយ​ បាន​ជា​មក​ទល់​សព្វ​ថ្ងៃ​ យោធា​ថៃ​ តាំង​ខ្លួន​ជា​កម្លាំង​មួយ​ម្ចាស់​ការ​ មិន​ស្តាប់​បញ្ជា​អ្នក​នយោបាយ​ ផ្តល់​សិទ្ធិ​ដល់​ខ្លួន​ឯង​ ដើម្បី​គាប​សង្កត់​ឬ​រំលំ​រដ្ឋាភិបាល​។ អ៊ីចឹង​ហើយ​ដែរ​ បាន​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជា​ច្រើន​រូប​ សុទ្ធ​សឹង​ជា​នាយ​ទាហាន​ឬ​អតីត​នាយ​ទាហាន​ ដូច​យ៉ាង​លោក​Phibun លោក​Sarit លោក​Thanom ឬ​ក៏​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​Sonthi​។

លើក​ណា​ក៏​ដូច​ លើក ​ណា​ ក្រុម​នាយ​ទាហាន​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ តែង​អះអាង​ថា​ គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​។ ឧទាហរណ៍​ ទាក់​ទិន​នឹង​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៤៧​ ឧត្តមសេនីយ​Phibun​ បាន​និយាយ​អះអាង​ថា​ គឺ​ដើម្បី​ការពារ​ភាព​ថ្លៃថ្នូរ​នៃ​របប​រាជា​និយម​ ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​ដែល​ទន់​ជ្រាយ​ពេក​ នៅ​ចំពោះ​មុខ​បស្ចិម​លោក​។ ពាក់ព័ន្ធ​នឹង​ រដ្ឋ​ប្រហារ ឆ្នាំ​១៩៧១​វិញ​ ក្រុម​ឧត្តមសេនីយ​បាន​ពន្យល់​ថា​ គឺ​ដើម្បី​ការពារ​ប្រទេស​ ទប់ទល់់​នឹង​ឥទ្ធិពល​កុម្មុយនិស្ត​ដែល​ចេញ​មក​ពី​តំបន់​បណ្តោយ​ព្រំដែន​ជា​ មួយ​ប្រទេស​ម៉ាឡេស៊ី​។ ហើយ​ស្តី​ពី​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦​វិញ​ ក្រុម​ឧត្តមសេនីយ​បាន​ថ្លែង​ថា​ គឺ​ដើម្បី​រក្សា​ស្ថិរភាព​នៃ​ប្រទេស​។

ទោះ ​បី​ជា​មិន​ចេញ​មុខ​ខ្លាំង​ ឥទ្ធិពល​របស់​ព្រះ​មហាក្សត្រ​ថៃ​ធំ​លើស​ឥទ្ធិពល​របស់​យោធា​ទៅ​ទៀត​។ បើ​សិន​ជា​គ្មាន​ការ​គាំទ្រ​ពី​ព្រះ​ចៅ​Bhumibol​ទេ​ រដ្ឋ​ប្រហារ​យោធា​បន្តបន្ទាប់​គ្នា​ តាំង​ពី​ឆ្នាំ​១៩៥០​មក​ ប្រហែល​ជា​មិន​អាច​ទទួល​ជោគជ័យ​ងាយៗ​ អ៊ីចឹង​បាន​ទេ​។ ជាក់​ស្តែង​ នៅ​ឆ្នាំ​១៩៨១​ រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​ឧត្តមសេនីយ​Prem ដែល​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ព្រះចៅ​ Phumibol បាន​ទទួល​បរាជ័យ​ស្មោះ​។

ដោយ ​ឡែក​ យោធា​ រដ្ឋាភិបាល​ និង​រាស្ត្រ​ថៃ​ ទទួល​ស្គាល់​តួ​នាទី​របស់​ព្រះ​មហាក្សត្រ​ ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ធ្ងន់ធ្ងរ​និង​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ជា​ចាំ ​បាច់​ ទោះ​បី​ជា​តួ​នាទី​នេះ ​មិន​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​ដោយ​។ នៅ​ឆ្នាំ​១៩៧៣​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​ចលនា​និស្សិត​ ឧត្តមសេនីយ​Thanom​ ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​មុខ​តំណែង​ នាយក​រដ្ឋមន្ត្រី​និង​និរទេស​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ តាម​សំណូមពរ​របស់​ព្រះ​ចៅ​Phumibol​។ លើស​ពី​នេះ​ទៅ​ទៀត​ ព្រះ​មហាក្សត្រ​ថៃ​ មាន​សិទ្ធិ​ប្រើ​អំណាច​Veto​ ដោយ​មិន​ឡាយ​ព្រះហស្ត​លេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​ណា​ ដែល​ព្រះអង្គ​មិន​យល់​ស្រប​។ ​ហើយ​ជា​ទូទៅ​ សភា​តែង​តែ​បោះ​បង់​ចោល​ជា​ស្ថាពរ​ ច្បាប់​ដែល​ត្រូវ​បាន​ជំទាស់​ដោយ​ព្រះ​មហាក្សត្រ​។

នៅ​ក្នុង​បរិបទ​ បែប​នេះ​ គេ​អាច​អះអាង​បាន​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​ប្រទេស​ថៃ​ នា​រយៈ​ពេល​ជិត​៨០​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ដំណើរ​រប៉ាក់​រប៉ើក​។ មូលហេតុ​ទី​មួយ​ គឺ​បណ្តាល​មក​ពី​អំណាច​ធំធេង​ពេក​របស់​ព្រះ​មហាក្សត្រ​ធំ​ធេង​ហួស​សេច​ក្តី​ ចែង​របស់​រដ្ឋ​ធម្មនុញ្ញ​។ មូលហេតុ​ទី​ពីរ​ គឺ​បណ្តាល​​មក​ពី​រដ្ឋប្រហារ​យោធា​មិន​ចេះ​ឈប់​ឈរ​ ដែល​មិន​អាច​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស ​ រីក​ធំ​រឹង​មាំ​បាន​។​ នា​រយៈ​ពេល​៧៦​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រោយ​រដ្ឋ​ប្រហារ​ម្តងៗ​ យោធា​ថៃ​ឡើង​កាន់កាប់​អំណាច​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​មុន​នឹង​ប្រគល់​អំណាច​ទៅ ​ឲ្យ​ស៊ីវិល​វិញ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ស៊ីវិល​មួយ​ចំនួន​គ្រប់គ្រង​ប្រទេស​ ក្រោម​ការ​ឃ្លាំ​មើល​របស់​យោធា​ទៅ​ទៀត​។ ឯ​មូលហេតុ​ចុង​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​រប៉ាក់រប៉ើក​នៅ​ប្រទេស​ថៃ​ គឺ​បណ្តាល​មក​ពី​អស្ថិរភាព​ខ្លាំង​នៃ​រដ្ឋាភិបាល​នីមួយៗ​។

កម្រ​មាន​ ណាស់​រដ្ឋាភិបាល​មួយ​ដែល​អាច​ដឹក​នាំ​ប្រទេស​ មួយ​អាណត្តិ​ពេញ​ ពីព្រោះ​សុទ្ធសឹង​ជា​រដ្ឋាភិបាល​ចម្រុះ​ដែល​ត្រូវ​តែ​រលំ​បះ​ជើង​ ពេល​មាន​ការ​បាក់​បែក​ប្រេះ​ឆា​ នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ប្រទេស​ម្តងៗ​។

ភាព​តាន​តឹង​និង​ អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សុទ្ធ​សឹង​ជា​ការ​គំរាមកំហែង​ថ្មី​ ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ថៃ​។​ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៧​ ដែល​គេ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាង​គេ​ ត្រូវ​បាន​បោះ​បង់​ចោល​។ រី​ឯ​លោក​Thaksin ដែល​ឈ្នះ​ឆ្នោត​បន្ត​បន្ទាប់​គ្នា​ នៅ​ឆ្នាំ​២០០១​និង​ ឆ្នាំ​២០០៥​ ក៏​ដូច​បក្ស​ពួក​របស់​លោក​ ដែល​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០០៧​ ត្រូវ​គេ​រារាំង​មិន​ឲ្យ​ដឹក​នាំ​ប្រទេស​បាន​៕

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ