Monday, July 5, 2010
សិង្ហបូរី៖ លទ្ធិប្រជាធិបតេយ្យឬរបបផ្តាច់ការ?
សិង្ហបូរី ជាប្រទេសមួយមហារុងរឿង រុងរឿងជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ និងរុងរឿង ជាងបណ្តាប្រទេសបស្ចិមលោកខ្លះទៅទៀត។ យ៉ាងណាមិញ រដ្ឋដ៏តូចមួយនេះ កាន់អំណាចផ្តាច់ការ តែជាអំណាចផ្តាច់ការមួយភ្លឺស្វាង ឲ្យតម្លៃទៅលើយុត្តិធម៌សង្គម សន្តិសុខ ភាពថ្លៃថ្នូរនិងសុភមង្គលរបស់ប្រជាពលរដ្ឋ។
ផែនទីប្រទេសសិង្ហបុរី
នៅ អាស៊ី សិង្ហបូរីជាប្រទេសគំរូមួយ គំរូនៃវឌ្ឍនភាពសេដ្ឋកិច្ច និងគំរូនៃសន្តិសុខ។ ក៏ប៉ុន្តែចំពោះបស្ចិមលោក រដ្ឋដ៏តូចមួយនេះកាន់អំណាចផ្តាច់ការ មិនគោរពសិទ្ធិមនុស្ស មានឈ្មោះជាលទ្ធិប្រជាធិបតេយ្យតែនៅលើក្រដាស។តាមពិតទៅ តាំងពីឆ្នាំ១៩៦៥មក ឆ្នាំដែលសិង្ហបូរីផ្តាច់ខ្លួនចេញពីសហព័ន្ធរួមម៉ាឡេស៊ី លទ្ធិប្រជាធិបតេយ្យនិងសេរីកម្មនយោបាយ មិនដែលជាអាទិភាពចម្បងរបស់រដ្ឋាភិបាលឡើយ។ សំរាប់ Lee Kuan Yew ដែលជាបិតានៃវឌ្ឍនភាពសិង្ហបូរី និងជានាយករដ្ឋមន្ត្រី ពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៩០ អ្វីដែលសំខាន់ គឺការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សណ្តាប់ធ្នាប់សាធារណៈ។ នៅក្នុងន័យនេះ Lee Kuan Yew បានបង្កើតនិងពង្រឹងម៉ាស៊ីនសន្តិសុខមួយ ដើម្បីកាត់បន្ថយទាល់តែអស់រលីង ឥទ្ធិពលនៃពួកប្រឆាំង និងដើម្បីធ្វើឲ្យគណបក្សរបស់លោក គឺបក្សសកម្មភាពប្រជាជន មានអំណាចខ្លាំងផ្តាច់មុខតែឯង នៅលើឆាកនយោបាយនៃប្រទេស។
តាំង ពីឆ្នាំ១៩៥៩មក បក្សសកម្មភាពប្រជាជនឈ្នះឆ្នោតរហូត ហើយកាន់កាប់អាសនៈ ទាំងស្រុង នៅក្នុងសភា ពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៨១។ ដើម្បីឈ្នះឆ្នោត និងដើម្បីក្តាប់អំណាចទាំងស្រុងបាន រដ្ឋាភិបាល Lee kuan Yew ប្រើស្នៀតនយោបាយបីយ៉ាង។ ម្យ៉ាងគឺការពុះចែកមណ្ឌលបោះឆ្នោតឡើងវិញ ដើម្បីរំសាយដែនអំណាចរបស់បក្សប្រឆាំង។ ម្យ៉ាងទៀត គឺការប្រើប្រាស់ធនធាននិងស្ថាប័នរដ្ឋ សំរាប់ប្រយោជន៍នៃគណបក្ស។ ម្យ៉ាងចុងក្រោយបង្អស់ គឺការប្តឹងផ្តល់ឡើងតុលាការ ប្រឆាំងនឹងពួកអ្នកជំទាស់ ក្នុងបទ បង្ខូចកេរ្តិ៍ឈ្មោះ។ លើសពីនេះទៅទៀត រដ្ឋាភិបាលLee Kuan Yew ក៏ប្រើច្បាប់ ដើម្បីបិទមាត់អ្នកជំទាស់ដែរ នោះគឺច្បាប់ស្តីពីសន្តិសុខផ្ទៃក្នុង។ ច្បាប់នេះអនុញ្ញាត ដោយមិនចាំបាច់កាត់ទោស ឲ្យឃុំខ្លួនជនណាក៏ដោយដែលជាប់សង្ស័យថាបង្កវិទ្ធង្សនា និងសកម្មភាពកុម្មុយនិស្ត។ ជាក់ស្តែង នៅមុនពេលបោះឆ្នោតឆ្នាំ១៩៦៨ Lee Kuan Yew បានប្រើច្បាប់សន្តិសុខផ្ទៃក្នុងនេះ ដើម្បីរុញច្រានអ្នកដឹកនាំបក្សប្រឆាំងពីរនាក់ចេញពីសៃវៀននយោបាយ។ មែនទែនទៅ ច្បាប់នេះ មិនមែនសំដៅ ទៅលើតែអ្នកនយោបាយប៉ុណ្ណោះទេ។ វាក៏ជាសម្ពាធមួយដ៏មានប្រសិទ្ធិភាព ដាក់ទៅលើអ្នកកាសែត អ្នកជំនួញ ឬជនណាក៏ដោយ ដែលហ៊ានរិះគន់រដ្ឋាភិបាល។
លោក Lee Kuan Yew នាយករដ្ឋមន្ត្រីសិង្ហបូរី ពីឆ្នាំ១៩៥០ ទៅដល់ឆ្នាំ១៩៩០
ទោះ ជាយ៉ាងណាក៏ដោយ មានគណបក្សនយោបាយរហូតទៅដល់ជាង៤០ នៅសិង្ហបូរី។ ក៏ប៉ុន្តែ តាំងពីឆ្នាំ១៩៦៥មក គ្មានបក្សណាមួយ អាចយកឈ្នះឬសង្ឃឹមយកឈ្នះ បក្សសកម្មភាពប្រជាជាជនរបស់Lee Kuan Yee ឡើយ។ មូលហេតុ គឺមកពីរដ្ឋាភិបាលLee Kuan Yee ក្នុងអតីតកាល និងរដ្ឋាភិបាល នៃកូនប្រុសរបស់គាត់Lee Hsien Long ក្នុងបច្ចុប្បន្នកាល ក្តាប់សឹងទាំងស្រុង មធ្យោបាយឃោសនាមហាជន។ ទូរទស្សន៍ វិទ្យុ និងកាសែត សុទ្ធសឹង ជាកម្មសិទ្ធិរបស់ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងញាតិមិត្តសន្តានរបស់អ្នកដឹកនាំប្រទេស។ ម៉្លោះហើយ ការនិយាយរិះគន់រដ្ឋាភិបាល អាចចេញមកពីសារពត៌មានបរទេសមួយគត់។ យ៉ាងណាមិញ រដ្ឋាភិបាលសិង្ហបូរី ធ្វើទុក្ខបុកម្នេញសារពត៌មានបរទេសមិនស្វាងឡើយ។ រដ្ឋសិង្ហបូរី ប្តឹងផ្តល់ឡើងតុលាការ ប្រឆាំងនឹងកាសែតឬទស្សនាវដ្តីបរទេសណាដែលហ៊ានរិះគន់ខ្លួន។ ជាក់ស្តែង សារពត៌មាន Time, Asian Wall Street Journal, Asiaweek, ឬក៏ Far Eastern Economic Review សុទ្ធតែធ្លាប់បានប្រឈមមុខនឹងតុលាការសិង្ហបូរី។ មិនតែប៉ុណ្ណោះ ដើម្បីត្រួតពិនិត្យអត្ថបទនៃអ្នកកាសែតបរទេសទាំងនេះបាន និងដើម្បីស្រួលធ្វើការគាបសង្កត់ រដ្ឋាភិបាលសិង្ហបូរី ទាមទារឲ្យមធ្យោបាយឃោសនាមហាជនបរទេស ដាក់ប្រចាំនៅលើទឹកដីសិង្ហបូរី តំណាងឬអ្នកឆ្លើយឆ្លងពត៌មានម្នាក់យ៉ាងតិច និងដាក់លុយ២០ម៉ឺនដុល្លារប្រចាំ នៅក្នុងធនាគារសិង្ហបូរី។ ធ្វើដូចនេះ រដ្ឋាភិបាលសិង្ហបូរីអាចដកហូតយកប្រាក់សងជម្ងឺចិត្តភ្លាមៗ នៅក្រោយការប្តឹងផ្តល់ឈ្នះ សារពត៌មានបរទេសអស់ទាំងនេះម្តងៗ។
ដោយ ឡែក ពេលបោះឆ្នោតម្តងៗ រដ្ឋាភិបាលទិញសម្លេងឆ្នោតដោយប្រយោល បានន័យថា រដ្ឋាភិបាលចែកចាយអំណោយឲ្យប្រជាពលរដ្ឋ។ ឧទាហរណ៍នៅឆ្នាំ២០០១ អាជ្ញាធរបានចែកភាគហ៊ុនទីផ្សារហាងឆេងឲ្យដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅដកយកលុយអំណោយនេះ ពីធនាគារ មួយថ្ងៃមុនថ្ងៃបោះឆ្នោត។
លើសពីនេះ ទៅទៀត គ្មានទេស្ថាប័នឯករាជ្យដើម្បីចាត់ចែងនិងត្រួតពិនិត្យ មើលការបោះឆ្នោត។ គឺរដ្ឋាភិបាលជាអ្នកចាត់ចែងទាំងអស់។
ម្យ៉ាង វិញទៀត នៅពីក្រោយរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតនេះ គឺក្រុមគ្រួសារLee Kuan Yew តែម្តងដែលជាអ្នកក្តាប់អំណាច។ Lee Kuan Yew ដែលជាផ្លូវការបានបោះបង់ចោលមុខតំណែងនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៩០ នៅបន្តទាញខ្សែបង្ហៀររដ្ឋាភិបាលតទៅទៀត។ Lee Hsien Long កូនប្រុសគាត់វិញ ជាបច្ចុប្បន្ននាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ ភរិយា និងកូនប្រុសម្នាក់ទៀតរបស់ Lee Kuan Yew ជាប្រធានអគ្គនាយក នៃក្រុមហ៊ុនរដ្ឋធំៗមួយចំនួន ដូចជាក្រុមហ៊ុន Singapour Telecom ជាដើម។
និយាយរួម នៅលើក្រដាស សិង្ហបូរីជាលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយយកគំរូតាមលទ្ធិប្រជាធិបតេយ្យនៃប្រទេសអង់គ្លេស។ ក៏ប៉ុន្តែ ការពិតជាក់ស្តែង រដ្ឋដ៏តូច តែមហារុងរឿងមួយនេះកាន់អំណាចផ្តាច់ការសោះ។
សួរថា ទោះជាគ្មានសេរីភាពនយោបាយ និងគ្មានសិទ្ធិបុគ្គលទូលំទូលាយ តើប្រជាជនសិង្ហបូរី មានសុភមង្គលដែរឬទេ? គេត្រូវដឹងថា ប្រជាពលរដ្ឋសិង្ហបូរីមានកំរិតជីវភាពខ្ពស់សឹងគ្រាន់បើជាងប្រជាជន បស្ចិមលោកទៅទៀត។ សិង្ហបូរីឲ្យតម្លៃទៅលើយុត្តិធម៌សង្គម ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសស្អាតស្អំគ្មានអំពើពុករលួយ ជាប្រទេសប្រកបដោយសន្តិសុខខ្ពស់។ ម៉្លោះហើយ កម្រមានណាស់អ្នកដែលចង់ចាកចេញពីសិង្ហបូរី ដើម្បីទៅរស់នៅប្រទេសផ្សេង៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment