Monday, July 5, 2010

កិច្ច​ប្រជុំ​របស់​អ.ស.ប.​ស្ដីពី​សិទ្ធិ​នៃ​ជនជាតិ​ដើម​លើ​ពិភពលោក (ភាគ​១១)

ដោយ មឿង ទុម

2010-05-02


អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក ស្ដីពី​សិទ្ធិ​នៃ​ជនជាតិ​ដើម​នៅ​ជុំវិញ​ពិភពលោក ដែល​គេ​ទើប​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១០ កន្លង​មក​ថ្មី​ៗ​នេះ។








កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៩ នៃ​វេទិកា​ជនជាតិ​ដើម មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា UN Permanent Forum on Indigenous Issues ត្រូវ​បាន​គណៈកម្មការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជនជាតិ​ដើម​រៀបចំ​ឡើង ២​សប្ដាហ៍ ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ដល់​ទី​៣០ ខែ​មេសា ឆ្នាំ​២០១០​នេះ នៅ​បុរី​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក។


ទំព័រ​វឹបសាយថ៍​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ប្រធានបទ​នៃ​កិច្ច​ប្រជុំ​គឺ​ផ្ដោត​សំខាន់​អំពី​បញ្ហា​របស់​ជនជាតិ​ដើម​នៅ​ទូទាំង​ពិភពលោក ដែល​ទាក់ទិន​នឹង​វិស័យ​សេដ្ឋកិច្ច សង្គម អភិវឌ្ឍន៍ វប្បធម៌ បរិស្ថាន អប់រំ និង​បញ្ហា​សិទ្ធិ​មនុស្ស។


ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​បន្ថែម​ថា ៖ «ឆ្នាំ​នេះ គេ​ផ្ដោត​លើ​អត្តសញ្ញាណ និង​វប្បធម៌។ ខាង​គណៈកម្មការ​ហ្នឹង គេ​ចង់​ដឹង​ថា តើ​ជនជាតិ​ដើម​បាត់​បង់​អី​ខ្លះ ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​បាត់​បង់»


ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ មាន​ប្រតិភូ​ជាង ២៥០០​នាក់ មក​ពី​ជាង ១៩០​ប្រទេស បាន​ទៅ​ចូលរួម​ប្រជុំ ក្នុង​នោះ​មាន​ទាំង​ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​ជាង ៣០​នាក់​ផង​ដែរ ៖ «ខ្មែរ​ក្រោម​បាន​មក​ចូលរួម​លើក​ទី​៦​ហើយ។ នៅ​ក្នុង​ឆ្នាំ​ហ្នឹង យើង​បាន​មក​ចូលរួម​ប្រជុំ មាន​យុវជន​ចែក​ជា ២​ក្រុម មាន ៣០​នាក់។ ក្រុម​ទី​១ ក្នុង​សប្ដាហ៍​កន្លង​មក​ហើយ មាន ១៥​នាក់ និង​ក្រុម​ទី​២ ក្នុង​សប្ដាហ៍​នេះ​មាន ១៥​នាក់។ យើង​ចង់​ឲ្យ​យុវជន យុវតី​ខ្មែរ និង​ខ្មែរ​ក្រោម បាន​ដឹង​ច្បាស់​នូវ​ប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ ផ្លូវ​ច្បាប់ អហិង្សា ទៅ​តាម​ក្បួន​ខ្នាត​អន្តរជាតិ។ ខ្ញុំ​ជឿ​ថា ការ​បណ្ដុះ​បណ្ដាល​យុវជន យុវតី ឲ្យ​ស្គាល់​នេះ ជា​រឿង​មួយ​បណ្ដុះ​បណ្ដាល​ផ្នែក​វិជ្ជា ឲ្យ​យើង​ចេះ​តវ៉ា​ទៅ​តាម​ច្បាប់ មិន​បាច់​ប្រើ​កម្លាំង​ដោយ​មិន​បាន​ពិចារណា ហើយ​ការ​ធ្វើ​ហិង្សា​នាំ​ឲ្យ​អន្តរជាតិ​គេ​មិន​គាំទ្រ ទោះ​បី​យើង​ជា​ជន​រង​គ្រោះ​ក្តី»



យុវជន​ខ្មែរ​ក្រោម​មួយ​រូប​ឈ្មោះ ថាច់ លីមី មក​ពី​រដ្ឋ New Jersey សហរដ្ឋ​អាមេរិក ដែល​បាន​ចូលរួម​ប្រជុំ​ថ្លែង​ថា ៖ «ក្រុម​យុវជន​យើង​ខ្ញុំ​មក​អង្គការ​សហ​ប្រជាជាតិ មក​ចូលរួម​ប្រជុំ​ហ្នឹង ដើម្បី​ទាមទារ​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង ត្រូវ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម មួយ​ចំណែក​នៅ​ក្នុង​ប្រទេស​វៀតណាម​សព្វថ្ងៃ​នេះ»


ព្រះតេជព្រះគុណ ញ័ញ ទូន មក​ពី​ប្រទេស​ស៊ុយអែត ដែល​បាន​និមន្ត​ទៅ​ចូលរួម​ក្នុង​អង្គ​ប្រជុំ​នោះ​ដែរ មាន​ព្រះ​ថេរ​ដីកា​បន្ថែម ៖ «អង្គ​ប្រជុំ​នេះ​មាន​សារ​សំខាន់​ចំពោះ​ជំនឿ​ព្រះ​ពុទ្ធ​សាសនា សម្រាប់​ពុទ្ធ​បរិស័ទ​ខ្មែរ​យើង​ទូទៅ ហើយ​មួយ​ទៀត អាត្មា​មក​ចូលរួម​ប្រជុំ​ហ្នឹង ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ជំនឿ​ព្រះ​ពុទ្ធ សាសនា និង​អំពី​ជនជាតិ​ដើម​របស់​ខ្មែរ​កម្ពុជា ដើម្បី​ឲ្យ​វៀតណាម​ទទួល​ស្គាល់»


លោក ថាច់ ង៉ុកថាច់ បញ្ជាក់​ថា ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​លើក​យក​ចំណុច​សំខាន់​មួយ​ចំនួន ថ្លែង​ជម្រាប​ជូន​កិច្ច​ប្រជុំ ពិសេស​គឺ​បង្ហាញ​ព្រះ​សង្ឃ ៣​អង្គ គឺ​ព្រះតេជព្រះគុណ ទឹម សាខន ព្រះតេជព្រះគុណ គឹម មឿន និង​ព្រះតេជព្រះគុណ ញ័ញ ទូន ដែល​ធ្លាប់​បាន​អាជ្ញាធរ​នៃ​ប្រទេស​វៀតណាម ចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​លោក​តវ៉ា​ទាមទារ​សេរីភាព​នៃ​ការ​គោរព​ជំនឿ​ព្រះ​ពុទ្ធ​សាសនា។


លោក ថាច់ ង៉ុកថាច់ បាន​មាន​​ប្រសាសន៍​ថា ៖ «យើង​បាន​ណែនាំ​ឲ្យ​អង្គ​ប្រជុំ​បាន​ស្គាល់​អ្នក​ជាប់​ទោស​ព្រោះ​តែ​ជំនឿ​ពុទ្ធ​សាសនា មាន​លោក​គ្រូ ទឹម សាខន, គឹម មឿន និង ញ័ញ ទូន។ យើង​ក៏​បាន​និយាយ​អំពី​រដ្ឋាភិបាល​វៀតណាម​មិន​ព្រម​ទទួល​ស្គាល់​ជនជាតិ​ដើម ហើយ​ដែល​នៅតែ​បន្ត​រំលោភ​សេរីភាព ដូច​ដែល​ខ្លួន​ថា​បាន​បំពេញ»


តែ​តំណាង​រដ្ឋាភិបាល​ប្រទេស​វៀតណាម លោក​ស្រី ហ័ង ធីថាញ់ង៉ា ជា​លេខាធិការ​ទី​២ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទី​៣ របស់​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​អង្គការ​សហ​ប្រជាជាតិ នៅ​បុរី​ញ៉ូវយ៉ក បាន​ឡើង​ថ្លែង​ជូន​អង្គ​ប្រជុំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​កន្លង​មក​នេះ ដោយ​បដិសេធ​ការ​ប្រកាន់​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​មូលនិធិ​ម៉ុងតាញ៉ា ចាត់​ទុក​ការ​ចោទ​ប្រកាន់​នោះ​ថា ផ្អែក​លើ​ព័ត៌មាន​ប្រឌិត និង​បំភ្លៃ ផ្ទុយ​អំពី​សកម្មភាព​ដែល​រដ្ឋាភិបាល​វៀតណាម​យក​ចិត្ត​ទុក​ដាក់​ជួយ​ក្រុម​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​វៀតណាម។


លោក​ស្រី ហ័ង ធីថាញ់ង៉ា បាន​អះអាង​ថា ៖ «គណៈ​ប្រតិភូ​យើង​ខ្ញុំ​សូម​សម្ដែង​ការ​ជំទាស់​នឹង​ការ​ចូលរួម​ប្រជុំ​របស់​បុគ្គល​ទាំង​នេះ។ គណៈ​ប្រតិភូ​យើង​ខ្ញុំ​សូម​រំឭក​អង្គ​ប្រជុំ​ថា ពួក​បុគ្គល​ទាំង​នេះ​ពុំ​មែន​តំណាង​ក្រុម​ជនជាតិ​ភាគ​តិច​ណា​មួយ នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ។ ពួក​នេះ​ធ្វើ​សកម្មភាព​នយោបាយ​ដើម្បី​បំបែក​រដ្ឋ»



មេ​ដឹកនាំ​ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ប្រសាសន៍​បំភ្លឺ​តប​វិញ​ដូច្នេះ ៖ «ក្នុង​កិច្ច​ជំនុំ ទោះ​បី​រដ្ឋាភិបាល​យួន​ទទួល​ស្គាល់​ច្បាប់​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋាភិបាល​យួន​នៅតែ​បន្ត​ថា គ្មាន​ជនជាតិ​ដើម​ទេ មាន​តែ​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​វៀតណាម។ រដ្ឋាភិបាល​យួន​បាន​ឡើង​ឆ្លើយ​តប​វិញ តែ​ប្រើ​ពាក្យ​ដដែល​ៗ​នៅតែ​ចោទ​ប្រកាន់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួម​ជាមួយ​ជនជាតិ​ដើម​ម៉ុងតាញ៉ា ថា​ជា​ក្រុម​បំបែក​បំបាក់ ថា​ជា​ក្រុម​ចង់​បាន​ឯករាជ ថា​ដដែល​ៗ​ហ្នឹង។ យើង​យក​លោក​គ្រូ ទឹម សាខន, គឹម មឿន និង ញ័ញ ទូន មក​ដើម្បី​បង្ហាញ​ថា យើង​មាន​សាក្សី មិន​ដូច​អ្វី​ដែល​វៀតណាម​ថា​នោះ​ទេ»


ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ផ្ដល់​អនុ​សាសន៍​ដល់​អង្គ​ប្រជុំ​នូវ​ចំណុច​សំខាន់​ៗ រួម​មាន ៖ «យើង​ចង់​ឲ្យ​គណៈកម្មការ​អង្គ​ជំនុំ ពិសេស​គណៈកម្មការ​ជនជាតិ​ដើម ធ្វើ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​យួន ដើម្បី​ជជែក​គ្នា​ត​ទល់​មុខ​គ្នា ដោយ​យើង​មិន​ចង់​ឃើញ​យួន​យក​ពាក្យ​ដដែល​ៗ មក​ចោទ​ប្រកាន់​សហព័ន្ធ​ថា​ជា​ក្រុម​នេះ ក្រុម​នោះ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​អង្គ​ប្រជុំ​នោះ​គេ​មិន​សប្បាយ​ចិត្ត ដោយសារ​មាន​តែ​ប្រទេស​យួន តែ​មួយ​ទេ​ដែល​នៅតែ​ចោទ​ប្រកាន់​អ្នក​តវ៉ា។ ចំពោះ​ជនជាតិ​ផ្សេង​ៗ​ទៀត ពេល​ណា​គេ​ឡើង​រិះគន់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​នោះ​ឡើង​មក​ថា គេ​នឹង​សម្រួល​នូវ​ការ​ខ្វះ​ចន្លោះ។ តែ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​យួន​នៅតែ​បន្ត​ការ​ចោទ​ប្រកាន់។ ខ្ញុំ​ជឿ​ថា នៅ​ឆ្នាំ​ខាង​មុខ​ៗ​នេះ រដ្ឋាភិបាល​យួន​មិន​អាច​នៅតែ​បន្ត​ការ​ចោទ​ប្រកាន់​នោះ​បាន​ទេ។ ឧទាហរណ៍​នៅ​ក្នុង​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មួយ​មិន​ព្រម​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ច្បាប់​ស្ដីពី​ជនជាតិ​ដើម​ទេ ហើយ​គេ​បាន​ប្រកាស​ថា គេ​នឹង​យក​ច្បាប់​នោះ​មក​ពិនិត្យ​ជា​ថ្មី​ឡើង​វិញ»


លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ឃើញ​មន្ត្រី​ខ្មែរ​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ទេ ហេតុ​នេះ​ហើយ​ទើប​ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​ពុំ​អាច​លើក​យក​សំណូមពរ​ដែល​ទាក់ទិន​ដល់​ការ​សុំ​អត្តសញ្ញាណ​ប័ណ្ណ​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ១៧​នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​បាន​ទេ។ វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ជា​ច្រើន​ដង​ទាក់ទង​ស្ថានទូត​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ដើម្បី​សុំ​សេចក្ដី​បំភ្លឺ​អំពី​ការ​ដែល​គ្មាន​តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ប៉ុន្តែ​យើង​ខ្ញុំ​ទាក់ទង​ពុំ​ទាន់​បាន​ទេ​មក​ដល់​ថ្ងៃ​ចុង​សប្ដាហ៍​នេះ។


សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជំរុញ​ឲ្យ​អង្គ​ប្រជុំ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ជួប​ប្រទះ​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​នា​ពេល​បច្ចុប្បន្ន ៖ «យើង​សំណូមពរ​នោះ ទី​មួយ ឲ្យ​គណៈកម្មការ​នោះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យួន​ត្រូវតែ​បង្កើត​ឲ្យ​មាន​សាលា​រៀន​សម្រាប់​កូន​ខ្មែរ​តាំង​ពី​ថ្នាក់​ទាប រហូត​ដល់​ថ្នាក់​ខ្ពស់។ ចង់​ឃើញ​ឲ្យ​កូន​ៗ​ខ្មែរ យើង​អាច​រៀន​ខ្ពស់​បន្ត​បាន​ដល់​បរទេស។ ចង់​ឃើញ​ឲ្យ​ខ្មែរ​យើង​មាន​ទំនៀម​ទម្លាប់​ខ្ជាប់ខ្ជួន។ ត្រូវ​មាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ឲ្យ​គេ​ស្គាល់​ខ្មែរ។ យើង​នៅតែ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា គ្រប់គ្រង​ដោយ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ផ្ទាល់​តែម្ដង មិន​មែន​គ្រប់គ្រង​ដោយ​រដ្ឋ បញ្ចូល​ទៅ​ក្នុង​ក្រុម​សាសនា​ផ្សេង​ដែល​មិន​មែន​ជា​ទំនៀម​ទម្លាប់​របស់​ខ្មែរ​នោះ​ទេ»


មុន​ពេល​បញ្ចប់​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ផ្ដោត​លើ​ ៩​ចំណុច រួម​មាន​ទាំង​ការ​អនុវត្ត​នូវ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ អំពី​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ជា​ជនជាតិ​ដើម​នៅ​តាម​ប្រទេស​ទាំងឡាយ៕





0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ