Monday, July 5, 2010

ភូមិសាស្រ្ត​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​១)

ដោយ មឿង ទុម
2010-02-21

ដែន ​ដី​កម្ពុជា​ក្រោម​គឺ​ជា​អតីត​ដែន​ដី​នៃ​ព្រះ​រាជាពណាចក្រ​កម្ពុជា ប៉ុន្តែ​តាំង​ពី​សតវត្សរ៍​ទី​២០​មក អាណានិគម​បារាំង​បាន​ប្រគល់​ដែន​ដី​ខ្មែរ​មួយ​ចំណែក​ធំ​នេះ​ទៅ​ឲ្យ​ប្រទេស​ វៀតណាម​កាន់កាប់។

នៅ​ក្នុង​សម័យ​ដែល​រុងរឿង​បំផុត​គឺ​នៅ​មុន​សតវត្សរ៍​ទី​១៣ ទឹក​ដី​ខ្មែរ​បាន​លាត​សន្ធឹង​លើ​ដែន​ដី​គោក​មួយ​ភាគ​ធំ​នៃ​តំបន់​អាស៊ី​ អាគ្នេយ៍។ នេះ​ជា​សេចក្តី​អះអាង​របស់​អ្នក​ប្រវត្តិ​វិទូ​ខ្មែរ លោក ត្រឹង ងា។

លោក​បាន​ចារ​ឲ្យ​ដឹង​ដូច្នេះ​នៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្រ្ត​ដែល​មាន​ ចំណងជើង​ថា ប្រវត្តិសាស្រ្ត​ខ្មែរ ភាគ​ទី​១ និង​ទី​២ បោះពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៧៣។ ប្រវត្តិ​វិទូ​ខ្មែរ​ដដែល​បាន​អះអាង​ឲ្យ​ដឹង​បន្ថែម​ថា ដែន​ដី​ខ្មែរ​ដ៏​ធំ​នោះ​មាន​រួម​ទាំង​ប្រទេស​ខ្មែរ​បច្ចុប្បន្ន រួម​ទាំង​ទឹក​ដី​កូសាំងស៊ីន​ទាំង​មូល និង​ដែន​ដី​ផ្នែក​ខាង​ត្បូង​និង​កណ្តាល​នៃ​ប្រទេស​លាវ និង​រួម​ទាំង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​ថៃ​ផង ក៏​ជា​ទឹក​ដី​របស់​ខ្មែរ​ដែរ ហើយ​មាន​ពេល​ខ្លះ​អំណាច​ខ្មែរ​បាន​លាត​សន្ធឹង​រហូត​ទៅ​ដល់​ជ្រោយ​ម៉ាឡាយូ​ និង​ប្រទេស​ភូមា ថែម​ទៀត​ផង។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា នៅ​ឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ ប្រចាំ​ក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​អំពី​វិសាលភាព​នៃ​ទឹក​ដី​ ព្រះ​រាជាណាចក្រ​កម្ពុជា នា​សម័យ​ដែល​ខ្មែរ​រុងរឿង​បំផុត​នោះ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បាន​បញ្ជាក់​ថា ៖ «សូម​ឲ្យ​ជ្រាប​ថា តាំង​តែ​ពី​ដើម​មក​យូរ​ណាស់​ហើយ ដី​ខ្មែរ​មាន​នៅ​រហូត​ទៅ​ដល់​ប្រទេស​ភូមា។ បើ​ខាង​ជើង​នោះ រហូត​ទៅ​ដល់​ក្រុង​ឈៀងម៉ៃ ពីព្រោះ​ខ្មែរ​កាន់​អំណាច​រហូត​ទៅ​ដល់​ទី​នោះ។ ដី​ខ្មែរ​នៅ​វាត​តាំង​ពី​ដែន​ដី​កម្ពុជា​ក្រោម កូសាំងស៊ីន រហូត​ទៅ​ដល់​ខាង​ជើង រហូត​ទៅ​ដល់​វៀងច័ន្ទ​នោះ ជា​ដី​របស់​ខ្មែរ»។

ប៉ុន្តែ​សំណេរ​ក្នុង​សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​របស់​លោក ត្រឹង ងា បាន​អះអាង​ថា ចាប់​ពី​សតវត្សរ៍​ទី​១៣​មក ទឹក​ដី​ខ្មែរ​ត្រូវ​រួញ​បន្តិច​ម្តងៗ ដោយសារ​អំពើ​រុក​រាន​របស់​ជនជាតិ​សៀម និង​ជនជាតិ​យួន ឬ​សព្វថ្ងៃ​គេ​ហៅ​ថា​វៀតណាម ដែល​មាន​បំណង​ចង់​យក​ទន្លេ​មេគង្គ​ធ្វើ​ជា​ព្រំដែន​រួម​របស់​គេ។ ដែន​ដី​មួយ​ភាគ​ធំ​ដែល​ខ្មែរ​បាត់បង់​ជា​បណ្តើរៗ​ទៅ​នោះ គឺ​មាន​រួម​ទាំង​ទឹក​ដី​កម្ពុជា​ក្រោម​ផងដែរ។ គឺ​អាណានិគម​បារាំង​បាន​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​ទៅ​ឲ្យ​ ប្រទេស​វៀតណាម​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៤៩​មក។

បើ​យោង​តាម​សៀវភៅ​ប្រវត្តិសាស្រ្ត​មួយ​ក្បាល​ទៀត​មាន​ចំណងជើង​ថា "កម្ពុជា​ក្រោម អំណាច គ្មាន​ខ្មែរ​ក្រោម" សរសេរ​ដោយ​លោក ត្រាំងឆាត ប៊ុត មាន​កំណើត​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម និង​ជា​អតីត​សាស្រ្តាចារ្យ​នៅ​វិទ្យាល័យ​យុគន្ធរ ក្រុង​ភ្នំពេញ កាល​ពី​ទសវត្សរ៍ ១៩៦០ លោក​បាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​នោះ​តាំង​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០០៥​មក បាន​អះអាង​ថា គេ​អាច​ចែក​កម្ពុជា​ក្រោម​ជា ២​តំបន់។ ទី​១ គឺ​តំបន់​ខាង​ជើង​ឬ​ហៅ​ថា កម្ពុជា​ក្រោម​ខាង​ជើង​ដែល​គេ​ពុំ​សូវ​នឹក​ឃើញ​ឬ​និយាយ​ដល់។ កម្ពុជា​ក្រោម​ខាង​ជើង​គឺ​ជា​ទឹក​ដី​ខ្មែរ​មួយ​ភាគ​ដែរ ដែល​អាណានិគម​បារាំង​បាន​យក​ទៅ​បង្កើត​ជា​ស្នងការ​ដារឡាក កាល​ពី​ឆ្នាំ​១៨៩៩ ហើយ​ដែល​បន្ទាប់​មក​កម្ពុជា​ក្រោម​ខាង​ជើង​ក៏​បាន​ក្លាយ​ទៅ​ជា​ខេត្ត​ដារឡាក ភ្ជាប់​ទៅ​នឹង​អាណាម ឬ​អតីត​ដែន​ដី​ប្រទេស​ចម៉្បា។

សៀវភៅ​ដដែល​បញ្ជាក់​ថា កម្ពុជា​ក្រោម​ខាង​ជើង​ជា​តំបន់​ភ្នំ និង​មាន​ព្រៃ​ឈើ​ធំៗ ពុំ​សូវ​មាន​ខ្មែរ​រស់​នៅ​ទេ តែ​បើ​មាន​ខ្លះ​ក៏​បច្ចុប្បន្ន​បាន​ក្លាយ​ជា​វៀតណាម​អស់​ទៅ​ហើយ។ តំបន់​នោះ​មាន​តែ​ជនជាតិ​ភ្នំ​រស់​នៅ​ដូច​ជា​ពួក​ម៉ូយ ចារ៉ាយ បាណា រញ៉ក់ សេដាង ហាឡាង ជាដើម ដែល​ជា​ជនជាតិ​អំបូរ​ខ្មែរ​មន ត​មក​ពី​មុន​សម័យ​អង្គរ​ម៉្លេះ។

ចុះ​ចំណែក​ដែន​ដី​កម្ពុជា​ក្រោម​ខាង​ត្បូង​វិញ? សៀវភៅ​ប្រវត្តិសាស្រ្ត "កម្ពុជា​ក្រោម អំណាច គ្មាន​ខ្មែរ​ក្រោម" បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម​ខាង​ត្បូង​គឺ​ជា​ដែន​ដី​ដែល​សព្វថ្ងៃ​គេ​ហៅ​ថា កូសាំងស៊ីន ឬ​ហៅ​កាត់​ថា កម្ពុជា​ក្រោម។

ទំព័រ​វ៉ឹបសាយថ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សាយ​ឲ្យ​ដឹង​បន្ថែម ​ថា កម្ពុជា​ក្រោម​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ដែន​ដី​សណ្ដ​ឋិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​អាង​ទន្លេ​មេគង្គ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ដែន​ដី​កម្ពុជា​ក្រោម​មាន​ទំហំ​ជិត​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ទំហំ​ផ្ទៃ​ ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។ ដែន​ដី​កម្ពុជា​ក្រោម​មាន ២១​ខេត្ត​ក្រុង​ដែល​លាត​សន្ធឹង​លើ​ទឹក​ដី​ដែល​មាន​ទំហំ​សរុប ៦៨.៩៦៥​គីឡូម៉ែត្រ​ក្រឡា។

ប៉ុន្តែ​បើ​យោង​ទៅ​តាម​ឯកសារ​ផ្លូវការ​របស់​សាធារណរដ្ឋ​សង្គម​និយម​ វៀតណាម ឆ្នាំ​២០០៤ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម​មាន​ទំហំ ៦៣.៥១១​គីឡូម៉ែត្រ​ក្រឡា ដែល​ក្នុង​នោះ​មាន ១៨​ខេត្ត​ក្រុង។ លោក ត្រាំងឆាត ប៊ុត បញ្ជាក់​ថា បើ​យោង​តាម​ឯកសារ​នេះ​ផ្ទៃ​ដី​នៅ​កម្ពុជា​ក្រោម​បាន​ចុះ​អស់​បន្តិច​មក​ពី​ ការ​កែប្រែ​ខណ្ឌ​សីមា​ខេត្ត​ខ្លះ។

ចាប់​ពី​ពេល​នេះ​ត​ទៅ​វិទ្យុ​អាស៊ីសេរី​សូម​ប្រើ​ពាក្យ​កម្ពុជា​ក្រោម ដែល​ជា​ពាក្យ​កាត់​ដើម្បី​សម្គាល់​ដែន​ដី​កូសាំងស៊ីន ឬ​ទឹក​ដី​កម្ពុជា​ក្រោម​ខាង​ត្បូង ដោយ​ប្រៀបធៀប​ទៅ​នឹង​ទីតាំង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ។

ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ក្បាល​ដែល​មាន​ចំណងជើង​ថា "ដែន​ដី​កម្ពុជា​ក្រោម" របស់​អ្នក​និពន្ធ​ឈ្មោះ គឹម សាអ៊ូល អតីត​អ្នក​និពន្ធ​សារព័ត៌មាន បោះ​ពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៦៩ មក​សរសេរ​ថា កម្ពុជា​ក្រោម​គឺ​ជា​ដែនដី​មួយ​ភាគ​ឋិត​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន។ កាល​ពី​សម័យ​ដើម​ដែន​ដី​នេះ​មាន​ឈ្មោះ​ថា កម្ពុជា​ទឹក​លិច ព្រោះ​កាល​ពី​បូរាណ​ដី​កណ្តាល​ឬ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​របស់​មហា​ អាណាចក្រ​ខ្មែរ​ជា​ដែន​ដី​គោក ចំណែក​ដី​ប៉ែក​ខាង​កើត​ឬ​កម្ពុជា​ក្រោម​សព្វ​ថ្ងៃ នៅ​ជា​ប្រជុំ​កោះ​នៅ​ឡើយ។ នៅ​ទី​នោះ​ពុំ​សូវ​មាន​ខ្មែរ​រស់​នៅ​ទេ ព្រោះ​ខ្មែរ​ពុំ​សូវ​រស់​នៅ​តាម​មាត់​ទឹក​ដែល​មាន​របរ​នេសាទ​ជា​ធំ​នោះ។

អ្នក​និពន្ធ គឹម សាអ៊ូល បញ្ជាក់​ថា ម៉្លោះ​ហើយ​ព្រះ​មហាក្សត្រ​ខ្មែរ​ពុំ​បាន​យក​ព្រះទ័យ​ទុក​ដាក់​ត្រួត​ ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ប៉ុន្មាន​ដែរ​នា​កាល​ណោះ។ លុះ​ប្រហែល​មួយ​សតវត្សរ៍​ក្រោយ​មក​កម្ពុជា​ក្រោម​ទឹក​លិច​ក៏​បាន​ក្លាយ​ជា​ ដី​គោក​ដោយសារ​ដី​ល្បាប់​ទន្លេ​មេគង្គ​ហូរ​ចាក់ ពេល​នោះ​ហើយ​ទើប​ប្រជារាស្រ្ត​ខ្មែរ​នាំ​គ្នា​ទៅ​រស់​នៅ​យ៉ាង​ច្រើន​កុះករ ថែម​ទាំង​មាន​កំពង់ផែ​យ៉ាង​ធំ​មួយ​ផង គឺ​កំពង់​ផែ​ព្រៃ​នគរ៕

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ