ដោយ មឿង ទុម
2010-03-21
កម្ពុជា ក្រោមអតីតដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែផ្តល់អំណោយផលល្អដល់ដំណាំស្រូវ ដំណាំកសិកម្មជាច្រើនមុខនោះទេ គឺថែមទាំងសំបូរទៅដោយព្រៃឈើ និងមានសត្វជាច្រើនប្រភេទថែមទៀត។
AFP Photo
១៦-កញ្ញា-២០០៤: ទេសភាពនៅលើកោះត្រល់ ដែលវៀតណាមហៅថា ភូក្វុក (Phu Quoc)
អ្នកនិពន្ធខ្មែរជាច្រើនដែលបានសរសេរសៀវភៅទាក់ទិននឹងដែនដី កម្ពុជាក្រោម ក្នុងនោះរួមមានទាំងសៀវភៅដែលមានចំណងជើងថា "ដែនដីកម្ពុជាក្រោម" និពន្ធដោយលោក គឹម សាអ៊ូល បោះពុម្ពផ្សាយតាំងពីឆ្នាំ១៩៧១ បានឲ្យដឹងថា កម្ពុជាក្រោមមានពីរផ្នែក គឺកម្ពុជាក្រោមប៉ែកខាងកើត ឬពីដើមហៅថា ស្រុកដូណៃ ឋិតនៅខាងកើតនៃកំពង់ផែព្រៃនគរ សព្វថ្ងៃវៀតណាមហៅថា ក្រុងហូជីមិញ ភូមិភាគនេះជាតំបន់ខ្ពង់រាប។ ចំណែកកម្ពុជាក្រោមប៉ែកខាងលិចវិញ គឺឋិតនៅប៉ែកខាងលិចនៃកំពង់ផែព្រៃនគរ នៅត្រើយខាងឆ្វេងនៃទន្លេសៃកុង ដែលសព្វថ្ងៃមានឈ្មោះមួយទៀតហើយ ថា ភូមិភាគដែនដីសណ្ដ។
ពលរដ្ឋខ្មែរក្រោមមួយរូបគឺលោក សាំង ម៉ាក់សាង ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា "កូសាំងស៊ីនជាដែនដីរបស់ខ្មែរ" ចុះផ្សាយតាំងពីឆ្នាំ១៩៧៣ បានឲ្យដឹងថា កម្ពុជាក្រោម ឬកូសាំងស៊ីន គឺជាប្រទេសចុងដៃនៃអាណាចក្រខ្មែរដ៏សំបូរ ព្រោះដោយសារដែនដីនេះលាតសន្ធឹងតាមដងទន្លេ ដែលជាវាលល្បប់សំខាន់សម្រាប់ដំណាំស្រូវ និងកៅស៊ូ។
លោក តឹង ម៉ាន់រិន នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមថា នៅតាមមាត់សមុទ្រនៃដែនដីកម្ពុជាក្រោម សំបូរទៅដោយដើមស្មាច់ដែលគេអាចយកមកធ្វើសសរផ្ទះសម្បែងបានយ៉ាង ជាប់ល្អ។
លោក តឹង ម៉ាន់រិន បានបញ្ជាក់ថា ៖ «ឈើស្មាច់ៗហ្នឹងវាដុះនៅទឹក ប្រៃ បានន័យថា ដុះនៅជាយសមុទ្រ។ តំបន់ព្រៃទឹកខ្មៅ មានស្មាច់ច្រើនណាស់។ ដូច្នោះអ្នកស្រុកកាប់ស្មាច់យកមកធ្វើសសរផ្ទះអីជាដើម។ ពីជំនាន់មុន គេប្រើឈើស្មាច់ហ្នឹង»។
លោកស្រី គីម ធីអ៊ូយ ហៅយាយទៀង អតីតគ្រូបង្រៀន និងជាពលរដ្ឋខ្មែរក្រោមនៅខេត្តព្រះត្រពាំង ដែលវៀតណាមហៅថា ខេត្តត្រាវីញ បានកត់ត្រានៅក្នុងសៀវភៅភាគទី១ មានចំណងជើងថា អង្គការជានរណា? បោះពុម្ពផ្សាយកាលពីដើមឆ្នាំ១៩៩៤ បានឲ្យដឹងថា កម្ពុជាក្រោមជាដែនដីទំនាប មានជីជាតិគ្រប់បែបយ៉ាង សំបូរទៅដោយធនធានកសិកម្ម ស្រូវ ត្រី និងដំណាំគ្រប់មុខ។
សៀវភៅ ដែនដីកម្ពុជាក្រោម ក៏បានបញ្ជាក់ដែរថា ភូមិភាគដែនដីសណ្ដនៅកម្ពុជាក្រោម ជាតំបន់វាលទំនាប មានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ សំបូរដោយព្រែក ទន្លេ អូរ ជ្រលង និងបឹងបួ។ ដីនៅតំបន់នោះមានជីជាតិល្អណាស់សម្រាប់វិស័យកសិកម្ម ។ កម្ពុជាក្រោមមានទន្លេធំៗពីរហូរកាត់ គឺទន្លេមេគង្គ និងទន្លេបាសាក់។
បណ្ដាញវ៉ឹបសាយថ៍របស់ទស្សនាវដ្ដីខ្មែរកម្ពុជាក្រោមបានឲ្យដឹង បន្ថែមថា នៅតាមដងទន្លេមេគង្គក្នុងដែនដីកម្ពុជាក្រោម មានដីស្រែ និងដីព្រៃទំហំប្រមាណ ៤ម៉ឺនគីឡូម៉ែត្រការ៉េ។ សៀវភៅមួយក្បាលទៀតដែលហៅថា "កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម" របស់លោក ត្រាំង ឆាតប៊ុត បានអះអាងឲ្យដឹងបន្ថែមថា កម្ពុជាក្រោមជាជង្រុកស្រូវមួយនៅលើពិភពលោក។
លើសពីនេះទៅទៀត កម្ពុជាក្រោមមានព្រែកជីកប្រវត្តិសាស្ត្រមួយដែលគេហៅថា ជំនីត ព្រែកតេង ឬតែអុងអនុស្សារ ឬព្រែកជីកវិញតេ ដែលមានប្រវែង ៥៣គីឡូម៉ែត្រ និងទទឹង ២៥គីឡូម៉ែត្រ លាតសន្ធឹងចាប់ពីខេត្តមាត់ជ្រូក ដែលវៀតណាមហៅថា ចូវដុក រហូតទៅដល់ខេត្តពៀម ដែលវៀតណាមហៅថា ហាទៀង។ មិនតែប៉ុណ្ណោះ ទីក្រុងព្រៃនគរ ដែលវៀតណាមហៅថា សែហ្គន ឬក្រុងហូជីមិញ ជាអតីតរាជធានីសេដ្ឋកិច្ចដ៏សំខាន់របស់អាណាចក្រខ្មែរ នៅឯដែនដីកម្ពុជាក្រោម ព្រោះមានកំពង់ផែសមុទ្រតាំងពីបូរាណកាលមក។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម មានទីស្នាក់ការនៅអាមេរិកខាងជើង និងនៅអឺរ៉ុប មានប្រសាសន៍ថា ក្រុងព្រៃនគរមានកំពង់ផែអន្តរជាតិ ៖ «យើងឃើញហើយថា តំបន់ដីកម្ពុជាក្រោមគឺជាតំបន់មួយ ដែលមិនមែនទើបតែឥឡូវទេ គឺជាតំបន់ប្រវត្តិសាស្រ្តផ្នែកខាងជំនួញសមុទ្រ ជំនួញអន្តរជាតិ មានកំពង់ផែ។ ពីមុនឃើញមាននៅខាងតំបន់ ខាងនគរគោកធ្លក គឺឃើញមានជំនួញពីឥណ្ឌា ពីអន្តរជាតិ។ ក្រោយមក ធំនោះគឺនៅទីក្រុងព្រៃនគរនោះតែម្តង ហើយដែលបន្ទាប់ពីសម័យក្រោយមក ហើយយើងឃើញរហូតមកដល់សព្វថ្ងៃនេះ សូម្បីតែប្រទេសវៀតណាមហ្នឹងគេបានចំរុងចម្រើន ដោយសារដែនដីព្រៃនគរនោះតែម្តង»។
បណ្ដាញវ៉ឹបសាយថ៍របស់ទស្សនាវដ្ដីខ្មែរកម្ពុជាក្រោម បានឲ្យដឹងបន្ថែមថា កម្ពុជាក្រោមមានភ្នំសំខាន់ៗជាច្រើន ដូចជាភ្នំជើងបាដេង នៅក្នុងខេត្តរោងដំរី ដែលវៀតណាមហៅថា ខេត្តតៃនិញ។ នៅខេត្តមាត់ជ្រូក ដែលវៀតណាមហៅថា ខេត្តចូវដុក មានភ្នំខ្តៅ ភ្នំតាខ្វា ភ្នំអកយំ ភ្នំពពាល ភ្នំអ្នកតាស្នូក និងភ្នំត្រដក់។
សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា កម្ពុជាក្រោមមានកោះពីរបន្ថែមទៀត គឺកោះត្រល់ វៀតណាមហៅថា កោះភូក្វុក និងកោះត្រឡាច វៀតណាមហៅថា កោះកូវដាវ បារាំងហៅថា ពូឡូកុងដ័រ។ ធនធានសម្បត្តិធម្មជាតិខ្មែរដ៏មានតម្លៃនៅឯតំបន់កោះទាំងនោះ គឺប្រេងកាត ដែលឋិតនៅក្រោមដែនដីខ្ពង់រាបបាតសមុទ្រ។
គណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសបារាំង បានឲ្យដឹងថា នៅក្រោមតំបន់ខ្ពង់រាបបាតសមុទ្ររបស់ខ្មែរ មានសម្បត្តិជីវសាស្ត្រ ធនធានធម្មជាតិ និងធនធាននៃការនេសាទ ជាដើម។ល។
សព្វថ្ងៃនេះ សាធារណរដ្ឋសង្គមនិយមវៀតណាមបានកែច្នៃកោះត្រល់ធ្វើជាតំបន់ទេសចរណ៍ ដ៏សំខាន់មួយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសបានរាប់ពាន់នាក់ក្នុងមួយខែៗ។ ទំព័រវ៉ឹបសាយថ៍របស់ក្រុមហ៊ុនទេសចរណ៍វៀតណាម ឈ្មោះ ហៃវិនញ៉ូ (Hai Venu) បានឲ្យដឹងបន្ថែមថា កោះត្រល់ដែលវៀតណាមហៅថា ភូក្វុក បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅ ៦ម៉ឺននាក់ ប្រកបរបរនេសាទ ដាំស្វាយចន្ទី និងដាំម្រេចខ្មៅ។ មិនតែប៉ុណ្ណោះ កោះត្រល់មានចំណតយន្តហោះតូចមួយ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើន និងមានសេវាដឹកភ្ញៀវទេសចរណ៍កម្រាន្តតាមនាវាមុជទឹកតូចៗ។ ដូចជាដឹកភ្ញៀវទៅមើលផ្កាថ្ម មច្ឆាជាតិ សត្វសមុទ្រល្អប្លែក និងសម្បត្តិធម្មជាតិដ៏ល្អ នៅក្នុងសមុទ្រ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ និងពលរដ្ឋខ្មែរក្រោមមួយចំនួន ថ្លែងអះអាងប្រាប់វិទ្យុអាស៊ីសេរីថា ខ្មែរក្រោមដែលជាម្ចាស់ទឹកដីពិតប្រាកដរាប់លាននាក់ កន្លងមកនេះពុំបានទទួលផលពីសម្បត្តិធនធានធម្មជាតិខ្មែរទាំងនោះ ឲ្យបានសមរម្យប្រកបដោយយុត្តិធម៌ ក្នុងនាមជាម្ចាស់ដែនដីនោះទេ។ លោកថា ភាគច្រើននៃពលរដ្ឋខ្មែរក្រោមនៅទូទាំងដែនដីកម្ពុជាក្រោមសព្វថ្ងៃ រស់នៅក្នុងស្ថានភាពក្រីក្រលំបាក។
កសិករខ្មែរក្រោមម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងខេត្តក្រមួនស ដែលវៀតណាមហៅថា រ៉ាច់យ៉ា មានប្រសាសន៍ថា ៖ «តំបន់នៅឯនេះ ខ្មែរយើងនៅក្រច្រើន។ គ្មានលុយឯណាដល់ទិញឡានជិះទេ។ ជិះម៉ូតូ ប៉ុន្តែម៉ូតូធុនរបស់ចិន ដែលមានតម្លៃថោកៗហ្នឹង»។
កម្ពុជាក្រោមអតីតដែនដីខ្មែរមិនត្រឹមតែសំបូរធនធានធម្មជាតិជា ច្រើនប្រភេទ ដូចដែលបានរៀបរាប់ជូនខាងលើប៉ុណ្ណោះទេ គឺមានទាំងសំណង់បូរាណ ដូចជាប្រាង្គប្រាសាទបូរាណ និងសិលាចារឹកខ្មែរជាច្រើនទៀត និងវត្តអារាមជាច្រើនដែលមានតម្លៃសម្រាប់ប្រវត្តិសាស្ត្រខ្មែរ និងប្រជាជាតិខ្មែរ៕
Monday, July 5, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment