ឆ្នេរស្ទឹងនេរញ្ជរា(1)
ម្នាលលោកដ៏មានអាយុ ! ២ ថ្ងៃបន្ទាប់ពីថ្ងៃនោះមក ខ្ញុំព្រះករុណាក៏នាំខ្លួនឯងទៅដល់ឆ្នេរស្ទឹងនេរញ្ជរា ខណៈដែលខ្ញុំព្រះករុណាទៅដល់នោះជាពេលរសៀលជ្រេលជ្រេ ថ្ងៃកំពុងតែក្តៅខ្លាំង ទើបឈាងចូលទៅ អង្គុយជ្រកម្លប់ក្រោមដើមស្វាយធំក្បែរមាត់ស្ទឹង ខ្ញុំព្រះករុណានឹកចម្លែកចិត្តណាស់ដែលមើលទៅមិនឃើញ មានទឹក ១ ដំណក់សោះក្នុងស្ទឹង ឃើញតែដីខ្សាច់ពណ៌សក្បុសដែលកំពុងតែក្តៅគគុកដោយអណ្តាតថ្ងៃ សឹងតែសម្លឹងមើលមិនបាន ស្ទឹងនេរញ្ជរាគួរតែមាននាមថា "ស្ទឹងខ្សាច់" ជាជាងមាននាមថា "ស្ទឹងទឹក" សព្វបើអាកាសធាតុក្តៅរហំាងយ៉ាងណាក៏ដោយ ប៉ុន្តែខាងក្រោមដើមស្វាយធំក៏មានម្លប់ត្រឈៃល្អណាស់ ខ្ញុំព្រះករុណាទម្រេតកាយចុះសិងលើផ្ទៃដីខ្សាច់ដ៏ទន់ល្មន់ និងត្រជាក់ស្រួល រួចក៏បញ្ជូនចិត្តគិតរលឹកនឹកដល់ ព្រះបរមសាស្តា ព្រះអង្គទ្រង់បាននិសីទនាការក្រោមម្លប់ពោធិព្រឹក្សលើមាត់ស្ទឹងនេរញ្ជរានេះឯង ហើយត្រាស់ ដឹងអនុត្តរសម្មាសម្ពោធិញាណ នៅខណៈដែលខ្ញុំព្រះករុណាកំពុងតែសិងសម្រាកយ៉ាងរំភើយអារម្មណ៍នោះ ឯង វុទ្ធជនម្នាក់ដេញកៀងហ្វូងពពែកាត់មុខមក គាត់បណ្តោយឲ្យពពែចូលដេកសម្រាកគេចកម្តៅថ្ងៃចូល ជ្រកម្លប់ក្បែរៗនោះ ហើយគាត់ក៏ដើរស្លៅសំដៅមករកខ្ញុំព្រះករុណា
"ម្នាលសមណៈ ! លោកនិមន្តមកពីណាហើយនឹងនិមន្តទៅណា?" គាត់សួរទាំងលើកជាយសំឡុយឡើង ជូតញើសត្រង់ថ្ងាសដីខ្មៅជាំនិងមានស្នាមជ្រីវជ្រួញព្រោះជរាភាព
"អាត្មាមកពីក្រុងសាវត្ថី ប្រុងនឹងទៅក្រុងរាជគ្រឹះ"
"ពីក្រុងសាវត្ថី ! "គាត់ឧទានឡើងរាងដូចជាឮបន្តិច សម្តែងសេចក្តីចម្លែកចិត្ត
"បើអីចឹង លោកនិមន្តដើរផ្លូវមកឆ្ងាយណាស់ ខ្ញុំកណាពុំដែលទៅក្រុងសាវត្ថីសោះ ប៉ុន្តែដឹងថានៅឆ្ងាយ ណាស់ លោកនិមន្តមកម្អង់ឯងឬមានគ្នាមកដែរ?"
"អាត្មាដើរផ្លូវមកតែម្អង់ឯងទេ "ខ្ញុំព្រះករុណាឆ្លើយ
ព្រឹធជនសម្លឹងមើលខ្ញុំព្រះករុណាតាំងពីក្បាលដល់ជើងហាក់នឹងប្រាប់ថាមិនជឿនឹងចម្លើយរបស់ខ្ញុំ ព្រះករុណា រួចក៏សួរទៀតថា
"ដើរផ្លូវមកម្អង់ឯងយ៉ាងនេះមិនខ្លាចទេឬ?"
"ចុះខ្លាចអីទៅ ឧបាសក !"ខ្ញុំព្រះករុណាសួរបកវិញ
"ខ្លាចគ្រោះថ្នាក់ផ្សេងៗហ្នឹងណៈ ដូចជា ចោរកំណាច សត្វសាហាវជាដើម"
"អាត្មាមិនខ្លាចអីទាំងអស់ ចោរសាហាវក៏មិនខ្លាចដែរ ពីព្រោះគ្មានទ្រព្យសម្បត្តិអីឲ្យពួកគេប្លន់យកទេ មានតែបាត្រនិងចីពរប៉ុណ្ណោះ បើគេត្រូវការ អាត្មាត្រេកអរនឹងប្រគល់ឲ្យ ទាំងសត្វសាហាវអាត្មាក៏មិន ខ្លាចដែរ ព្រោះអាត្មាគ្មានអ្វីនឹងឲ្យសត្វទាំងនោះដណ្តើមយកទេ មានតែសរីររាងកាយនេះប៉ុណ្ណោះ សូម្បី តែរាងកាយនេះឲ្យតែសត្វទាំងនោះត្រូវការ អាត្មាក៏សុខចិត្តលះបង់ឲ្យដែរ"
សម្តីរបស់ខ្ញុំព្រះករុណាធ្វើឲ្យគាត់អង្គុយស្ងៀមឈឹង គាត់សម្លឹងមើលខ្ញុំព្រះករុណាយ៉ាងផ្ចិតផ្ចង់ហើយ មានប្រសាសន៍ថា "ម្នាលសមណៈ ! បើលោកមិនខ្លាចអ្វីទាំងអស់នេះទេ ចាត់ទុកថាលោកជាមនុស្សអង់ អាចក្លាហានបំផុតតាមដែលខ្ញុំកណាធ្លាប់ប្រទះមក"
"ម្នាលឧបាសក ! មនុស្សយើងម្នាក់ៗសុទ្ធតែភ័យខ្លាចភយន្តរាយពិបត្តិផ្សេងៗទាំងអស់ មហាគ្រោះថ្នាក់ របស់មនុស្សយើង គឺ សេចក្តីស្លាប់ បើមិនខ្លាចសេចក្តីស្លាប់នេះទៅហើយ អន្តរាយដទៃទៀតគ្មានន័យអ្វី ឡើយ"
"បើអញ្ចឹង លោកមិនខ្លាចសេចក្តីស្លាប់ទេឬ?"
"អាត្មាមិនខ្លាចទេ"
"ព្រោះហេតុអ្វីឬ លោកសមណៈ !"
"ព្រោះអាត្មាស៊ប់ស៊ាំនឹងសេចក្តីស្លាប់ទៅហើយ"
"មានន័យថា លោកធ្លាប់ស្លាប់មកច្រើនដងទាល់តែស៊ាំហើយអីចឹងឬ?"
"មិនមែនអីចឹងទេ ក្នុងជីវិតនេះ អាត្មាមិនធ្លាប់ស្លាប់ទេ ប៉ុន្តែបានធ្វើសិនិទ្ធភាពស្និទ្ធស្នាលនឹងសេចក្តីស្លាប់ បានហើយ ដោយខំនឹករលឹកដល់សេចក្តីស្លាប់ជារឿយៗថា ជីវិតរបស់យើងនេះកំពុងតែហូរចុះទៅកាន់ សេចក្តីស្លាប់ គួរនាដូចជាក្រសែទឹកក្នុងស្ទឹងកំពុងហូរចុះទៅកាន់មហាសាគរដូច្នោះ យើងមិនអាចហាម ឃាត់ទឹកមិនឲ្យហូរទៅបានយ៉ាងណា យើងក៏មិនអាចហាមឃាត់ជីវិតរបស់យើងមិនឲ្យស្លាប់ទៅបាន យ៉ាងនោះដែរ យើងតោងតែស្លាប់ទៅដោយពិត ពីព្រោះជីវិតនេះគឺជាដំណើរដើរឆ្ពោះទៅរកសេចក្តីស្លាប់ ថ្ងៃយប់កន្លងទៅ គឺជាជំហាននីមួយៗដែលនាំយើងចូលទៅជិតសេចក្តីស្លាប់ជាបណ្តើរៗ សេចក្តីស្លាប់ជា សច្ចភាពនៃជីវិត លុះបានដឹងសច្ចភាពដោយប្រការនេះហើយបានជាអាត្មាមិនខ្លាចនឹងសេចក្តីស្លាប់"
"អើហ្ន ! ពីរោះណាស់តើ ! "ប្រុសម្ចាស់ពពែឧទានឡើងទាំងងក់ក្បាលសម្តែងថាយល់ស្រប ប៉ុន្តែគាត់សួរ តទៅទៀតថា
"គ្រាន់តែនឹករលឹកដល់សេចក្តីស្លាប់ជារឿយៗបែបនេះ ធ្វើឲ្យបាត់ភ័យខ្លាចបានឬ ? ខ្ញុំកណាមើលមិន ឃើញថា នឹងធ្វើឲ្យបាត់ភ័យខ្លាចយ៉ាងដូចម្តេចទេ"
"បើធ្វើទៅជារឿយៗទាល់តែស៊ប់ស៊ាំនឹងសេចក្តីស្លាប់ មើលឃើញសេចក្តីស្លាប់ជារឿងធម្មតាសាមញ្ញ ទៅហើយ ក៏នឹងបាត់ខ្លាចបានដោយពិតប្រាកដ អាត្មាសូមសួរ ១ ថា កាលដែលញោមនៅក្នុងវ័យកុមារ នោះ តើញោមដែលធ្លាប់ខ្លាចអ្នកណាខ្លះទេ?"
ព្រឹធជនអង្គុយរំលឹករំលើកស្មារតីចងចាំមួយសន្ទុះហើយឆ្លើយថា
"ធ្លាប់ខ្លាចដែរ ខ្ញុំកណាធ្លាប់ខ្លាចវុទ្ធជនម្នាក់ដែលមានមុខមាត់ឫកពាគួរឲ្យព្រឺខ្លាចណាស់ គាត់ចូលចិត្ត និយាយឆរំជែរំជេញក្មេងក្មាងឲ្យភ័យខ្លាច ខ្ញុំកណាហៅគាត់ថា "អ៊ំប្រុស"ព្រោះគាត់ជាញាតិពន្ធខាងឪពុក ផ្ទះរបស់យើងនៅក្បែរគ្នា នៅពេលខ្ញុំកណាយំ ម្តាយខ្ញុំកណាតែងតែបន្លាចថា"អ៊ំប្រុសមកហើយ អ៊ំប្រុស មកហើយ " ខ្ញុំកណាក៏ឈប់យំភ្លាម ព្រោះខ្លាចអ៊ំប្រុសមកពិតមែន"
"ក្នុងកំឡុងពេលនោះ តើញោមហ៊ានទៅមករកសួរអ៊ំប្រុសរបស់ញោមទេ?"
"មិនហ៊ានទេ លោកសមណៈ ! គ្រាន់តែបានឮសម្លេងគាត់ ខ្ញុំកណាក៏រត់ប្រាស់ក្រជីងទៅហើយ ម្រ៉ាងឡើយនឹងហ៊ានទៅប្រឈមមុខនឹងគាត់បាន"
"ចុះញោមខ្លាចអ៊ំប្រុសរបស់ញោមរហូតឬក្រោយមកក៏បាត់ខ្លាចគាត់"
"ក្រោយមក កម្លាចក៏បាត់ទៅ ប៉ុន្តែទម្រាំនឹងបាត់ខ្លាច ស៊ីពេលអស់ជាច្រើនឆ្នាំ"
"ញោមល្មមនឹងនឹកឃើញបានខ្លះទេថាតើព្រោះហេតុអ្វីបានជាញោមបាត់ខ្លាចគាត់?"
"អីយ៉ា ! លោកសមណៈនេះអីក៏ប៉ិនជជីកសួររឿងរ៉ាវក្នុងអតីតកាលរបស់ខ្ញុំកណាម្លេះហ្ន !" គាត់សួរទាំងចង ចិញ្ចើមដោយទាំងមិនពេញចិត្ត ខ្ញុំព្រះករុណាលោមគាត់ដោយសិតាការ(ស្នាមញញឹម) ហើយនិយាយ ដោយសម្លេងទន់ភ្លន់ទៅរកគាត់ថា "អាត្មាគ្មានចេតនាដេញដោលជីវប្បវត្តិរបស់ញោមលេងសើចទេ ឧបាសក ! អាត្មាគ្រាន់តែចង់នឹងពន្យល់ញោមឲ្យយល់ច្បាស់លាស់ប៉ុណ្ណោះឯងថា ការរលឹកនឹកដល់ សេចក្តីស្លាប់ជារឿយៗធ្វើឲ្យបាត់ខ្លាចស្លាប់បានយ៉ាងណា បើញោមប្រាប់អាត្មាបានថាថីបានជាបាត់ខ្លាច អ៊ំប្រុសរបស់ញោម អាត្មានឹងប្រាប់ញោមបានដែរថាហេតុអ្វីបានជាបាត់ខ្លាចសេចក្តីស្លាប់ បើញោមល្មម នឹងនឹកឃើញបាន សូមប្រាប់អាត្មាផងថាព្រោះហេតុអ្វីបានជាក្រោយមកញោមបាត់ខ្លាចអ៊ំប្រុសរបស់ ញោម"
"តាមដែលខ្ញុំកណាចាំបាន មើលទៅដូចជាព្រោះហេតុនេះ គឺ គ្រាមួយនោះ អ៊ំប្រុសរបស់ខ្ញុំកណាហ្នឹងធ្លាក់ ខ្លួនឈឺ ម្តាយខ្ញុំកណាបាននាំខ្ញុំកណាទៅមើលគាត់ ដំបូងឡើយ នៅខ្លាចដែរ ប៉ុន្តែក្រោយពីទៅញឹកញាប់ មក កម្លាចក៏រលស់បាត់អស់ទៅបន្តិចម្តងៗ លុះទីបំផុត ក៏ឥតខ្លាចសោះ"
"ម្នាលឧបាសក ! សេចក្តីស្លាប់ប្រៀបដូចជាអ៊ំប្រុសរបស់ញោម ពេលនៅក្មេង ញោមខ្លាចអ៊ំប្រុស យ៉ាងណាមិញ មនុស្សទាំងឡាយក៏ខ្លាចសេចក្តីស្លាប់យ៉ាងនោះដែរ ញោមមិនហ៊ានទៅមករកសួរអ៊ំប្រុស របស់ញោម គ្រាន់តែបានឮសម្លេង ញោមក៏រត់គេចទៅ យ៉ាងណា មនុស្សទាំងឡាយក៏យ៉ាងនោះដែរ គេមិនហ៊ានរលឹកនឹកដល់សេចក្តីស្លាប់ទេ គ្រាន់តែបានឮពាក្យថា "ស្លាប់" ឬឃើញអ្នកផ្សេងស្លាប់ ក៏ខ្លាចតក់ស្លុតភ្លាម ចំណេរកាលតមក ញោមបាត់ខ្លាចញញើតអ៊ំប្រុសរបស់ញោមព្រោះទៅមករកគាត់ ជាញឹកញាប់រហូតដល់កើតភាពស្និទ្ធស្នាល យ៉ាងណាមិញ មនុស្សយើងប្រសិនបើរលឹកនឹកដល់ សេចក្តីស្លាប់ជារឿយៗរហូតដល់ស្និទ្ធស្នាលនឹងសេចក្តីស្លាប់ហើយ នឹងមិនភ័យខ្លាចចំពោះសេចក្តីស្លាប់ ក៏យ៉ាងនោះដែរ" ។
ឆ្នេរស្ទឹងនេរញ្ជរា(2)
ព្រឹធជនសម្លឹងមើលខ្ញុំព្រះករុណាដោយញឹមៗហើយនិយាយស្ងើចសរសើរថា
"ព្រះតេជព្រះគុណប្រសប់បកស្រាយប្រៀបធៀបគួរឲ្យស្តាប់ណាស់ ខ្ញុំកណាជឿព្រះតេជព្រះគុណចុះ ហើយនឹងព្យាយាមសាកល្បងមើល"គាត់ងាកទៅក្រឡេកមើលហ្វូងពពែដែលដេកស្រមឹមនៅក្រោមដើមឈើ មួយក្រឡេកហើយបែរមកសន្ទនាជាមួយនឹងខ្ញុំព្រះករុណាតទៅទៀតថា
"ប៉ុន្តែខ្ញុំកណានៅតែមិនទាន់យល់ឲ្យឃើញច្បាស់សោះថា ការរលឹកនឹកដល់សេចក្តីស្លាប់ជារឿយៗនឹង ទទួលបានផលប្រយោជន៍អ្វីខ្លះទេ ខ្ញុំកណាធ្លាប់រលឹកនឹកដល់វាម្តងម្កាលដែរ ប៉ុន្តែគ្រប់គ្រាដែលរលឹកនឹក ដល់សេចក្តីស្លាប់ វាធ្វើឲ្យខ្ញុំកណាស្រមុតចិត្ត ស្រងាករួញរា អស់អាល័យក្ស័យស្តូកក្នុងអ្វីៗទាំងពួង ចង់តែ នឹងដេកទន្ទឹងរងចាំថ្ងៃស្លាប់តែម្យ៉ាង ទើបមិនចង់រលឹកនឹកដល់វា ស៊ូបំភ្លេចវាចោលទៅចុះ បណ្តោយឲ្យ ជីវិតស្រណុកស្រណានភ្លើតភ្លើនទៅមួយថ្ងៃៗ ទោះស្លាប់ថ្ងៃណាក៏ដោយចុះ មិនគិតទេ គិតយ៉ាងនេះទៅ ទើបសប្បាយចិត្តខ្លះ"
"ម្នាលឧបាសក ! ឧបមាថា ប្រុសម្នាក់កំពុងតែចែវទូកដែលក្រហេតក្រហតដោយប្រហោងតូចធំឆ្លងកាត់ មហាសមុទ្រ នៅពេលដែលចែវទូកទៅនោះ គាត់ក៏មើលឃើញថាទឹកកំពុងតែជ្រាបហូរចូលមកក្នុងទូក របស់គាត់តាមរន្ធធ្លាយដែរ ក្នុងរឿងនេះ គាត់ដឹងជាក់ច្បាស់ថា ទូករបស់គាត់នឹងលិចនៅកណ្តាល មហាសមុទ្រដោយពិត កាលបើគិតឃើញថាទូកនឹងលិចទៅដូច្នេះ គាត់ក៏កើតមានចិត្តក្រៀមក្រំ ស្រមុត ស្លុតចិត្ត លែងគិតអាឡោះអាល័យអ្វីទៀតក្នុងជីវិត ព្រោះគ្មានផ្លូវណានឹងអាស្រ័យទូកទៅដល់ត្រើយ នាយបានទេ ទើបមិនគិតគូរដល់ការលិចរបស់ទូកឡើយ គិតតែពីឈររាំរែកស្រែកច្រៀងយ៉ាងស្រណុក ស្រណាននៅក្នុងទូក លុះត្រាតែទូករបស់គាត់លិចផ្លឹបទៅហើយក៏លង់ទឹកស្លាប់តែម្តង តើញោមយល់ថា ប្រុសម្នាក់នោះឆ្លាតឬល្ងង់?"
"ល្ងង់ដប់គត់មែនទែន !"ព្រឹធជនឆ្លើយតបអះអាងយ៉ាងម៉ឺងម៉ាត់
"ព្រោះហេតុអ្វី?"ខ្ញុំព្រះករុណាសួរ
"ព្រោះដឹងហើយថាខ្លួនកំពុងតែចែវទូកធ្លុះធ្លាយ តោងតែលិចទៅនៅកណ្តាលមហាសមុទ្រដោយពិត ហើយអាល័យតែប្រមាទទ្វេធ្វេសរាំរែកស្រែកច្រៀងសប្បាយ លង់ទឹកស្លាប់អញ្ចឹងក៏សមមុខហើយ"
លុះឃើញគាត់បើកប្រឡោះឲ្យដូច្នោះ ខ្ញុំព្រះករុណាក៏ព្រលះស្នៀតតទៅទៀតថា
"បើអញ្ចឹង ញោមក៏ល្ងង់ដែរ"
"ខ្ញុំកណាល្ងង់យ៉ាងម៉េច ព្រះតេជព្រះគុណ ! "គាត់សួរឡើងទាំងមិនពេញចិត្ត
"ចង់ដឹងថាញោមល្ងង់យ៉ាងម៉េច អាត្មានឹងពន្យល់ញោមឲ្យស្តាប់ថា រាងកាយរបស់យើងប្រៀបដូចជា ទូកធ្លាយ, ឱឃៈសង្សារដែលញោមត្រូវអន្ទោលស្លាប់កើតប្រៀបដូចជា មហាសមុទ្រ, ត្រើយនាយ ប្រៀបដូចជាព្រះនិព្វាន ញោមកំពុងតែចែវទូកធ្លាយគឺរាងកាយឆ្លងកាត់ឱឃៈសង្សារទៅកាន់ត្រើយនាយ គឺព្រះនិព្វាន ប៉ុន្តែទូកគឺរាងកាយរបស់ញោមកំពុងតែលិចលង់មុនពេលដែលញោមទៅដល់ត្រើយនាយ ដែលនៅឆ្ងាយលន្លឹមទាល់តែមើលមិនឃើញ ថ្វីបើដឹងថាទូកគឺរាងកាយនឹងលិចហើយខ្លួនឯងនឹងលង់ ទឹកស្លាប់ក៏ដោយ ក៏នៅតែប្រមាទទ្វេធ្វេសរាំរែកស្រែកច្រៀងសប្បាយដដែល ហ្នឹងមិនឲ្យថាល្ងង់ទេឬ !"
ខ្ញុំព្រះករុណាឈប់ហើយសង្កេតមើលអាកប្បកិរិយារបស់ព្រឹធជនមួយស្របក់ កាលបើឃើញថាគាត់ នៅស្ងៀមស្រមឹមដូច្នេះ ទើបនិយាយតទៅទៀតថា
"ម្នាលឧបាសក ! ប្រសិនបើអាត្មាវិញនឹងមិនធ្វើដូច្នោះទេ កាលបើដឹងថាខ្លួនចែវទូកធ្លុះធ្លាយឆ្លងកាត់ មហាសមុទ្រ ទៅមិនដល់ត្រើយយ៉ាងនេះ អាត្មានឹងមិនកើតសេចក្តីស្រងាកស្រងាចិត្តអ្វីឡើយ ទាំងមិន រាំរែកស្រែកច្រៀងសប្បាយដើម្បីបន្លប់ចិត្តខ្លួនឯងឲ្យភ្លេចថាទូកនឹងលិចនោះទេ ប៉ុន្តែត្រូវប្រញាប់ប្រញាល់ ត្រៀមរកស្បៀង-ពោងជាដើមទុកក្នុងទូកឲ្យបានច្រើន កំឡុងដែលចែវទូកទៅនោះក៏ត្រូវតែគិតជានិច្ច ថាទូកនឹងលិចទឹក លុះទូកលិចទឹកមែនទែនហើយ អាត្មាក៏ស្រវាចាប់យកពោងមកចងផ្អោបជាប់នឹង ខ្លួនហើយអាស្រ័យពោងនោះហែលទឹកតទៅលុះត្រាតែដល់ត្រើយ ការដែលធ្វើដូច្នេះ តើញោមយល់ថា ជាការធ្វើដែលឆ្លាតឬល្ងង់?"
"ឱ ! ឆ្លាតមែនទែន !" ព្រឹធជនឆ្លើយតបទាំងញញឹមយ៉ាងពេញចិត្ត ហើយពោលផ្ទួនរឿងរ៉ាវឧបមា ឧបមេយ្យរបស់ខ្ញុំព្រះករុណាតិចៗថា "រាងកាយប្រៀដូចជាទូកធ្លាយ ឱឃៈសង្សារប្រៀបដូចជា មហាសមុទ្រ ត្រើយនាយប្រៀបដូចជាព្រះនិព្វាន ចុះពោងវិញប្រៀបដូចនឹងអ្វី លោកសមណៈ ! "
"ពោងប្រៀបដូចជាបុណ្យកុសល ពីព្រោះកាលបើស្លាប់ទៅហើយ ញោមនឹងមិនអាចយកទ្រព្យសម្បត្តិ ណានីមួយទៅជាប់នឹងខ្លួនបានទេ សូម្បីតែរាងកាយនេះក៏តោងតែកប់-ដុតឬបោះបង់ចោលដែរ ទ្រព្យសម្បត្តិក្តី រាងកាយក្តីជារបស់គគ្រើមគគ្រាត យើងស្វែងរកវាបានមកពីផែនដីនេះ នៅពេលដែល យើងចាកចេញពីលោកនេះទៅ យើងក៏ត្រូវបោះបង់វាចោលនៅលើផែនដីនេះដដែល វត្ថុធាតុដែលញោមអាចនាំយកទៅក្នុងបរលោកបាន គឺ បុណ្យកុសល ញោមនឹងបានអាស្រ័យបុណ្យ កុសលនេះឯងជាពោងពាយហែលឆ្លងភពឆ្លងជាតិទៅកាន់ត្រើយនាយគឺព្រះនិព្វាន ម្នាលឧបាសក ! ចុះញោមមានបានធ្វើបុណ្យកុសលអ្វីទុកខ្លះទេ?"
"មិនដែលបានធ្វើទេ លោកសមណៈ ! "ព្រឹធជនឆ្លើយតបទាំងមុខស្មុយ
"ខ្ញុំកណារវល់ខ្វល់ខ្វក់តែនឹងប្រពន្ធកូន ស្រែចម្ការ ពពែ និងការងារក្នុងផ្ទះ ទាល់តែរកពេលទំនេរធ្វើបុណ្យ ទានគ្មាន"
"បើអញ្ចឹង គួរឲ្យអាណិតអាសូរណាស់ ញោមសុខចិត្តធ្វើជាទាសករបម្រើដ៏ស្មោះត្រង់របស់ពពែ ស្រែចម្ការ និង ការងារ ប៉ុន្តែកាលបើមរណភ័យមកដល់ កាលបើទូកគឺរាងកាយរបស់ញោមលិចលង់ចុះ កាន់រង្វង់ទឹកកួច គឺ មរណៈ អ្វីទាំងអស់នេះនឹងមិនអាចជួយញោមបានឡើយ ញោមនឹងត្រូវប្រឈម មុខនឹងមហន្ធការបច្ឆាមរណៈតែម្នាក់ឯង ពេលនោះ ញោមនឹងមើលឃើញគុណតម្លៃនៃការជួយខ្លួនឯង បើញោមមិនធ្វើបុណ្យកុសលទុកទេ ញោមនឹងលាចាកលោកនេះទៅយ៉ាងក្រខ្សត់អត់ឃ្លាន គ្មានស្បៀងអាហារឬអាវុធណាៗជាប់ទៅជាមួយនឹងខ្លួន ញោមនឹងត្រូវប្រឈមមុខនឹងទុព្ភិក្ខភាពនិង កិលមនាការ គឺ ការលំបាកយ៉ាប់យ៉ឺនយ៉ាងអន្តេបអន្តាប ប្រៀបដូចជាបុគ្គលដែលគ្មានពោងពាយ នាកាលដែលនាវាលិចទឹកហើយក៏ត្រូវអណ្តែតប្រឡឹម-កនៅក្នងមហាសាគរដែលកុះករស្អេកស្កះទៅ ដោយត្រីឆ្លាមមករដ៏សាហាវ ហើយនិងខ្មួលខ្មាញ់ដោយព្យុះព្យាដូច្នោះ"
សង្កេតមើលទៅទឹកមុខរបស់មហល្លកជនរឹងរឹតតែស្រងូតស្រងាត់ជាងមុនទៀត គាត់គង់នឹងនឹកសោក ស្តាយចំពោះទង្វេសទ្វេធ្វេសដែលខ្លួនបានប្រព្រឹត្តកន្លងមក ខ្ញុំព្រះករុណាទើបប្រលោមលួងគាត់ថា
"កុំតូចចិត្តថី្វ ឧបាសក ! នៅមិនទាន់ហួសពេលទេដែលញោមនឹងស្វែងរកស្បៀងគឺបុណ្យកុសលទុក តាំងពីថ្ងៃនេះតទៅ សូមឲ្យធ្វើបុណ្យកុសលទុកដោយការបរិច្ចាគឲ្យទានដល់សមណៈព្រាហ្មណ៍ និង មនុស្សក្រីក្រផង រក្សាសីល ៥ ឲ្យបានខ្ជាប់ខ្ជួន ព្យាយាមស៊ទ្រាំកម្ចាត់សេចក្តីលោភ សេចក្តីក្រោធខឹង សេចក្តីវង្វេងវង្វាន់ដែលភលចូលមកក្នុងចិត្តគំនិតម្តងម្កាលនោះផង សរុបដោយសង្ខេបខ្លី គឺ ចូរគិតល្អ និយាយល្អ ធ្វើល្អ គ្រប់ពេលវេលានិងគ្រប់ទីកន្លែង អំពើល្អនេះហើយហៅថា បុណ្យកុសល ដែលនឹងនាំ ផ្លូវញោមទៅកាន់សុគតិភពក្រោយពេលដែលនាវាជីវិតលិចលង់ទៅ ហេតុដូច្នោះ សូមញោមកុំប្រមាទ ទ្វេធ្វេស" ។
ខ្ញុំព្រះករុណាបានទេសនាទូន្មានប្រៀនប្រដៅមហល្លកជននោះទាល់តែព្រះទិនករហៀបនឹងអស្តង្គត រលត់ទៅទើបចម្រើនពរលាគាត់ចេញដំណើរដើរផ្លូវឆ្លងកាត់ស្ទឹងនេរញ្ជរាតទៅទៀត ។
Monday, July 5, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment